សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុនទេសចរណ៍Trip.comប្តេជ្ញានាំភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត

2024/01/16 09:37:35 pm        169
ភ្នំពេញ÷ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.comបានប្តេជ្ញានឹងនាំភ្ញៀវទេសចរបរទេសមកទស្សនា នៅប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនលោកស្រីក៏មានការចុះអនុស្សរណៈជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជាដែរនោះ។ នៅក្នុងកិច្ចជំនួបនោះលោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍។ ជាមួយគ្នានោះ លោកស្រី ក៏បានបញ្ជាក់ផងដែរ អំពីគោលបំណងរបស់ក្រុមហ៊ុនលោកស្រីក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជាដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញខ្លាំង។ គួរបញ្ជាក់ថា Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី ហើយសម្តេចបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕អត្ថបទ ÷ បាន ចក់

សម្ដេចធិបតីស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុន HawkEye 360 Inc សហការវិនិយោគជាមួយក្រុមហ៊ុននៅកម្ពុជាលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត

2024/01/16 07:07:47 pm        80
ស្វីស៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងឱកាសនៃជំនួប លោក John Serafini បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានបង្ហាញនូវភាពរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមសហការវិនិយោគជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ដោយបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត នេះ ។គួរបញ្ជាក់ថា ក្រុមហ៊ុន HawkEye 360 Inc ជាំក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៥ ៕ ដោយ ៖ ដារា

អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

2024/01/16 05:13:23 pm        82
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងឱកាសនៃជំនួប ឯកឧត្ដម Mathias Cormann បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានធ្វើការបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។ ឯកឧត្តម អគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាន់នូវចក្ខុវិស័យ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការរីករាយស្វាគមន៍ចំពោះជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការ OECD សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកថ្មីបន្ថែមទៀត ព្រមជាមួយនឹងការអរគុណចំពោះអង្គការ OECD ដែលបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គម ជាដើម ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរការនៃការកសាង និងអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមជាមួយនឹងចក្ខុវិស័យប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។គួរបញ្ជាក់ថា អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិក ចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ។ អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក ៕ ដោយ ៖ ដារា

ក្រុមហ៊ុន EDF របស់បារាំង បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

2024/01/16 09:59:43 am        129
លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បាន​បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា ខណៈសព្វ ថ្ងៃក្រុមហ៊ុនរបស់លោកស្រីបាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនីនេះ នៅ​ប្រទេសឡាវ។នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងប៉ារីសប្រ ទេស​បារាំងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី Makreeta LAHTI បាន​ថ្លែង​អំណរ​គុណ​ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី ចូលជួប​សម្តែង​ការ​គួរសម ព្រមទាំងបាន​ជម្រាប​អំពី​វឌ្ឍនភាព​រីក​ចម្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន EDF។ លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតី បន្ថែមទៀតថា ក្រុមហ៊ុន​របស់​លោក​ស្រី​បាន​និង​កំពុង​វិនិយោគ​លើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងកំពុងស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ​នៅ​កម្ពុជា។ ជាមួយគ្នានេះលោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោល​នយោបាយ​អព្យា​ក្រឹត្យ​កាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និង​ការ​ផលិត​នូវ​ថាមពល​កកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នៅក្នុង​កិច្ច​ជំនួប​នោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសស្វាគមន៍ចំពោះលោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយចំពោះចំណាប់រម្មណ៍របស់ក្រុមហ៊ុន ក្នុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេសកម្ពុជា ផ្នែកថាមពលកកើតឡើងវិញ និងស្នើឱ្យក្រុមហ៊ុន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគលើវិស័យថាមពលកកើតឡើងវិញនេះ។សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៅកាន់លោកស្រី Makreeta LAHTI អំពី​ច្បាប់​វិនិយោគ​របស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្ត​ដល់​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​នេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះ​ទៅ​កាន់​អព្យាក្រឹត្យកាបូននៅថ្ងៃអនាគតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ប្ដេជ្ញាជួយផ្សព្វផ្សាយឱកាសវិនិយោគកម្ពុជាដល់ក្រុមហ៊ុនបារាំង ខណៈកម្ពុជាកំពុងមានសុខសន្តិភាព

2024/01/16 09:40:30 am        120
នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅទីក្រុងប៉ារីស ប្រទេស​បារាំង​នាថ្ងៃទី១៥ ខែមករានេះ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធ​និយោជក​ហ្រ្វង់កូហ្វូន (APF) បាន​ប្តេជ្ញា​ជួយ​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​បណ្តា​ក្រុម​ហ៊ុន​បារាំង បន្ទាប់ពីលោកមើលឃើញថា កម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និងសុខសន្តិភាពពេញលេញនោះ។នៅក្នុងកិច្ចជំនួបនោះ លោកប្រធាន APF បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងរបស់ APF ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែល​នេះ​ជា​ពេល​វេលា​ដ៏​សម​ស្រប​សម្រាប់​ក្រុម​ហ៊ុន​បារាំង​ពិចារណា និងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែល​ជា​ប្រទេសស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និង​ជា​ប្រទេស​ដែល​បាន​ដាក់​បេក្ខភាព​ជាម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។ លោកប្រធាន APF បានបង្ហាញ«នូវការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់​ព័ត៌មាន​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យ៝កាន់តែច្បាស់បន្ថែមទៀត ព្រោះ​កម្ពុជា​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ»។ លោកបន្ថែមថា នេះជាឱកាស​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ដល់​ក្រុមហ៊ុន​បារាំង​ ដោយ​សារ​តែ​កម្ពុជា​អាច​នឹងក្លាយ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​អន្តរជាតិ​ហ្រ្វង់​កូហ្វូនី​ឆ្នាំ២០២៦ ហើយកម្ពុជាក៏មានឱកាសបង្ហាញនូវភាពទាក់ទាញដល់វិនិយោគិន ជាមួយ​នឹង​ទំនាក់​ទំនង​ដ៏ល្អរវាងបារាំង និងកម្ពុជានាពេលកន្លងមកផងដែរ។ឆ្លើយតបនឹង​ការលើកឡើងរបស់លោកប្រធាន APF សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍ និង​សម្ដែង​នូវក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក Geoffroy Roux De Bezieux ហើយ​សម្តេចធិបតីបានលើកឡើងថា ក្រៅពីអ្វីដែលក្រុមហ៊ុនបារាំងបានវិនិយោគនៅប្រទេសដទៃ ក្រុមហ៊ុន​គួរតែពិចារណាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និង​បរិស្ថា​ន​ដ៏​ល្អ​ប្រសើរ​ សម្រាប់ការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពល​កកើត​ឡើង​វិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្មជាដើម។ជាមួយ​គ្នា​នោះដែ​រ​សម្តេច​ធិបតី ក៏បានថ្លែងអំណរគុណចំពោះលោកប្រធាន APF សម្រាប់​ការ​ជួយ​ផ្សព្វ​ផ្សាយ និងការផ្តល់ព័ត៌មានជាច្រើនអំពីកម្ពុជាជូនដល់ក្រុមហ៊ុនបារាំង ដែល​កម្ពុជា​ក៏​មាន​បំណង​ផ្សារ​ភ្ជាប់​ខ្លួនទៅក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។ សម្តេចធិបតី​ក៏​បាន​បង្ហាញ​នូវ​សេចក្តី​សង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយ​រាជ​រដ្ឋាភិបាល​បន្ត​អនុវត្តនូវអភិក្រមដែលមានលក្ខណៈប្រាកដនិយម ក្នុងការគាំទ្រ​ដល់​ការ​ធ្វើ​វិនិយោគ តាមរយៈ​ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះ​ស្រាយ​ជាក់​ស្តែង​ចំពោះ​វិស័យ​ជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​ផង​ដែរ៕ អត្ថបទ៖ បាន ចក់

ក្រុមហ៊ុន ប្រេងឥន្ធនៈ TotalEnergies បង្ហាញបំណងចង់វិនិយោគ លើថាមពល កកើតឡើងវិញនៅកម្ពុជា

2024/01/16 09:27:21 am        164
នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៥ ខែមករានេះ លោក Patrick POUYANNÉ ប្រធាន និង​ជា​នាយក​ប្រតិបត្តិក្រុមហ៊ុន TotalEnergies បានបង្ហាញបំណងចង់វិនិយោគលើ​ថាមពល​កកើត​ឡើង​វិញនៅកម្ពុជា ខណៈ គម្រោងនេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែមាន​ជម្រើស​ប្រភព​ថាមពល​បន្ថែម​ទៀត។ លោកប្រធាន និងជានាយកប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន TotalEnergies របស់​លោក គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅ​ព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល  អគ្គិសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បាន​បង្ហាញ​អំពី​បំណង​ក្នុង​ការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន TotalEnergies កំពុងស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើង​វិញ​នៅ​ប្រទេស​សិង្ហបុរី ហើយជោគជ័យ​នៃ​គម្រោង​នេះ​នឹង​ជំរុញ​ដល់​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែមទៀតផងដែរ។ នៅ​ក្នុង​កិច្ចជំនួបនោះដែរ លោក Patrick POUYANNÉ ក៏បាន​ថ្លែង​អំណរ​គុណដ​ល់ស​ម្តេច​ធិបតី​នាយក​រដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួប​សម្តែង​ការ​គួរសម​ព្រម​ទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាព​នៃ​ការ​រីក​ចម្រើន​នូវ​សកម្មភាព​អាជីវកម្ម​របស់​ក្រុម​ហ៊ុន TotalEnergies និងអំពី​គម្រោង​នៃ​ការ​ពង្រីកកា​រ​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះ​គម្រោង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បោះទុន​វិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថា​កម្ពុជា​មាន​គោល​នយោបាយ​ច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេច​ក៏​បាន​បង្ហាញ​ការគាំទ្រ និងផ្ដល់កិច្ច​សហប្រតិបតិ្តការ​លើ​ការ​វិនិយោគ​នៃ​ការ​តភ្ជាប់​បណ្តាញ​ចរន្ត​អគ្គិសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរីផងដែរ។ មួយ​វិញ​ទៀត​សម្ដេច​ធិបតី​ក៏​បាន​លើក​ទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និង​ថាមពលផងដែរ៕ អត្ថបទ៖​បាន ចក់

សម្តេចធិបតី៖ "កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់​យុវជនមកពីគ្រួសារក្រីក្រ" ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគត នៃធនធានមនុស្ស

2024/01/16 09:03:59 am        185
សម្តេចមហាបវរធិបតី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ បានលើកឡើងថា កម្ម​វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ" ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះ​អនាគត នៃ​ធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានប្រកាស​ឱ្យ​អនុវត្តកាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា ២០២៣ ។ ក្រោយដាក់ឱ្យអនុវត្តរយៈពេល ២ខែគត់ មកនេះ ការងារអាទិភាពនេះ បាន​លេច​ចេញ​ជារូបរាង​ពិត​ប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និង​ទំនុក​ចិត្ត​របស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយ​ជឿ​ជាក់​ថានឹ​ង​ទទួល​បាន​នូវ​ចំណេះ​ជំនាញក្នុងការបំពេញទីផ្សារការងារ ក៏ដូចជាកែប្រែ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​កាន់​តែ​ធូរធារ​ផង​ដែរ​។ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃ​បើក​បវេសន​កាល​ផ្លូវ​ការ​នៃ​វ​គ្គទី​១​ទូទាំង​ប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដោយក្នុងវគ្គទី១៖ មានសិក្ខាកាមចំនួន ១៥ ០០០​នាក់ ដោយសិក្សាលើវិស័យចំនួន១០ និង ៣៨មុខជំនាញ ដោយបែងចែកចេញជា ៥០០ថ្នាក់។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាព​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និង​ក្លាយ​ជា​ផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ រដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ធ្វើការយកចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​សិក្សា​ពី​គ្រូ​ជំនាញ និងរក្សានូវគោលការណ៍ "ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ" ដើម្បី​អនុវត្ត​អំឡុ​ង​ពេល​សិក្សា​ជាប់​ជាប្រចាំ៕

ក្រុមហ៊ុន Blue Circle របស់បារាំងថា ខេត្តចំនួនពីរនៅកម្ពុជាដែល​អាចផ្តល់​លទ្ធភាពផលិតអគ្គិសនី​ដើរដោយខ្យល់បាន

2024/01/16 08:49:59 am        212
ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេស​ថាមពល​ដែលដើរ​ដោយ​កម្លាំង​ខ្យល់​នៅ​កម្ពុជា​ក្រោយ​ក្រុមហ៊ុន​នេះ​បាន​កត់​សម្គាល់​ឃើញ​ថា​ខេត្ត​ចំនួន​ពីរ​នៅកម្ពុជា មានខេត្តកំពត និងខេត្តមណ្ឌលគិរី ដែលអាចផ្តល់​លទ្ធភាព​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់បាន។ក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Olivier Duguet ប្រធាន និងជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Blue Circle បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និង​អំពី​គម្រោង​នៃ​ការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកនា​យក​ប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតីថា ក្រុមហ៊ុន របស់លោក គឺ​ជា​ក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេស​ថាមពល​ដែល​ដើរ​ដោយកម្លាំងខ្យល់ ហើយកន្លងមកតំណាងក្រុមហ៊ុនរបស់លោក បានធ្លាប់​មក​កាន់​តំបន់​អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុង​កម្រិត​ល្បឿន​ល្អ​ដែលអាចផលិតជាថាមពលអគ្គិសនីបាន។ លោ​កបន្ថែមទៀតថា «ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមកខាងក្រុមហ៊ុន បាន​កត់​សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរីជាដើម»។ ជាមួយគ្នានោះលោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជា​មួយ​ការ​ជួយ​ជ្រោម​ជ្រែង និងការសហប្រតិបត្តិការល្អជាមួយនឹងដែគូពាក់ព័ន្ធនឹងកម្ពុជា និងការគាំ​ពារ​ពី​រាជ​រដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុម​ហ៊ុនអាចផលិតថាមពលបាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅ​ថ្ងៃ​អនាគត។ ក្នុងន័យនេះ កម្ពុជាអាចនឹង​ទទួ​ល​បាន​ប្រភព​ថាមពល​អគ្គិសនី​ដែល​កើត​ចេញ​ពី​ប្រភព​កកើត​ឡើង​វិញ​កាន់តែច្រើន និង​អាចនាំចេញថាមពលអគ្គិសនីទៅក្រៅប្រទេស បានផងដែរ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Olivier Duguet និងសហការី និងបានបង្ហាញក្តីរីករាយ និង​សូម​គាំទ្រ​ចំពោះ​គម្រោង​របស់​ក្រុម​ហ៊ុន​ដែល​ចាប់​អារម្មណ៍​​ក្នុង​ការបោះទុន​វិនិយោគ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​សូមជូនពរ​ក្រុម​ហ៊ុន​ទទួល​បាន​ជោគជ័យលើកិច្ចការដែលវិនិយោគនៅពេលអនាគត និង​ស្នើ​ក្រុមហ៊ុន​ទាក់ទង​ជា​មួយ​ដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និង​ស្វែង​រក​ឱកាស​ធ្វើ​យ៉ាង​ណា​ឱ្យ​គម្រោង​ផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យ​សម្រេច​បាន​ជា​លទ្ធផល​ផ្លែផ្កា​ជាក់​ស្តែង​ផងដែរ៕ អត្ថបទ៖ បាន ចក់

នាយករដ្ឋមន្រ្តីកម្ពុជាសាទរចំពោះក្រុមហ៊ុនបារាំងក្នុងការបង្កើតគម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា3Dដំបូង នៅកម្ពុជា

2024/01/15 09:31:26 pm        182
ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងសាទរចំពោះ ក្រុមហ៊ុនរបស់បារាំងមួយដែលមានឈ្មោះថា Puy Du Fou គម្រោង «Immersive Angkor» ដែលជាសារ មន្ទីរនិម្មិតបច្ចេកវិទ្យា3Dដំបូងគេបង្អស់នៅកម្ពុជា ដោយគម្រោងនេះនឹងបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេឆាប់ៗខាងមុខនេះផងដែរ។ការប្រកាសស្វាគមន៍របស់សម្តេចនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី ចូលជួបសម្តែងការគួរសមនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះនៅទីក្រុងប៉ារីស ប្រទេសបារាំង។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេស យុវជនជំនាន់ក្រោយឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី ហើយអាចងាយស្រួលយល់សម្រាប់មជ្ឈដ្ឋានទូទៅជាដើម។នៅក្នុងជំនួបនោះដែរ លោក Geoffrey LADETបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅក្នុងប្រទេសកម្ពុជា និងជម្រាបអំពីគម្រោង “Immersive Angkor” ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា។លោកបញ្ជាក់បន្ថែមទៀតថា គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេឆាប់ៗខាងមុខនេះ៕អត្ថបទ ÷ បាន ចក់

នាយករដ្ឋមន្រ្តីកម្ពុជា៖បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បងនិងបានរួមចំណែកយ៉ាងសំខាន់ជួយឲ្យកម្ពុជាសម្រេចជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ខ្លួន

2024/01/15 09:21:54 pm        246
ភ្នំពេញ÷ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បងដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាហើយកម្ពុជា និងបារាំងក៏បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។ លើសពីនេះសម្តេចធិបតីបានបន្ថែមទៀតថាកម្ពុជា និងបារាំងបាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញកំណើនប្រកបដោយ បរិយាប័ន្ន, និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ជាដើម ។ ជាងនេះទៅទៀតសម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ។ល។ក្នុងឱកាសនោះដែរសម្តេចធិបតី បានបន្ថែមទៀតថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ ។ ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្ម ជាដើម ។ នៅក្នុងវេទិកានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ ដែលកត្តាទាំងនោះ មានជាអាទិ៍៖ ទី១. រាជរដ្ឋាភិបាលការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក ហើយសន្តិភាពនេះ គឺជាគោលការណ៍ និងគុណតម្លៃស្នូលសម្រាប់កម្ពុជា ហើយបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ប្រតិបត្តិការធុរកិច្ចយូរអង្វែងតទៅមុខ។ ទី២. កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការផ្តល់លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ប្រកបដោយចីរភាព ។ ទី៣. កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងទ្វេភាគី និងពហុភាគី ដែលអនុញ្ញាតឱ្យវិនិយោគិន អាចចូលទៅកាន់ទីផ្សារចម្រុះ ជាមួយនឹងការអនុគ្រោះ និងលទ្ធភាពអភិវឌ្ឍធុរកិច្ច ឱ្យឈានដល់កម្រិតខ្ពស់ ។ ជាក់ស្តែង, វិនិយោគិននៅកម្ពុជាមានលទ្ធភាពចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនប្រមាណជាង ៣០០ លាននាក់, ទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណជាង ៦៦០ លាននាក់ និងទីផ្សារនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានប្រជាជនប្រមាណ ២,៣ ប៊ីលាននាក់ និងផ.ស.ស. សរុបចំនួន ២៥,៨ ទ្រីលានដុល្លារអាម៉េរិក ។ បន្ថែមលើនេះ, កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ៕អត្ថបទ ÷បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM
[UPDATE]លោកTrumpសន្មតថាអ្នកបាញ់ប្រហារនៅពិធីអាហារពេលល្ងាចធ្វើតែម្នាក់ឯង ហើយច្រានចោលការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់
04/26/2026 01:04 PM
អ៊ីស្រាអែលសម្លាប់មនុស្សបួននាក់នៅលីបង់ ខណៈខ្លួនបង្កើនការបំពានលើបទឈប់បាញ់
04/26/2026 01:04 PM
សមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
04/26/2026 01:04 PM
មនុស្សជាង៣.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈជប៉ុនកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ
04/26/2026 01:04 PM
ស្នងការរាជធានីចេញបទបញ្ជាឲ្យនគរបាលអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវអន្តរជាតិ
04/26/2026 12:04 PM
សម្តេចតេជោ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃខេត្តត្បូងឃ្មុំ ជំរុញឱ្យការអនុវត្តការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព
04/26/2026 12:04 PM
មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីលើទីក្រុង Dnipro និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន
04/26/2026 12:04 PM
ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល
04/26/2026 11:04 AM