សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

TOP STORY | សម្ដេចតេជោ៖ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាសកម្មជនគណបក្សប្រឆាំងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរដោយបង្កើតព័ត៌មានប្រឌិត

2025/06/10 07:55:21 pm        495
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនានេះ បានបង្ហោះសារតាមរយៈបណ្ដាញសង្គមសម្ដែងការសោកស្ដាយ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិនៅក្រៅស្រុក ដែលមេ និងកូនចៅរបស់គេគឺមានចរិតក្បត់ជាតិដូចគ្នា ខណៈប្រទេសកំពុងប្រឈមការឈ្លានពានពីបរទេស បែរជាក្រុមជ្រុលនិយមនាំគ្នាទៅបង្កើតព័ត៌មានប្រឌិត ពាក់ឯកសណ្ឋានយោធា មានបំណងប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោ បានសរសេរថា៖« អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹង ជុំវិញគណនី Tik Tok ឈ្មោះ Amy Richard310” និងហ្វេសប៊ុកឈ្មោះ Piseth P G EM ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ " Amy Richard310" និង ហ្វេសប៊ុក ឈ្មោះ " Piseth PGEM បាន ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ក្នុងន័យនេះដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី។សូមប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដ ចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ៕

សម្តេចធិបតីអំពាវនាវសហគមន៍អន្តរជាតិផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កសាង​សមត្ថភាព​អភិរក្សសមុទ្រ

2025/06/10 07:40:44 pm        447
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ថ្លែង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី​កសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រង​ធន​ធាន​ប្រកប​ដោយ​និរន្តរភាព​។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបាន​ថ្លែង​បែបនេះក្នុងឱកាស​សម្តេច​អញ្ជើញ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជាតិ ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការ​ពន្លឿន​សកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់​មហា​សមុទ្រ​ប្រកប​ដោយ​ចីរភាព​» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ។សម្តេចធិបតីបានថ្លែងថា ពិភពលោកត្រូវតែធានាថា គ្មានប្រជាជាតិ​ណា​មួយ​ត្រូវ​បាន​មើល​រំលង​ក្នុង​កិច្ច​ខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្រ។ មហាសមុទ្រគ្មានសំឡេង វាពឹងផ្អែក​លើ​ប្រទេស​ទាំងអស់! អ្វីដែលយើងធ្វើថ្ងៃនេះនឹងកំណត់ថា តើមហាសមុទ្រនៅតែអាចចិញ្ចឹម និង​ការពារ​យើង​នៅថ្ងៃស្អែក ឬក៏ក្លាយទៅជាការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃភាពអសកម្មរបស់យើង។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើ​សកម្មភាព​សហការ និងការពារ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់​ដើម្បី​សមុទ្រ ដើម្បីប្រជាជនយើង និងមនុស្សជំនាន់ក្រោយផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា

2025/06/10 03:41:27 am        172
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតី ព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជា ផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេស ការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីៗនេះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ព្រមទាំងបានវាយតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នាពេលកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចបវរធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជា សម្រាប់អនាគតកាល ជាពិសេស ក្រោយពេលកម្ពុជាចាកចេញពីឋានៈជាក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល, កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះ រួមមាន ការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួច ហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះក្នុងខែមិថុនានេះ។ ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ សំដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បើទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយ។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងពហុភាគីនិយម ហើយការប្រើប្រាស់កម្លាំងយោធាមិនមែនជាអាទិភាពក្នុងនយោបាយរបស់កម្ពុជានោះទេ ព្រោះកម្ពុជាដែលធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ យល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។មុននឹងបញ្ចប់ជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានអញ្ជើញសម្តេចបវរធិបតីបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលសហភាពអឺរ៉ុប ទីក្រុងព្រុចសែល ដើម្បីពិភាក្សាស្វែងរកកាលានុវត្តភាពថ្មី សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និង កម្ពុជា។ សម្តេចបវរធិបតីបានទទួលយកការអញ្ជើញនេះ ដោយគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅពេលវេលាសមស្របណាមួយ នាពេលខាងមុខ៕

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

2025/06/10 01:58:04 am        164
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តមប្រធានាធិបតីក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ ឯកឧត្តមបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងថា ជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា ជូនចំពោះឯកឧត្តមប្រធានាធិបតី, សម្តេចបវរធិបតីបានគូសបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។សម្តេចបវរធិបតី​ និងឯកឧត្តមប្រធានាធិបតី​​ ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង​ អប់រំ ជាដើម,​ និង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ ​ទៅវិញ​​ទៅមក​ នាពេលវេលាសមស្របខាងមុខ ព្រមទាំងបានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីរ៕

សម្ដេចធីបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកសន្និសីទ UNOC3 ស្តីពីមហាសមុទ្រលើកទី៣ នៅប្រទេស​បារាំង​

2025/06/09 11:57:07 pm        237
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ក្រោមប្រធានបទ «ការពន្លនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ទីក្រុងនីស ប្រទេសបារាំង។​ក្រោយជំនួបនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារផងដែរ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដល់នៅទីក្រុងនីស ប្រទេសបារាំង ដើម្បីចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ចាប់ពីថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ ដំណើរចូលរួមសន្និសីទ UNOC3 របស់សម្ដេចធិបតីនាពេលនេះគឺតបតាមការអញ្ជើញរបស់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង អគ្គលេខាធិការអង្គការសហប្រជាជាតិ។សន្និសីទ UNOC3 បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ក្នុងនោះសម្តេចធិបតី នៅម៉ោងប្រមាណ ៩ យប់នេះនឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានាពេលនេះ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹត)៕

TOP STORY | សម្ដេចធិបតី អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ព ក្នុង​ការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ

2025/06/09 09:51:31 pm        199
ភ្នំពេញ៖ ក្រោយអញ្ជើញដល់ប្រទេសបារាំងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តអំពាវនាវ​អោយប​ណ្តា​សារ​ព័ត៌មាន​ និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិ​ត្ត​លើ​រាជ​រដ្ឋាភិបាល និង​កង​ទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ។ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​បញ្ជាក់​សារ​ជា​ថ្មី​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ថា​រាជរ​ដ្ឋាភិបាល​បន្ត​រក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​រវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់​យន្ត​ការ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំង​យន្ត​ការ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី និងតំបន់មុំបី។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា៖«រាជរដ្ឋាភិបាលក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈ​គ្រប់យន្តការដែលមានស្រាប់ ដើម្បី​ជាឧត្តម​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ»។ ខ្ញុំក៏សូមអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជា​ពលរដ្ឋ​របស់​យើង​សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់ និងសូមជឿទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​កងទ័ព​កម្ពុជា​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹក​ដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង»។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់ជនរួមជាតិ ជៀសវាងការបង្កើត ឬចែក​រំលែក​ព៌ត៌​មាន​មិន​ច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយ​បំប៉ោង​សភាពការណ៍​លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ តាមរយៈសារ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ចំពោះ ក្រសួងការពារជាតិ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ៖ ទី១ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយ​ដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ទី២ រាល់ការ​រៀប​ចំ​កម្លាំង​របស់​កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការ​ចល័ត​កម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោល​ដៅ​ត្រៀម​ខ្លួន​ការ​ពារ​បូរណ​ភាព​ទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ទី៣ កងទ័ពកម្ពុជាគាំទ្រ​ដល់​ការ​ខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្ត​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។ ទី៤ កង​ទ័ព​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូល​រួម​គាំទ្រ​ដល់​យន្ត​ការចរចា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដែល​មាន​គណៈ​កម្មការ​ចម្រុះ​ព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខណ្ឌសីមា និង បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេស​សល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

TOP STORY | ក្រសួងការពារជាតិ៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ

2025/06/09 07:55:28 pm        161
ភ្នំពេញ៖ ក្រសួងការពារជាតិ កម្ពុជា នៅថ្ងៃទី៩ ខែមិថុនានេះ បានប្រកាស អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយក្រសួងបានអះអាងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ក្រសួងការពារជាតិ បានជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា៖១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។៣.កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។៤. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ក្រសួងការពារជាតិ បន្តអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រ

2025/06/09 06:45:17 pm        175
នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d'Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បី ចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥។ដំណើរចូលរួម សន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីសប្រទេសបារាំង របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនាពេលនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.)។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានាពេលនេះ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹត)៕

TOP STORY | ទាក់ទងនឹងបញ្ហាព្រំដែនក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យពលរដ្ឋ​ប្រើប្រាស់​តែ​ប្រភព​ព័ត៌មាន​ផ្លូវការ​ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ

2025/06/09 05:12:00 pm        447
ក្រោយមានសារព័ត៌មានថៃមួយចំនួន និងព័ត៌មាន​តាម​បណ្តាញ​សង្គម​នៅ​ក្នុង​ស្រុក​ខ្លះ​ផ្សព្វ​ផ្សាយ​មិន​ពិត បំភ្លៃ បំភ្លើស ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៥​នេះ ក្រសួងការពារជាតិ​បាន​អំពាវនាវ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ​ស់​គប្បី​ប្រើប្រាស់​តែ​ប្រភព​ព័ត៌មានផ្លូវការ ពោលគឺចេញពីរាជរដ្ឋាភិបាល និងក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ។តាមរយៈឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិបានបញ្ជាក់ថាក្រសួងការពារជាតិ សូម​ជម្រាប​ជូន​សាធារណជនមេត្តាជ្រាបថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័ន​សារ​ព័ត៌មាន​ខាង​ថៃ និងបណ្តាញសង្គមមួយចំនួនក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែ​ល​នាំ​ឱ្យ​មាន​ការយល់ច្រឡំ និងអាចបង្កឱ្យមានការបញ្ឆេះអារម្មណ៍ជាតិសាសន៍ និង​ការ​កើន​ឡើង​នៃ​ស្ថាន​ភាព​តានតឹង»។ក្រសួងបានបន្ថែមទៀតថា ក្នុងន័យនេះ ក្រសួងការពារជាតិ សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ ទទួលយក និងប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេស​ព័ត៌មាន​ផ្លូវ​ការ​ដែល​ចេញ​ពី​រាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជា​ប្រភព​ព័ត៌មាន​មាន​ភាព​ត្រឹម​ត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។ បងប្អូនប្រជាពលរដ្ឋ ចៀស​វាង​ការ​ចែក​រំលែក​ព័ត៌មានមិនបានផ្ទៀងផ្ទាត់ ពីព្រោះអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និង​មិត្ត​ភាព​ល្អ​រវាង​ប្រទេស​ជិតខាង​៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរប្រធានធិបតីថ្មីរបស់កូរ៉េខាងត្បូង

2025/06/09 04:51:50 pm        303
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើសារ​អបអរសាទរ ចំពោះឯកឧត្តម LEE JAE-MYUNG ដែលជាប់ឆ្នោត​ថ្មី​ជា​ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​កូរ៉េ ដោយ ក្នុងសារអបអរសាទរនោះ សម្តេចតេជោ បានលើកឡើងថា សម្តេចទន្ទឹង​រង់ចាំ​ធ្វើ​ការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមប្រធានធិបតី ដើម្បីបន្តពង្រឹង​ទំនាក់​ទំនង​ដ៏​រឹង​មាំ​របស់​ប្រទេស​ទាំង​ពីរឲ្យកាន់តែខ្លាំងក្លាបន្ថែម ទៀត។តាមរយៈសារអបអរសាទរ និងជូនពរនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យ​ជំនះ​របស់ ឯកឧត្តម LEE JAE-MYUNG បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់ ដែល​ប្រជាជន​នៃ​សាធារណ​រដ្ឋ​កូរ៉េមានលើភាពជាអ្នកដឹកនាំប្រកបដោយការរួបរួម និងសម្លឹងទៅ​អនាគត​របស់​ឯកឧត្តម​។សម្តេច​ប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា «ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាន​ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ជា​ពិសេស​វិស័យ​ការ​ទូត​សភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបានបង្កើត “ភាព​ជា​ដៃគូយុទ្ធសាស្ត្រ" នៅខែឧសភា ឆ្នាំ២០២៤»។សម្តេចតេជោ បានលើកឡើងទៀតថា«ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសទាំងពីរ និងកិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ជាតិ និងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និយាយ ដោយឡែក ដើម្បីសន្តិភាព ស្ថិរភាព និង​វិបុលភាពនៃប្រទេសជាតិយើងទាំងពីរ និងតំបន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកម្ចាត់មហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ឆ្នាំ ដល់ ១៤ឆ្នាំទូទាំងប្រទេស
11/10/2026 05:11 PM
អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពិនិត្យវឌ្ឍនៈភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺតាមមហាវិថី ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/10/2026 05:11 PM
រយៈពេល១០ខែឆ្នាំនេះ​ ការដោះដូរពាណិជ្ជកម្មលើទីផ្សារ​អន្តរជាតិ​របស់កម្ពុជាមានទំហំទឹកប្រាក់កើនដល់ជាង ៦៣ ពាន់លានដុល្លារ
11/10/2026 05:11 PM
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក កើនឡើងដល់ជិត ១៤ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែឆ្នាំនេះ
11/10/2026 04:11 PM
រដ្ឋសមាជិកអាស៊ាន រួមគ្នាផ្លាស់ប្តូរទស្សនៈថ្មីៗ និងជំរុញនវានុវត្តន៍លើឧស្សាហកម្មម្ហូបអាហារ
11/10/2026 04:11 PM
សមាគម CWEA បណ្តុះបណ្តាលឱ្យស្រ្តីក្លាយជាអ្នកដឹកនាំ និងជួយស្ត្រីឱ្យទទួលបានអំណាចផ្នែកសេដ្ឋកិច្ច
11/10/2026 04:11 PM
អគ្គមេបញ្ជាការ អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ ដោយផ្តោតលើការកសាងធនធានមនុស្ស និងពង្រឹងសមត្ថភាពការពារជាតិ
11/10/2026 04:11 PM
មនុស្សជាង ១០នាក់ ស្លាប់ក្នុង​គ្រោះថ្នាក់រថយន្តច្រើនគ្រឿង​បុកបន្តគ្នា នៅលើផ្លូវល្បឿនលឿនរបស់ប៊ុលហ្គារី
11/10/2026 04:11 PM
សមត្ថកិច្ច៖ អ្នកបើករថយន្ដបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបធ្លាក់​ចូល​ស្រះទឹ​ក​ស្លាប់​សិស្ស ៥នាក់
11/10/2026 04:11 PM
កោះ​តៃវ៉ាន់៖ ចិនកំពុងធ្វើសមយុទ្ធ «រារាំងមិន​ឱ្យ​ចូលទៅកាន់តំបន់» នៅប៉ាស៊ីហ្វិកខាងលិច
11/10/2026 04:11 PM