វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
ក្នុងខែកញ្ញា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៣៦ គម្រោង​បន្ថែមទៀត មាន​ទុន​វិនិយោគសរុប ៤៧០លានដុល្លារ
អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជិត ១២ពាន់លានដុល្លារស្មើជាង ៤០% នៃការនាំចេញសរុប
ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

វិស័យឯកជន៖ ការវិនិយោគលើកម្លាំងពលកម្មជំនាញ កាន់តែទាក់ទាញវិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅកម្ពុជា

2026/08/05 03:05:01 pm        430
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនក្នុងវិស័យយានយន្តនៅកម្ពុជា បានលើកឡើងថា ជាការកត់សម្គាល់ទៅលើការវិនិយោគកម្លាំងពលកម្មជំនាញរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនលើឧស្សាហកម្មបច្ចេកវិទ្យា និងទំនើបកម្មនៅកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយ លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) នាព្រឹកថ្ងៃទី៥ ខែសីហានេះ លោកបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ពិតជាមានមោទនភាពដែលក្រុមហ៊ុនបានពាំនាំនូវការវិនិយោគមួយដ៏ធំ ជាពិសេសការបើករោងចក្រដំឡើងនិងផលិតរថយន្តនៅកម្ពុជា។ លោកបានបន្តថា សម្រាប់ក្រុមហ៊ុនក៏រីករាយសហការជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបតម្រូវការលើវិស័យយានយន្តនេះ។ លោកបានឱ្យដឹងទៀតថា ជាមហិច្ឆតារបស់ក្រុមហ៊ុន ក៏ដូចជាមហិច្ឆតារបស់រាជរដ្ឋាភិបាល គឺចង់ឱ្យ កម្ពុជាក្លាយជាប្រទេសផលិតរថយន្ត ពោលមិនមែនផលិតតែក្នុងស្រុកទេ គឺអាចនាំចេញទៅក្រៅថែមទៀត ហើយក្រុមហ៊ុនក៏គ្រោងនឹងផលិតគ្រឿងបន្លាស់មួយចំនួនទៀត ដូច្នេះតម្រូវការកម្លាំងពលកម្មជំនាញក៏កាន់តែមានខ្ពស់ដែរដើម្បីឆ្លើយតបទៅនឹងត​ម្រូវការផលិត និងបំពេញចំណុចខ្វះខាតនៅក្នុងវិស័យឧស្សាហកម្មនានា ជាពិសេសវិស័យយានយន្តនេះតែម្តង។ លោកបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បាន​មើលឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ទាំងមូល គឺបានចូលរួមយ៉ាងសកម្មជាមួយឧស្សាហកម្ម​យានយន្តនៅកម្ពុជាតែម្តង។ អញ្ចឹងសង្ឃឹមថា ប្រទេសកម្ពុជាមិនមែនត្រឹមតែផលិតតែរថយន្តទេ គឺអាចផលិតជាគ្រឿងបន្លាស់ផ្សេងៗទៀត ដែលបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុកុ។ លោក សាយ រតនៈ បានបញ្ជាក់ថា ទាក់ទិនកម្លាំងពលកម្មជំនាញនេះដែរ បើសិនជាកម្ពុជាមានធនធានច្រើន ទី១.អាចជំរុញឱ្យកម្ពុជា ជាកន្លែងទាក់ទាញវិនិយោគធំៗ ទី២.ប្រជាពលរដ្ឋដែលមានជំនាញច្បាស់លាស់មួយក្នុងជីវិត គឺអាចងាយស្រួលរកប្រាក់ចំណូលបានខ្ពស់ចិញ្ចឹមជីវិតបានយ៉ាងល្អ។ ដោយឡែក វិស័យឯកជនក៏សប្បាយចិត្ត ដោយសារមានធនធានល្អៗវិនិយោគលើធនធានមនុស្ស។ និយាយជារួម ភាគីដែលទទួលផលចំណេញចុងក្រោយគេ គឺប្រទេសកម្ពុជាទំាងមូលតែម្តង ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិឈានទៅរកភាពរីកចម្រើន។ នេះតាមការបញ្ជាក់បន្ថែមរបស់លោក រតនៈ។ ជាមួយនេះ លោកបានអំពាវនាវដល់យុវជន ឱ្យងាកចាប់យកជំនាញមួយច្បាស់លាស់ ពិសេសចូលរៀនជំនាញវិស័យបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀនរយៈពេលខ្លី ងាយស្រួលស្វែងរកការងារ និងមានចំណូលបានច្រើន។ និងបានអំពាវនាវបន្ថែមទៀតទៅដល់អាណាព្យបាលទាំងអស់ ជំរុញកូនចៅចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានបញ្ជាក់ដដែលទៀតថា មានតែវិស័យបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាច្រកដ៏សំខាន់ក្នុងការជំរុញឱ្យការរៀនត្រឹមរយៈពេលខ្លី តែអាចរកចំណូលបានលឿន និងច្រើនទៅតាមសមត្ថភាពជាក់ស្តែង ខណៈរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងណាស់ និងគ្រប់សកម្មភាពដើម្បីទាក់ទាញអ្នកវិនិយោគិនពីបរទេស និងស្វែងរកទីផ្សារពាណិជ្ជកម្មអន្តរជាតិមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦នេះរោងចក្រ សហគ្រាសនៅកម្ពុជា បានកើនឡើងចំនួនជាង ៨០០រោងចក្រ សហគ្រាស និងបានបង្កើតឱកាសការងារជាង ៩ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕

ប្រធាន IDI៖ កម្ពុជានឹងបន្តស្រូបយកការវិនិយោគបន្ថែម ខណៈក្រុមហ៊ុនជាច្រើន​កំពុង​ចាប់​អារម្មណ៍​ការធ្វើធុរកិច្ចនៅកម្ពុជា

2026/08/05 11:00:48 am        405
ប្រធានក្រុមប្រឹក្សាភិបាលសមាគម (IDI) រំពឹងថាកម្ពុជា​នឹង​បន្ត​ស្រូប​យក​វិនិយោគិន​បរទេស​មក​បណ្តាក់​ទុន​បន្ថែមទៀត ជាពិសេស លើឧស្សាហកម្មធុនកណ្តាល និងធុនធ្ងន់ និងត្រូវការ​កម្លាំង​ពលកម្ម​ច្រើន ខណៈក្រុមហ៊ុនមេមួយដែលមានបុត្រសម្ព័ន្ធជាង ១ ៨០០ សហគ្រាស បានកំពុង​សម្លឹង​មើល​ឱកាសវិនិយោគនៅកម្ពុជា។ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និង​អភិវឌ្ឍន៍​ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីបរិយាកាសវិនិយោគ និងការ​ធ្វើ​ធុរកិច្ច​ផ្សេង​ៗនៅកម្ពុជាថា ជុំវិញបរិយាកាសវិនិយោគ, រាជរដ្ឋាភិបាល កម្ពុជាបានដា​ក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគថ្មី និងអនុក្រឹត្យពាក់ព័ន្ធដែលសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមរយៈយន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ ការលើកលែងពន្ធលើប្រាក់ចំណូល និង​ការ​លើក​លែងពន្ធនាំចូលលើធាតុចូលផលិតកម្ម រួមជាមួយការប្រើប្រាស់យន្តការច្រកចេញ-ចូល​តែ​មួយ ដើម្បីទាក់ទាញ និងជំរុញវឌ្ឍនភាពធុរកិច្ចជាដើម។ ឧកញ៉ាបណ្ឌិត បន្តថា តាមរយៈឱកាសវិនិយោគនេះដែរ សមាគម IDI ក្នុងនាមជាវិស័យឯកជន បានកំពុងយកចិត្តទុកដាក់ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានសហការជាមួយក្រុមហ៊ុន ញូវតាចេន ដែលក្រុមហ៊ុនមួយនោះមានបុត្រសម្ព័ន្ធជាង ១ ៨០០ សហគ្រាស ទាំងនៅក្នុងប្រទេសចិន និងក្រៅប្រទេសផងដែរ។ តាមរយៈនេះ ក្រុមហ៊ុន ញូវតាចេន គឺជាស្ពានផ្សារភ្ជាប់ទៅដល់ សហគ្រាសទាំងនោះយ៉ាងសំខាន់ ក្នុងការអូសទាញមកវវិនិយោគនៅកម្ពុជា។ ឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ក្រុមហ៊ុន ញូវតាចេន បាន ចុះមកសិក្សានៅកម្ពុជា ពីឱកាសវវិនិយោគច្រើនលើករួចមកហើយ នឹងបានឱ្យតម្លៃខ្ពស់អំពីសក្តានុពលវវិនិយោគនៅកម្ពុជាផងដែរ ហើយតាមរយៈនេះ ឧកញ៉ាបណ្ឌិត រំពឹងថា កម្ពុជានឹងស្រូបយកឱកាសវិនិយោគបន្ថែមទៀត ជាពិសេសលើឧស្សាហកម្មកណ្តាលធុន ធ្ងន់ និងធុនធ្ងន់ផ្សេងៗទៀត ដើម្បីឱ្យកម្ពុជាឈានទៅប្រកួតប្រជែងខ្សែច្រវាក់ផលិតកម្មសកល។  ទាក់ទិនកាវិនិយោគ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែល មានមិនប្រាកដប្រជាខ្ពស់ ដើម្បីគាំពារកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យដែលរំពឹងទុកនឹងមានកំណើនយឺត លើកកម្ពស់ភាពប្រ កួតប្រជែងបង្កើនពិពិធកម្ម និងការសម្របខ្លួនទៅនិងការប្រែប្រួលនៃរបរពាណិជ្ជកម្មអន្តរជាតិ។ ជុំវិញការវិនិយោគនេះ, នៅក្នុងឆមាសទី១​ ឆ្នាំ២០២៦ បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគបាន ចំនួន ២៧៦ គម្រោង មានទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ មាន ការថមថយ គឺដោយបញ្ហាប្រឈមទាំងខាងក្នុងនិងខាងក្រៅ៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៧ ធនាគារ SME គ្រោងបញ្ចេញថវិកា ១០០លានដុល្លារ គាំទ្រដល់វិស័យអាទិភាព និង​ធុរកិច្ច​បង្កើតថ្មី

2026/08/04 12:30:09 pm        772
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលជាធនាគារគោលនយោបាយ នៅក្នុង​ឆ្នាំ​២០២៧ ​ខាងមុខនេះ គ្រោងបញ្ចេញ ឥណទាន ១០០ លានដុល្លារ ខ្ពស់ជាង​ទំហំ​ឥណទាន​ឆ្នាំ​២០២៦​ គាំទ្រដល់វិស័យអាទិភាពផ្នែកកែច្នៃ និងវិស័យកម្មន្តសាល និងគម្រោងដល់​ធុរកិច្ច​បង្កើត​ថ្មី។​ លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម​កម្ពុជា​លើ​ក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ ស្តីពីអត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច ក្នុង​វេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ថា ធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានបង្កើតឡើងមានចំនួន៧ទីតាំង នៅតាមបណ្តារាជធានី-ខេត្ត និងបាន បញ្ចេញ​ឥណទានសរុបមានចំនួនជាង ២៤០ លានដុល្លារអាមេរិក ក្នុងនោះបើបូក​សរុប​ជាមួយ​សហ​ធនាគារដៃគូ បានបញ្ចេញ ប្រមាណជាង ៦០០ លានដុល្លារអាមេរិក ទៅលើអាតិថិជនជាង ៣ ពាន់នាក់។ លោក បន្តថា ចំពោះការផ្តល់ឥណទាននេះ ធនាគារ SME បានអនុវត្ត៣ឆ្នាំរំកិល ក្នុងនោះ​សម្រាប់​ឆ្នាំ​២០២៦នេះ ធនាគារ SME មានបញ្ចប់ឥណទាន ៨០ លានដុល្លារ គិតនៅក្នុង​រយៈ​ពេល​៦​ខែ ឆ្នាំ២០២៦នេះ បានបញ្ចេញឥណទានអស់ប្រមាណ ៥៥ ភាគរយរួចហើយ។ ចំណែក​នៅ​ឆ្នាំ​២០២៧ ធនាគារ SME គ្រោងកញ្ចប់ឥណទានប្រមាណ ១០០ លានដុល្លារ និងនៅក្នុងឆ្នាំ ២០២៨ ត្រូវបានគ្រោងចំនួន ១២០ លានដុល្លារ ដើម្បីគាំទ្រដល់វិស័យអាទិភាព ជាពិសេស​ការ​កែច្នៃ​ និងវិស័យកម្មន្តសាល នឹង គម្រោងគាំទ្រដល់ធុរកិច្ចបង្កើតថ្មីផងដែរ។ លោក ជា សុភ័ក្ត បន្ថែមថា ជុំវិញការផ្តល់ឥណទាននេះ ធនាគារ SME បាន​កែ​សម្រួល​នូវ​នីតិវិធី​មួយ​ចំនួន​ ក្នុងនោះសម្រាប់ គម្រោងដែលកំពុងអនុវត្ត នឹងត្រូវពិនិត្យឡើងវិញផងដែរ ប្រសិនក្នុង​ករណី​ដែល​អាចសម្រួលបាន គឺមានការបន្ធូបន្ថយ ដោយផ្តល់ នូវលក្ខខណ្ឌកាន់តែងាយស្រួល, ក្រៅ​ពី​នេះ ធនាគារ SME ក៏គ្រោងពង្រីកវិសាលភាពផ្តល់ឥណទានដល់ធុរកិច្ចបង្កើតថ្មី ជា​ពិសេស ​ការគិតគូរលើការផ្តល់ឥណទានដែលមានទ្រព្យបញ្ចាំ ទៅជាការ​ផ្តល់​ឥណទាន​ដែល​គ្មាន​ទ្រព្យ​បញ្ចាំ ​ដែលនឹងអនុវត្តទៅតាមកម្រិត នៃសេដ្ឋកិច្ចរបស់កម្ពុជាជាក់ស្តែង។ ជុំវិញការ​ផ្តល់ឥណទាននេះ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ លើកឡើងឱ្យដឹងថា គិត​មកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​បញ្ចេញ​នូវ​ឥណទានសរុបប្រមាណ ៦៤៧ លានដុល្លារអា មេរិក ដល់សហគ្រាសមានចំនួនជិត ៤ ពាន់ ដោយក្នុងនោះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញឥណទាន ផ្ទាល់​ខ្លួន​ មានទំហំប្រមាណ ២៤២ លានដុល្លារអាមេរិក ដល់សហគ្រាសជិត ៩០០ សហគ្រាស​សរុប​ផ​​ង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី​

ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន

2026/08/03 11:29:47 am        470
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹង​អាច​សម្រេច​បាន​តាមគោលដៅ ១លានតោន ខណៈនៅក្នុងរយៈពេល ៧ខែមកនេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ជិត ៧០ម៉ឺនតោនរួចហើយ កៀកនឹងគោលដៅកំណត់ ដែល​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​។ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​អត្ថ​ប្រយោជន៍ និងឱកាស នៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុង​វេទិកា​ថ្នាក់​ជាតិ​ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា សហព័ន្ធស្រូវអង្ករកម្ពុជា មាន​សមាជិក​ប្រមាណ​ជាង​២៤០ ដែលមានប្រតិបត្តិការនៅលើរោងម៉ាស៊ីនខ្នាតតូច មធ្យម រោងម៉ាស៊ីន ខ្នាតធំ និង​អ្នក​នាំចេញខ្នាតធំ រួមជាមួយសេវាករពាក់ព័ន្ធនានា ដោយមានបេសកកម្ម គឺការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង ​និងផ្សារភ្ជាប់ជាមួយទីផ្សារ ក្នុងនោះបើសម្លឹងទៅទីផ្សារពិភពលោក សហព័ន្ធ​ស្រូវ​អង្ក​រ​កម្ពុជា​ គឺជាសហព័ន្ធដែលមានវ័យក្មេង បានកំពុងឈរជើង យ៉ាងរឹង​មាំ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​។ឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ចំពោះទីផ្សារនាំចេញ, នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករស​ម្រេច​បានប្រមាណ ៩៤ ម៉ឺនតោន ចំណែកនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ យើង​បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ប្រមាណជិត ៧០ ម៉ឺនតោនរួចហើយ។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ២​០២៦​នេះ ​ឧកញ៉ាបណ្ឌិតរំពឹងថា ការនាំចេញអង្កររបស់កម្ពុជានឹងអាច សម្រេច​បាន​តាម​ការ​ដាក់​ចេញ​នូវ​គោល​ដៅ​យុទ្ធ​សាស្ត្រ ក្នុងការជំរុញការនាំចេញអង្ករឱ្យបាន ១ លាន​តោន​ក្នុ​ង​មួយ​ឆ្នាំ​ ក្នុងការពង្រីក ទីផ្សារអន្តរជាតិ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បន្ថែមថា អ្វីដែលអាច​ធ្វើ​ឱ្យ​ស្រូវ​អង្ករ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ គឺបានកើតចេញពីកត្តាជាច្រើន ជាពិសេសកិច្ចសហការរវាងរដ្ឋ​ និងឯកជន៖ ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និង​ស្វែង​រក​ទី​ផ្សារ​ថ្មីៗ​។ ចំណែកការផ្តល់ហិរញ្ញប្បទានសម្រាប់ស្រូវអង្ករវិញឃើញថា នៅមានភាពស្មុគ ស្មាញ​លើ​ការ​ដាក់​ទ្រព្យ​បញ្ចាំ ការកម្ចីមានរយៈពេលខ្លី និងមានទំហំកម្ចីតូចជាដើម។ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងឱ្យដឹងថា ជុំវិញ​ការ​ផ្តល់ឥណទានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គិតមកដល់ពេលនេះ បានផ្តល់​ឥណ​ទាន​សរុប​ប្រមាណ ៥៣១ លានដុល្លារអាមេរិក ដល់ សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន សហ​គមន៍​កសិកម្ម និងតួអង្គក្នុងវិស័យច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយ ក្នុង​នោះ​ឥណ​ទាន​គាំទ្រ​ដល់វិស័យស្រូវអង្ករកម្ពុជាមានចំនួនច្រើនជាងគេ ដោយមានប្រមាណ ៣៥ ភាគ​រយ​នៃ​ឥណទាន​សរុប​៕ អត្ថបទ៖ សុន រ៉ាឌី​

ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក

2026/07/31 11:50:27 am        483
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១,១ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ៤៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន នេះជាផលិតផលមួយកំពុងនាំមុខ នៃការនាំចេញក្នុងវិស័យ កសិកម្មកម្ពុជា។ ជុំវិញផលិតផលគ្រាប់ស្វាយចន្ទីនេះ, បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យឃើញថា ការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃរបស់កម្ពុជា មានទឹកប្រាក់សរុបប្រមាណជាង ១,១ ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ៤៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ដែលការកើនឡើងនេះ បានបង្ហាញអំពីការរីកលូតលាស់ នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលគ្រាប់ស្វាយចន្ទីនេះជាដើម ដោយបាននិងកំពុងរួមចំណែកដល់ការនាំចេញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក​ម្ពុជា។ទាក់ទងគ្រាប់ស្វាយចន្ទីនេះ, លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការដាំដុះ និងការនាំចេញគ្រាប់ស្វាយចន្ទីនេះថា ជុំវិញការដាំដុះស្វាយចន្ទីកម្ពុជា គឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅ ធំនៅលើពិភពលោក ហើយនៅក្នុងឆ្នាំ២០២៦នេះ ដោយសារកសិករបានដាំស្វាយចន្ទីថ្មី ធ្វើឱ្យពួកគាត់ប្រមូលផលបានគួរសម ទោះបីជួបបញ្ហាអាកាសធាតុ ខ្លះៗក៏ដោយ។លោកបន្តថា ស្របពេលកម្ពុជាទទួលបានទិន្នផលល្អប្រសើរ, ចំពោះកា​រ​លក់​លើ​ទីផ្សារ​ក៏​មាន​តម្លៃ​ល្អ​ផង​ដែរ ដោយសារមាន តម្រូវការខ្ពស់នៅប្រទេសវៀតណាម ឥណ្ឌា និងមួយចំនួន​នៅ​ប្រទេស​ចិន ​ខណៈនៅតំបន់អាហ្រ្វិចត្រូវបានបិតមិនឱ្យនាំចេញច្រើន ធ្វើឱ្យអ្នកកែច្នៃ​នៃ​ប្រទេស​ខាង​លើ​នេះ ​បានបញ្ជាទិញនៅកម្ពុជាយ៉ាងផុលផុស ហើយមកដល់ពេលនេះនៅតែមានការដើរប្រមូល បញ្ជា​ទិញ ក្នុងនោះតម្លៃលក់ចេញនៅដើមរដូវ ក្នុងមួយគីឡូក្រាម មានតម្លៃជាង ៦ ពាន់រៀល (គ្រាប់​ចន្ទី​ស្រស់) និងមកដល់ចុង រដូវនេះ មានតម្លៃជាង ៨ ពាន់រៀល (គ្រាប់ចន្ទីស្ងួត)។ លោក​ប​​ន្ត​ថា ជុំវិញការផលិតផលស្វាយចន្ទីនេះ ក្នុងនាមលោកតំណាងឱ្យ សមាគម និង​ក្នុង​នាម​ជា​កសិករ​ លោកពិតជាមានមោទនភាព ខណៈដែល​ផលិតផល​នេះ​បាន​និង​កំពុង​គាំទ្រ​ដល់​ការ​នាំ​ចេញ​របស់កម្ពុជា និងចូលរួមក្នុងកំណើនសេដ្ឋកិច្ច និងធ្វើឱ្យកសិករមានជីវភាពធូរធារ ជា​ពិសេស​ការ​ជំរុញ​ឱ្យកសិករអាចក្លាយទៅជាកសិ-ពាណិជ្ជករនៅពេលខាងមុខ។ សូម​បញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំ មានរោងចក្រមួយកំពុងដំណើរ ដែលមានឈ្មោះថា MIRARTH Agritech ដោយរោងចក្រនោះ កែច្នៃគ្រាប់ស្វាយចន្ទី និងបាន​កំពុង​ស្រូប​យក​គ្រាប់​ស្វាយ​ចន្ទី​ស្រស់ក្នុងស្រុកប្រមាណ ៦ តោន នៅក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយ ក្រុមហ៊ុន​មួយ​នេះ​ក៏​មាន​មហិច្ឆិតា ពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀតឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់​បម្រើ​ទីផ្សារនាំចេញ ផងដែរ។ ក្រៅពីនេះខេត្តកំពង់ធំ ក៏មានគម្រោងបង្កើត «សួន​ឧស្សា​ហកម្ម​ស្វាយ​ចន្ទី» ដោយការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បី ប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំ​គ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ។ ការ​បង្កើត​សួន​ឧស្សាហ​កម្ម​បែបនេះ គឺដើម្បីប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមាន​ការ​គាំទ្រ​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗពីរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

2026/07/31 11:07:37 am        286
តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និង​សហ​គ្រាស​ធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណ​កម្ម​ការ​គាំទ្រ​របស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និង​មធ្យម ​(SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺ​ជា​ក្បាល​ម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ក្នុងនោះ នៅពេលត្រូវពង្រីកខ្លួន ពួកគេ​ត្រូវ​យល់​អំពី​ការ​ទទួល​បាន​ហិរញ្ញប្បទាន ឯកសារតម្រូវ អនុលោមភាព ឬលក្ខខណ្ឌផ្សេងៗទៀត ដើម្បីទទួល​ហិរញ្ញប្ប​ទាន​ពី​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រាប់យកទៅវិនិយោគ។ ទាក់ទិនសម្រាប់ធុរកិច្ច, តើ​ធ្វើ​អ្វី​ខ្លះ​ ដើម្បីលើក កម្ពស់នូវការទទួលបានហិរញ្ញប្បទាន ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី? ជុំវិញ​ធុរកិច្ច​នេះ, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មិនមានគម្រោងវិនិយោគ TOR (Terms of Reference) ក្នុងការវិនិយោគធុរកិច្ចថ្មី (Starup) ឬ សហគ្រាសធុនតូច និងមធ្យម (SME) នោះទេ។ បញ្ហានេះ, មិនថាទទួលបានហិរញ្ញប្បទាន ឬក៏អត់នោះ បញ្ហានេះ​គឺ​ជា​សមត្ថភាព​របស់ Starup និង SME ។ ចំណែកសម្រាប់ Starup គឺចាំបាច់ត្រូវមានភាពរឹងមាំ និង​មាន​សក្តានុពល ដោយក្នុងនោះមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” បានបង្កើត​ការ​ប្រកួត​ប្រជែង​ចំនួន​២ដងនៅក្នុងមួយឆ្នាំ ជាក់ស្តែងនៅក្នុងរយៈពេល៦ឆ្នាំមកនេះ មជ្ឈមណ្ឌល បណ្តុះ​ធុរ​កិច្ច​ថ្មី “តេជោ” បានជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មី មានចំនួន ៨១ ក្រុមរួចមកហើ​យ​នៅក្នុ​ង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ក្នុងនោះឃើញ ថា មានចំនួន ៥០ Starup បានកំពុងដំណើរការនៅលើទីផ្សារបច្ចុប្បន្ន និង​ចំនួន ១៧ Starup ផ្សេងទៀត មានការវិនិយោគពីខាង ក្រៅជាប្រចាំផងដែរ។ ចំណែក Khmer Enterpise, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​នាយកប្រតិបត្តិសហ- គ្រិនខ្មែរ លើកឡើងថា សហគ្រិនខ្មែរបានជួយជាមូលនិធិឥតសំណង តាម​រយៈការប្រកួតប្រជែងដល់សិស្ស និស្សិត ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាសធុនតូច និង​មធ្យម បានចំនួនជាង១ពាន់រួចមកហើយ ក្នុងនោះអ្វីដែលពួកគាត់ត្រូវយល់ដឹង គឺកា​រ​ប្រើ​ប្រាស់​ថវិកា​ដែលមាន​ នៅលើលទ្ធផលដែលលក់បានក្នុងជំហានដំបូង។ ចំណែកមួយទៀត នៅ​ពេល​សហ​គ្រិន​ខ្មែរផ្តល់មូលនិធិនេះ ត្រូវធានាថា ពួកគាត់ទទួលបានការអប់រំ និងការបណ្តុះ​បណ្តាល​ពី​សហ​គ្រិន​ខ្មែរបានសមស្រប សម្រាប់ការរីកចម្រើននៅក្នុងអាជីវកម្ម។ ឯកឧត្តមបណ្ឌិត បន្ថែមថា ជុំវិញការបណ្តុះគំនិតក្នុងអាជីវកម្មនេះ មានការគាំទ្រ​ហិរញ្ញប្ប​ទាន​តែ​មួយ​ផ្នែក​គឺមិនគ្រប់គ្រាន់ នោះទេ ដោយក្នុងនោះពួគគាត់ត្រូវបង្កើតនូវទំនាក់ទំនងល្អ លើការធ្វើ​ពាណិជ្ជ​កម្ម​ និងវិនិយោគ ជាពិសេសការកសាងទំនុកចិត្ត ការយល់ដឹងពីបរិបទសង្គម និងការ​សម្រប​សម្រួល​ការងារជាក់ស្តែង និងស្គាល់ពីតម្រូវការជាក់ស្តែងក្នុងតំបន់ ដើម្បីធ្វើឱ្យគម្រោង ទទួល​បាន​ជោគជ័យដោយនិរន្តរភាព៕ អត្ថបទ៖ សុន រ៉ាឌី  

លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង

2026/07/30 12:01:20 pm        421
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា​ នៅឆមាសទី១ ឆ្នាំ២០២៦នេះ សមតុល្យ​គណ​នី​ហិរញ្ញ​វត្ថុ​របស់កម្ពុជា បានកត់ត្រាលំហូរចូលសុទ្ធរហូតដល់ ៤.៣ប៊ីលានដុល្លារអាមេរិក ដែល​ស្មើ​នឹង​១៥.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ នេះបើ​យោង​តាម​របាយ​ការណ៍​របស់​ធនាគារជាតិនៃកម្ពុជា(NBC)។តួលេខដ៏គួរឱ្យកត់សម្គាល់នេះបានកើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីភាពធន់ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។លំហូរចូលសុទ្ធនេះ ត្រូវបានគាំទ្រជាចម្បងដោយវិនិយោគផ្ទាល់ និងវិនិយោគផ្សេងទៀត។ ក្នុងនោះ លំហូរចូលវិនិយោគផ្ទាល់បរទេស (FDI) មានចំនួន២.៦ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង១៨.៥%។ កំណើននេះ ត្រូវបានជំរុញដោយការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុដែលកើនឡើង១១០.៩% និងវិស័យមិនមែនហិរញ្ញវត្ថុ ដែលកើនឡើង៨.៩%។ នេះបើតាមរបាយការណ៍ធនាគារជាតិ។នៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ វិស័យកម្មន្តសាលបានកើនឡើង ១៤% ថាមពលកើន ២៣.៣% និងសំណង់កើន០.១%។ ទោះជាយ៉ាងណាក៏ដោយ វិស័យមួយចំនួនដូចជា កសិកម្ម អចលនទ្រព្យ និងសណ្ឋាគារនិងការកម្សាន្ត បានថយចុះបន្តិចបន្តួច។ចំណែកឯសមតុល្យវិនិយោគផ្សេងទៀតវិញ ក៏បានបង្ហាញពីលំហូរចូលសុទ្ធ ១.១ ប៊ីលានដុល្លារអាមេរិក ដែលជាការផ្លាស់ប្តូរដ៏វិជ្ជមានពីលំហូរចេញសុទ្ធ ២.៥ ប៊ីលានដុល្លារអាមេរិក នាឆមាសទី១ឆ្នាំមុន។របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ បណ្តាលមកពីការថយចុះប្រាក់បញ្ញើក្រៅប្រទេស រួមជាមួយនឹងការកើនឡើងកម្ចីសុទ្ធរបស់រាជរដ្ឋាភិបាល ២៧.១%៕

កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

2026/07/30 11:34:41 am        476
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និង​សហគ្រាស​ក្នុង​វិស័យ​កម្មន្តសាល​កំពុង​ដំណើរ​ការ​បានកើនដល់ប្រមាណ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ក្នុង​នោះ​រោង​ចក្រ​ធុន​ធំ​មាន​ចំនួន​ ៣.៣១៩ រោងចក្រ និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់។ ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ លើវិស័យ​គាំទ្រ​កំណើន​សេដ្ឋកិច្ច ​ក្នុងនោះវិស័យកម្មន្ត សាលបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជ្រោង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយត្រូវបានប៉ាន់ស្មានថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ បានកើនឡើង ៧% ទាប​ជាងឆមាសទី១ឆ្នាំមុន ដែលសម្រេចក្នុងរង្វង់ជាង (១០%)។ ចំណែកអនុវិស័យកម្មន្តសាល កាត់​ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើងត្រឹម ៦,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (១៤%) ដោយ​សារ​ការ​ថយចុះនៃតម្រូវការខាងក្រៅ ជាពិសេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាដូចជា សហរដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប។ ជុំវិញការនាំចេញ, សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារដ៏ចម្បង ដោយ​សមាមាត្រ​នាំ​ចេញ​ផលិត​ផល​កា​ត់​ដេរទៅសហរដ្ឋអា មេរិក ធៀបនឹងការនាំចេញផលិតផលកាត់ដេរសរុប បានកើនឡើងពី ២៦% ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទៅជាង ៤៣% ក្នុងឆមាស ទី១ក្នុងឆ្នាំនេះ ខណៈ​ដែល​ទីផ្សារ​អឺរ៉ុប​បាន​ថយ​ចុះពីជាង ៣៤% មកជាង ២៥%។ ចំពោះការនាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​កាត់ដេរ បានថយកំណើនមកត្រឹមជាង ៧% ទៅជិត ១០% កាលពីគ្រាដូចគ្នាឆ្នាំមុន។ ចំណែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង ៧,៧% ខ្ពស់​ជាង​គ្រា​ដូ​ចគ្នាឆ្នាំមុន (៦,៣%) ស្របតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច ការបន្ត​ស្វែង​រក​ទីផ្សារ​សំខាន់​ៗ​បន្ថែម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្សេងៗ ។ កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ជា​ចម្បង ដោយផលិតផលកម្មន្តសាលសម្រាប់នាំចេញសំខាន់ៗដូចជា សំបកកង់យានយន្ត កើន ១២៧%, លោហៈនិងផលិតផលធ្វើពីលោហៈ កើនជាង ១៦៥% និងគ្រឿង​អេឡិច​ត្រូនិក​កើន​ជាង ៥១% ដោយការនាំចេញផលិត- ផលទាំងនេះ ជាចម្បងទៅទីផ្សារសហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ លើសពីនេះ ផលិតផលកម្មន្តសាលផ្នែកម្ហូបអាហារ និងភេសជ្ជៈ ត្រូវបាន​ប៉ាន់​ស្មាន​ថា ​កើនឡើងជាង ១១៩% និងជាង ១១% រៀងគ្នា ដែលជាចម្បងដោយសារនិន្នាការគាំទ្រ និង​កំណើនតម្រូវការ ផលិតផលក្នុងស្រុកបន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ជុំវិញវិស័យនេះដែរ, គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និង​សហគ្រាស​ក្នុង​វិស័យ​កម្មន្ត​សាលកំពុងដំណើរ ការ បានកើនដល់ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ដែល​ក្នុង​នោះ​រោង​ចក្រធុនធំ មានចំនួនជាង ៣,៣ ពាន់រោងចក្រ បានកើនជិត ២៥% (និង ១៨% ក្នុង​គ្រាដូចគ្នាឆ្នាំមុន) និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់ ខណៈសហគ្រាសធុនតូច និង​មធ្យម​ (SMEs) មានចំនួនជាង ៤៤,៣ ពាន់សហគ្រាស បានកើន ០,៣% (និង -០,១ ឆ្នាំមុន) និង​មានកម្លាំងពលកម្មចំនួន ៥០ ម៉ឺន នាក់។ ទន្ទឹមនេះការវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យកម្មន្តសាល ត្រូវបានប៉ាន់ស្មានថា ថមថយត្រឹម ១៤% ក្នុងឆមាសទី១ ឆ្នាំ ២០២៦ (និងជាង ៤២% ក្នុងឆមាសទី១ឆ្នាំមុន)៕ អត្ថបទ៖ សុន រ៉ាឌី

ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

2026/07/30 11:14:02 am        381
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សំបកកង់រថយន្ត គ្រឿង​អេឡិចត្រូនិច គ្រឿងសង្ហារិម និងគ្រាប់ស្វាយចន្ទី មានកំណើនឡើងល្អប្រសើរ គិត​ជា​ទឹក​ប្រាក់​សរុប​មាន​ប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយផលិតផល ទាំងនេះ​បាន​គាំទ្រ​ដល់​កំណើន​ខ្ពស់នៃការនាំចេញរបស់កម្ពុជា។     ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ អំពីការធ្វើពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវ​បាន​ប៉ាន់ស្មានថា​ និងថយល្បឿន ប៉ុន្តែនៅមានភាពធន់ ដោយ សម្រេចបានកំណើន ៣,៥% ដែលត្រូវ​បានគាំទ្រដោយកំណើនល្អនៃការនាំចេញ ការវិនិយោគផ្ទាល់បរទេស និង​ការ​កើន​ឡើង​នៃ​ ផលិតកម្មក្នុងស្រុក។ ជាក់ស្តែងនៅក្នុងរយៈ ៦ ខែ ឆ្នាំ២០២៦, ផលិតផល​សំខាន់ៗ​ដែ​លបា​ន​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជារួមមាន៖ ផលិតផលកាត់ដេរ មានទឹកប្រាក់ ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជាង ៦ ភាគរយ, គ្រាប់ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើន ៤៨ ភាគរយ, សំបក​កង់​រថយន្ត​ជាង ១ ពាន់លានដុល្លារ កើន ៥៥ ភាគរយ, គ្រឿងសង្ហារឹម ៧៧០ លានដុល្លារ កើនជាង ៣៨ ភាគរយ និងការនាំចេញគ្រឿងអេឡិចត្រូនិច មានទឹកប្រមាណ ៦២១ លានដុល្លារ កើនជាង ៣៧ ភាគរយ ធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។ ចំណែកការនាំចូលដែលគាំទ្រជាវត្ថុធាតុដើម និងតម្រូវការប្រើប្រាស់ក្នុងស្រុក ក៏​ដូច​ជា​រួម​ចំណែក​ដល់​ចំណូល​ពន្ធគយ, នៅ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះដែរ រួមមាន៖ ការនាំចូល​វត្ថុ​ធាតុ​ដើម​បម្រើ​ឱ្យវិស័យកាត់ដេរ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ អាមេរិក កើនជាង ៧ ភាគរយ​, ប្រេងឥន្ធនៈជិត ៣,៤ ពាន់លានដុល្លារអាមេរិក កើនជិត ៣៩ ភាគរយ, សម្ភារៈ​និង​បរិ​ក្ខាសំ​ណង់​ជាង​ ១,៦ ពាន់លានដុល្លារអាមេរិក កើន ០,១ ភាគរយ, ការនាំចូលយានយន្ត ជាង ១,៥ ពាន់​លាន​ដុល្លារអាមេរិក កើនជិត ៣២ ភាគរយ និងការនាំចូលម្ហូបអាហារ និងភេសជ្ជៈ មាន​ចំនួន​ទឹក​ប្រាក់​ជាង ១,១ ពាន់លានដុល្លារអាមេរិក កើន ៣៩ ភាគរយ ធៀបរយៈពេល ដូចគ្នា​និង​ឆ្នាំ​២០២៥​។ សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា បើយោង​តាម​រយៈ​របាយ​ការណ៍​គយ ​និងរដ្ឋាករកម្ពុជា, នៅក្នុង រយៈពេល ៦ខែ ឆ្នាំ២០២៦នេះ មានទំហំ​ទឹក​ប្រាក់​សរុប​ជាង​ ៣៦,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ក្នុងនោះ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ មានទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារ កើនជាង ១៩ ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​បរទេសមាន ចំនួនជាង ១៩,៨ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនអេឡិចត្រូនិចមានសក្តានុពលមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

2026/07/30 10:44:58 am        414
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​គ្រប់​គ្រង​ជាន់ខ្ពស់របស់ក្រុមហ៊ុន Minebea Mitsumi Inc. អំពីទិសដៅយុទ្ធសាស្ត្រ ក្នុង​ការ​បន្ត​ពង្រីកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Minebea Mitsumi នៅព្រះ រាជា​ណា​ចក្រ​កម្ពុជា​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦នេះ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​គ្រប់​​គ្រង​ជាន់ខ្ពស់របស់ ក្រុមហ៊ុន Minebea Mitsumi Inc. ដឹកនាំដោយលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិ (CEO) ដោយមានការចូលរួមអមពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គ​លេខា​ធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី​ពាក់​ព័ន្ធ​​នៃ ក.អ.ក. មួយចំនួនផងដែរ។ ជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់ និងវាយតម្លៃខ្ពស់ ចំពោះដំ​ណើរ​ការ​អាជីវកម្ម​នា​ពេល​ក​ន្លងមក ព្រមទាំងពិភាក្សា អំពីទិសដៅយុទ្ធសាស្ត្រ ក្នុង​ការ​បន្ត​ពង្រីក​ការ​វិនិយោគ​បន្ថែម​របស់​ក្រុម​ហ៊ុន ​Minebea Mitsumi នៅព្រះរាជាណាចក្រកម្ពុជា។ តាម រយៈជំនួបនេះដែរ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជន​ពី​បរទេស ជាពិសេសក្រុមហ៊ុនវិនិយោគធំៗពីប្រទេសជប៉ុន។ សូមបញ្ជាក់ថា គម្រោងបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea Mitsumi Inc. នឹង​ក្លាយ​ជា​កម្លាំង​ចលករយ៉ាងសំខាន់ ក្នុងការ ជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បច្ចេកវិទ្យាទំនើប និងការទាក់ទាញវិនិយោគិនអន្តរជាតិដទៃទៀត មកកាន់​កម្ពុជា​បន្ថែម​ទៀត​៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM