កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន ធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ជាការបង្ហាញកំហឹងចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំលំដាប់ទី២ទៅអាមេរិក

2023/08/20 10:43:32 pm        210
ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ជាការព្រមានដ៏ធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួនទាំងកំហឹង ប៉ុន្តែត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថាជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក វីលៀម ឡៃ ( William Lai) មេដឹកនាំលំដាប់ទី២ ទៅកាន់សហរដ្ឋអាមេរិក ដោយបង្កឲ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ។លោកឡៃ(Lai) ដែលជាបេក្ខជននាំមុខក្នុងការក្លាយជាមេដឹកនាំកោះតៃវ៉ាន់ក្នុងការបោះឆ្នោតនៅខែមករាឆ្នាំក្រោយ បានត្រឡប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។ លោកបានត្រឹមតែឈប់សំចតជាផ្លូវការក្នុងដំណើរទាំងទៅទាំងមកពីប្រទេសប៉ារ៉ាហ្គាយ ប៉ុន្តែបានថ្លែងសុន្ទរកថាអំឡុងឈប់សំចតនៅអាមេរិក។ចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាដែនដីរបស់ខ្លួនទោះបីមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលកោះនេះក៏ដោយ។ទីបញ្ជាកាភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនកំពុងអនុវត្តការល្បាតរួមគ្នារបស់កងទ័ពជើងទឹក និងផ្លូវអាកាសជុំវិញកោះនេះ។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួន បានមើលឃើញយន្តហោះចិនចំនួន ៤២ គ្រឿង និងនាវាចំនួន៨ គ្រឿងដែលចូលរួមក្នុងសមយុទ្ធនៅជុំវិញកោះនេះតាំងពីព្រឹកថ្ងៃសៅរ៍ ហើយថាជាការឆ្លើយតបទៅនឹងសកម្មភាពយោធានេះ ខ្លួនបានដាក់ពង្រាយនាវា និងយន្តហោះ។ អាជ្ញាធរកោះនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ប្រទេសចិនចំនួន ២៦គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ម៉េដ្យាននៃច្រកសមុទ្រតៃវ៉ាន់ដែលមានទំហំទទឹង ១០០គីឡូម៉ែត្រ ឬតំបន់លើសពីចុងបន្ទាត់នីមួយៗ។ ខ្សែបន្ទាត់នេះបានបម្រើការជារបាំងមិនផ្លូវការរវាងយោធាទាំងពីរអស់ជាច្រើនទសវត្សរ៍មកហើយ ៕

នៅអាស៊ានតើប្រទេសណាមានពលករចំណាកស្រុកច្រើនជាងគេ?

2023/08/20 08:16:58 pm        899
ភ្នំពេញ៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)​ កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចេញរបាយការណ៍ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន៤ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេទី១ប្រទេសហ្វីលីពីន ទី២ប្រទេសឥណ្ឌូនេស៊ី និងទី៣ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤​វៀណាម ដោយឡែកប្រទេសផ្សេងទៀតបញ្ជូនក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។​អង្គការអន្តរជាតិមួយនេះ បានគូសបញ្ជាក់ថា ពលករចំណាកស្រុករបស់ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ​ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។ ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវនិង មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ប៉ុណ្ណោះដែលមានចំនួនពលករតិចជាងគេក្នុងរង្វង់តិចជាង១លាននាក់។ ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និងប្រទេស​​ធំៗតំបន់មជ្ឈឹមបូព៌ាដូចអារ៉ាបីសាអូឌិត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។ អង្គការអន្តរជាតិដែលជាជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករចំណាក ស្រុកធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិកម្ម ឧស្សហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ មិនមានការវាយតម្លៃពីចំណូលជាក់លាក់នៃប្រទេសនីមួយៗនៃបណ្តាប្រទេសអាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេសដើមវិញនោះទេ។ ប៉ុន្តែអង្គការនេះ បានប៉ានស្មានថាជារួមលើពិភពលោកថា ទឹកប្រាក់ប្រមាណ៥០៤ពាន់លានដុល្លារគឺជាទឹកប្រាក់ដែលហូរចូលទៅប្រទេសក្រីក្រ និងចំណូលកម្រិត​ទាប ខណៈពលករចំណាកស្រុកទូទាំងពិភពលោក មានប្រមាណ១៦៩លាននាក់។ នេះបើតាមការបញ្ជាក់ដដែល។  ក្នុងពិភពលោក ប្រទេសដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៨លាននាក់ បានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការងារធ្វើដែលតាមពីក្រោយដោយប្រទេសម៉ិចស៊ិក ចិន និងរុស្ស៊ីជាដើម។ ដោយឡែកក្នុងក្របខណ្ឌកម្ពុជាវិញ ពលរដ្ឋជាង១,៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ​ហើយក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើប្រមាណជាង១ពាន់លានជារៀងរាល់ឆ្នាំ បានហូរចូលក្នុងប្រទេសដើម្បីបំប៉នសេដ្ឋកិច្ចជាតិ។អង្គការទេសន៍ប្រវេសអន្តរជាតិ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកន្លែងធ្វើការដែលជាសិទ្ធិស្វ័យសម្រេចដែលខ្លួនចង់បាន ហើយការស្វែងរកការងារធ្វើដែលភាគច្រើនបំផុតទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញវិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជាការចូលរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសង្គម។ សូមបញ្ជាក់ថារឿងពលករនៅកម្ពុជានេះ បានក្លាយជារឿងនយោបាយនៅកម្ពុជាដែលមជ្ឈដ្ឋានប្រឆាំង ឬក្រុមរិះគន់មួយចំនួនបានធ្វើជាលេសដើម្បីវាយប្រហារនិងបំពុលសង្គម។ យ៉ាងណាក៏ដោយ តាមរយៈតួលេខខាងលើនេះ យើងមើលឃើញថា បញ្ហាពលករចំណាកស្រុកនេះ ជារឿងសកលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ ព្រោះថាពលករចំណាកស្រុកកម្ពុជាមានតិចជាបណ្តាប្រទេសជិតខាងខ្លាំងណាស់ ហើយប្រៀបធៀបជាមួយអន្តរជាតិនៅតិចខ្លាំងមែនទែន។  មួយវិញទៀត ការធ្វើចំណាកស្រុកនេះ គឺជានិន្នាការសកលដើម្បីឱ្យពលរដ្ឋមានចំណូលកាន់តែខ្ពស់ មានជំនាញ និងចូលរួមអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនេះ អ្វីដែលត្រូវពិចារណា គឺយន្តការការពារពលកររបស់រដ្ឋនីមួយៗដើម្បីធានាថា ពលរដ្ឋបានធ្វើការដោយស្របច្បាប់ គ្មានការរំលោភបំពាន និងទទួលបានអត្ថប្រយោជន៍ទៅតាមប្រទេសអ្នកទទួល។ សម្រាប់អ្នកតាមដានសង្គមកម្ពុជា ប្រធានបទនេះគួរលែងក្លាយជាប្រធានបទនៃការរិះគន់ដោយគ្មានការពិចារណាហើយបំពុលសង្គមតទៅទៀត៕ ដោយ៖ សុវណ្ណ ធរណិន្ទសាគរ 

ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំក្រុមគ្រូពេទ្យនៃសមាគមមកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជា ៥០០នាក់ នៅក្រុងបាវិត

