គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Putin និងលោក Kim យល់ព្រមបង្កើតទំនាក់ទំនង បន្ទាយយុទ្ធសាស្ត្រ

2024/06/19 12:05:07 pm        127
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានព្រមព្រៀងអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសជាតិរបស់ខ្លួន ជាបន្ទាយយុទ្ធសាស្ត្រ ក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ។យោងតាមរបាយការណ៍នានា សង្គ្រាមនិងអាវុធ ជាបៀបវារៈដ៏សំខាន់រវាងជំនួបនៃមេដឹកនាំទាំងពីរ។ លោក Kim បានស្វាគមន៍លោក Putin នៅព្រលឹមស្រាងៗ នៅអាកាសយានដ្ឋានក្រុងព្យុងយ៉ាង ដោយចាប់ដៃ ឱប និងរាក់ទាក់គ្នា នៅក្បែរយន្តហោះរបស់មេដឹកនាំរុស្ស៊ី។ បន្ទាប់មកមេដឹកនាំទាំងពីរបានជិះរថយន្ត ម៉ាក លីមូហ្ស៊ីន (limousine) ដូចគ្នា ហើយដើរជាមួយគ្នាចូលទៅក្នុងសណ្ឋាគាររបស់លោក Putin ។ លោក Putin ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយរដ្ឋមានអាវុធនុយក្លេអ៊ែរមួយនេះ និងគាំទ្រប្រឆាំងនឹងសហរដ្ឋអាមេរិក។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ជំនួបរវាងមេដឹកនាំទាំងពីរបានបង្ហាញពី "ភាពស្ថិតស្ថេរ និងយូរអង្វែង" នៃមិត្តភាព និងឯកភាពរវាងកូរ៉េខាងជើង និងរុស្ស៊ី។ទីភ្នាក់ងារសារព័ត៌មានខាងលើនេះ បាននិយាយថា ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី បានលេចចេញជាបន្ទាយយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់ការរក្សាយុត្តិធម៌ សន្តិភាព និងសន្តិសុខអន្តរជាតិ និងជាម៉ាស៊ីនសម្រាប់ពន្លឿនការកសាងពិភពលោកពហុប៉ូលថ្មីមួយ៕

មេដឹកនាំតៃវ៉ាន់៖ កោះនេះនឹងមិនឱនក្បាលចុះចាញ់សម្ពាធចិនឡើយ ហើយមានតែយោធាប៉ុណ្ណោះអាចរក្សាន្តិភាពជាមួយចិនបាន

2024/06/19 12:02:50 pm        38
មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនកំពុងព្យាយាមបង្ខំកោះតៃវ៉ាន់ឱ្យចុះចូល ប៉ុន្តែកោះស្វ័យគ្រប់គ្រងមួយនេះ នឹងមិនចុះចាញ់នឹងសម្ពាធនោះទេ ហើយមានតែកម្លាំងយោធាទេ ដែលអាចរក្សាសន្តិភាពជាមួយចិនបាន។ចិន អះអាងកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើកម្លាំងដើម្បីក្រសោបយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងឡើយ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើរដ្ឋាភិបាលក្រុងតៃប៉ិ ដោយការបង្ហាញកម្លាំងចុងក្រោយ រយៈពេលបីថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់មេដឹកនាំលោក ឡៃ នៅពេលប្រទេសចិនធ្វើល្បែងសង្គ្រាមជុំវិញកោះនេះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ គម្រប់រយៈពេលខែដំបូងក្នុងការចូលកាន់តំណែងរបស់ខ្លួន លោក Lai បាននិយាយថា ការបញ្ចូលតៃវ៉ាន់ គឺជាគោលនយោបាយជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន។ការលើកឡើងរបស់លោក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តការលក់យានដ្រូន និងមីស៊ីលក្នុងទំហំទឹកប្រាក់ប្រមាណ៣៦០លានដុល្លារអាមេរិក ឲ្យទៅកោះតៃវ៉ាន់៕

ខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ថ្លែងសុន្ទរក​ថា​ក្នុង « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤

2024/06/19 11:37:46 am        192
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដែលកម្មវិធីនេះបាន​រៀបចំ​ឡើង​​នៅប្រទេសសិង្ហបុរី។ ខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ថ្លែង​ក្នុង « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » ដែលមានខ្លឹមសារដូចខាងក្រោម៖ -ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកវិនិយោគិនខ្មែរ និងសិង្ហបុរី ដែលបានអញ្ជើញចូលរួម ក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅប្រទេសសិង្ហបុរី។ -សម្ដេចក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី និងសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមនអតីតសិស្សនិស្សិតខ្មែរនៅសិង្ហបុរី ចំពោះកិច្ចសហការដ៏មានតម្លៃសហការរៀបចំវេទិកាធុរកិច្ចនេះឡើង។ -សម្ដេចធិបតីបញ្ជាក់ថា វេទិកានេះ បានដើរតួសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងសហគមធុរកិច្ចកម្ពុជា-សិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាពផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី កម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងយូរអង្វែង និងស៊ីជម្រៅ ដោយចាប់ផ្ដើតមតាំងពីកម្ពុជាទទួលស្គាល់ឯករាជភាពរបស់សិង្ហបុរី ក្នុងឆ្នាំ១៩៦៥។ ឈរលើមូលដ្ឋានគ្រឹះដែលបានកសាងឡើងដោយសម្ដេចព្រះនរោត្តមសីហនុ និងលោក លី ខ្វាន់យូ នាយករដ្ឋមន្រ្ដីទីមួយរបស់សិង្ហបុរី ភាពដៃគូដ៏រឹងមាំនេះ បានរឹតតែរឹងមាំថែមទៀតជាលំដាប់ក្នុងរយៈពេលកន្លងប៉ុន្មានទស្សវត្សរ៍មកនេះ ដោយយើងឃើញការរីកចម្រើនគួរឱ្យគត់សម្គាល់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលត្រូវបានពង្រឹងដោយបានផ្លាស់ប្ដូរកម្រិតកំពូលជាញឹកញាប់ និងការប្ដេជ្ញាចិត្តរួមឆ្ពោះទៅកាន់ភាពរីកចម្រើន។-សម្ដេចធិតបីបញ្ជាក់ថា សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបជវភាព។ ពាក់ព័ន្ធនឹងការវិនិយោគក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោងវិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប ១៥៣ គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់ ៤ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។-សម្ដេចធិបតីបញ្ជាក់ថា សិង្ហបុរីតែងតែឋិតក្នុងប្រភពវិនិយោគពីបរទេសកំពូលទាំង ១០ នៅក្នុងប្រទេសកម្ពុជា ក្នុងទស្សវត្សរ៍កន្លងមក ដោយបានចូលរួមចំណែកជិត ២ ពាន់លានដុល្លារអាមេរិក ក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា។ -សម្ដេចធិបតីបញ្ជាក់ថា ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាតីដ៏សំខាន់ ក្នុងការអភិវឌ្ឍកម្ពុជា ដោយបានជំរុញកំណើនក្នុងវិស័យជាច្រើនដូចជា កម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនល្បីៗរបស់សិង្ហបុរី ជាច្រើនបានចូលរួមបណ្ដាក់ទុនវិនិយោគដ៏រឹងមាំនៅកម្ពុជា ដែលការណ៍នេះ បង្ហាញពីភាពជោគជ័យ និងសត្តានុពលនៃការវិនិយោគនៅកម្ពុជា។ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី មានកិច្ចសហការលើសពីពាណិជ្ជកម្ម និងការវិនិយោគទៅទៀត ប្រទេសទាំងពីរកំពុងសហការគ្នាក្នុងការជំរុញវិសយទសចរណ៍ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចាប់យកកាលានុវត្តភាពនានានៃបរិវត្តកម្មឌីជីថល។ -សម្ដេចធិបតីបន្ថែមថា កម្ពុជា-សិង្ហបុរី បានឹងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការបង្កើនការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថាកម្លាំងពលកម្មរបស់ប្រទេសទាំងពីរមានជំនាញ និងចំណេះដឹងស្របតាមតម្រូវការសេដ្ឋកិច្ចក្នុងសម័យទំនើប។ -សម្ដេចបន្តថា ការដាក់សម្ពោធមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី នៅរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ ២០២២ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយក្នុងភាពជាដៃគូររវាងកម្ពុជា និងសិង្ហបុរី។ ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលចេញពីមជ្ឈមណ្ឌលនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរចំពោះការផ្លាស់ប្ដូរចំណេះដឹង និងការកសាងសមត្ថភាព។-សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏គួរឱ្យស្ងប់ស្ងែង ដែលអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍មុនការរាតត្បាតជំងឺកូវីដ-១៩។ ទោះបីជាមានការថមថយបន្ដិចនៅឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបង្ហាញភាពធន់គួរឱ្យគត់សម្គាល់ក្នុងឆ្នាំ២០២៣ និងឈានទៅសម្រេចបានតាមកំណើនអត្រា ៥% ក្នុងឆ្នាំ២០២៣ ជាមួយនឹងការព្យាការណ៍កំណើន៦ ៦% ក្នុងឆ្នាំ២០២៤។ -តាមរយៈកំណើនដ៏ឋិតថេរ និងភាពធន់ គួបផ្សំនឹងការកើនឡើងនៃការវិនិយោគពីបរទេសបានជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយមានការរីកចម្រើននៅអាស៊ីអាគ្នេយ៍។ -រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃនិយោគិន និងសហគ្រាសដែលត្រូវបានបង្កើតឡើងថ្មីលើគ្រប់វិស័យនៅកម្ពុជា។ ចំពោះការជំរុញបរិយាកាសវិនិយោគរាជរដ្ឋាភិបាលបាននឹងកំពុងនុវត្តការកែទម្រង់ស៊ីជម្រៅសម្រួលបទបញ្ញត្តិ និងនីតិវិធីក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តពន្ធដារដល់វិនិយោគិនថ្មីនៅកម្ពុជា។ -សម្ដេចធិបតីបញ្ជាក់ថា ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា បានផ្ដល់ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដាររហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានា និងការការពារលើការវិនិយោគនានានៅកម្ពុជាដោយមិនមានការរើងអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស។ -សម្ដេចធិបតីថ្លែងទៅកាន់ វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងពង្រឹងការតភ្ជាប់នៅក្នុងតំបន់ និងធានាប្រសិទ្ធភាពក្នុងការតភ្ជាប់ទៅក្នុងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងទូទាំងតំបន់។-ការវិនិយោគជាយុទ្ធសាស្រ្ដទាំងនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ធុរកិច្ច លើការកាត់បន្ថយការចំណាយលើវិស័យឡូជីស្ទិក បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងអនុញ្ញាតឱ្យធុរជនទាញយកអត្ថប្រយោជន៍បានយ៉ាងពេញលេញពីសក្ដានុពលយ៉ាងធំធេងនៃគម្រោងព្រែកជីកហ្វូណនតេជោនេះនៅក្នុងទីផ្សារតំបន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទស្សនាវិទ្យាស្ថានពហុបច្ចេក​ទេសណានយ៉ាង និង​មជ្ឈមណ្ឌល​នវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត

2024/06/19 11:34:47 am        118
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ចំណុចពិសេសនៃភាពជោគជ័យរបស់វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង គឺការផ្តោតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធរវាងឧស្សាហកម្មក្នុងវិស័យនានានៃសេដ្ឋកិច្ចជាតិ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស តាមរយ:កិច្ចសហការក្នុងស្មារតីយោគយល់ នីងទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំកម្មវិធីសិក្សា ការសិក្សាអនុវត្តជាក់ស្តែង និង ទាំងការចំណាយថវិការួមគ្នាលើកម្មវិធីសិក្សា ជាដើម ៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់ឱកាសសម្រាប់យុវជន សិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤

2024/06/19 10:27:02 am        730
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយCambodia Film Commission និងCINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា តាមរយៈការបណ្តុះបណ្តាលជំនាញនេះ យើងមានធនធានយុវជនថ្មីៗ ដែលបានបោះជំហានចូលក្នុងវិស័យភាពយន្តកម្ពុជា។ ថ្វីត្បិតថាការបណ្តុះបណ្តាលមានរយៈពេលខ្លី ក៏ប៉ុន្តែវាជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញបណ្តុះគំនិត គិតស្រលាញ់របស់យុវជន ពិសេសផ្តល់ឱកាសជាលក្ខណៈបច្ចេកទេសភាព ហើយបោះជំហានចូលក្នុងការផលិតភាពយន្តទាំងខ្នាតខ្លី និងខ្នាតវែង នាពេលខាងមុខ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារសំខាន់ៗចំនួន៣ រវាងកម្ពុជា និងសិង្ហបុរី

2024/06/19 10:23:12 am        91
បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ព្រឹកថ្ងៃ ទី១៩ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បាន​ផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា៕

អាមេរិក យល់ព្រមលក់សព្វាវុធតម្លៃ ៣៦០ លានដុល្លារឱ្យកោះតៃវ៉ាន់ រួមមានមីស៊ីល និងយានដ្រូន

2024/06/19 10:19:51 am        141
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ របស់មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់យានដ្រូន និងមីស៊ីលទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា ៣៦០ លានដុល្លារ។ ចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងហ្គេមសង្រ្គាមជុំវិញកោះនេះកាលពីខែមុន បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីលោក ឡៃ ឆឹងទ័រ (Lai Ching-te)។ ទីភ្នាក់ងាររបស់មន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ការលក់នេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់»។ទីភ្នាក់ងារនេះបន្ថែមថា ការលក់នេះរួមមាន សព្វាវុធប្រឆាំងកងទ័ព ស្វីចប្លេដ ៣០០ (Switchblade 300) យានដ្រូនបំផ្ទុះប្រឆាំងគ្រឿងសឹក (Loitering munitions) និងគ្រឿងយុទ្ធោបករណ៍ពាក់ព័ន្ធផ្សេងទៀតក្នុងតម្លៃប៉ាន់ស្មានចំនួន ៦០,២ លានដុល្លារ ហើយនិងយានដ្រូន អាល់ទូស ៦០០អ៊ិម-វី (ALTIUS 600M-V) រួមទាំងយុទ្ធោបករណ៍ពាក់ព័ន្ធផ្សេងទៀតសម្រាប់ការចំណាយប៉ាន់ស្មានចំនួន ៣០០ លានដុល្លារ។ សូមបញ្ជាក់ថា យានដ្រូនអត្តឃាត ឬយានដ្រូនបំផ្ទុះ គឺជាមីស៊ីលប្រព័ន្ធទូរបញ្ជាខ្នាតតូច ដែលអាចហោះហើរជុំវិញតំបន់គោលដៅមួយ រហូតទាល់តែត្រូវបានបញ្ជាឱ្យវាយប្រហារ។អាជ្ញាធរការពារជាតិតៃវ៉ាន់ បានសម្តែងការអរគុណរបស់ខ្លួន ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការលក់អាវុធដល់ខ្លួន។ ចិនបាននិយាយថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតំបន់តៃវ៉ាន់ របស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់បន្តគាំទ្រកោះតៃវ៉ាន់៕

ចិន និងកូរ៉េខាងត្បូង បើកកិច្ចពិភាក្សាសន្តិសុខការទូត ស្របពេលទស្សនកិច្ចលោក ពូទីន នៅកូរ៉េខាងជើង

2024/06/19 10:14:49 am        138
ក្រុមមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងកូរ៉េខាងត្បូង បានបើកកិច្ចសន្ទនាការទូត និងសន្តិសុខនៅទីក្រុងសេអ៊ូល ខណៈដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង។ អនុរដ្ឋមន្ត្រីការបរទេស និងមន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរបានចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk-yeol) និងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang) បានព្រមព្រៀងគ្នាក្នុងខែឧសភា ដើម្បីរៀបចំកិច្ចសន្ទនានេះ។នេះជាលើកទីមួយហើយដែលមន្ត្រីថ្នាក់អនុក្រសួងបានចូលរួមកិច្ចប្រជុំក្រោមក្របខណ្ឌបែបនោះ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនិយាយថា ការចរចាមានរយៈពេលប្រហែលបួនម៉ោង។ រដ្ឋាភិបាលកូរ៉េខាងត្បូង និយាយថា ប្រទេសនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរទស្សនកិច្ចកូរ៉េខាងជើងរបស់លោក ពូទីន ហើយបានសង្កត់ធ្ងន់ថាដំណើរនោះមិនគួរនាំទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់នោះទេ។ទីក្រុងសេអ៊ូលបានបន្ថែមថា ទង្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំង ដើរតួនាទីស្ថាបនាសម្រាប់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងការរំសាយអាវុធនុយក្លេអ៊ែរ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភាគីចិន បានឆ្លើយតបថា គោលនយោបាយរបស់ទីក្រុងប៉េកាំង ស្តីពីឧបទ្វីបកូរ៉េនៅតែមិនផ្លាស់ប្តូរទេ ហើយសង្កត់ធ្ងន់ថា ខ្លួននឹងបំពេញតួនាទីស្ថាបនាក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងសេអ៊ូល ប្រហែលជាបានព្យាយាមជំរុញឱ្យមានភាពតានតឹងរវាងប្រទេសចិន ជាមួយរុស្ស៊ី និងកូរ៉េខាងជើង តាមរយៈកិច្ចប្រជុំនេះ ដែលបានកើតឡើងនៅស្របពេលដំណាលគ្នានឹងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង៕

លោក Blinken៖ អាមេរិក ព្យាយាមបំពេញចន្លោះប្រហោងលើកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា ដោយបន្ទោសក្រុមហាមាស

2024/06/19 10:03:52 am        136
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ បាននិយាយថា សហរដ្ឋអាមេរិក នៅតែព្យាយាមបំពេញភាពចន្លោះប្រហោង លើកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈក្រុមហាម៉ាសនៅតែបន្តបន្ថែមលក្ខខណ្ឌថ្មីៗចំពោះការអនុម័តកិច្ចព្រមព្រៀងដែលបានស្នើឡើង។ លោក Blinken បាននិយាយបន្ទាប់ពីជំនួបជាមួយអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg ថា ក្រុមហាម៉ាស បានត្រឡប់មកវិញជាមួយលក្ខខណ្ឌថ្មីៗ ដែលការទាមទារថ្មីរួមទាំងលក្ខខណ្ឌ ដែលពិតជាហួសពីអ្វីដែលខ្លួនបានទទួលយកពីមុនមក។ លោក Blinken និយាយថា ការដឹកជញ្ជូនគ្រាប់បែកខ្នាត ២.០០០ib ត្រូវបានដកយកពីអ៊ីស្រាអែល គឺដោយសារការព្រួយបារម្ភចំពោះសុខុមាលភាពរបស់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ ហ្កាហ្សា ដែលនៅតែស្ថិតក្រោមការត្រួតពិនិត្យឡើងវិញដោយសហរដ្ឋអាមេរិក។នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា លោក Blinken បានធានាដល់លោកថា រដ្ឋបាល លោក Biden កំពុងធ្វើការដើម្បីលុបចោលការរឹតត្បិតលើការផ្តល់សព្វាវុធដល់អ៊ីស្រាអែល។

លោក Netanyahu អះអាងថា លោក Blinken បានសន្យាផ្ដល់អាវុធដោយសម្ងាត់ដល់អ៊ីស្រាអែល

2024/06/19 10:00:13 am        107
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់អាវុធ ដែលប្រទេសរបស់លោកត្រូវការក្នុងសង្គ្រាម ទប់ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ។សហរដ្ឋអាមេរិក បានផ្អាកផ្ដល់សព្វាវុធទៅឱ្យអ៊ីស្រាអែលកាលពីដើមខែឧសភា ស្របពេលមានការអំពាវនាវឱ្យខ្លួនកាត់បន្ថយការវាយលុករបស់ប្រទេសនេះលើទីក្រុង រ៉ាហ្វា (Rafah) ដែលមានប្រជាជនច្រើន នៅភាគខាងត្បូងហ្កាហ្សា។ ការដឹកជញ្ជូនដែលត្រូវបានរាយការណ៍ រួមមានគ្រាប់បែកចំនួន ៣.៥០០ គ្រាប់សម្រាប់យន្តហោះចម្បាំង។ យោងតាមអាជ្ញាធរគ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងតំបន់ បានឲ្យដឹងថា ការវាយលុករបស់រដ្ឋជ្វីហ្វមួយនេះលើទីក្រុង Rafah បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ស្លាប់ និងរងរបួស។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ បណ្ដាញសង្គម X កាលពីថ្ងៃអង្គារ លោក Netanyahu បាននិយាយជាភាសាអង់គ្លេសថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធានាដល់រូបលោកថា សេតវិមាន កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីលុបបំបាត់ការកកស្ទះទាំងនេះ ដោយសំដៅលើការផ្គត់ផ្គង់អាវុធ។សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចុងក្រោយ ដែលថាក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Blinken កាលពីសប្តាហ៍មុន នៅទីក្រុងហ្សេរុយសាឡឹម លោក Netanyahu បានទាមទារឱ្យដកចេញរបាំងហាមប្រាមលំហូរនៃការផ្ដល់ជំនួយគ្រាប់រំសេវ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM