សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

កម្ពុជា និងរុស្ស៊ី នឹងពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណី

2023/10/13 06:15:08 pm        478
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ឯក​អគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ជាកិច្ចចាប់ផ្តើម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែល​បាន​បន្ត ផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងគ្រាដ៏លំបាក។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្តី ក៏បានកោតសរសើរដល់ការប្ដេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ ដែលដើរតួជា មូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន​បន្ថែមទៀត។ ក្នុងនាមជាសាក្សី ដែលបានឃើញផ្ទាល់ភ្នែកពីស្ថានភាពកម្ពុជា នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០ ឯកឧត្តម Anatoly Borovik បាន កោតសរសើរ​កម្ពុជា​ចំពោះ​ការ​ស្តារ​ឡើង​វិញ​ប្រកប​ដោយភាពជោគជ័យក្រោយសង្គ្រាម។ ឆ្លៀតឱកាសនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារនៃនិស្សិតកម្ពុជាមួយរូប ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្ម​ថ្មី​ៗ​នេះ​ នៅប្រទេសអ៊ីស្រាអែល។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់ ឯក​អគ្គរដ្ឋទូតរុស្ស៊ី ក្នុងគ្រាដ៏លំបាកនេះ ហើយបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ចាត់​រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ នៅប្រទេសអ៊ីស្រាអែល។ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះ​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី រវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និង​ផល​ប្រយោជន៍រួម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ បានគូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃការបន្តកិច្ចសហ ប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម ការវិនិយោគ និងវប្បធម៌ក្នុងចំណោម​វិស័យជាច្រើនទៀត។ ក្នុងស្មារតីនេះ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រផុត។អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ីលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ស្របពេលនឹងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ នេះ។ ភាគីទាំងពីរក៏បានពិភាក្សា និងចែក​រំលែក​ព័ត៌មាន​អំពី​បញ្ហា​អន្តរជាតិ​មួយចំនួនផងដែរ៕

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ សម្ដេចធិបតី លើកឡើងពីសារៈសំខាន់ នៃការចូលរួមធ្វើសកម្មភាពពីគ្រប់ភាគី

2023/10/13 06:05:20 pm        697
ក្នុងសារលិខិត ផ្ញើជូនជនរួមជាតិ នាឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​កត់​សម្គាល់​អំពី​ផលវិបាកផ្សេងៗដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងកាត់បន្ថយហានិភ័យ នៃការប្រែប្រួល​អាកាស​ធាតុ រួមទាំងភាពចាំបាច់ នៃការចូលរួមធ្វើសកម្មភាពពីគ្រប់ភាគី។បើតាម សម្ដេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើ​ពិភព​លោក​ដែរ បានប្រឈមនឹងសា្ថនភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ និងរដូវ​វស្សា​ជួប​នឹង​របាយ​ទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អជាដើម។ សម្ដេចបាន​កត់​សម្គាល់​អំពី​មុខ​សញ្ញា​គ្រោះ​ថ្នាក់​នានា ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ ព្រមមុខ​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដែល​បាន​ផ្តាច់​អាយុ​ជីវិត​មនុស្ស បង្កការខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងថារាជរដ្ឋាភិបាលកម្ពុជា តែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយ សរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន ហើយថា​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ គឺជាការងារពហុវិស័យ ជាការងារ​ប្រទាក់​ក្រឡា​ដែល​មាន​ការ​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​ទិដ្ឋភាព ទាំងសេដ្ឋកិច្ច និងសង្គម របស់ប្រទេសជាតិ ដែលត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​បរិយាបន្ន​។ ភ្ជាប់នឹងសារអំពាវនាវសំខាន់ៗ  សម្ដេចធិបតី បានគូសបញ្ជាក់ថា មិនថាវិស័យណាមួយ ស្ថាប័ន​ណា​មួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបគឺសុទ្ធតែមានភារកិច្ច និង​ជាប់​ពាក់​ព័ន្ធក្នុងការរួមចំណែកដោយផ្ទាល់ ឬដោយ​ប្រយោល​ទៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ម​ហន្តរាយ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គឺ​មាន​តួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/12 02:48:07 pm        281
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អបរិបូរណ៍ និង ធ្វើ​ដំណើរ ទៅមកប្រកបដោយសុខសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បង​ប្អូន​កូន​ក្មួយ​ទាំង​អស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួល​បាន​នូវ​សុខភាព​ល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»៕

សម្ដេចតេជោ ប្រកាសស្វាគមន៍គណបក្សនយោបាយនានា​ដែលមានបំណងចងសម្ព័ន្ធ​ជាមួយគណបក្សប្រជាជនកម្ពុជា

2023/10/11 10:09:51 pm        169
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បាន​ចេញ​សារ​សំឡេង​ពិសេស​ប្រកាស​ស្វាគមន៍​ដល់​បណ្ដា​គណបក្ស​នយោបាយនានាដែលមានបំណងចង់ចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា។ការប្រកាសស្វាគមន៍របស់សម្ដេចតេជោបែបនេះធ្វើឡើងបន្ទាប់បណ្ដាគណបក្សនយោបាយនានាជាង១០ នៅថ្ងៃទី ១១ ខែតុលានេះ បានប្រកាស​ប្រកាស​អំពី​គោល​បំណង​ចង់​ធ្វើ​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្សប្រជាជនកម្ពុជា។តាមរយៈសារសំឡេងពិសេសសម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះសម្ដេច​បាន​ទទួល​នូវ​ការ​ពេញ​ចិត្ត​នូវ​ការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនានា ដែល​មាន​បំណង​ចង​សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្ដេចថ្លែងថា ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ សម្ដេចប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អ​របស់​បណ្ដា​គ​ណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្ដីថ្លែងការណ៍មកជូនសម្ដេច។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជាពិត​ជា​មាន​តម្រូវ​ការ​នៅក្នុង​ការ​រួបរួម​រវាង​គណបក្ស​នយោបាយនា​នា ដើម្បីរក្សានូវសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែង។ កា​រចូលរួម​ជាមួយគ្នា ដើម្បីនឹង​ការពារនូវ​ឯករាជ្យ ​អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការពារ​នូវរបប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារនូវសិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាកិច្ចការ​ផ្សេងទៀត​ដែលរដ្ឋធម្មនុញ្ញ​របស់កម្ពុជា​ប្រគល់ឱ្យ​ពលរដ្ឋ​កម្ពុជាជាអ្នករួបរួមដើម្បីការពារ។ សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀមទ​ទួល​យក​នូវ​ដៃគូ​ទាំង​អស់​ដែល​ចង់រួបរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ច​សហ​ប្រតិបត្តិការ ដោយស្មើភាព និងស្មើសិទ្ធិ។ សម្ដេចតេជោថ្លែងថា សម្ដេចបាន​ចាត់​តាំង​ឱ្យ​ក្រុម​ជំនួយ​ការ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​នូវ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​រវាង​គណបក្ស​ទាំង​អស់ដែលនឹងចងសម្ព័ន្ធភាពជាមួយគ្នា ហើយសម្ដេចនឹងជួបជាមួយប្រធាន និង​ថ្នាក់​ដឹកនាំ​គណបក្សនយោបាយនានា នាពេលខាងមុខ ដើម្បីពិភាក្សា​ទៅ​លើ​ខ្លឹមសារ​នៃ​ពង្រាង​នៃ​កិច្ច​ព្រម​ព្រៀងនោះ ហើយក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​រវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា-វៀតណាម ឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

2023/10/11 07:03:25 pm        128
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា ចូលជួ​ប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ជាកិច្ចចាប់ផ្តើមសម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​វត្ត​មាន​របស់​ឯកឧត្តម​ ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ដែល​ជា​ឱកាស​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែល​មាន​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ ។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានស​ម្តែង​នូវ​ការ​អបអរ​សាទរ​សារ​ជា​ថ្មី​ជូន​សម្តេច​ធិបតី​ចំពោះ​ការ​ចូល​កាន់​មុខ​តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ព្រម​ទាំង​បាន​ជូន​ពរ សម្តេចធិបតី ទទួលបាននូវជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ​របស់ប្រទេសកម្ពុជា ជាពិសេសក្នុងរយៈកាលចុងក្រោយនេះ គឺការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជា​បាន​បង្ក​លក្ខណៈ​ដល់​ដំណើរ​ការរៀប​ចំ​ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រម​ទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ល។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានសម្តែងផងដែរនូវភាពសប្បាយរីករាយ​ចំពោះ​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយ​រដ្ឋាភិបាល​វៀតណាម​បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេស​វិស័យ​ពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹ​ង​បន្ត​សំឡឹង​មើល​វិស័យ​សក្តានុ​ពល​ថ្មី​ៗ​បន្ថែមទៀត។ បន្ថែមពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញនូវ​បំណង​ក្នុង​ការ​គោរព​អញ្ជើញ​សម្តេច​ធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ ។ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បាន​ឯកភាព​លើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ ។ ដោយឡែក ជំនួបនេះ ក៏បានផ្តោត​ការ​ពិភាក្សា​ផង​ដែរ​អំពីយន្តការ​ត្រី​ភាគី​កម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត៕

កម្ពុជា-ប្រេស៊ីល ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាង

2023/10/11 06:16:02 pm        181
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និង​គណៈ​ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំទ្បុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូ​វការចំនួន ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៣​នេះ​នៅ​វិមានសន្តិភាព។ក្នុង​ជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និង​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រម​ជា​មួយ​នឹង​ក្តី​សង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខ​ណៈ​ពេល​ដែល​កម្ពុជា​មានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេស​ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូនសម្តេចធិបតី នូវ​លិខិត​អបអរ​សាទរ​របស់ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែល សម្តេចធិបតី ចូល​កាន់​មុខ​តំណែង​ជា​នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បាន​ធ្វើ​ការ​បញ្ជាក់​ផង​ដែរ​នូវ​បំណង​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ​ក្តី​រីក​រាយ​សាទ​រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយ​ក៏​បាន​ជម្រាប​ផង​ដែរថា ប្រេស៊ីល​ក៏​គ្រោង​នឹង​បើក​ស្ថាន​ឯក​អគ្គ​រដ្ឋទូត​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២៤​ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។ ជាងនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​កម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីលឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅ​រាជ​ធានី​ភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ។ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏​បាន​ឯកភាព​គ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជា​ផល​ប្រយោជន៍​រួម​។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានគោរពអញ្ជើញ សម្តេចធិបតី ទៅ​បំពេញ​ទស្សន​កិច្ច​នៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ ។ ជាការឆ្លើយតប សម្តេច​ធិបតី បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ ឯកឧត្តម​ប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេស​នៅ​ក្នុង​ឆ្នាំ​២០២៤​ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ៕

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣

2023/10/11 04:10:08 pm        705
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០ ០០០ រៀល (ប្រាំម៉ឺន)ក្នុងម្នាក់ នា​ឱកាស​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ ដំណាលគ្នាជាមួយ​នឹង​ការ​ផ្តល់​បៀវត្ស​ប្រចាំ​ខែ​តុលា​។ នេះបើយោងអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងយោងសេចក្តីជូនដំណឹងស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣» របស់ក្រសួងមុខងារសាធារ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ សូមជម្រាបជូនថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមានពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ បានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមក ក្រោម​ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​បាន​បន្ត​អនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ​ផ្អែក​លើ​លទ្ធភាព​ដែល​រាជរដ្ឋាភិបាល​បាន​សន្សំ​សំចៃ ដើម្បីចែករំលែកដល់មន្ត្រីរាជការគ្រប់ប្រភេទ។ គួររម្លឹកផងដែរថា ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ បើទោះ​បី​ប្រទេស​កំពុង​ជួប​វិបត្តិ​ទាំង​សេដ្ឋកិច្ច និងសង្គម ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល មន្រ្តី​ជាប់​កិច្ច​សន្យា មន្រ្តីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្តីភូមិ ត្រូវ​បាន​បើក​ផ្តល់​ជា​ទៀង​ទាត់។ ខណៈនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ទោះបីមិនត្រូវបានដំឡើង ប៉ុន្តែ​ប្រាក់​បៀ​វត្ស​ និងប្រាក់ឧបត្ថម្ភមិនត្រូវបានកាត់បន្ថយឡើយ ហើយ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្រ្តីរា​ជ​ការ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅផ្តល់ជូនជាធម្មតា។ ការណ៍នេះ បានសបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និង​ការ​យក​ចិត្តទុកដា​ក់​ខ្ពស់​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងការបន្ត​ការ​ពារ​អត្ថ​ប្រយោជន៍​ ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ប្រភេទ ដែលបាន និង​កំពុង​បំពេញ​បេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ៕

សម្ដេចធិបតី៖ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរដែលនៅសេសសល់​ក្នុងតំបន់គ្រោះថ្នាក់​ទៅទីសុវត្ថិភាពគ្រប់ៗគ្នា

2023/10/10 10:39:59 pm        315
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង​បញ្ជាក់​តាម​រយៈ​សារសំឡេង​ពិសេស​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាព។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣​នេះ ​រាជរដ្ឋាភិបាលកម្ពុជា កំណត់បាន​ចំនួន​ពលរដ្ឋ​ខ្មែរដែ​ល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល គឺមានចំនួន ៤៥៤ នាក់ បូករួមទាំងនិស្សិត ១នាក់ បានរងគ្រោះស្លាប់។ សម្ដេច​ធិបតី​បញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤ នាក់​នោះ​អាជ្ញាធរ​បាន​ទាក់​ទង​បានចំនួន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា ដែលមកដល់ម៉ោងនេះ គឺ​ផ្ទាល់​តែម្ដង​ដែលបញ្ជាក់អំពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែល។ សម្ដេចធិបតីថ្លែងថា រាជដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅបន្តតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​គ្រប់​រូប​បាន​ដល់​ទី​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៊ីស្រាអែលទាំងអស់ ជា​ពិសេស​និស្សិត បន្តយកចិត្តទុកដាក់នូវការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស និស្សិត​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះរាល់​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។សម្ដេចបាន​អំពាវានវដល់ប្រជាពលរដ្ឋកំពុងរស់នៅអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ និងជឿ​ជាក់​លើ​សមត្ថភាព​របស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះនៅក្នុងការធានាសុវត្ថិភាព ជូ​ន​ប្រជា​ពលរដ្ឋ​ទាំង​អស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់​នៅ​លើ​ទឹក​ដី​អ៊ី​ស្រាអែល រួមទាំងបងប្អូនខ្មែរផងដែរ។សម្ដេចធិបតីថ្លែងថា រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់​ប្រាប់​បណ្ដា​ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាព ជូន​ប្រជាពលរដ្ឋគ្រប់រូបដែលនៅក្នុងប្រទេស មិនថាប្រជាជនអ៊ីស្រាអែល ឬជនបរទេសនោះទេ គឺ​រដ្ឋាភិបាលអ៊ីស្រាអែល និងផ្ដល់ការជួយជនបរទេសដូចប្រជាជនអ៊ីស្រាអែលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

2023/10/10 03:26:09 pm        180
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ។ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» គឺជាប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែល​ច្បាប់​មិន​តម្រូវ​ឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់​ចំណូល​ ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការ​ប្រមូល​ពន្ធ​ជា​ដើម។«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវ​បាន​ដាក់​ចេញ​ជា​មួយ​ចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយ​ក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាច​រួម​ចំណែក​ជា​អតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាព​រឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និង​ពន្លឿន​ការ​ចូលរួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីក​ចម្រើន​ទៅ​មុខ​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា​។

សម្ដេចតេជោ៖ក្នុងនាមប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិលើកិច្ចការងារនយោបាយ

2023/10/10 01:05:34 am        146
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយបាន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាចនៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? ដូច្នេះការលះបង់តំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គម្ពុជាជាបន្តទៅទៀតដែរ។ សម្ដេចតេជោបញ្ជាក់ថា សម្ដេចមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែមានសិទ្ធិខាងនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។សម្ដេចតេជោរម្លឹកថាជាករណីគាប់ជួនកាលពីថ្ងៃទី ២៥ ខែកក្កដា សម្ដេចបានចូលគាល់ព្រះមហាក្សត្រ ក្រោយចេញមកវិញសម្ដេចបានប្រកាសថា សម្ដេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្រ្ដីនៅក្នុងអាណត្តិទី៧នេះទៀតទេ គឺត្រូវប្រគល់ទៅឱ្យអ្នកបន្តវេនជំនាន់ក្រោយ។ គាប់ជួននៅថ្ងៃនោះ ក៏ជាថ្ងៃប្រសូតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ដូច្នេះការសម្រេចលះបង់តំណែងរបស់សម្ដេចនាពេលនេះ គឺជាការលះបង់ដើម្បីជាតិ និងប្រជាជនកម្ពុជារស់នៅក្នុងសុខសន្ដិភាព និងការអភិវឌ្ឍបន្តទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM