កម្ពុជា-ចិន បើកកិច្ចសន្ទនាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីលំដាប់ទី៣ ដែលផ្តល់ហិរញ្ញប្បទានឆ្លើយតបនឹងអាទិភាពកម្ពុជា
ក្រុមហ៊ុនសិង្ហបុរីមួយឈ្វេងយល់ពីការបង្កើត និងគាំទ្រមជ្ឈមណ្ឌល MSME Hub នៅកម្ពុជា​
អគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា

សេដ្ឋកិច្ច និង កសិកម្ម

ឆ្នាំ២០២៧ ធនាគារ SME គ្រោងបញ្ចេញថវិកា ១០០លានដុល្លារ គាំទ្រដល់វិស័យអាទិភាព និង​ធុរកិច្ច​បង្កើតថ្មី

2026/08/04 12:30:09 pm        627
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលជាធនាគារគោលនយោបាយ នៅក្នុង​ឆ្នាំ​២០២៧ ​ខាងមុខនេះ គ្រោងបញ្ចេញ ឥណទាន ១០០ លានដុល្លារ ខ្ពស់ជាង​ទំហំ​ឥណទាន​ឆ្នាំ​២០២៦​ គាំទ្រដល់វិស័យអាទិភាពផ្នែកកែច្នៃ និងវិស័យកម្មន្តសាល និងគម្រោងដល់​ធុរកិច្ច​បង្កើត​ថ្មី។​ លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម​កម្ពុជា​លើ​ក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ ស្តីពីអត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច ក្នុង​វេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ថា ធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានបង្កើតឡើងមានចំនួន៧ទីតាំង នៅតាមបណ្តារាជធានី-ខេត្ត និងបាន បញ្ចេញ​ឥណទានសរុបមានចំនួនជាង ២៤០ លានដុល្លារអាមេរិក ក្នុងនោះបើបូក​សរុប​ជាមួយ​សហ​ធនាគារដៃគូ បានបញ្ចេញ ប្រមាណជាង ៦០០ លានដុល្លារអាមេរិក ទៅលើអាតិថិជនជាង ៣ ពាន់នាក់។ លោក បន្តថា ចំពោះការផ្តល់ឥណទាននេះ ធនាគារ SME បានអនុវត្ត៣ឆ្នាំរំកិល ក្នុងនោះ​សម្រាប់​ឆ្នាំ​២០២៦នេះ ធនាគារ SME មានបញ្ចប់ឥណទាន ៨០ លានដុល្លារ គិតនៅក្នុង​រយៈ​ពេល​៦​ខែ ឆ្នាំ២០២៦នេះ បានបញ្ចេញឥណទានអស់ប្រមាណ ៥៥ ភាគរយរួចហើយ។ ចំណែក​នៅ​ឆ្នាំ​២០២៧ ធនាគារ SME គ្រោងកញ្ចប់ឥណទានប្រមាណ ១០០ លានដុល្លារ និងនៅក្នុងឆ្នាំ ២០២៨ ត្រូវបានគ្រោងចំនួន ១២០ លានដុល្លារ ដើម្បីគាំទ្រដល់វិស័យអាទិភាព ជាពិសេស​ការ​កែច្នៃ​ និងវិស័យកម្មន្តសាល នឹង គម្រោងគាំទ្រដល់ធុរកិច្ចបង្កើតថ្មីផងដែរ។ លោក ជា សុភ័ក្ត បន្ថែមថា ជុំវិញការផ្តល់ឥណទាននេះ ធនាគារ SME បាន​កែ​សម្រួល​នូវ​នីតិវិធី​មួយ​ចំនួន​ ក្នុងនោះសម្រាប់ គម្រោងដែលកំពុងអនុវត្ត នឹងត្រូវពិនិត្យឡើងវិញផងដែរ ប្រសិនក្នុង​ករណី​ដែល​អាចសម្រួលបាន គឺមានការបន្ធូបន្ថយ ដោយផ្តល់ នូវលក្ខខណ្ឌកាន់តែងាយស្រួល, ក្រៅ​ពី​នេះ ធនាគារ SME ក៏គ្រោងពង្រីកវិសាលភាពផ្តល់ឥណទានដល់ធុរកិច្ចបង្កើតថ្មី ជា​ពិសេស ​ការគិតគូរលើការផ្តល់ឥណទានដែលមានទ្រព្យបញ្ចាំ ទៅជាការ​ផ្តល់​ឥណទាន​ដែល​គ្មាន​ទ្រព្យ​បញ្ចាំ ​ដែលនឹងអនុវត្តទៅតាមកម្រិត នៃសេដ្ឋកិច្ចរបស់កម្ពុជាជាក់ស្តែង។ ជុំវិញការ​ផ្តល់ឥណទាននេះ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ លើកឡើងឱ្យដឹងថា គិត​មកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​បញ្ចេញ​នូវ​ឥណទានសរុបប្រមាណ ៦៤៧ លានដុល្លារអា មេរិក ដល់សហគ្រាសមានចំនួនជិត ៤ ពាន់ ដោយក្នុងនោះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញឥណទាន ផ្ទាល់​ខ្លួន​ មានទំហំប្រមាណ ២៤២ លានដុល្លារអាមេរិក ដល់សហគ្រាសជិត ៩០០ សហគ្រាស​សរុប​ផ​​ង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី​

ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន

2026/08/03 11:29:47 am        366
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹង​អាច​សម្រេច​បាន​តាមគោលដៅ ១លានតោន ខណៈនៅក្នុងរយៈពេល ៧ខែមកនេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ជិត ៧០ម៉ឺនតោនរួចហើយ កៀកនឹងគោលដៅកំណត់ ដែល​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​។ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​អត្ថ​ប្រយោជន៍ និងឱកាស នៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុង​វេទិកា​ថ្នាក់​ជាតិ​ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា សហព័ន្ធស្រូវអង្ករកម្ពុជា មាន​សមាជិក​ប្រមាណ​ជាង​២៤០ ដែលមានប្រតិបត្តិការនៅលើរោងម៉ាស៊ីនខ្នាតតូច មធ្យម រោងម៉ាស៊ីន ខ្នាតធំ និង​អ្នក​នាំចេញខ្នាតធំ រួមជាមួយសេវាករពាក់ព័ន្ធនានា ដោយមានបេសកកម្ម គឺការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង ​និងផ្សារភ្ជាប់ជាមួយទីផ្សារ ក្នុងនោះបើសម្លឹងទៅទីផ្សារពិភពលោក សហព័ន្ធ​ស្រូវ​អង្ក​រ​កម្ពុជា​ គឺជាសហព័ន្ធដែលមានវ័យក្មេង បានកំពុងឈរជើង យ៉ាងរឹង​មាំ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​។ឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ចំពោះទីផ្សារនាំចេញ, នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករស​ម្រេច​បានប្រមាណ ៩៤ ម៉ឺនតោន ចំណែកនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ យើង​បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ប្រមាណជិត ៧០ ម៉ឺនតោនរួចហើយ។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ២​០២៦​នេះ ​ឧកញ៉ាបណ្ឌិតរំពឹងថា ការនាំចេញអង្កររបស់កម្ពុជានឹងអាច សម្រេច​បាន​តាម​ការ​ដាក់​ចេញ​នូវ​គោល​ដៅ​យុទ្ធ​សាស្ត្រ ក្នុងការជំរុញការនាំចេញអង្ករឱ្យបាន ១ លាន​តោន​ក្នុ​ង​មួយ​ឆ្នាំ​ ក្នុងការពង្រីក ទីផ្សារអន្តរជាតិ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បន្ថែមថា អ្វីដែលអាច​ធ្វើ​ឱ្យ​ស្រូវ​អង្ករ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ គឺបានកើតចេញពីកត្តាជាច្រើន ជាពិសេសកិច្ចសហការរវាងរដ្ឋ​ និងឯកជន៖ ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និង​ស្វែង​រក​ទី​ផ្សារ​ថ្មីៗ​។ ចំណែកការផ្តល់ហិរញ្ញប្បទានសម្រាប់ស្រូវអង្ករវិញឃើញថា នៅមានភាពស្មុគ ស្មាញ​លើ​ការ​ដាក់​ទ្រព្យ​បញ្ចាំ ការកម្ចីមានរយៈពេលខ្លី និងមានទំហំកម្ចីតូចជាដើម។ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងឱ្យដឹងថា ជុំវិញ​ការ​ផ្តល់ឥណទានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គិតមកដល់ពេលនេះ បានផ្តល់​ឥណ​ទាន​សរុប​ប្រមាណ ៥៣១ លានដុល្លារអាមេរិក ដល់ សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន សហ​គមន៍​កសិកម្ម និងតួអង្គក្នុងវិស័យច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយ ក្នុង​នោះ​ឥណ​ទាន​គាំទ្រ​ដល់វិស័យស្រូវអង្ករកម្ពុជាមានចំនួនច្រើនជាងគេ ដោយមានប្រមាណ ៣៥ ភាគ​រយ​នៃ​ឥណទាន​សរុប​៕ អត្ថបទ៖ សុន រ៉ាឌី​

ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក

2026/07/31 11:50:27 am        413
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១,១ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ៤៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន នេះជាផលិតផលមួយកំពុងនាំមុខ នៃការនាំចេញក្នុងវិស័យ កសិកម្មកម្ពុជា។ ជុំវិញផលិតផលគ្រាប់ស្វាយចន្ទីនេះ, បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យឃើញថា ការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃរបស់កម្ពុជា មានទឹកប្រាក់សរុបប្រមាណជាង ១,១ ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ៤៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ដែលការកើនឡើងនេះ បានបង្ហាញអំពីការរីកលូតលាស់ នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលគ្រាប់ស្វាយចន្ទីនេះជាដើម ដោយបាននិងកំពុងរួមចំណែកដល់ការនាំចេញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក​ម្ពុជា។ទាក់ទងគ្រាប់ស្វាយចន្ទីនេះ, លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការដាំដុះ និងការនាំចេញគ្រាប់ស្វាយចន្ទីនេះថា ជុំវិញការដាំដុះស្វាយចន្ទីកម្ពុជា គឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅ ធំនៅលើពិភពលោក ហើយនៅក្នុងឆ្នាំ២០២៦នេះ ដោយសារកសិករបានដាំស្វាយចន្ទីថ្មី ធ្វើឱ្យពួកគាត់ប្រមូលផលបានគួរសម ទោះបីជួបបញ្ហាអាកាសធាតុ ខ្លះៗក៏ដោយ។លោកបន្តថា ស្របពេលកម្ពុជាទទួលបានទិន្នផលល្អប្រសើរ, ចំពោះកា​រ​លក់​លើ​ទីផ្សារ​ក៏​មាន​តម្លៃ​ល្អ​ផង​ដែរ ដោយសារមាន តម្រូវការខ្ពស់នៅប្រទេសវៀតណាម ឥណ្ឌា និងមួយចំនួន​នៅ​ប្រទេស​ចិន ​ខណៈនៅតំបន់អាហ្រ្វិចត្រូវបានបិតមិនឱ្យនាំចេញច្រើន ធ្វើឱ្យអ្នកកែច្នៃ​នៃ​ប្រទេស​ខាង​លើ​នេះ ​បានបញ្ជាទិញនៅកម្ពុជាយ៉ាងផុលផុស ហើយមកដល់ពេលនេះនៅតែមានការដើរប្រមូល បញ្ជា​ទិញ ក្នុងនោះតម្លៃលក់ចេញនៅដើមរដូវ ក្នុងមួយគីឡូក្រាម មានតម្លៃជាង ៦ ពាន់រៀល (គ្រាប់​ចន្ទី​ស្រស់) និងមកដល់ចុង រដូវនេះ មានតម្លៃជាង ៨ ពាន់រៀល (គ្រាប់ចន្ទីស្ងួត)។ លោក​ប​​ន្ត​ថា ជុំវិញការផលិតផលស្វាយចន្ទីនេះ ក្នុងនាមលោកតំណាងឱ្យ សមាគម និង​ក្នុង​នាម​ជា​កសិករ​ លោកពិតជាមានមោទនភាព ខណៈដែល​ផលិតផល​នេះ​បាន​និង​កំពុង​គាំទ្រ​ដល់​ការ​នាំ​ចេញ​របស់កម្ពុជា និងចូលរួមក្នុងកំណើនសេដ្ឋកិច្ច និងធ្វើឱ្យកសិករមានជីវភាពធូរធារ ជា​ពិសេស​ការ​ជំរុញ​ឱ្យកសិករអាចក្លាយទៅជាកសិ-ពាណិជ្ជករនៅពេលខាងមុខ។ សូម​បញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំ មានរោងចក្រមួយកំពុងដំណើរ ដែលមានឈ្មោះថា MIRARTH Agritech ដោយរោងចក្រនោះ កែច្នៃគ្រាប់ស្វាយចន្ទី និងបាន​កំពុង​ស្រូប​យក​គ្រាប់​ស្វាយ​ចន្ទី​ស្រស់ក្នុងស្រុកប្រមាណ ៦ តោន នៅក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយ ក្រុមហ៊ុន​មួយ​នេះ​ក៏​មាន​មហិច្ឆិតា ពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀតឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់​បម្រើ​ទីផ្សារនាំចេញ ផងដែរ។ ក្រៅពីនេះខេត្តកំពង់ធំ ក៏មានគម្រោងបង្កើត «សួន​ឧស្សា​ហកម្ម​ស្វាយ​ចន្ទី» ដោយការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បី ប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំ​គ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ។ ការ​បង្កើត​សួន​ឧស្សាហ​កម្ម​បែបនេះ គឺដើម្បីប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមាន​ការ​គាំទ្រ​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗពីរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

2026/07/31 11:07:37 am        264
តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និង​សហ​គ្រាស​ធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណ​កម្ម​ការ​គាំទ្រ​របស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និង​មធ្យម ​(SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺ​ជា​ក្បាល​ម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ក្នុងនោះ នៅពេលត្រូវពង្រីកខ្លួន ពួកគេ​ត្រូវ​យល់​អំពី​ការ​ទទួល​បាន​ហិរញ្ញប្បទាន ឯកសារតម្រូវ អនុលោមភាព ឬលក្ខខណ្ឌផ្សេងៗទៀត ដើម្បីទទួល​ហិរញ្ញប្ប​ទាន​ពី​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រាប់យកទៅវិនិយោគ។ ទាក់ទិនសម្រាប់ធុរកិច្ច, តើ​ធ្វើ​អ្វី​ខ្លះ​ ដើម្បីលើក កម្ពស់នូវការទទួលបានហិរញ្ញប្បទាន ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី? ជុំវិញ​ធុរកិច្ច​នេះ, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មិនមានគម្រោងវិនិយោគ TOR (Terms of Reference) ក្នុងការវិនិយោគធុរកិច្ចថ្មី (Starup) ឬ សហគ្រាសធុនតូច និងមធ្យម (SME) នោះទេ។ បញ្ហានេះ, មិនថាទទួលបានហិរញ្ញប្បទាន ឬក៏អត់នោះ បញ្ហានេះ​គឺ​ជា​សមត្ថភាព​របស់ Starup និង SME ។ ចំណែកសម្រាប់ Starup គឺចាំបាច់ត្រូវមានភាពរឹងមាំ និង​មាន​សក្តានុពល ដោយក្នុងនោះមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” បានបង្កើត​ការ​ប្រកួត​ប្រជែង​ចំនួន​២ដងនៅក្នុងមួយឆ្នាំ ជាក់ស្តែងនៅក្នុងរយៈពេល៦ឆ្នាំមកនេះ មជ្ឈមណ្ឌល បណ្តុះ​ធុរ​កិច្ច​ថ្មី “តេជោ” បានជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មី មានចំនួន ៨១ ក្រុមរួចមកហើ​យ​នៅក្នុ​ង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ក្នុងនោះឃើញ ថា មានចំនួន ៥០ Starup បានកំពុងដំណើរការនៅលើទីផ្សារបច្ចុប្បន្ន និង​ចំនួន ១៧ Starup ផ្សេងទៀត មានការវិនិយោគពីខាង ក្រៅជាប្រចាំផងដែរ។ ចំណែក Khmer Enterpise, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​នាយកប្រតិបត្តិសហ- គ្រិនខ្មែរ លើកឡើងថា សហគ្រិនខ្មែរបានជួយជាមូលនិធិឥតសំណង តាម​រយៈការប្រកួតប្រជែងដល់សិស្ស និស្សិត ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាសធុនតូច និង​មធ្យម បានចំនួនជាង១ពាន់រួចមកហើយ ក្នុងនោះអ្វីដែលពួកគាត់ត្រូវយល់ដឹង គឺកា​រ​ប្រើ​ប្រាស់​ថវិកា​ដែលមាន​ នៅលើលទ្ធផលដែលលក់បានក្នុងជំហានដំបូង។ ចំណែកមួយទៀត នៅ​ពេល​សហ​គ្រិន​ខ្មែរផ្តល់មូលនិធិនេះ ត្រូវធានាថា ពួកគាត់ទទួលបានការអប់រំ និងការបណ្តុះ​បណ្តាល​ពី​សហ​គ្រិន​ខ្មែរបានសមស្រប សម្រាប់ការរីកចម្រើននៅក្នុងអាជីវកម្ម។ ឯកឧត្តមបណ្ឌិត បន្ថែមថា ជុំវិញការបណ្តុះគំនិតក្នុងអាជីវកម្មនេះ មានការគាំទ្រ​ហិរញ្ញប្ប​ទាន​តែ​មួយ​ផ្នែក​គឺមិនគ្រប់គ្រាន់ នោះទេ ដោយក្នុងនោះពួគគាត់ត្រូវបង្កើតនូវទំនាក់ទំនងល្អ លើការធ្វើ​ពាណិជ្ជ​កម្ម​ និងវិនិយោគ ជាពិសេសការកសាងទំនុកចិត្ត ការយល់ដឹងពីបរិបទសង្គម និងការ​សម្រប​សម្រួល​ការងារជាក់ស្តែង និងស្គាល់ពីតម្រូវការជាក់ស្តែងក្នុងតំបន់ ដើម្បីធ្វើឱ្យគម្រោង ទទួល​បាន​ជោគជ័យដោយនិរន្តរភាព៕ អត្ថបទ៖ សុន រ៉ាឌី  

លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង

2026/07/30 12:01:20 pm        351
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា​ នៅឆមាសទី១ ឆ្នាំ២០២៦នេះ សមតុល្យ​គណ​នី​ហិរញ្ញ​វត្ថុ​របស់កម្ពុជា បានកត់ត្រាលំហូរចូលសុទ្ធរហូតដល់ ៤.៣ប៊ីលានដុល្លារអាមេរិក ដែល​ស្មើ​នឹង​១៥.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ នេះបើ​យោង​តាម​របាយ​ការណ៍​របស់​ធនាគារជាតិនៃកម្ពុជា(NBC)។តួលេខដ៏គួរឱ្យកត់សម្គាល់នេះបានកើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីភាពធន់ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។លំហូរចូលសុទ្ធនេះ ត្រូវបានគាំទ្រជាចម្បងដោយវិនិយោគផ្ទាល់ និងវិនិយោគផ្សេងទៀត។ ក្នុងនោះ លំហូរចូលវិនិយោគផ្ទាល់បរទេស (FDI) មានចំនួន២.៦ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង១៨.៥%។ កំណើននេះ ត្រូវបានជំរុញដោយការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុដែលកើនឡើង១១០.៩% និងវិស័យមិនមែនហិរញ្ញវត្ថុ ដែលកើនឡើង៨.៩%។ នេះបើតាមរបាយការណ៍ធនាគារជាតិ។នៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ វិស័យកម្មន្តសាលបានកើនឡើង ១៤% ថាមពលកើន ២៣.៣% និងសំណង់កើន០.១%។ ទោះជាយ៉ាងណាក៏ដោយ វិស័យមួយចំនួនដូចជា កសិកម្ម អចលនទ្រព្យ និងសណ្ឋាគារនិងការកម្សាន្ត បានថយចុះបន្តិចបន្តួច។ចំណែកឯសមតុល្យវិនិយោគផ្សេងទៀតវិញ ក៏បានបង្ហាញពីលំហូរចូលសុទ្ធ ១.១ ប៊ីលានដុល្លារអាមេរិក ដែលជាការផ្លាស់ប្តូរដ៏វិជ្ជមានពីលំហូរចេញសុទ្ធ ២.៥ ប៊ីលានដុល្លារអាមេរិក នាឆមាសទី១ឆ្នាំមុន។របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ បណ្តាលមកពីការថយចុះប្រាក់បញ្ញើក្រៅប្រទេស រួមជាមួយនឹងការកើនឡើងកម្ចីសុទ្ធរបស់រាជរដ្ឋាភិបាល ២៧.១%៕

កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

2026/07/30 11:34:41 am        440
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និង​សហគ្រាស​ក្នុង​វិស័យ​កម្មន្តសាល​កំពុង​ដំណើរ​ការ​បានកើនដល់ប្រមាណ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ក្នុង​នោះ​រោង​ចក្រ​ធុន​ធំ​មាន​ចំនួន​ ៣.៣១៩ រោងចក្រ និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់។ ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ លើវិស័យ​គាំទ្រ​កំណើន​សេដ្ឋកិច្ច ​ក្នុងនោះវិស័យកម្មន្ត សាលបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជ្រោង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយត្រូវបានប៉ាន់ស្មានថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ បានកើនឡើង ៧% ទាប​ជាងឆមាសទី១ឆ្នាំមុន ដែលសម្រេចក្នុងរង្វង់ជាង (១០%)។ ចំណែកអនុវិស័យកម្មន្តសាល កាត់​ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើងត្រឹម ៦,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (១៤%) ដោយ​សារ​ការ​ថយចុះនៃតម្រូវការខាងក្រៅ ជាពិសេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាដូចជា សហរដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប។ ជុំវិញការនាំចេញ, សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារដ៏ចម្បង ដោយ​សមាមាត្រ​នាំ​ចេញ​ផលិត​ផល​កា​ត់​ដេរទៅសហរដ្ឋអា មេរិក ធៀបនឹងការនាំចេញផលិតផលកាត់ដេរសរុប បានកើនឡើងពី ២៦% ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទៅជាង ៤៣% ក្នុងឆមាស ទី១ក្នុងឆ្នាំនេះ ខណៈ​ដែល​ទីផ្សារ​អឺរ៉ុប​បាន​ថយ​ចុះពីជាង ៣៤% មកជាង ២៥%។ ចំពោះការនាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​កាត់ដេរ បានថយកំណើនមកត្រឹមជាង ៧% ទៅជិត ១០% កាលពីគ្រាដូចគ្នាឆ្នាំមុន។ ចំណែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង ៧,៧% ខ្ពស់​ជាង​គ្រា​ដូ​ចគ្នាឆ្នាំមុន (៦,៣%) ស្របតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច ការបន្ត​ស្វែង​រក​ទីផ្សារ​សំខាន់​ៗ​បន្ថែម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្សេងៗ ។ កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ជា​ចម្បង ដោយផលិតផលកម្មន្តសាលសម្រាប់នាំចេញសំខាន់ៗដូចជា សំបកកង់យានយន្ត កើន ១២៧%, លោហៈនិងផលិតផលធ្វើពីលោហៈ កើនជាង ១៦៥% និងគ្រឿង​អេឡិច​ត្រូនិក​កើន​ជាង ៥១% ដោយការនាំចេញផលិត- ផលទាំងនេះ ជាចម្បងទៅទីផ្សារសហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ លើសពីនេះ ផលិតផលកម្មន្តសាលផ្នែកម្ហូបអាហារ និងភេសជ្ជៈ ត្រូវបាន​ប៉ាន់​ស្មាន​ថា ​កើនឡើងជាង ១១៩% និងជាង ១១% រៀងគ្នា ដែលជាចម្បងដោយសារនិន្នាការគាំទ្រ និង​កំណើនតម្រូវការ ផលិតផលក្នុងស្រុកបន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ជុំវិញវិស័យនេះដែរ, គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និង​សហគ្រាស​ក្នុង​វិស័យ​កម្មន្ត​សាលកំពុងដំណើរ ការ បានកើនដល់ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ដែល​ក្នុង​នោះ​រោង​ចក្រធុនធំ មានចំនួនជាង ៣,៣ ពាន់រោងចក្រ បានកើនជិត ២៥% (និង ១៨% ក្នុង​គ្រាដូចគ្នាឆ្នាំមុន) និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់ ខណៈសហគ្រាសធុនតូច និង​មធ្យម​ (SMEs) មានចំនួនជាង ៤៤,៣ ពាន់សហគ្រាស បានកើន ០,៣% (និង -០,១ ឆ្នាំមុន) និង​មានកម្លាំងពលកម្មចំនួន ៥០ ម៉ឺន នាក់។ ទន្ទឹមនេះការវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យកម្មន្តសាល ត្រូវបានប៉ាន់ស្មានថា ថមថយត្រឹម ១៤% ក្នុងឆមាសទី១ ឆ្នាំ ២០២៦ (និងជាង ៤២% ក្នុងឆមាសទី១ឆ្នាំមុន)៕ អត្ថបទ៖ សុន រ៉ាឌី

ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

2026/07/30 11:14:02 am        347
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សំបកកង់រថយន្ត គ្រឿង​អេឡិចត្រូនិច គ្រឿងសង្ហារិម និងគ្រាប់ស្វាយចន្ទី មានកំណើនឡើងល្អប្រសើរ គិត​ជា​ទឹក​ប្រាក់​សរុប​មាន​ប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយផលិតផល ទាំងនេះ​បាន​គាំទ្រ​ដល់​កំណើន​ខ្ពស់នៃការនាំចេញរបស់កម្ពុជា។     ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ អំពីការធ្វើពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវ​បាន​ប៉ាន់ស្មានថា​ និងថយល្បឿន ប៉ុន្តែនៅមានភាពធន់ ដោយ សម្រេចបានកំណើន ៣,៥% ដែលត្រូវ​បានគាំទ្រដោយកំណើនល្អនៃការនាំចេញ ការវិនិយោគផ្ទាល់បរទេស និង​ការ​កើន​ឡើង​នៃ​ ផលិតកម្មក្នុងស្រុក។ ជាក់ស្តែងនៅក្នុងរយៈ ៦ ខែ ឆ្នាំ២០២៦, ផលិតផល​សំខាន់ៗ​ដែ​លបា​ន​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជារួមមាន៖ ផលិតផលកាត់ដេរ មានទឹកប្រាក់ ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជាង ៦ ភាគរយ, គ្រាប់ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើន ៤៨ ភាគរយ, សំបក​កង់​រថយន្ត​ជាង ១ ពាន់លានដុល្លារ កើន ៥៥ ភាគរយ, គ្រឿងសង្ហារឹម ៧៧០ លានដុល្លារ កើនជាង ៣៨ ភាគរយ និងការនាំចេញគ្រឿងអេឡិចត្រូនិច មានទឹកប្រមាណ ៦២១ លានដុល្លារ កើនជាង ៣៧ ភាគរយ ធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។ ចំណែកការនាំចូលដែលគាំទ្រជាវត្ថុធាតុដើម និងតម្រូវការប្រើប្រាស់ក្នុងស្រុក ក៏​ដូច​ជា​រួម​ចំណែក​ដល់​ចំណូល​ពន្ធគយ, នៅ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះដែរ រួមមាន៖ ការនាំចូល​វត្ថុ​ធាតុ​ដើម​បម្រើ​ឱ្យវិស័យកាត់ដេរ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ អាមេរិក កើនជាង ៧ ភាគរយ​, ប្រេងឥន្ធនៈជិត ៣,៤ ពាន់លានដុល្លារអាមេរិក កើនជិត ៣៩ ភាគរយ, សម្ភារៈ​និង​បរិ​ក្ខាសំ​ណង់​ជាង​ ១,៦ ពាន់លានដុល្លារអាមេរិក កើន ០,១ ភាគរយ, ការនាំចូលយានយន្ត ជាង ១,៥ ពាន់​លាន​ដុល្លារអាមេរិក កើនជិត ៣២ ភាគរយ និងការនាំចូលម្ហូបអាហារ និងភេសជ្ជៈ មាន​ចំនួន​ទឹក​ប្រាក់​ជាង ១,១ ពាន់លានដុល្លារអាមេរិក កើន ៣៩ ភាគរយ ធៀបរយៈពេល ដូចគ្នា​និង​ឆ្នាំ​២០២៥​។ សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា បើយោង​តាម​រយៈ​របាយ​ការណ៍​គយ ​និងរដ្ឋាករកម្ពុជា, នៅក្នុង រយៈពេល ៦ខែ ឆ្នាំ២០២៦នេះ មានទំហំ​ទឹក​ប្រាក់​សរុប​ជាង​ ៣៦,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ក្នុងនោះ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ មានទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារ កើនជាង ១៩ ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​បរទេសមាន ចំនួនជាង ១៩,៨ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនអេឡិចត្រូនិចមានសក្តានុពលមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

2026/07/30 10:44:58 am        351
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​គ្រប់​គ្រង​ជាន់ខ្ពស់របស់ក្រុមហ៊ុន Minebea Mitsumi Inc. អំពីទិសដៅយុទ្ធសាស្ត្រ ក្នុង​ការ​បន្ត​ពង្រីកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Minebea Mitsumi នៅព្រះ រាជា​ណា​ចក្រ​កម្ពុជា​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦នេះ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​គ្រប់​​គ្រង​ជាន់ខ្ពស់របស់ ក្រុមហ៊ុន Minebea Mitsumi Inc. ដឹកនាំដោយលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិ (CEO) ដោយមានការចូលរួមអមពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គ​លេខា​ធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី​ពាក់​ព័ន្ធ​​នៃ ក.អ.ក. មួយចំនួនផងដែរ។ ជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់ និងវាយតម្លៃខ្ពស់ ចំពោះដំ​ណើរ​ការ​អាជីវកម្ម​នា​ពេល​ក​ន្លងមក ព្រមទាំងពិភាក្សា អំពីទិសដៅយុទ្ធសាស្ត្រ ក្នុង​ការ​បន្ត​ពង្រីក​ការ​វិនិយោគ​បន្ថែម​របស់​ក្រុម​ហ៊ុន ​Minebea Mitsumi នៅព្រះរាជាណាចក្រកម្ពុជា។ តាម រយៈជំនួបនេះដែរ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជន​ពី​បរទេស ជាពិសេសក្រុមហ៊ុនវិនិយោគធំៗពីប្រទេសជប៉ុន។ សូមបញ្ជាក់ថា គម្រោងបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea Mitsumi Inc. នឹង​ក្លាយ​ជា​កម្លាំង​ចលករយ៉ាងសំខាន់ ក្នុងការ ជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បច្ចេកវិទ្យាទំនើប និងការទាក់ទាញវិនិយោគិនអន្តរជាតិដទៃទៀត មកកាន់​កម្ពុជា​បន្ថែម​ទៀត​៕ អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូជាន់ខ្ពស់ CDC ចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត

2026/07/29 03:52:16 pm        547
គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចុះបំពេញទស្សនកិច្ចរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ពិនិត្យអំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើប ក្នុងការត្រួតពិនិត្យគុណភាព ស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់នៃ ក.អ.ក. ចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ដំបូងគេ និងធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស និង ស្រុកដងទង់ នៃខេត្តកំពត។ សកម្មភាពនេះគឺជាសក្ខីកម្មដ៏រស់រវើក ដោយបង្ហាញឱ្យឃើញនៃសេវាថែទាំវិនិយោគរបស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ ក.អ.ក. ដោយបានឆ្លុះបញ្ចាំងថា ទោះបីជាកម្ពុជាខិតខំពង្រីកការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ ដល់គ្រប់គម្រោងវិនិយោគដែលមាន ស្រាប់ សំដៅធានាឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេបន្តរីកចម្រើនដោយចីរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយក ចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន លើកិច្ចការកាត់បន្ថយកាបូន (Low Carbon) និងមេត្រីភាពបរិស្ថាន (Environmental Friendly) ខណៈរោងចក្រស៊ីម៉ងត៍មួយនេះ បានធ្វើអាជីវកម្មរ៉ែបៃតង ដោយរក្សាកំពែងធម្មជាតិ និងគម្របព្រៃឈើនៅរង្វង់ក្រៅនៃភ្នំ ដើម្បីទប់ ស្កាត់ធូលី សម្លេង និងរំញ័រ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ី មិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។ក្រៅពីវិធានខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ក្រុមហ៊ុន ក្នុង ការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងការផ្ទេរចំណេះដឹងបច្ចេក- ទេសទំនើបៗដល់បុគ្គលិក-កម្មករនិយោជិតក្នុងស្រុក ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មី។ ឯកឧត្តមបានបញ្ជាក់ ជូនអំពីគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការរក្សាប្រកួត ប្រជែងពាណិជ្ជកម្ម ការសម្រួលកិច្ចសម្រួលពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគគិនបរទេសមកកាន់កម្ពុជាប្រកបដោយចីរភាព។សូមបញ្ជាក់ថា ក្រុមហ៊ុន Kampot Cement Co., Ltd. បានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦ រោង ចក្រនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២ លានតោនក្នុងមួយឆ្នាំ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ផ្គត់ ផ្គង់តម្រូវការទីផ្សារសំណង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី

ផលិត​ផល​ក្នុង​ស្រុក​កាន់​តែ​រីក​ចម្រើន​ ពង្រីក​វត្ត​មាន​នៅ​ផ្សារ​ទំនើប​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​

2026/07/28 02:06:13 pm        442
ភ្នំពេញ៖​ ក្រោម​ការ​ជំរុញ​ និង​គាំទ្រ​យ៉ាង​សកម្ម​ពី​រាជ​រដ្ឋា​ភិបាល ​និង​ក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ​ ផលិត​​ផល​ក្នុង​ស្រុក​កម្ពុជា​កំពុង​បន្ត​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​រីក​ចម្រើន​គួរ​ឱ្យកត់​សម្គាល់​។​ បច្ចុប្បន្ន ​ផលិត​ផល​ដែល​ផលិត​ក្នុង​ស្រុក​មាន​វត្ត​មាន​នៅ​ស្ទើរ​គ្រប់​ផ្សារ​ទំនើប​ និង​បណ្តាញ​ចែក​ចាយ​​ធំៗ​ ដោយ​ផ្តល់​ជម្រើស​កាន់​តែ​សម្បូរ​បែប​ដល់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​​ដែល​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់​។  ការកើនឡើងនៃវត្តមានផលិតផលក្នុងស្រុកនៅតាមផ្សារទំនើប បានឆ្លុះបញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​ផលិតក​ម្ម​ក្នុងស្រុក និងការកើនឡើងនៃសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ផលិតផលជាច្រើនប្រភេទ រួមមានចំណីអាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និង​ផលិតផលកែច្នៃផ្សេងៗ ត្រូវបានដាក់តាំងលក់យ៉ាងទូលំទូលាយ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​កាន់តែច្រើន។ ការរីកចម្រើននេះ កើតឡើងស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង​វិធាន​ការ​ជាច្រើន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព ស្តង់ដារ​ផលិត​កម្ម ការវេចខ្ចប់ ការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារថ្មីៗ។ ទន្ទឹមនឹងនេះ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក៏បានសហការជាមួយវិស័យឯកជនក្នុងការរៀបចំពិព័រណ៍ផលិតផល និងកម្មវិធី​ផ្សព្វ​ផ្សាយ​នានា ដើម្បីបង្កើនការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលដែលផលិតនៅកម្ពុជា។ តំណាងសហគ្រាសផលិតក្នុងស្រុក បានលើកឡើងថា ការគាំទ្រផលិតផលក្នុងស្រុក មិន​ត្រឹម​តែ​ជួយ​ពង្រឹងការអភិវឌ្ឍវិស័យផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ បង្កើន​ប្រាក់​ចំណូលដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាពផងដែរ។ ជាពិសេស ការប្រើប្រាស់ផលិតផលក្នុងស្រុក បានផ្តល់ជាកម្លាំង​ចិត្ត​ដល់​ម្ចាស់​សហគ្រាស​ក្នុង​ការ​ពង្រឹងកា​រ​ផលិតដោយផ្តោតលើស្តង់ដារ គុណភាព និងអនាម័យ​ឱ្យស្របទៅតាម​ស្តង់ដារ​ចំណី​អាហារ​។ ស្របពេលតម្រូវការទីផ្សារបន្តកើនឡើង និងអ្នក​ប្រើ​ប្រាស់​កាន់​តែ​ផ្តល់​អាទិភាព​ដល់​ផលិត​ផល​ដែល​មាន​គុណភាព ផលិតផលក្នុងស្រុក​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ឱកាស​ពង្រីក​ទីផ្សារ​កាន់​តែ​ទូលំ​ទូលាយ។ ការបន្តពង្រឹងគុណភាព ការច្នៃប្រឌិត និងការសហការរវាងរាជរដ្ឋាភិបាល វិស័យ​ឯកជន និងអ្នកផលិត នឹងក្លាយជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និង​លើក​កម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាទាំងនៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕ អត្ថបទ៖ ធូ វិរៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់បាន​កត់​ត្រាអ្នក​ស្លាប់​ខ្ពស់​បំផុត​ចំនួន​ ១៦.៣០០ករណី ទាក់ទងនឹងកម្ដៅ​
09/03/2026 06:09 PM
លោក PUTIN ៖ ទំនាក់ទំនងរវាងរុស្ស៊ី និងរដ្ឋបាលអាមេរិក នៅតែបន្ត
09/03/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ គ្មានភស្តុតាង បង្ហាញថា ម៉ារ៉ុករៀបគម្រោង​ឱ្យមនុស្ស​ឆ្លង​​ព្រំដែនចូល​​ដែនដី Ceuta
09/03/2026 06:09 PM
លោក PUTIN៖ ឥណ្ឌូនេស៊ីជាដៃគូសំខាន់របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍
09/03/2026 06:09 PM
ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្ច
09/03/2026 05:09 PM
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
09/03/2026 04:09 PM
ក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
09/03/2026 04:09 PM
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
09/03/2026 04:09 PM
អនុប្រធានទី១ CDC បង្ហាញពីការប្តេជ្ញារបស់កម្ពុជា លើការបោសសម្អាត Online Scams ដល់ធុរកិច្ចចិន
09/03/2026 04:09 PM
មន្ត្រីប៉ូឡូញ៖ NATO គ្មានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅប្រទេសបន្ថែមទៀត
09/03/2026 04:09 PM