ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការឃ្លាំមើលក្រមសីលធម៌របស់អាមេរិក ប្តឹងលោកត្រាំ ដើម្បីព្យាយាមរារាំងមិនឲ្យដាក់រូបលោកត្រាំនៅលើសន្លឹកឆ្នោត

2023/09/07 12:47:46 pm        147
អង្គការឃ្លាំមើលក្រមសីលធម៌ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃពុធ (៦ កញ្ញា) ដើម្បីព្យាយាមរារាំងលោក ដូណាល់ ត្រាំ ពីការដាក់រូបលោកនៅលើសន្លឹកឆ្នោតក្នុងរដ្ឋ Colorado នៅឆ្នាំក្រោយ ប្រសិនបើលោកឈ្នះការតែងតាំងបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ដោយលើកហេតុផលថាសកម្មភាពរបស់លោកត្រាំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ធ្វើឱ្យលោកបាត់បង់សិទ្ធិពីការកាន់តំណែង។អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងារមិនប្រកាន់បក្សពួក ដែលជាក្រុមពលរដ្ឋសម្រាប់ការទទួលខុសត្រូវ និងក្រមសីលធម៌នៅទីក្រុងវ៉ាស៊ីនតោនមួយនេះ បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋ Colorado ក្នុងនាមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំមួយរូប និងអ្នកបោះឆ្នោតមិនជាប់ពាក់ព័ន្ធ រួមទាំងអតីតរដ្ឋ សហព័ន្ធ និងក្រុមមន្ត្រីមូលដ្ឋានផងដែរ។យោងតាមក្រុមអ្នកជំនាញផ្នែកច្បាប់បានឱ្យដឹងថា យុទ្ធសាស្ត្រផ្លូវច្បាប់មិនទាន់បានសាកល្បង ដែលពឹងផ្អែកលើអំណាននៃវិសោធនកម្មលើកទី១៤ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមួយនេះ ប្រឈមមុខនឹងបញ្ហាដ៏យូរអង្វែង។ វានឹងតម្រូវឱ្យមានការប្រឈមផ្នែកច្បាប់នៅក្នុងរដ្ឋ និងដែនដីទាំងអស់របស់សហរដ្ឋអាមេរិក ដើម្បីបញ្ចុះបញ្ចូលក្រុមមន្ត្រីថា អតីតប្រធានាធិបតីរូបនេះមិនមានសិទ្ធិក្នុងការកាន់តំណែង បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក បានវាយប្រហារវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងការប៉ុនប៉ងដើម្បីបង្វែរលទ្ធផលបរាជ័យក្នុងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ៕

កូរ៉េខាងត្បូង៖ កិច្ចសហប្រតិបត្តិការយោធាណាមួយជាមួយកូរ៉េខាងជើង ត្រូវតែបញ្ឈប់

2023/09/07 12:43:59 pm        96
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃពុធ (៦ កញ្ញា) ថា ការប៉ុនប៉ងណាមួយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងជើង លើកិច្ចការយោធាក្នុងមធ្យោបាយដែលបំផ្លាញសន្តិភាពអន្តរជាតិ ត្រូវតែបញ្ឈប់ជាបន្ទាន់។ ការិយាល័យប្រធានាធិបតីបាននិយាយថា លោក Yoon បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសប្លុកអាស៊ាននៅអាស៊ីអាគ្នេយ៍ក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ការិយាល័យនោះមិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក Yoon កើតឡើងស្របពេលមានរបាយការណ៍ថា កិច្ចចរចាអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី កំពុងដំណើរការទៅមុខយ៉ាងសកម្ម ហើយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ផងដែរ។កូរ៉េខាងជើង និងរុស្ស៊ី បានបដិសេធថាមិនមានការចរចាអាវុធនោះទេ ប៉ុន្តែបើយោងតាមសារព័ត៌មាន New York Times របស់សហរដ្ឋអាមេរិក បានរាយការណ៍នៅសប្តាហ៍នេះថា ដំណើរទស្សនកិច្ចរបស់លោក គីម នៅចុងខែនេះទៅកាន់ទីក្រុងកំពង់ផែ Vladivostok នៅចុងបូព៌ារបស់រុស្ស៊ី គឺជាផ្នែកមួយដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ ដល់ទីក្រុងម៉ូស្គូ នូវសព្វាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន៕

អង្គការសុខភាពពិភពលោក បារម្ភពីកំណើននៃការចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ-១៩

2023/09/07 12:27:11 pm        114
អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃពុធ (៦ កញ្ញា) ថា ចំនួនអ្នកស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ កំពុងកើនឡើងនៅក្នុងផ្នែកមួយចំនួននៃពិភពលោក ហើយបានជំរុញឱ្យប្រទេសនានាចែករំលែកព័ត៌មាន និងទិន្នន័យឱ្យកាន់តែប្រសើរជាងមុន។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា តំបន់មជ្ឈិមបូព៌ា និងអាស៊ី បានមើលឃើញកំណើនការស្លាប់ ខណៈដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងកើនឡើងនៅអឺរ៉ុប។អ្នកដឹកនាំបច្ចេកទេសសម្រាប់ជំងឺកូវីដ-១៩ លោកស្រី Maria Van Kerkhove បាននិយាយថា និន្នាការនេះគួរឱ្យព្រួយបារម្ភណាស់ ខណៈខែត្រជាក់កំពុងខិតមកដល់នៅទ្វីបអឌ្ឍគោលខាងជើងមួយនេះ ដោយនោះជារយៈពេលដែលមនុស្សមានទំនោរស្នាក់នៅក្នុងផ្ទះ ហើយផ្តល់ឳកាសដល់មេរោគកូវីដក្នុងការរីករាលដាលកាន់តែលឿន។លោកស្រីបានបន្ថែមថា អង្គការ WHO បានប៉ាន់ប្រមាណថា «មនុស្សរាប់រយពាន់នាក់» កំពុងសម្រាកនៅមន្ទីរពេទ្យឥឡូវនេះ ដោយសារតែជំងឺកូវីដ-១៩។ កាលពីខែឧសភា ឆ្នាំ២០២៣ ទីភ្នាក់ងារសុខភាពមួយនេះ បានបញ្ចប់ស្ថានភាពអាសន្នជាសកលសម្រាប់ជំងឺកូវីដ-១៩ ដែលមានរយៈពេលច្រើនជាងបីឆ្នាំបន្ទាប់ពីការប្រកាសកាលពីមុនរបស់ខ្លួន៕

តុលាការបោះឆ្នោតនីហ្សេរីយ៉ា គាំទ្រការឈ្នះតំណែងប្រធានាធិបតីរបស់លោក Tinubu

2023/09/07 12:23:08 pm        132
តុលាការបោះឆ្នោតប្រធានាធិបតីនីហ្សេរីយ៉ា កាលពីថ្ងៃពុធ (៦ កញ្ញា) បានច្រានចោលសំណើររបស់បក្សគូប្រជែង ប្រឆាំងនឹងការឈ្នះឆ្នោតរបស់លោកប្រធានាធិបតី Bola Tinubu នៅក្នុងការបោះឆ្នោតសកលដែលមានជម្លោះកាលពីខែកុម្ភៈ ដោយធ្វើតាមលំនាំដែលបានមើលឃើញនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកមួយនេះ។ គ្មានបញ្ហាប្រឈមផ្លូវច្បាប់ណាមួយ ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី បានទទួលជោគជ័យនៅក្នុងប្រទេសនីហ្សេរីយ៉ានោះទេ ដែលបានវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៩៩ បន្ទាប់ពីរយៈពេលបីទសវត្សរ៍ នៃការគ្រប់គ្រងដោយយោធាស្ទើរតែគ្មានការរំខាន និងមានប្រវត្តិនៃការលួចបន្លំក្នុងការបោះឆ្នោត។លោក Atiku Abubakar មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រជាជន និងលោក Peter Obi មេដឹកនាំគណបក្សពលកម្ម ដែលឈរនៅលំដាប់ទីពីរ និងទីបី បានស្នើឱ្យតុលាការលុបចោលការបោះឆ្នោត ដោយចោទប្រកាន់ពីភាពមិនប្រក្រតី។ លោក Atiku និងលោក Obi អាចប្ដឹងទៅតុលាការកំពូលរបស់ប្រទេស ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាក្តី។ បណ្តឹងឧទ្ធរណ៍ណាមួយទាក់ទងនឹងបញ្ហានោះ ត្រូវតែបញ្ចប់ក្នុងរយៈពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃសាលក្រមរបស់សាលាក្តី៕

ប្រធានរដ្ឋសភាកូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2023/09/07 12:16:27 pm        164
ភ្នំពេញ៖ ក្នុងឱកាសជំនួបផ្លូវការជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា ​ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ​ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី៦​ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយទស្សនកិច្ចផ្លូវដំបូងគេមកកាន់រដ្ឋសភាកម្ពុជា នៃនីតិកាលទី៧។ នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការ​ទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ​ឯកឧត្តម គីម ជីន ព្យូ និងលោកជំទាវ រួមនិងគណៈប្រតិភូជាន់ខ្ពស់ទាំងងអស់។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ​ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា​នាពេល​នេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ​និងជាប្រវត្តិសាស្ត្រស្របពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាល​កម្ពុជា ទើបបានបង្កើតឡើង និងដំណើរការបានជាងពីរសប្តាហ៍មុនប៉ុណ្ណោះ។ សម្តេចរដ្ឋសភាធិបតីមានប្រសាសន៍ថា ​នីតិកាលទី៧នៃរដ្ឋសភា ជាចំណុចរបត់ដ៏សំខាន់លើក​ដំបូងក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំ ​ដែលកម្ពុជា មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងប្រព្រឹត្តទៅ​ដោយរលូន។ ​ព្រឹត្តិការណ៍នេះគឺអាចធ្វើទៅបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់អតីត​នាយករដ្ឋមន្ត្រី ​សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូររៀបចំផែនការយ៉ាងប៉ិនប្រសប់ និង​ធ្វើការផ្លាស់ប្តូរអំណាចដោយរលូន ខណៈអ្នកបន្តវេនរបស់កម្ពុជា ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី បានទទួលនូវការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ និងសមាជិករដ្ឋសភា។ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានសម្តែងការអបអរសាទរជូន​ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានអង្គរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលី៧នេះ។​ លើសពីនេះ ឯកឧត្តម​បានកោតសរសើរពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាគ្រឹះដ៏រឹងមាំដល់​វឌ្ឍនភាព និងវិបុលភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជាកាន់តែរីក​ចម្រើន​នាពេលអនាគត។ ជាមួយគ្នានេះប្រធានរដ្ឋសភាកូរ៉េ បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋ​សភាធិបតី ឃួន សុដារី ដែលជាស្រ្តីដំបូងគេកាន់តំណែងជាប្រធានរដ្ឋសភាក្នុងប្រវត្តិសាស្រ្តកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ ប្រធានរដ្ឋសភាកូរ៉េ បានត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា។ ជាក់ស្តែងមុនជំនួបជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នាព្រឹកនេះ ឯកឧត្តមប្រធានរដ្ឋ​សភាកូរ៉េ បានអញ្ជើញដាក់កូរ៉ោនផ្កា​ និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ​និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”។ ចំពោះនៅថ្ងៃទី៨ ខែកញ្ញា ស្អែកនេះ ​ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នឹង​ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ​ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ៕អត្ថបទ សេក ឧត្តម 

ថ្នាក់ដឹកនាំកំពូលកម្ពុជា-ហ្វីលីពីន ពិភាក្សាលើវិស័យជាច្រើនសម្រាប់ពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការគ្នា

2023/09/07 12:09:26 pm        134
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន បានពិភាក្សាទៅលើវិស័យ​ជាច្រើនទៅលើវិស័យសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីក​សហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីននិងដើម្បីជាឧត្តមប្រយោជន៍​នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាព​រវាងប្រទេសទាំងពីរ។ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីបានពិក្សាគ្នាបែបនេះ ក្នុងឱកាសជំនួបសម្ដែងការ​គួរសមរវាង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ, សម្តេចធិបតី ​បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស និងបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងប្រទេសហ្វីលីពីន ដែលបាន​គាំទ្រកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចជាប្រធានអាស៊ាននៅឆ្នាំ ២០២២ និងចំពោះការចូលរួម​របស់កីឡាករហ្វីលីពីននៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កន្លងមក។ ឯកឧត្តមប្រធានាធិបតី បានឆ្លើយតបចំពោះការស្វាគមន៍នេះ និងបានសម្តែងនូវការអបអរសាទរ​ចំពោះ​ សម្តេចធិបតី ​ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី ​នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំផ្ញើនូវការអរគុណផងដែរជូនចំពោះ សម្តេចតេជោប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយសម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន ​នាពេលដែល សម្តេចតេជោ នៅជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើវិស័យជាច្រើន ដែលមានសក្តានុពល​សម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន, និងដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញនូវទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់​ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនេះ ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការបន្ថែម លើ​យន្តការពហុភាគីនៃក្របខ័ណ្ឌអាស៊ាន។ ជាកិច្ចបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរ បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្របណាមួយ នាពេលអនាគត៕

ការវិភាគ៖ ល្បឿនថយចុះនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជំរុញក្តីសង្ឃឹមរបស់អាមេរិក ក្នុងការបន្ធូរបន្ថយភាពតានតឹង

2023/09/07 11:32:34 am        123
ក្រុមអ្នកវិភាគ បាននិយាយថា ជំហានដែលមានកំណត់របស់អ៊ីរ៉ង់ក្នុងការពន្យឺតការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតជិតដល់កម្រិតផលិតអាវុធ អាចជួយបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែមិនបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាន់តែទូលំទូលាយ មុនការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ២០២៤នោះទេ។យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ ប្រទេសអ៊ីរ៉ង់បានកាត់បន្ថយអត្រាដែលខ្លួនកំពុងធ្វើឲ្យសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បានរហូតដល់៦០ភាគនៃភាពសុទ្ធ ជិតដល់ប្រហែល៩០ភាគរយដែលជាកម្រិត ដែលអាចផលិតអាវុធ ហើយបានកាត់បន្ថយផ្នែកតូចមួយនៃការស្តុកទុក៦០ភាគរបស់ខ្លួន។ .ប៉ុន្តែការស្តុកទុកនោះ បន្តកើនឡើង។ នៅពេលនេះ ប្រទេសអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូមជិតគ្រប់គ្រាន់ហើយ ដែលអាចចម្រាញ់បានដល់ទៅ៦០ភាគរយ បើចម្រាញ់បន្ថែមទៀត គឺសម្រាប់គ្រាប់បែកនុយក្លេអ៊ែរចំនួនបីគ្រាប់ នេះបើយោងតាមនិយមន័យទ្រឹស្តីរបស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA)។ ប្រទេសនេះ ក៏មានសារធាតុអ៊ុយរ៉ានីញ៉ូមគ្រប់គ្រាន់ដែលត្រូវបានចម្រាញ់ដល់កម្រិតទាបជាងនេះ ដើម្បីផលិតគ្រាប់បែកកាន់តែច្រើន។ប្រទេសអ៊ីរ៉ង់ ក៏បានបរាជ័យក្នុងការដោះស្រាយកង្វល់របស់IAEAអំពីភ័ស្តុតាងអ៊ុយរ៉ានីញ៉ូម ដែលបានរកឃើញនៅកន្លែងដែលមិនបានប្រកាសចំនួនពីរ ឬធ្វើឲ្យមានរីកចម្រើនលើការស្ដារកាមេរ៉ាត្រួតពិនិត្យឡើងវិញ បើទោះបីជាមានសម្ពាធយូរណាស់មកហើយពីIAEA និងមហាអំណាចលោកខាងលិច ដើម្បីធ្វើដូច្នេះ ក៏ដោយ។អ្នកវិភាគផ្នែកមិនរីកសាយភាយ និយាយថា ការថយចុះនុយក្លេអែររបស់អ៊ីរ៉ង់ អាចគ្រប់គ្រាន់សម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបន្តស្វែងរកអ្វីដែលពួកគេពណ៌នាថាជា «ការព្រមព្រៀង» ដែលទីក្រុងវ៉ាស៊ីនតោន មិនដែលទទួលស្គាល់ ដើម្បីបន្ថយភាពតានតឹងលើបញ្ហានុយក្លេអ៊ែរ និងបញ្ហាផ្សេងៗទៀត។

ឯកឧត្តម ប៉ែន បូណា នឹងពង្រឹងសមត្ថភាពអ្នកនាំពាក្យ ដើម្បីក្លាយជាអ្នកនាំការពិតជូនពលរដ្ឋ

2023/09/07 11:28:02 am        110
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា​ ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា នាពេលខាងមុខ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំពង្រឹងសមត្ថភាពអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឲ្យក្លាយជាអ្នកនាំពាក្យពិត ​និងច្បាស់លាស់ជូនដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ។ឯកឧត្តម ប៉ែន បូណា បានប្រាប់ BTV នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំអ្នកបន្តវេនរបស់កម្ពុជា និងបាន​ប្រមូលផ្តុំ​បញ្ញវន្ត​ជាច្រើននាក់ដែលជាធនធានពោរពេញទៅដោយសមត្ថភាពខ្ពស់​ក្នុងការអភិវឌ្ឍកម្ពុជា។ឯកឧត្តម បន្តថា ក្នុងនាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​ឯកឧត្តមនឹងពង្រឹងវិស័យអ្នក​នាំពាក្យ ដើម្បីបំពេញភារកិច្ចឲ្យស្របតាមការណែរបស់រាជរដ្ឋាភិបាល និងដើរតួនាទីជាអ្នក​និយាយការពិតជូនប្រជាពលរដ្ឋ។ឯកឧត្តមបានឲ្យដឹងថា បន្ទាប់ពីក្រសួងនានារៀបចំចាត់តាំងអ្នកនាំពាក្យរបស់ខ្លួននាពេលខាងមុខ អង្គភាពអ្នក​នាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលមានការចូលរួមពីអ្នកនាំ​ពាក្យថ្នាក់ជាតិតាមបណ្តាក្រសួង-ស្ថាប័ន ​និងថ្នាក់ក្រោមជាតិតាមរាជធានី-ខេត្តនៅទូទាំងប្រទេស​ផងដែរ។ឯកឧត្តមបន្តថា មុននឹងការរៀបចំសិក្ខាសាលាថ្នាក់ជាតិខាងលើ ​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងតែរៀបចំលិខិតផ្ញើជូនទៅក្រសួង-ស្ថាប័ននានា​ ដើម្បីធ្វើបច្ចុប្បន្នភាពអ្នកនាំពាក្យក្នុងក្រសួង-ស្ថាប័ននីមួយៗ ​សម្រាប់បំពេញកិច្ចការរួមគ្នាប្រកបដោយប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា។សូមជម្រាបថា អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានា ​គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការឆ្លើយតបទៅសាធារណជន ផ្ដល់ព័ត៌មានដល់សាធារណជន ​និងប្រជាពលរដ្ឋ ឲ្យបានយល់​ដឹងអំពីកិច្ចការដែលក្រសួង-ស្ថាប័ននីមួយៗ ​បានធ្វើពីព្រោះក្រសួង-ស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ​ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕អត្ថបទ សេក ឧត្តម

សម្តេចធិបតីបន្តមានជំនួប និងកិច្ចប្រជុំកំពូលជាច្រើនទៀតក្នុងថ្ងៃបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

2023/09/07 11:21:26 am        90
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយនៃដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខណៈថ្ងៃនេះ សម្ដេចធិបតីនៅបន្តដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល និងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលប្រទេសអាស៊ាន និងពិភពលោកជាបន្តបន្ទាប់ទៀត ទើបដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ BTV ថា សម្រាប់ថ្ងៃទី៧ ខែកញ្ញានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានកម្មវិធីចូលរួមកិច្ចប្រជុំកំពូល និងជំនួបសំខាន់ៗជាមួយថ្នាក់ដឹកនាំកំពូលមួយចំនួទៀតរួមមាន នាព្រឹកថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr. ) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។ សម្ដេចមហាបវរធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ ដែលមានការយាង និងអញ្ជើញចូលរួម ពីប្រមុខដឹកនាំរបស់បណ្ដាលប្រទេសជាសមាជិកអាស៊ាន និងនាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋឥណ្ឌា។ ក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌាផងដែរ។ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា នៅថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨។ មានជំនួបសម្តែងការគួរសមជាមួយឯកឧត្ដម Yoon Sok Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៣។ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ។ ជំនួបសម្តែងការគួរសមជាមួយឯកឧត្ដម Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន។ អញ្ជើញមានជំនួបទ្វភាគីជាមយយឯកឧត្តម Mark Brown នាយករដ្ឋមន្រ្ដីកោះឃុក និងចុងក្រោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ​អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ រួមនឹងពិធីប្រគល់ប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសឡាវ។ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់ថា បន្ទាប់មកសម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ​ធ្វើមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ តាមយន្តហោះពិសេស។ ហើយរំពឹងថា នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ​នៅម៉ោង៩ និង ១០នាទី យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ឯកឧត្តមបន្ថែមថា នៅពេលមកទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទសារព័ត៌មាន ​ជូនអ្នកសារព័ត៌មានភ្លាមៗ​អំពី​ដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី៕អត្ថបទ៖ វ៉ន ដារ៉ា

ស្ថានភាពទឹកទំនប់អាងទឹកតាម៉ុកកំពុងហក់ឡើង ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ន ៣.៨០ម៉ែត្រ

2023/09/07 11:14:25 am        183
ឧត្ដរមានជ័យ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ លោក ញឺន កួន បានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ទឹកក្នុងទំនប់អាងទឹកតាម៉ុក ដែលមានភូមិសាស្ត្រនៅក្នុងស្រុកអន្លង់វែង បានហក់ឡើងដល់កម្ពស់ ៣.៨១ម៉ែត្រ ដែលស្ថានភាពទឹកនេះ គឺស្ថិតក្នុងកម្រិតកម្ពស់មួយ ដែលគួរឱ្យមានការប្រុងប្រយ័ត្ន ។លោកបានបញ្ជាក់ថា ទឹកក្នុងទំនប់អាងទឹកតាម៉ុក បានហក់ឡើងលឿន ​ដោយសារថា រយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំដងរែក ក្នុង​កម្រិតចាប់ពី ១០០មីលី ម៉ែត្រ ។ លោកបានជូនដំណឹងដល់ប្រជាពលរដ្ឋ ​ដែលរស់នៅក្បែរតំបន់អាងទឹកតាម៉ុក ​និងតាមដងអូរនា នា ត្រូវបង្កើន​ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ​បើទោះជាទឹកមិនទាន់ហក់ដល់កម្រិត​ប្រកាស​អាសន្ន​ក៏ដោយ ដែល​កម្រិតប្រកាសអាន្ន ​គឺកម្ពស់ទឹក ៤ម៉ែត្រកន្លះ ។​តែលោក ញឺ កួន បានបញ្ជាក់ថា ប្រសិនពុំមានភ្លៀងធ្លាក់ថែមទៀតទេនៅថ្ងៃនេះ ទឹកនឹងស្រកចុះ វិញដែរ នាវេលាល្ងាចថ្ងៃនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
05/07/2026 02:05 PM
អង្គការMSF៖ អ៊ីស្រាអែលបានបង្កើត«វិបត្តិកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ» នៅតំបន់ហ្កាហ្សា
05/07/2026 02:05 PM
ស្ថានទូតអ៊ីរ៉ង់បដិសេធថា កងកម្លាំងប្រដាប់អាវុធមិនបានវាយប្រហារនាវាកូរ៉េខាងត្បូង នៅច្រកសមុទ្រហ័រមូសទេ
05/07/2026 02:05 PM
PSG ទម្លាក់ Bayern Munich ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ពីររដូវកាលជាប់គ្នា
05/07/2026 02:05 PM
ក្រុមនាវាផ្ទុកយន្តហោះរបស់បារាំង កំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រក្រហម
05/07/2026 02:05 PM
ឃីកបុកស៊ីង រៀបចំវគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ មុនបើកសង្វៀនថ្មី នាពាក់កណ្ដាលខែនេះ
05/07/2026 02:05 PM
សហគ្រិន៖ ផលិតផលក្នុងស្រុកកំពុងមានសន្ទុះគាំទ្រកើនឡើងទ្វេដងពីពលរដ្ឋ ខណៈ​បន្ត​ពហិកា​ទំនិញថៃ
05/07/2026 02:05 PM
យុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីរបស់លោក TRUMP ផ្តោតលើអឺរ៉ុប និងក្រុមឆ្វេងនិយម
05/07/2026 02:05 PM
អារ៉ាប់រួមថ្កោលទោសសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ និងបញ្ជាក់ថា ទំនាក់ទំនងការពារជាតិគឺជាអាទិភាព
05/07/2026 01:05 PM
ប្រមុខយោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការប្រឆាំងក្រុមហេសបូឡានៅលីបង់ គឺគ្មានដែនកំណត់
05/07/2026 01:05 PM