សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា ជម្លោះកម្ពុជា-ថៃធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់​កម្ពុជា​ការ​ស្តារទំនុក​ចិត្ត​ឡើង​វិញ​ត្រូវ​តែ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង

2026/09/27 10:45:13 am        389
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ សម័យប្រជុំលើកទី៨១ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិថា ជម្លោះរវាងកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់​កម្ពុជា​ការ​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ត្រូវ​តែ​ផ្អែក​លើ​ការប្តេជ្ញាចិត្តជាក់ស្តែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់ គ្រាប់មិនទាន់ផ្ទុះ ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ទោះជាយ៉ាងក្តី ភូមិសាស្ត្របានចងភ្ជាប់ប្រទេសយើងជាមួយគ្នា។ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ប្រទេសទាំងពីរត្រូវរួមរស់ក្បែរគ្នាជានិច្ច ហើយសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដូច្នេះការកសាងទំនុកចិត្តឡើងវិញ មិនមែនគ្រាន់តែជារឿងដែលយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី និងសម្រាប់ការយកចិត្តទុកដាក់រួមរបស់យើង ដែលចង់មានសន្តិភាពយូរអង្វែង និងទំនាក់ទំនងជាប្រទេសជិតខាងល្អនឹងគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា សម្រាប់កម្ពុជា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ នេះជាការចាំបាច់ដែលត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នា ក្នុងនោះរួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កុងសង់ស៊ីសហ៊្វូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំង ពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូច ជាការអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងជំរុញ ប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងចំណោមវិធានការទាំងនេះ ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទាមទារ នានា ដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគី ទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរ ហើយមានផលប៉ះពាល់ ដោយផ្ទាល់លើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញបានរបស់ប្រជា ពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដោយសារការបន្តកាន់កាប់ ការរារាំងរបស់កម្លាំងយោធាថៃ។ ដូចដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅពេលចុះទៅពិនិត្យ តំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា «ពួកគេត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ »។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដូចគ្នានេះដែរ ការបញ្ឈប់សកម្មភាពទាំងឡាយនៅក្នុងទឹកដីដែលត្រូវបានកាន់កាប់ដែលអាចបង្កើត ឬ ពង្រឹងស្ថានភាពជាក់ស្តែង (fait accompli) នឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈ និងការគោរព ចំពោះច្បាប់អន្តរជាតិ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង

2026/09/25 05:40:04 pm        249
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន  បានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា។សម្ដេចចាត់ទុកវត្តមានរបស់លោកជំទាវនៅពេលនេះថានឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។នៅក្នុងឱកការនោះ លោកជំទាវបានសម្ដែងនូវការអរគុណសម្ដេចតេជោដែលបានបានអនុញ្ញាតឲ្យលោកជំទាវចូលជូនសាតាំងនិងសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ដែលកំពុងតែឈានទៅមុខ។ លោកជំទាវបានឆ្លៀតកោតសរសើរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដោយលោកជំទាវបានរំលេចថា កាលពី២០ឆ្នាំមុនលោកជំទាវបានអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយស្វាមី ហើយ២០ឆ្នាំក្រោយលោកជំទាវបានមកដល់ប្រទេសកម្ពុជាសារជាថ្មី ដែលលោកជំទាវបានបញ្ជាក់ថាលោកជំទាវមិនគួរឲ្យជឿថាកម្ពុជាអាចអភិវឌ្ឍលឿនរហ័សមកដល់បច្ចុប្បន្ននេះទាល់តែសោះ លោកជំទាវបានបង្ហាញនូវការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរបស់កម្ពុជា។ លោកជំទាវក៏បានលើកឡើងថា កម្ពុជាគឺមានភាពធុនខ្លាំងណាស់ដែលគួរឲ្យសរសើរចំពោះការរីកចម្រើនរបស់ប្រទេសមួយនេះ បន្ថែមពីលើនេះ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកជំទាវបានលើកឡើងថា នូវែលសេឡង់ តែងតែជួយដល់កម្ពុជានៅពេលកន្លងមក ជាពិសេសគឺការបោសសម្អាតមីន និងការផ្ដល់អាហាររូបករដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណ ១០០០នាក់ បានទៅសិក្សានៅក្នុងប្រទេសនូវែលសេឡង់។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសគឺទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ហើយសម្ដេចបានអរគុណចំពោះនូវែលសេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលកន្លងមក ជាពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជា ហើយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរសិក្សាជាមួយគ្នា ទៅលើចំណុចណាដែលអាចមានសក្កានុពល នៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ឲ្យកាន់តែរីកចម្រើន ទន្ទឹមនោះ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចទាក់ទងទៅនឹងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានសម្ដែងនៅក្តីរីករាយនៅពេលដែលឃើញពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់ កាន់តែកើនឡើង បើទោះបីជាមានចំនួនតិច ក៏ប៉ុន្តែមានការកើនឡើង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោកជំទាវបំពេញបេសកកម្មជាឯករដ្ឋទូតនូវែលសេឡង់ ប្រចាំនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

2026/09/24 06:50:31 pm        226
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការីដែលបានអញ្ជើញមកកាន់វិមានសាមគ្គីភាព សម្ដេចពិតជារីករាយក្នុងការពិភាក្សាការងារជាមួយនឹងឯកឧត្តមនៅពេលនេះ។ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម ព្រមទាំងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលសហភាពអឺរ៉ុបបានចូលរួមចំណែកជួយដល់កម្ពុជា ដូចជាការដោះមីនជាដើម។សម្ដេចតេជោ និងឯកអគ្គរដ្ឋទួលសហភាពអឺរ៉ុបក៏បានជជែកផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់ ក៏ដូចជាបញ្ហាពិភពលោកមួយចំនួនផងដែរ។ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារនាពេលបន្តបន្ទាប់ទៀត៕

សម្ដេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, ខ្ញុំនឹងបន្តកំដរលេងជាមួយពួក កម្ចាត់ត្រកូលហ៊ុន រហូតពួកនេះអស់ពីផែនដី»

2026/09/24 10:39:54 am        750
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយបញ្ជាក់ជាថ្មីថា អំណាច ហ៊ុន សែន មិន​ទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, សម្ដេច​នឹង​បន្ត​កំដរ​លេង​ជាមួយពួ​ក «កម្ចាត់ត្រកូលហ៊ុន» រហូតពួកនេះអស់ពីផែនដី ខណៈ​សម្ដេច​បាន​រំឭ​ក​ថា​ ថ្ងៃនេះ គឺជាខួបលើកទី២៨ ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្ដេចពីសំណាក់ពួកចោរនយោបាយ (24.9.1998-24.9.2026)។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះជាខួបលើកទី២៨ ឆ្នាំនៃការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ខ្ញុំ​ពី​សំណាក់​ពួក​ចោរនយោបាយ (24.9.1998-24.9.2026)។ សម្ដេចតេជោ បាន​រំឭកថា ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ ពេលនោះហើយ​ដែល​សម្ដេច​យក​ដៃ​ដាក់​លើក្បាល ដោយនិយាយក្នុងចិត្តថា «ខ្ញុំត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់​សង្គ្រាម​ឲ្យ​ខាង​តែ​បាន​»។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ សម្ដេចបាន​ស្នើ​សុំ​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី ដោយមានការប្រជុំគណអចិន្ត្រៃយ៍គណបក្សនៅផ្ទះ សម្ដេចនៅតាខ្មៅ នា​ល្ងាច​ថ្ងៃ២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពសម្ដេច ជា ស៊ីម ប៉ុន្តែមិនមាន​ថ្នាក់​ដឹក​នាំ​ណា​យល់​ព្រម​ឲ្យសម្ដេចឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំគិតថា ខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ ប៉ុន្តែនៅពេល​ដែល​គេ​ហ៊ាន​សម្លាប់​ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថា ត្រូវពង្រឹង​អំណាច​ត្រូវ​បញ្ចប់សង្រ្គាម និងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ»។ សម្ដេចតេជោបានបញ្ជាក់ថា ក្រោយមកសម្ដេចបាននិយាយថា «ថ្ងៃនេះខ្ញុំ​ជា​នាយករ​ដ្ឋ​មន្ត្រី​ថ្ងៃ​ក្រោយ​ខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី ខ្ញុំពិតជាធ្វើបានមែន គឺ ហ៊ុន ម៉ាណែត បានក្លាយជា​នាយក​រដ្ឋ​មន្ត្រីជាង ៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ»។ សម្ដេចបន្ថែមថា ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ ៤៦ឆ្នាំ តែដល់គេចង់សម្លាប់ត្រូវធ្វើ នាយក​រដ្ឋ​មន្ត្រី ​២៥ឆ្នាំទៀតរហូតអាយុ ៧១ឆ្នាំទើបឈប់។ អំណាច ហ៊ុន សែន មិនទាន់ចប់ទេ ទាំងជា​ប្រធាន​បក្ស​កាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ ខ្ញុំនឹងបន្តកំដរលេងជាមួយពួក (កំចាត់​ត្រ​កូល​ហ៊ុន) រហូតពួកនេះអស់ពីផែនដី៕

ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

2026/09/23 07:45:46 pm        219
នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) និងការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា។ ទន្ទឹមនេះ, លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យបច្ចេកវិទ្យាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​ ព្រមទាំងបានគោរពរាយការណ៍ជូនសម្ដេចធិបតី​ អំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ដឹកនាំ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដើម្បីបន្តបណ្ដុះបណ្ដាលដល់សិស្ស និងនិស្សិតកម្ពុជា។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុន បានចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដាន និងស្វែងរកទីតាំងប្រតិបត្តិការរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការការពារទិន្នន័យឌីជីថល និងការកសាងធនធានមនុស្សលើវិស័យឌីជីថល។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុននាឱកាសនេះ។ សម្ដេចធិបតី បានយល់ស្របជាមួយលោកប្រធានក្រុមហ៊ុនអំពីសារៈសំខាន់នៃធនធានមនុស្សឌីជីថល ព្រមទាំងបានលើកឡើងពីហានិភ័យមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យា AI ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្ពស់។ ចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់, លើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រកបដោយភាពបុរេសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, សម្តេចធិបតី ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ, ការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ AI, ការពង្រឹងសន្តិសុខសាយប័រ និងការការពារអធិបតេយ្យភាពទិន្នន័យ (Data Sovereignty) ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យាជាដើម។មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមហ៊ុន បន្តពិភាក្សា និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

2026/09/23 06:17:44 pm        242
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបនេះ, ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នេះឡើង ដោយមានគណៈប្រតិភូចូលរួមសរុបប្រមាណ ៧០០នាក់។ ព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយអំពីសក្ដានុពលនៃទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោកក៏បានសម្ដែងនូវការកោតសរសើរចំពោះចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបានកត់សម្គាល់ថា ចក្ខុវិស័យនេះស្របគ្នាទៅនឹងបេសកកម្មចម្បងរបស់ក្រុមហ៊ុន G Adventures ដែលតែងតែផ្ដោតលើការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជា​​​​ពលរដ្ឋនៅមូលដ្ឋាន។ ស្ថាបនិកក្រុមហ៊ុន ក៏បានជម្រាបជូនសម្ដេចធិបតី ថា កម្ពុជាមានសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងមានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើន ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមពីនេះ, លោក Bruce Poon Tip បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន G Adventures ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាល្បីៗ ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញរបស់កម្ពុជា ព្រមទាំងបង្ហាញទៅកាន់ពិភពលោកថា​កម្ពុជា គឺជាគោលដៅប្រកបដោយសុវត្ថិភាព​ និង ភាពកក់ក្តៅ ជាមួយនឹងភាពរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជា។ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន G Adventures ដែលបានជ្រើសរើសកម្ពុជា​ ជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏មានសារៈសំខាន់នេះ និងបានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូអន្តរជាតិ ជាកត្តាដ៏សំខាន់បំផុត ក្នុងការបង្ហាញពីការពិតនៃសក្ដានុពល​ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក​។ សម្តេចធិបតី ក៏បានគូសរំលេចពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ ក្នុងនោះ, សម្ដេចធិបតីបានសង្កត់ធ្ងន់លើការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគមន៍ទេសចរណ៍ តាមរយៈការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, ការពង្រឹងសមត្ថភាពសហគមន៍​មូលដ្ឋាន និងការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ដោយ​តម្កល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋានជាស្នូល។ ទន្ទឹមនឹង​នេះ, សម្ដេចធិបតីក៏បានលើកឡើងពីការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជាការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់តំបន់សំខាន់ៗរបស់កម្ពុជា ជាអាទិ៍ រាជធានីភ្នំពេញ, ខេត្តសៀមរាប​ និងតំបន់ជុំវិញ ជាដើម។ លើសពីនេះ, សម្តេចធិបតី ក៏បានគូសបញ្ជាក់​ពី​ការ​ធ្វើទំនើបកម្មប្រព័ន្ធផ្តល់ទិដ្ឋាការ និងការសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរមកកាន់កម្ពុជា។មុន​នឹង​បញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន G Adventures បន្តធ្វើការជាមួយក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធ ថែមទៀត​​​​ សំដៅ​ធានាបាននូវភាពធន់ និងចីរភាពនៃវិស័យទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង៕

នៅចំពោះមុខបណ្តាប្រទេស និងអង្គការ​អន្តរជាតិ​ជា​ច្រើន​ សម្តេចធិបតី​បញ្ជាក់ថា កម្ពុជា​មិន​មែន​ជា​ទី​ជម្រកសុវត្ថិភាព សម្រាប់ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ

2026/09/23 11:11:41 am        367
នៅចំពោះមុខបណ្តាប្រទេសជាង២០ និងតំណាងអង្គការសហប្រជាជាតិ ប្រធាន​អនុព័ន្ធ​អង្គភាព​អ​នុវត្ត​ច្បាប់ នៃភ្នាក់ងារស៊ើបអង្កេតសហព័ន្ធFBI នៃសហរដ្ឋអាមេរិក រួមទាំង​អង្គការ​នគរបាល​ព្រហ្ម​ទណ្ឌ​អន្តរជាតិ INTERPOL ផង​នោះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់ប្រាប់ពួកគេថា ប្រទេសកម្ពុជាមិនមែនជាទីកន្លែង ឬ​ជា​ទីជម្រក​សុវត្ថិភាព សម្រាប់​ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យានោះឡើយ ហើយ​សម្តេច​ធិបតី​ នាយករដ្ឋមន្រ្តី​បាន​ប្រាប់ពួកគេថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុត​មាំ​កំចាត់​បណ្តាញ​នៃ​ការ​ឆបោក​នេះ​ឲ្យ​អស់​ទាំង​ស្រុង​ពីប្រទេស។ នៅក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា​នឹង​មិនអនុញ្ញាតឲ្យបណ្តាញក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសកម្ពុជា និង​ជីវភាព​រស់​នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ឧស្សាហកម្មបច្ចេកវិទ្យា online scams មិន​បាន​ចាប់​ផ្តើម​កើតឡើងនៅប្រទេសកម្ពុជានោះទេ ហើយវាមិនបានកើត​ឡើង​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ដែរ។ ការពាក់ព័ន្ធដំបូងលើបញ្ហានេះរបស់ប្រទេសកម្ពុជា ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​កំណើន​នៃ​ល្បែង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ។ យ៉ាង​ណា​ក៏ដោយសម្តេចធិបតីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី កម្ពុជាទទួលខុសត្រូវទាំងស្រុង លើ​ការ​ធានា​សន្ដិភាពព្រំដែនរបស់យើង ការអនុវត្តច្បាប់ និងការស្ដារ​ឡើង​វិញ​នៃ​បូរណ​ភាព​ជាតិ​នៃ​យុត្តាធិការ​ជាតិ​របស់​យើង ហើយការទទួលខុសត្រូវ ត្រូវតែបង្ហាញឱ្យឃើញ​តាម​រយៈ​វិធាន​ការ​ផ្ទៃ​ក្នុង​​ដ៏​ម៉ឺងម៉ាត់ និងមិនមានការយោគយល់ឡើយ។ ដើម្បី​កំចាត់បណ្តាញអនឡាញស្កែមនេះឲ្យអស់ពីកម្ពុជានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បានប្រាប់អង្គសន្និសីទថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ប្រទេសកម្ពុជា បាន​ដំឡើងគណៈបញ្ជាការរបស់ខ្លួន ទៅជាគណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចតែម្ដង។ បន្ថែមពីនេះ កម្ពុជាក៏បានដាក់​ឱ្យ​អនុវត្ត​ច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បី​បិទចន្លោះប្រហោងផ្នែកច្បាប់របស់កម្ពុជាផងដែរ។ សម្តេចក៏បានបញ្ជាក់ប្រាប់ទៅពួកគេផងដែរថា «កម្ពុជាចាត់​ទុក​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ជាកាតព្វកិច្ចសន្ដិសុខជាតិអចិន្រ្តៃយ៍ មិ​ន​មែន​គ្រាន់​តែ​ជា​យុទ្ធនាការ ដើម្បីផ្សព្វផ្សាយបង្ហាញរូបភាពនោះឡើយ៕

នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង ១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង!

2026/09/22 05:32:05 pm        594
កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជន អំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី តាមរយៈMoUទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយFBI និងMoUត្រីភាគី ដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងFBI ។ បើតាមលោក ទូច សុឃៈ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសេនាធិការស្នូល បានសម្ភាសមុខសញ្ញាពាក់ព័ន្ធគណនីរូបិយបណ្ណគ្រីបតូ (Crypto) ចំនួន៦ករណី ស្មើនឹង៦នាក់ តាមសំណូមពរភាគីអាម៉េរិក ដោយជាលទ្ធផល បានរកឃើញថាអ្នកទាំងនោះ ពុំជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រីបតូនោះទេ។ ជាមួយគ្នានោះ សមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់ IP Address ចំនួន៣ករណី និងបានផ្ដល់ព័ត៌មានទៅកាន់ភាគីអាម៉េរិកវិញថា IP Address នោះ ពុំអាចកំណត់អត្តសញ្ញាណបាននោះទេ។ពាក់ព័ន្ធករណីគ្រីបតូដដែល នគរបាលកម្ពុជា ក៏បានស្រាវជ្រាវករណីឆបោកពាក់ព័ន្ធនឹងការវិនិយោគរូបិយបណ្ណគ្រីបតូ ២ករណីទៀត ដោយជាលទ្ធផលសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃស្រាវជ្រាវរកឃើញថា មុខសញ្ញាទាំងនោះពុំជាប់ពាក់ព័ន្ធនឹងការវិនិយោគរូបិយប័ណ្ណគ្រីបតូនោះទេ។ លោកបន្ថែមថា «សមត្ថកិច្ចយើងក៏បានស្រាវជ្រាវអត្តសញ្ញាណរថយន្តសង្ស័យពាក់ព័ន្ធបម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី តាមសំណើភាគីមិត្ត ហើយជាលទ្ធផលសមត្ថកិច្ចជំនាញរកឃើញថាម្ចាស់រថយន្ត បានប្ដូរលំនៅឋានថ្មី ដែលពុំមានតម្រុយស្រាវជ្រាវបន្ត»។ក្នុងក្របខ័ណ្ឌបទល្មើសស្កេម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា FBI សហរដ្ឋអាម៉េរិក ក៏បានផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបមានចំនួន ៥០ទីតាំង ដែលមាននៅក្នុងភូមិសាស្ត្រចំនួន៧រួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល ស្វាយរៀង កំពត ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។ លោកអះអាងថា«ក្រោយពីទទួលបាននូវព័ត៌មាននោះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏បានចុះប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានទៅបង្ក្រាបបោសសម្អាត ទាំង ៥០ទីតាំងនោះ យ៉ាងជោគជ័យ»។ជុំវិញករណីស្កេមនេះដែរ លោកបន្ថែមថា «នាយក FBI សហរដ្ឋអាម៉េរិក បានមកព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសវនាការពិភាក្សាការងារជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលលោកបានវាយតម្លៃខ្ពស់ ចំពោះឆន្ទៈដ៏មុះមុតរបស់កម្ពុជា នៅក្នុងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសកម្ពុជាបើកចំហ ក្នុងក្របខ័ណ្ឌតម្លាភាព និងគណនេយ្យភាព ជាមួយនឹង FBI ដើម្បីបង្ហាញឆន្ទៈ និងភាពស្អាតស្អំរបស់ខ្លួន»។លោករម្លឹកថា លទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង FBI ត្រូវបានលោកនាយក FBI ថ្លែងប្រាប់អ្នកសារព័ត៌មានល្បីៗលើពិភពលោកថា ជាជោគជ័យរបស់សហរដ្ឋអាម៉េរិក ដែលបានសហការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទឹកដីកម្ពុជា។ លោកបញ្ជាក់ទៀតថា FBI បានផ្ដល់ព័ត៌មានជាបន្តបន្ទាប់ និងថាភាគីកម្ពុជាស្វាគមន៍ ប្រកបដោយភាពស្មោះស្ម័គ្រ សុចរិតភាព និងការទទួលខុសត្រូវ ប្រកបដោយឆន្ទៈនៅក្នុងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងពិតប្រាកដ មិនដូចការលើកឡើងរបស់ក្រុមមួយ ឬក៏ប្រទេសណាមួយ ដែលមួលបង្កាច់លាបពណ៌នោះជាដាច់ខាត។គួររម្លឹកដែរថា ក្នុងឆ្នាំ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចុះ MOUទ្វេភាគី ជាមួយនឹង FBI សហរដ្ឋអាម៉េរិក ស្ដីអំពីការផ្លាស់ប្ដូរព័ត៌មាន សម្គាល់ ស្លាកស្នាម ខ្ចៅដៃ។ រហូតមកដល់ឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានចុះMoUត្រីភាគី ជាមួយនឹង FBIសហរដ្ឋអាម៉េរិក ក្នុងគោលបំណងសំខាន់ៗចំនួនពីរ រួមមាន ១ធ្វើកិច្ចសហប្រតិបត្តិការ ស៊ើបអង្កេត និងបង្ក្រាបជនល្មើស ដែលបានប្រព្រឹត្តនូវអំពើភេរវកម្ម អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស ទេសចរណ៍ផ្លូវភេទ បទល្មើសលើកុមារ ជួញដូរគ្រឿងញៀនខុសច្បាប់ អំពើរត់ពន្ធអាវុធ សម្អាតប្រាក់ បទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការតាមចាប់ជនរត់គេចខ្លួនជាដើម។ និង២ បង្កើតក្រុមការងាររួមគ្នាមួយ ដែលហៅកាត់ថា Task Force៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មក ដោយគ្មានការអនុញ្ញាត

2026/09/22 05:14:53 pm        678
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកសម្ដេចដោយគ្មានការអនុញ្ញាតិ។ ការប្រកាសរបស់សម្ដេចបែបនេះបន្ទាប់ពីគ្រាន់តែមួយថ្ងៃមានអ្នកផ្ញើសារមកសម្ដេចជិត២០សារ ក្នុងនោះខ្លះសុំចូលជួបផ្ទាល់ ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារ, សុំលុយទិញផ្ទះ សុំលុយទិញម៉ូតូ ទិញរថយន្ត និងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេសជាដើម។ សម្ដេចតេជោ ហ៊ុន សែនបានសរសេរថា៖« បើស្រឡាញ់កុំទៅញឹក បើរឭកទៅម្តងៗ» នេះភាសារប្រៀនប្រដៅរបស់ដូនតា។សម្ដេចតេជោបានបញ្ជាក់ថា ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ រីករាយតែបែជាមិនសប្បាយចិត្តដោយសារថ្ងៃនេះមានសារចូលមកតាម Telegram & WhatsApp ជិត២០ ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារ និងពិសេសសុំលុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង ២គ្រឿង ខ្លះមិនដាក់ត្រង់ទេ គឺទិញមធ្យោបាយធ្វើដំណើរតែច្បាស់ជារថយន្តហើយព្រោះគាត់មានម៉ូតូជិះហើយ និងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។»។សម្ដេចតេជោបានបញ្ជាក់ថា កន្លងមកសម្ដេចធ្លាប់ជួយសម្រាប់និស្សិតក្រីក្រឲ្យលុយជួលផ្ទះបង់ថ្លៃសាលា និងប្រាក់ខ្លះៗសម្រាប់ជីវភាពដែលរាប់រយ ឬរាប់ពាន់ដុល្លារប៉ុណ្ណោះ តែថ្ងៃនេះគិតតែមនុស្ស ៤នាក់មានតម្លៃរាប់ម៉ឺនដុល្លារ។ ថ្លៃទិញផ្ទះ ថ្លៃទិញឡាន និងម៉ូតូ និងថ្លៃបង់ថ្លៃសាលារាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗ ខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។ ក្រៅពីរឿងលុយនៅរឿងរំខានពេលវេលា តាមរយៈផ្ញើសារស្ទើរៀងរាល់ថ្ងៃ ព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារមក ពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមក ទាំងសម្លេងទាំងសំណេរ។សម្ដេចបានបញ្ជាក់ថា សព្វថ្ងៃសម្ដេច និងកូនប្រុសៗពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រី សម្ដេចទាក់ទងតិចណាស់ ព្រោះសម្ដេចដឹងថារវល់ណាស់។ ការងារណាដែលអាចពន្យាបានផ្អាកសិនរង់ចាំដោះស្រាយពេលក្រោយ។សម្ដេចក៏បានសូមទោសចំពោះអ្នកដែលសុំជួបសម្ដេចផ្ទាល់ដែលសម្ដេចមិនអាចជួបបាន។ សម្ដេចបញ្ជាក់ថាប្រសិនត្រូវជួបសម្ដេចហៅមកជួបតែម្តងដូចករណីយុវសិស្ស វ៉ាន សែនវ៉ា និងគ្រួសារកាលពីជាង១០ថ្ងៃ។សម្ដេចតេជោបានបញ្ជាក់ថា៖«ក៏សូមជម្រាបមុនថា ខ្ញុំនឹងលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មានការអនុញ្ញាតិ។ ចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យ ប្រដៅរបស់ដូនតាថា (បើស្រឡាញ់ទៅទៅញឹក បើរលឹកទៅម្តងៗ) ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់ និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរ ក្នុងករណីសារនោះមិនទាក់ទេ ជាមួយការងារនៃអ្នកទទួល។ ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេ តែបើមិនបញ្ចេញករណីបែបនេះនឹងមានបន្តហើយកាន់តែច្រើនព្រោះលេខទូរសព្វ័ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន»៕

​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

2026/09/21 06:17:31 pm        235
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងឯកឧមជាថ្មីក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ។សម្ដេចបានចាត់ទុកនៃដំណើររបស់ឯកឧត្តមមកកាន់កម្ពុជា គឺជាផ្នែកមួយនៃការពួនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឲ្យកាន់តែរីកចម្រើន។ក្នុងឱកាសនោះ ឯកឧត្តម លោក គីម ជីនផ្យូ បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។នេះឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េនៅពេលបច្ចុប្បន្ន កំពុងតែមានភាពល្អប្រសើរ ហើយសង្ឃឹមថា អ្នកទេសចររបស់កូរ៉េ នឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កេតឃើញអ្នកវិនិយោគរបស់កូរ៉េចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម គីម ជីនផ្យូ ជាពិសេសសម្ដេចសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើន។បន្ថែមពីលើនេះសម្ដេចក៏ជំរុញឲ្យឯកឧត្តមអតីតប្រធានរដ្ឋសភាធ្វើយ៉ាងណាឲ្យអ្នកវិនិយោគរបស់ប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។សម្ដេចបានលើកឡើងថា កូរ៉េគឺជាដៃគូមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា នៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជាពិសេសនោះគឺការវិនិយោគតែម្ដង ដែលប្រទេសទាំងពីរកំពុងតែសហការគ្នាល្អ នៅក្នុងការកិច្ចសការដ៏មានសារៈសំខាន់។ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM