BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យច្រាំងទន្លេ ដែលរងគ្រោះស្រុតច្រាំងទន្លេប្រវែងជាង១០០ម៉ែត្រ

2021/10/11 10:14:05 am        222
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត ចុះពិនិត្យច្រាំងទន្លេ ស្ថិតក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ដែលរងគ្រោះស្រុតច្រាំងទន្លេប្រវែងជាង១០០ម៉ែត្រ។ ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានផ្តល់ប្រេង៣០០លីត្រជូនដល់ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស ដើម្បីការបូមទឹករំដោះចេញពីក្នុងភូមិ ។ សូមជម្រាបជូនថា ច្រាំងទន្លេក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស បានស្រុតចូលទន្លេរយៈពេល បីថ្ងៃមកហើយ ប៉ុន្តែមិនប៉ះពាល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋឡើង។

ICC-Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

2021/10/08 09:51:15 am        567
សៀមរាប ៖ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា រួមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យតាមការដ្ឋានប្រាសាទបុរាណមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ។លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការងារ​នេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធ ដែល​កំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវ​ស្ថេរភាព​និងភាពរឹងមាំ​របស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាព​តំបន់ជុំវិញរចនា​សម្ព័ន្ធប្រាសាទ​ឱ្យ​មានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និង​បូរណភាព​របស់អង្គរ។សូមជម្រាបថា លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដោយត្រូវចុះទៅពិនិត្យមើល​ការងារ​មួយចំនួននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី និងប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត៕

ភ្ញៀវ​ទេសចរ​ជាង ៣​ម៉ឺន​នាក់​ចូល​ទៅទស្សនា​ខេត្តសៀមរាប​អំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌបីថ្ងៃ

2021/10/08 09:52:20 am        480
សៀមរាប ៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ខែតុលាឆ្នាំ២០២១នេះ នៅខេត្ដសៀមរាប មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងខេត្ដនោះ មានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយការទៅកំសាន្ដនោះ មានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលជំងឺកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយ។លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប មានប្រសាសន៍នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះថា រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ដែលប្រជាពលរដ្ឋទៅ​ទស្សនានោះ ​រួមមាន - រមណីយដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនទៀត នៅខេត្ដសៀមរាប។លោកបានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដើរកម្សាន្ដសម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានចំនួនប្រមាណ ១៤.០៤០ នាក់ ហើយសម្រាប់នៅថ្ងៃទី០៥ និងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ កន្លងមក នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងខេត្តសៀមរាប ប្រមាណ១៩,១៨២ នាក់ ​ដែលសរុបក្នុងរយពេល៣ថ្ងៃនេះ មានជាង៣ម៉ឺន៣ពាន់នាក់ ។របាយការណ៍ បានបន្ថែមថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល បើក​ឲ្យ​អ្នកទេសចរណ៍​ដើរទៅកំសាន្ដតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋាននានាក្នុងខេត្តនេះ មាន​ភ្ញៀវទេសចរ ​បានទៅទស្សនាជា​ហូរហែ ហើយការដើរកំសាន្ដរបស់ពួកគាត់ ជាលក្ខណៈគ្រួសារ និងមានការពារជំងឺកូវីដ១៩ យ៉ាង​ខ្ជាប់ខ្ជួនផងដែរ ​ខណៈដែលពួកគាត់នៅនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។យោងតាមរបាយការណ៍ដដែល បានបង្ហាញ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ និង​រមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់​បាន​​គ្រប់គ្នាផងដែរ៕

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ការ​កំណត់​សញ្ជាតិ​តែមួយ​សម្រាប់​មេដឹកនាំ​​ស្ថាប័ន​កំពូលទាំង​បួន គឺ​​ដើម្បី​ការពារ​កម្ពុជា​ពី​ការ​ជ្រៀត​ជ្រែក​ពី​បរទេស

