វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
ក្នុងខែកញ្ញា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៣៦ គម្រោង​បន្ថែមទៀត មាន​ទុន​វិនិយោគសរុប ៤៧០លានដុល្លារ
អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជិត ១២ពាន់លានដុល្លារស្មើជាង ៤០% នៃការនាំចេញសរុប
ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

តំណាង ICCI ៖ វិនិយោគិនកូរ៉េចាប់អារម្មណ៍វិនិយោគលើការកែច្នៃកសិផល និងគ្រឿងសង្ហារិមនៅកម្ពុជា

2026/08/18 09:57:54 am        368
តំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ថ្លែងថា ក្រុមហ៊ុនកូរ៉េធំៗមួយចំនួន បានបង្ហាញបំណងក្នុងការមកបោះទុន វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល បន្ទាប់ពីគណៈប្រតិភូកម្ពុជា បើកយុទ្ធនាការផ្សព្វ ផ្សាយវិនិយោគនៅប្រទេសកូរ៉េកន្លងមក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារ និងសម្តែងការគួរសម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ដឹកនាំដោយលោក Park Joo-bon នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន ដែលបានសម្របសម្រួលលើការរៀបចំ «វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» កាលពីចុងខែមិថុនា កន្លងទៅ។ ក្នុងជំនួបនោះ, លោក Park Joo-bon ក៏ជម្រាបពីភាពជោគជ័យនៃយុទ្ធនាការផ្សព្វផ្សាយវិនិយោគកន្លងមក ដែលក្នុងនោះ មានបណ្តាញសារព័ត៌មានកូរ៉េចំនួន ៣៨ ស្ថាប័ន បានចុះផ្សាយ និងបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគ និងសហគមន៍ធុរកិច្ចកូរ៉េ អំពីសក្តានុពលរបស់កម្ពុជា និងបានបង្ហាញអំពីបំណងលើការមកបោះទុនវិនិយោគនៅកម្ពុជា ដោយផ្តោត លើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះធ្វើការចែករំលែក អំពីការវាយតម្លៃលើបរិយាកាសធុរកិច្ចល្អរបស់កម្ពុជា នៅ ក្នុងតំបន់អាស៊ាន ពីសំណាក់ស្ថាប័នព័ត៌មានអាម៉េរិក ហើយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ ក្នុងការបន្តធ្វើឱ្យកាន់ តែប្រសើរឡើងជាលំដាប់ ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត។ ឯកឧត្តមក៏បានជម្រាបអំពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងការធ្វើជា ម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញា ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានការចូល រួមពីគណៈប្រតិភូអន្តរជាតិជុំវិញពិភពលោក ក៏ដូចជាគណៈប្រតិភូពី FBI ផងដែរ។ លោកប្រធាន ICCI បានជម្រាបអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសជំនាញ ក្នុងនោះលោកបញ្ជាក់ឱ្យ ដឹងថា នឹងមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយរំពឹងថា នឹងទទួលបានការតម្រង់ទិស និងគាំទ្របន្ថែមពី ក.អ.ក. ផងដែរ។ ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ និងបានជម្រាបជូន គណៈប្រតិភូ Incheon CCI ថា ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួល សំដៅជំរុញ ឱ្យគម្រោងនេះលេចរូបរាងឡើង ដើម្បីជាប្រយោជន៍លើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ជំនាញបច្ចេកទេសកម្លាំងពលកម្ម កម្ពុជា ឱ្យចំទិសដៅទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញរបស់អ្នកវិនិយោគកូរ៉េនៅកម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ ចុះ​ទស្សន​កិច្ច​ពិនិត្យ​វឌ្ឍនភាព​ការ​គាំទ្រ​ប្រជា​កសិករ​ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង​ ខេត្តត្បូងឃ្មុំ

2026/08/18 09:46:11 am        258
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប(EU)​ ចុះ​ទស្សន​កិច្ច​ ពិនិត្យ​វឌ្ឍនភាពការគាំទ្រប្រជាកសិករ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង​ ខេត្តត្បូងឃ្មុំ។ក្នុងដំណើរចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី​ និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ បាន​ចុះពិនិត្យវឌ្ឍនភាពការគ្រប់គ្រងគាំទ្រប្រជាកសិករ​ ព្រមទាំងជួប​សំណេះ​សំណាល និង​ស្តាប់​នូវ​សំណើ​ សំណូមពរ​របស់ប្រជាកសិករ សំដៅបង្កើនការគាំទ្រដល់សហគមន៍កសិកម្ម​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និងចីរភាព។ គណៈប្រតិភូកម្ពុជា-សហភាពអឺរ៉ុប​ ក៏បាន​អញ្ជើញ​ធ្វើ​ជា​សក្ខីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ផលិតកម្ម​ រវាងសហគមន៍កសិកម្មជីរោទ៍រុងរឿង​ និងសហគ្រាសកែច្នៃផងដែរ៕

សហគ្រិន និងម្ចាស់អាជីវកម្ម កំពុងស្វែងយល់ពី​របាំង​បច្ចេកទេស​នាំចេញ​ផលិតផល​ទៅក្រៅប្រទេស

2026/08/17 01:10:52 pm        604
ប្រធានសមាគមចំនួនពីរ ជួបជាមួយសហគ្រិន និងម្ចាស់អាជីវកម្ម ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយអាជីវកម្ម លើខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្កង់ផលិតផលិផលលើទីផ្សារ ជាពិសេសការស្វែងយល់ និងការហែករបាំងបច្ចេកទេសជំរុញការ នាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសបន្ថែម។ ថ្នាក់ដឹកនាំសមាគម សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម នៅចុងសប្តាហ៍កន្លង​មកនេះ បានបើកកិច្ចពិភាក្សា និងពិគ្រោះ យោបល់ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមថ្លៃដើមផលិតកម្មដូចជា (ថ្លៃដើមផលិត, ពង្រឹងគុណភាពនិងស្តង់ដារ, ការប្រើប្រាស់ បច្ចេកវិទ្យា និងរបាំងបច្ចេកទេសទីផ្សារ) ក្នុងគោលដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញការផលិតនៅក្នុងដំណាក់កាលចុង ក្រោយនេះឃើញថា ល្បឿននៃការផលិតរបស់សហគ្រាសក្នុងស្រុកមានការកើនឡើងគួរកត់សម្គាល់ បើធៀបនៅពេលផ្ទុះឡើងនៃវិបត្តិ ជំងឺកូវីដ-១៩ និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ, តែទោះបីយ៉ាងណាសហគ្រិនទាំងអស់គឺត្រូវការជំនាញពិត និងជំនាញទន់ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះទុនវិនិយោគនៅមានកម្រិត ដើម្បីពង្រីកអាជីវកម្មបន្ថែម ដែលបញ្ហានេះសមាគមនិងស្វែងរកកិច្ចសហការជាមួយ ក្រសួងស្ថាប័ន និងដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងនៃការទទួលឥណទាន ក្នុងគោលដៅជំរុញការផលិតឱ្យកាន់តែធំ និងមានគុណភាព សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ឯកឧត្តមបន្ថែមថា ជាក់ស្តែងកិច្ចពិភាក្សារវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ជាមួយ សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម​ គឺដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែមពីទីផ្សារនាំចេញ ជាពិសេសស្តង់ដារអនាម័យ និង ភូតគាមអនាម័យ ការបង្កើនគុណភាពផលិតផល និងបង្កើតម៉ាកយីហោឱ្យមានភាពជឿជាក់ ក្នុងគោលដៅហែករបាំងបច្ចេកទេស ជំរុញការនាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសឱ្យកាន់តែច្រើន។ ចំណែកម្ចាស់អាជីវកម្ម បានបង្ហាញនូវមោទនភាពខណៈដែលពលរដ្ឋកម្ពុជា បាននិងកំពុងងាកមកប្រើប្រាស់ផលិតផលក្នុង ស្រុក ធ្វើឱ្យចលនាការផលិត នៅក្នុងខ្សែច្រវាក់ផលិតកម្មកំពុងបន្តមានកំណើន លើការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ឱកាសពង្រីកទីផ្សារក្រៅស្រុកបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ផលិតផលជាតិ និងគាំទ្រដល់កសិករដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុ ដើមផងដែរ។ ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតផល ខ្មែរបានហូរចូលលើទីផ្សារគួរកត់សកម្គាល់ ក្នុងនោះក៏មានផលិតផលមួយចំនួនបានកំពុងនំាចេញទៅក្រៅស្រុកផងដែរ ជាក់ស្តែងក្នុង រយៈពេល២ឆ្នាំមកនេះ ផលិតផលខ្មែរបាននាំចេញទៅកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ ព្រោះសមាគមមានដៃគូរសហការដើម្បីជួយសម្រួល ដល់ការនាំចេញផលិតផលរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញវិស័យឯកជនពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យក​ឧស្សាហកម្ម ៤.០ ឆ្លើយតបសេដ្ឋកិច្ចរបស់កម្ពុជា

2026/08/17 01:00:50 pm        424
តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យវិស័យឯកជន ពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យកឧស្សាហកម្ម ៤.០ ប្រើឱ្យបាន ពេញលេញ និងអស់សក្តានុពល ជំរុញពង្រីកខ្លួនក្នុងឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា ខណៈដែលវិស័យនេះកំពុងគាំទ្រដល់ការងារ និងកំណើនសេដ្ឋកិច្ច។    ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពី ជំរុញកាប្រកួតប្រជែងនៃឧស្សា- ហកម្មកម្ពុជា៖ “ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងភាពប្រកួតប្រជែងថ្នាក់តំបន់ និង សកល” នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ថា ជុំវិញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា មានការរីកចម្រើន ខ្លាំង និងបានផ្លាស់ប្តូរពីឧស្សាហកម្មធុនស្រាលបែបកាត់ដេរ និងស្បែកជើង ទៅជាឧស្សាហកម្មយានយន្ត អគ្គិសនី និងអេឡិចត្រូនិក។  ឧកញ៉ាបណ្ឌិត បន្តថា ទោះបីវិស័យឧស្សាហកម្មបានកំពុងផ្លាស់ប្តូរយ៉ាងលឿន ក្នុងនោះក៏មានប្រទេសមួយចំនួនបានដើរហួស ពីឧស្សាហកម្ម ៤.០ ក៏ដោយ តែសម្រាប់កម្ពុជា ការការចាប់វិស័យនេះមិនទាន់អស់សក្តានុពលនៅឡើយ ដែលត្រូវការបន្តពង្រឹង សមត្ថភាពបន្ថែមទៀត នៃការចាប់យកឧស្សាហកម្ម ៤.០ នេះ សម្រាប់ប្រើនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ខណៈដែលវិស័យទាំងនេះនៅតែដើរតួយ៉ាងសំខាន់ ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា គាំទ្រដល់ការងារ ប្រាក់ចំណូលក្នុងគ្រួសារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែ កក្កដា ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងមានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគ សរុបប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន និងមានកម្លាំងពលកម្ម ជាង ១,៣ លាននាក់។ ចំណែកការនាំចេញវាយនភណ្ឌវិញ, ក្នុងរយៈពេល ៧ ខែនេះដែរ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជិត ១០%, ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ជាង ១,៣ ពាន់លានដុល្លារ កើនជិត ១០% និងការនាំចេញវាយនភណ្ឌកែច្នៃផ្សេងៗទៀតជាង ២៥៤ លានដុល្លារ កើនជិត ៤៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី 

កសិករនៅខេត្តកំពង់ឆ្នាំង កាក់កបជាមួយរបរដាំដុះផ្សិតអំបោះលក់ទៅកាន់ទីផ្សារ​ខណៈកំពុងមានតម្រូវការខ្ពស់

2026/08/17 11:53:30 am        377
ផ្សិតអំបោះ ជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយគេអាចយកទៅច្នៃធ្វើជាម្ហូបអារហារបានជាច្រើនមុខ និងលក់ដាច់ជាងគេនៅលើទីផ្សារគ្រប់ទីកន្លែង ខណៈកសិករម្នាក់រស់នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះថា ការដាំផ្សិតនេះ មានងាយស្រួលដាំហើយអាចទទួលបានផលលក់ដូរជារៀងរាល់ថ្ងៃ។ លោក សយ ចាន់ណា ជាកសិករគំរូនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គាត់បានទៅរៀនពីបច្ចេកទេសដាំដុះផ្សិតអំបោះនេះពីអ្នកជំនាញក្នុងខេត្តកំពង់ចាម និងរៀននៅខេត្តកំពត។ ក្រោយចេះច្បាស់ជំនាញនេះ ក៏បានមកសាកល្បងបណ្តុះផ្សិតអំបោះនេះឡើងដើម្បីទុកជាបទពិសោធន៍សម្រាប់បង្កើតកសិដ្ឋានផ្ទាល់ខ្លួននៅស្រុកកំណើត ក្នុងគោលបំណងចែកចាយលក់ដូរនៅលើទីផ្សារឱ្យបាន ទូលំទូលាយ ប៉ុន្តែរយៈពេលពីរឆ្នាំដំបូងមិនសូវទទួលបានផលល្អទេ។ កសិកររូបនេះបន្តថា ក្រោយពីបានព្យាយាមសាកល្បងបណ្តុះផ្សិតអំបោះបន្តទៀត រួមនឹងការផ្តល់បទពិសោធន៍បន្ថែមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងផងនោះ គាត់ទទួលបានជោគជ័យលើការដាំផ្សិតអំបោះនេះលក់ទៅកាន់ទីផ្សាររយៈពេល១០ឆ្នាំមកហើយ។ លោក ចាន់ណា បញ្ជាក់ថា ជារៀងរាល់ថ្ងៃគាត់បានទទួលផលពីផ្សិតអំបោះចាប់ពី១០ទៅ១៥គីឡូក្រាម និងអាចលក់ចេញក្នុង១គីឡូក្រាមតម្លៃពី៦ទៅ៧ពាន់រៀល ហើយជាអ្នកទិញក្នុងភូមិស្រុកគាត់តែងមកទិញគ្មានសល់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យគាត់អាចរកចំណូលពីការលក់ផ្សិតអំបោះនេះបានចាប់ពី៧ទៅ១០ម៉ឺនរៀលក្នុង១ថ្ងៃ។ លោកបានបន្តថា ដំបូងកុំថាឡើយដាំដុះផ្សិតប្រភេទនេះ អ្នកភូមិរបស់គាត់មិនស្គាល់អ្វីទៅដែលហៅថា ផ្សិតអំបោះផង តែក្រោយពីបានភ្លក្សរសជាតិម្តងហើយ អ្នកភូមិតែងមករកទិញម្តងទៀត ដែលកត្តានេះបានធ្វើឱ្យគាត់បានពង្រីកថ្នាលបណ្តុះបន្ថែមទៀតដើម្បីតំរូវតាមទីផ្សារក្នុងភូមិស្រុកគាត់។ បច្ចុប្បន្នមានកសិករជិតឆ្ងាយ និងមានរហូតដល់ខេត្តដទៃទៀត គេបានបញ្ជាទិញនូវកញ្ចប់ផ្សិតអំបោះយកទៅដាំដុះ ជារៀងរាល់សប្តាហ៍ ដែលគាត់អាចលក់បានចាប់ពី ៥០០ទៅ១០០០កញ្ចប់ ដោយក្នុង១កញ្ចប់តម្លៃ ១៥០០រៀល។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ផ្សិតអំបោះ គឺជាប្រភេទផ្សិតដែលងាយស្រួលបណ្តុះ ការចំណាយថវិកាក៏តិច ប្រើកម្លាំងពលកម្មក៏តិច វត្ថុធាតុដើមដែលយកមកប្រើប្រាស់ជាកាកសំណល់ដែលងាយស្រួលរកមកបណ្តុះ ដែលមាន ដូចជាអាចម៍រណា គ កន្ទក់ ស្រូវ ម្សៅ អង្ករដំណើប ជីអ៊ុយរេ និងកំបោរស ប៉ុន្តែវាទាមទារឱ្យអ្នកដាំដុះត្រូវមានភាពអំណត់ព្យាយាម ជាពិសេសបំផុតផ្តោតលើការអនុវត្តតាមលក្ខណៈបច្ចេកទេស និងអនាម័យឱ្យបានស្អាតជានិច្ច។ លោកបានប្រធានមន្ទីរបានអំពាវនាវដល់ប្រជាកសិករ កុំទុកដីនៅក្នុងភូមិដ្ឋានឱ្យនៅទំនេរ ត្រូវខិតខំព្យាយាមដាំដុះបន្លែបង្កា ចិញ្ចឹមសត្វមាន់ទា ត្រី កង្កែប ខ្យង កំពឹស បង្កង ហើយមន្ទីរកសិកម្មខេត្តរង់ចាំជួយផ្តល់បទពិសោធន៍ បច្ចេកទេសផ្នែកកសិកម្មជានិច្ច៕ អត្ថបទ៖ កាំង ហុង វាស្នា    

គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ

2026/08/13 03:13:13 pm        449
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណ ២៨ ប៊ីលានដុល្លារ អាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសម្ពោធជាផ្លូវ ការ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ, ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់​ និងវាយនភណ្ឌអន្តរជាតិ, ពិព័រណ៍ឧស្សាហ- កម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះថា ការអភិវឌ្ឍ ឧស្សាហកម្មបច្ចុប្បន្នកំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលទាំងអស់នេះបង្ហាញអំពីទំនុកចិត្តដល់អ្នកវិនិយោគ ជំនួសស្ថិរភាព សក្តានុពល និងអនាគត នៃឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញឧស្សាហកម្មនេះ បើគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុង ដំណើរការ ដែលបានចុះបញ្ជីនៅក្រសួង សរុបមានចំនួន ៣.៣៥៧ រោងចក្រ, កម្លាំងពលកម្មជាង ១,៣ លាននាក់ ក្នុងនោះស្រីមាន ជាង ៩៥ ម៉ឺននាក់ ស្មើនឹង ៧០%។ ទុនវិនិយោគសរុបមានប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៦,២ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងជាង ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក អាកៃ លីន (Akai Lin) នាយកទទួលបន្ទុកកិច្ចការក្រៅប្រទេស លើកឡើងថា ជុំវិញការអភិវឌ្ឍនេះ កម្ពុជាមានការរីក ចម្រើនគួរកត់សម្គាល់ ក្នុងនោះកម្ពុជាក៏កំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាង មុខ បញ្ហានេះអ្នកផលិតមួយចំនួនកំពុងដោះស្រាយបញ្ហានៅក្នុងផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពពង្រីកជាសកល លើការ ប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ និងដំណោះស្រាយរោងចក្រដ៏ឆ្លាតវៃជាដើម។ លោកបន្តថា ការផ្លាស់ប្តូរនេះមិនមែនជាភាពងាយ ស្រួលប៉ុន្មាននោះទេ ប៉ុន្តែនេះជាការបង្កើតនូវឱកាសសម្រាប់ធុរកិច្ចដើម្បីវិនិយោគ ពង្រីកទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ លោក បន្តថា គោលបំណងនៃការរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនេះ ដើម្បីបំបែកនូវគម្លាតរវាង ទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងគោលដៅបង្កើននូវឱកាសថ្មី ដើម្បីផ្តល់ដល់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា គាំទ្រដល់ការរីកចម្រើន ជាសកល។ លោកក៏រំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនេះ នឹងជួយ ដល់ម្ចាស់ផលិតកម្ម អាជីវកម្ម និងការស្វែងរកនូវលទ្ធភាពថ្មី អាចតភ្ជាប់រវាងឧស្សាហកម្មក្រៅស្រុកនិងក្នុងស្រុក ដើម្បីការរីកចម្រើន ទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី 

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម

2026/08/12 03:58:44 pm        531
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យ​ឯកជន​ចាប់​យក​បច្ចេក​វិទ្យា​ឌីជីថល​ ដែលមានលក្ខណៈកាន់តែ នវានុវត្តន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សមត្ថភាព និង​គុណ​ភាព​នៃផលិតកម្ម កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានា នូវភាពប្រកួត​ប្រជែង​ក្នុង​ទីផ្សារ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តជាតិស្តីពី​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មី​ឆ្នាំ​២០២៦-២០៣០» នៅថ្ងៃទី១១ សីហា នេះថា រាជរដ្ឋាភិបាលជំរុញ និងការ​លើក​កម្ពស់​ ការធ្វើធុរកិច្ចគ្រប់ប្រភេទ ពិសេសធុរកិច្ចថ្មីដែលមានលក្ខណៈនវានុវត្តន៍ និងប្រើប្រាស់​បច្ចេក​វិទ្យាឌីជីថលជា «ស្នូល» សំដៅបង្កើន សមត្ថភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពតំបន់ និងសកល មានភាពមិនប្រាកដប្រជាកាន់តែ ខ្ពស់ និងស្របពេលដែលតំបន់ និងពិភពលោកទាំងមូលកំពុងផ្តល់អាទិភាពខ្ពស់ លើការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសវឌ្ឍនភាពចុងក្រោយនៃបញ្ញាសិប្បនិម្មិត AI ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ ការរៀនសូត្រ ការប្រកប អាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជនទូទៅក្នុងយុគសម័យទំនើបនេះ ពោលគឺបច្ចេកវិទ្យាឌីជីថល បានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច ហើយបានក្លាយជាកាតាលីករដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការជំរុញនវានុវត្តន៍ និង កណើន ក៏ដូចជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ។ សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែល មានលក្ខណៈកាន់តែនវានុវត្តន៍ គឺជាឧត្តមភាពមួយថ្មី និងជួយលើកកម្ពស់ប្រសិទ្ធភាព សមត្ថភាព និងគុណភាពនៃផលិតកម្ម កាត់ បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ ។ ទាក់ទិនបច្ចេកវិទ្យាឌីជីថល, បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជាទិសដៅរបស់សមាគម គឺ មានផែនការពង្រឹង និងពង្រីកចំណេះដឹងដល់សហគ្រិនលើផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីទាញយកសក្តានុពលនៃបរិវត្តកម្មឌីជីថល សម្រាប់ជាមូលដ្ឋានគ្រឹះពង្រឹងអាជីវកម្ម និងការធ្វើពាណិជ្ជកម្ម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះដែរ ចំពោះវិស័យសាធារណៈ បាននិងកំពុងដើរតួនាទីជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញការកែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការ- ផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ចថ្មី ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេសឲ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការសំណូមពរ និង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងធុរជន៕ អត្ថបទ៖ សុន រ៉ាឌី 

រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១

2026/08/12 03:30:57 pm        402
រាជរដ្ឋាភិបាលបានទម្លាក់ការព្យាករសេដ្ឋកិច្ចឆ្នាំ២០២៦ មកនៅត្រឹមរង្វង់ ៤,១% ក្រោម​មូលដ្ឋាន​សម្មតិកម្ម និងសូចនាករម៉ាក្រូ សេដ្ឋកិច្ច ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ និងការគួបផ្សំ​នៃការ​ពិគ្រោះ​យោបល់​ជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធនានា។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៦ ឱ្យដឹងថា តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កំណើនសេដ្ឋ កិច្ចកម្ពុជាត្រូវបានព្យាករ នឹងសម្រេចបានក្នុងអត្រា ៥,០%, ដែលការវាយតម្លៃនេះត្រូវបានធ្វើឡើងនៅមុនពេលកម្ពុជាទទួលរងនូវកម្ម វិបាកផ្ទួនៗ ពោលគឺមុនការផ្ទុះឡើងនៃសង្គ្រាមឈ្លានពានពីប្រទេសថៃជាលើកទី២, និងការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលរំពឹងគាំទ្រដោយ៖ (១)-ការបន្តរក្សាបាននូវចលនការរឹងមាំនៃវិស័យបម្រើដល់ការនាំចេញ ជាពិសេសវិស័យកម្មន្តសាលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ, (២)- ការបន្តងើបឡើងនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ, អនុវិស័យលក់ដុំ-រាយ, និងអនុវិស័យសំណង់-អចលនទ្រព្យ ដែលរំពឹងថាបន្តមាននិន្នាការវិជ្ជមាន និង (៣) វិស័យកសិកម្ម នឹងបន្តរក្សាបានស្ថិរភាពនៃ កំណើន។ សេដ្ឋកិច្ចកម្ពុជានៅបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថា ខណៈដែលការប្រែប្រួលរបបពាណិជ្ជកម្មសកល, ការបង្ក្រាបសកម្មភាពទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាព្រំដែនកម្ពុជា-ថៃ បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានកំពុងផ្ទុះឡើង។ ផ្អែកលើការវិវត្តនេះ, ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចក្នុងឯកសារក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧- ២០២៩ បានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ពីអត្រា ៥,០% មកត្រឹមអត្រា ៤,២% ដោយសារ (១)-ផលប៉ះពាល់ ជាអវិជ្ជមាននៃការកើនថ្លៃប្រេងឥន្ធនៈសកល មកលើសកម្មភាពសេដ្ឋកិច្ចមួយចំនួនមាន វិស័យកសិកម្ម, ទេសចរណ៍, និងដឹកជញ្ជូន ខណៈការកើនឡើងសម្ពាធអតិផរណា បានបន្ទច់បង្អាក់ដល់សកម្មភាពចាយ និងប្រើប្រាស់ក្នុងស្រុក, (២)-កម្មវិបាកនៃការបន្តបិទខ្ទប់ ព្រំដែនកម្ពុជា-ថៃ មកលើវិស័យទេសចរណ៍, ការនាំចេញកសិផល និងប្រាក់បង្វែរឯកជន, និង (៣)- ផលប៉ះពាល់ជាអវិជ្ជមានក្នុង រយៈពេលខ្លី នៃការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកលើវិស័យសំណង់-អចលនទ្រព្យ និងវិស័យទេសចរណ៍។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ, ខណៈស្ថានភាពសេដ្ឋកិច្ចជារួម មានការវិវត្តទៅក្នុងទិសដៅដូចការរំពឹងទុកពីដើមឆ្នាំ ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមក៏ដោយ, ប៉ុន្តែនិន្នាការកំណើនតាមវិស័យ និងអនុវិស័យមួយចំនួនមានការប្រែប្រួល ខ្លាំង ដោយសារការទទួលរងនូវកម្មវិបាកក្នុងទំហំធំជាងការរំពឹងទុក ពិសេសវិស័យទេសចរណ៍ដែលទទួលកម្មវិបាកជាអវិជ្ជមានពេញ ទំហឹង ពីការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងខណៈដែលវិស័យកសិកម្ម ក៏ទទួល រងនូវផលប៉ះពាល់ជាងការរំពឹងទុក ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងធាតុចូលកសិកម្មមួយចំនួនដូចជាជីកសិកម្ម និងប្រេងជាដើម។ ក្រោមមូលដ្ឋានសម្មតិកម្ម និងសូចនាករម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេល៦ខែ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ, កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦នេះ ត្រូវបានវាយតម្លៃឡើងវិញថា នឹងសម្រេចបានក្នុងអត្រា ៤,១% ប៉ុណ្ណោះ។ កំណើនជារួម ទាបជាងការរំពឹងទុកបន្តិច ដោយសារការថមថយជាងការគ្រោងទុកនូវកំណើននៃវិស័យកសិកម្ម និង ទេសចរណ៍ និងការថមថយបន្តិចនូវកំណើននៃវិស័យកាត់ដេរ ខណៈដែលវិស័យលក់ដុំ-រាយ, ហិរញ្ញវត្ថុ, និងសំណង់-អចលនទ្រព្យ រក្សាបានកំណើនដូចការគ្រោងទុក។ ដោយឡែកវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានវាយតម្លៃ ថា សម្រេចបានកំណើនល្អជាងការរំពឹងទុក ដែលនឹងជួយយឺតយោងកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ជារួម៕ អត្ថបទ៖ សុន រ៉ាឌី 

សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

2026/08/12 02:14:51 pm        565
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA) ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២៦ បានសង្កេតឃើញថា នាពេលថ្មីៗនេះ អង្គការលីកាដូ (LICADHO) និង​បណ្តាញសារព័ត៌មានមួយ ចំនួនបន្តចេញផ្សាយ និងចែករំលែក​វីដេអូ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ករណី​អតិថិជន​មួយចំនួនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានកើតឡើងកន្លងមក។ សមាគមទាំងពីរ គោរពតួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការយល់ ដឹងរបស់សាធារណជន និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា វីដេអូឯកសារ ទាំងនោះបានបង្ហាញតែទិដ្ឋភាពមួយផ្នែកនៃអង្គហេតុ ដោយពុំបានឆ្លុះបញ្ចាំងពេញលេញអំពីវិធានការដែលបាន អនុវត្តជាបន្តបន្ទាប់ វឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ននៃករណីនីមួយៗឡើយ។ ការបង្ហាញព័ត៌មានដោយខ្វះ បរិបទពេញលេញបែបនេះ អាចធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ឬយល់ខុសពីស្ថានភាពជាក់ស្តែង ព្រមទាំង ប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដូច្នេះ សមាគមទាំងពីរ សូមលើកទឹក ចិត្តឱ្យការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីទាំងនេះ ធ្វើឡើងឱ្យបានពេញលេញ ត្រឹមត្រូវ និងមានតុល្យភាព ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងរួមបញ្ចូលទាំងបរិបទ ពេលវេលា ការវិវត្ត វិធានការដែលបានអនុវត្តជា បន្តបន្ទាប់ និងស្ថានភាពចុងក្រោយនៃករណីនីមួយៗ។ សមាគមទាំងពីរ បន្តយកចិត្តទុកដាក់តាមដានយ៉ាងហ្មត់ចត់ចំពោះការពិនិត្យ និងដោះស្រាយបណ្ដឹងប្រកបដោយគោលការណ៍យុត្តិធម៌ តម្លាភាព ទាន់ពេលវេលា និងរក្សាការសម្ងាត់ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ផ្នែកតាមព័ត៌មានដែលបានបញ្ជាក់ដោយគ្រឹះស្ថានពាក់ព័ន្ធ ករណីដែលត្រូវបានលើកយកមកបង្ហាញក្នុង វីដេអូទាំងនេះ ត្រូវបានសម្របសម្រួល ពិនិត្យ តាមដាន និងដោះស្រាយតាមនីតិវិធីជាធរមាន ដោយមានការព្រម ព្រៀងរវាងអតិថិជន និងគ្រឹះស្ថានពាក់ព័ន្ធផងដែរ។ កន្លងមក សមាគមទាំងពីរ ធ្លាប់បានអញ្ជើញអង្គការលីកាដូ ព្រម ទាំងអង្គការសង្គមស៊ីវិលផ្សេងៗទៀត មកចូលរួមកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្នុងកិច្ចសន្ទនាកម្រិត ខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីស្វែងរកដំណោះស្រាយ និងការពារផលប្រយោជន៍ ជូនប្រជាជន ប៉ុន្តែអង្គការលីកាដូពុំបានចូលរួមឡើយ ហើយនៅតែបន្តផ្សព្វផ្សាយវីដេអូឯកសារជាបន្តបន្ទាប់ ក្នុង ចេតនាបម្រើផលប្រយោជន៍អង្គការ និងពុំបានចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ។ គួរបញ្ជាក់ជូនថា ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» បានដាក់ចេញនូវសកម្មភាព អាទិភាពចំនួន ២២ សម្រាប់ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីអនុវត្ត ជាពិសេសទៅលើកិច្ចការពារអតិថិជន។ ក្នុងចំណោមសកម្មភាពអាទិភាពនោះ ភាគីពាក់ព័ន្ធបានអនុវត្តបញ្ចប់ចំនួន ១៤សកម្មភាពអាទិភាព និង៨សកម្មភាពអាទិភាពកំពុងអនុវត្តបន្ត។ សមាគមទាំងពីរ បន្តប្តេជ្ញាចិត្តអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងសហការជាមួយភាគី ពាក់ព័ន្ធ ដើម្បីពង្រឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន ការដោះស្រាយ បណ្ដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។ សមាគមទាំងពីរ នៅតែបន្តកិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាមួយភាគីពាក់ ព័ន្ធទាំងអស់ ដើម្បីសម្រេចបានដំណោះស្រាយជាក់ស្តែង កិច្ចការពារអតិថិជន និងពង្រឹងទំនុកចិត្តសាធារណជន មក លើប្រព័ន្ធធនាគារ៕ អត្ថបទ៖ ធូ វិរៈ 

