ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
សម្ដេចធិបតី សាទរចំពោះសិស្សប្រឡប់ជាប់បាក់ឌុប និងលើកទឹកចិត្តដល់សិស្សដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ

ព័ត៌មានសំខាន់ៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ២២៥០​គ្រួសារនៅក្រុងសំរោង

2025/03/05 06:59:19 pm        435
នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូឥស្សរជនជាន់ខ្ពស់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២២៥០គ្រួសារ មកពី ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ ពិធីនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។តាមរបាយការណ៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ខេត្តមានក្រុង១ ស្រុក៤ សង្កាត់៥ មានផ្ទៃដី ៦.៦៥៥,៤០គ.ម២ មានប្រជាពលរដ្ឋសរុបចំនួន ៦៥.៧៨៥គ្រួសារ ស្មើមនុស្ស ២៦៩.៦៥៦នាក់ (ស្ត្រី ១៣៣.៨៨៨នាក់) និងមានដង់ស៊ីតេ ៣៩នាក់/គ.ម២ ដោយប្រជាពលរដ្ឋ ភាគច្រើនពឹងផ្អែកលើរបរកសិកម្មជាគោល។ ឯកឧត្តមឱ្យដឹងថា ក្នុងចំណោមគ្រួសារសរុបខាងលើនេះ មានគ្រួសារដែលងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារ ដែលត្រូវមកទទួលអំណោយផ្ទាល់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកនេះ។បន្ទាប់បានស្តាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តឧត្តរមាន ជ័យរួច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវកី្តសោមនស្សរីករាយ ដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតនៅទីនេះ។ ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កក្រក បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់នៅទីនេះ។ សម្តេចអោយដឹថានេះជាលើកទី៤ហើយ ដែលសម្តេចបានអញ្ជើញមករួមសុខ រួមទុក្ខជាមួយបងប្អូននៅខេត្តឧត្តរមានជ័យ ដោយលើកទី១នៅឆ្នាំ១៩៩៨ លើកទី២នៅឆ្នាំ២០១១ លើកទី៣នៅឆ្នាំ២០១៦ និងលើកទី៤ នៅថ្ងៃទី ៥និងទី៦ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្តេចបាននាំយកអំណោយ ដែលទទួលបានពីសប្បុរសជននានា មកចែកជូនបងប្អូន ទោះជាអំណោយទាំងនេះតិចក្តីច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាលំបាក។ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានអញ្ជើញមកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពួកគាត់ដើម្បីដោះស្រាយជីវភាព។ លោកយាយ លោកតា អ៊ំ ពូ មីង ដែលទទួលបានអំណោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេរ ព្រមទាំងសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលតែងតែជួយឧបត្ថមគាំទ្រដល់ ពួកគាត់ដែលងាយរងគ្រោះបំផុតនៅខេត្តឧត្តរមានជ័យនេះ។សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន សូមថ្លែងអំណរគុណចំពោះបណ្ដាសប្បុរសជនទាំងឡាយ ដែលបានចូលរួមសប្បុរសធម៌ ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមកម្ពុជា ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការយកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានល្អ ព្រោះ អាកាសធាតុមានការប្រែប្រួល អាចធ្វើឱ្យលោកយាយ លោកតា អ៊ំ ពូ មីង ឈឺបាន និងត្រូវហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ ពិសេសការពារនូវជំងឺមិនឆ្លងនានា ការពារការឆ្លងជំងឺអេដស៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងត្រូវជ្រើសរើសយុវជន កាកបាទក្រហមកម្ពុជា ជាគម្រូវល្អនៅក្នុងថ្នាក់រៀនដើម្បីណែនាំអូសទាញ ដល់យុវជនដែលដើរផ្លូវខុស ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ ត្រូវតាមដានកាសិក្សារបស់កូនៗជាប់ជាប្រចាំ។ លើសពីនោះទៀតសម្តេចបានផ្តាំផ្ញើទៅស្រ្តី ដែលកំពុងមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះនៅតាមមណ្ឌលសុខភាពឱ្យបានទៀងទាត់ តាមកាលកំណត់ ដើម្បីសុខភាពម្តាយនិងកូន។សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះចំនួន២២៥០គ្រួសារ ទទួលបាននាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១ដប, ប្រេងឆា១ដប, សាប៊ូកក់សក់១ដប,ស្ករស១គីឡូក្រាម, ឃីត១កញ្ចាប់, នំប៉័ង១ដើម, ទឹកសុទ្ធ១ដប និងថវិកា២ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងការបរទេស

2025/03/05 06:52:24 pm        333
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារនៅខេត្តឧត្តរមានជ័យ

2025/03/05 05:24:16 pm        370
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូ ឥស្សរជនជាន់ខ្ពស់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ ពិធីនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋខាងលើនេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវអារម្មណ៍នឹករលឹក ប្រកបដោយក្ដីអាណិតស្រលាញ់ ជាពន់ពេក ចំពោះលោកតា លោកយាយ អុំ ពូ មីង កូនក្មួយ ដែលធ្វើឱ្យប្រជាពលរដ្ឋរំភើបចិត្ដ ព្រោះតែទឹកចិត្ដព្រហ្មវិហារធម៌ របស់អ្នកម្ដាយមនុស្សធម៌នៅកម្ពុជា។ក្នុងពិធីជួបសំណេះសំណាល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ។ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសាសន៍ប្រកបដោយសេចក្ដីសណ្ដោះប្រណីពោរពេញដោយក្ដីស្រលាញ់ និងភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ។ការសំណេះសំណាលប្រកបដោយអត្ថន័យ ចេញពីបេះដូងរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋរំភើបយ៉ាងខ្លាំង ព្រោះតែការបង្ហាញវត្តមានរបស់មាតាមនុស្សធម៌ ជាញឹកញាប់ជាមួយប្រជាពលរស់នៅតាមបន្ទាត់ព្រំដែន ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានក្ដីស្រលាញ់ អាណិត មេតា្ដ ជួយយកអាសារ និងយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរហូតមក ពិសេសវត្ដមានរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះ។ក្នុងឱកាសនោះប្រជាពលរដ្ឋដែលទទួលបានការជួយសម្រាលការលំបាកពីអ្នកម្ដាយមនុស្សធម៌មនុស្ស បានលើកដៃប្រណម បួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយតាមថែរក្សាអ្នកម្ដាយមនុស្សធម៌ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ និងជាអ្នកមានគុណដ៏មហាសាល មានសុខភាពល្អ បរិបូរណ៌ បន្ដដឹកនាំការងារមនុស្សធម៌ ជួយសង្គ្រោះ និងសម្រាលការលំបាកដល់ប្រជាជនដែលងាយរងគ្រោះបំផុតគ្រប់រូបភាពនៅកម្ពុជា ដោយមិនប្រកាន់ពណ៌សម្បុល ពូជសាសន៍ និងនិន្នាការនយោបាយអ្វីទាំងអស់ ។គួររម្លឹកថា កាកបាទក្រហមកម្ពុជា ដែលដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ មានការស្ងប់ស្ងែងពី ការលះបង់ និងគិតគូរគ្រប់ជ្រកល្ហក ពិសេសរាល់ជនងាយរងគ្រោះបំផុត ដូចជា លោកតា លោកយាយ ចាស់ជរាឥតទីពឹង ក្មេងកំព្រារ ស្ដ្រីមេម៉ាយកូនច្រើន ដែលងាយរងបំផុតនេះ អ្នកម្ដាយមនុស្សធម៌ តែងតែចុះជួយសម្រាលការលំបាកភ្លាមដោយមិនបង្អង់យូរ ទោះនៅតំបន់ទីជនបទដាច់ស្រាយាលដូចម្ដេចក្ដី ជាក់ស្ដែងដូចថ្ងៃនេះ គឺអ្នកម្ដាយមនុស្សធម៌ បានធ្វើដំណើរសែនឆ្ងាយពីរាជធានីភ្នំពេញ មកជួបសំណេះសំណាល ដើម្បីដឹងពីសុខទុក្ខដោយផ្ទាល់របស់កូនចៅប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្ដឧត្ដរមានជ័យ។សម្រាប់អំណោយមនុស្សធម៌ ដែលទទួលបានពីការជួយរបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធពិធិខួបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា បានយកមកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅថ្ងៃនេះរួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ (១យូរស្មើនឹង ១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យូរ(១យួរស្មើនឹង៦ដប), ប្រេងឆា១ដបចំណុះ ១.៩លីត្រ, សាប៊ូកក់សក់ ១ដបធំ, ស្ករស ១គីឡូក្រាម, ឃីត១ (មានសារុង ក្រមា មុង ភួយ), នំប័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល៕

សម្ដេចធិបតី៖ វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ​កម្ពុជាបានរីកចម្រើនគួរជាទីមោទនៈ​ខណៈ​អាកាសចរណ៍អន្តរជាតិធំៗពីរនឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និង​ទីក្រុងភ្នំពេញ

2025/03/04 09:30:57 pm        474
វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ​ បានរីកចម្រើនគួរជាទីមោទន​: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន​៖​ ១/​ ជើងហោះហើរតួគីអ៊ែរឡាញ​ នឹងចាប់ដំណើរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥​ និង​ ២/​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានពង្រីកចំនួនហោះហើរ​ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។ ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានបន្តពង្រីក​ និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖១/​ ជើងហោះហើរ​ តួកីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ។ ២/​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋ បាល​ពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ ក្នុងឆ្នាំ២០២៤ កម្ពុជា ក៍បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។ក្នុងឆ្នាំ២០២៥​ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា ក៏រំពឹងទុកផងដែរ នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគី) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) ទៅកាន់ខេត្តសៀមរាប។ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន​ ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ។ ជាមួយគ្នានេះ​ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល៕ 

សម្ដេចធិបតី៖ ការស្រាវជ្រាវប្រមូលទិន្នន័យ ព័ត៌មាន បានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ជាកិច្ចការដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្ត និងរៀបចំគោលនយោបាយត្រឹមត្រូវ

2025/03/04 09:16:23 pm        166
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ "យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព" នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥, និង សង្កត់បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះ, សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។ បន្ថែមពីនេះ, ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ជូន វិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖ ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និង សិក្សាស្រាវជ្រាវ; ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ; និង ទី៣).បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ ព្រោះថាសុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬ អាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕

«អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះមេរៀនរបស់សម្ដេចតេជោក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ

2025/03/04 01:39:36 am        135
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ ស្របពេលដែលថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនសម្ដេចបានជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលហៅថា វេចបាយស៊ីដើម្បីចរចារកសន្តិភាព ដោយពេលនេះ សម្ដេចបានយកបទពិសោធន៍ គឺការ «អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះជាមេរៀន ក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ។សម្ដេចប្រមុខរដ្ឋស្ដីទីបានមានប្រសាសន៍ថា ម្សិលមិញសម្ដេចបានធ្វើតេស្តរហ័សពិនិត្យឃើញ អវិជ្ជមានកូវីដ-១៩ ហើយ តែសម្ដេចនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញនេះទេ ព្រោះសម្ដេចនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។សម្ដេចតេជោបានបញ្ជាក់ថា មុននេះ ២ ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងសម្ដេចកំណត់ថា សម្ដេចពុំមានជម្ងឺកូវីដ-១៩ ទៀតទេ។ សម្ដេចថ្លែងថា៖«ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំង ទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ-១៩ ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣»។ស្របពេលនេះសម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនសម្ដេចជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលសម្ដេចហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព»។សម្ដេចតេជោបញ្ជាក់ថា៖«ពេលនោះ ខ្ញុំទើបមានអាយុ ៣៧ ឆ្នាំតែពូកែអត់ធ្មត់ ដើម្បីសេចក្តីសុខរបស់ជាតិ។ អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះមេរៀនរបស់ខ្ញុំ»៕

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព

2025/03/03 04:17:54 pm        175
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ វត្តមានអញ្ជើញយាងដំណើរព្រះករុណាព្រះមហាក្សត្រនៅព្រឹកនេះ រួមមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមនឹងវត្តមានសម្ដេច ឯកឧត្តម លោក​ជំទាវ​តំណាង​ក្រសួង ស្ថាប័ននានាជាច្រើនរូបទៀត។ យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ព្រះករុណា ព្រះមាហាក្សត្រ ព្រះអង្គនឹងអវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។នៅក្នុងឱកាសអវត្តមានរបស់ ព្រះករុណា ព្រះមហាក្សត្រនាពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ព្រះករុណាព្រះមាក្សត្រ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោ៖ កម្ពុជាចូលរួមសាទរចំពោះជោគជ័យ នៃការបង្រ្កាបបទ​ល្មើស​ឆបោក​អន​ឡា​ញ​រប​ស់ថៃ ខណៈរឿងនេះគឺ​នៅបន្ត​ទៀត​​ទាមទារ​កិច្ច​សហការ​អន្ត​រ​រដ្ឋាភិបាល​ទើប​អាច​ធ្វើ​ទៅមា​ន​ប្រសិទ្ធភាព

2025/03/02 05:20:07 am        726
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា នៅ​យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ចូល​រួម​សាទ​រ​ចំពោះ​ជោគជ័យនៃការបង្រ្កាបបទល្មើសឆបោកតាមអនឡាញរបស់ប្រទេសថៃ ខណៈ​រឿង​នេះ​សម្ដេច​តេជោ បញ្ជាក់ថា គឺនៅបន្តទៅ​ទៀត​ដែល​ទាម​ទារ​កិ​ច្ច​សហ​ការ​អន្ត​​រ​រដ្ឋាភិបាល​ទើ​បអាច​ធ្វើ​ទៅមានប្រសិទ្ធភាព។សម្ដេចតេជោបានសរសេរថា មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាង​ខ្លាំង​ក្នុង​ការ​បង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ សម្ដេចតេជោបានថ្លែងថា ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រា​ប់​ទាំងក​ម្ពុជា​ផង​ ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បាន​សម្ដែងការ​សោកស្តាយ​ចំពោះ​សារព័ត៌មាន​មួយ​និង​អ្នក​នយោបាយ​ខ្លះ​ចាត់ទុកថា ​ជោគជ័យរបស់ប្រទេសថៃ ជា​បរាជ័យ​នៃ​ប្រទេស​ជិត​ខាង​រាប់​ទាំង​កម្ពុជា​ផងដែរទៅវិញ​។ សម្ដេចតេជោបានបញ្ជាក់ថា៖«រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែ​ល​ទាម​ទារ​នូវ​កិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព»៕

ប្រមាណ ៥ ថ្ងៃទៀតសម្ដេចតេជោនឹងជាពីកូវីដ-១៩ ខណៈឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះបានដឹងកូវីដ-១៩ ដែលសម្ដេចឆ្លង គឺប្រភេទ អូមីក្រុង

2025/03/01 04:03:09 am        156
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកុម្ភៈនេះ បានមានប្រសាសន៍បញ្ជាក់តាមបណ្ដាញសង្គមឲ្យដឹងថា តាមការធ្វើតេស្ត នៅសល់ប្រមាណ ៥ ថ្ងៃទៀត សម្ដេចតេជោនឹងជាពីកូវីដ-១៩ ខណៈឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះបានដឹងកូវីដ-១៩ ដែលសម្ដេចឆ្លង គឺប្រភេទ អូមីក្រុង។សម្ដេចតេជោមានប្រសាសន៍ថា បើទោះជាជម្ងឺកូវីដ-១៩ ដែលឆ្លងមកខ្ញុំបានធូរស្រាលក៏ដោយតែខ្ញុំនៅតែចង់ដឹងថាតើកូវីដនេះវាជាប្រភេទពូជអ្វី?។សម្ដេចតេជោ ថ្លែងថា ឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះ បានដឹងថាពូជរបស់វាហើយគឺ អូមីក្រុង(Omicron)ជាប្រភេទដែលខ្ញុំធ្លាប់កើតកាលពីឆ្នាំ២០២២ដែលត្រូវបានរកឃើញពេលខ្ញុំទៅចូលរួមប្រជុំ G20 នៅឥណ្ឌូនេសុីក្នុងនាមប្រធានអាស៊ាន។សម្ដេចតេជោ បានបញ្ជាក់ថា ព្រឹកមុិញបានធ្វើតេស្តឃើញនៅវិជ្ជមានច្រើនតែតិចជាងមុននិងប៉ាន់ស្មានថាអាច៥ថ្ងៃទៀតទើបអស់៕

ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា

2025/02/28 07:56:20 pm        154
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុននៅក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ ទាំងនៅរដូវវស្សា និងនៅរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្ម បន្តធ្វើការ និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
09/05/2026 02:09 PM
ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
09/05/2026 02:09 PM
រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ អ៊ុយក្រែន ប្រឈមនឹងគម្លាតហិរញ្ញវត្ថុពីក្រៅប្រទេស ៣២,៦ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៧
09/05/2026 02:09 PM
ឆ្ពោះទៅរកអនាគតបៃតង និស្សិតមេកានិកយានយន្តសម្រេចការដំឡើងរថយន្ត EV Mini bus ដោយ​ជោគជ័យ
09/05/2026 02:09 PM
អនុប្រធានាធិបតីហ្វីលីពីន Sara Duterte ប្រកាសពីការបង់ប្រាក់ធានាជុំវិញពាក្យចោទប្រកាន់ពីបទគំរាមកំហែងដ៏ធ្ងន់ធ្ងរប្រឆាំងលោក Marcos
09/05/2026 02:09 PM
អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក
09/05/2026 01:09 PM
ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា
09/05/2026 01:09 PM
ទីភ្នាក់ទេសចរណ៍បីប្រទេស មកសិក្សារៀបចំកញ្ចប់ទេសចរណ៍នាំទេសចរមកទស្សនាកម្ពុជា
09/05/2026 12:09 PM
កងកម្លាំង និងយុវជនបន្តចូលរួមវេចខ្ចប់អំណោយសម្រាប់ផ្តល់ជូនអ្នកភូមិរង់ចាំ
09/05/2026 12:09 PM
លោក Trump ៖ កាណាដា នឹងមិនអាចសង្គ្រោះបានទេ ប្រសិនបើអាមេរិកបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្ម
09/05/2026 12:09 PM