សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្អែកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”

2023/12/26 11:22:33 pm        171
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បី​ចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។

មនី្ទរពេទ្យកុមារជាតិទទួលព្យាបាលជំងឺជូនកុមារ ដែលមានប័ណ្ណ ប.ស.ស. ដោយមិនចំណាយថវិកា

2023/12/26 09:00:24 pm        444
ភ្នំពេញ៖ មនី្ទរពេទ្យកុមារជាតិ បានចូលរួមអនុវត្តនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណតិ្តទី៧ ដោយទទួលព្យាបាលជំងឺជូនកុមារ ដែលមានប័ណ្ណ ប.ស.ស. (បេឡាជាតិ​សន្តិសុខសង្គម) ដែលមិនចំណាយថវិកា ​ក្នុងការមកទទួលសេវាក្នុងមនី្ទរពេទ្យ។ឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា ​បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី អាណតិ្តទី៧ ដែលមាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាន​ប័ណ្ណប.ស.ស.(បេឡាជាតិសន្តិសុខសង្គម) សម្រាប់កុមារ ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានជម្រុញឲ្យមន្រី្តរាជការស៊ីវិល នាំកូនៗចុះឈ្មោះបំពេញបែបបទធ្វើប័ណ្ណប.ស.ស.។ ដូច្នេះមន្រី្តរាជការស៊ីវិល​ ដែលបានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. ជូនកូនៗរួចរាល់ហើយនោះ សូមអញ្ជើញនាំកុមារ ​ដែលមានអាការៈមិនស្រួលខ្លួន ឬមានជំងឺ សូមអញ្ជើញមកទទួលការ​ព្យាបាល​ជំងឺនៅមនី្ទរពេទ្យកុមារជាតិ ដែលមិនត្រូវការបង់ថវិកានោះទេ។ ចំណែកប្រជាពលរដ្ឋមកពីខេត្តស្វាយរៀង កំពង់ចាម និងរាជធានីភ្នំពេញ បាននិយាយថា ថ្ងៃនេះបាននាំកូនៗមកពិនិត្យសុខភាព​ និងទទួលថ្នាំបង្ការការពារជំងឺ ​បើនិយាយជារួម លោកគ្រូ អ្នកគ្រូពេទ្យ ​នៃមនី្ទរពេទ្យកុមារជាតិ គឺយកចិត្តទុកដាក់ រុសរាយរាក់ទាក់ ​និងផ្តល់សេវាកម្មល្អ។សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា​ ដែលដឹកនាំ​ដោយ​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ ដែលក្នុងនោះបញ្ចកោណទី១ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍ​មូលធនមនុស្សឲ្យមានគុណភាព ​និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតសម្រាប់ការជម្រុញ​ពិពិធកម្ម ​និងកំណើតសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន៕អត្ថបទ រដ្ឋា 

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន៖ ការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហុងគ្រី អាចគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគី

2023/12/26 08:43:15 pm        145
លោក Ihor Zhovkva អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លទ្ធភាពកិច្ចពិភាក្សជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán) អាចនឹងគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ។ដោយឆ្លើយសំណួរអំពីប្រធានបទនៃកិច្ចពិភាក្សាជាមួយលោកអ័របាន លោកបាននិយាយថា៖«អំពីទំនាក់ទំនងទ្វេភាគីរបស់យើង ដែលជាវិសាលភាពធំទូលាយណាស់ ហើយមិនកំណត់ចំពោះបញ្ហាជនជាតិភាគតិចទេ»។ លោក Zhovkva បានបន្ថែមថា៖«យើងអាចនិយាយអំពីសេដ្ឋកិច្ច ឬការឆ្លងកាត់រវាងរដ្ឋជិតខាង។ យើងពិតជា នឹងរៀបចំដំណើរទស្សនកិច្ចបែបនេះ ហើយក្រុមការងារ នឹងធ្វើការ [លើបញ្ហានេះ]។ គ្មានអ្វីប្រសើរជាងការពិភាក្សាទល់មុខគ្នានោះទេ»។ប្រទេសហុងគ្រី និងអ៊ុយក្រែន ស្ទើរតែគ្មានទំនាក់ទំនងកម្រិតខ្ពស់ ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២បើទោះបីជាពួកគេ បានឈានដល់កម្រិតផ្សេងៗគ្នា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ការពិភាក្សា កំពុងដំណើរការ ដើម្បីរៀបចំកិច្ចប្រជុំរវាងលោកប្រធានាធិបតីហ្សេឡិនស្គី និង លោកនាយករដ្ឋមន្ត្រី អ័របាន។

គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាបកំពុងសិក្សាតម្រាយផ្លូវ

2023/12/26 08:01:58 pm        793
គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះ​ទៅ​ក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group ។តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ិន ម៉ាណែត ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ នៃ​ភ្ញៀវ​ទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បាន​ចាប់​ផ្តើម​ប្រតិបត្តិការរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវ​បាន​គណៈកម្មការ​អន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group នាព្រឹក​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផ្សេង​ទៀត​។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់​ពី​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ដែលមានឈ្មោះថា Urban Light Rail Transit ។ មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅ​បញ្ចៀស​កុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់​ដែល​ស្ថិត​ក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

សម្ដេចប្រធានរដ្ឋសភា ផ្តាំដល់និស្សិតសិក្សានៅបរទេសត្រូវដើរតួនាទីជាអ្នកការទូតរបស់កម្ពុជា

2023/12/26 07:55:18 pm        177
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​បានផ្តាំផ្ញើដល់និស្សិតសិក្សា​នៅបរទេសត្រូវ​ដើរតួនាទីជាអ្នកការទូ​តចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ទទួលជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្រ្តាលី​ក្រោយ​ឧត្តមសិក្សា(Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ដោយការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សានៅប្រទេសអូស្រ្តាលី គឺមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ មិនត្រឹមតែ​ជា​មោទកភាព​សម្រាប់​ខ្លួននិស្សិត និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាព​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។សម្តេចប្រធានរដ្ឋសភា លើកឡើងថា និស្សិតទំាងអស់ជាតំណាងឱ្យជាតិខ្មែរទាំងមូល ហើយ​ថែម​ទាំង​ដើរ​តួនាទី​ជា​អ្នកការទូត ចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្ត​ភាព​ជាមួយ​ប្រទេស​ដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ក្នុង​នាម​យើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេស​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រជាជន​បណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ​គេស្គាល់​កម្ពុជា​កាន់​តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព​សង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និង​អ្នក​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភព​លោក។ សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ពី​សម្តេច​ប្រធាន​រដ្ឋ​សភា​នៅ​មុន​ពេល​ចាក​ចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត​នៅ​ប្រទេស​អូស្រា្តលី​នា​ឱកាស​នេះ​មាន​ចំនួន​១៨​នាក់ តំណាងឱ្យនិស្សិតចំនួន៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាម​គ្រឹះ​ស្ថាន​សិក្សានានាក្នុងប្រទេសអូស្រ្តាលី ខណៈ​និស្សិត​ជាប់​អាហារូបករណ៍​ទាំង​អស់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ​មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕ អត្ថបទ សេក ឧត្តម

លោកបៃដិន បានបញ្ជាឲ្យវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា Kataib នៅអ៊ីរ៉ាក់ បន្ទាប់ពីទាហាន៣នាក់រងរបួស

2023/12/26 07:49:50 pm        118
លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាឲ្យយោធាអាមេរិក ធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីទាហានអាមេរិកបីនាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូន នៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watson បាននិយាយថា ទាហានអាមេរិកម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដែលបានកើតឡើង កាលពីព្រឹកថ្ងៃចន្ទ។ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ គឺហេសបូឡា Kataib និងក្រុមពាក់ព័ន្ធ ក្រោមការការពាររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បានអះអាងការជឿទុកចិត្តសម្រាប់ការវាយប្រហារ ដែលបានប្រើយានដ្រូនវាយប្រហារតែមួយផ្លូវ។ លោកបៃដិន ដែលកំពុងចូលរួមបុណ្យណូអែល នៅរមណីយដ្ឋានកំហែកម្សាន្ត Camp David របស់ប្រធានាធិបតី នៅរដ្ឋ Maryland ត្រូវបានជូនដំណឹងអំពីការវាយប្រហារដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan ភ្លាមៗ បន្ទាប់ពីវា បានកើតឡើងកាលពីថ្ងៃចន្ទ ហើយបានបញ្ជាឲ្យមន្ទីរបញ្ចកោណ និងជំនួយការសន្តិសុខជាតិកំពូលរបស់ខ្លួន រៀបចំជម្រើសឆ្លើយតប។មន្ត្រីសហរដ្ឋអាមេរិក ដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈ និងសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Sullivan បានពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ។ ទីប្រឹក្សាសន្តិសុខជាតិរងរបស់លោកបៃដិន គឺលោក Jon Finer បាននៅជាមួយលោកប្រធានាធិបតី នៅរមណីយដ្ឋាន Camp David ហើយបានកោះប្រជុំក្រុមជំនួយការជាន់ខ្ពស់ ដើម្បីពិនិត្យមើលជម្រើស។ មន្ត្រីរូបនេះ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានម៉ោង លោកបៃដិន បានកោះប្រជុំក្រុមសន្តិសុខជាតិរបស់ខ្លួនសន្ទនាតាមទូរស័ព្ទជាមួយលោក Austin និង Gen. CQ Brown ដែលជាអគ្គសេនាធិការចម្រុះ បានពន្យល់លោកបៃដិនអំពីជម្រើសឆ្លើយតប។ លោបៃដិន បានជ្រើសរើស ដើម្បីកំណត់ទីតាំងចំនួនបីដែលប្រើប្រាស់ដោយក្រុមហេសបូឡា Kataib និងក្រុមពាក់ព័ន្ធ។

ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្តេជ្ញាចិត្តកសាងសហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាពឱ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់

2023/12/26 07:39:03 pm        464
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមាន​ទំនើប​កម្ម​ក្នុង​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ថ្នាក់ដឹកនាំ​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​ច្រើន​ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និង​អត្ថ​ប្រយោជន៍​នៅ​គ្រប់​វិស័យ តាមរយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាព​ប្រាំឆ្នាំ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (២០១៨-២០២២)។ ថ្នាក់ដឹកនាំក៏បាន​កោត​សរសើរ​ផង​ដែរ​ចំពោះ​​មូល​និធិពិសេស នៃ​កិច្ច​សហ​ប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រ​គម្រោង​ជាង​៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការ​កសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការ​ពង្រឹង​សិទ្ធិ​អំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយ​ប្រទេស​សមាជិក​ទាំង​ប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោងដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យពង្រឹងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គម្រោង​​ទាំ​ង​នោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​​ប្រជាជ​ន​នៅ​ក្នុង​ប្រទេស​ទាំងប្រាំមួយ។ថ្នាក់ដឹកនាំបានអះអាងសាជាថ្មី នូវការសហការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​ដែល​មិនធ្លាប់​មា​ន​ពី​មុនមក។ ប្រឈមរួមគ្នា និ​ង​បានឯកភាព​ជំរុញ​ការ​អភិវឌ្ឍខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-​ឡានឆាង ផ្តោតលើប្រជាជន ដោយ​ប្រើប្រាស់​កា​លានុវត្តភាពពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្តេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយ​នឹង​លទ្ធផល​ជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កា​ពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និងវិបុលភាព ក្នុង​ចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែ​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងអនុតំបន់ និង​ការ​តភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ច​ឌីជីថល​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងដែន និង​ភាព​ប្រកួត​ប្រជែង​រយៈ​ពេល​វែង​របស់តំបន់យើង។កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយ នឹង​ការ​អនុម័ត​ឯកសារសំខាន់ចំនួន០៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ច​សហ​ប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើម​រួម​ស្ដីពី​ការ​អភិវឌ្ឍ​ច្រក​របៀងន​វានុវត្តន៍ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមាន​សារៈ​សំខាន់​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។នៅក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម លី ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះ​ការបាត់បង់មនុស្សជាទីស្រលាញ់ និង​ការ​ខូចខាតដែលបណ្តាលមក​ពី​គ្រោះរញ្ជួយដី​នៅ​ខេត្តកានស៊ូ​។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់ន ខួប​លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជន​ នៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤៕

ច្បាប់កែណ្ឌទ័ពរបស់អ៊ុយក្រែន ស្នើឲ្យបន្ថយអាយុកែណ្ឌ មក២៥ឆ្នាំ ពីអាយុ២៧ឆ្នាំ

2023/12/26 07:37:57 pm        111
ឯកសារនៃច្បាប់កែណ្ឌកងកម្លាំង ដែលបានបង្ហោះនៅលើគេហទំព័ររបស់សភាអ៊ុយក្រែន កាលពីល្ងាចថ្ងៃចន្ទ បានស្នើឱ្យបន្ថយអាយុអ្នកដែលអាចត្រូវបានកែណ្ឌសម្រាប់កាតព្វកិច្ចប្រយុទ្ធមកត្រឹមអាយុ២៥ឆ្នាំ ពី អាយុ២៧ឆ្នាំ។ ការផ្លាស់ប្តូរដែលបានស្នើ ធ្វើឡើង ខណៈការប្រយុទ្ធគ្នារយៈពេល ២២ ខែរបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ី បានអូសបន្លាយពេល។ឯកសារកែណ្ឌ បានរៀបរាប់លម្អិត ពីពលរដ្ឋអ៊ុយក្រែនណាដែលនឹងត្រូវកំណត់ចុះឈ្មោះសម្រាប់ការចុះឈ្មោះយោធា និងបាននិយាយថា វានឹងអនុវត្តចំពោះអ្នកដែល មានអាយុពី២៥ឆ្នាំ។កំណត់សម្គាល់ដែលមានការពន្យល់ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rustem Umerov ដែលបានសង្ខេបច្បាប់កែណ្ឌសំខាន់ៗ ដោយនិយាយថាពួកគេរួមបញ្ចូលទាំងការផ្លាស់ប្តូរអាយុទាហានពី ២៧ឆ្នាំ មកត្រឹម២៥ ឆ្នាំ។ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា យោធាបានស្នើកែណ្ឌកម្លាំងប្រជាជនអ៊ុយក្រែនបន្ថែមទៀតពី ៤៥០.០០០ នាក់ទៅ ៥០០.០០០នាក់ ប៉ុន្តែ វាជាបញ្ហា ដ៏រសើបខ្លាំង ដែលយោធា និងរដ្ឋាភិបាល នឹងពិភាក្សាមុននឹងសម្រេចថាតើត្រូវបញ្ជូនសំណើទៅសភាឬយ៉ាងណា។ចំនួនទាហានអ៊ុយក្រែន មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែកន្លងមកត្រូវបានគេនិយាយថា ប្រទេសនេះមានមនុស្សប្រហែល ១ លាននាក់កាន់អាវុធ។ មន្ត្រីអាមេរិក ប៉ាន់ប្រមាណថា មនុស្សរាប់សែននាក់បានស្លាប់ និងរបួសចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។

យន្តហោះ ដែលឃាត់ទុកច្រើនថ្ងៃនៅបារាំងលើកការព្រួយបារម្ភពីការជួញដូរមនុស្ស បានមកចុះចតនៅឥណ្ឌា

2023/12/26 07:13:23 pm        169
ទិន្នន័យតាមដានជើងហោះហើរ បានបង្ហាញនៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះមួយគ្រឿង ដែលបានឃាត់ទុកនៅប្រទេសបារាំងអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញការព្រួយបារម្ភពីអ្នកដំណើរជនជាតិឥណ្ឌាជិត៣០០នាក់ ជាផ្នែកនៃផែនការជួញដូរមនុស្ស បានមកចុះចតនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។ដំបូងឡើយ យន្តហោះ Airbus A340 បានធ្វើដំណើរទៅកាន់ប្រទេសនីហ្គារ៉ាហ្គ័រ នៅពេលនោះ យន្តហោះត្រូវបានឃាត់ទុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅអាកាសយានដ្ឋាន Vatry ភាគខាងកើតទីក្រុងប៉ារីស ជាកន្លែងដែលយន្តហោះបានឈប់ដើម្បីចាក់ប្រេង។ យន្តហោះនេះ បានមកដល់ពីទីក្រុងឌូបៃ ហើយមានព័ត៌មានអនាមិកថា យន្តហោះកំពុងដឹកជនរងគ្រោះដែលអាចកើតមានពីការជួញដូរមនុស្ស។គេហទំព័រតាមដានអាកាសចរណ៍ Flightradar24 បានបង្ហាញថា ក្នុងចំណោមអ្នកដំណើរដំបូង ៣០៣នាក់ នៅក្នុងបញ្ជីអ្នកដំណើរ មានអ្នកដំណើរ២៧៦នាក់ នៅលើយន្តហោះដែលបានចេញដំណើរមុនម៉ោង៣ រសៀលកាលពីថ្ងៃច័ន្ទ។ យន្តហោះបានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបុមបៃ បន្ទាប់ពីបានហោះហើរជិត៩ម៉ោង។ ក្នុងចំណោមអ្នកដំណើរដែលនៅខាងក្រោយ ជាមនុស្សពីរនាក់ត្រូវបាននគរបាលបារាំងសាកសួរជុំវិញការការជួញដូរមនុស្សដែលសង្ស័យ ប៉ុន្តែប្រភពពីតុលាការ បាននិយាយថានគរបាលបានដោះលែងពួកគេបន្ទាប់ពីដឹងថា អ្នកដំណើរទាំង ៣០៣នាក់ បានឡើងលើយន្តហោះតាមឆន្ទៈដោយសេរីរបស់ពួកគេ។ ប្រភពតុលាការបាននិយាយថា អាជ្ញាធរបារាំង កំពុងបន្តស៊ើបអង្កេតករណីបំពានច្បាប់អន្តោប្រវេសន៍ ប៉ុន្តែពុំមានការជួញដូរមនុស្សនោះទេ។ រដ្ឋបាលបាននិយាយថា មនុស្ស២៥នាក់ ផ្សេងទៀត បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសបារាំង ដែល៥នាក់ ក្នុងចំណោមពួកគេគឺជាអនីតិជន។ ពាក្យស្នើសុំរបស់ពួកគេ នឹងត្រូវបានដំណើរការនៅអាកាសយានដ្ឋាន Charles de Gaulle។

ជប៉ុន ត្រៀមបញ្ជូនមីស៊ីលប៉ាទ្រីយ៉ូត របស់កងកម្លាំងស្វ័យការពារទៅកាន់សហរដ្ឋអាមេរិក

2023/12/26 07:07:12 pm        147
រដ្ឋាភិបាលប្រទេសជប៉ុន មានផែនការផ្តល់ទៅឱ្យសហរដ្ឋអាមេរិកនូវមីស៊ីលស្ទាក់ចាប់ ប៉ាទ្រីយ៉ូត(Patriot) ជាកម្មសិទ្ធិរបស់កងកម្លាំងស្វ័យការពារប្រទេសជប៉ុន។រដ្ឋាភិបាល បានពិនិត្យឡើងវិញនូវគោលការណ៍ណែនាំរបស់ខ្លួន ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ។ នេះបានធ្វើឱ្យប្រទេសជប៉ុន អាចនាំចេញយុទ្ធោបករណ៍ផលិតក្នុងស្រុក ក្រោមអាជ្ញាប័ណ្ណពីក្រុមហ៊ុនបរទេសទៅកាន់ប្រទេស ដែលអ្នកកាន់អាជ្ញាប័ណ្ណមានមូលដ្ឋាន។ប្រព័ន្ធដែលទីក្រុងតូក្យូ បានសម្រេចបញ្ជូនទៅកាន់សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមច្បាប់ពិនិត្យឡើងវិញ មានប្រព័ន្ធ PAC-2 ដែលត្រូវបានប្រើជាចម្បងសម្រាប់ការស្ទាក់ចាប់យន្តហោះ និងមីស៊ីលស៊ីបគោលដៅ ព្រមទាំងប្រព័ន្ធ PAC-3 ដែលស្ទាក់ចាប់មីស៊ីលបាលីស្ទីក។ក្រសួងការពារជាតិជប៉ុន បាននិយាយថា ការសម្រេចនេះ បានធ្វើឡើងតាមសំណើរបស់សហរដ្ឋអាមេរិក ដែលឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់ បានថយចុះជាបន្តបន្ទាប់ ខណៈសហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាទៅឲ្យប្រទេសអ៊ុយក្រែន។ទីក្រុងតូក្យូ មានផែនការបញ្ជូនប្រព័ន្ធស្ទាក់ចាប់មីស៊ីល PAC-2 ដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងស្វ័យការពាររបស់ប្រទេស ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមមន្ត្រីនិយាយថា វានឹងត្រូវចំណាយពេលច្រើនឆ្នាំ សម្រាប់ក្រុមហ៊ុនផលិតរបស់ជប៉ុន ដើម្បីផលិតប្រព័ន្ធថ្មី និងនាំចេញពួកវា។មន្ត្រីក្រសួងការពារជាតិ បាននិយាយថា ពួកគេនឹងពិភាក្សាលម្អិតបន្ថែមទៀតអំពីផែនការជាមួយសមភាគីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។ មន្ត្រីនិយាយបន្ថែមថា ឃ្លាំងផ្ទុកមីស៊ីលប៉ាទ្រីយ៉ូតផ្ទាល់ខ្លួនរបស់ជប៉ុន មិនគ្រប់គ្រាន់នោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញ ព័រទុយហ្គាល់ និងលុចសំបួរ ជំរុញឲ្យ EU កំណត់គោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៤០
09/30/2026 04:09 PM
កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពវាយប្រហារបកតាមយុទ្ធសាស្ត្រ នៅតំបន់ជិតព្រំដែនជាមួយកូរ៉េខាងត្បូង
09/30/2026 04:09 PM
សមាជិកសភា៖ កូរ៉េខាងត្បូងមិនបានសន្យាផ្តល់ជំនួយយោធាឱ្យ​អ៊ុយក្រែន ជុំវិញការផ្ទេរទាហានកូរ៉េខាងជើងឡើយ
09/30/2026 04:09 PM
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ប​ន្ត​កិច្ច​សហប្រតិបត្តិការ​គាំពារដល់អត្ថប្រយោជន៍ពលករកម្ពុជា
09/30/2026 04:09 PM
ក្រសួងការពារជាតិ៖ ទាហានជប៉ុន ៤៥.០០០នាក់ នឹងចូលរួមសមយុទ្ធរួមជាមួយអាមេរិក
09/30/2026 04:09 PM
អាមេរិកដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១០រូប ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានទិញអាវុធឲ្យអ៊ីរ៉ង់
09/30/2026 04:09 PM
សមាជិកសភាអាមេរិក​​ អំពាវនាវឱ្យលោក Netanyahu ចាត់វិធានការ លើ​ហិង្សារបស់អ្នកតាំងលំនៅ នៅ​ West Bank
09/30/2026 04:09 PM
លោក TRUMP ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវបញ្ចប់ «ក្នុងពេលឆាប់ៗនេះ»
09/30/2026 04:09 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ លោក TRUMP គាំទ្រផែនការបន្ធូរបន្ថយទណ្ឌកម្មអាមេរិកលើប្រទេសរុស្ស៊ី
09/30/2026 04:09 PM
យុវជន និងនគរបាល នៅបារាំង ប៉ះទង្គិចគ្នា​ ខណៈចលនា​បិទផ្លូវចូលសាលារៀនមាន​កាន់តែខ្លាំងឡើង
09/30/2026 04:09 PM