សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា ​ខណៈ​ការបោះឆ្នោត​ចូល​ជា​ឧប​សម្ព័ន្ធ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​

2022/09/27 03:16:46 pm        997
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​ជាប់ដៃ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ នៅ​ក្នុង​តំបន់​ផ្សេងៗ​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​ធ្វើ​ប្រជាមតិ​រៀបចំ​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ចំនួន​៤​ ដែល​រុស្ស៊ី​សង្ឃឹម​ថា​នឹង​ចូល​ជា​ឧបសម្ព័ន្ធ​ជិត​បញ្ចប់​។ ​លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយថា តំបន់ Donetsk ស្ថិតនៅ​ភាគ​ខាងកើត​នៅតែ​ជា​ដែនដី​របស់​ប្រទេស​លោក និង​ជា​យុទ្ធសាស្ត្រ​អាទិភាព​ចម្បង​បំផុត​របស់​រុស្ស៊ី ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ស្រប​ពេល​ទាហាន​រុស្ស៊ី​ព្យាយាម​រុល​ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង និង​ខាងលិច​។ ​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​ផងដែរ​នៅ​ក្នុង​តំបន់ Kharkiv ក្នុង​ភាគ​ឦសាន ដោយ​ផ្ដោត​លើ​ការ​វាយបក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ខែ​នេះ​។ ​ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​សន្ធាប់​ខ្លាំង​លើ​យុទ្ធនាការ​ ដើម្បី​កាត់ផ្ដាច់​ស្ពាន​ចំនួន​៤ និង​ផ្លូវ​ឆ្លងកាត់​ទន្លេ​ផ្សេងទៀត​ ដើម្បី​រំខាន​ដល់​ការផ្គត់ផ្គង់​ដល់​កងកម្លាំង​រុស្ស៊ី​ក្នុង​ភាគ​ខាង​ត្បូង​។​​ទីបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​ភាគ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​បក​របស់​ខ្លួន​ក្នុង​តំបន់ Kherson បាន​បណ្ដាល​ឲ្យ​សត្រូវ​បាត់បង់​ទាហាន​ ៧៧​នាក់, រថក្រោះ​ ៦​គ្រឿង, កាំភ្លើង​ផ្លោង​ ៥​គ្រឿង, កាំភ្លើង​បាញ់​យន្តហោះ ៣​គ្រឿង និង​រថពាសដែក ​១៤​គ្រឿង។ ​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀង​ផ្ទាត់​របាយការណ៍​សមរ​ភូមិ​ប្រយុទ្ធ​នេះ​បាន​ភ្លាមៗ​នៅឡើយ៕អត្ថបទ៖ សុខមាន

ជប៉ុន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe ដែល​ត្រូវបាន​គេ​ធ្វើឃាត

2022/09/27 02:52:15 pm        754
​ជប៉ុន៖ នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ជប៉ុន​បាន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Shinzo Abe ដែល​ត្រូវបាន​គេធ្វើ​ឃាត ដែល​លោក​ជា​ឥស្សរជន​គ្រប់គ្រង​នយោបាយ​សម័យ​ទំនើប ជា​មេដឹកនាំ​កាន់តំណែង​យូរ​បំផុត​របស់​ប្រទេស ដោយមាន​ពិធី​បុណ្យសព​រដ្ឋ​ដ៏​កម្រ​ត្រូវបាន​រៀបចំឡើង​។​ ​ពលរដ្ឋ​ជាច្រើន​បានដាក់​ផ្កា​នៅ​កន្លែង​រៀបចំ​ពិធី​បុណ្យសព​រដ្ឋ ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្នុងពេល​មាន​សន្តិសុខ​តឹងរ៉ឹង សាធារណជន​បានដាក់​ផ្កា​នៅ​ជុំវិញសាល Nippon Budokan ក្នុង​ទីក្រុង​តូ​ក្យូ​។ ​ប្រជាជន​ជប៉ុន​បានដាក់​ផ្កា​លើ​ទី​សក្ការៈបូជា​ ដើម្បី​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Abe Shinzo តាំងពីព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដោយ​ទីសក្ការៈ​ចំនួន​ ២​កន្លែង​ត្រូវបាន​បង្កើតឡើង​នៅ​ឧទ្យាន Kudanzaka ស្ថិតនៅ​ជិតសាល Nippon Budokan ទីក្រុង​តូ​ក្យូ​។​ពិធី​បុណ្យសព​រដ្ឋ​សម្រាប់​លោក Abe នឹង​ប្រារព្ធ​ឡើង​នៅ​សាល Nippon Budokan នៅ​រសៀល​ថ្ងៃ​អង្គារ​។ ប្រជាជនបានចាប់ផ្តើម​ដាក់​ផ្កា​ចាប់តាំងពី​ម៉ោងប្រហែល 9:30ព្រឹកដែល​នោះ​លឿន​ជាង​ការគ្រោងទុក ដោយសារតែ​មនុស្ស​ច្រើនជាង​ការរំពឹងទុក​បានមក​ជួបជុំគ្នា​។ អ្នក​កាន់ទុក្ខ​បាន​រង់ចាំ​ជា​ជួរ បន្ទាប់មក​ពួកគេ​បានដាក់​ផ្កា និង​បួងសួង​នៅមុខ​រូបថត​អតីត​នាយករដ្ឋមន្ត្រី​។​ ​នគរបាល​នៅក្នុង​ទីក្រុង​តូ​ក្យូស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ ​នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​សព​រដ្ឋសម្រាប់​លោក ​Abe ដែល​មន្ត្រី​ប្រមាណ​ ២​ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធានាបាន​ថា អ្វីៗ​នឹង​ដំណើរការ​ដោយ​រលូន ខណៈ​មេដឹកនាំ មន្ត្រីជាន់ខ្ពស់​បរទេស និង​ឯកអគ្គរដ្ឋទូត​ប្រមាណ​ ៧០០​នាក់នឹង​មក​ចូលរួម​ពិធីបុណ្យ​នេះ៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​ជួយសង្គ្រោះ​ ៥​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru វាយប្រហារ​ប្រទេស​ហ្វីលីពីន​

2022/09/27 02:34:37 pm        489
​​ហ្វីលីពីន៖ ក្រុម​អ្នក​ជួយសង្គ្រោះ ៥​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru បាន​វាយ​បោកបក់​មក​លើ​ភាគ​ខាងជើង​ប្រទេសបណ្តាលឱ្យមាន​ទឹកជំនន់ និង​កាត់ផ្តាច់​ចរន្តអគ្គិសនី បង្ខំ​ឱ្យ​មន្ត្រី​ផ្អាក​ថ្នាក់រៀន និង​ការ​ងារ​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី និង​ខេត្ត​នៅ​ដាច់ស្រយាល​។ ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បំផុត​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង Burdeos ក្នុង​ខេត្ត Quezon កាល​ពី​ចុង​សប្តាហ៍ បន្ទាប់មក​បាន​ចុះខ្សោយ​ទៅវិញ ខណៈ​វា​បាន​បោកបក់​ពេញ​មួយ​យប់​នៅ​ទូទាំង​តំបន់ Luzon។ មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់ដែល​មួយចំនួន​ត្រូវ​បាន​បង្ខំ​។​ លោក Daniel Fernando អភិបាលខេត្ត Bulacan ភាគ​ខាងជើង​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ ​៥​នាក់​ដែល​កំពុង​ប្រើប្រាស់​ទូកដើម្បី​ជួយ​ប្រជាជន​ជាប់​ក្នុង​ទឹក​ជំនន់បាន​បុក​ជញ្ជាំង​បាក់​រលំ បន្ទាប់មក​ទំនងជា​លង់ទឹក​ស្លាប់​នៅក្នុង​ទឹក​កំពុង​ហូរ​ខ្លាំង​។ លោក Fernando និយាយថា ពួកគេ​គឺជា​វីរបុរស​ដែល​ធ្លាប់បាន​ជួយសង្គ្រោះ​ជីវិត​ជនរួមជាតិ​របស់​យើង ​ក្នុងពេល​មាន​គ្រោះមហន្តរាយ ដែល​ការស្លាប់​របស់​ពួកគេ​ពិតជា​គួ​ឲ្យ​សោកស្តាយ​ខ្លាំង​។ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ជាង ១៧,០០០​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់​ពី​សហគមន៍​ ដែលមាន​ហានិភ័យ​ខ្ពស់​ងាយ​នឹងមាន​ការកើនឡើង​ទឹកជំនន់ និង​បំណាក់​ដី​នៅក្នុង​ទីក្រុង Quezon។​​ទន្ទឹមនឹងនេះមនុស្ស​ជាង ៣,០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​ទីក្រុង​ម៉ានីល ដែល​ត្រូវបាន​បក់បោក​ដោយ​ខ្យល់​ខ្លាំង និង​ភ្លៀង​ពេញ​មួយ​យប់​។ ប្រធានាធិបតី​លោក Ferdinand Marcos Jr បាន​សរសើរ​ក្រុមមន្ត្រី​ចំពោះ​ការជម្លៀស​ប្រជាជន​រាប់​ពាន់​នាក់​ ទៅកាន់​ទីទួល​សុវត្ថិភាព​ជាការ​ប្រុងប្រយ័ត្ន មុនពេល​ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ ដែល​ទប់ស្កាត់​អ្នក​ស្លាប់​ និង​រងរបួស​ច្រើន ទោះបីជា​កម្លាំង​ដ៏​មហន្តរាយ​នៃ​ព្យុះ Noru នឹងមាន​សក្តានុពល​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នកស្លាប់​នៅ​សាលារៀន​ទីក្រុង Izhevsk កើនឡើង​ដល់ ១៧នាក់ និង ២៤នាក់​រងរបួស​

2022/09/27 12:23:30 pm        420
​រុស្ស៊ី៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា បាច់​ផ្កា ប្រដាប់ប្រដា​ក្មេង​លេង និង​ទៀន​ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​សាលារៀនមួយ​កន្លែង​ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ​បណ្តាល​ឲ្យ​មនុស្ស ១៧​នាក់​ស្លាប់ និង ២៤​នាក់​ផ្សេងទៀត​រង​របួសមុន​ពេល​បាញ់សម្លាប់​ខ្លួន​ឯង​។​ ​ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​សាលារៀន​មួយ​ក្នុង​ទីក្រុង Izhevsk ជាទី​ក្រុង​មាន​ចម្ងាយ ៩៦០​គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​មូ​ស្គូ​ក្នុង​តំបន់ Udmurtia។ គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ប្រទេស​រុស្ស៊ី​បាន​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​មានឈ្មោះ Artyom Kazantsev អាយុ ៣៤​ឆ្នាំ​ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាលារៀន​នេះ​។ រដ្ឋាភិបាល​តំបន់ Udmurtia និយាយ​ថា មនុស្ស ១៧​នាក់​រួមមាន​កុមារ ១១​នាក់​បាន​ស្លាប់​នៅក្នុង​ការបាញ់ប្រហារ​នេះ​។ យោងតាម​គណៈកម្មាធិកា​រ​ស៊ើប​អង្កេត​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹងថា មនុស្ស ២៤​នាក់​ផ្សេងទៀត​រួមមាន​កុមារ ២២​នាក់​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​។អាជ្ញាធរ​តំបន់​និយាយ​ថា ខ្មាន់កាំភ្លើង​បាន​ចុះឈ្មោះ​ជា​អ្នកជំងឺ​នៅ​មណ្ឌល​ព្យាបាល​មនុស្ស​វិកលចរិត បាន​សម្លាប់​ខ្លួន​ឯង​បន្ទាប់ពី​ការវាយប្រហារ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​ចាត់​ទុក​ការ​បាញ់​ប្រហារ​នេះ​ថា​ជា «​សកម្មភាព​ភេរវកម្ម​» និង​បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ដាក់​បទ​បញ្ជា​ចាំបាច់​ទាំងអស់​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ឆ្មាំ​ជាតិ​របស់​រុស្ស៊ី​បាន​និយាយ​ថា ​ខ្មាន់កាំភ្លើង Kazantsev បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ចំនួន ២​ដើម​បាញ់​គ្រាប់​ពិត ដែល​កាំភ្លើង​ទាំងនេះ​មិនបាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

អគ្គិភ័យ​ឆេះ​ផ្សារ​ទំនើប​នៅ​កូរ៉េខាងត្បូង​បណ្តាល​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់

2022/09/27 12:07:01 pm        320
​​កូរ៉េខាងត្បូង៖ ក្រុមមន្ត្រី​បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​បន្ទប់ក្រោមដី​ផ្សារ​ទំនើប​មួយកន្លែង​ក្នុង​ទីក្រុង Daejeon ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧នាក់​ស្លាប់។​ ​លោក Go Seung-cheol មន្ត្រី​ទីស្នាក់ការ​កណ្តាល​ពន្លត់​អគ្គិភ័យទីក្រុង Daejeon បាន​និយាយថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បន្ត​ស្វែងរក​អ្នក​នៅរស់បន្ទាប់ពី​បាន​ពន្លត់ភ្លើង​។ វា​មិនដឹង​ទាន់​ច្បាស់​នៅឡើយ​នោះទេ​ថា​ តើ​មាន​មនុស្ស​នៅ​បាត់​ខ្លួន​ ឬ​អត់ ខណៈផ្សែង​នៅតែ​មាននៅ​ផ្នែក​ខ្លះ​ក្នុង​អគារ​។​ ​អគ្គិភ័យ​បាន​ឆាបឆេះ​នៅពេល​ព្រឹក ហើយ​បាន​រាលដាល​យ៉ាង​លឿន​ពាសពេញ​កន្លែង​ផ្ទុកទំនិញ​ក្នុង​បន្ទប់ក្រោមដី ដោយបាន​ជំរុញ​ឱ្យ​ជម្លៀស​មនុស្ស​ជាង ១១០នាក់រួមទាំង​បុគ្គលិក​ផ្សារ​ទំនើប និង​អតិថិជន​នៅ​សណ្ឋាគារ​ក្បែរ​នោះ​។ ​មន្ត្រី​អគ្គិភ័យ​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៥០០នាក់ និង​រថយន្ត ៩០គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ពន្លត់ភ្លើង​។ មនុស្ស ៦នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​គេ​រកឃើញ​ស្លាប់​គឺជា​បុគ្គលិក​ផ្សារ​ទំនើប ហើយ​ក្រុមមន្ត្រី​នៅ​ព្យាយាមកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ម្នាក់ទៀត​។ មន្ត្រី​ពន្លត់​អគ្គិភ័យ និង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​សេចក្តីរាយការណ៍​ ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ថា អគ្គិភ័យ​អាច​បណ្តាលមកពី​ការផ្ទុះ​រថយន្ត​អគ្គិសនី​ដែលឆាបឆេះ​នៅ​ជាន់​ក្រោម​ដី​៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​និយាយ​ថា មិនទាន់មាន​ការសម្រេច​ចិត្ត​បិទ​ព្រំដែន​រុស្ស៊ី​នៅឡើយ​ទេ ខណៈ​មាន​ភាព​វឹកវរ​

2022/09/27 11:24:36 am        760
​រុស្ស៊ី៖ មនុស្ស​រាប់ពាន់នាក់​កំពុង​រត់គេច​ចេញពី​ប្រទេស​ ដើម្បី​គេចចេញ​ពី​កោះ​ហៅចូល​សមរភូមិ​ប្រយុទ្ធ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ទីក្រុង Moscow បានប្រកាស​ការកែ​ណ្ឌ​កម្លាំងយោធា​លើក​ដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ ​មក​។ ​វិមាន​ក្រម​ឡាំង​និយាយថា មិនទាន់មាន​ការសម្រេច​ចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​នៅឡើយ​ទេ ថា​តើ​ត្រូវ​បិទ​ព្រំដែន​រុស្ស៊ី ឬ​អត់​ ដើម្បី​បញ្ឈប់​ការ​ចាក​ចេញ​របស់​ក្រុម​បុរស​គ្រប់​វ័យ ​ចូល​បម្រើកងទ័ព​ដែល​កំពុង​គេច​ចេញពី​ប្រទេស បន្ទាប់ពី​ភាព​ច្របូកច្របល់​ប៉ុន្មាន​ថ្ងៃនេះ អំឡុង​ការ​កែ​ណ្ឌ​កម្លាំង​ទ័ព​ដោយ​ផ្នែក​សម្រាប់​សង្គ្រាម​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ ​ពេល​ត្រូវបាន​សួរ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ផែន​ការ​បិទ​ព្រំដែន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ខ្ញុំ​មិន​ដឹង​ទេ​ចំពោះ​រឿង​នេះ។ ​នៅ​ពេល​នេះ​ពុំ​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​។​​សំបុត្រ​យន្តហោះ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​បាន​លក់​អស់ ហើយ​រថយន្ត​តម្រង់​ជួរ​គ្នា​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ព្រំដែន ដោយមាន​សេចក្ដីរាយការណ៍​ពី​ការ​ឈរ​តម្រង់​ជួរ​គ្នា ​៤៨​ម៉ោង​នៅ​ឯ​ផ្លូវ​ព្រំដែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្ស៊​ក​ហ្ស៊ី ជា​ប្រទេសជិតខាង​គាំទ្រ​លោក​ខាង​លិច ​ដ៏​កម្រ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រុស្ស៊ី​ចូល​ដោយ​គ្មាន​ទិដ្ឋាការ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/27 10:50:48 am        614
នៅព្រឹក​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពី​ទទួល​ទាន​អាហារ​ការងារ​ពេល​ព្រឹក​ជា​មួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាស​ដែល​សម្ដេច​តេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។នៅ​ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប និង​គណៈប្រតិភូ ។ សម្ដេចបានបញ្ជាក់ថា សម្ដេចបានជួប ឯកឧត្តម នៅក្នុងមហា​សន្និបាត​អង្គការ​​សហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចក៏បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​​គុយបា។ សម្ដេចបានបង្ហាញក្ដីរីករាយ ដែលបានជួប ឯកឧត្តម ដើម្បី​ផ្លាស់​ប្ដូរ​មតិ​យោបល់គ្នា។ សម្ដេចបានអញ្ជើញ ឯកឧត្តមទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។ សម្ដេចតេជោ បានបញ្ជាក់ដែរថា យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ហើយ​សម្ដេច​ក៏​នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប រំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងព្រុចសែល តាម​ការអញ្ជើញរបស់អឺរ៉ុបនេះផងដែរ។ ឯកឧត្តម Charles Michel បានមានប្រសាសន៍ថា ឯកឧត្តម ពិតជា​រីក​រាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ ឯកឧត្តម ក៏បានសុំ​ពិគ្រោះ​យោបល់​ផ្លាស់​ប្ដូរ​មតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, កិច្ចការងារ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកនេះផងដែរ។ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​ជូន​ទៅឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំរបស់សម្ដេច ក្នុងការជួយ​មីយ៉ាន់ម៉ា ក្នុងក្របខណ្ឌសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុង​នាម​ជា​ប្រធាន​អាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភព​លោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេច បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រ​ចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានី​ភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើង​ខិតខំ​ជំរុញ​ការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ ។សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយឯកឧត្តម Charles Michel ក៏បាន​បញ្ជាក់​ដែរ​ពី​ការ​ផ្លាស់ប្ដូរ​យោបល់​ដោយមា​ន​ការ​ស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។ឯកឧត្តម Charles Michel បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម ទៅ​ចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែល​នឹង​ទៅចូលរួមប្រជុំនៅទីក្រុងព្រុចសែល នាពេលខាងមុខនេះ ហើយជាពិសេសទៀត ឯកឧត្តមអ​រគុណសម្ដេច នូវការផ្ដល់ទស្សនៈទានចំពោះស្ថានភាពអន្តរជាតិ ជាពិសេស​ចំពោះ​បញ្ហា​សមុទ្រ​ចិនខាងត្បូង, ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។ឯកឧត្តម Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈ​សំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែ​យើង​មាន​ទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយយើងខិតខំរកមធ្យោបាយ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបាន​ចែក​រំលែក​នូវ​ទស្សនៈ​អំពី​ភូមិ​សាស្ត្រ​នយោបាយ​រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ ៕

លោក Putin​ ផ្ដល់​សញ្ជាតិ​រុស្ស៊ី​ដល់​លោក Edward Snowden

2022/09/27 10:50:33 am        805
​រុស្ស៊ី៖ អតីតមន្ត្រី​ចារកម្ម​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​លោក Edward Snowden ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​រុស្ស៊ី​។ ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ក្រឹត្យ​មួយ​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​បាន​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទ​។ ​លោក Snowden បាន​មកដល់​ប្រទេស​រុស្ស៊ី​លើកដំបូង​ក្នុង​ឆ្នាំ២០១៣ បន្ទាប់ពី​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ដែល​បង្ហាញ​ពី​បណ្តាញ​ដ៏​ធំ​នៃ​ការ​ឃ្លាំមើល​ក្នុងស្រុក និង​អន្តរជាតិ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ក្រោយមក​វិមាន​ក្រឹម​ឡាំង​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​ឲ្យ​លោក ទោះបីជា​សហរដ្ឋអាមេរិក​បាន​បន្ត​ការចោទប្រកាន់​ពី​បទ​ចារកម្ម​ក៏ដោយ​។ ​ក្នុង​ឆ្នាំ២០២០ លោក Snowden បាន​ប្រកាស​ថា ​លោក ​និង​ភរិយា​បាន​ដាក់​លិខិត​ស្នើសុំ​សញ្ជាតិ​រុស្ស៊ី ខណៈ​ដែល​អ្នក​ទាំង​២ រំពឹង​ថា​នឹង​មាន​កូន​ដំបូង​អំឡុង​ជំងឺ​រាតត្បាត​សកល​។អ្នក​ទម្លាយ​ព័ត៌មាន​សម្ងាត់រូប​នេះ​បាន​អះអាង និង​ការពារ​ភាព​ស្ងៀម​ស្ងាត់​របស់​លោក​ជុំវិញ​សកម្មភាព​ថ្មីៗ​របស់​វិមាន​ក្រឹម​ឡាំង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដោយ​និយាយ​ថា ​ទស្សនៈ​រប​ស់​លោក​លែង​មាន​ប្រយោជន៍​ទៀតហើយ ​បន្ទាប់ពី​លោក​បាន​ទទូច​ដោយ​ខុសឆ្គង​ថា ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​មាន​កំហុស​ក្នុង​ការ​វាយតម្លៃ​ លើ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​អ៊ីរ៉ង់​ប្ដេជ្ញា​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​ភាព​រំជើបរំជួល​ដែល​ចេះតែ​បន្ត​

2022/09/27 10:23:53 am        565
​​អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ប្ដេជ្ញា​ចាត់វិធានការ​ប្រឆាំង​ក្រុមបាតុករ បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជាង​ ១​សប្ដាហ៍​មកនេះ។​ លោក​ប្រធានាធិបតី​ Ebrahim Raisi ប្ដេជ្ញា​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ចំពោះ​ការ​តវ៉ា ដែល​ពេលនេះ​បាន​រីក​រាលដាល​​ស្ទើរតែ​ពាសពេញ​ទាំង ​៣១​ខេត្ត​របស់​អ៊ីរ៉ង់​។ ​ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​ចំនួន ​៣៥​នាក់​បាន​ស្លាប់​ ចាប់​តាំងពី​ការតវ៉ា​បាន​ផ្ទុះឡើង​ជុំវិញ​ការស្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ Mahsa Amini ក្នុង​ពេល​ឃុំខ្លួន​របស់​នគរបាល​។ ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​នៅតែ​បន្ត​ក្នុង​ទីក្រុង​មួយ​ចំនួន​។ អ្នកស្រី Amini ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​បំពាន​ច្បាប់​ស្បៃ​គ្រប​ក្បាល។ ក្រុម​មន្ត្រី​ត្រូវ​គេ​រាយការណ៍​ពី​ការ​វាយ​ដុំ​ក្បាល​របស់​អ្នកស្រី​ដោយ​ប្រើ​ដំបង ​និង​បាន​បោក​ក្បាល​របស់​អ្នកស្រី​ទៅ​នឹង​រថយន្ត​របស់​ពួកគេ​។​ នគរបាល​និយាយ​ថា គ្មាន​ភស្តុតាង​នៃ​ការ​បញ្ជាក់​ពី​ការ​ធ្វើបាប​ឡើយ ហើយ​ថា​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាមៗ​ដោយសារ​គាំងបេះដូង​។​ហើយខណៈ​ដែល​លោក Raisi និយាយថា ការ​ស្លាប់​របស់​ស្ត្រី​រងគ្រោះ​នឹង​ត្រូវ​ស៊ើបអង្កេត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​លោក​គឺ​លោក Ahmad Vahidi បាន​ទទូច​ថា អ្នកស្រី Amini មិន​ត្រូវ​បាន​វាយ​ដុំ​នោះ​ទេ​។ ​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ប៉ុនប៉ង​ប្រើ​ភាព​រំជើប​រំ​ជួប​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នេះ​ចុះ​ខ្សោយ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បន្ត​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ការកែ​ណ្ឌ​កម្លាំង​ដែល​ចេះតែ​រីក​ធំ​ ខណៈ​ការរិះគន់​លើ​សេចក្ដី​ពង្រាង​កើនឡើង​

2022/09/27 09:57:13 am        557
​រុស្ស៊ី៖ ចំនួន​មនុស្ស​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ ចំពោះ​ការតវ៉ា​ប្រឆាំង​ការកែ​ណ្ឌ​កម្លាំង​ទ័ព​មួយ​ចំនួន​របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ជិត ២​,៥០០​នាក់​នៅ​ទូទាំង​ប្រទេស ខណៈ​ក្រុម​អ្នកគាំទ្រ​វិមាន​ក្រឹម​ឡាំង​ដ៏​លេច​ធ្លោរ​បាន​ចាប់ផ្ដើម​ចោទសួរ​ពី​មធ្យោបាយ ដែល​សេចក្ដី​ពង្រាង​នេះ​កំពុង​ត្រូវ​បាន​អនុវត្តន៍​។ OVD-Info ជា​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្សដែល​តាមដាន​ការ​ចាប់ខ្លួន​ ផ្នែក​នយោបាយ​ក្នុង​ប្រទេស​រុស្ស៊ីបាន​និយាយ​ថា ​មនុស្ស ២,៣៥៣​នាក់​ត្រូវ​បាន​ឃុំខ្លួន​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា និង​យ៉ាង​ហោច​ណាស់​ការ​ឃុំខ្លួន​ថ្មី​ចំនួន ១៤១​នាក់​ត្រូវ​បាន​កត់ត្រា​គិត​ត្រឹម​ថ្ងៃទី​២៦ ​ខែ​កញ្ញា​។ ​ការ​ឃុំខ្លួន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃនេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២១ ​ខែកញ្ញា នៅពេល​ការតវ៉ា​ត្រូវបាន​ផ្ទុះ​ឡើង​ភ្លាមៗ​នៅ​ក្នុង​ទីក្រុង​ចំនួន​៤៣ បន្ទាប់ពី​សេចក្ដី​ពង្រាង​នេះ​ត្រូវ​បាន​ប្រកាស​។​ក្រុម​សិទ្ធិមនុស្ស​ខាងលើ​និយាយ​ថា អាច​មាន​អ្នក​ត្រូវបាន​ឃុំខ្លួន​ច្រើនជាង​ចំនួន​ត្រូវ​បាន​បញ្ចេញ​ដោយ​នគរបាល ហើយ​ថា​ វា​មាន​របាយការណ៍​ត្រឹមតែ​ឈ្មោះ​ប៉ុណ្ណោះ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​។ ​ការ​តវ៉ា​ទូទាំង​ប្រទេស​បាន​ផ្ទុះឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់ពី​ការប្រកាស​របស់​លោក​ប្រធានាធិបតី Vladimir Putin អំពី​ការ​កែ​ណ្ឌ​កម្លាំងយោធា​មួយ​ផ្នែក​កាល​ពី​ថ្ងៃទី​២១ ​ខែកញ្ញាដែល​មាន​បំណង​ពង្រឹង​កម្លាំងយោធា​រុស្ស៊ី​បន្ថែម​ទៀត ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ លើកទី៩​
06/15/2026 09:06 AM
មេដឹកនាំពិភពលោកបញ្ចេញប្រតិកម្មចំពោះការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់
06/15/2026 08:06 AM
[UPDATE] ប៉ាគីស្ថាន៖ អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ហើយការចុះហត្ថលេខាត្រូវធ្វើឡើងនៅថ្ងៃសុក្រ
06/15/2026 08:06 AM
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM