សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប.ប្រកាសឲ្យពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីនាពាក់កណ្តាលខែតុលា​ដល់​ចុង​ខែវិច្ឆិកា​ខាងមុខ

2021/09/02 03:14:11 pm        526
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប.បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អញ្ជើញ​ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទូរទស្សន៍ BTV ទទួលបាននាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការពិនិត្យឈ្មោះ និងចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តិទៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយ​ចំនួន​នៅ​តាមឃុំ-សង្កាត់ដោយ ចាប់ពីថ្ងៃទី១២ ខែកញ្ញានេះ ដល់ខែចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។សេចក្តីជូនដំណឹង បានបន្តទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ មានគោលដៅធានាឲ្យបញ្ជីឈ្មោះបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងមាន​បច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាពតាមរយៈការស្រង់ និងលុបឈ្មោះបោះឆ្នោត សម្រាប់បុគ្គល​បានមរណភាព បុគ្គល ដែលបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងបុគ្គលដែលបាន​ផ្លាស់លំនៅឋាន ឬទីសំណាក់ ចេញពីឃុំ-សង្កាត់ផ្សេង ​ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះ ឆ្នោតជាដើមនោះ។តាមរយៈសេចក្តីជូនដំណឹង បាន​បញ្ជាក់ឲ្យដឹងទៀតថា ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់​សាមី​ខ្លួន​ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ ការចុះឈ្មោះ បោះឆ្នោតដោយ​សំដៅលើ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ឆ្នោត​ពី​មុនមក.ប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើង (កើតមុនឬកើតត្រឹមថ្ងៃទី៦ ខែមិថុនាឆ្នាំ២០០៤)​ប្រជាពលរដ្ឋខ្មែរដែលមានការផ្លាស់ប្តុរលំនៅឋាន ឬ ទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី ហើយត្រូវ ទៅ​ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែល​សាមីខ្លួន​កំពុងរស់នៅ ឬ​ស្នាក់អាស្រ័យ​​ជាដើមនោះ។ជាមួយគ្នានោះដែរ គ.ជ.ប.ក៏បាន​សង្ឃឹម​យ៉ាង​ម៉ុតមាំ​ផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែល មាន​លក្ខខណ្ឌនឹងឯកសារ​គ្រប់គ្រាន់ នឹងបានយល់ពីសារៈសំខាន់នៃការ «ចុះបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោត» នឹងអញ្ជើញទៅគ្រប់ៗគ្នាផងដែរ។សូមបញ្ជាក់ថា ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ របស់​ខ្លួន​នៅឆ្នាំ២០២២ ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន ដែលបានចុះបញ្ជី​ជាផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ នឹងចូលរួមប្រកួតប្រជែងស្របទៅតាមប្រទេសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សផងដែរ៕អត្ថបទ បាន ចក់

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំបើកសាលារៀនឡើងវិញ ក្នុងពេលឆាប់ៗនេះ

2021/09/02 02:25:26 pm        833
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ រៀបចំ​សំអាត​អនាម័យបរិស្ថាននៅតាមសាលា ដើម្បី​ត្រៀមបើកសាលារៀនឡើងវិញ។ថ្លែងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងផ្ទាល់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាល​ពីល្ងាច​ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ ​នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា​លើការ​រៀបចំ​បើក​សាលារៀនឲ្យដំណើរការឡើងវិញ​ ក្រោយពី​បាន​ស្រាកស្រាន្ត​ដោយ​ជំងឺ​កូវីដ-១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវរៀបចំចាត់ចែងសំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅមូលដ្ឋាន​របស់ខ្លួន​ឲ្យ​បានស្អាត ​ដើម្បីត្រៀមបើកសាលារៀន​ឡើងវិញ​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយសិស្សានុសិស្សខកខាតមិនបាន​ចូលរៀនយូរណាស់មកហើយ ដោយសារការរីករាលដាល​ជំងឺ​កូវីដ-១៩ ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍​លើកឡើងថា មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ បាន​ថមថយហើយ យើងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅ​​​កន្លែង​ដែល​មានហានិភ័យទាប ។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសំអាតអនាម័យ​បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំង​សាលាឲ្យបានស្អាត។ បន្ថែម ពីនេះ​ទៀត រដ្ឋបាលរាជធានីភ្នំពេញ​នឹងសុំអន្តរាគមន៍ពីកងទ័ព​ដើម្បីបាញ់ថ្នាំសម្លាប់​មេរោគ​នៅក្នុង​សាលាបន្ថែមទៀត​នៅពេលធ្វើពិធីបើកសាលាឲ្យចូលរៀនឡើងវិញនោះ។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺ​កូវីដ-១៩ តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នក​ជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជានៅទីតាំងរៀប​អាពាហ៍ពិពាហ៍ ព្រីមៀរ សែនសុខជាដើម ។គួរបញ្ជាក់ថា មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ-១៩កំពុង​សម្រាកព្យាបាលប្រមាណជាង១០នាក់ និងនៅវិទ្យាល័យជា ស៊ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង ១០០នាក់ប៉ុណ្ណោះ ដែលត្រូវ​បញ្ជូន​ពួកគាត់​ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំង​សាលានេះ ឲ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤១៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៨៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/02 01:20:18 pm        277
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤១៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៨៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៩២៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៩ ៥០០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៣ ៩២៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានថយចុះនៅ​ត្រឹមជាង​ ១១០០នាក់

2021/09/01 01:11:57 pm        412
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះថា សព្វថ្ងៃមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក មានអ្នកជំងឺថយចុះច្រើន ពីជាង៣៦០០នាក់ ឥលូវនៅសល់តែជាង១១០០នាក់ប៉ុណ្ណោះ។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រង​មណ្ឌល​ថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានបន្តថា មណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមដំណើរការក្នុង​ខែមេសា ឆ្នាំ២០២១ ដោយ​រៀប​ចំដំបូងសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាក​ព្យាបាល​មានចំនួនជាង១០០០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺស្រាល។ ប៉ុន្តែក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្កេតឃើញថា កំណើន​កើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ មានចំនួនច្រើន ជាពិសេសក្នុងរាជ​ធានីភ្នំពេញ និង​ខេត្តកណ្តាល។ ដូច្នេះរាជរដ្ឋាភិបាល ក៏បានពង្រីកមណ្ឌលព្យាបាលជំងឺកូវីដ-១៩បន្ថែមទៀត។ យើងក៏មានគោលដៅពង្រីកឲ្យបានចំនួនជិត៥០០០គ្រែ សម្រាប់មណ្ឌល​ព្យាបាល​ជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិកនេះ។អ្នកគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានលើកឡើង​ទៀត​ថា មួយរយៈចុងក្រោយជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា មានការថយចុះ ហើយការថយចុះក៏អាច​មក​ពីមូលហេតុចំនួន០២ គឺទី១.ប្រជាជន បានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើតាមសិ្ថតិ​របស់​ក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងបានចំនួនជាង៩លាននាក់មកហើយ សម្រាប់ប្រជាជន​អាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយកុមារ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុ១៧ឆ្នាំ ក៏ចាក់វ៉ាក់សាំង បានចំនួនជិត២លាននាក់ផងដែរ។ ដូច្នេះប្រជាជន មានប្រព័ន្ធការពារខ្លួនបានប្រសើរ ធ្វើឲ្យការឆ្លងមេរោគកូវីដ-១៩ ក៏វាអាចថយចុះបន្តិតផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី៣ សម្រាប់ជួយប្រជាជន។ ហើយសម្លឹងឃើញថា ជាទូទៅប្រជាពលរដ្ឋ ហាក់មានទម្លាប់មួយប្រសើរជាងមុនក្នុងការរស់នៅ ពិសេស​ក្នុង​បរិបទ​ជំងឺកូវីដ-១៩ ទាំងការរក្សាគម្លាត ទាំងអនាម័យ ទាំងការមិនចូលទៅកន្លែង​អ៊ូអរច្រើន ថ្វីត្បិតថាមានបុគ្គលខ្លះគាត់មិនអនុវត្ត ប៉ុន្តែតាមការសង្កេតឃើញរបស់លោកសាស្រ្តាចារ្យ គឺប្រជាពលរដ្ឋយើងបានចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ បានល្អប្រសើរច្រើន។ជាចុងក្រោយលោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស សង្ឃឹម និងសុំឲ្យបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលគ្រប់លក្ខខណ្ឌចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងប្រជាពលរដ្ឋវ័យចាស់ សូមមកចាក់​ដូស​ជម្រុញឲ្យបានគ្រប់ៗគ្នា តាមកាលវិភាគ និងទីកន្លែងដែលគណៈកម្មការ​ចំពោះកិច្ចចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជម្រាបជូន។ ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុ១៧ឆ្នាំ ក៏សូមអញ្ជើញចូលរួមមកចាក់វ៉ាក់​សាំង​ឲ្យបានគ្រប់គ្នា ហើយអ្នកដែលមិនបានចាក់សោះ នៅសល់ខ្លះៗដែល (ដោយសារបញ្ហាសុខភាព និងបញ្ហាផ្សេងៗ) ខកខានមិនបានចាក់វ៉ាក់សាំង សូមអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ទាំងអស់គ្នា នៅតាមមណ្ឌលដែលរដ្ឋាភិបាលបានរៀបចំជូន។ ហើយក៏សុំកុំភ្លេចផងដែរ បើទោះបីបងប្អូនប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំង ៣ដូស ឬចាក់វ៉ាក់សាំង បានច្រើនគ្នាក៏ដោយ ក៏មិនមានន័យថា វាអត់ឆ្លងមេរោគកូវីដ-១៩នោះទេ គ្រាន់តែវាអាចកាត់ បន្ថយ អត្រាឆ្លង កាត់បន្ថយអត្រាឈឺធ្ងន់ ហើយក៏អាចកាត់បន្ថយអត្រាស្លាប់។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តជារៀងរាល់ថ្ងៃ៕អត្ថបទ រដ្ឋា 

ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជាមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការដោះបញ្ហាតូចធំ​ទាំងអស់​ឲ្យតែ​មាន​ភាព​សាមគ្គីគ្នា

2021/09/01 11:42:53 am        726
ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា មិនថាបញ្ហាតូច ឬធំនោះឡើយ គឺកម្ពុជាមានសមត្ថភាពដោះស្រាយបានទាំងអស់ ឲ្យតែយើងទាំងអស់គ្នា រួមចិត្ត រួមគំនិត និងមាននូវបេះដូងខ្មែរតែមួយដូចគ្នា បើទោះកម្ពុជាបានកំពុងជួបនូវវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជាបានរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនូវជំងឺនេះ ថែមទាំងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបផងដែរ។តាមរយៈផេកហ្វេសបុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា ផុសចេញពីទឹកចិត្តរបស់ឯកឧត្តម និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមផ្ញើនូវ​សេចក្តីនឹករឭក និងថ្លែងអំណរគុណជូនចំពោះ អ៊ុ ពូ មីង បងប្អូនជាកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ តាមរយៈអំណោយជាស្បៀងអាហារ អាវភ្លៀង និងថ្នាំពេទ្យមួយចំនួននៅពេលនេះ។ឯកឧត្តម បានបន្តថា កងកម្លាំងនគរបាលជាតិបានបំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងការថែររក្សា​សណ្តាប់​ធ្នាប់ និងសន្តិសុខសង្គម ហើយសកម្មភាពទាំងនេះ ពិតជាមានតម្លៃណាស់​សម្រាប់ភាព​សុខសាន្ត​របស់យើងទាំងអស់គ្នា។ កងកម្លាំងនគរបាលជាតិរបស់យើង មិនថា​ក្នុងដំណាក់កាល​មុនកូវីដ១៩ ក្នុងពេលកូវីដ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេល​ស្ងប់ស្ងៀម ឬ​ពេល​ចលាចល​ណាមួយក្នុងការ​អនុវត្ត​ការងារ​ដើម្បីជួយ​សម្រួល​ចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ ​សុខសុវត្ថិភាព សុខដុមរមនា សម្រាប់​ប្រជាជន​ក្នុងរាជធានីភ្នំពេញជាដើម។ឯកឧត្តម បានលើកឡើងថា«ពិតណាស់នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាក​ដោយ​សារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមាន​ភព្វសំណាង ​ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាព​ឈ្លៀសវៃ​របស់សម្តេចតេជោ។ ក្នុងនោះ​ការទទួលបាននូវវ៉ាក់សាំងបង្ការកូវីដ ១៩ ជូនដល់ អ៊ុំពូមីង បងប្អូន និងក្រុមគ្រួសារបាន​បង្ហាញ​ពីការគិតគូរយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ទោះបីជាស្ថិតក្នុងការលំបាក ក៏ជីវភាពរបស់បងប្អូនត្រូវបានដាក់ជា​អាទិភាព ពោលគឺប្រាក់​បៀវត្ស និងប្រាក់បំណាច់នានា​របស់​កងកម្លាំងទាំងអស់ត្រូវបានរក្សាស្ថានភាពដដែល។ ការដើរឆ្លងនូវវិបត្តិនេះ ដោយខ្មែរខ្លួនឯង ​ឆ្លុះបញ្ចាំង​ថា យើងមានសមត្ថភាពគ្រប់គ្រាន់​ក្នុងការ​ដោះ​ស្រាយបញ្ហា ទោះតូច ឬធំ ឲ្យតែយើងទាំងអស់គ្នា រួមចិត្ត រួមគំនិត និងមាននូវបេះដូងខ្មែរ​តែមួយ​​​​ដូចគ្នា»។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអំណោយទាំងនោះ រួមមាន ថវិកាចំនួន ៣,០០០ (បីពាន់) ដុល្លារ អង្ករចំនួន ១៤.៥ តោន ត្រីខកំប៉ុងចំនួន ២០០កេស អាវភ្លៀងចំនួន ១,០០០អាវ ភេសជ្ជៈ​កូកាកូឡាចំនួន ២០០កេស ទឹកសម្លាប់មេរោគចំនួន ២ ធុង និងវីតាមីនC ចំនួន ៥កេស សម្រាប់ ប្រើប្រាស់ ក្នុងការបង្ការ និង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ អំណោយសប្បុរសធម៌នេះ បានប្រគល់ជូនដោយផ្ទាល់ដល់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ។តាមរយៈផេកហ្វេសបុកនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងផងដែរថា អំណោយដ៏តិចតួច​របស់​ឯកឧត្តម និងក្រុមគ្រួសារនៅពេលនេះ គ្រាន់តែអាចជួយសម្រួលជីវភាព អ៊ុំ ពូមីង បងប្អូន បានមួយកម្រិតតែប៉ុណ្ណោះ តែវាពិតជាបានបង្ហាញថា គ្រប់ពេលវេលា យើងទាំងអស់គ្នាតែងតែគិតដល់ និងអរគុណចំពោះកិច្ចប្រឹងប្រែងទាំងនេះ៕អត្ថបទបាន ចក់

គិតត្រឹមខែសីហា ឆ្នាំ២០២១ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២៧លានដូស

2021/08/31 12:17:39 pm        383
ភ្នំពេញ ៖ នាឱកាសដែរលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ ប្រតិបតិ្តការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញមកទទួលការមកដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន០២លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២៧លានដូស។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានឲ្យដឹងទៀតថា យើងមានវ៉ាក់សាំងកូវីដ-១៩ ចំនួន២៧លានដូស ដោយរាប់​បញ្ចូល​ទាំងការបញ្ជាទិញ និងវ៉ាក់សាំងជំនួយ។ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ឲ្យក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស គិតគូរបញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន៥លានដូសទៀត ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែលត្រូវដឹកមក​ដល់ព្រះរាជាណាចក្រកម្ពុជា នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ មកដល់ថ្ងៃនេះ ផែនការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា បានដើរលឿនមែនទែន ទន្ទឹមនឹងនោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកំណត់ឲ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សា និងពិនិត្យលទ្ធភាព ថាតើទីតាំងណាចាក់វ៉ាក់សាំងបាន១០០% មិនមានការឆ្លងមេរោគកូវីដ-១៩នោះទេ នឹងរៀបចំឲ្យមានការបើកសាលារៀនឡើងវិញ ដើម្បីឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ។ ដូច្នេះហើយដូសជំរុញនេះ នៅចំពោះមុខយើងនឹងចាក់វ៉ាក់សាំងជូនដល់ក្រុមជួរមុខ (មន្រ្តីសុខាភិបាល កងកម្លាំងមានសមត្ថកិច្ចដែលប្រតិបត្តិការផ្ទាល់ជាមួយទីតាំងដែលប្រឈម) ទៅអនាគតសម្តេចតេជោ ហ៊ុន សែន លោកបានគិតគូរម៉ត់ចត់ក្នុងការផ្តល់ដូសជំរុញ ជូនដល់​ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់។ ឥលូវយើងយកប្រជាជន ចំនួន១០លាននាក់ជាគោល ទៅថ្ងៃខាងមុខទៀតយើងនឹងចាក់ដូសជំរុញ នៃចំនួនប្រជាជនទាំង១០លាននាក់ ហើយសម្រាប់​កុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ មកដល់ថ្ងៃនេះ យើងចាក់វ៉ាក់សាំង​ជូន​ពួកគាត់ បានចំនួនជិត១លានកន្លះហើយ។ ដូច្នេះនាខែកញ្ញា ភាពស៊ាំរបស់វ៉ាក់សាំង​ទៅលើស​រីរាង្គមនុស្ស កាន់តែបន្តថែមទៀត យើងនឹងបន្តផ្តល់វ៉ាក់សាំងដូសទី៣ ទៅលើប្រជាជនទាំងអស់ យ៉ាងតិចក៏១២លាននាក់ផងដែរ។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានសង្ក់តធ្ងន់ថា វ៉ាក់សាំងដែលបានមកដល់កម្ពុជា ក្នុង​ខែសីហា ឆ្នាំ២០២១ គឺអត់មានរក្សាទុកទេ។ សម្តេចតេជោ បានបញ្ជាទាំងយប់ ឲ្យក្រុមការងារ​ចម្រុះ​ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូន នៅជួរមុខបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ក្នុងនាមមន្រ្តីក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស​ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តែងតែផ្ញើសារតាមរយៈប្រព័ន្ធព័ត៌មាន​ជារៀងរាល់​ថ្ងៃទាំងអស់ ដោយក្រើនរំលឹកប្រជាពលរដ្ឋ កុំព្រងើយកន្តើយ កុំផ្តេកផ្តួលទៅលើលទ្ធផលដែល​យើង​កំពុងគ្រប់គ្រងសភាពការណ៍បាន ព្រោះថាប្រទេសជិតខាងយើង មិនទាន់ធូរស្រាលនោះទេ ហើយក៏មានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ខ្លាំងណាស់។ ប៉ុន្តែកម្ពុជា មានការគ្រប់គ្រងច្បាស់លាស់ មានគោលនយោបាយក្នុងការទប់ស្កាត់បានត្រឹមត្រូវ និង​មានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់ផ្នែកទាំងអស់ ​ទាំងអាជ្ញាធរមូលដ្ឋាន ទាំងប្រជាពលរដ្ឋ​នៅក្នុងសហគមន៍។ ដូច្នេះយើងអាចគ្រប់គ្រងសភាពការណ៍បាន ក៏ប៉ុន្តែមិនមែនបានន័យថា​ទាំង​ស្រុងនោះទេ តែយើងគ្រប់គ្រងឲ្យមានស្ថេរភាព ដោយគ្មានការផ្ទុះរីករាលដាលទ្រង់ទ្រាយធំ។ ដូចនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តវិធានការណ៍ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕អត្ថបទ រដ្ឋា

សម្តេចតេជោ ប្រាប់ទៅក្រសួងអប់រំពិភាក្សាជាមួយអាជ្ញាធររាជធានី-ខេត្តបើកសាលារៀន​មួយចំនួន​ឡើងវិញ

2021/08/31 11:13:43 am        519
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រាប់ទៅក្រសួងអប់រំ យុវជន និងកីឡា​ធ្វើការ​ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីធ្វើការពិចារណាក្នុងការ​បើកសាលារៀន​មួយចំនួនឡើងវិញ ជាពិសេសសាលារៀននៅតាមជនបទ ឬជាទីកន្លែងដែលពុំមានការណី​ឆ្លង​រីក​រាលដាលនៃមេរោគកូវីដ១៩។តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបញ្ជាក់ថា ការបិទសាលារៀននៅទូទាំងប្រទេសគឺវាបានអូសបន្លាយអស់រយៈពេលជាយូរណាស់មកហើយ ហើយការបិទនេះ ក៏វាអាចនឹងធ្វើឲ្យសិស្សានុសិស្សខ្លះមានការខ្ចិលបោះបង់សាលារៀន និងធុញទ្រាន​ចំពោះការសិក្សានេះផងដែរ។ ដូច្នេះក្រសួងអប់រំគប្បីធ្វើការពិភាក្សាជាមួយអាជ្ញាធររាជធានី-ខេត្តធ្វើការបើកសាលារៀនមួយ​ចំនួន​ឡើងវិញ ប៉ុន្តែការបើកនេះ គឺក៏ត្រូវធ្វើការរក្សាគម្លាត និងអនុវត្តវិធានការឲ្យបាន​ខ្ជាប់ខ្ជួន​របស់​ក្រសួងសុខាភិបាលដែលបានណែនាំនាពេលកន្លងទៅ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈប្រទេស​​កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកក៏ពិតមែន ប៉ុន្តែបើប្រទេសមាន​ការបិទ​​សាលារៀន​បន្តទៀត ដោយពុំបានធ្វើការ​វែកញែក​ឲ្យច្បាស់លាស់ត្រង់កន្លែងមានការឆ្លង និង​កន្លែងមិនមាន​ការ​ឆ្លងនោះ វានឹងធ្វើឲ្យសិស្សមានការបោះបង់ចោលសាលារៀន បើទោះបីជាយើង​បានបង្កើត​ការរៀន​ពីចម្ងាយក្តី ក៏ប៉ុន្តែសិស្សានុសិស្សដែលនៅទីតាមជនបទពួកគាត់មានការប្រឈមនឹងអ៊ិនធើណែត ឬ សិស្សខ្លះពុំមានលទ្ធភាពរៀនជាដើម។ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឲ្យមានការបើក​សាលារៀនមួយចំនួន​ឡើង​វិញនេះ គឺដោយសារតែប្រទេសកម្ពុជាយើងបានធ្វើការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ បានជាងមួយលានបួនសែននាក់ និងមនុស្សចាប់ពី១៨ឆ្នាំឡើង​ទៅបាន​ជិត១០លាននាក់​ហើយផងដែរ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបើកនូវសាលាឡើងវិញនេះ គឺនឹងមិនទូលំទូលាយនោះឡើយ​ពោលគឺបើកត្រងកន្លែងជនបទ និងកន្លែងដែលពុំមានការផ្ទុះនូវជំងឺកូវីដ១៩នេះតែប៉ុណ្ណោះ៕អត្ថបទ បាន ចក់

ពលករខ្មែរ ឆ្លងដែនមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះច្រើន

2021/08/30 10:39:20 am        545
ភ្នំពេញ៖ នារយៈពេលចុងក្រោយនេះ ស្ថានភាពនៃការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះជាបន្តបន្ទាប់ ខណៈអត្រានៃការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តមួយនេះ ក៏មានតួលេខទាបជាងមុន នៅចុងខែសីហានេះ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកព្រំដែនឲ្យពលករត្រឡប់មកពីប្រទេសថៃ ចូលស្រុកកំណើតវិញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ គឺនៅច្រកខេត្តបន្ទាយមានជ័យ គឺពលករឆ្លងដែនមកពីថៃ ចន្លោះពី៤០០ ទៅ៥០០នាក់ បានរកឃើញពលករក្នុងចំណោមនេះ ប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ។ ឯកឧត្តម បន្តថា ប៉ុន្តែរយៈពេលចុងក្រោយនេះ ចំនួនពលករឆ្លងដែននកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ បានមានការថយចុះ ហើយសម្រាប់ពលករដែល​ទើបត្រឡប់​មកពី​ថៃទាំង​អស់នោះ ក៏បានចូលរួមសហកាល្អជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ដោយពួកគេបានឲ្យមន្ត្រីសុខាភិបាល​ពិនិត្យ​ធ្វើសំណាក និងធ្វើចត្តាឡីស័ក​បានត្រឹមត្រូវគ្រប់គ្នា និងអ្នកមានវិជ្ជមានក៏នាំទៅសម្រាកព្យាបាល ។ ឯកឧត្តមអភិបាល បញ្ជាក់ថា សម្រាប់រយៈពេលដូចគ្នានេះ សកម្មភាពការលួចនាំ ពលករឆ្លងដែន​ទៅមកប្រទេសថៃ ដោយខុសច្បាប់ពីសំណាកពួកមេខ្យល់ក៏គ្មាននោះដែរ នៅតាមច្រកនានា ក្នុង​ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខណៈកម្លាំងព្រំដែន បាននិងកំពុងពង្រឹងការពារយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់សកម្មភាពលួចឆ្លងដែននេះ ។សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅចុងខែសីហា ឆ្នាំ២០២១ ចំនួនអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន គឺមួយថ្ងៃអាជ្ញាធររកឃើញ​នៅ​ក្រោម​១០០នាក់ ឬលើស១០០នាក់តិចតួច ខុសប្លែកពីដើមខែ និងពាក់កណ្ដាលខែ ដែលរកឃើញ​ប្រមាណពីជាង ២០០នាក់ ទៅ៦០០នាក់ ។ កាលពីថ្ងៃទី២៩ ខែសីហា អាជ្ញាធរបានរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៣នាក់ មានទាំងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករត្រឡប់មកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ៦៣នាក់ ។ ប៉ុន្តែយ៉ាងណា បច្ចុប្បន្ន អាជ្ញាធរខេត្តមិនទាន់​បាន​បន្ធូរបន្ថយ​ ឬ​បញ្ចប់​នៃការបិទខ្ទប់ផ្សារមួយចំនួន និងដាក់តំបន់​ដែលបានរកឃើញការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ ទៅជាតំបន់ក្រហម រួមទាំងអនុវត្ត​នូវបំរាមគោចរនៅពេលយប់នោះទេ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ​ចំនួន៣២៥នាក់ ខណៈនៅទូទាំងប្រទេសកម្ពុជា បានរកឃើញសរុបចំនួន ១ ៧៥២នាក់ ប៉ះពាល់រាជធានីខេត្ត ចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះ ៕

លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា ការចាក់ដូសទី៣​ នឹងធ្វើឲ្យអង់ឌីគ័រ​របស់​​មនុស្ស​កាន់តែខ្លាំង​អាច​តទល់​កូវីដបំប្លែងថ្មីប្រភេទ​ ដែលតាបាន

2021/08/30 10:23:07 am        379
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នូវដូសទី៣ ឬក៏ដូសជំរុញ វានឹងធ្វើឲ្យសរីរាង្គរបស់មនុស្សកាន់តែខ្លាំង ហើយវាអាចទប់ទល់ជាមួយមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDeltaបានផងដែរ ខណៈការចាក់ដូសទី៣ នឹងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១២ ឆ្នាំឡើងទៅ ផ្តើមចេញពីខែសីហាឆ្នាំ២០២១នេះ ​​​រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់បុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដលេខរៀងទី៩លាន​ ស្ថិតនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការចាក់វ៉ាក់សាំងនូវដូសទី៣ហើយ កម្លាំងនៃវ៉ាក់សាំង​នឹង​ធ្វើការ​រុញច្រានឲ្យ​សន្ទុះកងការពារ ឬឌ័គ័ររបស់មនុស្សយើងឲ្យខ្លាំងឡើងវិញ ហើយវាចាំបាច់បំផុត​ក្នុងការពិចារណាចាក់នូវដូសជំរុញនេះឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺក្រុមគ្រូពេទ្យជូរមុខ និងមន្រ្តីស្រួចជាដើម។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធ​សាស្រ្ត​គន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារ​អាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាននូវភាពសុំាក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈាន​ឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ គ្រប់វិស័យ និងការរស់នៅជាមួយ​មេរោគនេះ តាមបែបគន្លងថ្មីជាដើមនោះ។ការចាក់ដូសទី៣ ឬដូសជំរុញនេះ រាជរដ្ឋាភិបាលបានសម្រេចយកវ៉ាក់សាំង AstraZeneca) ចាក់ជូន​ដល់មន្រ្តីសុខាភិបាល និងមន្រ្តីបម្រើការជួរមុខក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ នៅតាមតំបន់​ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា កាល​ពី​ដើម​ខែសីហា កន្លងទៅថ្មីៗនេះ ខណៈការចាក់នូវដូសទី៣នេះ វាបានបង្កើនបាននូវប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ប្រភេទដែលតា និងបំប្លែងថ្មីផ្សេងៗទៀត​បានយ៉ាងល្អផងដែរ។យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះ​មិនទាន់បានបើកជាទូលំទូលាយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនៅឡើយទេ ដោយ​លោកជំទាវ អះអាងថា ប្រមុខរាជរដ្ឋាភិបាលកំពុងតែគិតពិចារណា និងយកចិត្តទុកដាក់ខ្ពស់​លើករណីនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាជំហានបឋមគឺរាជរដ្ឋាភិបាលពន្លឿង​ចាក់​មនុស្សឲ្យបាន១០លាននាក់ ឲ្យរួចរាល់ជាមុនសិនទើបនឹងគិតគួរបន្តទៀតនោះ៕អត្ថបទ បាន ចក់

ផ្លែមៀនប៉ៃលិនចំនួន៥តោន អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ត្រូវបាន​ប្រគល់​ជូនរដ្ឋ​បាល​ខេត្តសៀមរាប

2021/08/28 03:09:02 pm        492
សៀមរាប ៖ ផ្លែមៀនប៉ៃលិន ចំនួន៥តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងត្រូវបានដឹកជញ្ជូនមកដល់សាលាខេត្តសៀមរាប ដោយឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាររងកងអង្គរក្ស នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ។លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដែលមានវត្តមានទទួលស្វាគមន៍ទទួល​អំណោយ​ដ៏ថ្លៃថ្លានេះ បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ​សម្ដេចតេជោ ប្រមុខនៃរាជ​រដ្ឋាភិបាល​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់តំណាងនាំយកផ្លែមៀនចំនួន៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចាត់ចែង​ឧបត្ថម្ភជូនដល់កងកម្លាំង​អាវសជួរមុខ កងកម្លាំង​សមត្ថកិច្ច មន្ត្រីរាជការនៃបណ្តាក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំង​ឧបត្ថម្ភ​ឲ្យបាន​ដល់​ផងដែរ អ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាក្នុងខេត្តសៀមរាប។អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា អ្វីដែលត្រូវបានបង្កប់នៅក្នុងអំណោយផ្លែមៀននេះ គឺ​ការរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំ​ជាមួយប្រជាពលរដ្ឋនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក្នុងនោះ​គោលដៅសំខាន់ គឺជួយសម្រាលការខូចខាត ចេញពីបញ្ហាប្រឈមទីផ្សាររបស់​ប្រជាកសិករ​ដាំដំ​ណាំមៀន (តាង៉ែន) ដែលក្នុងរដូវប្រមូលផលឆ្នាំនេះ ត្រូវបានស្ថិតក្នុងស្ថានភាពនៃការបាត់បង់ទីផ្សារ យ៉ាងធ្ងន់ធ្ងរ​នោះ ដែលនេះ​គឺជាគុណភាពគំរូរបស់ថ្នាក់ដឹកនាំកំពូល និងជា​សម្បត្តិ​ធនាគារ​មនសិកា​នៃសង្គមកម្ពុជា។ក្នុងនាមថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បាន​បួងសួង​ដល់វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងលោក និងបារមី​ព្រះមហាក្សត្រខ្មែរ​គ្រប់ជំនាន់ សូមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា គោរពជូនពរជូន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូម​សម្តេច​ទាំង​ទ្វេព្រមទាំង​បុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបដោយ​ពុទ្ធពរ​បួនប្រការ​គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕Ngin Kimleng

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតមន្ត្រី CIA ត្រូវបានចោទប្រកាន់ពីបទលួចដុំមាសមានតម្លៃរាប់លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ
05/28/2026 02:05 PM
ប្រមុខចារកម្មតាមអ៊ីនធឺណិតអង់គ្លេសហៅ AI ថា ជា «កម្លាំងដែលមិនអាចបញ្ឈប់បាន» និងព្រមានអំពី រុស្ស៊ី
05/28/2026 02:05 PM
កូវ៉ែតនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងស្ទាក់ចាប់មីស៊ីល និងការវាយប្រហារដោយ យានដ្រូន
05/28/2026 02:05 PM
UN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្លាប់ជនស៊ីវិលហ្កាហ្សាដោយអ៊ីស្រាអែល នៅជិតខ្សែបន្ទាត់បទឈប់បាញ់
05/28/2026 02:05 PM
ជនជាតិហ្គាណា ៣០០នាក់ វិលត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ បន្ទាប់ពីមានភាពតានតឹងប្រឆាំងជនអន្តោប្រវេសន៍
05/28/2026 02:05 PM
ផ្ទុះស៊ីទែនស្តុកគីមីនៅរដ្ឋវ៉ាស៊ីនតោន បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២នាក់ ស្លាប់ និង ៩នាក់ បាត់ខ្លួន
05/28/2026 02:05 PM
ន័រវែសនឹងចូលរួមកម្មវិធីទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយប្រទេសបារាំង
05/28/2026 02:05 PM
អារ៉ាប៊ីសាអ៊ូឌីតផ្តល់ជំនួយដល់ប្រទេសយេម៉ែននូវផលិតផលប្រេងដែលមានតម្លៃ ១៥០លានដុល្លារ អាមេរិក
05/28/2026 01:05 PM
មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាបដិសេធការរំសាយអាវុធ ខណៈអ៊ីស្រាអែលបន្តវាយប្រហារនៅភាគខាងត្បូងលីបង់
05/28/2026 01:05 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជំរុញឲ្យក្រុមប្រដាប់អាវុធធ្វើប្រតិបត្តិការ ក្រោមអំណាចរបស់រដ្ឋ
05/28/2026 01:05 PM