2023/08/20 08:04:55 pm        299
ស្វាយរៀង៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលសុខភាពបាវិត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋប្រមាណជា ៥០០នាក់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយឥតគិតថ្លៃ។ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងអស់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅជូនចំពោះក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង និងលោកស្រី ឡោ វីឡា សហប្រធានសមាគម SOS Cambodian Kids-Vernon ព្រមទាំងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងធនធានផ្ទាល់ខ្លួន ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងលះបង់សម្រាប់ជាតិមាតុភូមិ ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ទទួលបាននូវការ​យក​ចិត្តទុកខ្ពស់ និងសេវាថែទាំសុខភាពគ្រប់បែបយ៉ាង ស្មើភាពគ្នា និងនៅគ្រប់ទីកន្លែង​ពីរាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំងទទួលបាននូវជីវភាពរស់នៅមួយកាន់តែប្រសើរឡើង និងភាពសុខសាន្ត ផងដែរ។ ឯកឧត្តមបានបន្តទៀត រយៈពេលពីរបីថ្ងៃខាងមុខនេះ រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលកេរមរតក​ជាប្រវត្តិសាស្រ្តពី​សម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំការពារកសាងជាតិមាតុភូមិកម្ពុជា ក៏ដូចជាបន្តរក្សានូវ​សុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនប្រទេសជាតិ ក្នុងនោះការថែទាំនូវសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលនយោបាយអាទិភាពមួយរបស់​រដ្ឋាភិបាលអាណត្តិថ្មីនេះ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្ត​យកចិត្តទុកដាក់ និងថែទាំសុខភាពដោយខ្លួនឯងនៅតាមផ្ទះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល​ថ្មី ក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រសើរឡើង។ ក្រោយពីទទួលបានការពិនិត្យជំងឺពីក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon ប្រកបដោយយកចិត្តទុកដាក់ បងប្អូនប្រជាពលរដ្ឋបានទទួលនូវការណែនាំសុខភាព និងថ្នាំពេទ្យសម្រាប់លេបពេលចេញទៅផ្ទះវិញ ផងដែរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគលជូនគ្រួសារដែលមាន​ជីវភាព​ខ្វះខាតចំនួន ១០០ គ្រួសារ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន២០០នាក់ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រសួងអប់រំបន្តផ្សព្វផ្សាយពីការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣

2023/08/20 07:53:45 pm        722
ភ្នំពេញ៖ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តផ្សព្វផ្សាយពីការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣។ មន្រ្តីជំនាញនឹងរៀបចំឱ្យមានសិក្ខាសាលាជាថ្មី ស្តីពីការផ្តល់ថវិកានេះ នៅឯសាកលវិទ្យាល័យភូមិន្ទកសិកម្ម។មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងរៀបចំសិក្ខាសាលា ផ្សព្វផ្សាយពីការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣ ជាថ្មីនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់សិក្ខាសាលាដែលនឹងរៀបចំនៅសប្ដាហ៍ក្រោយនេះ គឺធ្វើឡើងក្នុងគោលដៅ ផ្សព្វផ្សាយដល់អ្នកស្រាវជ្រាវទាំងអស់ពីឱកាសទទួលបានថវិកាស្រាវជ្រាវនិងឱកាសផ្សេងទៀតដែលមានក្នុងគម្រោងទាំង៧ របស់មូលនិធិ។គម្រោងទាំង ៧នេះ រួមមាន៖១. កិច្ចសហប្រតិបត្តិការគាំទ្រដោយសហភាពអឺរ៉ុបលើវិស័យឧត្ដមសិក្សា(Eramus+)។ គម្រោងមួយនេះមានគម្រោង Capacity Building for higher education (CBHE) ដែលគម្រោងចំនួន៥៤នឹងផ្តល់ជូនគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន៣០គម្រោង រួមជាមួយនឹងការផ្តល់ជូនការទស្សនកិច្ចសិក្សា(Student's Mobility) ដល់និស្សិតនិងអ្នកស្រាវជ្រាវកម្ពុជាទៅអឺរ៉ុប ដើម្បីរៀបចំគម្រោងស្រាវជ្រាវ រួមទាំងមានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាដើម។២. កិច្ចសហប្រតិបត្តិការភាពជាដៃគូHuber Curien "ទន្លេសាប" ដែលនិស្សិតថ្នាក់បណ្ឌិត និងអ្នកស្រាវជ្រាវវ័យក្មេងអាចទទួលបានថវិកា និងប្រាក់បំណាច់សម្រាប់ធ្វើដំណើរក្នុងស្រុក និងទៅប្រទេសបារាំងដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបង្កើតគម្រោងស្រាវជ្រាវដូចជា សេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថល កសិកម្ម អនុវត្តជីវបច្ចេកវិទ្យានិង វិទ្យាសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថាមពល វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រមនុស្សជាតិនិងសង្គម ព្រមទាំងគរុកោសល្យនាវានុវត្តន៍ជាដើម។៣. ថវិកាកត្តាលីករទាក់ទាញការស្រាវជ្រាវជាមួយដៃគូ ដែលគម្រោងនេះផ្តល់ឱ្យអ្នកស្រាវជ្រាវដែលមានកិច្ចសហប្រតិបត្តិការជាមួយដៃគូ អាចស្នើសុំ​ថវិកាពីមូលនិធិ ដើម្បីជួយបំពេញលើសកម្មភាពស្រាវជ្រាវរបស់ខ្លួនដែលមាន​ស្រាប់ដូចជាការទិញ​សម្ភារបន្ថែម ការទិញវត្ថុធាតុដើម ការជួសជុលខ្នាតតូច និងបេសកកម្មស្រាវជ្រាវជាដើម។៤. ថវិកា "ស្រាវជ្រាវដើម្បីការអភិវឌ្ឍ" នៅកម្រិតឧត្តមសិក្សា។ កម្មវិធីនេះជា Flagship Program នៃមូលនិធិ ស.គ.ន សម្រាប់ឆ្នាំ២០២៣ និងនៅឆ្នាំជាបន្តបន្ទាប់ដែលអ្នកស្រាវជ្រាវអាចទទួលបាន​ថវិកាពី៤០ ដល់ ១២០លានរៀល តាមគុណតម្លៃនៃប្រធានបទស្រាវជ្រាវហើយគម្រោងជាអាទិភាព​សម្រាប់ឆ្នាំ២០២៣មានដូចជាការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាពនៃការប្រើប្រាស់ ធនធាន ឬការស្រាវជ្រាវស៊ីជម្រៅក្នុងវិស័យកសិកម្ម ការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថល មេកាត្រូនិចAI AR-VR-XR, Game Technology វិទ្យាសាស្រ្តរូបធាតុ (Materials Science) ជំនួសប្លាស្ទិក និងការបង្កើតរូបធាតុឧស្សាហកម្ម និងការអភិរក្សកសិកម្ម (Conservation Agriculture) គុណភាពដី តុល្យភាព Fauna និង Flora និងសំណឹក។៥. ការប្រែក្លាយស្ថាប័នជាមជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យដែលគម្រោងនេះនឹង​ផ្តល់ជូន​គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងមន្ទីរពិសោធន៍នូវថវិកាដើម្បីពង្រឹងការរៀន​និងបង្រៀន ការស្រាវជ្រាវ និងសេវាកម្មនៃមន្ទីរពិសោធន៍ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារួម​ចំណែកដល់​ការប្រែក្លាយកម្មវិធីសិក្សាដែលមានទំនាក់ទំនងជាមួយមន្ទីរពិសោធន៍នោះ ជាមជ្ឈមណ្ឌលឧត្តមភាព។៦. ការនិពន្ធ រៀបរៀង កែលម្អសៀវភៅសិក្សាសម្រាប់កម្រិតឧត្តមសិក្សា ផ្តល់ឱ្យស្ត្រាចារ្យ និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាជាអាទិភាព ដើម្បីបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសដែលមានដូចជាការរៀបរៀង ការនិពន្ធស្នាដៃថ្មីនិងការកែលម្អលើគុណភាពសៀវភៅរួមមានទិន្នន័យ ខ្លឹមសារ រូបភាពជាដើម។៧. ការប្រកួតស្នាដៃស្រាវជ្រាវបង្កើតវត្ថុគំPrototype "បំណងប្រាថ្នា" ដោយព្រឹត្តិការណ៍នេះនឹង​ផ្ដល់ឱកាស​​ដល់សិស្សកម្រិតមធ្យមសិក្សាបានបញ្ចេញស្នាដៃនៃការសិក្សាដោយការបង្កើតគម្រោង និងផលិតនូវវត្តគំរូដែលជាបំណងប្រាថ្នារបស់ខ្លួនដើម្បីដោះស្រាយទៅលើបញ្ហាជាក់លាក់ណាមួយនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ស្ថាប័នស្រាវជ្រាវ និងអ្នកស្រាវជ្រាវ អាចចូលរួមសិក្ខាសាស្តីពីការ​ផ្តល់​ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ឆ្នាំ២០២៣ នៅឯសាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម នាថ្ងៃទី ២២ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៨.០០ព្រឹក។ សូមចុះឈ្មោះជាមួយនឹងតំណភ្ជាប់ ដើម្បីចូលរួមកម្មវិធីផ្សព្វផ្សាយការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣https://forms.gle/rpokDWc6Sp7zTChi6 ។ អត្ថបទ៖គឹមហុក

លោកពូទីន បានជួបប្រជុំជាមួយឧត្ដមសេនីយ៍ជាច្រើនរូប ដែលទទួលបន្ទុកសង្រ្គាមរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន

2023/08/20 07:25:16 pm        184
នៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន បានអះអាងពីការដណ្ដើមបានដែនដីបន្ថែមទៀត នៅក្នុងការវាយបកនៅសមរភូមិភាគអាគ្នេយ៍នោះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀពុទីន បានអញ្ជើញទៅសួសុខទុក្ខមេបញ្ជាការនៃប្រតិបត្ដការនៅក្នុងប្រទេសអ៊ុយក្រែន និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនទៀត កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។វិមានក្រឹមឡាំងបានបន្ថែមថា នាយអគ្គបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី បានស្ដាប់របាយការនានាពីលោកវ៉ាលើរី ហ្គារ៉ាស៊ីម៉ូវ ដែលជា នាយអគ្គសេនាធិការកងទ័ពទទួលបន្ទុកប្រតិបត្ដការរបស់ក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន និងមេបញ្ជាការយោធាជាន់ខ្ពស់មួយចំនួននិងក្រុមមន្ត្រីផ្សេងទៀត។វិមានក្រឹមឡាំងមិនបានផ្ដល់សេចក្ដីលម្អិតបន្ថែមណាមួយទេពីកិច្ចប្រជុំ ហើយខ្លួនក៏មិនបានបញ្ជាក់ថា កិច្ចប្រជុំនោះធ្វើឡើងនៅពេលណាដែរ?។ វីដេអូជាច្រើន ដែលផ្សព្វផ្សាយដោយទីភ្នាក់ងាពត៌មានRIAរបស់រដ្ឋ បានបង្ហាញ លោកហ្គារ៉ាស៊ីម៉ូវ កំពុងជួបលោកពុទីននៅអ្វីដែលជាការបង្ហាញខ្លួននៅពេលយប់ ហើយនិងនាំលោកពុទីនចូលក្នុងអគារមួយ បន្ទាប់ពីទទួលស្វាគមន៍រួចមក។អត្ថបទ មករា (Makara)  

ឥណ្ឌូនេស៊ី និងកម្ពុជារួមគ្នាដើម្បីអនាគតឧត្តមសិក្សាប្រកបដោយចីរភាព និងនវានុវត្តន៍

2023/08/20 04:46:40 pm        257
ភ្នំពេញ៖ គណៈប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) ដឹកនាំដោយលោកបណ្ឌិត ឃៀង សុធី ជាសាកលវិទ្យាធិការ បានចូលរួម «សន្និសីទឥណ្ឌូនេស៊ី-កម្ពុជា ស្តីពីនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា» នៅទីក្រុងម៉ាឡាំង ប្រទេសឥណ្ឌូនេស៊ី។ សន្និសីទនេះ សហការរៀបចំដោយសាកលវិទ្យាល័យ Universitas Merdeka Malang (UNMER) និងសាកលវិទ្យាល័យ CamTech ដោយមានគ្រឹះស្ថានឧត្តមសិក្សាចំនួន១២ មកពីទីក្រុងផ្សេងៗគ្នានៃប្រទេសឥណ្ឌូនេស៊ី រួមមាន៖ Surabaya, Bandung, Yogyakarta និង West Nusa Tenggara ដើម្បីពិភាក្សាលើកិច្ចសហការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។យោងតាមសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងពីប្រវត្តិនៃប្រព័ន្ធអប់រំឧត្តមសិក្សាអាស៊ាន និងសារៈសំខាន់នៃកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរការសិក្សា ការផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិត ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។បន្ទាប់មក ក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈផ្សេងៗ ដោយថ្នាក់ដឹកនាំតំណាងគ្រឹះស្ថានឧត្តមសិក្សាទាំង១២ រួមមាន៖ CamTech University, Universitas Merdeka Malang, Universitas Hang Tuah, Universitas PGRI Kanjuruhan Malang, Universitas Ma Chung, Universitas Mercu Buana Yogyakarta, Universitas Wisnuwardhana Malang, Politeknik LAN , Universitas Teknologi Sumbawa, Sekolah Tinggi Informatika dan Komputer Indonesia, Sekolah Tinggi Ilmu Ekonomi (STIE) Malangkucecwara Malang, and Institut Teknologi dan Bisnis Asia Malang ។ ការពិភាក្សាបានផ្តោតលើបញ្ហាប្រឈម កាលានុវត្តភាព និងឧត្តមានុវត្តន៍ ក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងប្រព័ន្ធអេកូឡូស៊ីសហការ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។នៅក្នុងសន្និសីទនេះ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងគ្រឹះស្ថានឧត្តមសិក្សាទាំង ១២ ផងដែរ។ តំណាងគ្រឹះស្ថានទាំងអស់ បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកិច្ចសហការ និងភាពជាដៃគូលើចំណុចជាក់លាក់ រួមមាន៖ ការផ្លាស់ប្តូរនិស្សិតនិងសាស្ត្រាចារ្យ ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា ការលើកសំណើស្រាវជ្រាវរួមគ្នា ការសហការរៀបចំសន្និសីទ ឬសិក្ខាសាលារួមគ្នា និងកាបង្រៀនមុខវិជ្ជារួមគ្នាជាដើម។ជាមួយគ្នានេះដែរ លោកបណ្ឌិត ឃៀង សុធី ក៏បានលើកឡើងពីតួនាទីដ៏សំខាន់ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហការគ្នារវាងកម្ពុជា និងឥណ្ឌូនេស៊ីនៅថ្នាក់ឧត្តមសិក្សា។ លោកបានសង្កត់ធ្ងន់លើភាពស្រដៀងគ្នានៃប្រទេសទាំងពីរជាប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ តាមរយៈទំនាក់ទំនងវប្បធម៌ មត៌កជំនឿសាសនាព្រះពុទ្ធនិងហិណ្ឌូនៅលើប្រាសាទនានា ភាសាវិទ្យា និងទំនាក់ទំនងនយោបាយជាដើម។ កត្តាទាំងនេះ គឺជាឫសគល់ដ៏សំខាន់ក្នុងការបង្កើតកិច្ចសហការផ្នែកអប់រំកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់បន្ថែមថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរនៅពេលនេះ គឺជាការបោះជំហានក្នុងការកំណត់ទិសដៅ ឱកាសរីករាយសម្រាប់ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា ការផ្លាស់ប្តូរចំណេះដឹង និងការចែករំលែកការអនុវត្តល្អៗ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះតំណាងភាគីចូលរួមទាំងអស់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការផ្នែកអប់រំនាពេលអនាគត។គួរបញ្ជាក់ថា ដើម្បីចាប់ផ្តើមកិច្ចសហការនេះ សាកលវិទ្យាល័យ UNMER បានទទួលស្វាគមន៍​និស្សិត CamTech ចំនួន១០នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍សិក្សា លើកកម្ពស់ការយល់ដឹងអំពីអន្តរវប្បធម៌ និងសិក្សាភាសាឥណ្ឌូនេស៊ី។សាកលវិទ្យាល័យខេមតិច ប្តេជ្ញាពង្រីកបណ្តាញរបស់ខ្លួន និងបង្កើតសម្ព័ន្ធភាពជាមួយគ្រឹះស្ថានឧត្តមសិក្សាទូទាំងតំបន់ និងជុំវិញពិភពលោក ដើម្បីឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា៕

វិទ្យាល័យព្រះមហាក្សត្រីកុសមៈ នឹងបើកឲ្យសិស្សចូលរៀនវិញជាធម្មតា នៅថ្ងៃស្អែក ក្រោយបោសសម្អាតគ្រាប់មិនទាន់ផ្ទុះរួចរាល់

2023/08/20 04:14:38 pm        656
ក្រចេះ៖ វិទ្យាល័យព្រះមហាក្សត្រីកុសមៈ ដែលស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នឹងបើកឲ្យសិស្សានុសិស្សចូលរៀនធម្មតាវិញ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ បន្ទាប់ពីកម្លាំងស៊ីម៉ាក់ ធ្វើការបោសសម្អាត់គ្រាប់មិនទាន់ផ្ទុះអស់ជាស្ថាពរនៅថ្ងៃនេះ។ឯកឧត្តម ហេង រតនា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាម រយៈហ្វេសបុកថា អង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់​សង្គ្រាម​កប់​ក្នុងដីនៃ​បរិវេណ​សាលាវិទ្យាល័យព្រះមហាក្សត្រីកុសមៈ​ ខេត្តក្រចេះ កំលាំងជំនាញអង្គភាព​ស៊ីម៉ាក់​សម្រេចបោសសម្អាត និងដោះស្រាយកង្វល់គ្រាប់មិនទាន់ផ្ទុះ​នៅក្នុងបរិវេណសាលានេះ​បញ្ចប់ជាស្ថាបពរនៅថ្ងៃនេះហើយ (ថ្ងៃសៅរ៍ទី១៩) ​ហើយថ្ងៃអាទិត្យនេះ នឹងដឹកជញ្ជូនគ្រាប់​មិនទាន់ផ្ទុះទាំងអស់ទៅកំទេចចោលផងដែរ។តាមរយៈហ្វេសបុកនេះឯកឧត្តម ហេង រតនា ក៏បានអំពាវនាវសូមឲ្យលោកគ្រូអ្នកគ្រូនិងក្មួយៗ​សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅក្រុងក្រចេះ បញ្ជូនកូនចៅចូលរៀនវិញជាធម្មតា​នៅ​ថ្ងៃចន្ទ័ទី២១ ខែសីហា ឆ្នាំ២០២៣ ស្របតាមការជូនដំណឹងរបស់លោកនាយកសាលា និងមន្ទីរអប់រំខេត្តផងដែរ។ឯកឧត្តម ហេង រតនា បានបញ្ជាក់ឲ្យដឹងផងដែរថា កិច្ចប្រតិបត្តិការបោសសម្អាត​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​ក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសមៈនេះ ​សម្រេចលទ្ធផលប្រមូលគ្រាប់មិនទាន់​ផ្ទុះគ្រប់ប្រភេទបានចំនួន ២.២៨៦គ្រាប់ ​ហើយឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់​ដឹកនាំ​ខេត្ត ក៏ដូចលោកគ្រូអ្នកគ្រូ ​កងកំលាំងនគរបាល និងប្រជាពលរដ្ឋដែលបានគាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​នេះ ដោយបានអញ្ជើញទៅសួរសុខទុក្ខ ​និងបានយកអំណោយជានំចំណី ផ្លែឈើ និង​ទឹកភេសជ្ជៈ ទៅជូនកងកម្លាំងដែលបានបំពេញប្រតិបត្តិការនៅទីនោះផងដែរ។ឯកឧត្តម ហេង រតនា បានលើកឡើងផងដែរថា ផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់​បានឃើញ​និងរស់នៅក្បែរៗសាលានេះបានឱ្យដឹងថា ​ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ ជា​ទីតាំងសាលារៀន​ចាប់តាំង​ពី​សម័យសង្គមរាស្ត្រនិយមមក ប៉ុន្តែក្នុងសម័យសង្គ្រាម និងខ្មែរក្រហម (១៩៧៥-ដើមឆ្នាំ១៩៧៩) ទីតាំងសាលាក៏បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។ ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទីតាំងនេះបន្តប្រើធ្វើជាបន្ទាយរហូតដល់ឆ្នាំ១៩៨៧ ទើបប្រគល់​អតីតបន្ទាយទាហាននេះ មកឲ្យអាជ្ញាធរខេត្តក្រចេះ ដើម្បីប្រើប្រាស់ធ្វើជាសាលារៀនវិញ៕ អត្ថបទ៖ បាន ចក់

វិភាគ៖ អង្គការសង់ត្រាល់ បានចេញជារបាយការណ៍បែបបំភ័យសាធារណៈមតិ គ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយចង់បំផុសកំហឹងសង្គម

2023/08/20 02:30:02 am        1036
ភ្នំពេញ៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅថ្ងៃទី១៧ ខែសីហា បានចេញអត្ថបទចំនួន៤ទំព័រដែលមានចំណងជើងថា “តើកម្ពុជាអាចប្រឈម វិបត្តិសង្គម និងសេដ្ឋកិច្ចបែបណាក្រោយការបោះឆ្នោត?”។ ឆ្លងតាមការវិភាគលើអត្ថបទនេះ សង់ត្រាល់បានបង្ហាញចំនួន៤ចំណុចធំៗ ទី១ ចំនួនរោងចក្រកាត់ដេរនៅកម្ពុជា បានបិទទ្វាជាបន្តបន្ទាប់(៨ខែដើមឆ្នាំមានរោងចក្រ១០៧៧) ទី២ ការថមថយនៃកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ទី៣ កម្ពុជាមិនបានអនុវត្តលក្ខខ័ណ្ឌការងារ និងទី៤ បញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុប និង GSPរបស់អាមេរិក។ សម្រាប់អ្នកតាមដានបញ្ហាសង្គមលើវិស័យការងារ និងសង្គមជាទូទៅមើលឃើញថា អត្ថបទរបស់អង្គការដែលទទួលជំនួយពីលោកខាងលិចមួយនេះ គ្មានលក្ខណៈវិទ្យាសាស្ត្រ តួលេខមិនច្បាស់លាស់ ប្រើការសន្និដ្ឋានផ្តេសផ្តាសបង្កើតសេនារីយូនយោបាយបំភៃសាធារណៈមតិ ហើយ​បំផុសឱ្យពលរដ្ឋមានកំហឹងក្នុងសង្គមកម្ពុជាទៅវិញ។ ចំណុចទី១ស្តីពីការបិទទ្វារោងចក្រនៅកម្ពុជា ការបិទឬបើកនៃរោងចក្រដែលជារបរនៃការវិនិយោគគឺជារឿងចៀសមិនផុត។ ប៉ុន្តែជាក់ស្តែងជាទូទៅសុខភាពវិស័យការងារ និងស្ថេរភាពសេដ្ឋកិច្ចកម្ពុជា ទាំងមូលមានស្ថេរភាពល្អប្រសើរនិងបន្តរីកចម្រើន​បន្តទៀតនៅឆមាសទី២ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ក្នុងនោះធនាគារពិភពលោក មូលនីធិរូបិយវត្ថុអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា​ បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា​មានកំណើនក្នុងរង្វង់៥.៥%ទៅ៥.៨% ក្នុងឆ្នាំ២០២៣ ហើយក្នុងឆ្នាំ២០២៤ កំណើននឹងកើនដល់ក្នុងរង្វង់៦.១%ទៅ ៦.៦% ដែលជាសញ្ញាណវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជាធៀបប្រទេសនានាក្នុងតំបន់។  ជាមួយលក្ខខណ្ឌល្អប្រសើរបែបនេះ កំណើននៃការវិនិយោគរោងចក្រនៅកម្ពុជាក្នុងវិស័យកាត់ដេរ និងវានភណ្ឌដែលត្រូវបានគេវាយតម្លៃថាធ្លាក់ចុះ បែរជាកើនឡើងពីជាង ១ ៣២០ រោងចក្រនៅចុងឆ្នាំ២០២២ ដល់ ជាង ១ ៣៣០ នៅគិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ និងផ្តល់ការងារផ្លូវការដល់បងប្អូនកម្មករនិយោជិតជាង ៨៣ម៉ឺននាក់។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ មានរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរបើកថ្មីប្រមាណ ៦០រោងចក្របន្ថែម ដែលបានបង្កើតការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣ម៉ឺននាក់។ ការណ៍នេះ សបញ្ជាក់ពីនិន្នាការធម្មតាក្នុងវិស័យកាត់ដេរ និងបង្ហាញពីសេចក្តីទុកចិត្តទាំងស្រុងរបស់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក​មកលើរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិទី៦ និងអាណត្តិទី៧ខាងមុខ។ មួយវិញទៀត តាមការព្យាកររបស់អង្គការ ILO ក្នុងឆ្នាំ២០២៣នេះ ចំនួនការងារសរុបរបស់កម្ពុជានៅតែមានកំណើនប្រមាណ ១,៣% ដែលមានន័យថា ស្ថានភាពទីផ្សារការងាររបស់កម្ពុជាមានភាពរឹងមាំ និងនៅតែផ្តល់ក្តីសង្ឈឹមខ្ពស់ដល់ប្រជាជន ជាពិសេសយុវជន។ ទី២ ការថមថយនៃការនាំចេញផលិតផល កាត់ដេរ ស្បែកជើងនិងផលិតផលធ្វើដំណើរ កម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតដូចជាវៀតណាម បង់ក្លាដែស ឥណ្ឌូនេស៊ី ស្រីលង្ការ គឺជាប្រទេសផលិតដើម្បីផ្គត់ផ្គង់ផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារពិភពលោក ក្នុងនោះមានអឺរ៉ុប អាមេរិក ជប៉ុន និងបណ្តាប្រទេសអាស៊ាន។ ជាចៃដន្យអាក្រក់របស់ពិភពលោក ក្រោយការរងគ្រោះក្នុងវិបត្តិកូវីដ១៩ដ៏ធ្ងន់ធ្ងរហើយនោះ ពិភពលោកទាំងមូលដែលកំពុងដើរអូសជើងចេញពីវិបត្តិសាកលនេះ ត្រូវជួបប្រទះបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ វិបត្តិនេះ បានទាញពន្យឺតការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកទាំងមូលជាពិសេស សេដ្ឋកិច្ចសហភាពអឺរ៉ុបដែលបានប៉ះពាល់ខ្លាំងជាងគេពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ហើយគួរបញ្ជាក់ផងដែរថាទីផ្សារសហភាពអឺរ៉ុប ជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជា ក៏ដូចជាប្រទេសនាំចេញផលិតផលកាត់ដេរដទៃផ្សេងទៀត។  ប្រការនេះ បានធ្វើឱ្យតម្រូវការសាកលសម្រាប់ផលិតផលគ្រប់មុខដែលរួមទាំង សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានថយចុះតាំងពីត្រីមាសទី២ឆ្នាំ២០២២រហូតដល់បច្ចុប្បន្ន (គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣)។ ក្នុងនោះ តម្លៃនាំចូលនៃផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូបរបស់ពិភពលោក បានធ្លាក់ចុះមកនៅត្រឹម១២៥ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំ២០២៣ ខណៈដែលធ្លាប់កើនឡើងរហូតដល់១៥០ពាន់លានដុល្លារអាម៉េរិក។​ នេះបើតាមការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌពាណិជ្ជកម្មអន្តរជាតិដែលបានទាញយកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។  ប្រការនេះ បានធ្វើឱ្យប្រទេសផ្គត់ផ្គង់ដូច កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែសជាដើមរងផលប៉ះពាល់។ ការនាំចេញរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះរហូតដល់១៩.២% ខណៈវៀតណាមធ្លាក់ចុះ១៥.៧% ហើយស្រីលង្កាក៏បានធ្លាក់ចុះ១៤.៦% ដោយឡែកកម្ពុជាក៏មានការធ្លាក់ចុះចំនួន១៨.៦%។ ជារួម ការធ្លាក់ចុះផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំនើរ និងកាបូបជានិន្នាការរួមរបស់សកលលោក ប៉ុន្តែមិនមែនបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ។  សម្រាប់អ្នកតាមដានវិស័យកាត់ដេរនៅកម្ពុជា មូលហេតុកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង ការបូប និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២២ មានកម្រិតខ្ពស់ គឺដោយសារតែកម្ពុជាបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានសុខាភិបាល និងការអន្តរាគមន៍នានាយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសគឺការធានាបាននូវនិរន្តរភាពច្រវ៉ាក់ផលិតកម្មរបស់រោងចក្រសហគ្រាសនៅកម្ពុជា ដែលធ្វើឱ្យម្ចាស់ម៉ាកនៅទូទាំងពិភពលោក បានបង្វែរការបញ្ជាទិញមកកម្ពុជា ខណៈដែលកាលណោះ តម្រូវការរបស់ពិភពលោក មានការកើនឡើងខ្ពស់ ហើយប្រទេសនាំចេញផលិតផលនេះផ្សេងទៀតនៅមានការឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំងនៅឡើយ។ ដោយឡែកការថយចុះនាពេលនេះ ក្រៅពីតម្រូវការពិភពលោកមានការថយចុះ ការបញ្ជាទិញម្ចាស់ម៉ាកធំៗដែលធ្លាប់បង្វែរការទិញនៅកម្ពុជាកាលពីឆ្នាំ២០២២នោះ បានត្រឡប់ទៅបញ្ជាទិញពីប្រទេសដែលខ្លួនធ្លាប់បញ្ជាទិញមុនបរិបទកូវិដវិញហើយ ព្រោះពេលនេះ បណ្តាប្រទេសទាំងអស់ក្នុងតំបន់បានបិទបញ្ចប់វិបត្តិកូវីដ១៩រួចហើយ និងមានដំណើរការសេដ្ឋកិច្ច សង្គមដូចកម្ពុជាដែរ។   ទី៣ ការអនុវត្តលក្ខខណ្ឌការងារ គិតមកដល់ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលគោលរបស់កម្មកររោងចក្រកាត់ដេរបានកើនដល់២០០ដុល្លារក្នុងមួយខែ ដោយបានកើនឡើងបន្ថែមចំនួន៤០០% ចាប់ពីឆ្នាំ១៩៩៧ដែលមានប្រាក់ឈ្នួលគោលត្រឹម៤០ដុល្លារ។ បើប្រៀបធៀបប្រាក់ឈ្នួលជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់ នៅឆ្នាំ២០២៣នេះ កម្មកររបស់ឡាវ ទទួលបានចំនួន ៧៥ដុល្លារអាម៉េរិក, មីយ៉ាន់ម៉ា ទទួលបាន ​៦៩ដុល្លារអាម៉េរិក, វៀតណាម ទទួលបានចន្លោះ១៣៨ និង ១៩៨ទៅតាមតំបន់, ស្រីលង្កា ទទួលបាន៣៩ដុល្លារ ហើយបង់ក្លាដែស ទទួលបានចំនួន៧៥ដុល្លារអាម៉េរិក។ ដោយឡែក នៅកម្ពុជា បើបូកប្រាក់ឈ្នួលញអប្បបរមា និងប្រាក់ឧបត្ថមផ្សេងៗ (ប្រាក់ថ្លៃបាយ, ប្រាក់ធ្វើការថែមម៉ោង, ប្រាក់ធ្វើការទៀងទាត់, ប្រាក់ធ្វើដំណើរ, និងប្រាក់អតីតភាពការងារ) កម្មករម្នាក់ៗជាមធ្យមទទួលបានប្រាក់ចំណូលក្នុងរង្វង់២១៧ដុល្លារអាម៉េរិក ទៅ២៥៩ដុល្លារអាម៉េរិកក្នុងមួយខែ។  សូមបញ្ជាក់ថា លក្ខខណ្ឌការងារ និងសុខដុមនីយម្មទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យ​ការងារ ហើយប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងាររបស់អង្គការ ILO ចំនួន១៣ ក្នុងនោះកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សច្ចាប័នអនុសញ្ញាស្នូលទាំង ៨របស់អង្គការ ILO។  បន្ថែមលើនេះ កម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយនឹងអនុលោមភាពការងារ និងធានាឱ្យបាននូវកេរ្តិ៍ឈ្មោះផលិតផលនាំចេញរបស់យើងជាប្រភពទំនិញដែលមានការគោរពតាមលក្ខខណ្ឌការងារ និងសិទ្ធិការងារ។ ក្នុងន័យនេះ កម្ពុជាបានទទួលយកការអនុស្សរណៈនៃការយោគយល់គ្នា “កម្មវិធីគម្រោងរោចក្រកាន់តែប្រសើរនៅកម្ពុជា” រវាងរាជរដ្ឋាភិបាល និង ILO-BFC ចំនួន ៨លើក ដោយចាប់ផ្តើមដំបូងនៅឆ្នាំ២០០៣ ហើយបច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០២០-២០២២ ដែលចុះហត្ថលេខា​នៅក្នុងឆ្នាំ២០១៩ និងជាចុងក្រោយ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងត្រូវបន្តបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣-២០២៧។ រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ ក្នុងបរិបទកូវីដ១៩ បានផ្តល់វ៉ាក់សាំងជូនកម្មករដោយឥតគិថ្លៃដើម្បីធានាបាននូវសុខភាព និងរក្សាការងារជូនកម្មករនិយោជិត ហើយបានបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែល បានព្យួរកិច្ចសន្យាការងារចំនួន ៧០ដុល្លារអាម៉េរិក (រាជរដ្ឋាភិបាល ៤០ដុល្លារអាម៉េរិក និងនិយោជក ៣០ដុល្លារអាម៉េរិក)។ មួយវិញទៀត រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានរៀបចំការបណ្តុះបណ្តាលជំនាញដល់កម្មករដែលព្យួរកិច្ចសន្យាការងារបានចំនួន៦,៨ម៉ឺននាក់ និងបានប្រកាសត្រៀមបណ្តុះបណ្តាលកម្មករ ឬយុវជនកម្ពុជាដែលងាយរងគ្រោះ ឬមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ ដែលចង់អភិវឌ្ឍនជំនាញ ឬចង់បានជំនាញជាក់លាក់ដើម្បីបង្កើនប្រាក់ចំណូល។  មិនតែប៉ុណ្ណោះ កម្មករនិយោជិត ក៏នឹងទទួលបានផងដែរនូវប្រាក់សោធននិវត្តន៍ ប្រាក់ថែមម៉ោង​ ប្រាក់ធ្វើការទៀតទាត់ ផ្តល់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់កម្មករនិយោជិតក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារទៀតផង និងការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ។ល។ អ្វីដែលបានលើកឡើងសម្រាប់កម្មករនេះ នៅមិនទាន់រាប់បញ្ចូលការឧបត្ថមសម្រាប់កម្មការនីមានផ្ទៃពោះ ដូចជាអនុញ្ញាតិឱ្យចេញមុនម៉ោង ១៥នាទី, ឈប់សម្រាកចំនួន ៩០ថ្ងៃ តាមច្បាប់ស្តីពីការងារ និងទទួលបានប្រាក់ឈ្នួលសរុប ១២០% ដោយ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស., ទទួលបានប្រាក់ឧបត្ថម្ភ មុន និងក្រោយ សម្រាលកូន សរុបចំនួន ១លាន ៩២ម៉ឺនរៀល ឬ ៤៨០ដុល្លារអាម៉េរិក/១នាក់ដោយមិនទាន់រាប់បញ្ចូលការឧបត្ថមរបស់ដល់ស្តី្រកម្មករដែលនឹងទទួលបានការឧបត្ថមពេលឆ្លងទន្លេកូន១រូប បាន៨០ម៉ឺនរៀល ភ្លោះ២រូប បាន១.២លានរៀល និងភ្លោះ៣រូបទទួលបាន១.៦លានរៀល និងការឧបត្ថមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ចំនួន៥លានរៀលទៀតផងទេ។ ទី៤ ប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប និង GSPរបស់អាមេរិក តាមពិតការលើកឡើងស្តីពីប្រព័ន្ធងនុគ្រោះពន្ធEBA និង GSPរបស់អាមេរិកនេះ គឺជារឿងនយោបាយ​តែប៉ុណ្ណោះដែលវាហាក់ដូចជាអាយ៉ៃឆ្លើយឆ្លងដែលមិនចេះចប់ព្រោះអ្នកលើកឡើងមិនចង់ចប់។ ចំណុចនេះ គឺជាចំណុចដែលគណបក្សប្រឆាំង​ និងសង្គមស៊ីវិលប្រើវាជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប(អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) នៅឆ្នាំ២០០១ក្នុងចំណោមប្រទេសក្រីក្រចំនួន៣នៅអាស៊ាន ក្នុងនោះមានឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានប្រកាសយកពន្ធលើផលិតផលកម្ពុជាចំនួន២០%នៃផលិតនាំចូលទាំងអស់ដែលស្មើប្រមាណ៨០មុខ។ ផ្ទុយទៅវិញ បើទោះបីជាយកពន្ធ២០%ក៏ដោយ ក៏ការនាំចេញរបស់កម្ពុជានៅបន្តកើនឡើងដដែល។ ជាក់ស្តែងតម្លៃនាំចេញសរុបរបស់កម្ពុជានៅឆ្នាំ២០២២ បានកើនឡើង១៧,១% ក្នុងនោះការនាំចេញទៅអឺរ៉ុបបានកើនឡើង ២៥,៣% (វិស័យកាត់ដេរនាំចេញទៅអឺរ៉ុបកើនឡើង ២១,៧%) ដែលបញ្ជាក់ឱ្យឃើញថា កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយ EBA មិនមែនជាបញ្ហាចម្បងក្នុងការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជាទៀតឡើយ ផ្ទុយទៅវិញការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីឆ្នាំ ២០២០ បានជួយឱ្យកម្ពុជាបានត្រៀមខ្លួនកាន់តែប្រសើរ មានភាពម្ចាស់ការ និងមានភាពប្រកួតប្រជែងដោយឡែករបស់ខ្លួន។ គួរកត់សម្គាល់ថា EBAនេះ នឹងត្រូវបានទាំងស្រុងនៅឆ្នាំ២០២៧ព្រោះកម្ពុជាលែងជាប្រទេសក្រីក្រដែលស្ថិតក្នុងកូតារបស់សហភាពអ៊ឺរ៉ុបទៀតហើយ។ ដោយឡែក ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(GSP)វិញគឺជាប្រពន្ធអនុគ្រោះពន្ធដែលផ្តល់ឱ្យប្រទេសក្រីក្រ ឬមានកំណើនតិចតួចបំផុតក្នុងនាំចូលមុខទំនិញដោយមិនជាប់ពន្ធ។ សម្រាប់កម្ពុជា ប្រពន្ធអនុគ្រោះពន្ធនេះ បានផុតតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មកម្លេះបន្ទាប់ពីកម្ពុជាទទួលបាននៅឆ្នាំ១៩៩៧។ សូមរំលឹកថា ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទំហំជាង ៩.២​ ពាន់​លាន​ដុល្លារ កើនឡើង ១៨.៦​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១។ ជាមួយទំហំពាណិជ្ជកម្មនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែបន្តមានវឌ្ឍនភាពបើទោះបីអត់មានប្រព័ន្ធGSPក៏ដោយ។ ប៉ុន្តែមិនមានន័យថា កម្ពុជាមិនទទួលប្រព័ន្ធអនុគ្រោះពន្ធGSPរបស់អាមេរិកនោះទេព្រោះការផ្តល់ឱ្យវានឹងនាំឱ្យជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាមានកំណើនបន្ថែមទៀត។  ទាំងនេះ គឺជាចំណុចត្រួសៗដែលរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងផ្តល់ដំណោះស្រាយ និងសម្រួលជូនកម្មករនិយោជិត ប៉ុន្តែមិនត្រូវបានកត់ចំណាំដោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)។ តើវាជា ការមើលមិនឃើញ ស្តាប់មិនឮឬយ៉ាងណា? ប៉ុន្តែផ្ទុយទៅវិញ មានតែចំណុចអវិជ្ជមានដែលគ្មានការពិត មិនគ្រប់ជ្រុងជ្រោយ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសង្គមកម្ពុជាក្នុងវិស័យកាត់ដេរ។ ហេតុអ្វីបានជាដូចនេះ? តើដូចពាក្យគេថាអង្គការមួយចំនួននៅកម្ពុជាដើម្បីទទួលបានជំនួយសម្រាប់ប្រតិបត្តិការក្នុងអង្គការ បានយកបញ្ហាកម្មកររោងចក្រ សិទ្ធិការងារ ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អ៊ឺរ៉ុប និងGSPរបស់អាមេរិក។ល។... ជាឆ្នាំងបាយរបស់ខ្លួន?  មួយវិញទៀត ក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហាដែលនិយាយថា៖ «ការ​ឈឺចាប់​ចំពោះ​បញ្ហា មិន​បាន​រួម​ចំណែក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ឬ​ធ្វើ​ឱ្យ​ស្ថានភាព​ប្រសើរ​ឡើង​ឡើយ មាន​តែ​ការ​ចូលរួម​ឈឺឆ្អាល​របស់​យុវជន និង​ពលរដ្ឋ​គ្រប់​គ្នា​ប៉ុណ្ណោះ​ទើប​ធ្វើ​ឱ្យ​ស្ថានភាព​ប្រសើរ​ឡើង​ជាង​នេះ​សម្រាប់ ៥​ឆ្នាំ​ខាងមុខ។ យើង​នឹង​ក្លាយ​ជា​ពលរដ្ឋ​អាត្មា​និយម​នៅ​ពេល​ដែល​យើង​ម្នាក់ៗ​បន្ត​នៅ​ស្ងៀមស្ងាត់​ចំពោះ​បញ្ហា​ដែល​កំពុង​កើតមាន​ទ្បើង​ក្នុង​សង្គម»។ សំណួរសួថាតើអង្គការសង់ត្រាល់ចង់បានអ្វីឱ្យពិតប្រាកដ? តើមិនមែនជាការដុតរោលឱ្យពលរដ្ឋមានកំហឹងទេឬយ៉ាងម៉េច? នេះជាសំណួររបស់ពលរដ្ឋ។  សូមបញ្ជាក់ថា ទម្រាំមានសន្តិភាពដូចសព្វថ្ងៃកម្ពុជារងចាំរយៈពេល៥០០ឆ្នាំដើម្បីមានកម្ពុជាមួយដែលមានរដ្ឋធម្មនុញ្ញតែមួយ រាជបល្ល័ង្កតែមួយ រាជរដ្ឋាភិបាលតែមួយដែលគ្មានការបែងចែកទឹកដី និងតំបន់កាន់កាប់។ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ កម្ពុជា បានបើកលំហអង្គការសង្គមស៊ីវិលក្នុងការធ្វើប្រតិបត្តិការនៅទូទាំងប្រទេសដោយគ្មានការរិតត្បិត។ គិតត្រឹមបំណាច់ឆ្នាំ២០២២ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានជាង៦ពាន់ស្ថាប័ន ហើយរដ្ឋាភិបាលតែងតែចាត់ទុកសមាគម និងអង្គកការមិនមែនរដ្ឋាភិបាលទាំងនោះ ជាដៃគូសហការមិនអាចខ្វះបាន។ ​ ដូចនេះ​ វត្តមានសមាគម និងអង្គការ គួរតែដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន ផ្តល់ទិន្នន័យ និងការវិភាគជាក់ស្តែងឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យកែតម្រូវចំណុចខ្វះខាត ហើយជឿថា រដ្ឋាភិបាលកម្ពុជានឹងមិនចង្អៀតចង្អល់ក្នុងការទទួលចំណុចអវិជ្ជមានដើម្បីស្ថាបនានោះទេ៕ដោយ៖ សុវណ្ណ ធរណិន្ទសាគរ

រយៈពេល៥ឆ្នាំ សមាគមវិស័យឯកជនរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាល

2023/08/20 12:21:10 am        1192
ភ្នំពេញ៖ រយៈពេល៥ឆ្នាំ កន្លងមក សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជនរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយ រដ្ឋាភិបាលកម្ពុជា។ សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅ ការងារបន្ដរបស់សមាគមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន។សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន បង្កើតឡើងក្នុងគោលបំណង៖ រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជាសេនាធិការ និងស្របតាមយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។បើតាមឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន បានលើកឡើងថា សមាគមបានបើកដំណើរមកដល់ពេលនេះ ក្រៅពីការងារអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សមាគម ក៏បានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងកិច្ចការសង្គម ដូចជា៖ ចូលរួមបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម, ឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យគន្ធបុប្ផា, ចូលរួមឧបត្ថម្ភថវិកាដល់ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, ឧបត្ថម្ភអង្ករ និងថវិកា ជូនសហភាពសហព័ន្ធយុវជនកម្ពុជា និងផ្ដល់អាហារូបករណ៍ជូនថ្នាក់ដឹកនាំ ដើម្បីផ្ដល់ជូនសិស្ស-និស្សិតក្រីក្រជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំសិក្សា២០២២-២០២៣ ការផ្ដល់អាហារូបករណ៍ជូនថ្នាក់ដឹកនាំ សរុបចំនួន៣,៥០០កន្លែង។ឯកឧត្តមបណ្ឌិត បានបន្ដថា សមាគម បានចូលរួមចំណែកការងារមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍធនធាន សកម្មភាពមនុស្សធម៌ជាច្រើន ទោះបីប្រទេសកម្ពុជា និងសកលលោក ជួបវិបត្ដិកូវីដ១៩ក្ដី ក៏សមាគមខិតខំប្រឹងប្រែងចូលរួមការងារ មនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលរហូតមកដល់សព្វថ្ងៃនេះ ។ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបញ្ជាក់បន្ថែមទៀតថា កន្លងមក និងបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុតដល់គ្រឹះស្ថានសិក្សាឯកជន ដោយឱ្យបង់ពន្ធលើប្រាក់បៀវត្ស ពន្ធ កាត់ទុកលើការជួលទីតាំង ពន្ធប៉ាតង់ សមាគមបានបំពេញកាតព្វកិច្ចនេះជូនរដ្ឋពុំដែល​ខកខាននោះឡើយ។ ការអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានផ្ដល់ឱកាស​ដល់​គ្រឹះស្ថាន​សិក្សាឯកជនមានលទ្ធភាពក្នុងការបន្ដនិរន្ដភាព និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនបានកាន់​តែ​រឹងមាំ​បន្ថែមទៀត៕

អភិបាលក្រុងតៃប៉ិ គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ខណៈភាពតានតឹងកាន់តែកើនឡើងជាមួយកោះតៃវ៉ាន់

2023/08/18 08:55:33 pm        630
ការិយាល័យរបស់ខ្លួន បាននិយាយកាលពីថ្ងៃសុក្រថា លោកអភិបាលក្រុងតៃប៉ិ នឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃ នៅចុងខែនេះ សម្រាប់វេទិកាទីក្រុងប្រចាំឆ្នាំ ជាដំណើរមួយ ដែលនឹងប្រព្រឹត្តទៅ ស្របនឹងរនាំងនៃទំនាក់ទំនងដែលជាប់គាំងរវាងរដ្ឋាភិបាលតៃវ៉ាន់ និងចិន។ខណៈពេលដែលប្រទេសចិន បានបដិសេធមិននិយាយជាមួយរដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ចាប់តាំងពីមេដឹកនាំដីកោះនេះ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ចូលកាន់តំណែងក្នុងឆ្នាំ ២០១៦ ដោយជឿថាលោកស្រីជាអ្នកបំបែកខ្លួនម្នាក់ ការផ្លាស់ប្តូរទស្សនកិច្ចរវាងទីក្រុងនិងទីក្រុង បានបន្តរហូតដល់មានការរំខានដោយជំងឺរាតត្បាត COVID-19។យ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកស្រី សៃ បាននិងកំពុងព្យាយាមយ៉ាងប្រុងប្រយ័ត្ន ដើម្បីបើកទំនាក់ទំនងឡើងវិញរវាងប្រជាជននិងប្រជាជន ដែលមិនសូវមានមានបញ្ហាប្រឈម ចាប់តាំងពីខ្លួន បានដកការគ្រប់គ្រងព្រំដែនដែលទាក់ទងនឹងជំងឺរាតត្បាត កាលពីចុងឆ្នាំមុន ក្នុងគោលបំណងបង្កើតសុច្ឆន្ទៈជាមួយប្រទេសចិន ហើយក្រុមមន្ត្រីសៀងហៃមួយក្រុម បានធ្វើទស្សនកិច្ចកម្រិតទាប ទៅកាន់ទីក្រុងតៃប៉ិកាលពីខែកុម្ភៈ។អភិបាលក្រុងតៃប៉ិ លោក ឈៀង វ៉ានអាន (Chiang Wan-an)មកពីគណបក្សប្រឆាំងដ៏ធំគឺ Kuomintang (គួកមីនតាង) ដែលនិយមទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន នឹងទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃទី ២៩-៣១ខែសីហា សម្រាប់វេទិកាទីក្រុងតៃប៉ិ-សៀងហៃ ដែលត្រូវបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០១០។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកតាំងទីលំនៅអ៊ីស្រាអែលដុតបំផ្លាញដើមអូលីវ និងធ្វើឲ្យអ្នកសារព័ត៌មានម្នាក់រងរបួស នៅតំបន់វេសបែង
10/16/2026 05:10 PM
ចិន​ផ្ដោតលើការ​​​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដោយ​ការបើកដំណើរការស្ពានថ្មីឆ្លង​ទន្លេ Yalu
10/16/2026 05:10 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់ នៅថៃ កើន​ឡើងដល់​ ៧៦នាក់​ ខណៈប្រហែល ២,៤៣លាននាក់រង​ប៉ះពាល់​
10/16/2026 05:10 PM
យោធាយេម៉ែន​៖ ក្រុមហ៊ូទី ៧០០នាក់ ត្រូវបានកម្ចាត់​ អំឡុងប្រតិបត្តិការ ១.២៥០លើក រយៈពេល ២៤ម៉ោង
10/16/2026 05:10 PM
លោក Trump បញ្ជាក់​ថា លោកកំពុងពិភាក្សាជាមួយរុស្ស៊ី និងចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ
10/16/2026 05:10 PM
លោក Trump បដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ីរ៉ង់
10/16/2026 05:10 PM
លោក Trump៖ ការវាយប្រហារឡើង​វិញ​ដោយ​អ៊ុយ​ក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺជារឿង​អាម៉ាស់
10/16/2026 05:10 PM
ក្រុមជីវពលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទទួលបានផលចំណេញពីសង្គ្រាមប្រឆាំងក្រុមឧទ្ទាម M23
10/16/2026 04:10 PM
ទូកដឹកជនអន្តោប្រវេសន៍លិចនៅឆ្នេរសមុទ្រហ្គាំប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១២នាក់ ស្លាប់
10/16/2026 04:10 PM
រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា កិច្ចសន្យាសាងសង់ និងត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា
10/16/2026 04:10 PM