សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

កុមារ​ត្រូវ​បាន​ចាប់ខ្លួន​ព្រោះ​តវ៉ា​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​លោក Putin លើ​អ៊ុយ​ក្រែ​ន

2022/03/03 11:26:51 am        727
​រុស្ស៊ី៖ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក មាន​ការ​តវ៉ា​ជាច្រើន​បាន​ផ្ទុះឡើងនៅ​តាម​ទីក្រុង​នានា​ទូទាំង​ប្រទេស​រុស្ស៊ី ខណៈ​ប្រជាពលរដ្ឋ​រុស្ស៊ី​បង្ហាញ​ការ​ខឹង​សម្បារ​។ ​កុមារ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​ចាប់ខ្លួន ​ដោយសារតែ​ការចូលរួម​ក្បួន​តវ៉ា​ប្រឆាំង​សង្គ្រាម​ក្នុង​ប្រទេស​រុស្ស៊ី នេះ​បើ​យោង​តាម​អ្នកនយោបាយ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​នេះ​។​​បណ្ដាញ​សង្គម​ធ្វី​ត​ធ័​រ​មួយ​មាន​ឈ្មោះថា Novaya Gazeta បាន​ចែករំលែក​រូបភាព​បង្ហាញ​ពី​កុមារ​ឈរ​ នៅ​ខាងក្រោយ​រថយន្ត​នគរបាលនៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​។ ​សារព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​ថា ​កុមារ​មួយ​ចំនួនត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​ដាក់​ផ្កា​នៅ​ស្ថានទូត​អ៊ុយ​ក្រែ​ន​។ ​កុមារ​យ៉ាងហោចណាស់​ ៣​នាក់ដែល​ពួកគេ​នៅ​សិក្សា​ថ្នាក់​បឋមសិក្សា​នៅ​ឡើយ កំពុង​អង្គុយ​នៅ​ពីក្រោយ​រថយន្ត​របស់​ន​គ​របាល​ក្រុង Moscow កាន់​ផ្កា និង​បដា​។មាន​រូបភាព​បង្ហាញ​ពី​ក្មេង​ស្រី​ម្នាក់​កំពុង​កាន់​សញ្ញា​មួយ​និយាយ​ថា គ្មាន​សង្គ្រាម​នៅ​រុស្ស៊ី ដោយមាន​រូប​គំនូរ​ទង់ជាតិ​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​តូច​ៗ​ព័ទ្ធជុំវិញ​ពាក្យ​នោះ​។ យ៉ាងណា​សារព័ត៌មាន​ខាងលើ​​និយាយ​ថា កុមារ​ទាំងនោះ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ពេល​មេធាវី​បាន​ទៅដល់​៕អត្ថបទ៖ សុខមាន

ភាព​ច្របូកច្របល់​កើន​ឡើង​ខ្លាំង ខណៈ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ព្យាយាម​ភៀសខ្លួន​ទាំង​ក្នុង​ប្រទេស ​និង​ទៅ​អឺរ៉ុប

2022/03/03 10:49:07 am        331
​អ៊ុយ​ក្រែ​ន៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅកាន់​ស្ថានីយ​រថភ្លើង Dnipro ខណៈ​ពួកគេ​ព្យាយាម​ឡើង​ជិះ​រថភ្លើង​ចាក​ចេញពី​ទីក្រុង​នេះ និង​ភៀសខ្លួន​ចេញពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ​ពលរដ្ឋ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Lviv ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អ្នក​ខ្លះ​ទៀត​ភៀសខ្លួន​ចូល​ទៅ​កាន់​អឺរ៉ុប​ដោយមាន​វ៉ា​លី​សំលៀកបំពាក់ ​និង​បង្ហាញ​ក្ដី​សង្ឃឹមថា​នឹង​មាន​សុវត្ថិភាព​។​ដោយសារ​តែ​មាន​ការ​ហាម​ប្រាម​ពី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ មិន​ឲ្យ​បុរស​ដែល​មាន​អាយុ​ចាប់ពី ១៨ ដល់ ៦០​ឆ្នាំ​ចាក​ចេញពី​ប្រទេសដើម្បី​ឲ្យ​ពួកគេ​ចូល​បម្រើ​ទ័ព​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី មានន័យថា ស្ត្រី និង​កុមារ​ជាច្រើន​ត្រូវតែ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ដោយ​ខ្លួនឯង​។​ ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គាត់​ខឹង ​និង​ស្អប់​លោក Putin ខ្លាំង​ណាស់​។​ ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ថា គាត់​ឈឺចាប់ ព្រោះ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស។​ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Sky News របស់​អង់គ្លេស​នៅ​លើ​រថភ្លើង​ទៅកាន់​ទីក្រុង Liviv អ្នកស្រី Natalia Nekrasa បាន​និយាយ​ថា ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​ណាស់។ ​ខ្ញុំ​ត្រូវ​នាំ​កូនប្រុស​របស់ខ្ញុំ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​សាច់ញាតិ​របស់ខ្ញុំ​ខ្លះ​ទៀត​នៅតែ​បន្ត​រស់​នៅ​ក្នុង​ទីក្រុង Dnipro​។​រហូត​ដល់​ថ្ងៃ​ទី​៧​ នៃ​សង្គ្រាម​នៅ​តាម​ព្រំដែន​របស់​បណ្ដា​ប្រទេស​ផ្សេងៗ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​យ៉ាង​ច្រើន​កកកុញ​បាន​កំពុង​ព្យាយាម​រត់​ភៀសខ្លួន​។ ​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង ៨៧៤,០០០នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួកគេ ចាប់​តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី។​ អង្គការ​នេះ​បាន​ព្រមាន​ថា ​ការឈ្លានពាន​របស់​រុស្ស៊ី​នឹង​អាច​បង្ខំ​ឲ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន​យ៉ាងតិច ​៤​លាន​នាក់​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​៕​អត្ថបទ៖ សុខមាន

រុស្ស៊ី​៖ ​ទាហាន​របស់​ខ្លួន​ចំនួន ​៤៩៨​នាក់​បាន​ស្លាប់ និង​ ១.៥៩៧​នាក់​រង​របួស​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/03/03 09:40:46 am        2076
​រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន RIA របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទាហាន​រុស្ស៊ី​ចំនួន ៤៩៨​នាក់​បាន​ស្លាប់ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង ១.៥៩៧​នាក់​ផ្សេងទៀត​រង​របួស​ ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង Moscow នៅ​ទីនោះ។​​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ក្រុង Moscow បានដាក់​ចំនួន​អ្នកស្លាប់​របស់ខ្លួន​។​ ក្រសួង​នេះ​ក៏បាន​និយាយ​ផងដែរ​ថា ​ទាហាន​អ៊ុយ​ក្រែ​ន និង​អ្នក​ជាតិនិយម​ជាង ២,៨៧០​នាក់​បាន​ស្លាប់ ​និង​ប្រហែល​ ៣,៧០០នាក់​បាន​រង​របួស​ ​នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Interfax របស់​រុស្ស៊ី​។ ចំនួន​នេះ​មិនអាច​ស្វែងរក​ការផ្ទៀងផ្ទាត់​ឲ្យ​បាន​ជាក់លាក់​បាន​ទេ ហើយក៏​ពុំមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​ខាង​ភាគី​អ៊ុយ​ក្រែ​ន​ដែរ​។ ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​វិញ ជន​ស៊ីវិល​ជាង ២,០០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​សង្គ្រាម​របស់​ខ្លួន​ ទៅលើ​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ ​ខណៈ​ដែល​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា ​មនុស្ស​ជាង ​៨៧៤,០០០នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ ចូលទៅក្នុង​ប្រទេសជិតខាង​ផ្សេងៗ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​៖ ការចរចា​ជុំ​ថ្មី​រវាង​អ៊ុយ​ក្រែ​ន​ និង​រុស្ស៊ី​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/03/03 09:26:06 am        895
​រុស្ស៊ី៖ មន្ត្រី​រុស្ស៊ី​មួយ​រូប​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា ជុំ​ទី​២​ នៃ​ការចរចា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ យោងតាមលោក Vladimir Medinsky ប្រមុខ​ដឹកនាំ​គណៈប្រតិភូ​រុស្ស៊ី ភាគី​ទាំង​២ នឹង​ជួបគ្នា​នៅក្នុង​តំបន់ Belovezhskaya Pushcha ក្នុង​ទីក្រុង Brest របស់​ប្រទេស​បេឡា​រុសជិត​ព្រំដែន​ប៉ូឡូញ។​ទីភ្នាក់ងារសារព័ត៌មានរដ្ឋ​រុស្ស៊ី​ TASS បាន​រាយការណ៍​ថា លោក Vladimir Medinsky ថា ក្រុម​អ្នកចរចា​របស់​រុស្ស៊ីបាន​ទៅដល់​សម្រាប់​ការចរចា​ក្នុង​ជំហរ​ដដែល ខណៈ​គណៈប្រតិភូ​អ៊ុយ​ក្រែ​នបាន​ចាក​ចេញពី​រដ្ឋធានី​គី​វ និង​ត្រូវគេ​រំពឹងថា​នឹង​ទៅដល់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​លោក Medinsky និយាយថា​ ការពិភាក្សា​នេះ​នឹង​ផ្ដោតលើ​បញ្ហា​ជាច្រើន​ទាក់​ទង​នឹង​បទ​ឈប់​បាញ់ និង​ភាពចាំបាច់​សម្រាប់​ច្រករបៀង​មនុស្សធម៌​។​ ​កា​ចរចា​ជុំ​ទី​១​ រវាង​រុស្ស៊ី​ និងអ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទបានបញ្ចប់​ដោយ​គ្មាន​លទ្ធផល​ជា​ផ្លែផ្កា បន្ទាប់ពី​ការពិភាក្សា​ដែល​បាន​បន្ត​រយៈពេល​ ៥​ម៉ោង​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​នឹង​បន្ត​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​រហូត​សម្រេច​បាន​គោលដៅ​ចម្បង​

2022/03/02 03:28:55 pm        1333
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​នឹង​បន្ត​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រហូត​សម្រេច​បាន​នូវ​គោលដៅសំខាន់​របស់​ខ្លួន​ក្នុង​ការ​ការពារ​ប្រទេស​រុស្ស៊ី​ ពី​ការ​គំរាម​កំហែង​របស់​ប្រទេស​លោក​ខាង​លិច​។លោក Shoigu បាន​និយាយ​ថា មូលហេតុ​ចម្បង​នៅ​ពីក្រោយ​សកម្មភាព​របស់​រុស្ស៊ី​ គឺ​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី​ពី​ការ​គំរាមកំហែង​ផ្នែក​យោធា​បង្កឡើង​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច ​ដែល​កំពុង​ព្យាយាម​ប្រើប្រាស់​ប្រជាជន​អ៊ុយ​ក្រែ​ន​។​ ​លោក​បាន​បញ្ជាក់​ជាថ្មី​ថា យោធា​រុស្ស៊ី​មិន​កាន់កាប់​ទឹកដី​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​កំពុង​ចាត់​វិធាន​ការ​ទាំងអស់​ដើម្បី​ការពារ​អាយុជីវិត និង​សុវត្ថិភាព​ជន​ស៊ីវិល​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ីលោក Igor Konashenkov និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​បាន​បំផ្លាញ​គោល​ដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ុយ​ក្រែ​ន​ចំនួន ១.៣២៥​ទីតាំងចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​។​​ជុំ​ទី​មួយ​នៃ​កិច្ចចរចា​សន្តិភាព​រុស្ស៊ី​-​អ៊ុយ​ក្រែ​នដែល​បាន​បញ្ចប់​នៅ​ក្នុង​ទីក្រុង Gomel ប្រទេស​បេឡា​រុស និង​មាន​រយៈពេល​ប្រាំ​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​នោះ មិនបាន​ឈាន​ដល់​ការ​ទម្លាយ​ភាព​ទាល់​ច្រក​យ៉ាង​ច្បាស់​ណាមួយ​ឡើយ​។​ រុស្ស៊ី​បាន​បញ្ជាក់​ពី​គោលជំហរ និង​លក្ខខណ្ឌ​របស់​ខ្លួន​សម្រាប់​ការ​បញ្ចប់​សង្គ្រាម ហើយ​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​នឹង​វាយតម្លៃ​ដើម្បី​បញ្ជាក់​នៅ​ក្នុង​កិច្ចចរចា​ជុំ​ទី​ពីរ៕អត្ថបទ៖ ប៊ុនថន

UN៖ ជនភៀសខ្លួន​ប្រមាណ ​៦៦០,០០០នាក់​ភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​ចូល​ទៅ​ប្រទេស​ជិតខាង​

2022/03/02 02:44:54 pm        703
​អ៊ុយក្រែន៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​ (UNCHR) និយាយថា ទីភ្នាក់ងារកំពុង​ប្រមូល​ធនធានដើម្បី​ឆ្លើយតប​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​តាម​ដែល​អាចធ្វើ​ទៅបាន ដល់​ប្រជាជន​ដែលកំពុង​ភៀសខ្លួន​ពី​ការវាយប្រហារ​របស់​យោធា​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។យោងតាម​ទិន្នន័យ​ថ្មី​រដ្ឋាភិបាលចងក្រង​ដោយ​ទីភ្នាក់ងារបាន​ឲ្យ​ដឹងថា ជនភៀសខ្លួន​ប្រមាណ ៦៦០,០០០នាក់ ពេលនេះបាន​ភៀសខ្លួន​ពី​ប្រទេស​អ៊ុយ​ក្រែ​នចូលទៅ​កាន់​ប្រទេសជិតខាង ក្នុង​រយៈពេល​ ៦​ថ្ងៃ​កន្លងទៅនេះ​។ ​បណ្តា​ប្រទេសជិតខាងរហូតមកដល់​ពេលនេះនៅតែ​បើក​ព្រំដែន​របស់​ពួកគេ សម្រាប់​ជនភៀសខ្លួនចាក​ចេញពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ប្រជាជន​ភាគច្រើនភៀសខ្លួន​ទៅកាន់​ប្រទេស​ប៉ូឡូញ ហុង​គ្រី ម៉ុ​ល​ដូ​វ៉ា រ៉ូ​ម៉ា​នី ស្លូ​វ៉ា​គី ខណៈ​ប្រជាជន​ភៀសខ្លួន​មួយចំនួនទៀតធ្វើដំណើរ​ទៅកាន់​ប្រទេសនៅ​អឺរ៉ុប​ផ្សេងទៀត​។ ចំនួន​ប្រជាជន​ដ៏​ច្រើន​ក៏បាន​ចូលទៅ​កាន់​សហព័ន្ធ​រុស្សី​។បណ្តា​អាជ្ញាធររបស់​ប្រទេស​កំពុង​ទទួលបន្ទុក​ទ​ទួល​ខុសត្រូវ​ សម្រាប់​ការចុះឈ្មោះ ការទទួលផ្តល់​កន្លែង​ស្នាក់នៅ និង​ការពារ​ប្រជាជន​ភៀសខ្លួន​ទាំងនេះ​។​ ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​ (UNCHR) មាន​វត្តមាន​ឈរ​ជើង​យូរអង្វែង​នៅក្នុង​តំបន់រួមមាន​ប្រទេស​ប៉ូឡូញ ហុង​គ្រី ម៉ុ​ល​ដូ​វ៉ា រ៉ូ​ម៉ា​នី ស្លូ​វ៉ា​គី ហើយ​កំពុង​សម្រប​សម្រួលការ​ឆ្លើយតប​ចំពោះ​ជនភៀសខ្លួន ជាមួយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដទៃទៀត និង​ដៃគូ​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ការ​គាំទ្ររ​បស់​អាជ្ញាធរ​ប្រទេស៕អត្ថបទ៖ ប៊ុនថន

លោក Biden ប្ដេជ្ញា​ធ្វើ​ឲ្យ​លោក Putin សង​សំណង​ចំពោះ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ

2022/03/02 11:55:35 am        2006
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាន​ប្ដេជ្ញា​ថា ​នឹង​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin សង​សំណង​រាល់​ការខូចខាត ​ចំពោះ​សកម្ម​ភាព​ឈ្លានពាន​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន នៅក្នុង​សុន្ទរកថាប្រចាំឆ្នាំ​លើកដំបូង​របស់លោក​។​ជាការ​បន្ថែម​ពីលើ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី លោក Biden បានប្រកាសថា ​សហរដ្ឋ​អាមេរិក​កំពុង​ចូលរួម​ជាមួយ​ប្រទេស​កាណាដា និង​សហភាព​អឺរ៉ុប​លើ​បម្រាម​ដែនអាកាស​សម្រាប់​រុស្ស៊ី ជា​ការ​សងសឹក​ទៅ​នឹង​ការឈ្លានពាន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​បាន​និយាយ​ថា​ ក្រុម​មេដឹកនាំ​ធុរកិច្ច​កំពូល​ៗ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ដែល​ជួយ​ដល់​លោក Putin នឹង​ត្រូវ​បាន​ក្លាយ​ជា​គោលដៅ​។​​លោ​កថា​ ក្រសួងយុត្តិធម៌​អាមេរិក​កំពុង​ប្រមូល​ព័ត៌មាន​ បន្ទាប់ពី​ឧក្រិដ្ឋកម្ម​នៃ​ការប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​មេដឹកនាំ​ធុរកិច្ច​ធំ​របស់​រុស្ស៊ី។យើង​កំពុង​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត សហភាព​អឺរ៉ុប ដើម្បី​ស្វែងរក និង​ចាប់​នាវា​កម្សាន្ត​របស់​ពួកគេ អឹ​ផាត​មិន​ប្រណីត​ៗ និង​យន្តហោះ​ឯកជន​របស់​ពួកគេ។​ ​លោក​ប្រធានាធិបតី Biden និយាយ​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​កំពុង​ចូល​ជា​ធរមាន​ហើយ។​ ​យើង​កំពុង​កាត់ផ្ដាច់​ធនាគារ​ធំ​បំផុត និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​រុស្ស៊ី ជា​ការ​ទប់ស្កាត់​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី​មិន​ឲ្យ​មានឱកាស​ការពារ​ប្រាក់​រូប្លិ៍រុស្ស៊ី ដែល​ធ្វើ​ឲ្យ​មូលនិធិ​សង្គ្រាម​របស់​លោក Putin ​ក្នុង​ទំហំ​ទឹកប្រាក់ ៦៣០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្លាយ​ជា​ឥតន័យ​៕អត្ថបទ៖ សុខមាន

តុលាការ​កំពូល​អង្គការ​សហប្រជាជាតិ​នឹង​បើក​សវនាការ​ស្ដីពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃទី៨​ ខែ​មីនា​នេះ​

2022/03/02 11:40:29 am        766
​UN៖ តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ)​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ ខ្លួន​នឹង​ចាប់ផ្ដើម​បើក​សវនាការ​លើកដំបូង​នៃ​សំណុំរឿង​ប្រឆាំង​នឹង​រុស្ស៊ី ជុំវិញ​សង្គ្រាម​របស់​ខ្លួន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​៧ មីនា​ខាងមុខនេះ​។សេចក្ដីថ្លែងការណ៍​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​និយាយ​ថា តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ នឹង​បើក​សវនាការ​ជា​សាធារណៈ​ចំនួន​ ២​ថ្ងៃ​ក្នុង​សំណុំរឿង​ដែល​ត្រូវ​បាន​ដាក់​ជូន​ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន ​ដោយ​ចោទប្រកាន់​ក្រុងមូស្គូថា​ បាន​រំលោភ​អនុ​សញ្ញា​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៤៨​។​ អនុសញ្ញា​នោះ​និយាយ​ពី​ការទប់ស្កាត់ និង​ការ​ដាក់​ទណ្ឌកម្ម​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។​កាលពី​ថ្ងៃអាទិត្យ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ប្រកាស​ពី​ពាក្យបណ្ដឹង​របស់​ទីក្រុង​គី​វ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រាប់​ទីក្រុង​មូស្គូ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្ដួចផ្ដើម​គំនិត​នៃ​អំពើ​ប្រល័យពូជសាសន៍ ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការឈ្លានពាន​។​ លោក Zelenskyy បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា យើង​បាន​ស្នើ​ឲ្យ​មានការ​សម្រេច​ចិត្ត​បន្ទាន់​លើ​ប្រទេស​រុស្ស៊ី ដើម្បី​បញ្ឈប់​សកម្មភាពយោធា​នៅ​ពេល​នេះ និង​រំពឹង​ថា​នឹង​ចាប់ផ្ដើម​សំណុំ​រឿង​នេះ​នៅ​សប្ដាហ៍​ក្រោយ​៕ អត្ថបទ៖ សុខមាន

ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បន្ត​តវ៉ា​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​

2022/03/02 10:13:05 am        617
​ពិភពលោក៖ ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​បាន​ឈាន​ដល់​ថ្ងៃ​ទី​៧ ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ការវាយប្រហារ​ពី​រុស្ស៊ី​នៅតែ​បន្ត​។​ ការឈ្លានពាន​ និង​ការ​វាយ​រុល​ទៅ​មុខ​របស់​រុស្ស៊ីបាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ស្ទើរ​រាល់ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​។សមាគម​អ៊ុយ​ក្រែ​ន​នៅ​អាហ្វ្រិក​ខាងត្បូងបាន​ចេញ​តវ៉ា​ដោយ​ស្ងៀមស្ងាត់​ នៅ​ខាងក្រៅ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិក្នុង​ទីក្រុង Pretoria របស់​ប្រទេស​នេះកាលពី​ថ្ងៃ​អង្គារ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ថ្កោលទោស​ ការឈ្លានពាន​រប​ស់ទា​ហាន​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។ នៅ​ទីក្រុង ​Tbilisi របស់​ប្រទេស​ហ្ស៊​ក​ហ្ស៊ី ពលរដ្ឋ​ហ្ស៊​ក​ហ្ស៊ី​រាប់ពាន់នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ថ្ងៃទី​៥ ​ជាប់ៗ​គ្នា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលបង្ហាញ​សាមគ្គីភាព​ជាមួយ​ជនជាតិ​អ៊ុយ​ក្រែ​ន និង​ថ្កោលទោស​ការឈ្លានពាន​រប​ស់​រុស្ស៊ី​ ព្រមទាំង​ចូលរួម​ការដាក់ទណ្ឌកម្ម​ជាមួយ​ប្រទេស​នានា​ប្រឆាំងនឹង​រុស្ស៊ី​ផង​ដែរ​។ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​រស់នៅក្នុង​ទីក្រុង Irbil ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឃើ​ដរបស់​ប្រទេស​អ៊ីរ៉ាក់ បានចេញ​តវ៉ា​តាម​ដងផ្លូវ​នានាដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​មូលដ្ឋាន​អង្គការសហប្រជាជាតិក្នុង​ទីក្រុង​នេះ ស្រែក​ខ្លាំងៗ ​និង​ក្រវីទង់ជាតិ ខណៈដែល​ពួកគេ​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បញ្ឈប់​សង្គ្រាម​។​ចំណែក​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​វិញ មនុស្ស​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​រដ្ឋធានី Madrid ដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​របស់​រុស្ស៊ីចូល​អ៊ុយ​ក្រែ​នដោយ​ការ​ក្រវី​ទង់ជាតិ និង​បដា​ផ្សេងៗ​។ នៅ​រដ្ឋធានី​អា​តែ​នប្រទេស​ក្រិ​ក​វិញ អ្នក​តវ៉ា​ប្រឆាំង​សង្គ្រាម​រាប់ពាន់នាក់បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃអង្គារ​ បង្ហាញ​ការគាំទ្រ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​។ ពួក​គេ​បានកាន់​ទង់ជាតិអ៊ុយ​ក្រែ​ន ក្រិ​ក និង​សហភាព​អឺរ៉ុប និង​ប័ណ្ណប្រកាស និង​បដានានា​ដោយ​ខ្លះ​បាន​យំប្រឆាំង​ទៅ​នឹង​​ប្រទេស​រុស្ស៊ី និង​ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Zelenskyy បាន​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​នៅ​ជាមួយ​យើង​

2022/03/02 09:40:14 am        769
​អឺរ៉ុប៖ លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ជំរុញ​ដល់​សហភាព​អឺរ៉ុប​ឲ្យ​បង្ហាញ​ថា ​ខ្លួន​ឈរ​នៅខាង​អ៊ុយ​ក្រែ​ន​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​ មួយថ្ងៃ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​សំណើ​ជា​ផ្លូវ​ការ ចូលរួម​ជា​សមាជិក​របស់​ប្លុក​នេះ​។​លោក Zelenskyy បាន​ប្រាប់​សម័យប្រជុំ​បន្ទាន់​នៃ​សភា​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​តាមរយៈ video link ថា យើង​កំពុង​តតាំងដើម្បី​ក្លាយ​ជា​សមាជិក​ស្មើភាព​របស់​អឺរ៉ុប។ លោក​បាន​និយាយ​ជា​ភាសា​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សុន្ទរកថា ​ដែល​បក​ប្រែជា​ភាសា​អង់គ្លេស​ដោយ​អ្នកបកប្រែ​ម្នាក់​និយាយ​ទាំង​ទឹកភ្នែក ខណៈ​ដែល​លោក​កំពុង​មាន​អារម្មណ៍​ក្ដុកក្ដួល​ក្នុង​សភា​ថា សូម​បង្ហាញ​ថា ​អ្នក​នៅ​ជាមួយ​យើង។សូម​បញ្ជាក់​ថា អ្នក​នឹង​មិន​ទៅ​ណា​ចោល​យើង​ឡើយ។ ចូរ​បង្ហាញ​ថា ​អ្នក​ពិតជា​ជនជាតិ​អឺរ៉ុប ហើយ​បន្ទាប់មក​ជីវិត​នឹង​ឈ្នះ​លើ​សេចក្តី​ស្លាប់ ហើយ​ពន្លឺ​នឹង​ឈ្នះ​លើ​ភាព​ងងឹត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះទីហ្វុង Bavi វាយប្រហារកោះ Guam របស់អាមេរិកដោយនាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង
07/06/2026 05:07 PM
ចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹក និងការល្បាតតាមសមុទ្ររួមគ្នា
07/06/2026 05:07 PM
ចិន និងហ្វាំងឡង់ យល់ព្រមជំរុញកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា
07/06/2026 05:07 PM
កងទ័ពរុស្ស៊ីកំពុងជម្លៀសជនស៊ីវិល និងទាហានរងរបួសចេញទីក្រុង Konstantinovka
07/06/2026 05:07 PM
លោក Netanyahu៖ ភូមិគ្រិស្តសាសនាលីបង់ខ្លះ​ «បានស្នើឱ្យអ៊ីស្រាអែលបញ្ចូលជា​ដែន​ដី​ឧសម្ព័ន្ធ​​»
07/06/2026 05:07 PM
មនុស្សយ៉ាងតិច​​ ១០នាក់ត្រូវបានសម្លាប់ដោយសារ​​ការវាយប្រហារលើកទី២ របស់រុស្ស៊ី លើក្រុងគីវ ត្រឹម​ ១សប្តាហ៍
07/06/2026 05:07 PM
សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ
07/06/2026 05:07 PM
មនុស្សយ៉ាងហោច ២៥នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅពន្ធនាគាររបស់ប្រទេសស្រីលង្កា
07/06/2026 05:07 PM
មេបញ្ជាការកងទ័ពអ៊ីស្រាអែលសន្យាធ្វើសកម្មភាព «យ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងក្រុមហេសបូឡា
07/06/2026 05:07 PM
ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ម្នាក់ នៅតំបន់វេសបែង
07/06/2026 05:07 PM