កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​ផ្អាក​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​សម្រាប់​ប្រយុទ្ធ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/11/01 11:58:03 am        255
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​នៅ​ពេល​នេះ​បាន​ប្រកាស​បញ្ឈប់​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​ ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា រាល់​សកម្មភាព​កេណ្ឌ​កម្លាំង​ដោយ​ផ្នែក រួម​ទាំង​ការ​បញ្ជូន​លិខិត​កោះ​អញ្ជើញ​ត្រូវ​បាន​ផ្អាក​។ ​ក្រសួង​នេះ​បាន​បន្ថែម​ថា គ្រប់​សកម្មភាព​ទាំងអស់​ទាក់ទង​នឹង​ការ​កេណ្ឌ​កម្លាំង ​សម្រាប់​ចូល​បម្រើ​កងទ័ព​ត្រូវ​បាន​ផ្អាក​។ សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្ត​ថា អង្គភាព​យោធា​នានា​នឹង​ទទួល​យក​តែ​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​ជាប់កិច្ចសន្យា​ប៉ុណ្ណោះ​ចាប់​ពី​ពេលនេះ​ទៅ​។​ ការ​អត្ថាធិប្បាយ​ជំនួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu ក្រសួង​នេះ​បាន​និយាយ​ថា ​ក្រុម​មេបញ្ជាការ​យោធា​តំបន់​នានា និង​កង​នាវា​ខាងជើង (Northern Fleet) ត្រូវ​បាន​បញ្ជា​ឲ្យ​ដាក់​របាយការណ៍​ ស្ដីពី​ការ​បញ្ចប់​សកម្មភាព​កេណ្ឌ​កម្ម​ដោយ​ផ្នែក​នៅ​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា​។​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​របស់​ប្រទេស​នេះ​នៅ​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​បញ្ហា​បណ្ដាល​ឲ្យ​ផ្ទុះ​ការ​តវ៉ា និង​ជំរុញ​ឲ្យ​ក្រុម​បុរស​ៗ​រត់ចោលស្រុក ចាប់​តាំង​ពី​មាន​សេចក្ដីប្រកាស​កាលពី​ខែ​កញ្ញា​មក៕អត្ថបទ៖ សុខមាន

កូរ៉េខាងត្បូង​ចាប់ផ្ដើម​ស៊ើបអង្កេត​ករណី​ប្រជ្រៀត​ជាន់គ្នា​សម្លាប់​មនុស្ស​ជាង ​១៥០​នាក់​ក្នុង​ពិធី​បុណ្យ Halloween

2022/11/01 11:25:09 am        197
​​កូរ៉េខាងត្បូង៖ ក្រុម​អ្នកស៊ើប​អង្កេត​កូរ៉េខាងត្បូង ​បាន​ស្រាវជ្រាវ​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ​ពី​កាមេរ៉ា​សុវត្ថិភាព​ ៥០​គ្រឿង​ទាំង​រដ្ឋ ​និង​ឯកជន ​ព្រមទាំង​ពី​បណ្ដាញ​សង្គម​ដើម្បី​ស្វែងរក​ចម្លើយ​ថា ​តើ​មូលហេតុ​អ្វី​ទើប​បណ្ដាល​ឲ្យ​ក្រុម​អ្នក​ទៅ​ចូល​ពិធីជប់លៀង​បុណ្យ Halloween ប្រជ្រៀត​ជាន់គ្នា​ក្នុង​ផ្លូវ​ឌឿងហែម​ដ៏​តូច​ចង្អៀត​ស្លាប់​ច្រើន​យ៉ាង​នេះ​។ ​ខណៈ​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​ការ​កាន់ទុក្ខ​រយៈពេល​មួយ​សប្ដាហ៍ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១៥៤​នាក់។​ មនុស្ស​ ១៤៩​នាក់​ផ្សេងទៀត​បាន​រង​របួស​ ក្នុង​ចំណោម​អ្នករបួស​ទាំងនោះ​មាន ៣៣​នាក់​របួសធ្ងន់​។ ពលរដ្ឋ​យ៉ាង​ហោចណាស់​ ២៦​នាក់​មកពី​ប្រទេស​ចំនួន​ ១៤​ ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ​ពួកគេ​ផ្ដោត​សំខាន់​លើ​ការស្ថាបនា​ឡើង​វិញ និង​ស្វែងរក​ថា ​តើន​រណា​ដែល​អាច​ជា​អ្នក​ទទួលខុស​ត្រូវ​ ចំពោះ​ការ​បង្ក​ឲ្យ​មាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នេះ​។​ប្រធាន​ក្រុម​ស៊ើបអង្កេត​លោក Nam Gu-jun ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​កំពុង​វិភាគ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវហេតុ​នេះ។ លោក​និយាយ​ថា យើង​នឹង​បន្ត​សាកសួរ​សាក្សី​កាន់​តែ​ច្រើន​ថែមទៀត រួម​ទាំង​ក្រុម​បុគ្គលិក​ហាង​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

រាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះហត្ថលេខាលើលក្ខន្តិកៈ "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា”

2022/11/01 11:08:51 am        350
ភ្នំពេញ ៖ រាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើ "លក្ខន្តិកៈក្រុមហ៊ុន" ដើម្បីដំណើរការក្រុមហ៊ុន "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ។ការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ជាការវិនិយោគទុនរួម រវាង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ធំៗ​ចំនួន ៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន​ទូ​រ​ទស្សន៍​ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្តល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមាន​កម្មវិធី​ច្រើន​ប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅ​លើក​ស្ទួយ​ការផ្តល់ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាព ដល់ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍ របស់សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា កាលបរិច្ឆេទ នៃការដាក់ឲ្យ​ដំណើរ​ការ​ថ្នាល​ទូរទស្សន៍​ឌីជីថលកម្ពុជា អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់​សេវា​ទូរទស្សន៍​ឌីជីថល​កម្ពុជា​អាណាឡូក និងប្រព័ន្ធឌីជីថល ស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែល​ជាកាល​បរិច្ឆេត សម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។ក្នុងនោះក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា នឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។សូមបញ្ជាក់ថា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន៖ ប៉ុស្តិ៍ទូរទស្សន៍បាយ័ន BTV និងវិទ្យុបាយ័ន, ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV, ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T,ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH, ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធOTT។ ចំពោះក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស, ផលិតកម្ម WE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង។នៅក្នុងឯកសារ លក្ខន្តិកៈក្រុមហ៊ុននេះ មានសមាសភាពក្រុមប្រឹក្សាភិបាល ៧ រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្នុងនោះ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុម​ប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ដំបូង៕ អត្ថបទ៖ សុន រ៉ាឌី

ប្រជាពលរដ្ឋ​ទីក្រុង Kyiv ខ្វះ​អគ្គិសនី និង​ទឹក​ប្រើប្រាស់ ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី

2022/11/01 10:56:21 am        254
​អ៊ុយក្រែន៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​ធានី Kyiv បាន​ឈរ​តម្រង់​ជួរ​ត្រង​ទឹក ក្រោយ​មី​ស៊ី​ល​របស់​រុស្ស៊ីបាន​បាញ់​ស្រោច​លើ​ទីតាំង​សំខាន់ៗ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​។ ​របាយការណ៍​វិវឌ្ឍន៍​ថ្មី​ពេល​ល្ងាច​ពី​អភិបាលក្រុង​នេះលោក Vitaliy Klitschko បាន​និយាយ​ថា អ្នកប្រើប្រាស់ ៤០% ​នៅ​ក្នុង​ទីក្រុង Kyiv នៅតែ​ពុំ​ទាន់​មាន​ទឹក និង​លំនៅឋាន​ប្រមាណ ២៧០,០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ អ៊ុយ​ក្រែ​ន​និយាយ​ថា មនុស្ស ​១៣​នាក់​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​ទូទាំង​ប្រទេស​។ ​រុស្ស៊ី​បាន​និយាយ​ថា ការវាយប្រហារ​នានា​ត្រូវ​បាន​ដាក់​គោលដៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​យោធា និង​ថាមពល​របស់​ប្រទេស​នេះ ហើយ​ថាគោលដៅ​ទាំងអស់​ត្រូវ​បាន​វាយប្រហារ​ចំ​ៗ​។ ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​ឆ្លើយតប​ដោយ​ផ្នែក​ ចំពោះ​ការវាយប្រហារ​លើ​នាវាចម្បាំង​រុស្ស៊ី​កាលពី​ចុង​សប្ដាហ៍​មុន​។ ​ក្នុង​របាយការណ៍​វិវឌ្ឍន៍​ពេល​ល្ងាច យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន ​៤៥​គ្រាប់​នៃ​មី​ស៊ីល​សរុប ​៥៥​គ្រាប់​ដែល​ត្រូវ​បាន​បាញ់​។​​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kharkiv ក្រុម​មន្ត្រី​និយាយ​ថា ការវាយប្រហារ​នានា​បណ្ដាល​ឲ្យ​ផ្អាក​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី ខណៈ​នៅ​ក្នុង​តំបន់ Zaporizhzhia ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូងការ​កង្វះ​ថាមពល​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​។​ ក្នុង​តំបន់​ផ្សេងទៀត​នៃ​ទីក្រុង Kyiv ប្រជា​ពលរដ្ឋ​បាន​សម្រុក​ទិញ​ទឹក​សុទ្ធ​តាម​ផ្សារ​ទំនើប​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​វាយឆ្មក់​តាម​អាកាស​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ការ​ផ្ទុះ​មួយ​ចំនួន​បាន​លាន់​លឺ​នៅ​ក្នុង​ទីក្រុង​នេះ ខណៈ​ដែល​រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​នៅ​ក្នុង​ការវាយប្រហារ​តាម​អាកាស​ជាថ្មី​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​

2022/11/01 10:35:32 am        306
​កូរ៉េខាងជើង៖ ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នេះ​។ ​ក្រសួង​នេះ​បាន​ទាមទារ​ឲ្យ​បញ្ឈប់​ភ្លាមៗ​រាល់​សម​យុទ្ធ​ទាំងឡាយ ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​ដោយ​មាន​យន្តហោះ​ប្រមាណ​ ២៤០​គ្រឿង រួម​ទាំង​យន្តហោះ​បំបាំង​កាយ​។ សមយុទ្ធ​កងកម្លាំង​ទ័ព​អាកាស​ដែល​នឹង​បន្ត​រហូតដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ គឺជា​ការ​ចូលរួម​ដ៏​ធំ​បំផុត​រវាង​ប្រទេស​ទាំង​២ ​ចាប់​តាំងពី​ឆ្នាំ២០១៧ មក​។ ​សេចក្ដីថ្លែងការណ៍​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​និយាយ​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់​ជិតខាង​របស់​ខ្លួន បាន​ឈាន​ចូល​ដំណាក់កាល​ប្រឈម​ដាក់គ្នា​ជាថ្មី ​ព្រោះតែ​ការ​ប្រជែង​ឥទ្ធិពល។ ​សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​ទាំងអស់ ហើយ​ថា​ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​សកម្មភាព​បង្ករឿង​ទៀត កូរ៉េខាងជើង​នឹង​ពិចារណា​លើ​វិធានការ​ដ៏​ខ្លាំងក្លា​ថែមទៀត ជា​ជំហាន​បន្ទាប់​របស់​ខ្លួន​។​​ទោះ​យ៉ាងណា ក្រសួង​នេះ​ពុំបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ​ថា ​តើ​វិធានការ​ទាំងនោះ​គឺជា​អ្វី​។ ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​កាលពី​ខែ​កញ្ញា និង​តុលា ទំនងជា​ប្រឆាំង​នឹង​សម​យុទ្ធ​យោធា​ធ្វើឡើង​ដោយ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​។ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​ព្រមាន​ថា កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​ទី​៧ មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ខាងមុខនេះ​៕អត្ថបទ៖ សុខមាន

នគរបាល​ចាប់ខ្លួន​មនុស្ស ​៩​នាក់​ពាក់ព័ន្ធ​ករណី​បាក់​ស្ពាន​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​ជាង ​១៣០​នាក់​

2022/11/01 10:20:34 am        245
​ឥណ្ឌា៖ នគរបាល​ឥណ្ឌា​បាន​ចាប់ខ្លួន​មនុស្ស ​៩​នាក់​រួម​ទាំង​អ្នកលក់​សំបុត្រ ​និង​ក្រុម​អ្នកម៉ៅការ​ជួស​ជុល​ស្ពាន​នោះ ខណៈ​ពួកគេ​ស៊ើបអង្កេត​ការ​បាក់​ស្ពាន​យោល​ថ្មើរ​ជើង ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​១៣៤​នាក់​រួម​ទាំង​កុមារ​ជាច្រើន​នាក់​។ ​រូបភាព​កាមេរ៉ា​សុវត្ថិភាព មុន​ពេល​ស្ពាន​បាក់​បាន​បង្ហាញ​ពី​ក្មេង​ប្រុស​ជំទង់​មួយ​ក្រុម​ថតរូប ខណៈ​អ្នក​ខ្លះ​ទៀត​ព្យា​យាម​អង្រួន​ស្ពាន​យោល​នៅ​ក្នុង​ស្រុក Morbi ពី​ចុង​ស្ពាន​ម្ខាង​ទៅ​ចុង​ស្ពាន​ម្ខាង​ទៀត មុន​ពេល​បាក់​ធ្លាក់​ចូល​ទន្លេ ស្រប​ពេល​ដែល​ខ្សែកាបិ៍​បាន​ដាច់​។​ ស្ពាន​សម័យ​អាណានិគម​អង់គ្លេស​លើ​ទន្លេ Machchhu មាន​អ្នកដើរ​កម្សាន្ត​ពេញ​ស្ពានដែល​រីករាយ​នឹង​ថ្ងៃ​ឈប់សម្រាក​ នៅ​ពេល​ស្ពាន​នេះ​បាន​បាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ចូល​ទឹក​ជម្រៅ​ប្រហែល ​១០​ម៉ែត្រ​។​លោក Ashwin Mehra ដែល​កំពុង​សម្រាក​ព្យាបាល​ជើង​បាក់ និង​របួស​ខ្នងក្នុង​ឧបទ្ទវហេតុ​នោះបាន​និយាយ​ថា លោក និង​មនុស្ស ​៦​នាក់​ទៀតបាន​ហែល​ទៅដល់​ច្រាំងទន្លេ​ ដោយសារតែ​តោង​ចំរឹង​ដែក ​និង​សំណាញ់​ស្ពាន​។ ​លោក​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន ANI ដៃគូ​របស់​ទូរទស្សន៍ Reuters ថា មាន​ក្មេង​ប្រុស​ប្រមាណ​ ១៥​ ទៅ ​២០​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ២០ ​ទៅ ​២៥​ឆ្នាំ​ដែល​បាន​អង្រួន​យោគ​ស្ពាន​នោះ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន សុំការយល់យោគពីពលរដ្ឋ ខណៈបិទផ្លូវនាំឱ្យស្ទះចរាចរពេលប្រជុំអាស៊ាននៅថ្ងៃខាងមុខ

2022/11/01 09:16:41 am        272
ភ្នំពេញ៖អញ្ជើញថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង ៦ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ជ្រោយចង្រ វានាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកឱកាសនេះ អំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យមានការយល់យោគ ចំពោះការបិទផ្លូវនៅថ្ងៃខាងមុខនេះដែលនាំឱ្យមានការស្ទះចរាចរលើដងផ្លូវមួយចំនួន។សម្តេចបញ្ជាក់ថា មូលហេតុនៃការបិទផ្លូវសំខាន់ៗមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីសម្រួលជូននូវការធ្វើដំណើររបស់គណៈប្រតិភូជាថ្នាក់ដឹកនាំមិត្តភក្តិទាំងក្នុង និងក្រៅតំបន់ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធនៅភ្នំពេញ ខណៈកម្ពុជាជាម្ចាស់ផ្ទះប្រធានអាស៊ានឆ្នាំ២០២២។គួរបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣វិច្ឆិកា ។កិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់តំបន់ និងពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រធានកិច្ចប្រជុំនៅពេលខាងមុខនេះ នឹងក្រៅពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់ ក៏មានប្រធានាធិបតីមហាអំណាចនានា នឹងមកចូលរួមផងដែរ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃឌិន ប្រធានាធិបតីចិន ស៊ីជីនពីង ជាដើម។ រីឯប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន កំពុងរង់ចាំការឆ្លើយតប។ក្នុងន័យនេះ សម្តេចបានបញ្ជាក់ហើយថា បើមិនមានសន្តិភាពទេក៏មិនអាចធ្វើអ្វីបានដែរ៕(ដោយ៖ មុត សុត)

សម្តេចតេជោ ហ៊ុន សែន៖ បើប្រទេសគ្មានសុខសន្តិភាព កុំនិយាយអំពីការសិក្សា និងការអភិវឌ្ឍ

2022/11/01 09:08:23 am        589
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងជាថ្មីម្តងទៀតថា ប្រសិនបើប្រទេសពុំមានសុខសន្តិភាពទេនោះ ក៏គ្មានឱកាសសិក្សារៀនសូត្រ និងធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើននោះដែរ ជាក់ស្តែងដូចជាប្រទេសកម្ពុជាយើងនេះ បើគ្មានសន្តិភាពទេ នោះក៏គ្មានឱកាសដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃនោះដែរ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសំណេះសំណាល និងប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសដែល មានសង្រ្គាមគឺគ្មានឱកាសបានសិក្សារៀនសូត្រស្រួលនោះទេ ហើយក៏គ្មានឱកាសធ្វើការកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចំរើននោះដែរ។  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតផងដែរថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព គ្មានអំពើភេរវកម្មនេះហើយ ទើបកម្ពុជាមានឱកាសដឹកនាំ កិច្ចប្រជុំធំៗ ជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំប្រទេសធំៗនៅលើពិភពលោកចូលរួម ដូចជាលោក ចូ បៃឌិនប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តីចិន .ជប៉ុន. កូរ៉េ. ឥណ្ឌា. កាណាដា. អូស្ត្រាលី និងប្រទេសជាច្រើនទៀត៕

ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់

2022/11/01 08:59:45 am        259
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ សំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖- និស្សិតដែលអញ្ជើញទទួលសញ្ញាបត្រនៅព្រឹកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់) ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។ - និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជាភ័ព្វសំណាង ដែលកម្ពុជា​ បានជំនះលើសមរភូមិប្រឆាំងកូវីដ-១៩ ទើបយើងមានឱកាសបានជួបជុំគ្នាដោយផ្ទាល់ដូចពេលនេះ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកទល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ ដែលកម្ពុជាបើកប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ ដែលជាឱកាស នៃការបើកឡើងវិញ នូវសេដ្ឋកិច្ច សង្គម និងផ្នែកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងពេលកម្ពុជាកំពុងរងការវាយប្រហារខ្លាំងដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានដាក់ចេញនូវវិធានការនានាបន្ទាន់ និងចាំបាច់ ដើម្បីធានាសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ដូច្នេះវិធានការការពារខ្លួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរដល់សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលនៅតែបន្តភាពល្អប្រសើរ និងនិរន្តរភាព នៃការបង្រៀន និងរៀនរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងកិត្យានុភាព។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចាប់ផ្តើមជាមួយភាពលំបាលលំបិនកាលពីឆ្នាំ១៩៨២ ដែលកាលណោះមានអគារចាស់ៗ និងប្រក់ដែកសង្កសី ហើយទីធ្លាមួយចំនួននាពេលនេះ បានកាត់ចេញមកពីវិទ្យាល័យបឹងត្របែកដែលនៅក្បែរនោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រៅពីនិស្សិតខ្មែរ សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មាននិស្សិតបរទេសជាច្រើនបានចូលសិក្សា ក្នុងនោះក៏មាននិស្សិតមកពីសហរដ្ឋអាមេរិក និងនិស្សិតមកពីប្រទេសធំៗ និងរីកចម្រើននានាលើសកលលោកផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងចំណោមនិស្សិត ដែលទទួលសញ្ញាប័ត្រនាពេលនេះ មាននិស្សិតជាង៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ ហើយនិស្សិតមួយចំនួនទៀតមានការងារ-របរ និងអាជិវកម្មផ្ទាល់ខ្លួន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន លើកិច្ចការទំនាក់ទំនងផ្ទាល់រវាងកម្ពុជា-អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការក្របខណ្ឌអាស៊ាន-អ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សន្តិភាពមានមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សជាតិ មិនថាតែកម្ពុជាទេ។ សម្តេចបញ្ជាក់ថា «ការអភិវឌ្ឍនីមួយៗ នឹងមិនអាចកើតឡើងបានឡើយ បើគ្មានសន្តិភាព និងធនធានមនុស្ស»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះ មានមេឃុំ និងចៅសង្កាត់មួយចំនួន បានបញ្ចប់ថ្នាក់ឧត្តមសិក្សា ហើយសម្តេចសង្ឃឹមថា ការបោះឆ្នោតក្រោយៗទៀតថ្នាក់ឃុំ-សង្កាត់ នឹងមានបេក្ខជនឈ្មោះ ដែលមានកម្រិតវប្បធម៌កាន់តែខ្ពស់ថ្នាក់ឧត្តមសិក្សា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថា «អន់» តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឱ្យមានភាន់ច្រលំថា ៧មករា ឆ្នាំ១៩៧៩ ជារបស់គណបក្សប្រជាជនកម្ពុជាផ្តាច់មុខ ។ ៧មករា ជារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយជាថ្ងៃ នៃការរន់រានមានជីវិតឡើងវិញសារជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ពីការកាប់សម្លាប់ ប្រល័យពូជសាសន៍។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងពេលជារដ្ឋមន្ត្រីក្រសួងការបរទេសនៃកម្ពុជា សម្តេចមានអាវធំ(ក្រសេ)តែមួយប៉ុណ្ណោះ និងបានពាក់អាវធំមួយតែមួយនោះ ទស្សនកិច្ចផ្លូវការនៅប្រទេសនានាលើពិភពលោក ហើយរួបថតមួយចំនួនដែលបានបន្សល់ទុក បានក្លាយជាអនុស្សាវីយ៍ជាង ៤០ឆ្នាំ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់និស្សិតនានា ទោះចប់សិក្សាក៏ដោយ មិនត្រូវបោះបង់ស្វ័យសិក្សាឡើយ ព្រោះនៅលើលោកនេះ គ្មាននរណាម្នាក់ចេះអស់នោះទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការតែងតាំងរដ្ឋមន្ត្រីណាមួយរបស់កម្ពុជា មិនចាំបាច់សុំការអនុញ្ញាតពីអ្នករិះគន់ និងអ្នកវិភាគទាំងឡាយទាំងពួងនោះទេ ហើយរដ្ឋមន្ត្រី ដែលបានតាំង ក៏មិនទាល់តែត្រូវជំនាញនោះទេ ព្រោះអ្វីៗយើងអាចរៀនសូត្របាន ហើយក៏គ្មាននរណាចេះអស់សព្វគ្រប់ដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងពេលជួបសន្ទនាជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែននាល្ងាចនេះ សម្តេចនឹងចោទសួរប្រធានាធិបតីអ៊ុយក្រែនពាក់ព័ន្ធនឹងការនាំចេញគ្រាប់ធញ្ញជាតិទៅក្រៅប្រទេស នាំឱ្យមានវិបត្តិស្បៀងអាហារលើពិភពលោក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋរស់នៅតែដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ដែលបានបិទ ឬផ្អាកបណ្តោះអាសន្ន ដើម្បីទទួលគណៈប្រតិភូអាស៊ាន និងប្រទេសមហាអំណាចនានា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមទីជនបទនានា ដែលមានឪពុក-ម្តាយ យាយ-តា ចាស់ជរា សូមមើលថែរក្សាពួកគាត់ក្នុងរដូវរងារចូលមកដល់នេះ ដើម្បីឱ្យពួកគាត់បានរស់នៅដោយកក់ក្តៅ។- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តប្រកាសអំពាវនាវដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន សូមលើកទឹកចិត្ត ផ្តល់ឱកាស និងទទួលយកមន្ត្រីរាជការក្របខណ្ឌថ្មី ឬបុគ្គលិក ជាជនពិការ ដើម្បីបំពេញការងារ។សង្កថាសម្តេចតេជោ ហ៊ុន សែន ក្នុងឱាសសំណេះសំណាល និងប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ចប់នៅវេលាម៉ោង០៨ និង៣៦នាទី៕

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យជនមួយក្តាប់តូចដែលបំភ្លេចនូវអតីតកាល ប្រៀបបានដូចជាបំភ្លេចឱពុក-ម្តាយខ្លួនឯង

2022/11/01 08:45:14 am        316
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឱ្យជនមួយក្តាប់តូច មិនដែលហ៊ានរំលឹកនូវអតីតកាលនោះទេ ខណៈដែលពួកទាំងនោះបំភ្លេចនូវអតីតកាល ដែលខ្លួនធ្លាប់ឆ្លងកាត់ទាំងនោះ ប្រៀបបានដូចជា បំភ្លេចនូវគុណឱពុកម្តាយខ្លួនឯងយ៉ាងដូច្នេះដែរ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសំណេះសំណាល និងប្រគល់សញ្ញាប័ត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថា «អន់» តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។ សម្តេចបន្តថា អ្នកខ្លះទៀត កាលពីកន្លងទៅ សូម្បីតែកង់ក៏គ្មានជិះដែរ តែបច្ចុប្បន្នពួកគេមានឡាន ម៉ូតូជិះយ៉ាងស្រួល បែរជាមកជេរ និងរិះគន់ការដឹកនាំរបស់សម្តេចទៅវិញ។សម្តេចតេជោ ហ៊ុន សែន បែបចំអកដល់«ក្រុមប្រឆាំងចាញ់ជាអមតៈ» ដែលកំពុងរត់ចោលស្រុក និងក្រុមអ្នកវិភាគដូរបាយមួយចំនួន ដែលកំពុងស្រែកក្ដែងតាមវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន៕(ដោយ៖ បាន ចក់)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM