ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

2023/10/04 01:17:51 pm        137
ភ្នំពេញ៖ តាមរយៈជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ភាគីទាំងពីរបានឯកភាពបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ ក្នុងជំនួបនេះសម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនដល់ ឯកឧត្តម អាន់វ៉ាអា-អ៊ុល-ហាក់ កាកា ​នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែលសម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។ ភ្ជាប់ជាមួយនេះសម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​បន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា​ ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីក កាន់តែប្រសើរឡើងថែមទៀត។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការចូលកាន់​មុខតំណែង​ជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ក៏ដូចជាចំពោះជោគជ័យដ៏ត្រចះត្រចង់របស់​គណបក្សប្រជាជនកម្ពុជា​ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក​ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើត​គណៈកម្មការពាណិជ្ជកម្ម​ចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បី​ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដោយទ្បែកវិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ផងដែរ។ លើសពីនេះភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញ​ទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងបានគោរពស្នើសុំឱ្យមានការបង្កើត​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ​ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម ​និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាការឆ្លើយតបសម្តេចធិបតីបានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែលសម្តេចតេជោធ្លាប់បានឯកភាពកាលពីពេល​មុនកន្លងមកដែរ៕

លទ្ធផលសំខាន់៦ចំណុច បង្ហាញក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន លើកទី៤៥

2023/10/04 01:04:03 pm        118
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម ​និងព្រៃឈើអាស៊ាន លើកទី៤៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា អង្គប្រជុំបាន​ពិនិត្យ និងឯកភាពលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម ​និងព្រៃឈើអាស៊ាន ដែលមាន​ក្រុមការងារ​តាមវិស័យ អនុវិស័យ និងក្រុមការងារបច្ចេកទេសជាច្រើន។ កិច្ចប្រជុំនេះ ក៏បានពិនិត្យលើកិច្ចសហប្រតិបត្តិការតាមវិស័យពាក់ព័ន្ធជាមួយដៃគូសន្ទនា អង្គការអន្តរជាតិ​ និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។ ប្រភពខាងលើ បានលើកឡើងបន្តថា អង្គប្រជុំបានឯកភាព និងអនុម័តលើឯកសារយុទ្ធសាស្រ្ត គោលការណ៍ណែនាំ និងឯកសារបច្ចេកទេសមួយចំនួន និងបានចេញសេចក្តីថ្លែងការរួម​នៃកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម ​និងព្រៃឈើអាស៊ានលើកទី៤៥ ដែលជាការប្តេជ្ញាចិត្តក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ដោយទទួលស្គាល់សារៈសំខាន់​នៃកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង ​និងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ការបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាប្រឈមនិងការចាប់យកឱកាសនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍រួមនេះ បានផ្តោតជាសំខាន់ទៅលើ ៦ចំណុច មានដូចជា៖ ក្របខ័ណ្ឌគោល​នយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង​ កសិកម្ម និងព្រៃឈើ ឆ្នាំ២០២២-២០២៣ , ការអភិវឌ្ឍ​ប្រកបដោយចីរភាពនៃវិស័យស្បៀង ​កសិកម្ម និងព្រៃឈើ , សន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ , សុវត្ថិភាពចំណីអាហារ ​ការគ្រប់គ្រងនិងគុណភាពផលិតផល , ការរៀបចំសម្រាប់​ចក្ខុវិស័យក្រោយឆ្នាំ២០២៥ និងផែនការយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការ​លើវិស័យស្បៀង កសិកម្ម ​និងព្រៃឈើ ​និងការរួមគ្នាឆ្ពោះទៅមុខជាមួយដៃគូសន្ទនា និងអង្គការអន្តរជាតិនានា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

2023/10/04 12:58:45 pm        210
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន ១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme - DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធ​អនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences - GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលអង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥។ ក្រៅពីនេះ ភាគីមិត្ត ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើន​ទ្បើង​ថែមទៀត នៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។ ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់អំពីជោគជ័យនៃដំណើរការកាត់ក្តីអតីតមេ​ដឹកនាំ​​ខ្មែរក្រហម ដោយបានវាយតម្លៃថា នេះជាការបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ជាអាទិ៍៖ ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម រហូតដល់ទីបញ្ចប់, ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥ ជាដើម។ល។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។ ដោយឡែក សម្តេចធិបតី ក៏បានគូសបញ្ជាក់ នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងនូវក្តីរីករាយសាទរចំពោះកិច្ច​សហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំងនេះ នាពេលខាងមុខ។ មួយវិញទៀត សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាត​ឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញ​ទៅកាន់ចក្រភពអង់គ្លេស។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថានឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​បន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវាជាដើម។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោល​នយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល​ឡើយ៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ថវិកាមូលនិធិបរិស្ថានត្រូវបម្រើឱ្យការងារអាទិភាពរបស់ក្រសួង ដោយតម្លាភាព និងគណនេយ្យភាព

2023/10/04 12:54:00 pm        230
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រើប្រាស់ថវិកា​មូលនិធិបរិស្ថាន​ ចាំបាច់ត្រូវបម្រើឱ្យការងារអាទិភាពរបស់ក្រសួង ​និងមានតម្លាភាព គណនេយ្យភាព​ ហើយសមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ដំណាក់កាលទី១។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមជាលក្ខណៈគ្រួសារបរិស្ថាន នៅទីស្តីការក្រសួង នាថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ​បានរៀបចំថវិកាមូលនិធិបរិស្ថាន និង​សង្គមឡើងដើម្បីបំពេញ ​និងបម្រើឱ្យវិស័យបរិស្ថាន ​ទៅតាមអាទិភាពដែលក្រសួងបានដាក់ចេញ ហើយ​ចំពោះករណីដែលមិនចំទិសដៅអាទិភាព ​ត្រូវសម្រួចទិសដៅឱ្យចំឡើងវិញ ។ ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ​ដូចនេះនាវាបរិស្ថានអាចឆ្ពោះទៅ​មុខបានលឿន គឺពឹង​អាស្រ័យ​លើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន ​និង សង្គម ​បានចំទិសដៅ ​ចំការងារអាទិភាព ប្រកប​ដោយតម្លាភាព មានប្រសិទ្ធភាពបំផុត ​និងស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងដំណាក់កាលទី១ ​នៃមុំទី២ ទី៤ និងទី៥ ​គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ​និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ​ការអភិវឌ្ឍប្រកប​ដោយភាពធន់ ចីរភាព​ និងបរិយាបន្ន ​ដោយជំរុញការលើកកម្ពស់ ​ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្ម​ដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង៕

អាជ្ញាធររាជធានីភ្នំពេញ ប្រជុំរិះរកវិធានការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងចេញពីភ្នំពេញ ដើម្បីរំដោះទឹកបានយូរអង្វែងចាប់ពី២០ទៅ៣០ឆ្នាំ

2023/10/04 12:44:03 pm        170
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រព័ន្ធលូ និងប្រឡាយបង្ហូរទឹកពីតូចទៅធំ ព្រមទាំងដំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុន និងរៀបចំដំឡើងស្ថានីយបូមទឹកថ្មីបន្ថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់​បញ្ចៀស​ការជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយ​អភិបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ចំពោះរាជធានីភ្នំពេញការរៀបចំប្រព័ន្ធលូ ប្រឡាយ​រំដោះទឹក​គឺបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារឱ្យរួមគ្នាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណា​បញ្ចៀស​ឱ្យបានពីការលិចលង់​នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។ ឯកឧត្ដម ឃួង ស្រេង បន្តថា កិច្ចប្រជុំនេះ​មានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូ ប្រឡាយ​ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗ​បន្ថែមទៀត ឈានទៅរកការរំដោះទឹក​ក្នុងរាជធានី​ភ្នំពេញ​ឱ្យបានកាន់តែល្អប្រសើរ ​និងប្រើប្រាស់បានយូរអង្វែង ​ពិសេសការបង្វែរផ្លូវទឹកពី​ខេត្តកំពង់ស្ពឺ កុំឱ្យចូលមករាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ​តាមគោលការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោមដីឱ្យបានល្អ ដោយធ្វើយ៉ាងណា ​កុំឱ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។ការងារនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ​និងមន្ទីរធនធានទឹក ​និងឧតុនិយមរាជធានីភ្នំពេញ រៀបចំ​ជាផែនការ​ដាក់ទៅអន្តរក្រសួង ​ដើម្បីយើង​បន្តអនុវត្តលើការងារនេះបន្តទៀត​ និងត្រូវរៀបចំ​ជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់​ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ ទៅ៣០ឆ្នាំ ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ ​និងដឹកជញ្ជូនរាជធានីភ្នំពេញ ​បានលើកឡើងផងដែរថា ការស្ថាបនាប្រព័ន្ធលូ ​នៅរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០២២ គឺស្ថាបនា​បានបណ្តាញ​លូប្រវែងជាង ៩២៤គីឡូម៉ែត្រហើយ នឹងបន្តស្ថាបនាប្រព័ន្ធលូ ​ប្រឡាយជាបន្តបន្ទាប់ទៀត ។ បញ្ហាសំខាន់គឺរក្សាឱ្យបាននូវអាងស្តុបទឹក ​ដើម្បីរំដោះទឹកចេញពីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យកម្លាំងនគរបាល ត្រូវអនុវត្តន៍ច្បាប់ឈានមុខពលរដ្ឋជានិច្ច កុំឲ្យបាត់តម្លៃ

2023/10/04 12:37:42 pm        171
កណ្ដាល៖ ឯកឧត្តមអភិសន្តិ ស សុខា ជំរុញទៅកងកម្លាំងនគរបាលទាំងអស់ ត្រូវតែអនុវត្តន៍ច្បាប់ឲ្យបានពេញលេញ នាំមុខប្រជាពលរដ្ឋជានិច្ចកុំឲ្យធ្លាក់តម្លៃរបស់ខ្លួន ហើយត្រូវតាំងខ្លួនជាអ្នកបម្រើ មិនមែនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ ។ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល​កម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅថ្ងៃទី៤ ខែតុលា ​ឆ្នាំ២០២៣នេះ នៅបណ្ឌិត្យសភា​នគរបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា នគរបាលទាំងអស់ ត្រូវយក​ចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាល ​ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និង​មានប្រសិទ្ធភាពជូនជាតិ និងប្រជាពលរដ្ឋ ​ហើយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតី​ទទួលខុសត្រូវខ្ពស់លើការងារ ​គោរពប្រតិបត្តិច្បាប់ ​គោរពសិទ្ធិមនុស្ស និងគោរពវិន័យការងារ​ឱ្យបានល្អប្រសើរ ។ឯកឧត្តម បានបន្តថា ចំពោះប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ត្រូវធ្វើខ្លួនឲ្យបានល្អ នៅពេលបម្រើ​សេវា​ជូនប្រជាពលរដ្ឋ ពិសេសត្រូវមានកម្លាំងប្រចាំការ ​ទទួលបណ្ដឹងរបស់ពលរដ្ឋ ក្នុងករណី​មានពួកគេសូមអន្តរាគមន៍ ​មិនត្រូវធ្វើខ្លួនឲ្យពលរដ្ឋខ្លាច ​រហូតលែងហ៊ានប្ដឹង ឬសូមអន្តរាគមន៍​ដោះស្រាយបញ្ហាអ្វីមួយ ។ជាមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែង​អភិវឌ្ឍន៍​បន្ថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ និងបន្តអនុវត្តអភិក្រម៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក១ គឺការមើលឃើញចំណុចខ្វះខាត ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ​ឧត្តមភាព ​និងការជឿទុកចិត្ត ​ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំង​ខិតខំប្រែក្លាយបណ្ឌិត្យសភា ​ទៅជាបណ្ឌិត្យសភាឌីជីថល ស្របតាម ផែនការ យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថលរបស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ។ នៅក្នុងពិធីនេះ ​នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា​នគរបាល​កម្ពុជា បានបង្ហាញពីការគាំទ្រ និងការផ្ដល់​អាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាល​កម្ពុជា​និងក្រសួងមហាផ្ទៃ ​ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើក​កម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ៕អត្ថបទ បាន សុខរិទ្ធិ

តំណាងIEDកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹកជាមួយម្ចាស់គម្រោង

2023/10/04 12:28:00 pm        198
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ​និងឧតុនិយម និងសហការី នៅថ្ងៃទី៣ខែតុលាម្សិលមិញ ​បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃនាយកដ្ឋានវាយ​តម្លៃឯករាជ្យ (IED) របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែលមកពីទីស្នាក់ការកណ្តាលរបស់ ADB នៅទីក្រុងម៉ានីល ​ប្រទេសហ្វីលីពីន។នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក ​និងឧតុនិយម បង្ហោះ នៅព្រឹកថ្ងៃទី០៤ខែតុលានេះ។យោងតាមខ្លឹមសារ​សំណេរ​ដដែល ​បានបន្តថា​ ក្នុងកិច្ចប្រជុំក្រោមបរិយាកាសប្រកប​ដោយ​សាមគ្គីភាព​ ឯកភាព និងស្និទ្ធស្នាល ​តំណាង IED បានសម្តែង​នូវ​ការ​កោត​សរសើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម ក្នុងការធ្វើកិច្ចសហប្រតិបត្តិការបាន​ទូលំ​ទូលាយ​ជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្តុ (MEF) ​និងបណ្តាស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិ​អន្តរជាតិទាំងអស់ ​សម្រាប់បម្រើឱ្យយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការអនុវត្តគម្រោង​ធ្វើទំនើប​កម្មវិស្វកម្មប្រព័ន្ធធារាសាស្រ្តក្នុងក្របខណ្ឌទូទាំងប្រទេស​ និងការគ្រប់គ្រងវិស័យធនធានទឹក និង​ឧតុនិយម បញ្ជាទឹក ​និងប្រើប្រាស់ទឹកដោយបច្ចេកវិទ្យាទំនើប៕

បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ចូលរួមកាន់បិណ្ឌទី៥ នៅវត្តជោតរតនសីលាកោះនរា

2023/10/04 12:12:56 pm        266
ភ្នំពេញ៖ បុគ្គលិកនៃអគ្គនាយករដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នតំណាងឲ្យលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បច្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តជោតរតនសីលាកោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាម​ទំនៀមទម្លាប់​ប្រពៃណីព្រះពុទ្ធសាសនា ​ហើយក៏​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃគង់ចាំព្រះវស្សា ​និងប្រមែ​ប្រមូល​ផលានិសង្ស​ ដែលកើត​ចេញពី​សទ្ធាចិត្ត​ជ្រះថ្លា​លើក​ឧទ្ទិស​ ជូន​ដល់​ញាតិបុព្វការីជនមាន មាតាបិតា​ ​ញាតិការ​ទាំងប្រាំពីរសន្តាន​ដែលបានចែកឋានទៅកាន់លោកខាងមុខ។ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក៏បានយកបច្ច័យរបស់​លោកជំទាវ ហ៊ុន ម៉ាណា ​ប្រគេនដល់ព្រះសង្ឃ ដើម្បី​កសាង​នូវ​សមិទ្ធផលនានា​ ក្នុងវត្តជាកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានឋិតថេរគ្រប់​៥០០០ព្រះវស្សាផងដែរ។សូមបញ្ជាក់ថា​ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ ​និងទូរទស្សន៍បាយ័ន ក៏ដូចជា​ពុទ្ធបរិស័ទ​ទូទាំង​ប្រទេស​យ៉ាង​ដូច្នេះដែរ ​បាន​ចូលរួម​ប្រារព្ធពិធីកាន់បិណ្ឌ​ ជា​រៀងរាល់ឆ្នាំ ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ ដែលជា​សាសនា​របស់រដ្ឋ។គួរម្លឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។​ ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យសាសនានេះ​ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្ត​តែងតែ​ធ្វើចង្ហាន់វេរប្រគេន​ព្រះសង្ឃ​ជាប្រចាំ​ ដោយគណៈកម្មការវត្ត ឬ​ភូមិបានមូលមតិគ្នាបែងចែកជាវេន ដើម្បីម្បីផ្គត់ផ្គង់ចង្ហាន់​ព្រះសង្ឃ​រហូត​ចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ បាន ចក់ 

លោកបៃដិន អរគុណប្រទេសកេនយ៉ា សម្រាប់ការដឹកនាំបេសកកម្មនៅប្រទេសហៃទី

2023/10/04 11:49:06 am        138
លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងអំណរគុណដល់សមភាគីកេនយ៉ារបស់លោក នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារសម្រាប់ការយល់ព្រមដឹកនាំបេសកកម្មពហុជាតិ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងប្រទេសហៃទី មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។ប៉ុន្តែរដ្ឋបាលលោកបៃដិន នៅតែមិនទាន់បានរៀបរាប់លម្អិតអំពីជំនួយ ដែលបានសន្យាចំនួន ២០០លានដុល្លាររបស់ខ្លួនក្នុងការជួយដល់បេសកកម្មនេះ ដោយប្រាប់សារព័ត៌មាន McClatchy និង Miami Herald ថា វាអាចចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីសម្របសម្រួលជាមួយប្រទេសផ្សេងទៀត ដែលនឹងនាំយកធនធានអ្វីមកទទួល។ សារព័ត៌មានThe Herald បានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ប្រទេសរាប់សិបមកពីតំបន់ការ៉ាអ៊ីប និងអាមេរិកឡាទីន អាស៊ី អាហ្រ្វិក និងអឺរ៉ុប ដែលបានសន្យាជួយបេសកកម្មដោយការបញ្ជូនបុគ្គលិក ការផ្តល់ឧបករណ៍ ឬថវិកា។សេតវិមាន បាននិយាយថា លោកបៃដិនបាននិយាយជាមួយប្រធានាធិបតីកេនយ៉ាលោក លោក វីល្លៀម រូតូ (William Ruto) ដើម្បីអរគុណគាត់សម្រាប់ការឆ្លើយការអំពាវនាវរបស់ហៃទីឲ្យបម្រើជាប្រទេសនាំមុខនៃបេសកកម្មគាំទ្រសន្តិសុខពហុជាតិ«ដែលនឹង»នាំមកនូវការធូរស្បើយដល់ប្រជាជនហៃទី ដែលបានរងទុក្ខជាយូរមកហើយ នៅក្នុងកណ្ដាប់ដៃរបស់ក្រុមឧក្រិដ្ឋជនដ៏ឃោរឃៅ»។

ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនពលរដ្ឋរងគ្រោះ​ដោយជំនន់ចំនួន៩២៥គ្រួសារ នៃស្រុកកណ្តៀង

2023/10/04 11:19:25 am        249
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសាខាអនុសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយជំនន់​ទឹកភ្លៀង ចំនួន៩២៥គ្រួសារ ដែលមកពី៥៦ភូមិ ៦ឃុំ នៃស្រុកកណ្តៀង ​ខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅ នៅទល់មុខសាលាស្រុកណ្តៀង។សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កម្មវិធីប្រគល់ទទួល ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានបន្តនាំយក​អំណោយ​មនុស្សធម៌ ​ជូន​ដល់ជនចាស់ជរាឥតទីពឹងនៅតាមខ្នងផ្ទះ ដែលមិនអាច​ធ្វើដំណើរ​បានចំនួន៥គ្រួសារទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពីអនុស្សរណៈឆ្នាំ២០០១ គឺជា​ការ​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀង​គ្នា​ទ្វេភាគី​តែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់​ជា​ង​ពី​រ​ទសវត្សរ៍​កន្ល​ង​មក
05/04/2026 11:05 AM
អ៊ីរ៉ង់៖ អាមេរិកឆ្លើយតបផែនការសន្តិភាព១៤ ចំណុចរបស់ខ្លួន ខណៈលោក Trumpថាមិនអាចទទួលយកបាន
05/04/2026 11:05 AM
លីគបាល់ទាត់នារី៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងបន្តឈ្នះពីរប្រកួតជាប់គ្នា ឯវិសាខាស្មើបឹងកេត
05/04/2026 10:05 AM
ទាហានអាមេរិកពីរនាក់ បាត់ខ្លួនក្នុងអំឡុងពេលសមយុទ្ធ African Lion នៅប្រទេសម៉ារ៉ុក
05/04/2026 10:05 AM
មេបញ្ជាការកងទ័ពជើងទឹក ក្រើនរំលឹកដល់នាវិកទាំងអស់ត្រូវហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខជូនប្រជាជន
05/04/2026 10:05 AM
ជ័យជំនះរបស់បឹងកេត និងអង្គរថាយហ្គឺរ ធ្វើឱ្យកៅអីលេខពីររបស់ភ្នំពេញក្រោនកាន់តែរង្គោះរង្គើ
05/04/2026 10:05 AM
ប្រេងធ្លាក់ថ្លៃ ក្រោយលោក Trump ថា អាមេរិកនឹងជួយដោះលែងនាវាដែលជាប់នៅច្រកសមុទ្ទ Hormuz
05/04/2026 09:05 AM
អ៊ីស្រាអែល គំរាមបន្តសង្គ្រាមនៅហ្កាហ្សាដើម្បីបង្ខំឲ្យមានការរំសាយអាវុធខណៈ «បទឈប់បាញ់» រង្គោះរង្គើ
05/04/2026 09:05 AM
អធិការបតីអាល្លឺម៉ង់ និយាយសម្រាលពីភាពប្រះឆាជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការដកកងទ័ពអាមេរិកក៏ដោយ
05/04/2026 09:05 AM
យានដ្រូនរបស់អ៊ុយក្រែន វាយប្រហារកំពង់ផែ Primorsk នាវាដឹកប្រេង និងនាវាយោធា របស់រុស្ស៊ី
05/04/2026 09:05 AM