សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

2023/09/06 04:23:52 pm        246
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៕

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីកង្វល់ការកើនឡើងនៃការប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត នយោបាយ

2023/09/06 02:17:35 am        143
ភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសអាស៊ានទាំង១១រួមទាំងអគ្គលេខាធិការអាស៊ានផងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវក្តីកង្វល់ចំពោះការកើនឡើងនៃការ ប្រទាញប្រទង់គ្នាខាងភូមិសាស្រ្តនយោបាយ ដែលកត្តានេះទាមទារឲ្យអាស៊ានត្រូវរួមគ្នារកដំណោះស្រាយ ឲ្យបានសមស្របណាមួយ។ថ្លែងពិធីបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៣នេះ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី«បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាង ភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាច គាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព»។សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់និងមាន សារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើន ដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរ ឥណ្ឌូនេស៊ីក្នុងការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សូមបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបានរៀបចំឡើងយ៉ាងមហាឱឡារិកនៅរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការចូលរួមពីព្រះចៅ ស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូច ជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងអមដំណើរដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។បើតាមខ្លឹមសារសង្ខេបនៃកិច្ចប្រជុំដែលបានចុះផ្សាយជាសាធារណៈ បានឲ្យដឹងទៀតថា នៅចុង បញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំកំពូលបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនផងដែរដូចជា សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើនសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ាន បៃតង និងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ជាដើម៕ អត្ថបទ ៖ បាន ចក់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំចង្អៀត)

2023/09/06 12:06:35 am        223
ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារទី៥ កញ្ញា ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំចង្អៀត) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ដែលនឹងជជែកពិភាក្សា ពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

សម្ដេចតេជោរម្លឹកកាលសម្ដេចចូលរួមប្រជុំអាស៊ានដំបូង ឆ្នាំ១៩៩៩ ជានាយករដ្ឋមន្រ្ដីក្មេងជាងគេ គាប់ជួនសម្ដេច ហ៊ុន ម៉ាណែត ក៏ដូចគ្នា

2023/09/05 10:39:02 pm        108
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន បានបង្ហោះសាររម្លឹកថា ហាក់បីដូចជាការគាប់ជួន ឬទេវតារៀបចំ កាលសម្ដេចចូលរួមកិច្ចប្រជុំកំពូលអាស៊ានដំបូង ដែលជាកិច្ចប្រជុំលើកទី៣ នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ ១៩៩៩ សម្ដេចជានាយកដ្ឋមន្រ្ដីដែលក្មេងជាងគេ គាប់ជួនពេលនេះ ការប្រជុំកំពូលលើកទី ៤៣ នៅឥណ្ឌូណេស៊ីឆ្នាំនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន ១១ រាប់ទាំងទីម័រខាងកើតផងដែរ។ សម្ដេចតេជោបានរម្លឹកថា៖«ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន ១០ គឺមានអាយុ៤៧ឆ្នាំ»។សម្ដេចតេជោមានប្រសាសន៍ថា៖«ពេលនេះការប្រជុំកំពូលលើកទី ៤៣ ដែលឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន ១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ»។សម្ដេចតេជោ ហ៊ុន សែន បានជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំ និងសូមគោរពលាពីចម្ងាយ។ សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅ   រដ្ឋធានីហ្សាការតា ចាប់ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម  ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕

រដ្ឋសភាបន្តសម័យប្រជុំ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា

2023/09/05 04:06:52 pm        272
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​ ដើម្បី​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញទាំង១០ នៃរដ្ឋសភា នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់​សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បាន​រៀបចំ​បោះឆ្នោត​ផ្ទៃ​ក្នុង​តាម​គណៈកម្មការ​នីមួយៗ​បន្ត​ទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ ក្នុងនោះ គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយៗ​ដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការ​គណៈកម្មការ​មួយ​រូប​ និងមានសមាជិកចំនួន៦រូប។ គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មានដូចជា៖- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា - គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ - គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន- គណៈកម្មការនីតិកម្ម និងយុត្តិធម៌- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

2023/09/05 03:46:49 pm        349
សម្តេច ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣នេះបានជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់។នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និង បានឯកភាពជាគោការណ៍ដូចជា ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។ ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។ ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។ ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។ ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខ៕

ថ្ងៃដំបូងនៃទស្សនកិច្ចសម្ដេច ហ៊ុន ម៉ាណែត មានជំនួបប្រធានាធិបតីឥណ្ឌូណេស៊ី និងថ្លែងសុន្ទរកថាគន្លឹះ

2023/09/05 12:41:30 am        40
ភ្នំពេញ ៖គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នារសៀលថ្ងៃទី៤ ខែញ្ញា ឆ្នាំ ២០២៣នេះ អញ្ជើញទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព។​ឯកឧត្ដម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីបានថ្លែងថា ក្នុងឱកាសអញ្ជើញដល់នេះ សម្ដេចមហាបវរធិបតី និងលោកជំទាវ រួមជាមួយគណប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។ឯកឧត្តមបន្តថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំនួបសម្តែងការគួរសមដោយ ឯកឧត្ដម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ជំនួបនេះ បានធ្វើឡើងនាឱកាស សម្ដេចមហាបវរធិបតី និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។ ឯកឧត្ដម មាស សុភ័ណ្ឌ បានឱ្យដឹងថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះដែរ សម្តេចមហាបវរធិបតីនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាន(ASEAN Business & Investment Summit) និងជំនួបទ្វេភាគីជាមួយឯកឧត្ដម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ីផងដែរ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅនៅ   រដ្ឋធានីហ្សាការតា ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម  ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

2023/09/04 03:10:30 pm        454
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត។សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូង​ក្នុង​ឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា៕

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ

2023/09/04 02:24:53 pm        370
ភ្នំពេញ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ។ទី១៖ ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាការតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, គណៈប្រតិភូសភានិង​តំណាង​រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។ទី២៖ រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើសារអបអរសាទររហូតដល់ពីរឬបីក៏មានពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។  ទី៣៖ ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រានៃការចូលរួមបោះឆ្នោតមានរហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង៕

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន ជឿជាក់លើដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ

2023/09/04 02:09:39 pm        326
ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម ។សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់ ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងដ៏ជិតស្និទ្ធរវាង បក្ស និង រដ្ឋ នៃប្រទេសទាំងពីរ ។ឯកឧត្តម លីវ ជានឆាវ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និង សូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងកមនេះ ។ ជាមួយនឹងការថ្លែងអំណរគុណ, សម្ដេចមហាបវរធិបតី បាន បញ្ជាក់ថា លទ្ធផលដ៏ល្អនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺ (១). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះ សម្ដេចតេជោ ហ៊ុន សែន និង គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង (២). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា ។ សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ជាពិសេស ការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា ។ ឯកឧត្តម លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និង ជោគជ័យ ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និង ចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់ សម្ដេចមហាបវរធិបតី។  សម្តេចមហាបវរធិបតី បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់ ។ ឯកឧត្តម លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន ។ នេះ គឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែល រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក ។ ឯកឧត្តម លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និង មានមនសិការនយោបាយដ៏គួរឱ្យគោរព ។ ឯកឧត្តម ក៏ បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិត ប្រាកដ និង ត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។ជាទីបញ្ចប់, សម្ដេចមហាបវរធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍ដ៏មាន អត្ថន័យនេះ និង បានជូនពរឯកឧត្តម លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កានៅក្នុងដំណើរទស្សនកិច្ចនេះ និង សូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន
07/28/2026 08:07 AM
ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM
គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM