សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖បើទោះបី សេង សារី និយាយខុសការពិតក៏សម្ដេច​មិនបញ្ចេញនូវឯកសារឆ្លើយឆ្លង​ជា​មួយសម្ដេច​ដែរព្រោះ សេង សារី ធ្លាប់ហៅសម្ដេចថាពុករយៈពេល៤ឆ្នាំហើយ

2025/02/07 12:44:59 am        147
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បាន​បញ្ជាក់តាមរយៈសារ​នៅលើបណ្ដាញ​សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា បើទោះបី សេង សារី និយាយខុសការពិតក៏សម្ដេច​មិនបញ្ចេញនូវឯកសារឆ្លើយឆ្លង​ជា​មួយសម្ដេច​ដែរព្រោះ សេង សារី ធ្លាប់ហៅសម្ដេចថាពុករយៈពេល៤ឆ្នាំហើយ។សម្ដេ​ចតេជោ បាន​សរសេរថា ខណៈសម្ដេច​សរសេរសានេះ គឺសម្ដេច​កំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ និងទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោក ជុនចន្ទ័បុត្រ ជាមួយលោកសេង សារី។ សម្ដេច​តេជោមានប្រសាសន៍ថា​៖«ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើនរាប់ការនិយាយតាមទូរសព្វ័ ដែល សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយ មួ សុខហួ, អេង ឆៃអៀង និងការសុំជួយបង្កើត គណបក្សផ្ទាល់ផងដែរ។ ខ្ញុំមិនដែលចាត់ទុកសេង សារីជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេង សារី មានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង»។សម្ដេច​តេជោ បន្តថា សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេង និងសារឆ្លងឆ្លើយដែលសម្ដេច​កំពុងរក្សាទុក។សម្ដេច​តេជោបន្តថា​៖«បើទោះ សេង សារី និយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏សេង សារីហៅ ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេ និងផ្តល់ឲ្យ សេង សារី នូវថវិកា ១ ម៉ឺនដុល្លារក្នុងមួយខែរយៈពេល ១២ខែស្មើ១២ម៉ឺនដុល្លារនេះមិនទាន់គិតពីថវិកាដែល សេង សារី ស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិក និងត្រៀមបង្កើតគណបក្ស»។សម្ដេចតេជោបន្តថា​៖«សេង សារី ពុកមិនដែលចាត់ទុកកូនជាចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថា រកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។ បទសម្ភាសរបស់កូន គឺវាយទម្លាក់តម្លៃខ្លួនឯងទេ»។សម្ដេច​តេជោ ប្រាប់ចុងក្រោយទៅ សេង សារី ថា​ សេង សារី អាចភូតអ្នកដ៏ទៃបានតែកុំភូតខ្លួនឯង និងកុំភូត ឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ២៩% ហើយ

2025/02/06 12:22:19 pm        284
កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ២៩%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដោយគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។សូមប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការមមាញឹកនេះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសុវត្ថិភាព

2025/02/06 10:39:51 am        168
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសុវត្ថិភាពហើយដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាយសំផន កុមវិហាន ប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្ស ប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែ រឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រ

2025/02/05 04:33:49 pm        111
នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រ នៅវិមានសន្តិភាព។សូមបញ្ជាក់ថា តាមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការ មេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។ជាក់ស្ដែង សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ ក្រឡា» មានចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា៖ទី១៖ គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរ-សមុទ្រអន្តរជាតិ, ផ្ដល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ ។ទី២៖ ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្រ្តបៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្ដានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ។បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រមទាំងគម្រោងយុទ្ធសាស្រ្ត សម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ហុងគ្រីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាស្នូល

2025/02/05 03:26:43 pm        154
នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូទាំងអស់ រួមមានទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងនៅហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកធ្វើទស្សនកិច្ចរបស់លោកជំទាវនាឱកាសនេះ ដែលវានឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងហុងគ្រី នៅខណៈដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងឈានចូលដល់ខួប៧០ឆ្នាំ នៅឆ្នាំ២០២៦។ នាឱកាសជំនួបនេះ លោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី បានសម្តែងនូវគារវកិច្ច កិត្តិយស និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតជូនលោកជំទាវ និងគណៈប្រតិភូរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម។ លោកជំទាវ ក៏បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី គោរពជូន សម្តេចតេជោ ផងដែរ។លោកជំទាវបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពជាមួយគ្នា ហើយគណៈប្រតិភូរដ្ឋសភាហុងគ្រី ក៏បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា កន្លងទៅនេះ។ នៅក្នុងបរិបទនេះ លោកជំទាវ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យការទូតសភា ដែលនឹងរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកជំទាវបានសម្តែងនូវក្តីជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីនានាផ្សេងទៀត ដូចជារវាងអាស៊ាន និងសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ទំនាក់ទំនងកម្ពុជា និងហុងគ្រី កាន់តែមានភាពល្អប្រសើរឡើង។បន្ថែមពីនេះ លោកជំទាវបានលើកឡើងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី ដោយនៅក្នុងនោះភាគីទាំងពីរបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី នៅទីក្រុងប៊ុយដាប៉េស នៅឆ្នាំ២០២៤ ដោយផ្តោតទៅលើវិស័យគ្រប់គ្រងធនធានទឹក កសិកម្ម និងការផ្តល់គម្រោងឥណទាននានា ដូចជានៅក្នុងវិស័យសន្តិសុខស្បៀងជាដើម។ លោកជំទាវក៏បានរំលេចផងដែរថា ហុងគ្រីបានផ្តល់អាហារូបករណ៍ប្រចាំឆ្នាំប្រមាណ៣០កន្លែង ប៉ុន្តែពុំបានប្រើប្រាស់ឱ្យបានអស់សក្តានុពលនោះទេ។ នៅក្នុងន័យនេះលោកជំទាវ លើកទឹកចិត្តជំរុញឱ្យនិស្សិតកម្ពុជាចូលរួមដាក់ពាក្យយកអាហារូបករណ៍នេះ ដើម្បីជាផ្នែកមួយនៃស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននិងប្រជាជន។ នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា ភាគីនៃប្រទេសទាំងពីរនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ជាពិសេសការជំរុញទំហំពាណិជ្ជកម្ម ឱ្យសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកជំទាវបានគូសបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ ម្យ៉ាងទៀត ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា ក៏បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណលោកជំទាវ ចំពោះការពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី និងលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ពាក្យពេចន៍ដ៏ល្អប្រពៃរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានគូសបញ្ជាក់ដោយក្តីរីករាយថា វត្តមានរបស់គណៈប្រតិភូមកពីគណបក្សប្រឆាំងនៅប្រទេសហុងគ្រីនាពេលនេះ បង្ហាញឱ្យឃើញច្បាស់អំពីកុងសង់ស៊ីសរបស់ប្រទេសហុងគ្រីលើទំនាក់ទំនងជាមួយកម្ពុជា ទោះបីជាប្រវត្តិនៃទំនាក់ទំនងនេះបានឆ្លងកាត់ដំណាក់កាល និងរបបខុសៗគ្នាអស់រយៈពេល៦៩ឆ្នាំក៏ដោយ។ សម្តេចបានបន្ថែមថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រនិងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ។ សម្តេច បានរំលឹកអំពីប្រវត្តិនៃដំណើរទស្សនកិច្ចជាញឹកញ៉ាប់របស់ សម្តេច ទៅហុងគ្រី ចាប់តាំងពីពេលសម្តេច ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ សម្តេចបានចង្អុលបង្ហាញថា ទោះបីស្ថានភាពកម្ពុជាមានការផ្លាស់ប្តូរ ដូចជាការផ្ទេរអំណាចរបស់សម្តេច ជូនអ្នកដឹកនាំបន្តវេនរាជរដ្ឋាភិបាលថ្ម៏ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា និងហុងគ្រី មិនផ្លាស់ប្តូរដែរ។ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាស្នូល ដោយភាគីទាំងពីរអាចស្វែងរកចំណុចកិច្ចសហប្រតិបត្តិការណា ដែលភាគីទាំងពីរអាចសម្រេចបាន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងតាមសក្តានុពលដែលមាន។ ទោះយ៉ាងនេះក្តី សម្តេចបានលើកបន្ថែមថា ភាគីទាំងពីរក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ផងដែរ ដូចជា វិស័យវប្បធម៌ និងជាពិសេស អប់រំ។ នៅក្នុងបរិបទនេះ សម្តេចបានអំពាវនាវឱ្យភាគីហុងគ្រី បន្តជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំងពីពេល សម្តេច ជាប្រមុខរាជរដ្ឋាភិបាល។នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សម្តេចតេជោ បានជម្រាបជូនលោកជំទាវអំពីការផ្តោតអាទិភាពរបស់ព្រឹទ្ធសភាកម្ពុជា ទៅលើវិស័យចំនួន២ ដែលនោះគឺ ការលើកកម្ពស់ការទូតសភា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកិច្ចការការបរទេស នៅក្នុងបរិបទដែលស្ថានភាពភូមិសាស្រ្តនយោបាយតំបន់និងពិភពលោកមានភាពតានតឹង និងស្មុគស្មាញ និងការធ្វើគណនេយ្យភាពចំពោះអង្គបោះឆ្នោត ដើម្បីសមាជិកព្រឹទ្ធសភាសហការជាមួយអង្គបោះឆ្នោត ផ្សារភ្ជាប់ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ក្នុងស្មារតីលើកកម្ពស់ការទូតសភា សម្តេច បានសម្តែងនូវបំណងប្រាថ្នាឱ្យមានការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាហុងគ្រីផងដែរ។ ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចបានថ្លែងអំណរគុណហុងគ្រីដែលបានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី ហើយសម្តេចបានគូសបញ្ជាក់ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។ក្រៅពីនេះ សម្តេចតេជោ បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងបញ្ហាតំបន់ និងអន្តរជាតិ និងគោលនយោបាយរបស់ប្រទេសមហាអំណាចផងដែរ។ជាចុងក្រោយនៃជំនួប សម្តេចតេជោ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ តាមរយៈលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី ជូនចំពោះឯកឧត្តមប្រធានរដ្ឋសភា ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីហុងគ្រី ផងដែរ។ សម្តេចតេជោ បានជូនពរលោកជំទាវ Marta Martrai និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល

2025/02/05 02:11:41 pm        102
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ បន្ទាប់ពីបាន អញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។សម្ដេចធិបតី មានប្រសាសន៍ថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ការធ្វើពិពិធកម្មផលិតកម្មគឺជាមធ្យោបាយមួយដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះការពង្រឹងនិងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាលគឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបាន អបអរសាទរចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល ២៦ ឆ្នាំនេះបានប្រែក្លាយពីក្រុមហ៊ុនដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤ នាក់ និងមានសមត្ថភាពត្រឹត្រឹមតែនាំចូលគ្រឿងបង្គំគ្រប់មុខពីក្រៅប្រទេសមកផ្គុំ និងដម្លើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយដែលបច្ចុប្បនមានបុគ្គលិកជំនាញជាង ១២២០ នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គំច្រើនមុខ និងដម្លើងម៉ូតូលក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គំម៉ូតូមួយចំនួនទៅលក់នៅក្រៅប្រទេសផងដែរ។ សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាគំរូមួយដែលវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការរបស់កម្ពុជាក្នុងការផលិតដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។សូមបញ្ជាក់ថា ក្រុមហ៊ុន NCX បានចាប់ផ្តើមដំណើរការជាមួយការដំឡើងម៉ូតូបាន៥០គ្រឿងក្នុងមួយវេននៅឆ្នាំ១៩៩៩ កើនឡើងដល់ប្រមាណ ៨០០គ្រឿងក្នុងមួយវេន នៅឆ្នាំ២០១៥។ បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន ៥ ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។ នៅមុនពេលជំងឺកូវីដ១៩ រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ហើយនៅឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ ២៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ចំនួននេះមានការកើនឡើងប្រមាណពី ១៧ ភាគរយទៅ២០ភាគរយធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១ នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ ដុល្លារអាមេរិក៕ 

តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវកៅស៊ូ(DBST)ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

2025/02/05 09:32:58 am        76
ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវកៅស៊ូ(DBST) ១ខ្សែ ប្រវែង២២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ហៅថាផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លី ណារុន រួមនិងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមគ្គុទេសឯក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំបន្តរវេន ប្រកបដោយគតិបណ្ឌិត និងថាមពល និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានជម្រាបពួកគាត់ថាគម្រោងផ្លូវក្រាលកៅស៊ូ ដែលអនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ គឺគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់សម្ពោធឲ្យប្រើប្រាស់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការស្ថាបនាផ្លូវនេះគឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយការស្ថាបនាផ្លូវនេះឱ្យក្លាយជាផ្លូវកៅស៊ូរ គឺស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងជាគោលដៅបង្ខិតទីជនបទឱ្យកាន់តែនៅជិតទីប្រជុំជន ឬក្រុង ជាពិសេសជាការឆ្លើយតបទៅតាមតម្រូវការក៏ដូចជាការចង់បានរបស់បងបប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ ក្រោយពេលផ្លូវនេះស្ថាបនារួច ឯកឧត្តមរដ្ឋលេខាធិការ សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងបងបង្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បីការប្រើប្រាស់ជាប្រយោជន៍រួមបានយូរអង្វែង ដោយកុំចាក់ដីភូមិឋានឱ្យខ្ពស់ជាងផ្លូវ កុំចាក់ដីលុបផ្លូវទឹកសងខាងផ្លូវ និងត្រូវចូលរួមការពាររាល់ការដឹកលើសទំងន់ជាដើម ព្រមទាំងកុំហាលស្រូវឬដំឡូងនៅលើផ្លូវព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថាក្នុងឆ្នាំ២០២៤កន្លងទៅ គម្រោងសាងសង់ផ្លូវ និងស្ពាន របស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងខេត្តពោធិ៍សាត់ រួមមាន ផ្លូវក្រាលល្បាយក្រួស ចំនួន ៣ខ្សែ ប្រវែង២២.៧គម នៅស្រុកក្រគរ ១ខ្សែ ប្រវែង ៥,៥ គម និងលូច៥កន្លែង សម្រេចបាន ១០០% ,ស្រុកភ្នំក្រវាញ ១ខ្សែ ប្រវែង ១០,២គម និងលូ ១២កន្លែង សម្រេចបាន ១០០% និងស្រុកបាកាន ១ខ្សែ ប្រវែង ៧គម សម្រេចបាន ៣០%។ ស្ថាបនាស្ពានបេតុង ចំនួន ០១កន្លែង ប្រវែង ៧៥ម៉ែត្រ នៅស្រុកកណ្ដៀង សម្រេចបាន ៤៥%។ផ្លូវក្រាលបេតុង ចំនួន ១ខ្សែ ប្រវែង ១,២គម នៅស្រុកបាកាន និងស្រុកតាលោសែនជ័យ សម្រេចបាន ១០០%។គម្រោងផ្លូវថែទាំខួប ក្រាលកៅស៊ូ ចំនួន ០២ខ្សែ ប្រវែង ៩,១៩គម នៅស្រុកបាកាន សម្រេចបាន ១០០%។គម្រោងផ្លូវថែទាំប្រចាំក្រាលកៅស៊ូ ចំនួន ៧ខ្សែ ប្រវែង ១២៧,៦៦គម សម្រេចបាន ១០០% ៕

ក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៨៣,១២% ហើយ

2025/02/04 11:45:17 am        172
ខេត្តកោះកុង៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដោយមានការចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ ផ្លូវជាតិលេខ ៤៨ ប្រវែងសរុប ១៤៨,០៣ គ.ម (PK០០០+០០០ - PK១៤៨+០៣៨) ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គ.មលេខ១៤១+៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងសាងសង់បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ននេះសម្រេចការសាងសង់បាន ៨៣,១២%។ផ្លូវនេះគឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍ ហើយខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន JTI ជួយទាក់ទាញការវិនិយោគបន្ថែមលើវិស័យឧស្សាហកម្មឱសថ និងកែច្នៃអាហារ

2025/02/03 02:08:15 pm        128
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក Eddy Pirardអគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេចនៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។នាឱកាសជំនួបនេះ លោក Eddy Pirard បានលើកឡើងថា លោក និងសហការី មានកិត្តិយសយ៉ាងខ្លាំង និង ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូន សម្តេចតេជោ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន JTI ក្នុងការចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនាមជានិយោជក ក្រុមហ៊ុនប្រតិបត្តិអនុលោមតាមលក្ខន្តិកៈកម្ពុជា និងជាពិសេសការរួមចំណែកលើកស្ទួយបរិស្ថាននៅកម្ពុជា តាមរយៈសកម្មភាពបណ្តុះកូនឈើ និងការធ្វើការជាមួយ សហគមន៍មូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស ការជ្រើសរើសបុគ្គលិកក្នុងស្រុក និងបានក្លាយជាដៃគូដ៏ល្អជាមួយកម្ពុជាសម្រាប់វឌ្ឍនភាពរួមគ្នា ដោយចាត់ទុកថា ការរីកចម្រើនរបស់កម្ពុជា គឺជាការរីកចម្រើនរបស់ក្រុមហ៊ុន។ លោក Eddy Pirard បានបន្ថែមថា ក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JT Group ដែល មានភាគហ៊ុន៣៣% កាន់កាប់ដោយរដ្ឋាភិបាលជប៉ុន ហើយក្រុមហ៊ុននេះ ក៏មានអាជីវកម្មលើផ្នែកផ្សេងទៀតក្រៅពីឧស្សាហកម្មថ្នាំជក់ ដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារផងដែរ។ លោក Eddy Pirard បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មានវត្តមាននៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ និងបានឃើញការរីកចម្រើនយ៉ាងលឿនខ្លាំងក្លារបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែងរកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។ លោក Eddy Pirard មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំកម្ពុជាឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។ ជាកិច្ចឆ្លើយតប សម្តេចតេជោ បានសាទរ និងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក ជាភាពជាគម្រូល្អនៃអនុលោមភាពសារពើពន្ធ និងជាសមាជិកក្រុមធុរជនល្អបំផុត ព្រមទាំង ការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង ការផ្តល់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យនៅបណ្តោយផ្លូវជាតិនានា។ សម្តេចតេជោ ក៏បានរំឭកអំពីអតីតកាលដែលគ្រួសារសម្តេចក៏ជាគ្រួសារកសិកររស់នៅតាមដងទន្លេមេគង្គដែលដាំថ្នាំជក់ និងចែករំលែកអំពីការវិវត្តនៃការសម្រេចជាគោលនយោបាយលើថ្នាំជក់របស់សម្តេច ពីពេលដែលចរន្តពិភពលោក មិនទាន់មានការហាមឃាត់ការជក់បារី រហូតមកទល់នឹងពេលបច្ចុប្បន្ន។ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពិពិធកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ ។ ជាក់ស្តែង កម្ពុជា បាននឹងកំពុងក្លាយជាប្រទេសនាំមុខគេដែលដាំ និងប្រមូលផលស្រូវ និងគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលកន្លងទៅនេះ។ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធជប៉ុន លើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មានឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា។ សម្តេច បានបន្ថែមថា ក្រុមហ៊ុន គួរសហការជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិកម៉ាកសមូហភាពរបស់ក្រសួងពាណិជ្ជកម្ម សិក្សា បង្កើនការផលិត និងពង្រីកទីផ្សារនាំចេញ ដើម្បីធានាបាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះ ផងដែរ។នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ លោក Eddy Pirard និងសហការី ព្រមទាំងក្រុមហ៊ុន JTI ទទួលបានជោគជ័យ ក្នុងការបំពេញការងារ និងធុរកិច្ចនៅកម្ពុជា៕

អ្នកទេសចរណ៍អាចមកទស្សនាហ្វូងសត្វស្លាបជាង១០០ប្រភេទនារដូវនេះក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងភូមិសាស្រ្តខេត្តតាកែវ

2025/02/02 09:18:48 pm        125
ស្ថិតក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ៨,៣០៥ ហិចតា។តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា១៣២ប្រភេទ កំពុងមានវត្តមាន និងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តទៅតាមរដូវកាល។ សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនេះ មានស្ថានភាពរយៈពេល៦ ខែទឹក និងមានរយៈពេល៦ខែគោក។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។ លើសពីនេះប្រភេទសត្វស្លាប សំបូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
06/24/2025 09:06 PM
រូបភាពចក្រវាលលើកដំបូងរបស់តេឡេស្កូបអង្កេត Rubin បង្ហាញពីយុគសម័យនៃរបកគំហើញហ្វូងដួងតារាមិននឹកស្មានដល់
06/24/2025 08:06 PM
ជនប៉ាឡេស្ទីននាំគ្នាស្វែងរកជំនួយស្បៀងអាហារនៅតំបន់ហ្កាហ្សា ខណៈវិបត្តិស្រេកឃ្លានកើនឡើង
06/24/2025 08:06 PM
ភាពស្ងប់ស្ងាត់បានវិលត្រឡប់មកកាន់កាតាវិញ ក្រោយការវាយប្រហារអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិក
06/24/2025 08:06 PM
លោកស្រី von der Leyen៖ វិស័យការពារជាតិអឺរ៉ុប នៅទីបំផុតបានងើបឡើងហើយ
06/24/2025 08:06 PM
ពលរដ្ឋហ្កាហ្សារងរបួសដោយសារបាញ់ប្រហាររបស់អ៊ីស្រាអែលនិយាយថា នេះគឺជាអាហារមានរសជាតិឈាម
06/24/2025 08:06 PM
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នឹងធ្វើដំណើរទៅចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្នុងតំបន់
06/24/2025 08:06 PM
រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ស្វែងរកដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon
06/24/2025 08:06 PM
ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ៩នាក់ បណ្តាលឲ្យខូចខាតវិហារ និងសាលារៀនៅតំបន់ Dnipropetrovsk
06/24/2025 08:06 PM
ឯកឧត្តម គួច ចំរើន៖ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីគាំទ្រយ៉ាងខ្លាំងក្លាចំពោះវីរៈភាពរបស់កងកម្លាំងជួរមុខ
06/24/2025 07:06 PM