កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិបញ្ចប់ដោយជោគជ័យ ខណៈក្រុមប្រទេសជប៉ុន បានជ័យលាភីលេខ១

2023/08/28 07:22:01 pm        195
ភ្នំពេញ៖ កម្ពុជានៅថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២៣ បានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2023ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក។ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយមានក្រុមនិស្សិតមកពី ១៣ប្រទេសចូលរួម បូករួមទាំងក្រុម​និស្សិត​របស់កម្ពុជាចំនួន ២ក្រុមផងដែរ។ ព្រឹត្តិការណ៍ប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិABU Roboconនេះ ជាព្រឹត្តិការណ៍ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកលើវិស័យបច្ចេកវិទ្យារ៉ូបូតដែលកម្ពុជា បានរៀបចំវាឡើង។ ព្រឹត្តិការណ៍គឺមានការចូលរួមប្រកួតពីក្រុមនិស្សិត ១៣ ប្រទេសចូលរួម ក្នុងនោះមាននិស្សិតកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន ហុងកុង នេប៉ាល់ វៀតណាម ឥណ្ឌា ជប៉ុន ប្រទេសថៃ ម៉ុងហ្គោលី ស្រីលង្កា និងប្រទេសអេហ្ស៊ីប។ ចំពោះក្រុមប្រកួតវិញ គឺមានចំនួន ១៤ក្រុម ព្រោះកម្ពុជាមានចំនួន ២ក្រុម គឺក្រុមមកពីវិទ្យា​ស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមនិស្សិតនៃ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ថា NPIC។ក្រុមទាំងអស់ត្រូវប្រកួតប្រជែងក្រោមវិញ្ញាសារបស់កម្ពុជា គឺ រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត រឺរ៉ូបូតបោះកងចូលក្នុងបង្គោល។ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ការប្រកួតបានរកឃើញម្ចាស់ជើងឯកលេខ១ គឺក្រុមមកពី​ប្រទេសជប៉ុន លេខ២គឺក្រុមនិស្សិតហុងកុង លេខ៣គឺក្រុមប្រទេសចិន និងវៀតណាម។ សម្រាប់ក្រុមកម្ពុជា១ក្រុម បានធ្លាក់ក្នុងជម្រុះពូល និង១ក្រុមទៀត បានឡើងត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ ចំពោះក្រុមកម្ពុជាទាំងពីរក្រុម ទោះមិនទទួលលទ្ធផលគាប់ប្រសើរ តែពួកគេពេញចិត្តដែលមាន​ការរៀបចំអោយមានព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះឡើង។ ភាពពេញចិត្តដោយសារពួកគេ បានសិក្សាស្វែងយល់កាន់តែច្រើនពីភាពខ្លាំងបច្ចេកវិទ្យារ៉ូបូតក្រុមដទៃ ហើយវាជាឱកាស​ដើម្បីយកបទពិសោធន៍នេះ អភិវឌ្ឍន៍​រ៉ូបូតខ្លួនឱ្យកាន់តែប្រសើរ។ សម្រាប់អ្នកចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍នេះ ក៏មានចម្រុះជាតិសាសន៍ ​គាំទ្រប្រទេសរៀងៗខ្លួន។ អ្នកគាំទ្រកម្ពុជា បង្ហាញការសប្បាយចិត្តដែលកម្ពុជា ​បានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ ព្រោះវាផ្ដល់ជាផលប្រយោជន៍ឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។ ម្យ៉ាងទៀត ពួកគេក៏កោតសសើរចំពោះក្រុមកម្ពុជា ដែលបានខំប្រឹងប្រែងទោះមិនបានជ័យជំនះក្ដី។ព្រឹត្តិការណ៍ប្រកួតរ៉ូបូតនេះ នៅឆ្នាំ ២០២៤ គឺនឹងផ្លាស់ប្រទេសជាម្ចាស់ផ្ទះ។ ប្រទេសដែលនឹងរៀបចំព្រឹត្តិការណ៍នេះ នៅឆ្នាំ ២០២៤ គឺប្រទេស ​វៀតណាម។ ចំពោះវិញ្ញាសាគឺកំណត់ដោយប្រទេសវៀតណាមផងដែរ៕អត្ថបទគឹមហុក

ប្រទេសអ៊ីរ៉ង់៖ ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅតែបន្តផ្អែកលើច្បាប់ក្នុងស្រុក

2023/08/28 07:13:22 pm        132
អ៊ីរ៉ង់៖ នៅពេលគេសួរអំពីរបាយការណ៍ទាក់ទងនឹងទីក្រុងតេអេរ៉ង់ដែលកាត់បន្ថយការចម្រាញ់៦០ភាគរបស់ខ្លួន ប្រធាននុយក្លេអ៊ែរ លោក ម៉ូហាម៉េដ អ៊ីស្លាមី (Mohammad Eslami) បាននិយាយកាលពីថ្ងៃអាទិត្យថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ នៅតែបន្តផ្អែកលើក្របខណ្ឌដែលបង្កើតឡើងដោយសភារបស់ប្រទេសនេះ។ លោកអ៊ីស្លាមី បាននិយាយដោយសំដៅទៅលើច្បាប់ពាក់ព័ន្ធមួយថា៖ «ការពង្រឹងនុយក្លេអ៊ែររបស់យើងនៅបន្តដោយផ្អែកលើច្បាប់ក្របខ័ណ្ឌយុទ្ធសាស្ត្រ»។កាលពីដើមខែនេះ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបន្ថយល្បឿនយ៉ាងខ្លាំងដែលខ្លួនកំពុងប្រមូលផ្តុំសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ជិតឈានដល់កម្រិតផលិតអាវុធបាន ហើយបានកាត់បន្ថយឃ្លាំងស្តុកទុកមួយចំនួន ជាចំណាត់ការដែលអាចជួយបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងស្តារកិច្ចចរចាឲ្យកាន់តែទូលំទូលាយឡើងវិញអំពីការងារនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ក្នុងឆ្នាំ ២០២០ សភាដ៏រឹងរ៉ឹងរបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដែលតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការដូចជាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពីដែនកំណត់ ដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេអេរ៉ង់ ប្រសិនបើភាគីផ្សេងទៀត មិនអនុវត្តតាមកិច្ចព្រមព្រៀងនេះទាំងស្រុងនោះ៕

មនុស្ស២៣នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់ក្រុមហួទី ក្នុងប្រទេសយ៉េមែនភាគខាងត្បូង

2023/08/28 06:49:50 pm        96
យ៉េមែន៖ មនុស្សយ៉ាងហោចណាស់២៣នាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងទាហានរដ្ឋាភិបាលយ៉េមែន និងក្រុមហួទី ក្នុងខេត្តឡាច (Lahj)ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលយ៉េមែនរិះគន់ក្រុមកងជីវពលចំពោះការទាត់ចោលកិច្ចខិតខំប្រឹងប្រែងសន្តិភាពដើម្បីបញ្ចប់សង្រ្គាម ។  ក្រុម ហួទី (Houthis) បានបើកការវាយប្រហារលើកងទ័ពរដ្ឋាភិបាលនៅក្នុងតំបន់យ៉ាហ្វេ (Yafae )នៃទីក្រុង ឡាច (Lah) ដោយបានបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ក្រុម ហួទី១៥ នាក់ ទាហានគាំទ្ររដ្ឋាភិបាល៨នាក់ និងយ៉ាងហោចណាស់១០នាក់ទៀតរងរបួស។លោកមហាម៉េដ អាល់ ណាគីប ( Mohammed Al-Naqeeb )អ្នកនាំពាក្យកងកម្លាំងភាគខាងត្បូងគាំទ្រឯករាជ្យដែលគ្រប់គ្រង តំបន់យ៉ាហ្វេ បានហៅការវាយប្រហាររបស់ក្រុមហួទី លើតំបន់នេះ ថាជាការវាយប្រហារ ដ៏ធបំផុត និងបង្ហូរឈាមបំផុត របស់កងជីវពលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបន្ថែមថាកងកម្លាំងរបស់ពួកគេអាចវាយលុកក្រុម ហួទី ដោយបង្ខំពួកគេឲ្យដកថយ ក្រោយរងរបួសធ្ងន់។លោក Al-Naqeeb បានប្រាប់សារព័ត៌មានArab News ថា ការវាយប្រហាររបស់កងជីវពល ហួទី លើ តំបន់Yafae គឺជាការឆ្លើយតបទៅនឹងសម្បទានទាំងអស់ដែលផ្តល់ដោយរដ្ឋាភិបាលស្របច្បាប់ និងគំនិតផ្តួចផ្តើមសន្តិភាព។ ចាប់តាំងពីដើមឆ្នាំមុន នៅពេលបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិចូលជាធរមាន អរិភាពបានថយចុះយ៉ាងខ្លាំង ជាចម្បងនៅខាងក្រៅទីក្រុងម៉ារីប (Marib) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។  ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលយ៉េមែនបាននិយាយថា ក្រុមហួទីបានបន្តការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសង្កាត់លំនៅដ្ឋាន និងគោលដៅយោធានៅ ទីក្រុង ឡាច ទីក្រុង ម៉ារីប និង ទីក្រុងតៃស៍(Taiz)៕

អវកាសយានិកអន្តរជាតិថ្មីសង្កត់ធ្ងន់ពីការរួបរួមគ្នា ពេលដែលពួកគេចូលរួមការងារនៅស្ថានីយ៍អវកាស ISS

2023/08/28 06:46:39 pm        125
អាមេរិក៖  អវកាសយានិកមកដល់ថ្មី បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការរួបរួមគ្នា ហើយនិងកិច្ចសហប្រតិបត្តិការ ពេលដែលពួកគេត្រូវបានស្វាគមន៍ដោយសមាជិកបច្ចុប្បន្ននៅស្ថានីយ៍អវកាសអន្តរជាតិ(ISS) កាលពីថ្ងៃអាទិត្យ ។  អង្គការ NASAនិយាយថា សមាជិកអវកាសយានិកថ្មីចំនួន ៤នាក់ ដែលមកពីប្រទេសចំនួន ៤ផ្សេងៗគ្នា នឹងធ្វើពិសោធន៍វិទ្យាសាស្រ្ត ដូចជាអការៈសរីរវិទ្យានៃការគេងរបស់អវកាសយានិក និងការប្រមូលសំណាកអតិសុខុមប្រាណពីផ្នែកខាងក្នុងរបស់ស្ថានីយ៍អវកាស ISS ។  ក្រុមអវកាសយានិកថ្មី អ្នកស្រី Jasmin Moghbeliគឺជាអវកាសយានិករបស់អង្គការ NASA លោក Andreas Mogensen គឺជាអវកាសយានិកមកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA លោក Satoshi Furukawa គឺជាអវកាសយានិករបស់ទីភ្នាក់ងាររុករុកទីអវកាសជប៉ុន JAXA និងលោក Konstantin Borisov គឺជាអវកាសយានិកមកពីទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី Roscosmosនឹងចូលរួមជាមួយក្រុមអវកាសយានិក ៧នាក់ ដែលបច្ចុប្បន្ននៅក្នុងស្ថានីយ៍អវកាស ISS ។  គួរឲ្យដឹងថា យានចម្លង Falcon 9របស់ក្រុមហ៊ុន SpaceXបានដាក់យានចម្លង Dragon និងក្រុមអវកាសយានិក ចូលទៅកាន់គន្លងតារាវិថី ក្រោយបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedyរបស់អង្គការ NASA នៅរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៣ និង ២៧នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុន ៕

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា

2023/08/28 06:35:44 pm        67
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ ខាមេន ម៉ូរ៉េណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ប្រទេសរុស្ស៊ីបញ្ជូនកងទ័ពពិសេសទៅទប់ទល់នឹងការវាយបករបស់អ៊ុយក្រែន

2023/08/28 06:28:16 pm        176
រុស្ស៊ី៖ប្រទេសរុស្ស៊ី បានដាក់ពង្រាយទាហានឆ័ត្រយោងពិសេសទៅកាន់ខ្សែត្រៀមជួរមុខហ្សាប៉ូរីហ្សា (Zaporizhzhia) ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីទប់ស្កាត់ការវាយទម្លុះចូល ខណៈពេលដែលការវាយបករបស់អ៊ុយក្រែន កំពុងបង្កើនល្បឿន។សមាសភាពនៃកងពលការពារអាកាសលេខ៧៦ ដែលជួនកាលត្រូវបានពិពណ៌នាថា ជាអង្គភាពប្រយុទ្ធដ៏ល្អបំផុតតែមួយគត់របស់រុស្ស៊ី ត្រូវបានគេប្រទះឃើញនៅជិតភូមិរ៉ូបូទីណេ(Robotyne) កាលពីដើមសប្តាហ៍នេះ។វិទ្យាស្ថានស្រាវជា្រវសម្រាប់ការសិក្សាសង្រ្គាមនៅទីក្រុងវ៉ាស៊ីនតោនដែលបាននិងកំពុងតាមដានសមរភូមិប្រយុទ្ធនេះ បាននិយាយថា៖«ការដាក់ពង្រាយឡើងវិញនៃសមាភាពកងពលការពារតំបន់ភ្នំVDVលេខ៧ ពីតំបន់ឃើសុន( Kherson) ទៅខ្សែត្រៀមជួរមុខនៅតំបន់ហ្សាប៉ូរីហ្សា និងសមាសភាពនៃកងពលVDVលេខ៧៦ពីតំបន់ក្រីមីនណា ( Kreminna) ដល់តំបន់រ៉ូបូទីណេ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីអាចនឹងប្រើប្រាស់អង្គភាពពិសេសដែលពាក់ព័ន្ធ ដើម្បីពង្រឹងផ្នែកសំខាន់ៗនៃខ្សែត្រៀមជួរមុខ»៕

រដ្ឋមន្រ្ដីក្រសួងអប់រំ៖ រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ

2023/08/28 06:25:41 pm        334
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ​បានថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ​គឺបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទីមួយ សម្រាប់​ដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទីមួយនេះ។ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសសន៍ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ​យុទ្ធសាស្ដ្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងសម្រួចអាទិភាពនៃ​កំណែទម្រង់​ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ​សម្រាប់កំណែទម្រង់រដ្ឋាភិបាលថ្មីអាណត្តិទី៧ កាលពីថ្ងៃទី ​នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងអប់រំ ​យុវជន និងកីឡានឹងបន្ត​កំណែទម្រង់​វិស័យអប់រំ ដែលផ្ដោតលើ ​ការពង្រឹងគុណភាពអប់រំនៅ​គ្រប់កម្រិតសិក្សា, ការបង្កើនការចូលរៀន​មុខ​វិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការអប់រំឌីជីថល, ការជំរុញការពង្រឹងការបណ្ដុះបណ្ដាល​ជំនាញសម្រាប់យុវជន, និងការ​ពង្រឹង​ការអប់រំកាយ​ និងកីឡា និងភាពជាពលរដ្ឋល្អ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធត្រូវប្រឹងប្រែងរួមគ្នាជាបន្តទៀត ដើម្បី​ចូលរួមលើកកម្ពស់​វិស័យអប់រំនៅកម្ពុជា ​ពិសេសនៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំ​ដោយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក្នុងនីតិកាលទី៧ ដើម្បីចូលរួម​ផលិតមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រដល់ភាពរីកចម្រើននៃសង្គម និងសេដ្ឋកិច្ចកម្ពុជា។សូមជម្រាបថា ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ និង២០១៩-២០២៣ ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗ​គួរឲ្យកត់សម្គាល់​ដូចជា​ការបង្កើតការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា។ ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ ​តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះឲ្យកូនចៅ​ប្រជាជន​ដែលជួបការលំបាកមានលទ្ធភាព ចូលរួមបន្តការពង្រឹងអភិបាលកិច្ចនៅ​តាម​គ្រឹះស្ថាន​សិក្សា ​ដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ-១៩ ការបង្កើនអាហារូបករណ៍​សម្រាប់​សិស្ស និងនិស្សិតមកពីគ្រួសារកក្រីក្រ។ក្រសួងអប់រំ បានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់​សេវាអប់រំ​តាម​រយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន​ និងលើកទឹកចិត្តព្រមទាំងបង្កើនស្វយភាព គណនីយភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្រ្ដីថ្មី ចាប់ផ្ដើមជួបកម្មករកម្មការិនីដំបូងជិត២ម៉ឺននាក់ នៅខណ្ឌពោធិសែនជ័យ នៅព្រឹកស្អែក

2023/08/28 06:04:32 pm        479
ភ្នំពេញ៖ ក្រោយបង្កើតរាជរដ្ឋាភិបាលរួចរាល់ជាផ្លូវការនិងបញ្ចប់កិច្ចប្រជុំកណៈរដ្ឋមន្រ្ដីដំបូង កាល​ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣នេះ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ និងកម្មវិធី​នយោបាយគន្លឹះក្នុងការដឹកនាំប្រទេសជាតិ នៅព្រឹកថ្ងៃទី ​២៩ខែសីហា ឆ្នាំ២០២៣ស្អែកនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រ​កម្ពុជា​នឹងចាប់ផ្ដើមចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ មកពីបណ្ដារោង​ចក្រ​នានា ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ឯកឧត្ដម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្ដី ​បានថ្លែងប្រាប់ទូរទស្សន៍ BTV ថា សម្រាប់កម្មវិធីសំណេះសំណាល​ជាមួយកម្មករកម្មការិនីនេះ ​ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក​ នឹងអញ្ជើញ​សំណេះសំណាល​ជាមួយកម្មករកម្មការិនី ​១៨០០០នាក់ ស្ថិតនៅ​ក្នុងខណ្ឌពោធិសែនជ័យ ​ក្បែរវត្តព្រៃស្ពឺ ​រាជធានីភ្នំពេញ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្ដីនៃកម្ពុជាអាណត្តិចាស់ ធ្លាប់បានចេញ​សារសំឡេង​កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បញ្ជាក់ថា​ នាយករដ្ឋមន្រ្ដីថ្មី អាណត្តិទី៧ នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមការសន្យារបស់របស់សម្ដេច កាល​ពី​មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧។ខណៈការចុះជួបជាមួយបងប្អូន​កម្មករនិយោជិតនេះ​ គឺដើម្បីស្វែងយល់ពីកិច្ចការដែលរាជរដ្ឋាភិបាល​បានដាក់ចេញ​ ដើម្បីគាំពារកម្មករនិយោជិតថា​ តើសម្រេចបានដល់កម្រិតណាខ្លះហើយ។សូមជម្រាបថា​ គោលនយោបាយគាំពារកម្មករ កម្មការិនី​ រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរ​យ៉ាងដិតដល់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយ​ក៏មិនមែនជារឿងចៃដន្យនោះដែរ។កាលពីឆ្នាំ២០២១-២០២៣ ក្នុងពេលដែលពិភពលោក ​ក៏ដូចជាប្រទេសកម្ពុជាជួបនូវវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរនោះ​ រាជរដ្ឋាភិបាលកម្ពុជា មិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំង​ប្រដាប់​អាវុធឡើយដោយសាររដ្ឋត្រូវយកចំណែកទាំងនោះទៅទប់ទល់នឹងហានិភ័យសង្គមបណ្តាលមកពីកូវីដ-១៩​ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យឡើងថ្លៃនូវមុខទំនិញនានា និងសេវាចាំបាច់របស់​ប្រជាពលរដ្ឋ​ដូចជា បញ្ហាទឹក​ និងភ្លើងជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមសិទ្ធិមនុស្ស៖ក្រុមអន្ធពាលនៅប្រទេសហៃទី បានបាញ់ប្រហារលើការតវ៉ាដែលដឹកនាំដោយព្រះវិហារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់

2023/08/28 06:00:40 pm        194
ហៃទី៖ យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ បន្ទាប់ពីជនអន្ធពាលមួយក្រុម បានបាញ់ប្រហារទៅលើការតវ៉ាដែលដឹកនាំដោយព្រះវិហារនៅជាយក្រុងមួយនៃប្រទេសហៃទី កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រុមសិទ្ធិមនុស្សក្នុងតំបន់។ លោកស្រី Marie Yolène Gilles នាយកអង្គការសិទ្ធិមនុស្ស Fondasyon Je Klere (ហ្វុងដាសយ៉ុង ជេ ឃ្លា) បានថ្លែងប្រាប់សារព័ត៌មានCNNថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាដោយមេដឹកនាំព្រះវិហារគ្រិស្តសាសនា ដើរដង្ហែក្នុងទីក្រុងកាណាអាន (Canaan) ជាយក្រុងភាគខាងជើងនៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince) ហើយបានប្រមូលផ្តុំគ្នាប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាល នៅពេលដែលក្រុមជនអន្ធពាលក្នុងតំបន់ បានបើកការបាញ់ប្រហារដោយកាំភ្លើងយន្ត។  នាយកមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស លោកហ្គេដេអុង ហ្សង់ ( Gédéon Jean) បានថ្លែងថា ចំនួនអ្នកស្លាប់ទំនងជាខ្ពស់ជាងនេះ ដោយសារមានអ្នកកាន់សាសនាគ្រិស្តជាច្រើននៅកន្លែងហែក្បួននោះ។លោកហ្សង់ បាននិយាយថា៖«មានទទួលខុសត្រូវទ្វេដងដែលត្រូវបង្កើតឡើង  គឺការទទួលខុសត្រូវរបស់បព្វជិត ដែលបានយកមនុស្សស្លូតត្រង់ទាំងនេះទៅកន្លែងពិឃាត ហើយជាពិសេស គឺអាជ្ញាធរតុលាការ និងនគរបាលដែលមិនបានទប់ស្កាត់បញ្ហានេះ»។

យុទ្ធនាការរបស់លោក Trump អង្គាសបានប្រាក់ជាង៧លានដុល្លារ ក្រោយការថតរូបនៅពន្ធនាគារជាប្រវត្តិសាស្ត្រនៅរដ្ឋចចា

2023/08/28 05:47:41 pm        103
  អាមេរិក៖ ក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump និយាយថា ខ្លួនបានរៃអង្គាសបានប្រាក់ចំនួន៧,១លានដុល្លារអាមេរិក ចាប់តាំងពីការថតរូបដែលត្រូវបានថតនៅក្នុងពន្ធនាគាររបស់លោកនៅទីក្រុង Atlanta រដ្ឋចចា( Georgia)កាលពីថ្ងៃព្រហស្បតិ៍ទី២៤សីហាមក ។ ភាគច្រើននៃប្រាក់ទាំងនេះ រកបានពីការលក់ទំនិញដូចជា ពែងកាហ្វេ អាវយឺត ស្រោមដាក់ភេសជ្ជៈ ដែលមានរូបថតទឹកមុខក្រញូវរបស់អតីតប្រធានាធិបតីរូបនេះ ។  លោក Trump ត្រូវបានដោះលែងដោយបង់ប្រាក់ធានាខ្លួន ក្រោមបទចោទប្រកាន់ពីបទរៀបចំផែនការបង្វែរលទ្ធផលក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។ លោកប្រឈមការចោទប្រកាន់ចំនួន៣ករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ឆ្នាំ២០២៤។ការចោទប្រកាន់ទាំងនោះ រួមបញ្ចូលទាំង ២ករណីដែលជាប់ពាក់ព័ន្ធការអះអាងខុសការពិតរបស់លោកថា ការបោះឆ្នោតនោះត្រូវបានគេលួច និងការវាយប្រហារដោយក្រុមអ្នកគាំទ្ររបស់លោកលើវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ។ ការចូលរួមនេះទំនងជាបានជំរុញដល់ក្រុមអ្នកគាំទ្ររបស់លោក ហើយលោកបានអង្គាសបានប្រាក់ជិត២០លានដុល្លារក្នុងរយៈពេល៣សប្ដាហ៍ ចាប់តាំងពីការចោទប្រកាន់លើរូបលោកក្នុងរដ្ឋចចា និងអំពើកុបកម្មនៅវិមានកាពីតូល។កាលពីថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោកក្នុងរដ្ឋចចា លោកអង្គាសបាន ៤,១៨ លានដុល្លារ ដែលត្រូវបានគេនិយាយថា ជាចំនួនខ្ពស់បំផុតរបស់លោកក្នុងពេល២៤ម៉ោង ក្នុងយុទ្ធនាការនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM
លោក Rutte៖ សមាជិក​ណាតូ​ត្រូវប្រឹង​ប្រែង​បន្ថែម ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន
10/14/2026 06:10 PM
ម្តាយ និងកុមារ គេច​មិន​ទៅ​ទទួលសេវាថែទាំសុខភាពសំខាន់​ ខណៈ​ជំងឺអេបូឡារាលដាលនៅ​ភាគខាងកើត​កុងហ្គោ
10/14/2026 06:10 PM
លីបង់អំពាវនាវឲ្យUNបន្តរក្សាវត្តមានកងកម្លាំង UNIFIL ខណៈអ៊ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងប្រទេសនេះ
10/14/2026 06:10 PM
បុគ្គលិកសន្តិសុខស៊ីរីត្រូវបានបាញ់សម្លាប់នៅតំបន់ជនបទនៃខេត្ត Hama
10/14/2026 06:10 PM
មន្ត្រីការទូតឥណ្ឌា មាន​សុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាជាមួយអាមេរិក និងការពារទំនាក់ទំនងជាមួយរុស្ស៊ី
10/14/2026 05:10 PM