2021/10/08 09:58:08 am        481
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា គឺ​ដើម្បី​បញ្ចៀស​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​មក​ក្នុង​កិច្ច​ការ​ប្រទេស​កម្ពុជា ដែល​សម្ដេច​មើល​ឃើញ​ថា នេះ​គឺ​ជា​ផល​ប្រយោជន៍​រយៈ​ពេល​វែង​សម្រាប់​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​អង្គ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ ក៏​ត្រូវ​បាន​ដាក់​ចូល​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «តែ​វា​មាន​ផល​ប្រយោជន៍​រយៈ​ពេល​វែង​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​នូវ​​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ជាតិ​មាតុភូមិ។ ហេតុអ្វី​មិន​ហ៊ាន​យក​សញ្ជាតិ​តែ​មួយ ហើយ​មក​ចង់​ដណ្ដើម​យក​កៅ​អី​នាយករដ្ឋ​មន្ត្រី ហើយ​កន្លែង​នេះ វា​មាន​ទំនាស់​ផល​ប្រយោជន៍»។ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា បាន​ស្នើ​ឱ្យ​មាន​ការ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដោយសារ​សំដៅ​​ឱ្យ​មេដឹកនាំ​នៃ​ស្ថាប័ន​កំពូល​ៗ​ទាំង​បួន​របស់​កម្ពុជា ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ។ ស្ថាប័ន​កំពូល​ទាំង​បួន ដែល​តម្រូវ​ឱ្យ​មេដឹកនាំ​ត្រូវ​មាន​សញ្ជាតិ​កម្ពុជា​តែ​មួយ​នោះ មាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ព្រឹទ្ធ​សភា រដ្ឋ​សភា និង​នាយករដ្ឋ​មន្ត្រី។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «ការ​ជ្រៀត​ជ្រែក​​ពី​បរទេស​ទៅ​លើ​តំណែង​ដ៏​សំខាន់​នេះ គឺ​វា​អាច​កើត​មាន​ច្បាស់ ព្រោះ​អ្នក​មានសញ្ជាតិ​ពីរ​ត្រូវ​បង់​ពន្ធ​ឱ្យ​ក្រៅ​ប្រទេស។ អ៊ីចឹងទេ គេ​អាច​កំឡា​ថា បើសិន​មិន​ធ្វើ​តាម​គេ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឯង​នៅ​ក្រៅ​ប្រទេស គេ​នឹង​រឹប​អូស​ ឬ​ធ្វើ​ស្អីៗ​អ៊ីចឹង​ទៅ។ ដូច្នេះ វា​នៅ​ក្រោម​ឥទ្ធិពល​គេ។»។សម្ដេច​តេជោ ហ៊ុន សែន ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ នឹង​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​​សម្រាប់​សម្ដេច​ផង​ដែរ បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ចោទ​ប្រកាន់​នា​ពេល​ថ្មីៗ​នេះ​ថា សម្ដេច​បាន​ទិញ​សញ្ជាតិ​ស៊ីប​[Cyprus]។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍ថា​៖ «ទីពីរ​ដើម្បី​បញ្ជាក់​​ឋានៈ​របស់ ហ៊ុន សែន ឱ្យ​បាន​ស្រូត​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​ធម្មនុញ្ញ​ចូល​ជា​ធរមាន​ហើយ គឺ​ឋានៈ​នាទី​របស់ ហ៊ុន សែន ត្រូវ​បាន​បញ្ចប់​ ព្រោះ​ដោយសារ​តែ​គេ​បាន​ចោទ​ប្រកាន់​ថា ហ៊ុន សែន មាន​សញ្ជាតិ​ពីរ ប៉ុន្តែ បើសិន​ ហ៊ុន សែន អត់​មាន​សញ្ជាតិ​ពីរ​ទេ ហ៊ុន សែន នៅ​តែ​បន្ត​​[ដឹកនាំ​ប្រទេស]»។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា នៅ​ពេល​សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ហើយ អ្នក​នយោបាយ​មាន​សញ្ជាតិ​ពីរ ដែល​ប៉ុន​ប៉ង​ប្រកួត​ប្រជែង​សម្រាប់​តំណែង​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​បួន​នេះ នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ៕

អ្នកទេសចរប្រមាណ១ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកោះកុង ឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ

2021/10/08 12:13:19 pm        604
កោះកុង ៖ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ខេត្តកោះកុង ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ បានមកលេងកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្ត ក្រោមការអនុវត្តវិធានការសុខាភិបាល។រយៈពេល៣ថ្ងៃ គិតពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែតុលា ខេត្តកោះកុង បានទទួលលំហូរភ្ញៀវទេសចរ មកលេងកម្សាន្ត និងស្នាក់នៅហូបចុកតាមរមណីយដ្ឋានធម្មជាតិនានា គ្រាខេត្តនេះ ខកខាតមានភ្ញៀវជិត២ឆ្នាំមកលេង ដោយសារការរីករាលដាលជំងឺកូវីដ១៩។លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទសចរណ៍ខេត្តកោះកុង ឱ្យដឹងព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា អ្នកទេសចរដែលមកលេងកម្សាន្តមានប្រមាណ ១១.២៤៨នាក់ ក្នុងនោះ​អ្នកទេសចរបរទេសចំនួន ៩៣នាក់ បើធៀបនឹងឆ្នាំ២០២០ ថយចុះចំនួន ១៥.០០០នាក់ ស្មើ៥៧ភាគរយ។ ការថយចុះកំណើនភ្ញៀវទេសចរគឺព្រោះតែបញ្ហាជំងឺកូវីដ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ។លោក បញ្ជាក់ទៀតថា លោកបានជំរុញដល់ម្ចាស់អាជីវកម្ម សេវាកម្ម ត្រូវគោលការណ៍​តាមការ​ណែនាំរបស់ក្រសួងទេសចរណ៍ឱ្យបានល្អប្រសើរទាំងគុណភាពចំណីអាហារ សេវាស្នាក់នៅ ព្រមទាំងអនុវត្តវិធានការសុខាភិបាលផងដែរ។សម្រាប់លោក ជ័យ យឿន ប្រធានសហគមន៍អេកូធម្មជាតិព្រៃកោងកាងពាមក្រសោប អះអាងថា សហគមន៍របស់លោកបានរៀបចំ​សោភ័ណ​អនាម័យបរិស្ថាន​ទៅតាមអ្វីដែលការជូនដំណឹង​របស់រដ្ឋ​បាលខេត្ត និងក្រសួងជំនាញ សម្រាប់ទទួលភ្ញៀវទេសចរដែលមានបំណង​មកលេងកម្សាន្ត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។លោក ជ័យ យឿន បានបន្ថែមទៀតថា រយៈពេល៣ថ្ងៃ អំឡុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ សហគមន៍ពាមក្រសោប មានអ្នកទេសចរចូលកម្សាន្តលំហែកាយជិត៣ពាន់ ដោយមុន​អនុញ្ញាត​ឱ្យ​ចូលក្នុងសហគមន៍ គឺតម្រូវឱ្យអនុវត្តសុខាភិបាលជាចាំបាច់ដូចជា ៖ វ៉ាស់កំដៅ លាងដៃ នឹងអាល់កុល និងម៉ាស់ជាដើម។គួរជម្រាបថា វិស័យទេសចរណ៍នៅខេត្តកោះកុង ហាក់កម្រើកឡើងវិញបន្តិចហើយ ក្រោយ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវដល់ពលរដ្ឋ និងអ្នកទេសចរអាចធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅ​តាមរមណីយដ្ឋានធម្មជាតិនានាទូទាំងប្រទេស៕អត្ថបទ ឈឹម មករា

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ណែនាំ​​ប្រមុខ​ការទូត​កម្ពុជា​ឱ្យ​ស្វែង​រក​ការ​បក​ស្រាយ​ឱ្យ​ច្បាស់​លាស់​ពី​រដ្ឋ​ស៊ីប​ជុំ​វិញ​បញ្ហា​ទិញ​សញ្ជាតិ

2021/10/08 11:41:29 am        360
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ណែនាំ​ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឱ្យ​ស្វែង​រក​ការ​ពន្យល់​ឱ្យ​បាន​ច្បាស់​លាស់​ពី​រដ្ឋាភិបាល​ប្រទេស​ស៊ីប បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ថា សម្ដេច​ទទួល​បាន​សញ្ជាតិ​របស់​ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ណែនាំ​បែប​នេះ​ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ឯ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ឯកឧត្ដម​ ប្រាក់ សុខុន ត្រូវតែ​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​បាន​ល្អ​ជាមួយ​នឹង​រដ្ឋ​​សាយប្រឹស [Cyprus]។ នេះ​គឺ​ជា​ទំនាក់​ទំនង​រដ្ឋ​នឹង​រដ្ឋ។ រដ្ឋ​ទាំង​ពីរ​ទទួល​រង​គ្រោះ​ដូច​គ្នា​។ រាជ​រដ្ឋាភិបាល​កម្ពុជា​[បាន​ទទួល​រង​នូវ​ផល​]​ផល​ប៉ះ​ពាល់​មក​លើ​មេដឹកនាំ​កម្ពុជា គឺ​នាយករដ្ឋ​មន្ត្រី​កម្ពុជា»។សារព័ត៌មាន​ដឹហ្គាដៀន​(The Guardian)របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​ថា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ស្ថិត​នៅ​ក្នុង​ចំណោម​​មនុស្ស​ទាំង​ឡាយ​ដែល​ទទួល​បាន​​សញ្ជាតិ​ស៊ីប​(សាយប្រឹស) ជា​រដ្ឋ​ដែន​ដី​កោះ​មួយ​ស្ថិត​នៅ​សមុទ្រ​មេឌីទែរ៉ានេ​ខាង​កើត និង​ជា​រដ្ឋ​សមាជិក​​សហភាព​អឺរ៉ុប​ផង​ដែរ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បន្ត​ថា «ឯ​សាយប្រឹស​ខ្លួន​ឯង ត្រូវ​ខូច​ឈ្មោះ​ដោយសារ​ការចុះ​ផ្សាយ​ថា ហ៊ុន សែន ទិញ​សញ្ជាតិ និង​មាន​ប៉ាស្ព័រ [លិខិត​ឆ្លង​ដែន]​។ អ៊ីចឹង​ទេ រដ្ឋ​ទាំង​ពីរ​សុទ្ធ​តែ​រដ្ឋ​រង​គ្រោះ​ដូច​គ្នា​ដោយសារ​តែ​សារព័ត៌មាន​ដឹ​ហ្គាដៀន[The Guarian]»។ប៉ុន្តែ សារព័ត៌មាន​មួយ​នេះ បាន​កែ​តម្រូវ​អត្ថបទ​របស់​ខ្លួន​វិញ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​តុលា ដោយ​ថា ការ​ចុះ​ផ្សាយ​ដំបូង​របស់​ខ្លួន មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «ពិត​មែន​តែ​សារព័ត៌មាន​ហ្នឹង​បាន​កែ​ទៅ​ហើយ ប៉ុន្តែ យើង​ត្រូវ​បញ្ជាក់​រដ្ឋ​នឹង​រដ្ឋ​ជាមួយ​គ្នា​។ បើ​ចាំ​បាច់ ឯកឧត្ដម ប្រាក់ សុខុន ឬ​ឯកឧត្ដម កើត រិទ្ធ ជួប​រដ្ឋ​មន្ត្រី​ការបរទេស ឬ​រដ្ឋ​មន្ត្រី​យុត្តិធម៌​តាម​ប្រព័ន្ធ​វីដេអូ​ និយាយ​គ្នា​ឱ្យ​ច្បាស់លាស់​រឿង​នេះ»៕

ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៧០លាដុល្លារដល់កម្ពុជា សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងវិស័យជាច្រើនទៀត

2021/10/08 10:30:29 am        339
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងនូវទឹកប្រាក់ជិត ៧០លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី២)» និងគម្រោងអភិវឌ្ឍលើវិស័យជាច្រើនទៀត នឹងចុះហត្ថលេខាផ្តល់ និងទទួលដោយការទូតកម្ពុជា ជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែតុលានេះ បានឲ្យដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ដោយឥណទានសម្បទានទាំងនោះដូចជា ៖ ១. ឥណទានសម្បទាន ៖ គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារអាមេរិក)។ ២. ហិរញ្ញប្បទានឥតសំណង ៖- គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)- គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)- សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)- គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក)- គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់បន្ថែមទៀតថា ឥណទានសម្បទាន និងហិរញ្ញប្បទាន​ឥតសំណង​ខាងលើ ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន​នឹងចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹង​បន្ថែមទៀត​នូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យ​កាន់​តែល្អប្រសើបន្ថែមទៀតនោះ។សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងធំជាងគេលំដាប់ទីពីរ ដល់កម្ពុជា​បន្ទាប់​ពី​ប្រទេសមហាយក្សចិន។ ដោយជំនួយឥតសំណងទាំងនោះរួមមាន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ធរាសាស្រ្តទឹក វិស័យអប់រំ សុខាភិបាល វិស័យដោះមីន និងវិស័យជាច្រើនទៀត៕អត្ថបទ បាន ចក់

ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ស្ថាបនាយឺតយ៉ាវជាងផែនការ ១៥ភាគរយ

2021/10/01 03:38:13 pm        783
ភ្នំពេញ ៖ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កំពុងស្ថាបនាយឺតយ៉ាវជាងផែនការ ១៥ភាគរយ រដ្ឋមន្ដ្រីក្រសួងសាធារណការ បញ្ជាក់ថា ក្រសួងបាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុនសងសង់ ដើម្បីបន្ថែមគ្រឿងចក្រ សាងសង់ផ្លូវនេះ ឱ្យបានចប់តាមកិច្ចព្រមព្រៀង ។ការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កំពុងសាងសង់យឺតយ៉ាវជាង​ផែនការ ១៥ភាគរយ មានន័យថា ការសាងសង់ទើបតែបាន ៤៥ភាគរយប៉ុណ្ណោះ ដែលរយៈពេលនេះ​គឺត្រូវសាងសង់បាន៦០ភាគរយនោះ។ នេះបើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់​កម្រិត​កំណត់​នៅព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋាន​សាងសង់​នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយគម្រោងផ្លូវនេះ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ក្នុងនោះ​កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែ ចែកចេញជាបីផ្នែក រួមមានផ្នែកទី១ ៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង គឺ២គន្លងទៅ ២គន្លងមក ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ផ្នែកទី២៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤.៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០.៥០ម៉ែត្រ មានបួនគន្លង គឹ២គន្លងទៅ ២គន្លងមក។ ផ្នែកទី៣៖ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែក​ផ្លូវជាតិលេខ៣ ត្រង់អង្គតាសោម ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹង​ផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង គឺ១គន្លងទៅ ១គន្លងមក។គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ គ្រោងចំណាយថវិកា ៥៦.១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួត​ពិនិត្យ​បច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី

2021/10/01 03:20:58 pm        550
ត្បូងឃ្មុំ ៖ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ត្រូវបានឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ សម្រាប់ផ្គត់ផ្គង់ក្នុងកាសពិធីបុណ្យភ្ជុំបិណ្ឌ និងប្រយុទ្ធជំងឺកូវីដ១៩ ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី ។ក្នុងឱកាសប្រគល់អំណោយ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារបូរណភាពទឹកដី គាំទ្រឥតងាករេរ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា តាមតួនាទីភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។ឯកឧត្តម បាន​ផ្ដាំផ្ញើ​ថា​ ត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់​តាមបន្ទាត់ព្រំដែនប្រវែង ១៣៤គីឡូម៉ែត្រ មិនឲ្យបុគ្គលណា រឺប្រទេសណាឈ្លានពានទឹកដី នេះជាកតព្វកិច្ចកងកម្លាំង បន្ត​រក្សា​សន្តិសុខសណ្តាប់ធ្នាប់ មិនឲ្យមានការចលាចលក្នុងមូលដ្ឋាន ដោយអនុវត្តន៍តាមគោល​នយោបាយភូមិ-ឃុំ មាន​សុវត្ថិភាព ពិសេសបន្តការពារប្រយុទ្ធនឹងជំងឺកូវីដ១៩ជាកត្តាអទិភាព។ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងយោធាយើងទាំងអស់បន្តឈរយ៉ាង​រឹងមាំការពារទឹកដី និងត្រៀមកម្លាំងអន្តរាគមន៍ នៅពេលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវការ បូករួមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដូចគ្នា។ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមាន អង្ករ២តោន ទឹកសុទ្ធ២០០កេស មី១០០កេស ម៉ាស៥០០០ម៉ាស អាល់កុល១៥០លីត្រ បន្លែ១៨០គីឡូក្រាម និងថវិកាមួយចំនួន៕

អន្តរកាលកូវីដ-១៩នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ នៅខាងមុខខ្លោងទ្វារវត្តអារាម

2021/10/01 12:45:01 pm        404
ភ្នំពេញ ៖ ស្ថិតក្នុងអន្តរកាលកូវីដ-១៩ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមួយចំនួន បន្តមកប្រគេនចង្ហាន់ និងទេយ្យវត្ថុជូនដល់ព្រះសង្ឃ និងបង្សុលឧទិ្ទស កុសលជូនលោកអ្នកមានគុណ បុព្វការីជន នៅថ្ងៃកាន់បិណ្ឌវេនទី១០ ធ្វើកិច្ច​នៅខាងមុខខ្លោងទ្វារវត្តអារាម។ស្របពេលដែលរាជរដ្ឋាភិបាល បានចេញសេចកី្តសម្រេចស្តីពីការផ្អាក ការរៀបចំពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពិនិត្យឃើញថា គឺបិណ្ឌទី១ និងបិណ្ឌទី២ (ថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១) មិនអាចធានាបានការអនុវត្ត​ត្រឹមត្រូវ​តាមវិធានការសុវតិ្ថភាពសុខាភិបាល។ ដោយប្រកាសផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ណ។ប៉ុន្តែអនុញ្ញាតឲ្យបណ្តាវត្តអារាមនានា​រៀបចំចាត់ចែង​ទទួល​ចង្ហាន់ និងទេយ្យវត្ថុនានានៅខាងមុខខ្លោងទ្វារ ពីពុទ្ធបរិស័ទ។ បើតាមព្រះមាគធីភាសានុរ័ក្ខ អន អុល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា វត្តវិមានតេជៈស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសង្ឃដីកាថា វត្តវិមានតេជៈ បាន​ពង្រឹងវិន័យក្នុងការផ្អាកនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដែលមានបទប្បញ្ញតិ្តយ៉ាងត្រឹមត្រូវ ចំពោះវត្តអារាម និងពុទ្ធបរិស័ទ។ សម្រាប់វត្តអារាមថ្វីត្បិតថា បើទោះបីជាប្រពៃណីទំនៀមទម្លាប់សាសនា និងរក្សាតាំងពីបរមបុរាណ និង​ប្រារព្ធ​ជារៀងរាល់ឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែនេះជាកាលៈទេសៈមួយដែលយើងទាំងអស់ត្រូវការ​ពារឲ្យខ្ជាប់ទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣ការពារ ៣កុំ។ និយាយដោយឡែកយើងក៏អនុវត្តទៅតាមរបៀបក្រុមរស់នៅរបៀបជាគណៈ ក៏ដូចជានៅ​អារាមដ្ឋាន​វិមានតេជៈដែលមានការដឹកនាំដោយសម្តេចជាអង្គម្ចាស់ មាន​លក្ខខ័ណ្ឌ​តឹងរឹងតែម្តង ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលចូលមកក្នុងវត្ត។ជាមួយគ្នានោះដែរ ពុទ្ធបរិស័ទ បាននាំយកចង្ហាន់ និងទេយ្យវត្ថុ មកកាន់វត្តវិមានតេជៈ ហៅវត្តស្រះចក បាននិយាយស្រដៀងគ្នាថា ពួកគាត់មកវត្ត ដើម្បីប្រគេនចង្ហាន់ និងទេយ្យវត្ថុ រួមនឹងបច្ច័យ ជូនដល់ព្រះសង្ឃ និងបានឧទ្ទិសដល់សាច់ញាតិ៧សន្តាន ដែលបានចែកឋាន​ទៅកាន់លោកខាងមុខ។ និយាយដោយឡែកនៅ ក្នុងវិបតិ្តកូវីដ-១៩ ដែលកំពុងរីករាលដាលនេះ នឹងមានការប្រកាសបិទវត្តអារាម គឺជាការល្អ ព្រោះបានចូលរួមការពារសុខភាព និងកុំឲ្យឆ្លងមេរោគ​កូវីដ១៩ ពេលមកកាន់វត្តអារាម ដែលមានការប្រមូលផ្តុំនូវពុទ្ធបរិស័ទ។ក្នុងស្ថានភាពដ៏លំបាកនេះ ព្រះមាគធីភាសានុរ័ក្ខ អន អុល ក៏សុំឲ្យពុទ្ធបរិស័ទដែលមានបំណង​ចង់​មកវត្តអារាម សុំអញ្ជើញមក ប៉ុន្តែកុំមកជាក្រុម វត្តក៏មានរៀបចំចាត់ចែងឲ្យមានលោកតាអាចារ្យ និងព្រះសង្ឃ ដើម្បីរងចាំទទួលចង្ហាន់ និងទេយ្យវត្ថុពីពុទ្ធបរិស័ទ ដើម្បីចូលរួមការពារបន្ថែម និងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន
08/15/2025 01:08 PM
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី២
08/15/2025 12:08 PM
ការជម្រះក្តីលោក Jimmy Lai នៅក្នុងទីក្រុងហុងកុង ត្រូវបានពន្យារពេលដោយសារបញ្ហាបេះដូង
08/15/2025 12:08 PM
UN ជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការអភិវឌ្ឍន៍ទីតាំងលំនៅដែលនឹងបញ្ចប់ការរំពឹងទុកសម្រាប់ដំណោះស្រាយរដ្ឋពីរ
08/15/2025 12:08 PM
អេស្ប៉ាញ ចាប់ខ្លួនអ្នកលួចដុតជាប់ពាក់ព័ន្ធនឹងចំហេះព្រៃ ខណៈអ្នកពន្លត់អគ្គិភ័យទី២ បានស្លាប់
08/15/2025 12:08 PM
ប្រទេសប៉េរូ ច្រានចោលការចោទប្រកាន់ពីការចាប់ជំរិតពលរដ្ឋកូឡុំប៊ីពីរនាក់ក្នុងដែនដី Santa Rosa ដែលមានជម្លោះ
08/15/2025 12:08 PM
ក្រុមហ៊ុនអាកាសចរណ៍ Air Canada មានផែនការលុបចោលជើងហោះហើរ៥០០វ៉ុល ខណៈក្រុមយានិកធ្វើកូដកម្ម
08/15/2025 12:08 PM
ការតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ែរប៊ី កើនឡើងនៅយប់ទីបីនៃការប៉ះទង្គិច
08/15/2025 12:08 PM
បុគ្គលិកឆ្មាំជាតិ៨០០នាក់ ត្រូវបានដាក់ចល័តសម្រាប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន
08/15/2025 12:08 PM
មនុស្សជាង៣៦០នាក់ ពុលអាហារ បន្ទាប់ពីទទួលទានអាហារនៅសាលារៀនដោយឥតគិតថ្លៃនៅឥណ្ឌូនេស៊ី
08/15/2025 12:08 PM