ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាល​ថ្នាក់ក្រោមជាតិ

2025/05/01 11:55:21 am        60
កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅធ្វើឱ្យសេចក្តីព្រាងច្បាប់ថ្មី បានគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាព។ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសា ម្សិលមិញនេះ បានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” សេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិថ្មី, ដែលនេះមិនមែនជាច្បាប់ដំបូងនោះទេ ប៉ុន្តែឯកសារនេះបានវិវត្តន៍ជាបន្តបន្ទាប់ ពីច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត និងក្រុង ឆ្នាំ១៩៩៨ និងបន្ទាប់ មកត្រូវបានកែសម្រួលឡើងវិញជា “ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ឆ្នាំ២០១១ ដោយនៅជាធរមានដល់សព្វថ្ងៃ។ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងដោយមានការសិក្សាលើទិដ្ឋភាពសំខាន់ៗ និងចាំបាច់នៅក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍នៃការអនុវត្តកន្លងមក និងការធានាបាននូវភាពស៊ីសង្វាក់គ្នាទៅ នឹងការកែទម្រង់ផ្សេងៗទៀត របស់រាជរដ្ឋាភិបាល ពិសេសបានគិតគូរអំពីកត្តាចាំបាច់មួយចំនួនដូចជា៖ កត្តាសមត្ថភាព និងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួល អនុវត្ត ក្នុងគោលដៅផ្តល់ឆន្ទានុសិទ្ធិកាន់តែច្រើន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការរៀបចំនិងអនុវត្តថវិកា។ សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគិតគូរយ៉ាងគត់ហ្មត់ដោយផ្អែកលើគោលការណ៍គន្លឹះសំខាន់ៗរួមមាន៖ ការបន្តពង្រឹងភាព ជឿទុកចិត្តបាននៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្រោមសសរស្តម្ភ គឺការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា និងការសិក្សា ពិនិត្យ និងថ្លឹងថ្លែង ជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា

2025/05/01 11:13:59 am        261
ក្រុមហ៊ុនក្រៅស្រុកមួយ ចាប់អារម្មណ៍លើការបោះទុនវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, កំពង់ផែ, ហិរញ្ញវត្ថុធនាគារ, វិស័យ អប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការកែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីតំបន់មជ្ឈិមបូព៌ា នៅថ្ងៃម្សិលមិញនេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងជំនួបនោះ លោកបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះ ការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតារបស់ក្រុមហ៊ុន ព្រមទាំងការចាប់ដៃ គូសហការ ជាមួយក្រុមហ៊ុនក្នុងស្រុកមួយផងដែរ។ លោកនាយកប្រតិបត្តិ បានបង្ហាញពីចំណាប់អារម្មណ៍លើការបោះទុនវិនិយោគ លើវិស័យផ្សេងៗទៀតនៅកម្ពុជារួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកំពង់ផែ, វិស័យហិរញ្ញវត្ថុធនាគារ, វិស័យអប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការ កែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសាសន៍ណែនាំ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបរិយាសវិនិយោគ និងវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុននឹងពិចារណាបន្ថែម។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែង រកឱកាសវិនិយោគនៅកម្ពុជា និងបានជម្រាបបន្ថែម អំពីសក្តានុពលវិជ្ជមាននានា ដែលជាបច្ច័យសម្រាប់ ពិចារណាក្នុងការមកដាក់ទុន វិនិយោគរួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋា- ភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្ត ជាច្រើន ដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុង អភិវឌ្ឍឱ្យកាន់តែមានភាព សម្បូរបែប និងប្រទាក់ក្រឡា។ ក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន Heineken ដឹកនាំ ដោយលោក Jacco Van Der អគ្គនាយកក្រុមហ៊ុន Heineken ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារផងដែរ ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន នៅក្នុងបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន។ គួររម្លឹកដែរថាក្រុមហ៊ុន Heineken បានសម្រេចចិត្តដាក់ទុនវិនិយោគ នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ដែលកាលនោះគឺជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដំបូងគេបំផុត ដែលទទួលបាន ការទទួលអនុញ្ញាតជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ

2025/04/30 12:33:33 pm        605
អ្នកជំនាញក្នុងវិស័យកសិកម្ម ថ្លែងឱ្យដឹងថា គ្រាប់ស្វាយចន្ទីកម្ពុជា គឺជាផលិតផលដែលមានក្តានុពលក្នុងស្រុក ត្រូវបានពិភពលោក ទទួលស្គាល់ជាផលិតផលល្អផ្តាប់គេ ជាពិសេសតម្លៃលក់ចេញឆ្នាំនេះបានហក់ឡើងខ្ពស់ គិតជាមធ្យម ៥.៣០០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមិនធ្លាប់មាន នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការប្រមូល ផលគ្រាប់ស្វាយចន្ទី និងទីផ្សារលក់ចេញក្នុងឆ្នាំ ២០២៥ នេះថា ជុំវិញការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ នៅតាមបណ្តាខេត្តទូ ទាំងប្រទេស ប្រមូលផលជិត ៧០ ភាគរយហើយ ក្នុងនោះការប្រមូលផលក្នុងឆ្នាំ នឹងអាចថមថយបន្តិចបន្ទួច បើធៀបនិងឆ្នាំកន្លងមក ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់នៅពេលស្វាយចន្ទីចាប់ផ្តើមផ្កា ប៉ុន្តែការប៉ះពាល់នេះមិនធ្វើឱ្យខូចដល់ គុណភាពផ្លែចន្ទីនោះឡើយ។ ចំណែកតម្លៃទីផ្សារវិញ លោក អួន ស៊ីឡុត បន្តឱ្យដឹងថា គ្រាប់ស្វាយចន្ទីឆ្នាំនេះ សម្រាប់ការលក់ចេញនៅដើមរដូវ មានតម្លៃ ៦.៦០០ រៀល ក្នុងមួយគីឡូក្រាម ចំណែកនៅក្នុងខែ មេសា បានថយមកនៅក្នុងរង្វង់ ៥.២០០ រៀល ។ លោក បន្តថា នេះគឺជាតម្លៃ មួយដ៏ល្អ និងធ្វើឱ្យកសិករទទួលបានផលចំណេញ។លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើងថា គ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជា ផលិតផលដែលមានគុណភាពខ្ពស់ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិ ស្ទើតែមិនបាច់មានចរចារ ព្រោះគ្រាប់ ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជាផលិតផលដែលល្អផ្តាប់គេ និងមានការដាំដុះក្នុងស្រុកដោយខ្លួនឯង ដែលធ្វើឱ្យ មានការប្រកួតប្រជែងខ្ពស់ និងបានផ្តល់ទំនុកចិត្តដល់អ្នកបញ្ជាទិញផងដែរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុកសរុបមានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើធៀប នឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាម ជាប់ លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹកប្រាក់សរុបនៃការនាំចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារ អាមេរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង

2025/04/30 12:25:44 pm        166
គិតត្រឹមខែមេសា ដើមឆ្នាំ២០២៥នេះ ខេត្តកំពុងស្ពឺ មានរោងចក្រ សហគ្រាសកំពុងដំណើរការ សរុបចំនួនជិត ១.៤០០ កន្លែង ក្នុងនោះមានរោងចក្រធុនធ្ងន់ចំនួន ៤៨២ រោងចក្រ ដោយផ្តល់ការហារសរុបជាង ៤៥ ម៉ឺនកន្លែង, ដោយវិស័យនេះបានចូលរួម ចំណែកសេដ្ឋកិច្ចក្នុងខេត្ត ប្រមាណ ៤៧ ភាគរយ។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាល ឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្ងៃទី២៨ ខែ មេសា កន្លងមកថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានបណ្តាញផ្លូវ ទឹក ភ្លើង បានកំពុងគាំទ្រដល់ការធ្វើធុរកិច្ចដូចជា វិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម និងអនុវិស័យទេសចរណ៍ធម្មជាតិជាដើម បានរីកចម្រើនគួរកត់សម្គាល់, ដោយវិស័យទាំងនេះបាននិងកំពុងបង្កើនទំនុកចិត្តខ្ពស់ ដល់អ្នកវិនិយោគក្នុងខេត្ត ព្រមទាំងបានស្រូប យកចំនួនវិនិយោគថ្មីៗ ឱ្យមកបណ្តាក់ទុនជាបន្តបន្ទាប់ផងដែរ។ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងវិស័យឧស្សាហកម្ម បើគិតត្រឹមខែ មេសា ឆ្នាំ ២០២៥នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសដែលកំពុងដំណើរ ចំនួន ១.៣៩២ កន្លែង មានកម្មករសរុបជាង ២៣ ម៉ឺននាក់ ក្នុងនោះមានរោងចក្រធុនធ្ងន់ ចំនួន ៤៨២ រោងចក្រ មានកំលាំងពលកម្មបម្រើការងារជាង ២២ ម៉ឺននាក់, ដោយវិស័យនេះរួមចំណែកសេដ្ឋកិច្ចនៅក្នុងខេត្ត មានចំនួនជាង ៤៧ ភាគរយ បើធៀបទៅនិងវិស័យសេវាកម្ម និងវិស័យកសិកម្មនៅក្នុងខេត្តទាំងមូល។ចំណែកពាក់ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ឯកឧត្តមអភិបាល លើកឡើងឱ្យដឹងថា ខេត្តកំពង់ស្ពឺមានសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ ម៉ឺននាក់ ចែកចេញជាមុខរបរចំនួន ១៥ ក្រុម រួមមាន៖ សហគ្រាសចំនួន ៤ អាទិភាព, លក់ដុំ-រាយ និងជួសជុល សេវាកម្មស្នាក់នៅ, អាហារ, សិប្បកម្ម, និងសហគមន៍កសិកម្ម ខណៈអ្នកប្រកបអាជីវកម្ម ឬធ្វើការងារ មានចំនួន១១អាទិភាពដូចជា៖ កម្មករសំណង់, អ្នក បម្រើសេវាភេសជ្ជៈ កម្សាន្ត និងម៉ាស្សា, អ្នកកែសម្ភស្ស សាឡន និងជាងកាត់សក់ អ្នករត់ម៉ូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នក រត់តាក់ស៊ី, អាជីវករលក់តាមផ្សារ, សិល្បករ កីឡាករ អ្នកសារព័ត៌មាន និងអាជីវករចល័តតាមដងផ្លូវ, អ្នកបម្រើសេវាតាមរោងការ និង ពលករក្នុងវិស័យកសិកម្មជាដើម ដោយវិស័យទាំងអស់ត្រូវបានរាជរដ្ឋាភិបាលលើកកម្ពស់ ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចប្រព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី 

កសិករក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមការងារបង្កបង្កើនស្រូវដោយប្រើពូជសែនក្រអូប និងស្រង៉ែ

2025/04/29 03:30:00 pm        181
ប្រជាកសិករក្នុងនៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមភ្ជួរ​រាស់ព្រោះស្រូវពូជបណ្តើរៗហើយ បន្ទាប់ពីមានភ្លៀងធា្លក់នោះ ហើយមកដល់ពេលនេះ ការងារបង្ក បង្កើនផលបានប្រមាណជា៥០ភារយហើយ។កសិករបានបញ្ជាក់ថា ឆ្នាំនេះ ពួគគេភាគច្រើននាំគ្នាដាំដុះពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែ បន្ទាប់ពីប្រភេទអូអ៊ឹម កាលពីឆ្នាំកន្លងទៅ បានធ្លាក់ថ្លៃ ។ ពួកគេសង្ឃឹមថា ស្រូវសែនក្រអូប និងស្រូវស្រង៉ែ នឹងនៅតែមានតម្លៃល្អដូចឆ្នាំមុន ។លោក ប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បាន បញ្ជាក់ថា នៅទូទាំងខេត្តនេះ មានផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង២៧ម៉ឺនហិកតា៕

វិស័យឯកជន៖ ការបង្កើតក្រុមការងាររៀបចំសេវាអេទ្បិចត្រូនិក ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា

2025/04/29 02:23:52 pm        138
វិស័យឯកជន ចាត់ទុកសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លើការបង្កើតក្រុមការងារអន្តរក្រសួង រៀបចំសេវាអេទ្បិចត្រូនិក សម្រាប់ធុរកិច្ច គឺជាការដោះស្រាយសេវាជាកញ្ចប់ លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានទំនួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា។ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការ បង្កើតក្រុមការងារអន្តរក្រសួង រៀបចំសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល នេះថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញមុំទី៥ នៃការអភិវឌ្ឍន៍ និងសង្គមឌីជីថលរួមមាន៖ ការកសាងរាជរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាងនិងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល, និងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។ឧកញ៉ាបណ្ឌិត បន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក សម្រាប់ធុរកិច្ច គឺដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលឲ្យកាន់តែមានភាពរស់រវើក និងជាការលើកកម្ពស់ប្រសិទ្ធភាពការងារ, ដែល នេះគឺជាការដោះស្រាយសេវាជាកញ្ចប់ដល់ធុរកិច្ច ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាល សាធារណៈ, ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ជុំវិញសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ថ្មីៗនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព, ដោយបានកំណត់យកអាទិភាពគន្លឹះ ៥រួមមាន៖ «មនុស្ស, ផ្លូវ, ទឹកនិង ភ្លើង;និង អាទិភាព គន្លឹះបន្ថែមថ្មីមួយទៀត, ពោលគឺបច្ចេកវិទ្យា, ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយ តបប្រកបដោយសង្គតិភាពទៅនឹង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥» ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតនៅលើមាគ៌ា នៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលបន្តប្តេជ្ញាធ្វើឲ្យបរិយាកាសធុរកិច្ចនៅកម្ពុជា មានលក្ខណៈកាន់តែប្រសើរឡើងជាលំដាប់ ដោយ ការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថលក្នុងជំហានដំបូង តាមរយៈការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនមែនជាជម្រើស សម្រាប់ការពិចារណានោះទេ, ប៉ុន្តែជាការចាំបាច់ ដែលត្រូវតែអនុវត្តឲ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងភាពជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជន។ ក្នុងន័យនេះ, ការធ្វើ-ទំនើបកម្មការផ្តល់សេវា សាធារណៈសម្រាប់ធុរកិច្ច ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

តំណាងក្រុមប្រឹក្សារដ្ឋចិន៖ កម្ពុជាកំពុងបោះជំហានដ៏ត្រឹមត្រូវ លើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/04/28 10:43:00 am        160
តំណាងការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន កោតសរសើរ​ដល់រាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងបោះជំហានដ៏ត្រឹមត្រូវ នូវលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានកំពុងបង្កើតនូវទំនុកចិត្តដល់វិនិយោគិនចិន ធ្វើការ វិនិយោគនៅកម្ពុជា។លោក Wang Weimin អនុប្រធានការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាចុងសប្តាហ៍កន្លងមក ក្នុងនោះចំពោះ ដំណើរទស្សនកិច្ចរបស់លោក មានគោលបំណងពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់ អំពីបច្ចុប្បន្នភាពថ្មី នៃបរិយាកាសវិនិយោគ កម្ពុជា នៅក្នុងបរិបទនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។លោក បានលើកឡើងថា, កម្ពុជា-ចិនគឺជាមិត្តមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងបានកំពុងជំរុញដល់ការរីកលូត លាស់នៃប្រទេសទាំងពីរ ក្នុងនោះសម្រាប់កម្ពុជា បាននិងកំពុងបោះជំហានទៅមុខ ដោយឈរនៅលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្តែងចេញតាមរយៈការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, កំណើននៃរំហូរវិនិយោគបរទេស និងភាពល្អប្រសើរ នៃជីវភាពរស់នៅរបស់ប្រជាជន។ ស្របគ្នានេះ, លោកក៏បានសម្តែងនូវសេចក្តីពេញចិត្តយ៉ាងខ្លាំង សម្រាប់ការបរិយាយយ៉ាងពិស្តារ អំពីវឌ្ឍនភាពចុងក្រោយ នៃបរិស្ថានធុរកិច្ចនៅកម្ពុជា ហើយលោកបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សហគ្រាសចិន ក្រោមគំនិតផ្តួច ផ្តើមខ្សែក្រវាត់និងផ្លូវ នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅតាមបណ្តោយរបៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាជាក់ជាពុំខាន។     ឯកឧត្តម សួន សុផល បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចចិនផងដែរ ដែលអញ្ជើញមកធ្វើទស្សន កិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ទើបបានបញ្ចប់ប្រកប ដោយផ្លែផ្កាយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះភាពរីក ចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ជាពិសេសសម្ទុះថ្មីនៃការកសាងសហគមន៍វាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ជាក់ស្តែងគម្រោងវិនិយោគផ្ទាល់របស់ចិននៅកម្ពុជា តែង តែឈរនៅលំដាប់លេខរៀងកំពូលជានិច្ច ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ដោយបានវិនិយោគលើមុខសញ្ញាប្រកបដោយពិពិធភាព ហើយឯកឧត្តមមានជំនឿចិត្តថា គម្រោងវិនិយោគរបស់ចិន នឹងនៅតែបន្តឈរនៅលំដាប់កំពូលតទៅអនាគត។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់ នូវបរិយាកាសវិនិយោគរបស់ខ្លួន តាមរយៈ ការផ្តល់កិច្ចសម្រួលវិនិយោគឱ្យកាន់តែលឿន និងទាន់ចិត្ត, ការផ្តល់នូវកញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះខ្ពស់ និងការថែទាំ វិនិយោគប្រកបដោយភាពកក់ក្តៅ។ ឯកឧត្តម អគ្គលេខាធិការរង បានបង្ហាញសុទិដ្ឋិនិយមថា គណៈប្រតិភូនៃការិយាល័ ទីប្រឹក្សា នៃក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នបណ្តុំគំនិតរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជួយពាំនាំព័ត៌មានវិជ្ជមានរបស់កម្ពុជា ជម្រាបជូនថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការសិក្សាសមិទ្ធិលទ្ធភាព ពង្រីកខ្សែច្រវាក់ ផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្មរៀបចំការផ្គូផ្គូ្គង និងជំរុញឱ្យផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាតផ្សេងៗ

2025/04/25 03:32:30 pm        246
ក្រសួងពាណិជ្ជកម្មរៀបចំការផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាតផ្សេងៗនៅកម្ពុជា ដើម្បីលើក កម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកម្មវិធីផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរ ចូលផ្សារទំនើប និងម៉ាត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះថា ជុំវិញផលិតផលខ្មែរនេះ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ នូវយុទ្ធសាស្រ្តជាច្រើន ដើម្បីជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលខ្មែរ ក្នុងនោះកម្ពុជាក៏មានទិវាជាតិនៃការប្រើប្រាស់ផលិតផល ខ្មែរ ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានចេញសារ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលដែលជារបស់ខ្មែរ។ ក្រៅពីនេះកម្ពុជាក៏មាន គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនោះក្រសួងពាណិជ្ជកម្មក៏ជាសមាជិកក្នុងគណៈកម្មាធិការនោះដែរ ដោយ មានកម្មវិធីជាច្រើនបានធ្វើឡើងនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ ក្នុងគោលដៅដើម្បីលើកកម្ពស់ផលិតផលខ្មែរ មានទីផ្សារ និង ក្នុងកិច្ចដំណើរការផលិតជាដើម។ចំណែកអាជីវករដែលចូលរួមផ្គូផ្គូ្គងអាជីវកម្មនេះ លើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិការណ៍ផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យ ផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត គឺជាការចូលរួមចំណែកដ៏សំខាន់ នៃការលើកកម្ពស់ផលិតផលខ្មែរ ឱ្យមានទីផ្សារលក់ដូរកាន់ តែច្រើន, ការចូលរួមលើកកម្ពស់នេះ មិនត្រឹមជួយដល់អាជីវករ ឬម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជួយដល់កសិករដែល ជាអ្នកផ្គត់ ផ្គង់វត្ថុធាតិដើម និងជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។ជុំវិញការលក់ផលិតផលខ្មែរនេះដែរ, លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិផ្សារសមាគមខ្មែរ លើកឡើងឱ្យដឹងថា ផ្សារ សមាគមខ្មែរបានបង្កើតឡើងមានរយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះឡើង ដើម្បីគាំទ្រដល់ផលិតផលខ្មែរ និង សហគ្រិនខ្មែរ ដាក់លក់ផលិតផលខ្មែរ។ ជុំវិញកិច្ចការនេះ ចំពោះអាជីវករដែលជួបបញ្ហាលើនីតិវិធី មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ចូលផ្សារទំនើប ឬម៉ាតបាននោះ, អាចទំនាក់ទំនងផ្សារសមាគមខ្មែរ ដើម្បីដាក់លក់ផលិតរកចំណូលជាបណ្តើរៗ ព្រោះផ្សារសមាគម ខ្មែរ ក្រៅពីការលក់ដូរក៏ជួយរកទីផ្សារ ដើម្បីពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្មបន្ថែមផងដែរ។សូមបញ្ជាក់ថា នៅក្នុងកម្មវិធីផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរ ចូលផ្សារទំនើប និងម៉ាតនេះ មានតំណាងមកពីផ្សារទំនើប និងម៉ាតជាច្រើន បានធ្វើបទបង្ហាញអំពីកិច្ចដំណើរទីផ្សារបច្ចុប្បន្ន ដែលបានកំពុងស្រូបយកផលិតផលខ្មែរជាបន្តបន្ទាប់ ជាពិសេសការ បង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌផ្សេងៗ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាត ដល់អាជីវករ និងម្ចាស់អាជីវកម្ម ក្នុងការរៀបចំ ខ្លួនឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារទាំងនោះ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈយោគយល់លើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និង JPQR

2025/04/25 02:06:52 pm        176
ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លង ដែន តាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPOR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការ ទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន នៃការចុះអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លង ដែន តាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ដោយកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែននេះ ត្រូវបានបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង អាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងទី២៖ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន។សម្រាប់អនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជា សម្រាប់ធ្វើការតភ្ជាប់និងទូទាត់ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ ជប៉ុន បានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករទូទាត់តាមឃូអរកូតជាមួយភាគីកម្ពុជា។ ការណ៍នេះ នឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅ ប្រទេសកម្ពុជា ឬប្រទេសជប៉ុន។ បញ្ហានេះ, ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្ដល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាព ផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រ កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ខាងលើធ្វើឡើង ដោយផ្អែកលើក្របខណ្ឌអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ថ្នាក់ជាតិ ដែលបានចុះហត្ថលេខាដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ដ្រីនៃប្រទេសជប៉ុន ដែលជាក្របខណ្ឌកិច្ចសហការទូទាត់តាមឃូអរកួតឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ជុំវិញបញ្ហានេះ, ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការ ក្នុងវិស័យ សាធារណៈ និងឯកជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃូអរកូតរវាង KHQR និង JPQR ឱ្យបានជោគជ័យ។ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកួតសម្រាប់ដំណាក់កាលទី១ គ្រោង នឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ​កំពុងពន្លឿនរៀបចំ​នីតិវិធី​ដើម្បីធានា​តម្លាភាព​លើ​ការ​នាំ​ចេញ​ទៅ​អាម៉េរិក

2025/04/24 11:08:01 am        177
ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការ​រៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែល​នីតិ​វិធី​ពិសេស​បន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ។នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនផលិតករ និងអ្នក​នាំ​ចេញ​ទាំង​អស់​ដែល​បាននិងកំពុងនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកជ្រាបថា កម្ពុជាបានអនុវ​ត្ត​យ៉ា​ង​គត់ម៉ត់នូវវិធានពាណិជ្ជកម្មអន្តរជាតិកាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិក​របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិងប្រកាសឲ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និងអនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

២០ថ្ងៃហើយដែលទាហានកម្ពុជា ត្រូវបានភាគីថៃចាប់ទៅដោយខុសច្បាប់ ប៉ុន្តែកម្ពុជានិងសហគមន៍អន្តរជាតិ បន្តអំពាវនាវឲ្យថៃដោះលែងពួកគេមកវិញជាបន្ទាន់
08/18/2025 07:08 AM
ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ
08/17/2025 05:08 PM
សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាទើបប្រទះឃើញ នៅសារមន្ទីរខេត្តកំពង់ធំ
08/17/2025 04:08 PM
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក
08/17/2025 04:08 PM
លោក Trump នឹងជួបលោកZelensky នៅអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាដោយជោគជ័យ ជាមួយលោក Putin
08/17/2025 03:08 PM
ចំនួនអ្នកស្លាប់កើនឡើង ខណៈចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញអឺរ៉ុបភាគខាងត្បូង
08/17/2025 03:08 PM
ទឹកជំនន់នៅភាគខាងជើងប្រទេសចិន សម្លាប់មនុស្ស៨នាក់ និងបាត់ខ្លួន៤នាក់
08/17/2025 02:08 PM
បណ្ដាប្រទេសអារ៉ាប់ និងឥស្លាម ថ្កោលទោសការលើកឡើងរបស់លោក Netanyahu ដែលចង់ពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ
08/17/2025 01:08 PM
BREAKING NEWS! រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងពីរនាក់របួសធ្ងន់
08/17/2025 01:08 PM
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
08/17/2025 01:08 PM