គិតត្រឹមខែឧសភាឆ្នាំនេះ CGCC បានធានាឥណទានមានទំហំជាង ៥៧៥លានដុល្លារ គាំទ្រ​ដល់​អាជីវកម្ម និងពាណិជ្ជកម្ម

2026/08/06 02:35:43 pm        278
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ បានធានា​ឥណទាន​​មាន​ទំហំទឹកប្រាក់សរុបជាង ៥៧៥ លានដុល្លារអាមេរិក នៃកម្ចី​របស់​សហគ្រាស​ក្នុង​ស្រុក ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម។  លោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លើកឡើងក្នុងកិច្ចពិភាក្សា ស្តីពីអត្ថប្រយោជន៍ និង ឱកាសនៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុងវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា CGCC គឺជាស្ថាប័នគាំទ្រលើការធានាឥណទានរបស់រាជរដ្ឋាភិបាល ពោលគឺ ការធានាលើប្រាក់កម្ចីដែលធនាគារផ្តល់ឱ្យម្ចាស់ អាជីវកម្ម ដោយ CGCC ធានាទៅលើហានីភ័យឥណទាន ក្នុងនោះប្រសិនបើ CGCC ធានាលើកម្ចីណាមួយ ហើយកម្ចីនោះត្រូវខូច ខាត (អ្នកខ្ចីអត់មានលទ្ធភាពសងត្រឡប់មកធនាគារ) ធនាគារដែលជាដៃគូអាចមកទារសំណងពី CGCC ដោយផ្ទាល់។ លោក បន្តថា តាមរយៈនៃការធានាឥណទារបស់ CGCC នេះ គឹបានបង្កើតទំនុកចិត្តដល់ធនាគារ ក្នុងការផ្តល់ឥណទានទៅ ម្ចាស់អាជីវកម្ម ដែលតាមរយៈនេះ គឺការចូលរួមបង្កើនលទ្ធភាពនៃការផ្តល់ឥណទាន ដោយបញ្ចេញឥណទានច្រើនជាងមុន និងម្ខាង ទៀតគឺគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម ជាក់ស្តែងតាមរយៈនៃការទទួលបានឥណទាន នេះ បានកាត់បន្ថយនូវលក្ខខណ្ឌតម្រូវជាច្រើន ធ្វើឱ្យម្ចាស់អាជីវកម្មទទួលបានឥណទានងាយជាងមុនផងដែរ។ លោក ណូ លីដា បន្តឱ្យដឹងថា ជុំវិញការធានាឥណទាននេះ CGCC មានផែនការធានាឥណទានក្នុងមួយឆ្នាំឱ្យបានជាង ២០០ លានដុល្លារអាមេរិក ជាក់ស្តែងគិតត្រឹមរយៈពេល ៧ ខែ ឆ្នាំ២០២៦នេះ សាជីវកម្មធានាឥណទានកម្ពុជា បានអនុវត្តជិត ៥០ ភាគរយរួចចហើយ ក្នុងនោះបើគិតសរុបទំហំឥណទានដែលសាជីវកម្មធានាឥណទានកម្ពុជាបានធានា ត្រឹមខែឧសភា ឆ្នាំ២០២៦ នេះ, មានចំនួនប្រមាណជាង ៥៧៥ លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានចាក់បញ្ជូលទៅក្នុងទុនបង្វឹលរបស់ម្ចាស់ អាជីវកម្មជិត ១ ម៉ឺនក្រុមហ៊ុន/សហគ្រាស។ តាមរយៈនៃវេទិកានេះដែរ, លោក ណូ លីដា ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មរួមមាន សហគ្រាសមីក្រូ តូច មធ្យម និងធំ ដែលគិតថាសហគ្រាសរបស់ខ្លួនមានសក្តានុពល និងមិនទាន់ទទួលបានព័ត៌មានលើការធានាឥណទាន សូមទាក់ទងទៅកាន់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីទទួលបានការពិគ្រោះយោបល់ និងណែនាំធនាគាដែលជាដៃគូ ក្នុងការទទួលបាន ឥណទានសម្រាប់ការស្តារអាជីវកម្ម ក៏ដូចជាពង្រឹងអាជីវកម្មឱ្យរីកចម្រើន ព្រោះ CGCC ធានានូវគ្រប់ប្រភេទឥណទានទាំងអស់ ដូចជា ឥណទានសម្រាប់ទុនបង្វឹង និងឥណទានសម្រាប់ការវិនិយោគរយៈពេលខ្លី និងវែងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM