សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

ព័ត៌មានសំខាន់ៗ

ស្ថានភាព​អាកាសធាតុ​ធ្ងន់ធ្ងរ​រំខាន​ដល់​ការធ្វើដំណើរ​ក្នុងឱកាស​ចូលឆ្នាំ​ចិន​នៅ​កូរ៉េខាងត្បូង

2023/01/25 11:21:11 am        481
​កូរ៉េខាងត្បូង៖ ព្រិល​ធ្លាក់​ក្រាស់​ៗ និង​ខ្យល់​ខ្លាំង​បាន​ប៉ះពាល់​ដល់​តំបន់​ភាគ​ខាង​ត្បូង​របស់​ប្រទេស​កូរ៉េខាងត្បូង រួម​ទាំង​ទីក្រុង​ក្វាង​ជូ (Gwangju) កាលពី​ថ្ងៃ​អង្គារ​ ទី​២៤​មករា រំខាន​ដល់​ការ​ធ្វើដំណើរ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន។ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap ក្រុម​អាជ្ញាធរ​អាកាសធាតុ​បានចេញ​ការប្រកាសអាសន្ន​ពី​រលក​ត្រជាក់​ភាគច្រើន​នៅ​ក្នុង​ប្រទេស​នេះ ដោយ​នៅ​ពេលព្រឹក​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់ -16.4អង្សា​សេ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​រហូតដល់ -25.5អង្សា​សេ​នៅ​ក្នុង​ស្រុក​ឆេ​អូ​វ៉ុ​ន (Cheorwon) ភាគ​ខាងជើង​។ អ្នកនាំពាក្យ​អាកាសយានដ្ឋាន​មួយ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ជើង​ហោះ​ហើរ​ក្នុងស្រុក​ទាំងអស់ ​៤៦៦​ជើង និង​ជើង​ហោះហើរ​អន្តរជាតិ​ចំនួន​ ១០​ជើង​ទៀត​ដែល​គ្រោង​ហោះ​ហើរ​ទៅ​ និង​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ​ជេ​ជូ (Jeju) ត្រូវ​បាន​លុបចោល។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Lines បាន​បញ្ជាក់​ថា​ ខ្លួន​បាន​លុបចោល​ជើង​ហោះហើរ ​៨៨ ​នៃ​ជើង​ហោះ​ហើរ​ប្រចាំថ្ងៃ​របស់​ខ្លួន​ទាំង​ក្នុង​ និង​ក្រៅ​កោះ​មួយ​នេះ​កាលពី​ថ្ងៃ​អង្គារ ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ឈប់​សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ជា​ពេលវេលា​មួយ​ក្នុងចំណោម​ថ្ងៃ​ឈប់សម្រាក​ធំ​បំផុត​ចំនួន ​២ របស់​កូរ៉េខាងត្បូង​៕អត្ថបទ៖ សុខមាន

អាកាសធាតុ​ត្រជាក់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១២៤​នាក់​ស្លាប់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

2023/01/25 10:37:54 am        377
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​តា​លី​បង់​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ១២៤នាក់​ស្លាប់​នៅក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា សត្វពាហនៈ​ប្រមាណ ៧​ម៉ឺន​ក្បាល​បាន​ងាប់​នៅក្នុង​រដូវរងា ដែល​ត្រជាក់​ខ្លាំង​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងទៅនេះ​។ ទីភ្នាក់ងារ​ជំនួយ​ជាច្រើន​បាន​ផ្អាក​ប្រតិបត្តិការ​ជាច្រើន​សប្តាហ៍​កន្លងទៅនេះ បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ហាមប្រាម​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ​មិនឱ្យ​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​។ រដ្ឋមន្ត្រី​ក្រុម​តា​លី​បង់​ម្នាក់​និយាយថា ទោះបី​ជាមាន​អ្នកស្លាប់​ក៏ដោយក៏​បទបញ្ជា​នឹងមិន​ត្រូវបាន​ផ្លាស់ប្តូរ​ឡើយ​។​ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយលោក Mullah Mohammad Abbas Akhund បាន​ប្រាប់​សារព័ត៌មាន BBC ថា តំបន់​ជាច្រើន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បច្ចុប្បន្ន​ ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុងដោយ​ការធ្លាក់​ព្រិល​។ ឧទ្ធម្ភាគចក្រ​យោធា​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ ប៉ុន្តែ​មិនអាច​ចុះ​ចត​បាន​នៅ​តំបន់ភ្នំ​ភាគច្រើន​។​ ​រដ្ឋមន្ត្រី​ស្តីទី​បាន​និយាយថា ការព្យាករណ៍​សម្រាប់រ​យៈ​ពេល ១០ថ្ងៃ​បន្ទាប់បង្ហាញថា សីតុណ្ហភាព​នឹងមាន​កម្តៅ​ល្មម​។ ប៉ុន្តែ​លោក​នៅតែ​ព្រួយបារម្ភ​អំពី​ការកើនឡើង​ចំនួន​អ្នកស្លាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​សត្វ​ចិញ្ចឹម​របស់​ពួកគេ​។ ​លោក Mullah Akhund និយាយថា ភាគច្រើន​នៃ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ដោយ​សារភាព​ត្រជាក់ ដូចជា​អ្នក​គង្វាល ឬ​អ្នក​រស់នៅក្នុង​តំបន់​ជនបទ​។ ពួកគេ​ពុំមាន​លទ្ធភាព​ទទួលបាន​ការថែទាំ​សុខភាព​នោះទេ​។ យើង​ព្រួយបារម្ភ​អំពី​អ្នក​ដែល​រស់នៅក្នុង​តំបន់ភ្នំ ខណៈផ្លូវ​ភាគច្រើន​ដែល​ឆ្លងកាត់​ភ្នំ​ត្រូវបាន​បិទ​ដោយសារតែ​ព្រិល​។ រថយន្ត​បាន​ជាប់គាំង​នៅ​ទីនោះ ហើយ​អ្នកដំណើរ​បាន​ស្លាប់​ក្នុង​សីតុណ្ហភាព​ត្រជាក់​៕អត្ថបទ៖ ប៊ុនថន

ប្រទេស​ចិន​ត្រូវបាន​រង​ការប៉ះពាល់​ដោយ​សីតុណ្ហភាព​ត្រជាក់​បំផុត​មិន​ធ្លាប់មាន

2023/01/25 10:16:48 am        511
​ចិន៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ទី​២៤​មករា​ថា ទីក្រុង Mohe ភាគ​ខាងជើង​របស់​ប្រទេស​ចិន បាន​រង​ការ​ប៉ះពាល់​ពី​សីតុណ្ហភាព​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​។ ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ CCTV ទីក្រុង​ Mohe ដែល​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី​នៅ​ភាគ​ខាងជើង បាន​កត់ត្រា​សីតុណ្ហភាព​ត្រជាក់​ប្រហែល​ -53​អង្សា​សេ ជា​ការចុះ​ត្រជាក់​មិន​ធ្លាប់មាន​ដែល​កាលពី​ឆ្នាំ​១៩៦៩ សីតុណ្ហភាព​ចុះ​ត្រជាក់​ដល់​ -52.3​អង្សា​សេ​។ ការ​កត់ត្រា​ពី​សីតុណ្ហភាព​ត្រជាក់​បំផុត​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ស្ថានីយ​ព្យាករណ៍​អាកាសធាតុ​ក្នុង​ទីប្រជុំជន Amur នៃ​ទីក្រុង Mohe ក្នុង​ខេត្ត​ Heilongjiang ដែល​ក្លាយ​ជា​សីតុណ្ហភាព​ត្រជាក់​បំផុត​ដែល​ធ្លាប់​បាន​កត់ត្រា​នៅ​ក្នុង​ខេត្ត​នេះ និង​ការ​ចុះ​ទាប​បំផុត​ដែល​ត្រូវបាន​តាមដាន​ដោយ​ប្រព័ន្ធ​ឧតុនិយម​ចិន​។ ​ទីក្រុង Mohe តែង​ត្រូវ​បាន​សំដៅ​ដល់​ទី​ក្រុង​តំបន់​អាក​ទិ​ករ​បស់​ចិន និង​មួយ​ក្នុងចំណោម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នេះ ​ដែល​ងាយ​រង​ផលប៉ះពាល់​ដោយ​បម្រែបម្រួល​អាកាសធាតុ។ រដូវរងា​ក្នុង​ទីក្រុង​នេះ​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែ​តុលា និង​បន្ត​រហូតដល់​ចុងខែ​មេសា ហើយ​សីតុណ្ហភាព​ជា​មធ្យម​អាច​ស្ថិត​នៅ​ក្រោម​សូន្យ​មាន​រយៈពេល​ ៨​ខែ​ជា​រៀង​រាល់​ឆ្នាំ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/01/25 09:58:56 am        419
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក អូលីវៀ បិច Olivier Becht រដ្ឋមន្ត្រី ប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។លោក អូលីវៀ ប៊ិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៤-២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំងនិងកម្ពុជា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ដំណើរទស្សនកិច្ចរសប់លោក អូលីវៀ ប៊ិច នៅប្រទេសកម្ពុជា ក៏មានការអមដំណើរដោយគណៈប្រតិភូធុរជនដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France ផងដែរ។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយ សម្តេបអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អូលីវៀ ប៊ិច ក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូបទៀតដូចជា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។ ស្ថានទូតបារាំងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំងនៅតំបន់អាស៊ាន ដែលធ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់លោកប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ ២០២២ នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក៕

លោក Zelenskyy រុះរើ​គណៈរដ្ឋមន្ត្រី​​អ៊ុយ​ក្រែ​ន​ជុំវិញ​អំពើពុករលួយ​ ខណៈ​ប្រទេស​មាន​សង្គ្រាម​

2023/01/25 09:34:08 am        390
​អ៊ុយក្រែន៖ ការលាលែង​ចេញពី​តំណែង ការបណ្តេញ​ចេញពី​តំណែង និង​ការតែងតាំង​ឡើងវិញ​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​កក្រើក​រដ្ឋាភិបាល​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ខណៈ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy និង​បណ្ដា​មេដឹកនាំ​ផ្សេងទៀត​បាន​បញ្ជាក់​ពី​ការ​រុះរើ​តំណែង​ជាន់ខ្ពស់​ជាច្រើន​។​ការិយាល័យ​ទំនាក់ទំនង​សម្រាប់​គណៈរដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន ​បាន​ជូនដំណឹង​ដល់​សភា​របស់​ប្រទេស​ថា ខ្លួន​បាន​បណ្តេញ​អនុរដ្ឋមន្ត្រី​ចំនួន ​៦​រូប និង​អ្នកគ្រប់គ្រង​តំបន់​ចំនួន ៥ សម្រាប់​ហេតុផល​ដែល​មិន​ត្រូវ​បាន​បង្ហាញ​។​ អំឡុង​សុន្ទរកថា​ពេលយប់​កាលពី​ថ្ងៃ​ចន្ទ​លោក Zelenskyy ​និយាយ​ថា ​យើង​បាន​សម្រេច​ចិត្ត​ដោះដូរ​បុគ្គលិក​រួច​ទៅ​ហើយ ដោយ​អ្នកខ្លះ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ និង​ខ្លះ​ទៀត​ត្រូវធ្វើ​នៅ​ថ្ងៃស្អែក ដោយ​ផ្តោត​លើ​មន្ត្រី​ថ្នាក់​តំបន់​ផ្សេងៗ​នៅ​ក្នុង​ក្រសួង​នានា និង​គណៈកម្មការ​រដ្ឋាភិបាល​កណ្ដាល​ក្នុង​តំបន់ និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​។ ​​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ចំណាត់​ការ​ដ៏​ឆាប់រហ័ស​របស់​លោក Zelenskyy ដោយ​បន្ថែម​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ចង់បាន​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​។ លោក Price បាន​និយាយ​ថា សហរដ្ឋអាមេរិក​ពុំបាន​ដឹង​ថា ជំនួយ​របស់​ខ្លួន​ត្រូវ​បាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អំពើពុករលួយ​បែបនេះ​សោះ ប៉ុន្តែ​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។​លោក Viacheslav Shapovalov បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​សរសេរ​ដោយ​ដៃ មួយថ្ងៃ​បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​ដែល​បាន​ចោទប្រកាន់​ការិយាល័យ​របស់​លោក​ ទាក់ទង​អំពើពុករលួយ​។ របាយការណ៍​នេះ​បាន​ចោទប្រកាន់​លោក Shapovalov​ ពី​បទ​ប្រើប្រាស់​ជំនួយ​យោធា​ទិញ​ចំណី​អាហារ​ និង​សំលៀកបំពាក់​រដូវរងា​ដែល​មាន​តម្លៃ​លើស​ទីផ្សារ។​ លោក Oleksiï Simonenko រដ្ឋ​អាជ្ញា​រង​អ៊ុយ​ក្រែ​ន​បាន​លាលែង​ពី​តំណែង​ក្រោយ​បណ្តាញ​ព័ត៌មាន​ផ្សាយ​ថា លោក​បាន​លួច​ទៅ​ដើរ​កម្សាន្ត​នៅ​អេ​ស្ប៉ា​ញ ស្រប​ពេល​ប្រទេស​កំពុង​ផ្ទុះ​សង្គ្រាម ផ្ទុយ​នឹង​ច្បាប់​ហាមឃាត់​មិន​ឲ្យ​មនុស្ស​ប្រុស​ពេញកម្លាំង​ប្រយុទ្ធ​ចាក​ចេញពី​ប្រទេស​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ស្វាមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ

2023/01/25 07:14:39 am        486
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជាចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕

សហភាព​អឺរ៉ុប​អនុម័ត​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់

2023/01/24 03:15:16 pm        380
​អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បែងចែក​ប្រាក់ ៥០០​លាន​អឺរ៉ូ​ទៀត​សម្រាប់​ជំនួយ​យោធា​នៅ​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី និង​អង្គការ​អ៊ីរ៉ង់​ជាង ៣០ ដែល​ត្រូវ​បាន​ដាក់​កំហុស​ចំពោះ​ការបង្ក្រាប​ដ៏​ឃោរឃៅ​លើ​ក្រុម​បាតុករ​។ កិច្ចព្រមព្រៀង​ស្តីពី​ការ​ផ្តល់​ជំនួយ​លើក​ទី​ប្រាំពីរ​ដល់​អ៊ុយ​ក្រែ​ន បានធ្វើ​ឡើង​នៅពេលដែល​រដ្ឋមន្ត្រី​ការបរទេស​ទាំង ២៧​ប្រទេសរបស់​សហភាព​អឺរ៉ុប​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល បន្ទាប់ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​បរាជ័យ​កាលពី​សប្តាហ៍​មុន ​ក្នុងការ​ព្រមព្រៀង​លើ​ការបញ្ជូន​រថក្រោះ​ប្រយុទ្ធ​ទៅកាន់​ទីក្រុង Kyiv ប៉ុន្តែ​បាន​សន្យា​ផ្តល់​ការគាំទ្រ​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​។ ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​បាន​អនុម័ត​កញ្ចប់​ជំនួយ ៥០០លាន​អឺរ៉ូរួមជាមួយ​នឹង ៤៥លាន​បន្ថែមទៀត​សម្រាប់​ឧបករណ៍​ និង​សម្រាប់​បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​របស់​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​។ លោក​និយាយ​ថា អាល្លឺម៉ង់​បាន​បញ្ជាក់​ក្នុង​អំឡុង​កិច្ចប្រជុំ​ថា ​ខ្លួន​នឹងមិន​ហាមឃាត់​ប្រទេស​ដែល​ទិញ​រថក្រោះ Leopard របស់​ខ្លួន​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ឡើយ​។ រថក្រោះ Leopard របស់​អាល្លឺម៉ង់ត្រូវបាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​សាក​សម​បំផុត​សម្រាប់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង​ប៊ែ​កឡាំង​ត្រូវតែ​អនុញ្ញាត​ឱ្យ​លក់ ប៉ុន្តែ​ប្រទេស​ពុំ​ទាន់​សម្រេច​​ឲ្យ​ធ្វើ​ដូច្នេះ​នៅឡើយ​។​ ​លើ​បញ្ហា​ប្រទេស​អ៊ីរ៉ង់ លោក Borrell បាន​និយាយថា ទណ្ឌកម្ម​នឹង​កំណត់​គោលដៅ​អង្គភាព និង​មន្ត្រីជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​។ អ្នក​ដែលជា​គោលដៅ​មិនអាច​ធ្វើដំណើរ​ទៅ​សហភាព​អឺរ៉ុប​បានទេ ហើយ​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាននៅ​សហភាព​អឺរ៉ុប​អាច​ត្រូវបាន​បង្កក​។ ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ទីក្រុង​តេ​អេ​រ៉ង់បាន​ធ្លាក់ចុះ​ក្នុងអំឡុង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ជាប់គាំង ​ក្នុងការ​ស្តារឡើងវិញ​នូវ​កិច្ចពិភាក្សា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ការពារជាតិ​រុស្ស៊ីនិយាយថា រុស្ស៊ី និង​លោកខាងលិច​កាន់តែ​ខិតជិត​សង្គ្រាម​មែនទែន​ហើយ​

2023/01/24 12:33:34 pm        1058
​រុស្ស៊ី៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បង្ហាញ​ថា ជម្លោះ​រវាង​រុស្ស៊ី និង​លោក​ខាងលិច​អាច​ត្រូវ​បាន​លែង​ចាត់​ទុកជា​សង្គ្រាម​កូនកាត់​ទៀតហើយ ផ្ទុយទៅវិញ​វា​កំពុង​ខិតចូល​កាន់តែ​ជិត​ក្លាយជា​សង្គ្រាម​ពិតប្រាកដ​។​ ​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អាហ្វ្រិក​ខាងត្បូង​លោកស្រី Naledi Pandor លោក Lavrov ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ជម្លោះ​ដែល​ជិត​ក្លាយ​ជា​សង្គ្រាម​មែនទែន​នេះ ​គឺជា​អ្វីមួយ​ដែល​លោក​ខាង​លិច​បាន​កំពុង​ត្រៀម​ជា​យូរ​មក​ហើយ​ដើម្បី​ទប់​ទល់នឹង​រុស្ស៊ី។ ប្រមុខ​ការទូត​រូប​នេះ​បាន​អះអាងថា មហាអំណាច​លោក​ខាងលិច​កំពុង​ព្យាយាម​បំផ្លាញ​គ្រប់យ៉ាង​របស់​រុស្ស៊ី ចាប់ពី​ភាសា​រហូតដល់​វប្បធម៌​ដែល​មាន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន​សតវត្សរ៍​មកនេះ ដោយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​និយាយ​ភាសា​កំណើត​របស់​ពួកគេ​។ ​លោក Lavrov​ បាន​ចង្អុល​បង្ហាញ​ថា ការ​អនុវត្តន៍​បែបនេះ​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​អតីត​ប្រធានាធិបតី​លោក Pyotr Poroshenko និង​មេដឹកនាំ​បច្ចុប្បន្ន Vlodimir Zelensky ដែល​មេដឹកនាំ​ទាំង​២ ​នោះ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ឈ្លក់​នឹង​សង្គ្រាម​។ លោក​ក៏បាន​ចោទ​ប្រកាន់​លោក​ខាង​លិច​ពី​បទ​បិទ​ភ្នែក​បិទ​ត្រចៀក​ចំពោះ​ការពិត​ដែល​ថា កងកម្លាំង​របស់​ទីក្រុង Kiev នៅតែ​បន្ត​ជ្រើសរើស​គោលដៅ និង​បើក​ការវាយប្រហារ​បំភិតបំភ័យ​ជន​ស៊ីវិល​។ លោក​ខាង​លិច​ដឹង​ច្បាស់​ណាស់​ថា របប​អ៊ុយ​ក្រែ​ន​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីក្រុង​តូច ធំ ដោយ​ប្រើ​អាវុធ​ផ្គត់ផ្គង់​ដោយ​លោក​ខាងលិច​៕អត្ថបទ៖ សុខមាន

ការបាញ់ប្រហារ​ថ្មី​ធ្វើឱ្យ​កក្រើក​រដ្ឋ​កាលីហ្វ័រ​ញ៉ា ខណៈ​នគរបាល​ស៊ើបអង្កេត​ឃាតកម្ម​នៅ​ក្លឹប​រាំ​

2023/01/24 11:58:06 am        264
​អាមេរិក៖ មនុស្ស ៧​នាក់​ស្លាប់​ដោយសារ​ការបាញ់ប្រហារ​ថ្មី​មួយទៀត​ ដែល​បាន​ធ្វើឱ្យ​កក្រើក​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​រយៈពេល​មិន​ដល់​ ៤៨​ម៉ោង​ផង​ បន្ទាប់ពី​បុរស​អាយុ ៧២​ឆ្នាំ​ម្នា​ក់​បាន​បាញ់សម្លាប់​មនុស្ស​ ១១​នាក់​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នៅក្នុង​ក្លឹប​រាំ​ក្នុង​ទីក្រុង Los Angeles។ ​លោកស្រី Christina Corpus អធិការ​តំបន់​ San Mateo បាន​និយាយថា មនុស្ស​ ៧​នាក់​បាន​ស្លាប់ និង​ម្នាក់​រង​របួស​នៅក្នុង​ការបាញ់​ប្រហារ​ ២​លើក ហើយ​ពលរដ្ឋ​នៅ​សហគមន៍ Half Moon Bay អាយុ ៦៧​ឆ្នាំ​ម្នាក់​ឈ្មោះ Zhao Chunli ត្រូវ​បាន​ចាប់ខ្លួន​នាំទៅ​កាន់​មន្ទីរឃុំឃាំង​។​ ខណៈ​សោកនាដកម្ម​ថ្មី​បាន​កើតឡើង ក្រុម​អ្នកស៊ើប​អង្កេត​នៅតែ​បន្ត​ស៊ើបអង្កេត​ ពី​អ្វី​ដែល​បាន​ជំរុញ​ឱ្យ​ជនអន្តោប្រវេសន៍​អាស៊ី​វ័យ​ចំណាស់​ម្នាក់​ បាញ់សម្លាប់​មនុស្ស​ចំនួន ១១​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​ក្លឹប​រាំ​កម្សាន្ត​មួយ​នៅ​ជាយក្រុង មុន​ពេល​សម្លាប់​ខ្លួនឯង​។ ជនសង្ស័យ​ឈ្មោះ Huu Can Tran បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ពាក់កណ្ដាល​ស្វ័យប្រវត្តិ នៅ​ក្នុង​ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ឧទ្យាន Monterey Park កាល​ពី​យប់​ថ្ងៃ​សៅរ៍ដោយ​បាន​សម្លាប់​បុរស និង​ស្ត្រី​ក្នុង​វ័យ ៥០​ឆ្នាំ, ៦០​ឆ្នាំ និង ៧០​ឆ្នាំ​៕អត្ថបទ៖ ប៊ុនថន

នគរបាល​ប៉េ​រូ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​បំបែក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ​ខណៈ​វិបត្តិ​នយោបាយ​នៅតែ​បន្ត​

2023/01/24 11:16:57 am        566
​ប៉េរូ៖ នគរបាល​បង្ក្រាប​កុបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ​ដើម្បី​បំបែក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ការ​រំជើបរំជួល​ថ្មីនៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ប៉េ​រូ ហើយ​រដ្ឋមន្ត្រីក្រសួង​មហារ​ផ្ទៃ​របស់​ប្រទេស​នេះ​បាន​និយាយ​ថា ​មក​ទល់នឹង​ពេលនេះ​ពុំទាន់​មើល​ឃើញ​ពី​សញ្ញា​ធូរស្រាល​ នៃ​ភាព​ចលាចល​ក្នុង​ប្រទេស​នៅឡើយ​ទេ​។ ​ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​តវ៉ា​នៅ​កណ្ដាល​រដ្ឋធានី​លី​ម៉ា​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ទាមទារ​ឲ្យ​លោក​ស្រី​ប្រធានាធិ​បតី Dina Boluarte ចុះ​ចេញពី​តំណែង ដោយ​ក្រុម​បាតុករ​មួយ​ចំនួន​បាន​ស្រែក​ថា ឃាតក​ Dina រហូត​ទាល់តែ​នគរបាល​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​។ ​វិបត្តិ​នេះ​បង្កឡើង​ដោយ​ការ​ទម្លាក់​ប្រធានាធិបតី​ឆ្វេង​និយម និង​ជន​ជាតិ​ដើម​ភាគតិច​លោក Pedro Castillo ​ចេញពី​តំណែង​កាលពី​ដើម​ខែ​មុន ភាគច្រើន​កើត​ចេញពី​ការ​មិន​ស្មើភាព​គ្នារវាង​ឥស្សរជន​ក្នុង​ទីក្រុង​របស់​ប្រទេស​ប៉េ​រូ ​និង​ជន​ជាតិ​ដើម​ភាគតិច​ជនបទ​ក្រីក្រ​នៅ​តំបន់​ភ្នំ​អង្គ ​(Andean)​ ភាគ​ខាង​ត្បូង​ ដែល​បាន​មើល​ឃើញ​លោក​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង។​ ​ភាព​រំជើបរំជួល​​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៤៦​នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។ ​នគរបាល​ប៉េ​រូ​បាន​ចាប់ខ្លួន​មនុស្ស​ជាង​ ២០០​នាក់ដោយ​ចោទប្រកាន់​ពី​បទ​ព្យាយាម​ចូល​ដោយ​ខុសច្បាប់ ​ទៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​លី​ម៉ា។​ ​បន្ទាប់ពី​ការ​ប្រមូលផ្ដុំ​ដ៏​ធំ​កាលពី​សប្ដាហ៍​មុន​ក្នុង​រដ្ឋធានី​លី​ម៉ា គម្រោង​ជួបជុំ​មួយទៀត​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុម​បាតុករ​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី Boluarte ចុះ​ចេញពី​តំណែង ទោះបីជា​ក្រុម​អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ក៏ដោយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អធិការបតីអាល្លឺម៉ង់ និយាយសម្រាលពីភាពប្រះឆាជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការដកកងទ័ពអាមេរិកក៏ដោយ
05/04/2026 09:05 AM
យានដ្រូនរបស់អ៊ុយក្រែន វាយប្រហារកំពង់ផែ Primorsk នាវាដឹកប្រេង និងនាវាយោធា របស់រុស្ស៊ី
05/04/2026 09:05 AM
OPEC+ យល់ព្រមដំឡើងកូតាទិន្នផលប្រេងលើកទីបីចាប់តាំងពីការបិទច្រកសមុទ្ទ Hormuz
05/04/2026 09:05 AM
លោកTrump៖ អាមេរិក-អ៊ីរ៉ង់ស្ថិតក្នុងការពិភាក្សាវិជ្ជមានដោយបង្ហាញផែនការអមការពារនាវាឆ្លង ច្រកសមុទ្ទHormuz
05/04/2026 08:05 AM
កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM