សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសឆេក៖ ប្រសិនបើអ៊ុយក្រែនបរាជ័យ យើងនឹងប្រឈមមុខជាមួយរុស្ស៊ី នៅតាមព្រំដែនរបស់យើង

2023/12/26 06:21:00 pm        114
រដ្ឋមន្ត្រីការបរទេសឆេក លោក Jan Lipavský បាននិយាយថា បញ្ហាប្រឈមចម្បងសម្រាប់ទីក្រុងប្រាក (Prague) គឺធ្វើឲ្យរុស្ស៊ីនៅឆ្ងាយពីព្រំដែនឆេកតាមដែលអាចធ្វើទៅបាន និងបន្តគាំទ្រអ៊ុយក្រែន។«ប្រសិនបើអ៊ុយក្រែនបរាជ័យ យើងនឹងប្រឈមមុខជាមួយរុស្ស៊ីកាន់តែកៀកបន្តិច ជាក់ស្តែងនៅតាមព្រំដែននៃសហភាពអឺរ៉ុប ជិតបំផុតជាមួយសាធារណរដ្ឋឆេក ហើយយើងមិនត្រូវអនុញ្ញាតឲ្យបញ្ហានេះ កើតឡើងទេ»។ដូចដែលលោកLipavský បាននិយាយហើយថា ជំនួយដល់អ៊ុយក្រែន ដូចជាយោធា មនុស្សធម៌ ហិរញ្ញវត្ថុ នយោបាយ ឬ ផ្នែកផ្លូវចិត្ត ក៏ផ្តល់អត្ថប្រយោជន៍ដល់សន្តិសុខអឺរ៉ុបផងដែរ។«យើងត្រូវតែចងចាំថា នៅអ៊ុយក្រែន យើងកំពុងរារាំងការពង្រីកចក្រពត្តិរបស់រុស្ស៊ី ដែលយើងកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះ នៅតំបន់អឺរ៉ុបកណ្តាល និងបណ្តារដ្ឋបាល់ទិក។លោករដ្ឋមន្ត្រីការបរទេស បានចង្អុលបង្ហាញថា ភាពនឿយណាយពីសង្រ្គាមដែលជារឿយៗ ត្រូវបាននិយាយអំពីវាបង្ហាញខ្លួនឯងតាមរបៀបផ្សេងៗគ្នា ដូច្នេះលោកជឿថា វាមានសារៈសំខាន់ក្នុងការពន្យល់ដល់សាធារណជនអំពីតម្រូវការគាំទ្រប្រទេសអ៊ុយក្រែន។

ប្រទេសចិន នឹងបន្តកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា

2023/12/26 06:14:13 pm        102
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ៅ នីង(Mao Ning) បាននិយាយកាលពីថ្ងៃចន្ទ ថា ប្រទេសចិននឹងបន្តធ្វើការជាមួយភាគីទាំងអស់ដើម្បីបង្កើនការសម្របសម្រួល និងជំរុញសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងមានអត្ថន័យបន្ថែមទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឈានទៅរកការបញ្ចប់អរិភាពនៅតំបន់ហ្កាហ្សា ការអនុវត្តដំណោះស្រាយរដ្ឋពីរ និងសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។ លោកស្រីបានថ្លែងបែបនេះ ខណៈកំពុងធ្វើអត្ថាធិប្បាយលើសេចក្ដីសម្រេចលេខ២៧២០ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានសំឡេងគាំទ្រ១៣ សំឡេង និងអនុបវាទចំនួន ២ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ដើម្បីបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ឈប់អរិភាពប្រកបដោយនិរន្តរភាព។ លោកស្រី ម៉ៅ បាននិយាយថា ប្រទេសចិនបានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចលេខ២៧២០ ជាសេចក្ដីសម្រេចទីពីរដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខចាប់តាំងពីការចាប់ផ្តើមផ្ទុះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នាពេលថ្មីៗនេះ។ ទោះយ៉ាងណាក៏ដោយ លោកស្រីបានកត់សម្គាល់ថា សេចក្ដីសម្រេចនេះមិនទាន់ស្របតាមការរំពឹងទុករបស់អន្តរជាតិទេ ហើយមានចន្លោះប្រហោងជាច្រើនទៀតដែលត្រូវបំពេញ។ លោកស្រីបាននិយាយថា ស្របពេលជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បច្ចុប្បន្នបានសម្លាប់ និងរបួសជនស៊ីវិលរាប់ម៉ឺននាក់ ហើយស្ថានភាពមនុស្សធម៌នៅហ្កាហ្សាបន្តកាន់តែយ៉ាប់យ៉ឺនខ្លាំង ប្រទេសចិនបានជំរុញឱ្យសេចក្ដីសម្រេចនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ជំនួយមនុស្សធម៌ត្រូវបានពង្រីកបន្ថែម និងយន្តការត្រួតពិនិត្យមួយដែលត្រូវបានបង្កើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។លោកស្រីបាននិយាយថា ការសម្រេចឲ្យមានបទឈប់បាញ់នៅតែជាចំណុចអាទិភាពដាច់ខាត និងជាតម្រូវការមុនគេបំផុត ក្នុងចំណោមវិធានការផ្សេងទៀត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងត្រីវិស័យសម្រាប់រដ្ឋាភិបាល

2023/12/26 05:47:16 pm        164
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងត្រីវិស័យសម្រាប់រដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌគោលនអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បើគ្មានទន្នន័យច្បាស់លាស់ទេហាក់បីដូចជាស្ថិតនៅចំណុចមួយដែលវង្វេងវង្វាន់ មិនអាចឱ្យរាជរដ្ឋាភិបាលរៀបចំក្របខណ្ឌគោលនយោបាយ និងសេដ្ឋកិច្ចជាតិបានឡើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ​របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺធ្វើឡើងដើម្បី​ចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ច​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ សម្ដេចធិបតីមានប្រសាសន៍ថា ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និងភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។សម្តេចធិបតី បានមានប្រសាសន៍ថា លទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ។ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន និងលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ៕អត្ថបទ៖ វ៉ន ដារ៉ា

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ អង្គភាពសេដ្ឋកិច្ចមានជាង៧៥ម៉ឺន កើនឡើង ៤៩% បើធៀបជំរឿនឆ្នាំ២០១១

2023/12/26 05:35:28 pm        193
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩% បើធៀបនឹងជំរឿនជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ​ដែលមានចំនួន ៥០៥ ១៣៤ អង្គភាពសេដ្ឋកិច្ច។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ​របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា​ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណង​ចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច​ និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែល​ផ្តល់នូវព័ត៌មានសំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព ​និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំ​គោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ ​និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿន​សេដ្ឋកិច្ច និងធ្វើជាបញ្ជី​សំណាកគំរូ ​សម្រាប់ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗ​ពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាស​អាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។សម្ដេចធិបតី បញ្ជាក់ថា អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង ៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨ លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤ លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ​ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្ម​មាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។សូមជម្រាបថា ​ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ២០២២ ត្រូវបាន​រាប់​បញ្ចូល​អង្គភាព ​សេដ្ឋកិច្ចមានជាអាទិ៍ ​អង្គភាពសេដ្ឋកិច្ចនៅតាមផ្សារ ក្រុមហ៊ុន សហគ្រាស រោងចក្រ សហគ្រាសរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ ​លក់ដូរតាមអនទ្បាញ សាលារៀន​ សាកលវិទ្យាល័យ មណ្ឌលសុខភាព ​មន្ទីរពេទ្យ វត្តអារាម និង​សេវាកម្មផ្សេងៗជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យជួយឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

2023/12/26 04:57:26 pm        180
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការកំណត់ទិន្នន័យគឺមានសារសំខាន់បំផុត ​ខណៈទិន្នន័យនេះនឹងជួយឲ្យយើងធ្វើការ​សម្រេចចិត្ត​បានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដូច្នេះត្រូវតែ កំណត់ទិន្នន័យនេះឲ្យបានច្បាស់លាស់ ដើម្បីដាក់គោលដៅជាក់លាក់សម្រាប់អនាគត។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុង ក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការកំណត់ទិន្នន័យ ពីព្រោះថា​ប្រភពទិន្នន័យជាផែនទីត្រីវិស័យ​ក្នុងការសម្រេចចិត្តគ្រប់លក្ខណៈ​ជ្រុងជ្រោយ​ ដោយមិន​ប្រថុយប្រថាន​នោះឡើយ ជាក់ស្តែងដូចជា​ក្រុមហ៊ុនជាច្រើននៅលើពិភពលោក បានវិនិយោគទៅលើប្រព័ន្ធទិន្នន័យដោយការ​សម្រេច​ចិត្តច្បាស់លាស់ ការព្យាករសេណារីយ៉ូពីអនាគតត្រឹមត្រូវ។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានពន្យល់ផងដែរថា ប្រភពទិន្នន័យមានសារសំខាន់ណាស់ ដោយ​វាបានកំណត់ឲ្យយើងដឹងពីភូមិសាស្រ្តទាំងនៅលើដី ​និងភូមិសាស្រ្តនយោបាយ​ សេដ្ឋកិច្ច ធុរកិច្ច ជាពិសេសស្ថានភាពនៅជុំវិញខ្លួនយើងតែម្តង៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផល​ចុង​ក្រោយ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២

2023/12/26 03:40:53 pm        233
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផល​ចុង​ក្រោយ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ *ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើងក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។ ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឱ្យមានលក្ខណៈបុរេសកម្ម និងការតាមតានត្រួតពិនិត្យ ការវាយតម្លៃ ការអនុវត្តគោលនយោបាយ ការដាក់ចេញនូវគោលនយោបាយ គឺទាមទារឱ្យមានការតាមដាន វាយតម្លៃ ត្រួតពិនិត្យឱ្យទាន់ពេលវេលា គឺផ្អែកទៅលើទិន្នន័យនេះហើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ស្ថានភាពជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺមានការកើនឡើងប្រមាណជាង ៥០ ភាគរយ។-សម្ដេចធិបតី មានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល១០ឆ្នាំទៀត។ ក្របខណ្ឌគោលនយោបាយ គឺផ្អែកទៅលើបច្ចុប្បន្នភាពជាក់ស្ដែងនៅលើដី។ នេះហើយជាការផ្អែកទៅលើទិន្នន័យជាក់ស្ដែង និងក្របខណ្ឌគោលនយោបាយជាក់លាក់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដោយទិន្នន័យ ស្ថិតិបានដើរតួនាទីសំខាន់ សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗលើជំរឿនសេដ្ឋកិច្ច និងការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា ណែនាំដល់ក្រសួងផែនការត្រូវពិនិត្យឱ្យបានត្រឹមត្រូវលើការប្រមូលទិន្នន័យរបស់ខ្លួន ពីព្រោះទិន្នន័យនោះ គឺជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នផ្សេងទៀត ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់ខ្លួន ពីព្រោះការធ្វើវិភាជន៍ឡើងវិញ នូវធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺបានជួយបង្កើននូវប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នរបស់ខ្លួន និងអាចអនុវត្តក្របខណ្ឌគោលនយោបាយឱ្យបានជោគជ័យ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចតែងតែបានណែនាំ និងដាក់ចេញនូវគោលនយោបាយចំពោះការជ្រើសរើសមន្រ្ដី គឺត្រូវធ្វើឱ្យមានសុក្រឹតភាព ជ្រើសរើសឱ្យស្របទៅនឹងទំនើបកម្មនៃបច្ចុប្បន្នភាព និងការជ្រើសរើសដោយមានការលើកទឹកចិត្ត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគទៅលើធនធានមនុស្ស គឺជាកិច្ចការសំខាន់ទាំងការវិនិយោគទៅលើការសិក្សាតាំងពីកុមារភាព និងការវិនិយោគនៅតាមក្រសួង ស្ថាប័ននានា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពមន្រ្ដី ជាពិសេសមន្រ្ដីដែលទទួលកិច្ចការងារបច្ចេកទេសសំខាន់ៗ នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្រើប្រាស់ទិន្នន័យមានសារសំខាន់ណាស់។ សម្ដេច បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបណ្ដុះបណ្ដាលមន្រ្ដីលើការប្រើប្រាស់ទិន្នន័យ ដែលបានដាក់ចេញនេះឱ្យបានត្រឹមត្រូវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤

2023/12/25 11:22:15 pm        210
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំ គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូល នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បីទី១ សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​នៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាត​នៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព។ទី២ តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព ការអភិវឌ្ឍ។សូមជម្រាបថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ធ្វើឡើង​ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដោយបានពិនិត្យឡើងវិញ​នូវវឌ្ឍនភាព​ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ។ កិច្ចប្រជុំនេះ ក៏បានកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ​ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោម​បណ្តាប្រទេស​មេគង្គ-ឡានឆាងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាព​របស់​ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។កិច្ចប្រជុំនេះ ឯកសារចំនួនបីគ្រោងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ ទី១ សេចក្តីថ្លែងការណ៍​ទីក្រុង ណៃពិដោ ទី២ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង ទី៣ គំនិតផ្តួចផ្តើមរួម​ស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង។

ជើងហោះហើរចំនួន២៣ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានទីក្រុងស៊ីដនី នៅថ្ងៃបុណ្យណូអែល

2023/12/25 09:38:00 pm        123
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ជើងហោះហើរចំនួន២៣ ជើង ចូលនិងចេញពីអាកាសយានដ្ឋានទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានលុបចោល នៅថ្ងៃបុណ្យណូអែលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក កាលពីមួយថ្ងៃមុនេះ។ គិតត្រឹមម៉ោង៧ព្រឹក នៅថ្ងៃចន្ទនេះ ម៉ោងក្នុងស្រុក ផ្ទាំងប្រកាសព័ត៌មានពីការមកដល់ នឹងការចាកចេញ នៅលើគេហទំព័រអាកាសយានដ្ឋានទីក្រុងស៊ីដនី បានបង្ហាញថា ជើងហោះហើរចំនួន២៣ ត្រូវបានលុបចោលរួចហើយ។ គេហទំព័រព័ត៌មានក្នុងស្រុកបាននិយាយថា ខណៈអាកាសយានដ្ឋាន ទីក្រុងស៊ីដនី បានបញ្ជាក់ថា គ្មានបញ្ហាប្រតិបត្តិការនៅអាកាសយានដ្ឋានទេនៅថ្ងៃចន្ទនេះ ការរំខានទំនងជាមានផលប៉ះពាល់ដោយប្រយោលពីការពន្យាពេល និងការលុបចោលនៅថ្ងៃបុណ្យណូអែល ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់រន្ទះ។ សារព័ត៌មានអូស្ត្រាលី channel Sky News បានរាយការណ៍ថា ការលុបចោលនៅថ្ងៃចន្ទនេះ រួមមានជើងហោះហើរក្រុមហ៊ុនអាកាស Virgin ចំនួន៧ ក្រុមហ៊ុនអាកាសចរណ៍ Qantas ចំនួន៦ និងក្រុមហ៊ុន Jet Star ចំនួន៣ ព្រមទាំងមួយចំនួនធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ប្រចាំតំបន់តូចៗជាច្រើន។ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia បានបញ្ជាក់ថា ការលុបចោលជើងហោះហើរ ដោយសារតែអាកាសធាតុមិនអំណោយផល នៅក្នុងនិងជុំវិញទីក្រុងស៊ីដនី រយៈពេល២៤ម៉ោងកន្លងទៅនេះ។ សារព័ត៌មានបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ អង្គភាពសង្គ្រោះបន្ទាន់រដ្ឋ New South Wales បានជួយសង្គ្រោះ២០លើក នៅទូទាំងទីក្រុងស៊ីដនី និងបានឆ្លើយតបទៅនឹងការរាយការណ៍ពីលំនៅឋានចំនួន៣០ខ្នង ដែលបានជន់លិច នៅជាយក្រុង Pagewood ភាគខាងត្បូងទីក្រុង។

ក្រុមហ៊ុនដឹកជញ្ជូនជប៉ុនជាច្រើន សម្រេចគេចចេញពីសមុទ្រក្រហម ដោយសារការវាយប្រហាររបស់ក្រុមហ៊ួទី

2023/12/25 09:14:36 pm        128
ក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសជប៉ុន កំពុងផ្លាស់ប្តូរផ្លូវនាវារបស់ពួកគេ ដើម្បីគេចចេញពីសមុទ្រក្រហម ជាកន្លែងដែលក្រុមហ៊ួទី(Houthi) ប្រឆាំងរដ្ឋាភិបាលនៅយេម៉ែន បាននិងកំពុងវាយប្រហារលើនាវាដែលឆ្លងកាត់។ក្រុមហ៊ុន Nippon Yusen ជាក្រុមហ៊ុនជប៉ុន ដែលគេស្គាល់ថា NYK Line និងក្រុមហ៊ុន Mitsui O.S.K. Line បានផ្លាស់ប្តូរបណ្តោះអាសន្ននូវការធ្វើដំណើររបស់នាវាពួកគេ ទៅ និងមក ពីសហភាពអឺរ៉ុប ដើម្បីបញ្ចៀសសមុទ្រក្រហម ដោយលើកឡើងពីលទ្ធភាពដែលថាអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល អាចត្រូវបានកំណត់គោលដៅដោយក្រុមហ៊ួទី(Houthi)។ ក្រុមហ៊ុនទាំងនេះ នឹងបញ្ជូននាវារបស់ពួកគេ នៅជុំវិញជ្រោយ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង។ក្រុមហ៊ុន Kawasaki Kisen Kaisha ឬ K Line ក៏កំពុងបង្វែរផ្លូវនាវារបស់ខ្លួនបណ្តោះអាសន្ន នៅជុំវិញជ្រោយ Cape of Good Hope ព្រមទាំងការផ្លាស់ប្តូរទៅកាន់ផ្លូវឆ្លងកាត់តាមអាមេរិកខាងជើង។ ក្រុមហ៊ុន Ocean Network Express ជាក្រុមហ៊ុនដឹកជញ្ជូនទូរទំនិញ ដែលដំណើរការរួមគ្នាដោយក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ក៏បានបញ្ចៀសការឆ្លងកាត់តាមសមុទ្រក្រហម ហើយបានប្តូរទៅផ្លូវផ្សេងទៀត រួមទាំងផ្លូវមួយនៅជុំវិញជ្រោយ Cape of Good Hope។សមុទ្រក្រហម គឺជាផ្លូវទឹកជិតបំផុតសម្រាប់តភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុប តាមរយៈព្រែកជីកស៊ុយអេ។ ការព្រួយបារម្ភ កំពុងកើនឡើងដែលថាការផ្លាស់ប្តូរផ្លូវ នៃនាវាពាណិជ្ជកម្ម អាចបណ្តាលឱ្យមានការពន្យារពេលការដឹកជញ្ជូនទំនិញ និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់។

ខេត្តអូគីណាវ៉ា នឹងសម្រេចការព្រមព្រៀងពិនិត្យឡើងវិញ ផែនការសម្រាប់ការផ្លាស់ប្តូរ​មូលដ្ឋានកងទ័ពអាមេរិក

2023/12/25 09:07:59 pm        187
រដ្ឋាភិបាលខេត្តអូគីណាវ៉ា នឹងកំណត់សម្រេចថាតើត្រូវព្រមព្រៀងលើការងារដើម្បីធ្វើឲ្យប្រសើរមូលដ្ឋាន នៅទីតាំងផ្លាស់ប្តូរនៅឆ្នេរសមុទ្រតាមផែនការសម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្តនេះ។ ការងារនេះ គឺជាផ្នែកមួយនៃគម្រោងរៀបចំដីឡើងវិញ នៅឆ្នេរ Henoko ទីក្រុង Nago កោះ Okinawa។ រដ្ឋាភិបាលកណ្តាល មានផែនការ ផ្លាស់ប្តូរស្ថានីយអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់តំបន់ឆ្នេរសមុទ្រ ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តក៏ដោយ។ ប៉ុន្តែ បាតសមុទ្រនៅទីតាំងរៀបចំមូលដ្ឋាន ត្រូវបានគេរកឃើញថាមានស្ថានភាពទន់ពេក។ បន្ទាប់មក រដ្ឋាភិបាលកណ្តាល បានស្នើសុំការអនុញ្ញាតពីខេត្ត ដើម្បីពិនិត្យឡើងវិញផែនការដើម និងអនុវត្តការងារការធ្វើឲ្យរឹងមាំ។ ប៉ុន្តែរដ្ឋបាលខេត្ត ពុំទាន់បានអនុម័តការកែសម្រួលឡើងវិញនេះទេ ហើយការងារនៅតែត្រូវបានផ្អាក។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខេត្ត បានបើកកិច្ចប្រជុំតាមអ៊ីនធឺណិត កាលពីថ្ងៃអាទិត្យ ជាមួយក្រុមអ្នកជំនាញផ្នែកច្បាប់រដ្ឋបាល។ ថ្លែងទៅកាន់សារព័ត៌មាន NHK បន្ទាប់ពីកិច្ចប្រជុំ សាស្រ្តាចារ្យ លោក Tokuda Hiroto នៃសាកលវិទ្យាល័យ Ryukyus បាននិយាយថា មានបញ្ហាច្រើនជាមួយសេចក្តីសម្រេចរបស់តុលាការ។ លោកនិយាយថា តុលាការមិនបានកំណត់ភាពស្របច្បាប់ នៃការបដិសេធរបស់រដ្ឋបាលខេត្ត ក្នុងការអនុម័តការកែប្រែនេះ។មន្ត្រីនិយាយថា ខេត្ត កំពុងពិចារណា មិនអនុម័តការកែប្រែនេះទេ ហើយ អភិបាលខេត្ត ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចុងក្រោយនៅថ្ងៃចន្ទនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
09/30/2026 05:09 PM
កងទ័ពសម្លាប់ជីវពលម្នាក់អំឡុងការពើបប្រទះគ្នានៅតំបន់កាស្មៀ ប្រទេសឥណ្ឌា
09/30/2026 05:09 PM
ប្រមុខ​មន្ទីរបញ្ចកោណ នឹង​ប្រកាសកាត់បន្ថយតំណែង​មន្ត្រី​យោធាជាន់ខ្ពស់ ២០ភាគរយ​
09/30/2026 05:09 PM
កម្មករអរគុណសម្ដេចធិបតី បន្តដំឡើងប្រាក់ឈ្នួល ខណៈពួកគេចង់បានប្រាក់ឈ្នួលនិងការងារដែលស្ថិរភាព
09/30/2026 05:09 PM
រយៈពេល៩ខែឆ្នាំ​២០២៦ ក្រសួងបរិស្ថាន​ទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់​ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាបាន​ប្រមាណ ២០លានម៉ែត្រគូប
09/30/2026 05:09 PM
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន
09/30/2026 04:09 PM
ឆ្នាំល្បាតឆ្នេរសហរដ្ឋអាមេរិកសង្រ្គោះមនុស្ស ៤៩នាក់ ក្រោយលិចនាវាមួយគ្រឿងនៅជិតកោះ Mona របស់ព័រតូរីកូ
09/30/2026 04:09 PM
អេស្ប៉ាញ ព័រទុយហ្គាល់ និងលុចសំបួរ ជំរុញឲ្យ EU កំណត់គោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៤០
09/30/2026 04:09 PM
កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពវាយប្រហារបកតាមយុទ្ធសាស្ត្រ នៅតំបន់ជិតព្រំដែនជាមួយកូរ៉េខាងត្បូង
09/30/2026 04:09 PM
សមាជិកសភា៖ កូរ៉េខាងត្បូងមិនបានសន្យាផ្តល់ជំនួយយោធាឱ្យ​អ៊ុយក្រែន ជុំវិញការផ្ទេរទាហានកូរ៉េខាងជើងឡើយ
09/30/2026 04:09 PM