អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ
ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

CATA៖ ការបើកជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ជំរុញកំណើនភ្ញៀវទេសចរនៅកម្ពុជា

2024/06/24 12:25:13 pm        109
ក្រោយកម្ពុជា-ឥណ្ឌា បានបើកដំណើរការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ទីភ្នាក់ងារ​ទេសចរណ៍​បានកត់សម្គាល់ឃើញថា ការបើកដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ រយៈ​ពេលប្រមាណ១សប្តាហ៍កន្លងមកនេះ គឺបានដំណើរការយ៉ាងរលូន ហើយ​បើ​មើល​ពី​កត្តា​ទំនាក់​ទំនងកាទូត ទីផ្សារ ពាណិជ្ជកម្ម និងទេសចរណ៍ គឺមានទំនាក់ទំនងគ្នាល្អ ហើយអាច​ទ្រទ្រង់​នូវ​កំណើនការតភ្ជាប់ជើងហោះហើរមានភាពយូរអង្វែង។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បាន​ថ្លែង​ប្រាប់​BTV នៅថ្ងៃទី២៤ ខែមិថុនានេះថា ជារួមមុននឹងប្រកាសបើកជើងហោះហើរត្រង់កម្ពុជា ឥណ្ឌា​ជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ គឺបណ្តាក្រុមហ៊ុនពាក់ព័ន្ធ ទាំងខាង​ភាគី​ឥណ្ឌា និងកម្ពុជា គឺបានធ្វើសិក្សាទីផ្សារប្រមាណជាង១ឆ្នាំទៅ២ឆ្នាំមុនរួចហើយ។ តាមរយៈ​នេះ ​កត្តាទំនាក់ទំនងទីផ្សារទេសចរណ៍កម្ពុជា និងគោលដៅទេសចរណ៍ជាពិសេស គោល​ដៅ​ទេសចរ​ណ៍​សាសនា វប្បធម៌ អាពាហ៍ពិពាហ៍ តំបន់អេកូទេសចរណ៍ នៅខេត្តសៀមរាប និង​នៅ​ខេត្ត​ព្រះសីហនុជាដើម គឺអាចទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាជាហូរហែរ និងអាច​ធានា​បាន​នូវស្ថិរភាពនៃការតភ្ជាប់ជើងហោះត្រង់នោះ បានយូរអង្វែង។ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងថា​នៅក្នុ​ង​កាអនុវត្តដំណើរការហោះហើរត្រង់កម្ពុជា ឥណ្ឌាបាន​ប្រមាណ​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ ទីភ្នាក់ងារទេសចរណ៍បានសម្គាល់ឃើញថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ គឺ​បាន​បើក​ការហោះហើរ១សបា្តហ៍ ៤ជើងស្របតាមកម្មវិធីដែលបានកំណត់ ហើយការ​ហោះ​ហើរ​ត្រង់​នេះ​នឹងរក្សាបាននូវស្ថិរភាពនៃការហោះហើរត្រង់យូរអង្វែង ដោយសារ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​និងភាគីពាក់ព័ន្ធ មុននឹងបើកជើងហោះហើរត្រង់នេះ គឺបានសិក្សាច្បាស់លាស់អំពី កត្តា​ពាណិជ្ជកម្ម កតា្តទីផ្សារ និងកត្តាទំនាក់ទំនងកាទូតកិច្ចសហប្រតិបត្តិការ នយោបាយ និង​ការ​ទទួល​ខុស​ត្រូវផ្នែកសង្គមរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បន្តថា សម្រាប់ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ិនចា​ហ្គូ​របស់​ប្រទេស​ឥ​ណ្ឌា​វិញ បើមិនមានការប្រែប្រួលទេ គឺគ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់​ពី​ខែតុលាឆ្នាំ២០២៤នេះតទៅ ដែលការបើកជើ​ង​ហោះ​ត្រង់​នោះ​នឹង​ត្រូវ​បើក​ចំនួន​៦​ជើង​ក្នុង​មួយ​សប្តាហ៍៕ អត្ថបទ ស៊ុម សុខជា 

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

2024/06/11 12:35:35 pm        99
ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុង​ធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទ​បេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបា​ន​ដឹកនាំ​ធ្វើ​កំណាយ​ឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺ​ដើម្បី​ពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាល​ស្ពាន​ហាល​ផ្នែក​ខាង​កើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែក​ចេញ​ពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែល​បណ្តាល​មក​ពីកត្តាអាយុកាល និងធម្មជាតិ។ សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោម​មូល​និធិ​នៃ​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

ក្រសួងបរិស្ថាន គាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅលើភ្នំគូលែន

2024/06/08 10:54:49 am        176
សៀមរាប៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំង និងគម្រោងសាងសង់តំបន់​ទេសចរណ៍​លំហែ​បៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» កាលពីទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេច សាងសង់​ក​ន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរ នៅក្នុងធម្មជាតិ ចំនួន១០កន្លែង ក្នុង​ជំហានដំបូង នៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា គម្រោងរៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ នៅលើខ្នង​ភ្នំគូលែន ដោយទទួលផលប្រយោជន៍ពីគម្រោងភ្ជាប់ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍លំហែបៃតង។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី​បាន​ស្នើ​សុំ​ឱ្យ​មានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់គម្រោង​ដែល​ផ្តល់​ភាព​ជាម្ចាស់​ដល់​សហគមន៍ ព្រោះប្រជាពលរដ្ឋអាចទទួលបានប្រយោជន៍​ពី​ការផ្តល់សេវា​កម្មផ្សេ​ង​ៗ​ដល់​ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងធានាបាននូវ​ការការពារ និង​អភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សម្រាប់គម្រោងនេះ នឹងធ្វើឱ្យ​ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិ មានជីវភាពល្អប្រសើរ ពិសេស​ស្នើសុំឱ្យពួកគាត់បញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ មកប្រកប​មុខរបរ​នាំ​ភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ និងផ្តល់សេវាទេសចរណ៍ធម្មជាតិជាដើម។ លើសពីនេះ សុំ​ចូលរួម​យុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តតាម​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តចម្បងចំនួន៣គឺ ស្អាត បៃតង និងចីរភាព។ ក្រសួងបរិស្ថានគ្រោងផ្តល់មធ្យោបាយគ្រប់គ្រងសំរាម រួមមានយានយន្តដឹក ជញ្ជូន និង​ឡដុត​សំរាម  ដើម្បីសំដៅធ្វើយ៉ាងណាបរិស្ថានស្អាតល្អ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។ សូមបញ្ជាក់ថា បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មាន​សហគមន៍តំបន់​ការពារ​ធម្មជាតិ​ចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» «សហគមន៍​ព្រៃធំ​ពពេល» «សហគមន៍ព្រៃភ្នំក្ដួច» «សហគមន៍ព្រៃភ្នំម្នាស់» និង «សហគមន៍ជប់តាសុខ» នៅក្នុង​ភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលសុទ្ធសឹង តែជាតំបន់ដែលមានព្រៃឈើក្រាស់ មាន​ទេសភាពស្រស់ស្អាត ហើយអាចឱ្យទេសចរជាតិ អន្តរជាតិ អាចបោះតង់ អាចសម្រាក​ក្បែរ​មាត់ទឹក និងទស្សនាទឹកធ្លាក់ ប្រាសាទបុរាណ និងបុរាណស្ថាននានា ក្នុងព្រៃជាច្រើន​ទៀតផង៕ អត្ថបទ៖ទូច សោភ័ណ 

កម្ពុជា ថៃ វៀតណាម សហការពង្រីកផ្តល់សេវាដឹកជញ្ជូនទេសចរអន្តរជាតិទស្សនាតាមកោះឆ្នេរ ប្រទេសទាំងបី

2024/06/07 11:29:56 am        167
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាមតំបន់ឆ្នេរ សមាគមទេសចរណ៍អាស៊ីបាស៊ីភិច PATA ប្រចាំនៅកម្ពុជា សភា​ឧស្សាហកម្មទេសចរណ៍ខេត្តត្រាតប្រទេសថៃ និងបណ្តាក្រុមធុរជនក្នុងវិស័យទេសចរណ៍ កម្ពុជា វៀតណាម និងថៃ Cambodia- Vietnam- Thai Economic Corridor (CVTEC) បាន​សហការ​សិក្សា និងសាកល្បងបើក​កប៉ាល់​ដឹកជញ្ជូន​ទេសចរ​តាម​ផ្លូវ​សមុទ្រ​ពី​ខេត្តព្រះសីហនុ​ប្រទេស​កម្ពុជា​ទៅកាន់ខេត្តត្រាត ប្រទេសថៃ។លោក ធួន សីណាន ប្រធានសមាគមទេសចរណ៍អាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់ BTV ​នៅថ្ងៃទី៦ ខែមិថុនាថា នៅក្នុងដំណើរតាមទូកកប៉ាលទេសចរណ៍ពីខេត្តព្រះសីហនុ ប្រទេស​កម្ពុជា មកដល់ខេត្តតា្រតប្រទេសថៃ ចូលរួមរៀបចំពិព័រណ៍ធុរកិច្ច ខេត្តត្រាត ឆ្នាំ២០២៤ (CVTEC Trat Business Roadshow 2024) នៅខេត្តត្រាតប្រទេសចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមិថុនា​នេះបំណងសំខាន់ធ្វើការសិក្សា និងសហការបង្កើតឲ្យមានការផ្តល់សេវាទេសចរណ៍ និង​ពាណិជ្ជកម្ម តាមផ្លូវទឹកសមុទ្រដោយតភ្ជាប់ពី តំបន់ឆ្នេរ និងកោះនានានៅខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ប្រទេសកម្ពុជា មកកាន់តំបន់ ឆ្នេរ កោះ កុដ កោះឆាង កោះមាក់ នៅក្នុង​ខេត្ត​តា្រត ប្រទេសថៃ និងមិនធ្លាប់មានពីមុនមក។លោក គន្ធា ភិរម្យ អ្នកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន GTVC Speed boat នៅខេត្ត​ព្រះសីហនុ ថ្លែងថា មកដល់ពេលក្រុមហ៊ុនកប៉ាលទេសចរណ៍យើង គឺបានត្រៀមខ្លួន សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធខេត្តត្រាត ប្រទេសថៃ ពង្រីកការផ្តល់សេវាដឹកជញ្ជូនទេសចរណ៍ និងទំនិញ​សេវា​កម្ម​នានា ទៅមក តាមកោះឆ្នេរ តាមខេត្តនានានៅប្រទេសកម្ពុជា និងកោះឆ្នេរ​នានា​នៅ​ខេត្តតា្រត ប្រទេសថៃ ។លោកស្រី ស្រួង វិយ៉ាដា ប្រធានសភាឧស្សាហកម្មទេសចរណ៍ ខេត្តត្រាត ប្រទេសថៃ ថ្លែងថា នៅ​ក្នុង​ឆ្នាំ​កន្លងមក មានទេសចរអន្តរជាតិ និងអ្នកធ្វើដំណើរនានា បានធ្វើដំណើរ​តាម​ដង​ផ្លូវ​ពី​ខេត្ត​ត្រាត ទៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប រួចបន្តទៅ​ទស្សនា​តំបន់​ឆ្នេរ​នៅ​ប្រទេស​វៀតណាម ប្រមាណជាង១២លាននាក់ ដែលផ្តល់​ប្រភព​ចំណូល​ជា​ច្រើន​ជូន​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ជាប់តំបន់ឆ្នេរសមុទ្រ ហើយដើម្បីកុំឲ្យមានភាពដដែលៗ ក្រុមការងារ CVTEC បាន​ចាប់​ផ្តើម​បង្កើត​ឲ្យ​មានចរាចរណ៍ទេសចរណ៍តាមផ្លូវទឹក ដើម្បីភ្ញៀវទេសចរទស្សនាតំបន់កោះឆ្នេរ ដ៏​ស្រស់​ត្រកាល ក្រោមការជំរុញពីគ្រប់ភាគីអាជ្ញាធរតាមខេត្តជាប់តំបន់ឆ្នេររបស់ប្រទេសយើងទាំងបី កម្ពុជា វៀតណាម ថៃ៕ អត្ថបទ ស៊ុម សុខជា 

នាវាទេសចរណ៍លំដាប់ទី២ពិភពលោកនឹងបញ្ចូលកម្ពុជាក្នុងកញ្ចប់ខ្សែទស្សនកិច្ច នាចុងឆ្នាំ២០២៤

2024/05/30 12:13:07 pm        153
តាមការឲ្យដឹងពីក្រសួងទេសចរណ៍ បានឲ្យដឹងថា បើមិនមានការប្រែប្រួលពេលវេលានោះ នៅ​ចុង​ឆ្នាំ​២០២៤ និងអាចនៅដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុន​នាវា​ទេសចរណ៍​លំដាប់ទី២​របស់​ពិភពលោក Silversea Cruise ដែលមាននាវាទេសចរណ៍អន្តរជាតិល្បីៗឈ្មោះ ជាង១០០នាវា នឹង​រៀបចំដាក់បញ្ចូលកម្ពុជា នៅក្នុងកម្មវិធី នៃកញ្ចប់ខ្សែទស្សនកិច្ចតាមនាវាចរណ៍សមុទ្រ។លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់ BTV នៅថ្ងៃទី៣០ ខែឧសភានេះថា ថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍បានចាត់ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការ​អន្តរជាតិ និង​ក្រុមការងារ បានទទួលពិភាក្សាការងារតាមប្រព័ន្ធអនឡាញជាមួយ លោកស្រី វីនឌី យ៉ាម៉ាសាគិ តំណាងក្រុមហ៊ុននាវាទេសចរណ៍ Silve Sea Cruise ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន Royal Caribbean Group  ដើម្បីសិក្សា​អំពី​ការ​នាំភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​តាម​នាវា SilverSea Criuse ចូលចត និងចូលទស្សនាកម្ពុជា ។លោក ជួប រតនា ថ្លែងថា តាមរយៈការសិក្សា និងការរៀបចំដាក់បញ្ចូលកម្ពុជា ចូលក្នុង​កម្ម​វិធី​កញ្ចប់​ខ្សែ​ទស្សនកិច្ចតាមនាវាទេសចរណ៍អន្តរជាតិនេះ នឹងជំរុញកម្ពុជាទ​ទួល​បាន​នាវា​ទេសចរណ៍​អន្តរជាតិកាន់តែច្រើន នាំភ្ញៀវទេសចរអន្តរជាតិចូលចត និងចូលទស្សនា​កម្ពុជា​កាន់​តែ​ច្រើន និងមានកំណើនល្អជាងឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ទៅទៀត។កម្ពុជាឆ្នាំ២០១៩ បានទទួលនាវាទេសចរណ៍អន្តរជាតិ ដឹកភ្ញៀវទេសចរអន្តរជាតិ ចូលចត និង​ចូល​ទស្សនា​កម្ពុជា ចំនួន៥៦កប៉ាល់ដែលមានភ្ញៀវទេសចរអន្តរជាតិជាង ៨ម៉ឺននាក់ ក្រោយ​វិបត្តិ​កូវីដ​១៩ មកដល់ឆ្នាំ២០២៣ កម្ពុជា បានទទួលនាវា​ទេសចរណ៍​អន្តរជាតិ​ចូល​ចត​មក​វិញ​ចំនួន​២១​កប៉ាល់ ដែលមានទេសចរអន្តរជាតិជាង១៧០០០នាក់ ហើយនៅក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០២៤​នេះ កម្ពុជា បានទទួលនាវាទេសចរណ៍អន្តរជាតិចូលចតបាន១៥កប៉ាល់ មានទេសចរ​អន្តរជាតិ​សរុប ជាង១ម៉ឺននាក់។លោក ជួប រតនា បន្តថា តាមការតាំងចិត្តរបស់ក្រុមហ៊ុនSilverSea Cruise ដែលមាននាវា​ទេសចរណ៍​អន្តរជាតិមានឈ្មោះល្បីៗជាច្រើននោះ នឹងជំរុញនាភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​កម្ពុជា តាមច្រកផ្លូវទឹកសមុទ្រ ចូលទស្សនាឲ្យកើនដល់២៥ម៉ឺននាក់ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា 

អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ

2024/05/17 02:06:36 pm        110
ក្រុមការងារជួសជុលប្រាសាទជម បានបំពេញការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានរលុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយ​នឹង​រៀបចំ​ជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាម​ប្រើប្រាស់​ថ្ម​ថ្មី​តិច​បំផុត។ បច្ចុប្បន្ន ក្រុមការងារកំពុងសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានចំនួនជាង២០០ដុំ ក្នុង​ចំណោម​ថ្ម​ប្រមាណ៧០០ដុំ ដែលបន្តស្វែងរកទីតាំងដើម។ស្ថាបត្យករ​នៃ​អាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ដែលកំពុងរៀបចំ​ផ្គុំសាកល្បង​ថ្ម​នៅ​បរិវេណ​ខាង​ជើង​ប្រាសាទ​បាន​ឱ្យដឹងថា ចំនួនថ្មរាប់រយដុំទាំងអស់នេះ កាលមុនរៀបចំជួសជុល គឺស្ថិតនៅក្នុង​បរិវេណ​ប្រាសាទ ខ្លះកប់ក្នុងដី និងខ្លះទៀតនៅគរលើគ្នា។ ក្រោយមកក្រុមការងារបានថតរូប ចុះបញ្ជី សម្រង់ប្លង់ និងរើ​យ​កមកថ្មទាំងនោះដាក់នៅខាងក្រៅបរិវេណប្រាសាទ ដើម្បីងាយស្រួលបំពេញការងារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានកំណត់អត្តសញ្ញាណ និងវាស់វែងដុំថ្មនីមួយៗ ព្រមទាំង​បាន​បែង​ចែក​ទៅ​តាម​ប្រភេទដូចជាថ្មហោជាង ថ្មដំបូល ថ្មខឿន និងថ្មជញ្ជាំងជាដើម មុននឹងសាកល្បង​ផ្គុំ​ទៅ​តាម​បច្ចេក​ទេស និងទម្រង់របស់ថ្មនីមួយៗនៃប្រាសាទ។លោក ថៃ យ៉ាម៉ង់ បញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រុមការងារបានរកឃើញថ្ម និងបានផ្គុំសាក​ល្បងត្រូ​វ​តាម​លំនាំដើមរបស់រចនាសម្ពន្ធនៃប្រាសាទ ក្នុងនោះមានហោជាងទាំង៤ទិស និងថ្មកំពូល​ប្រាសាទ​មាន​រាង​ជា​ផ្កាឈូក ថ្មខឿន ថ្មជញ្ជាំង ថ្មកំពូលជាដើម។ទោះបីមានការលំបាកយ៉ាងណាក្តី ក្រុមការងារ​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ស្វែងរកថ្ម​ដែល​ជ្រុះ​ធ្លាក់​លាយ​ឡំ​គ្នា​ទាំង​នេះ។ ចំពោះបញ្ហាដែលថ្មខ្លះពុកផុយ ខ្លះបាក់បែក និងខ្លះទៀត​សឹក​រិចរិល​រលុប​នូវ​ក្បាច់​ធ្វើ​ឱ្យពិបាក​បែង​ចែកប្រភេទ និងពិបាកកំណត់ប្រភពនៃទីតាំងដើម គឺក្រុមការងារត្រូវ​ការ​ចំណាយ​ពេល​វេលា​មួយ​សមស្រប ដើម្បីជួសជុល និងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការព្យាយាមរបស់អ្នកជួសជុល និង​អភិរក្សជំនាន់ថ្មីនេះ ដើម្បីការពារ និងលើកតម្លៃប្រាសាទជម ដែលជា​កេរដូន​​តាខ្មែរ​ឱ្យ​បាន​នូវ​លក្ខណៈ​ដើម​ឡើងវិញ និងគង់វង្សបានយូរអង្វែងតទៅទៀត៕

នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បង្ហាញវឌ្ឍនភាពការងារ ក្នុងការថែរក្សា និងការពារ ទីតាំងបុរាណដ្ឋាន ទាំងនៅលើដី ក្រោមដី និងក្រោមទឹក ក្នុងប្រទេសកម្ពុជា

2024/05/15 01:10:50 pm        486
នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃអគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានបង្ហាញវឌ្ឍនភាពការងារ សម្រាប់ត្រីមាសទី១ ក្នុងការថែរក្សា និងការពារ​នូវ​ទីតាំង​បុរាណដ្ឋាន ទាំងនៅលើដី ក្រោមដី និងក្រោមទឹក ក្នុងប្រទេសកម្ពុជា។បើតាមលោក ឡេង វិទូ ប្រធានស្តីទី នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានថ្លែងប្រាប់BTV ព័ត៌មាន​នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា ការស្រាវជ្រាវបុរាណវិទ្យា រួមមាន៖ កំណាយ​បង្ការ​នៅ​ស្ថិតក្នុងទីធ្លារសាលាស្រុកអង្គរបុរី ខេត្តតាកែវ, កំណាយស្រាវជ្រាវនៅភ្នំចាស់ ខេត្តកំពង់ស្ពឺ​, សហការស្រាវជ្រាវជាមួយសាលាបារាំងចុងបូព៌ាប្រទេស, ការងារបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ, រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវថ្មីក្នុងវិស័យបុរាណវិទ្យា និង​ពិនិត្យ និង​ដោះស្រាវវិវាទដីធ្លីទួលបុរាណមួយចំនួនតាមបណ្តាខេត្ត។លោក បន្តថា ការកំណាយបង្ការនៅស្ថិតក្នុងទីធ្លារសាលាស្រុកអង្គរបុរី ខេត្តតាកែវ​កំណាយ​បង្ការ​នេះ​មាន​គោលបំណងក្នុងការបញ្ជៀសផលប៉ះពាល់ផ្នែកបុរាណវិទ្យាលើទីតាំងអាគារ(វិហារចាស់) បច្ចុប្បន្ន​ស្ថិតក្នុងទីធ្លាសាលាស្រុកអង្គរបុរី។ ទីតាំងខាងលើគ្រោងមានការជួសជុលសំណង់ចាស់ ដើម្បី​យកមកប្រើប្រាស់ឡើងវិញ និងសាងសង់​បន្ទប់​ទឹក​ជិត​ទីតាំង​នោះ​មួយ​កន្លែង​សម្រាប់​បម្រើ​ដល់​សាធារណ​ជន ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍របស់ធានាគារអភិវឌ្ឍអាស៊ី (ADB)។ ចំណុច​មួយ​ទៀត​ដើម្បីសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យផ្នែកបុរាណវិទ្យា ដែលជាធាតុផ្សំ​មួយ​ក្នុង​ការ​ចង​ក្រង​ព័ត៌មាន​បច្ចេកទេសលើទីតាំងផ្ទាល់ និងចងក្រងទុកជាឯកសារ និងបន្តផ្សព្វផ្សាយ​ទិន្នន័យ​នៃ​របប​គំហើញថ្មីនេះ។ ជាក់ស្តែងទីតាំងស្រុកអង្គរបុរី ជាក្រុងបុរាណ ហើយមានវត្តមាន​មនុស្ស​រស់​នៅ​តាំង​ពី​សម័យបុរេប្រវត្តិសាស្រ្តមកម្ល៉េះ។ ចំណែកការធ្វើកំណាយស្រាវជ្រាវនៅភ្នំចាស់ ខេត្តកំពង់ស្ពឺ ក្រោមជំនួយឧបត្ថមពីក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នាយកដ្ឋានបុរាណវិទ្យា និង​បុរេ​ប្រវត្តិវិទ្យា បានធ្វើកំណាយស្រាវជ្រាវនៅទីតាំងភ្នំចាស់ ខេត្តកំពង់ស្ពឺ។ ក្នុងគោល​បំណង​នៃ​ការ​ធ្វើ​កំណាយ​នេះ គឺដើម្បីសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ​ផ្នែ​ក​បុរាណ​វិទ្យា​ទាក់​ទង​ និង​តំបន់​រមណីដ្ឋាន​ភ្នំចាស់ ដែលជាធាតុផ្សំមួយក្នុងការចងក្រងព័ត៌មានបច្ចេកទេសលើទីតាំងផ្ទាល់ និង​ចង​ក្រង​ទុកជាឯកសារ និងបន្តផ្សព្វផ្សាយទិន្នន័យនៃរបបគំហើញការស្រាវជ្រាវនេះ។ លទ្ធផល​បឋមតាមរយៈការសិក្សា និងការធ្វើកំណាយនេះ យើងរកឃើញ ឧបករណ៍ថ្មចំនួន១ បំណែក​កុលាលភាជន៍​មួយចំនួន និងបំណែកឆ្អឹងសត្វមួយចំនួនផងដែរ។ ភស្តុតាងទាំង​នេះអាច​បញ្ជាក់​បាន​ថា តំបន់នេះមានការប្រើប្រាស់ និងតាំងទីរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្ត។ ចំពោះ​ឧបករណ៍​ថ្ម និងបំណែកកុលាលភាជន៍ ត្រូវបានបញ្ជូនទៅធ្វើការវិភាគនៅប្រទេសអូស្រ្តាលី ដើម្បី​វិភាគ​រក​អាយុកាល និងមុខងារនៃប្រើប្រាស់របស់ឧបករណ៍ថ្ម។ ជាមួយគ្នានោះនាយកដ្ឋាន ក៏​បាន​សហការ​ស្រាវជ្រាវជាមួយសាលាបារាំងចុងបូព៌ាប្រទេស ចាប់តាំងពីឆ្នាំ២០២១ រហូតមក​ដល់​បច្ចុប្បន្ន​ក្រុម​ការងារស្រាវជ្រាវទាំងពីរស្ថាប័នបានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិត​ក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ។ តំបន់ទី១ គឺត្រពាំងជាន់សន្លុង ទំហំ​ប្រមាណ​ជាង​១០​ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០។ តំបន់ទី២ គឺ ភ្នំយក្ស​ព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅ តំបន់រ៉ែទង់ដែង និងរ៉ែដែង និង​មាន​ទួល​អាចម៌ដែកនិងទង់ដែងសរុបចំនួន៣០។ តំបន់ទី៣ គឺឆែប០០១ ទំហំ​ប្រមាណ​ជាង​៦​ហិកតា ជាទីតាំងយករ៉ែដែក។ តំបន់ទី៤ គឺត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែល​មាន​ទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល និងតំបន់ទី៥ គឺភ្នំជ្រាប់ផ្តៅ ទំហំ​៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹង​ប្រវែង​៦០​ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ។ នៅតំបន់នេះ​ក៏ជា​​ការដ្ឋាន​យក​ថ្ម​បាយ​ក្រៀម​បុរាណ​ផង​ដែរ។ តំបន់យករ៉ែ និងផលិតលោហៈ ក្នុងស្រុកឆែប គឺជាតំបន់បេតិកភណ្ឌ​តែមួយ​គត់​ និង​ដំបូង​គេ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងនៅជិតគ្នា។ តំបន់នេះ​ជា​ទីតាំង​ដ៏សំខាន់មួយដែលផលិតទង់ដែង សម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរ។ បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេ​រក​ឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi និងជ្រលងភ្នំPhu Lon ខេត្ត Nong Khai ក្នុងប្រទេសឡាវ ក្នុង​ខេត្ត Savannakhet និងនៅព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ជាចុងក្រោយប្រធានស្តីទី នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានបញ្ជាក់ថា ទិស​ដៅ​ផែន​ការ​ការងារ​បន្តនាឆ្នាំ២០២៤នេះ គឺនាយកដ្ឋាន​គ្រោង​នឹង​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និងផ្ទៀងផ្ទាត់ និងកំណត់ដែនរក្សាការពារស្ថានីយបុរាណនៅស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ និងធ្វើការផ្សព្វផ្សាយនូវលទ្ធផលស្រាវជ្រាវ លទ្ធផល​នៃ​ការ​កំណត់​ដែន​រក្សា​ការពារ និងអត្ថប្រយោជន៍និងគុណតម្លៃនៃបេតិកភណ្ឌជាតិជូនទៅដល់អាជ្ញាធរពាក់ព័ន្ធ និង​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕ អត្ថបទ រដ្ឋា 

ក្រុមស្រាវជ្រាវ ប្រទះឃើញព្រះកេសទេវតា ក្នុងកំណាយនៅខ្លោងទ្វារជ័យ

2024/05/15 10:07:12 am        237
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និង​បុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយ​កប់​ក្នុង​រណ្ដៅ​កំណាយ​ស្រាវជ្រាវ​ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។លោក អន សុភាព​ បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាង​ពីរ​សប្ដាហ៍​មក​ហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅ​ខ្លោង​ទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារ​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ពិនិត្យ​មើល​រចនា​សម្ព័ន្ធ​បាត​គ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់​ឯកសារក្នុ​ង​គម្រោង​ជួស​ជុល​ចំណុច​នេះ​ឡើង​វិញ​។ តាមការលើកឡើងរបស់លោក អន សុភាព​ ជាការចៃដន្យ ក្នុង​ពេល​ក្រុម​ការងារ​លោក​កំពុង​កំណាយ​​នោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើង​គ្រឹះ​ទេវតា​ទាញ​ព្រ័ត្រ​តែម្ដង​។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេស​នោះ​បាន​បាក់​ធ្លាក់​ពី​រូប​ទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។ ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា ​គ្រឹះ​ចម្លាក់​កូរ​សមុទ្រ​ទឹ​ក​ដោះ នៅខ្លោងទ្វារជ័យនេះនៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដងនៅសម័យកណ្ដាល និង​សម័យ​បារាំង។ យ៉ាងណា លោក អន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នកពាក់ព័ន្ធ គេ​ត្រូវ​កំណាយស្រាវជ្រាវនៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បី​មើល​ស្ថាន​ភាព​ជួសជុលនៅពេលនោះឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុល​ចម្លាក់កូរ​សមុទ្រ​ទឹកដោះនាពេលខាងមុខ៕ 

ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច និងបំណែកចំនួន៣៩ កំពុងវេចខ្ចប់ ដើម្បីត្រៀមបញ្ជូនទៅប្រទេសបារាំង

2024/05/07 11:13:20 am        200
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញ​ចូលរួម​ក្នុង​ឱកាស “ពិធីប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់ និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះ នារាយណ៍ជុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ, នៅសារមន្ទីរជាតិកម្ពុជា ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។ក្នុងពិធីប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះ នារាយណ៍ផ្ទុំ​​ពី​សំរឹទ្ធមកពីប្រាសាទមេបុណ្យ ខាងលើនេះមានការចូលរួមពីលោក Fabrice ETIENNE, អនុប្រធានបេសកកម្ម របស់ស្ថាទូតបារាំងប្រចាំនៅកម្ពុជា, M. Jamel OUBECHOU តំណាងនិងលោកស្រី Yannick LINTZ នាយកសារមន្ទីជាតិសិល្បៈអាស៊ីហ្គីមេ និងMme. Elke SELTER ប្រធានកម្មវិធីនៃស្ថាប័ន ALIPH។លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំ​ពិធី​សូត្រ​មន្តប្រោះព្រំសុំសេចក្តី សុខចម្រើន អំពីប្រតិមាព្រះនារាយណ៍​ផ្ទុំ​ពីសំរឹទ្ធ​មក​ពី​ប្រាសាទ​មេ​បុណ្យខាងលិច និងបំណែកចំនួន៣៩ ដែលកំពុងវេចខ្ចប់ នាវេលាព្រឹកនេះ ដើម្បីត្រៀម​បញ្ជូន​ទៅ​ប្រទេស​បារាំង​នាប៉ុន្មានថ្ងៃខាងមុខ។ ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ ជាគម្រោង​សហ​ប្រតិបត្តិការ​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសមួយរវាងបារាំង និងខ្មែរ ដែល​បាន​ឯកភាព​គ្នា​តាំង​ពី​ឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ-១៩។ គម្រោងនេះ មានបំណងក្នុងការជួសជុល អភិរក្ស និងសិក្សា​វិភាគ​សមាស​ភាព​ផ្សំ​លើ​ប្រតិមា​ព្រះនារាយណ៍​ផ្ទុំ នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់​បន្ថែម​ពី​បច្ចេក​ទេស​ដ៏​ប៉ិន​ប្រសព្វ​នៃ​ការ​សិត លោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ លទ្ធផលនៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ នឹងបោះពុម្ពផ្សាយយ៉ាង ទូលំទូលាយដើម្បីចែក​រំលែក​ពី​បទ​ពិសោធន៍ និង​ទេព​កោសល្យ​ក្នុង​ការសិតលោហៈនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុម​ជំនាញនឹងសាកល្បងផ្តុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាល ជិត​១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា3Dដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។ទន្ទឹមនឹងនេះផងដែរ លោកជំទាវរដ្ឋមន្ត្រី សូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិថា ក្រោយ​គម្រោងអភិរក្សនិងវិភាគ ស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រ​នេះនឹ​ង​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែម​រូប​ចម្លាក់​អំពី​សំរឹទ្ធចំនួន១២៦ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានា ដំណាក់កាលទី២។ ពិព័រណ៍​មិនអចិន្ត្រៃយ៍ស្តីពី សំរឹទ្ធសម័យអង្គរៈ៖ សិល្បៈនៃអាទិទេព នឹងរៀបចំ​នៅ​សារមន្ទីរ​ជាតិ​ហ្គីមេ ​នាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍន៍បច្ចេក​ទេស​នៃ​ការ​សិត​លោហៈ​ក្នុង​អារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់​ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹង បន្តដំណើរ​ទៅ​ដាក់​តាំង​នៅ​ប្រទេស​អាមេរិក​ចំនួន៣ទីតាំងបន្ថែមទៀត។ ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ ដែលជាអាទិទេព​ព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជា​ការ​នាំយក​នូវ​ទេពកោសល្យ​ល្អ​ឯក​នៃ​បច្ចេក​ទេស​សិត លោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជា​ប្រយោជន៍​ឲ្យ​សាធារណជនបានឈ្វេង យល់បន្ថែម​ពី​ភាព​ឧត្តុង​ឧត្តម​ខ្ពង់​ខ្ពស់​នៃ​អារ្យធម៌​ខ្មែរ​នា​សម័យ​បុរាណ។លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា អស់រយៈកាលជាច្រើនទសវត្សម​ក​ហើយ​ដែល​បារាំង និង​កម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសគឺ​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យវប្បធម៌ ដែលជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការផ្សារ​ភ្ជាប់ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ក្រសួងមានកិច្ចសហការ​លើ​គម្រោង​ស្រាវ​ជ្រាវ​ បេតិកភណ្ឌរូបីនិងអរូបី ជាគម្រោងនាំមុខនៅកម្ពុជា ក្រោមកិច្ច​សហប្រតិបត្តិការ​ជា​មួយ​បណ្តា​អង្គការ វិទ្យាស្ថាន សាកលវិទ្យាល័យ និងស្ថាប័ននានាពីប្រទេសបារាំង ហើយគម្រោង​ទាំង​នោះ​ភាគ​ច្រើនកំពុងអនុវត្តនៅតំបន់រមណីយដ្ឋាន បេតិកភណ្ឌវប្បធម៌។ ផ្អែកលើលទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការល្អនេះ កាលពីពេលថ្មីៗកន្លងមក កម្ពុជាទទួលបានកញ្ចប់ ថវិកាកៅសិបម៉ឺនអឺរ៉ូ សម្រាប់​ប្រើប្រាស់ក្នុងការសិក្សាគម្រោងនៃការពង្រីកសារមន្ទីរជាតិកម្ពុជា ហើយការងារ​នេះ​នឹង​មាន​រយៈ​ពេលពីរឆ្នាំ។ គម្រោងនេះបានផ្តួចផ្តើមដំបូងនាអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងទៅបំពេញបេសកកម្មនៅប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងទទួលបានការគាំទ្រទាំងស្រុងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងពេល​ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះ រាជាណា​ចក្រ​កម្ពុជា​នា​ថ្ងៃ​ទី​១៨-១៩ ខែមករា ឆ្នាំ២០២៤។ លទ្ធផលនៃកិច្ចសហការនានាកន្លងមក បានបង្ហាញអំពីឆន្ទៈ មោះមុត រវាងប្រទេសទាំងពីរក្នុងការជួយជ្រោមជ្រែងគាំទ្រលើផ្នែកវប្បធម៌៕ អត្ថបទ រដ្ឋា

អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្ម

2024/04/30 02:28:32 pm        235
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះ​ឃើញ​បំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណ​របស់​ប្រាសាទ​តាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់​ភ្នែនប្រក់​នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការ​សម្អាត​គំនរ​ដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បី​រៀបចំ​សម្រង់​ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុង​ប្លង់​រួមរ​បស់​ប្រាសាទ​ឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុង​ពេល​សម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។  លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារ​តែ​ក្រុម​ការងារ​ប្រទះ​ឃើញ​បំណែក​បដិមា​កប់​នៅ​ក្នុង​ដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើ​រណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏​ប្រទះ​ឃើញ​បំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។រហូតមក​ដល់​ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុង​ជម្រៅ​ដី​ចុះទៅ​ក្រោម​ទៀត​អាច​នៅ​តែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើក​យក​បំណែក​រូប​បដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំង​វាស់​វែង​ទំហំ​ខ្នាត​ជាបណ្តោះអាសន្ន។  ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។ បំណែករូប​បដិមា​ដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ វិបត្តិកង្វក់បរិយាកាសនៅតំបន់បាល់កង់ គំរាមកំហែងដល់សុខភាពសាធារណជន
01/23/2025 07:01 PM
ការបញ្ជូនជំនួយទៅកាន់ទីក្រុង Rafah តំបន់ហ្កាហ្សា ជួបការយឺតយ៉ាវវដោយសារផ្លូវលំបាក បែកកង់រថយន្ត និងភ្លៀងធ្លាក់
01/23/2025 07:01 PM
មន្រ្តីហ៊ូធី និងពលរដ្ឋក្រុង Sanaa ច្រានចោលការសម្រេចចិត្តរបស់អាមេរិកចាត់ទុកឧទ្ទាមមួយនេះថាជាអង្គការភេរវកម្មបរទេស
01/23/2025 07:01 PM
ក្រុមហ៊ុនថាមពលអ៊ុយក្រែន DTEK មានគម្រោងពង្រីករោងចក្រថាមពលខ្យល់តម្លៃ ៤៧០លានដុល្លារ
01/23/2025 06:01 PM
ចិន៖ ខ្លួននឹងធ្វើការជាមួយហូឡង់ ដើម្បីរក្សាខ្សែច្រវាក់ផ្គត់ផ្គង់សកលប្រកបដោយស្ថិរភាព
01/23/2025 06:01 PM
នគរបាលក្រុមហាម៉ាសបន្តយាមកាមទីស្នាក់ការកណ្តាលរងការបំផ្លិចបំផ្លាញរបស់ពួកគេនៅទីក្រុងហ្កាហ្សា
01/23/2025 06:01 PM
រុស្ស៊ី៖ គ្មានអ្វីថ្មីពិសេស ជុំវិញការគំរាមដាក់ទណ្ឌកម្ម និងដំឡើងពន្ធរបស់លោក Trump
01/23/2025 06:01 PM
សាលារៀន នៅទីក្រុងបាងកកជិត ២០០ ត្រូវបិទ ដោយសារការបំពុលបរិយាកាស
01/23/2025 06:01 PM
សកម្មជនបរិស្ថានរឹបអូសជានិម្មិតរូបយន្តហោះឯកជននៅអាកាសយានដ្ឋានដែលប្រើប្រាស់ដោយអ្នកចូលរួមកិច្ចប្រជុំ WEF
01/23/2025 06:01 PM
និស្សិតអាហារូបករណ៍សិក្សានៅថៃ ប្តេជ្ញានឹងខិតខំយកចំណេះដឹងជួយដល់ការអភិវឌ្ឍសង្គមកម្ពុជា
01/23/2025 06:01 PM