វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
ក្នុងខែកញ្ញា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៣៦ គម្រោង​បន្ថែមទៀត មាន​ទុន​វិនិយោគសរុប ៤៧០លានដុល្លារ
អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជិត ១២ពាន់លានដុល្លារស្មើជាង ៤០% នៃការនាំចេញសរុប
ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

គណៈប្រតិភូជាន់ខ្ពស់ CDC ចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត

2026/07/29 03:52:16 pm        617
គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចុះបំពេញទស្សនកិច្ចរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ពិនិត្យអំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើប ក្នុងការត្រួតពិនិត្យគុណភាព ស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់នៃ ក.អ.ក. ចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ដំបូងគេ និងធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស និង ស្រុកដងទង់ នៃខេត្តកំពត។ សកម្មភាពនេះគឺជាសក្ខីកម្មដ៏រស់រវើក ដោយបង្ហាញឱ្យឃើញនៃសេវាថែទាំវិនិយោគរបស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ ក.អ.ក. ដោយបានឆ្លុះបញ្ចាំងថា ទោះបីជាកម្ពុជាខិតខំពង្រីកការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ ដល់គ្រប់គម្រោងវិនិយោគដែលមាន ស្រាប់ សំដៅធានាឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេបន្តរីកចម្រើនដោយចីរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយក ចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន លើកិច្ចការកាត់បន្ថយកាបូន (Low Carbon) និងមេត្រីភាពបរិស្ថាន (Environmental Friendly) ខណៈរោងចក្រស៊ីម៉ងត៍មួយនេះ បានធ្វើអាជីវកម្មរ៉ែបៃតង ដោយរក្សាកំពែងធម្មជាតិ និងគម្របព្រៃឈើនៅរង្វង់ក្រៅនៃភ្នំ ដើម្បីទប់ ស្កាត់ធូលី សម្លេង និងរំញ័រ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ី មិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។ក្រៅពីវិធានខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ក្រុមហ៊ុន ក្នុង ការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងការផ្ទេរចំណេះដឹងបច្ចេក- ទេសទំនើបៗដល់បុគ្គលិក-កម្មករនិយោជិតក្នុងស្រុក ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មី។ ឯកឧត្តមបានបញ្ជាក់ ជូនអំពីគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការរក្សាប្រកួត ប្រជែងពាណិជ្ជកម្ម ការសម្រួលកិច្ចសម្រួលពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគគិនបរទេសមកកាន់កម្ពុជាប្រកបដោយចីរភាព។សូមបញ្ជាក់ថា ក្រុមហ៊ុន Kampot Cement Co., Ltd. បានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦ រោង ចក្រនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២ លានតោនក្នុងមួយឆ្នាំ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ផ្គត់ ផ្គង់តម្រូវការទីផ្សារសំណង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី

ផលិត​ផល​ក្នុង​ស្រុក​កាន់​តែ​រីក​ចម្រើន​ ពង្រីក​វត្ត​មាន​នៅ​ផ្សារ​ទំនើប​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​

2026/07/28 02:06:13 pm        501
ភ្នំពេញ៖​ ក្រោម​ការ​ជំរុញ​ និង​គាំទ្រ​យ៉ាង​សកម្ម​ពី​រាជ​រដ្ឋា​ភិបាល ​និង​ក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ​ ផលិត​​ផល​ក្នុង​ស្រុក​កម្ពុជា​កំពុង​បន្ត​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​រីក​ចម្រើន​គួរ​ឱ្យកត់​សម្គាល់​។​ បច្ចុប្បន្ន ​ផលិត​ផល​ដែល​ផលិត​ក្នុង​ស្រុក​មាន​វត្ត​មាន​នៅ​ស្ទើរ​គ្រប់​ផ្សារ​ទំនើប​ និង​បណ្តាញ​ចែក​ចាយ​​ធំៗ​ ដោយ​ផ្តល់​ជម្រើស​កាន់​តែ​សម្បូរ​បែប​ដល់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​​ដែល​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់​។  ការកើនឡើងនៃវត្តមានផលិតផលក្នុងស្រុកនៅតាមផ្សារទំនើប បានឆ្លុះបញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​ផលិតក​ម្ម​ក្នុងស្រុក និងការកើនឡើងនៃសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ផលិតផលជាច្រើនប្រភេទ រួមមានចំណីអាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និង​ផលិតផលកែច្នៃផ្សេងៗ ត្រូវបានដាក់តាំងលក់យ៉ាងទូលំទូលាយ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​កាន់តែច្រើន។ ការរីកចម្រើននេះ កើតឡើងស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង​វិធាន​ការ​ជាច្រើន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព ស្តង់ដារ​ផលិត​កម្ម ការវេចខ្ចប់ ការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារថ្មីៗ។ ទន្ទឹមនឹងនេះ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក៏បានសហការជាមួយវិស័យឯកជនក្នុងការរៀបចំពិព័រណ៍ផលិតផល និងកម្មវិធី​ផ្សព្វ​ផ្សាយ​នានា ដើម្បីបង្កើនការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលដែលផលិតនៅកម្ពុជា។ តំណាងសហគ្រាសផលិតក្នុងស្រុក បានលើកឡើងថា ការគាំទ្រផលិតផលក្នុងស្រុក មិន​ត្រឹម​តែ​ជួយ​ពង្រឹងការអភិវឌ្ឍវិស័យផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ បង្កើន​ប្រាក់​ចំណូលដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាពផងដែរ។ ជាពិសេស ការប្រើប្រាស់ផលិតផលក្នុងស្រុក បានផ្តល់ជាកម្លាំង​ចិត្ត​ដល់​ម្ចាស់​សហគ្រាស​ក្នុង​ការ​ពង្រឹងកា​រ​ផលិតដោយផ្តោតលើស្តង់ដារ គុណភាព និងអនាម័យ​ឱ្យស្របទៅតាម​ស្តង់ដារ​ចំណី​អាហារ​។ ស្របពេលតម្រូវការទីផ្សារបន្តកើនឡើង និងអ្នក​ប្រើ​ប្រាស់​កាន់​តែ​ផ្តល់​អាទិភាព​ដល់​ផលិត​ផល​ដែល​មាន​គុណភាព ផលិតផលក្នុងស្រុក​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ឱកាស​ពង្រីក​ទីផ្សារ​កាន់​តែ​ទូលំ​ទូលាយ។ ការបន្តពង្រឹងគុណភាព ការច្នៃប្រឌិត និងការសហការរវាងរាជរដ្ឋាភិបាល វិស័យ​ឯកជន និងអ្នកផលិត នឹងក្លាយជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និង​លើក​កម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាទាំងនៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕ អត្ថបទ៖ ធូ វិរៈ

ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ កម្ពុជាមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬ​បញ្ជា​ទិញ​វត្ថុ​ធាតុ​ដើម​ពីប្រ​ទេសដែលអនុវត្តបែបនេះឡើយ

2026/07/28 11:38:09 am        548
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​បញ្ជាក់ថា ប្រទេសកម្ពុជា មិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញ​សម្ភារៈ​វត្ថុ​ធាតុ​ដើម​ពី​ប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែង​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅរ​សៀល​ថ្ងៃទី​២៧​ ខែកក្កដា ឆ្នាំ២០២៦។ សន្និសីទនេះរៀបចំឡើងដើម្បីបកស្រាយបំភ្លឺជុំវិញ «អត្រាពន្ធគយថ្មី ក្នុង​ការ​នាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក»។ នៅ​ក្នុង​ឱកាសនោះឯកឧត្តមបានថ្លែងបញ្ជាក់ថា ចំពោះការប្ដេជ្ញាចិត្តលើបញ្ហាកម្លាំងពលកម្ម និង​ការ​មិន​ប្រើ​ប្រាស់​កម្លាំងពលកម្មបង្ខំ៖ កម្ពុជាបានប្រកាសយ៉ាងច្បាស់ទៅកាន់ភាគីសហរដ្ឋអាមេរិក និង​វិនិយោគិនថា ប្រទេសកម្ពុជាដាច់ខាតមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។ ឯកឧត្តម​បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធានាថា រាល់ការបញ្ជាទិញសម្ភារៈ ឬវត្ថុ​ធាតុ​ដើម​មក​ផលិត គឺមិនបានយកចេញពីបណ្តាប្រទេស ឬតំបន់ណាដែលមានការកេងប្រវ័ញ្ច ​ឬ​ប្រើ​ប្រាស់​កម្លាំង​ពលកម្មដោយបង្ខំនោះទេ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅក្នុងបរិបទពន្ធគយថ្មីរបស់អាមេរិក (Section 301) សហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន ៦០ ជុំវិញ​ពិភព​លោក ​ដោយសារកង្វល់លើបញ្ហាកម្លាំងពលកម្មបង្ខំ (Forced Labor)។ ក្នុងអត្រាពន្ធថ្មីនេះ សម្រាប់​កម្ពុជា អត្រាពន្ធថ្មីនេះត្រូវបានកំណត់ត្រឹម ១០% ដែលជាកម្រិតទាប និងមានភា​ព​ប្រកួត​ប្រជែង​ជាង​ប្រទេសជិ​តខាង (ដូចជា ថៃ និងវៀតណាម ដែលរងការកំណត់ពន្ធរហូតដល់ ១២.៥%​)។​ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានសង្គត់ធ្ងន់ថា ជាយុទ្ធសាស្ត្រពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា គឺ​កម្ពុជាមិ​នពឹងផ្អែកលើការអនុគ្រោះពន្ធតែមួយមុខនោះទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជា​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ខ្លួនឯង តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងថ្លៃដឹកជញ្ជូន (Logistics) ឱ្យ​កាន់​តែទា​ប។ ក្រៅពីនេះការកែទម្រង់ផ្ទៃក្នុង៖ រដ្ឋាភិបាលកំពុងសម្រួល «នីតិវិធីស្មុគស្មាញ» នានា ដើម្បី​ទាក់ទាញវិនិយោគ និងរំកិលខ្លួនពីឧស្សាហកម្មអតិពលកម្ម (ដូចជាការកាត់ដេរធម្មតា) ទៅ​ជា​ឧស្សា​ហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រឿងអេឡិចត្រូនិក និងការកែ​ច្នៃ​ម្ហូប​អាហារ​ជា​ដើម​ និងកាត់បន្ថយនីតិវិធីស្មុគស្មាញដល់វិនិយោគិនទាំងក្នុងប្រទេស និងវិនិយោគិនបរទេស៕

ក្រសួងក​សិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈ​តម្រូវ​ការ​នាំ​ចេ​ញ​ទៅ​ចិន​កើន​ឡើងជិត ៤០ដង

2026/07/27 04:36:09 pm        409
មន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បាន​ផ្ញើរសារលើកទឹកចិត្តដល់​ប្រកប​អាជីវកម្ម​វិស័យ​ទុរេន ​ជាពិសេសអ្នកដាំដុះ ឱ្យបន្តគោរពនូវភាពស្មោះត្រង់ ខណៈការ​នាំ​ចេញ​ទុរេន​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេសចិន កើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំ​ចេញ​សរុប​ក្នុង​ឆ្នាំ​២០២៥​។ យោង​តាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ការនាំចេញ​ផ្លែ​ទុរេន​ស្រស់​ពី​កម្ពុជា​ទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលមានការកើនឡើងជិត ៤០ដង ធៀប​នឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ ឯកឧត្តមអ្នកនាំពាក្យ បានរៀបរាប់ថា កន្លងមក ទាក់ទងការ​ចរចា​ការ​បើក​ទីផ្សារ​សម្រាប់​នាំ​ចេញ​ទុរេន​ទៅ​ប្រទេសចិនត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ដែលជាលក្ខខណ្ឌចាំបាច់​ដើម្បី​អនុញ្ញាត​ឱ្យ​កសិផលកម្ពុជាអាចធ្វើការនាំចេញបាន ទោះជាយ៉ាងណាក៏ដោយមើលឃើញថា ការ​ចរចា​បើក​ច្រក និងការដឹកជញ្ជូនាំចេញ គ្រាន់តែជាផ្នែកមួយនាំចេញទេ ប៉ុន្តែអ្វីដែល​យើង​បាន​ជួប​ជា​ឧបសគ្គ ឃើញថាការដឹកជញ្ជូនតាមរយៈកប៉ាល់ដែលប្រើរយៈពេល ១៥ថ្ងៃ ជួនពេល ២០​ថ្ងៃ​នោះ ​គឺជះឥទ្ធិពលដល់ការដឹកជញ្ជូននូវបន្លែ ផ្លែឈើស្រស់ មូលហេតុទាំង​នេះ​ហើយ​បាន​ជា​ក្រសួង​កសិកម្ម បានព្យាយាមចរចាបើកច្រកមួយទៀតដែលប្រើចំណាយពេលត្រឹមតែ ៥ថ្ងៃ គឺ​ទុរេន​របស់​កម្ពុជាអាចដឹកទៅដល់ទីផ្សារប្រទេសចិនបានហើយ ក្រោយពីមាន​ការ​សម្រប​សម្រួល​បើក​ច្រក​ដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ។ សូមបញ្ជាក់ថា បើទោះបីជាកម្ពុជា​ទើប​តែ​ដំណើរ​ការ​ថ្មី​ៗ​ក្នុង​ការ​បើក​ច្រក​ទីផ្សារ​នាំ​ចេញ​ឆ្លង​កាត់​តាម​ប្រទេស​ឡាវនេះក្តី ច្រកថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០​ភាគ​រយ នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ទោះ​ជួប​បញ្ហា​ប្រឈម​​​​កត្តាខាងក្រៅក្តី

2026/07/27 04:01:33 pm        379
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា ទោះបីជួបប្រទះបញ្ហាប្រឈម ជាពិសេស​ហានិភ័យ​ដែល​កើត​ឡើង​ពី​កត្តា​ខាង​ក្រៅក្តី ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ខណៈ​ដែល​វិស័យ​នេះ​ត្រូវ​បានរំពឹងកាន់តែខ្ពស់ ពីរដ្ឋាភិបាល វិស័យឯកជន និង​សាធារណជន​ទូទៅ ទៅ​លើ​ការ​ចូល​រួមចំណែករបស់វិស័យធនាគារក្នុងការទប់ទល់នឹងវិបត្តិ​​។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​លើក​ឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធ​ផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា ការបន្ត រក្សាបានស្ថិរភាពអត្រាប្តូរ​ប្រា​​​ក់​ បា​ន​ជួយកា​រ​ពា​រ​អំណាចទិញនៃប្រាក់រៀល និងបន្ថយសម្ពាធមួយផ្នែកនៃអតិផរណា ហើយ​បាន​ផ្តល់​ជា​យុ​​ថ្កា​មួយ​នៃលំនឹងសេដ្ឋកិច្ច។ ជាមួយគ្នានេះការគរពូ​ន​ទុ​នបម្រុងអន្តរជាតិ ដែល​សម្រេច​បាន​ក្នុង​កម្រិតខ្ពស់គ្រប់គ្រាន់ បានបន្តពង្រឹង ប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់ និង​រួម​ចំណែក​បន្ថែមទៀត ក្នុងការរក្សាជំនឿទុកចិត្តរបស់វិនិយោ​គិ​ន​ម​កលើសេដ្ឋកិច្ចកម្ពុជា។ ទោះ​យ៉ាង​ណា​កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម មិនអ​នុ​ញ្ញា​ត​​ឱ្យនយោបាយរូបិយវត្ថុដើរតួនាទីពេញលេញ ​ក្នុ​ង​កា​រកា​​ត់បន្ថយសម្ពាធ អតិផរណានោះទេ ដោយ​ត្រូវ​ពឹង​ផ្អែក​ជា​ចម្បង​ទៅ​លើ​នយោបាយ​សារ​ពើ​ពន្ធ​។ លោកជំទាវបណ្ឌិត បន្តថា ចំពោះប្រព័ន្ធធនាគារ ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួន ជា​ពិសេស​ហានិភ័យដែលកើត ឡើងពីកត្តាខាងក្រៅក្តី ប្រព័ន្ធធនាគារ​កម្ពុជា​នៅ​តែ​បន្ត​មាន​សុខ​ភាព​រឹងមាំ​។​ ក៏ប៉ុន្តែ​ដោយសារអភិរក្សនិយម នៃការអភិវឌ្ឍប្រព័ន្ធ ធនាគារ ក្នុងរយៈ​ពេល​ជិត​៣​ទសវត្សរ៍​កន្លង​ម​ក​នេះ ​​ប្រព័ន្ធធនាគារក៏ត្រូវបានរំពឹងកាន់តែខ្ពស់ ពីរដ្ឋាភិបាល វិស័យឯកជន និង​សាធារណជន​ទូទៅ ទៅលើការចូលរួមចំណែករបស់វិស័យធនាគារក្នុងការទប់ទល់នឹងវិបត្តិ​​។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធធនាគារកម្ពុជា បានសហការអនុវត្តការងារយ៉ាងសកម្ម ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ខណៈដែលការ​រ​ក្សា​​​​ស្ថិរភាពថ្លៃ និងហិរញ្ញវត្ថុ នៅតែជាអាទិភាពចម្បង។ ប្រព័ន្ធធនាគារបានអនុវត្តវិធានការអ​នុ​គ្រោះ​​ប្រ​ក​បដោយពិលាស ជាពិសេសតាមរយៈការរៀបចំឥណទានឡើងវិញ ចំនួនជិត ២៤ ​គណនី ដែលមានទំហំឥណទានសរុប ៤,៨ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧,៥% នៃទំហំឥណទានសរុប។ ហើយបច្ចុប្បន្ន វិធានការទាំងនេះ កំពុងត្រូវបានធ្វើប្រក្រតីកម្មឡើងវិញ​ សំដៅពង្រឹងភាពរឹងមាំនៃប្រព័ន្ធធនាគារ។​ ម្យ៉ាងទៀតវិស័យធនាគារបានជួយ គាំទ្រដល់​វិស័យចម្បងៗ ជាពិសេសវិស័យកសិកម្ម និងសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យអាទិភាពចំពោះសេដ្ឋកិច្ចកម្ពុជា ដើម្បីទទួលបានឥណទានក្នុងអត្រាការប្រាក់សមស្របសម្រាប់បង្កើតនិង​អភិ​​វ​ឌ្ឍ​អាជីវកម្ម។​ ជារួម, ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការត្រួតពិនិត្យ ក៏ដូចជាការដាក់ចេញបទប្បញ្ញតិបុរេសកម្ម ផ្អែកលើហានិភ័យ និងទស្សនអនាគត ដោយថ្លឹងថ្លែងពីហានិភ័យជាប្រព័ន្ធ និងការរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ច។ ចំពោះការគ្រប់គ្រងលើការ កើនឡើងនូវ​ឥណទានមិនដំណើរការ ប្រព័ន្ធធនាគារបានបង្កើនការធ្វើសំវិធានធន ដែលរក្សាឱ្យអនុបាតឥណទានមិនដំណើរការសុទ្ធ មានកម្រិតទាបត្រឹម ៣,៣% ប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពគ្រប់គ្រាន់របស់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ ក្នុងការស្រូបយកការ ខាតបង់ជាយថាហេតុ។ គួររំលេចថាប្រ​សិទ្ធ​ភាព​នៃការគ្រប់គ្រងហានិភ័យមកលើប្រព័ន្ធធនាគារ ក៏ទាមទារចាំបាច់នូវកិច្ចសហការ របស់ភាគី​ពាក់ព័ន្ធផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា

2026/07/27 12:22:52 pm        683
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់​ក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីការអនុវត្តន៍ពន្ធ​ថ្មី ១០% របស់​សហ​រដ្ឋ​​អាមេរិក​ដែល​បាន​ដាក់មកលើប្រទេសជាច្រើន រួមទាំង កម្ពុជា ដោយ​រាជ​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​បំពេញលក្ខខណ្ឌនូវអ្វី​ដែល​បានចែងនៅក្នុង​ជំពូក ៣០១ របស់​សហរដ្ឋអាមេរិក។ ការអនុវត្តន៍ពន្ធ​ថ្មី ១០% របស់​សហរដ្ឋ​អាមេរិកមកលើកម្ពុជា​ គឺទាប​ជាង​ប្រទេស​ថៃ និងវៀតណាម ដែលមានអត្រា ១២.៥%។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាល​ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ ការិយាល័យ​តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាន​ដាក់ពន្ធគយអត្រា ១០% មកលើប្រទេស​កម្ពុជា។ ការសម្រេចបានអត្រា ១០%នេះ គឺ​បន្ទាប់​ពី​កម្ពុជា​បានបញ្ចប់ការចរចាយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិកនៃការអនុវត្តជំពូក ៣០១ របស់​សហរដ្ឋអាមេរិក និងចាត់វិធានការ ដើម្បីឆ្លើយបតទៅនឹងលក្ខខណ្ឌមួយចំនួន​ ដែល​សហ​រដ្ឋ​អាមេរិក​បាន​លើកឡើងអំពីការប្រើប្រាស់​ពលកម្មដោយបង្ខំចំពោះវត្ថុធាតុដើមដែលបាននាំចូល​។ ឯកឧត្តម បន្តទៀងថា ជាក់ស្តែង រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសរួមមួយ រវាងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​, ក្រសួងពាណិជ្ជកម្ម, និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់យ៉ាងច្បាស់​អំពីការគោរពតាមលក្ខខណ្ឌ និង​យក​ចិត្ត​ទុក​ដាក់​តាម​ដាននូវវត្ថុធាតុដើមដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ហើយ ក្នុងនោះ ក៏​មាន​ចែក​អំពី​ការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យតាមដាននូវការនាំចូលវត្ថុធាតុដើម ព្រមទាំង ជំរុញ​ឱ្យ​អ្នក​នាំ​ចូលបង្ហាញពីភស្តុតាំងផ្សេងៗ បញ្ជាក់ពីប្រភពនាំចូលវត្ថុធាតុដើម។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កម្ពុជាបានប្រឹងប្រែង​បំពេញលក្ខខណ្ឌនូវអ្វី​ដែល​បានចែងនៅក្នុង​ជំពូក ៣០១ របស់​សហរដ្ឋ​អាមេរិក​​។ ឯកឧត្តម គូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាស្ថិតនៅក្នុងចំណោមក្រុមប្រទេសមួយចំនួន ដែល​មាន​អត្រាពន្ធ ១០% បូក​នឹងប្រទេសដែលទទួលបានការអនុគ្រោះខ្ពស់បំផុត (Most-Favored-Nation- MFN) ដែល​រួមមាន ប្រទេសបង់ក្លាដែស, កាណាដា, អេក្វាទ័រ, ហ្គាតេម៉ាឡា, ហុង​ឌូរ៉ាស, ឥណ្ឌា, ឥណ្ឌូនេស៊ី, ហ្ស៊កដានី, ត្រូវអនុវត្តអត្រាពន្ធ ១០% បូកនឹង MFN ចាប់ពីថ្ងៃទី២៤ ខែ​កក្កដា​នេះ​តទៅ!។ ជាមួយគ្នា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏​បាន​​បង្កើត​តារាងកូតាសម្រាប់រយៈពេល ៣ឆ្នាំ សម្រាប់ប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ក្នុងការនាំចូលវត្ថុធាតុដើមវាយនភណ្ឌពីសហរដ្ឋអាមេរិក។ បើតាម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការដាក់អត្រាពន្ធគយថ្មី ១០%នេះ នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនោះទេ ព្រោះកម្ពុជា​ធ្លាប់​បាន​អនុវត្ត​អត្រា​ពន្ធស្រដៀងគ្នានេះរួចមកហើយ។ ក្រៅពីកម្ពុជា សហរដ្ឋអាមេរិក ក៏​បាន​ដាក់​ពន្ធ​គយ​អត្រា ១២.៥% លើប្រទេសចំនួន ៣៨ ផ្សេងទៀត រួមទាំង ប្រទេសថៃ និងវៀតណាម ផងដែរ​៕ អត្ថបទ៖ ធូ វិរៈ

សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម

2026/07/25 01:25:54 pm        553
ប្រធានសមាគមធំៗដែលលើកកម្ពស់សហគ្រិនក្នុងសកម្មភាពអាជីវកម្ម បង្ហាញនូវមោនទភាព ពេល​ឃើញ​សហគ្រិនជាម្ចាស់អាជីវកម្ម ផលិតករ និងសិប្បករ កំពុងមាន​ភាព​មមា​ញឹក​នៅ​ក្នុង​ផលិត​កម្ម ​ផលិតបម្រើដល់ចលនាទីផ្សារក្នុងស្រុកក៏ដូចការនាំចេញ ក្រោមឆ័ត្រ នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល។ បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តី​ពី​កិច្ច​ដំណើរ​ការនៅក្នុង ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់​ផ្គង់​ផលិត​ផល​ចូល​ទីផ្សារ​របស់​សហគ្រិន​ក្នុង​ស្រុក​នេះថា នាប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបាន អភិវឌ្ឍន៍រកចម្រើនយ៉ាងខ្លាំង និង​បាន​ស្រូប​យក​ឱកាសវិនិយោគឥតឈប់ឈរ ពោលគឺបានកំពុងបង្កើតបរិយាកាស អំណោយផល ដល់​ការធ្វើធុរកិច្ច និងការវិនិយោគ ស្របពេលរាជរដ្ឋាភិបាលកំពុងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង តាម​រយៈការអភិវឌ្ឍន៍ឧស្សា- ហកម្មដ៏មានសក្តានុពល ការលើកកម្ពស់គុណភាពស្ថាប័ន និង​ការ​ពង្រីក​ចាប់ដៃគូពាណិជ្ជកម្ម ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ជាដើម។ លោកបណ្ឌិត បន្តថា ចំពោះខ្សែច្រវាក់ផ្គត់ផ្គង់វិញឃើញថា បច្ចុប្បន្នសហគ្រិន​ក្នុង​ស្រុក​បាន​កើត​ឡើង​ព្រោង​ព្រាត ជាសហ- គ្រិនដែលមានសក្តានុពល បានបង្កើតផលិតផលកាន់តែសំបូរបែប សម្រាប់​ផ្គត់ផ្គង់ចូលទីផ្សារ ជាពិសេសកាវេចខ្ចប់ចំណីអាហារ និង ការដាំដុះបន្លែ ផ្លែឈើជាដើម ដែល​អាចផ្គត់ផ្គង់ស្ទើរតែជំនួសការនាំចេញទាំងស្រុង។ បញ្ហានេះរំពឹងថា, នៅពេលខាងមុខកម្ពុជា នឹង​កាត់បន្ថយលើការនាំចូលផលិតផលប្រភេទនេះបានទាំងស្រុង ខណៈ​សកម្មភាព​ក្នុង​ប្រទេស​កំពុង​មាន​សម្ទុះយ៉ាងខ្លាំង។ ចំណែកលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា ជុំវិញ​សហ​គ្រិន​ជា​ស្រ្តី​នេះ ​សមាគមមាន យកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេស​ការ​កសាង​សមត្ថ​ភាព​ផលិត​នៅ​ក្នុង​ស្រុក​លើ​ផ្នែកកម្មន្តសាល ផលិតដើម្បីផ្គត់ផ្គង់ផលិតផលលើ ទីផ្សារ បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​សហ​គ្រិន​ស្រ្តីកំ​ពុងទទួលលាភនៅក្នុងគ្រោះ បន្ទាប់ពីពលរដ្ឋ​កម្ពុ​ជា​ធ្វើ​ពហិការ​មិន​ប្រើ​ផលិត​ផល​ប្រទេសជិតខាង ដោយធ្វើឱ្យការផលិតរបស់សហគ្រិនជាស្រ្តី មានភាពមមាញឹកគួរកត់សម្គាល់។ លោក​ជំទាវ បន្ថែមថា ស្ថិតក្នុងបរិបថនេះ អ្វីដែលសំខាន់សហគ្រិនជាស្រ្តីខ្លួនឯងត្រូវតែតាំងចិត្ត និង​ប្តេជ្ញាបង្កើន និងបង្កើតនូវផលិតផលថ្មីៗនៅក្នុងស្រុកឱ្យបានច្រើន ក្លាយទៅ ជាប្រព័ន្ធ​អេកូឡូ​ស៊ី​សហ​គ្រិនភាពរស់រវើក បម្រើដល់សេដ្ឋកិច្ចនិងសង្គម។ សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និង​វិស័យឯកជនបានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈ​ការ​គាំទ្រ​បច្ចេក​ទេស​ក្នុង​ការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការស្វែងរកទីផ្សារជាដើម បាន​កំពុងជួយលើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក និងការ​ជួយ​ដល់​កសិករ​ដាំ​ដុះ ជាពិសេសការចូលលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាបន្ថយការនាំចូលផលិតផលក្រៅប្រទេស ជំរុញ​ពង្រីកផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm        675
ភ្នំពេញ៖ ប្រទេសកម្ពុជា​អាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូងទៅប្រទេសចិន​ដែលជាទីផ្សារ​ដ៏​សំខាន់មួយ បន្ទាប់ពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ត​ល់​វិញ្ញា​បន​បត្រជា​ផ្លូវការដល់ក្រុមហ៊ុនមួយនៅកម្ពុជាអាចនាំចេញចាប់ពីពេលនេះ តទៅ។ ការណ៍នេះ បា​ន​នាំ​ឱ្យផលិតផលកសិកម្មរបស់កម្ពុជាកើនដល់យ៉ាងតិច​ ១០មុខ អាចនាំចេញទៅកាន់ទីផ្សារចិន ​ក្រោម​ការ​សម្របសម្រួលឱ្យមានការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី លក្ខខណ្ឌត​ម្រូវ​ភូត​គាម​អនាម័យ​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និង អាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ។​ លទ្ធផលនេះ សម្រេចទៅបាន បន្ទាប់ពី ប្រធានាធិបតីចិន ឯកឧត្តម​ ស៊ី ជីនពីង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥កន្លងទៅ បាន​មកទស្សនកិច្ចជាផ្លូវការ​នៅប្រទេស​​កម្ពុជា ដែលនាំឱ្យ​មាន​​ចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា(MoU) ចំនួន ៣៧ រវាងកម្ពុជា-ចិន​។ ក្នុងនោះ MoU ចំនួន ៣ ពាក់ព័ន្ធនឹង​កសិកផល​កសិកម្មកម្ពុជា​ គឺមានសំបុកត្រចៀកកាំ​ ធុរេន និងកូន​​ក្រពើ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ការអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនមួយអាចនាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិននាពេល​គឺជាការបោះជំហានវិជ្ជាមានមួយសម្រាប់ទីផ្សារក្នុងប្រទេសចិន ។លោកជឿថា ក្នុងរយៈពេល១ឆ្នាំខាងមុខទៀត ក្រុមហ៊ុននាំចេញសំបុកត្រចៀកកាំនៅកម្ពុជា កាន់តែច្រើន នឹងទទួលបានការអនុញ្ញាតពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយទីផ្សារសំបុកត្រចៀកកាំកម្ពុជានឹងកាន់តែមានភាពរីកចម្រើន។ គិតត្រឹមឆ្នាំ២០២៥ សមិទ្ធផលនៃការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការបើកទីផ្សារនាំចេញ ផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន អង្ករ និងកញ្ចុងអង្ករ, ចំណិតដំឡូងមី, គ្រាប់ពោត, ផ្លែចេកស្រស់, ស្វាយស្រស់, មៀនស្រស់, ម្រេច, ដូងស្រស់, ខ្នុរ, និងផ្លែទុរេនស្រស់៕ អត្ថបទ៖ ធូ វិរៈ

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក

2026/07/23 10:33:13 pm        587
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សន្យាពាំនាំនូវព័ត៌មាន និង​ការ​មើល​ឃើញ​ដោយ​ផ្ទាល់​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ជួយបន្តផ្សព្វ​ផ្សាយ​នៅ​សហ​រដ្ឋ​អាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាព ជាក់ស្ដែងនៅកម្ពុជា សំដៅ​ទាក់​ទាញ​វិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក​មកកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាននិងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋ​អាមេរិក​ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់​ទំនងពាណិជ្ជកម្ម និងការបន្ត វិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាមេរិកជាច្រើននៅកម្ពុជា ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង សហរដ្ឋអាមេរិក សម្រេច​បាន​​ប្រមាណ ១៣ ប៊ីលានដុល្លារអាមេរិក ខណៈទុន​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំ នៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិ​ជ្ជ​កម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងការ​រក្សា​បាន​នូវ​ចីរភាព​ហិរញ្ញ​វត្ថុ​សាធារណៈ​របស់កម្ពុជាសម្រាប់រយៈពេលមធ្យមទៅវែង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍ រាល់កាលានុវត្ត​វិនិយោគ​ដែល​ជា​ការ​វិនិយោគមាន តម្លៃបន្ថែមខ្ពស់ ជាពិសេសចំពោះវិស័យអាទិភាព និងមាន​សក្ដា​នុពល​ខ្ពស់​រួម​មាន វិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និង​បច្ចេកវិទ្យាទំនើប ជាដើម ។ ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការបន្តដោះស្រាយរាល់ បញ្ហាប្រឈម ពាក់ព័ន្ធនានាកន្លងមក ដោយធ្វើ​ការ​កត់​សម្គាល់​អំពី​ការ​រីក​ចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និង ធុរកិច្ច នៅកម្ពុជា​ក្នុង​រយៈ​ពេល​២​ឆ្នាំ ​នៃការបំពេញការងាររបស់លោក, បើទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់ យ៉ាង​នេះ​ក្តី។ ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់ លើក​ឡើងអំពីបញ្ហាប្រឈមថ្មី ដែល កំពុងជួបប្រទះ និងស្នើ​ឱ្យ​ក្រុម​ហ៊ុន​ដែល​កំពុង​ស្វែង​រក​ឱកាស​វិនិយោគសាកសួរអំពីសក្កានុពលវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ក៏បានឆ្លើយតបទៅនឹងការស្នើសុំជាក់លាក់ និងបញ្ហាប្រឈមនានា ដែល​លើកឡើងដោយ តំណាងក្រុមហ៊ុនទាំង១៣ ក៏ដូចជាបាន​ជម្រាប​ពី​ដំណើរ​ការ​កែ​ទម្រង់​ជា​រចនា​សម្ព័ន្ធ​សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់ បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បី​បង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច, ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹង​អនុលោមភាព ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងស្មើភាព និងជា​ពិសេស​ជំរុញ​ការ​ចូលរួមសហការជាមួយ រាជរដ្ឋាភិបាលតាមរយៈយន្តការ «ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះ ស្រាយ​នូវ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធប្រកបដោយប្រសិទ្ធភាពភាពទាន់ពេល និងភាពព្យាករ​បាន​នៃកា​រ​ប្រែ​ប្រួល​គោល​នយោបាយ​នានា។ ក្រោយកិច្ចពិភាក្សា, ឯកអគ្គរដ្ឋទូត សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញ​ដោយ​ផ្ទាល់​អំពី​ស្ថានភាព​សេដ្ឋកិច្ចជាពិសេស អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និង ជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅ​ទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក​ ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

2026/07/23 10:06:29 pm        580
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និង​មាន​លក្ខណៈ​បើ​កចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជា​ពិសេស​លើក​កម្ពស់​ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។ ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​បាន​បន្ត​ទាក់​ទាញ​រំហូរ​ទុន​វិនិយោគ​ផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្រប​ដណ្តប់​លើ​គម្រោង​រាប់​រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុន​ទាំង​នេះ​បាន​ផ្តោត​សំខាន់​លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម​។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា ទាក់ទិនការវិយោគនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជា​បាន​ស្រូប​យក​គម្រោង​វិនិយោគជិត ៧០០ គម្រោង មានទំហំទុនវិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​, ​កំណើនល្អប្រសើរនេះ ស្របពេលសហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធគយ​បដិការ​ទៅ​លើ​ប្រទេស​ផ្សេង​ៗ ​ធ្វើឱ្យវិនិយោគិនមួយចំនួនបានបង្វែរទិសដៅមកកម្ពុជា បង្កើត​រោង​ចក្រ​សហ​គ្រាស​ផលិត​សម្រាប់​បម្រើ​ទីផ្សារនាំចេញ ស្របតាមការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ការ​លើក​ទឹកចិត្ត រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល និងការលើកលែងពន្ធគយនាំចូល ច្បាប់​ស្តីពីវិនិយោគថ្មីជាដើម រោមជាមួយការយកចិត្តទុកដាក់ការរបស់ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានកំពុងគាំទ្រ បង្កើត​បរិយាកាសវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ថា គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោត​លើ​ការ​កែ​ទម្រង់​មុតស្រួច ដើម្បីធានានូវភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែង ក្នុងនោះ​តាមរយៈ​ច្បាប់​ស្តីពី​វិនិយោគថ្មី រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត រួមទាំងការលើក លែងពន្ធលើប្រាក់ចំណូល និង​ការលើកលែងពន្ធគយនាំចូល សម្រាប់គម្រោងវិនិយោគលើវិស័យអាទិភាព។ យុទ្ធសាស្ត្រ​ស្នូល និងការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើកត្តាសំខាន់ៗរួមមាន៖ ការ​លើក​ទឹក​ចិត្ត​លើ​វិស័យ​អាទិភាព​: ផ្តោតខ្លាំងលើឧស្សាហកម្មបច្ចេក វទ្យា ខ្ពស់ ឧស្សាហកម្មបង្កើតតម្លៃបន្ថែម កសិកម្ម កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បៃតង និងការច្នៃប្រឌិត។ កិច្ចការពារវិនិយោគិន: ការ​ធានាការពារមិនឱ្យមានការធ្វើជាតូបនីយកម្ម ការរើសអើង និងការ​អនុញ្ញាត​ឱ្យ​វិនិយោគិន​អាច​ទូទាត់ ​និងបញ្ជូនប្រាក់ចំណូលជា រូបិយប័ណ្ណបរទេសទៅក្រៅប្រទេសវិញដោយសេរី។ ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើធុរកិច្ច: ការរៀបចំប្រព័ន្ធច្រកចេញចូលតែមួយ និងកិច្ច សម្រួលនីតិវិធីផ្សេងៗ តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីដោះស្រាយរាល់ការលំបាកជូនវិនិយោគិន។ កិច្ច​ព្រម​ព្រៀង ​ពាណិជ្ជកម្មសេរី: កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (ដូចជា RCEP, CCFTA) ដែលជួយពង្រីកទីផ្សារ នាំចេញទំនិញ​របស់​​អ្នក​វិនិយោគ​ទៅ​កាន់​ពិភព​លោក​។ ការលើកកម្ពស់វិស័យឯកជន (IDP): តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហ​កម្ម កម្ពុជាកំពុងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សហគ្រាសធុនតូច និង​មធ្យម (SMEs) ឱ្យក្លាយ ជាដៃគូរបស់ក្រុមហ៊ុនធំៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក ត្រាំ បង្ហើបពីការជួបប្រជុំរួមគ្នាជាមួយលោក ស៊ី និងលោក ពូទីន នៅខែក្រោយ
10/20/2026 09:10 AM
ស្ថាប័នអយ្យការកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ និងសន្និសីទ​អគ្គ​ព្រះរាជ​អាជ្ញា​/អគ្គរដ្ឋ​អាជ្ញាអាស៊ាន លើកទី១ និងអាស៊ាន-ចិន លើកទី១៦” នៅព្រុយណេ
10/20/2026 09:10 AM
អនុប្រធានទី២ រដ្ឋសភា៖​ ការអភិវឌ្ឍសភាអេឡិចត្រូនិកផ្តល់ផលប្រយោជន៍ខ្ពស់​ ប៉ុន្តែទាមទារការប្រុងប្រយ័ត្ន និងការការពារទិន្នន័យជាចម្បង
10/20/2026 09:10 AM
មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM