ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy ៖ ចិនតំណាងឲ្យឱកាសនៃដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន

2023/04/27 01:06:54 pm        115
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyបាននិយាយថា ចិនតំណាងឲ្យឱកាសពង្រឹងច្បាប់បង្កើតសន្តិភាពនៅក្នុងប្រទេសរបស់លោក ក្រោយរូបលោកនិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping តាមទូរស័ព្ទ ។  លោក Zelenskiy និយាយនៅក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា អ៊ុយក្រែន និងចិន ប្រៀបបាននឹងសំឡេងភាគច្រើនដាច់មុខគេរបស់ពិភពលោក ដែលចាប់អារម្មណ៍ដូចគ្នាលើកម្លាំងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។  មេដឹកនាំទាំង ២ បាននិយាយគ្នាជាលើកដំបូងកាលពីថ្ងៃពុធ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែន ដើម្បីបំពេញបំណងជាយូររបស់ទីក្រុងគីវ ដែលបានស្វែងរកជាសាធារណៈនូវការជជែកគ្នាបែបនេះអស់រយៈពេលជាច្រើនខែមកហើយ ។  សារព័ត៌មានរដ្ឋចិន រាយការណ៍ថា លោក Xi បាននិយាយប្រាប់លោក Zelenskiy ថា ចិននឹងបញ្ជូនក្រុមតំណាងពិសេសទៅកាន់អ៊ុយក្រែន និងចូលរួមកិច្ចប្រជុំជាមួយភាគីទាំងអស់ ដើម្បីស្វែងរកសន្តិភាព ។  លោក Zelenskiy បាននិយាយផងដែរថា លោក Xiបង្ហាញការគាំទ្រឲ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ពួកគេ ។ ទីក្រុងម៉ូស្គូ និយាយថា កិច្ចព្រមព្រៀងមួយនេះ នឹងមិនបន្តនោះទេ រហូតដល់ថ្ងៃទី ១៨ ខែឧសភា លុះត្រាតែលោកខាងលិចដកចេញឧបសគ្គការនាំចេញគ្រាប់ធុញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ី ។  លោក Xi ដែលជាមេដឹកនាំដ៏មានអំណាចបំផុតរបស់ពិភពលោក បដិសេធន៍ពុំព្រមថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននោះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែមុន ។ ចាប់តាំងពីខែកុម្ភៈរហូតមក លោកបានជំរុញផែនការសន្តិភាព ១២ចំណុច ដែលត្រូវបានស្វាគមន៍បែបស្រពិចស្រពិលដោយលោកខាងលិច តែស្វាគមន៍បែបប្រុងប្រយ័ត្នដោយទីក្រុងគីវ និងជាសញ្ញានៃចំណាប់អារម្មណ៍របស់ចិនក្នុងការបញ្ចប់សង្រ្គាមមួយនេះ ។  សារព័ត៌មានរដ្ឋចិនរាយការណ៍ទៀតថា លោក Xiនិយាយប្រាប់លោក Zelenskiy ថា ចិននឹងផ្តោតសំខាន់លើការលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាព ហើយពួកគេនឹងប្រឹងប្រែងឲ្យមានបទឈប់បាញ់ ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ៕

មនុស្សជាង១ម៉ឺននាក់ បានចូលទៅក្នុងប្រទេសអេហ្ស៊ីប រយៈពេល៥ថ្ងៃ ខណៈអំពើហិង្សានៅស៊ូដង់កំពុងបន្ត

2023/04/27 12:21:34 pm        153
អេស្ស៊ីប៖ ប្រធានអាជ្ញាធរសរិយោដី និងផែស្ងួតរបស់ប្រទេសអេហ្ស៊ីបហៅកាត់ថា GALDP បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី២៦ ខែមេសាថា ជនជាតិផ្សេងៗជាង១ម៉ឺននាក់ បានរត់គេចពីជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ូដង់ និងបានទៅដល់ប្រទេសជិតខាងអេហ្ស៊ីបតាមព្រំដែនគោកឆ្លងកាត់តាមច្រក Qastal និងArqeen ក្នុងរយៈពេល៥ថ្ងៃ ។ សេចក្ដីថ្លែងការណ៍នេះ និយាយថា ចន្លោះថ្ងៃទី២១ និង២៥មេសា មនុស្សចំនួន ១.២៩៧នាក់ បានទៅដល់ប្រទេសអេហ្ស៊ីប តាមច្រក Qastal និង៨.៨៩៧នាក់ ផ្សេងទៀត បានឆ្លងកាត់តាមច្រក Arqeen ចូលទៅអេហ្ស៊ីប ។ សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមថា GALDP  បានកំពុងសម្របសម្រួល ជាមួយអង្គការពាក់ព័ន្ធនានាដើម្បីធានាថា ពលរដ្ឋអេហ្ស៊ីប និងជនបរទេសដែលរត់គេចចេញពីស៊ូសង់ បានចូលទៅដល់ទីតាំងទាំងអស់។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលស៊ូដង់ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើងរវាងទាហានស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា កាលពីថ្ងៃទី១៥មេសា នៅក្នុងរដ្ឋធានីកាទូម និងតំបន់ផ្សេងៗរបស់ប្រទេសស៊ូដង់ មនុស្សជាង៤០០ នាក់ បានស្លាប់ ខណៈមនុស្សជាង៤ពាន់នាក់ផ្សេងទៀត បានរងរបួសនៅក្នុងប្រទេសស៊ូដង់ ។  ភាគីជម្លោះទាំង២ បានព្រមព្រៀងគ្នាឲ្យមានបទឈប់បាញ់គ្នារយៈពេល៣ថ្ងៃ ចាប់ពីយប់ជ្រៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈប្រទេសជាច្រើន កំពុងប្រញាប់ប្រញាល់ជម្លៀសក្រុមអ្នកការទូត និងពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់ស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ ៕

អាមេរិក និងកូរ៉េខាងត្បូង ឯកភាពលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរដ៏សំខាន់

2023/04/27 12:14:02 pm        120
អាមេរិក៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទទួលបាននូវកិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីទប់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងដាក់ពង្រាយជាទៀងទាត់នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងចូលរួមជាមួយទីក្រុងសេ អ៊ូល ក្នុងដំណើរការផែនការនុយក្លេអ៊ែររបស់ខ្លួន។ជាការឆ្លើយតប ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេ។ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តក្នុងការរារាំងការវាយប្រហាររបស់ប្រទេសកូរ៉េខាងជើង។ការព្រួយបារម្ភកំពុងកើនឡើងលើភាគីទាំងពីរ អំពីការគំរាមនុយក្លេអ៊ែរដែលបង្កដោយប្រទេសកូរ៉េខាង ជើង។ទីក្រុងព្យុងយ៉ាង កំពុងផលិតអាវុធនុយក្លេអ៊ែរតាកទិក ដែលអាចដាក់គោលដៅលើប្រទេសកូរ៉េខាងត្បូង និងកំពុងធ្វើឲ្យប្រសើរឡើងអាវុធរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចនៃសន្ធិសញ្ញារួចហើយក្នុងការការពារប្រទេសកូរ៉េខាងត្បូង ហើយកាលពីពេលមុន បានសន្យាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើចាំបាច់។ ប៉ុន្តែមនុស្សមួយចំនួន នៅកូរ៉េខាងត្បូងចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនិងការអំពាវសម្រាប់ប្រទេសនេះក្នុងការបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានទៅដល់សេតវិមានសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីការប្តេជ្ញាចិត្តដែលមិនធ្លាប់មានពីមុនមកធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារ ទប់ទល់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

សម្តេចតេជោ រម្លឹកមន្រ្ដីជៀសវាងឱ្យនូវពាក្យ «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥»

2023/04/27 11:28:12 am        268
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយថា «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥» ដែលករណីនេះធ្លាប់កើតមានឡើងហើយ បាននាំបញ្ហាដល់ការបម្រើ​ការងារ​របស់មន្រ្ដីរាជការផងដែរ បន្ទាប់ពីប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ និងទៅធ្វើមុខរបររកស៊ី ទីបំផុតឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯង​នាពេលខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់នេះ និងបានណែនាំដល់មន្រ្ដីរាជការ និងក្រុមគ្រួសារមន្រ្ដីរាជការទាំងអស់ថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស ត្រូវនាំគ្នាប្រព្រឹត្តអំពើល្អដល់ប្រជាពលរដ្ឋ។ សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរបស់គណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេ​ដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យទៅវិញទេ ដែលកំពុងធ្វើការងារដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។ ក្នុងឱកាសនេះសម្តេចតេជោ ក៏បានជំរុញឱ្យមន្រ្ដីរាជការទាំងអស់ ខិតខំទទួលយកនូវព័ត៌មានពិត​ដែលមន្រ្ដីក្រោមឱវាទផ្ដល់ដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បានចំពោះព័ត៌មាននានា» ហើយជៀវឱ្យឆ្ងាយចំពោះមន្រ្ដីដែលអុចអាលពីរឿងអ្នកដទៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

វិបត្តិស៊ូដង់៖ ការប្រយុទ្ធគ្នាផ្ទុះឡើង ទោះបីមានបទឈប់បាញ់ ខណៈអ្នកស្លាប់កើនដល់៤៥៩នាក់

2023/04/27 11:16:37 am        84
ស៊ូដង់៖ ការប្រយុទ្ធគ្នាកំពុងតែបន្តនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់ ទោះបីមានបទឈប់បាញ់រយៈពេល៧២ម៉ោងកំពុងត្រូវគោរពភាគច្រើនក៏ដោយ។ ឆ្លើយឆ្លងតាមរយៈទូសរ័ព្ទពីទីក្រុង Omdurman ជាទីក្រុងនៅជាប់រដ្ឋធានី Khartoum លោក Mohamed Osman របស់សារព័ត៌មាន BBC បាននិយាយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅជិតអគារស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងពុំមានប្រេងឥន្ធនៈ និងខ្វះវេជ្ជបណ្ឌិត ហើយពលរដ្ឋជាច្រើនកំពុងតស៊ូដើម្បីទទួលបានស្បៀងអាហារ និងថវិកា។តាមសេចក្តីរាយការណ៍ មេបញ្ជាការកងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់ដោយសារតែហួសកាលបរិច្ឆេទនៅត្រឹមថ្ងៃសុក្រ សម្រាប់រយៈពេល៧២ម៉ោង។សារព័ត៌មានរ៉យទ័ររាយការណ៍ថា ឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan បានផ្តល់ការឯកភាពដំបូងចំពោះសំណើមកពីអាជ្ញាធរអន្តររដ្ឋាភិបាលប្លុកតំបន់អាហ្វ្រិកលើស្ថានការណ៍វិវឌ្ឍន៍។ សំណើនោះ បានស្នើឲ្យមានការបញ្ជូនបេសកជនពីកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រហ័សជាក្រុមប្រឆាំង ទៅកាន់ទីក្រុង Juba ក្នុងប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីបញ្ហាលម្អិត។បទឈប់បាញ់បច្ចុប្បន្ន បានចាប់ផ្តើមកាលពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទម៉ោងក្នុងតំបន់ នាំឲ្យមានការផ្អាកជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ក្នុងពេលការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំកងទ័ព និងកងកម្លាំងគាំទ្ររហ័ស(RSF)។ អ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា ពលរដ្ឋនៅក្នុងទីក្រុង Khartoum និង Omdurman កំពុងជួបការលំបាកខ្លាំងក្នុងស្វែងរកទឹកស្អាត ស្បៀងអាហារ និងលទ្ធភាពប្រើប្រាស់លុយកាក់។ការផ្ទុះ និងការបាញ់កាំភ្លើង នៅតែត្រូវបានលាន់ឭកាលពីថ្ងៃពុធ ដោយមានយន្តហោះចម្បាំងនៅលើអាកាសទោះបីវាមានសភាពស្ងប់ស្ងាត់ជាងមុនពេលមានបទឈប់បាញ់ក៏ដោយ ហើយស្ថានភាពប្រសើរគ្រប់គ្រាន់សម្រាប់ការបន្តជម្លៀសប្រជាជន។ ភាគីជម្លោះទាំងពីរ បានអះអាងការគ្រប់គ្រងទីតាំងសំខាន់ៗដូចជាអាកាសយានដ្ឋាន និងទីបញ្ជាការកងទ័ព។ មនុស្សយ៉ាងហោចណាស់៤៥៩នាក់ បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ទោះបីជាចំនួនពិតប្រាកដ ត្រូវបានគេគិតថាខ្ពស់ជាងនេះក៏ដោយ។ កាលពីពេលមុន អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់កាន់តែច្រើនដោយសារជំងឺ ខ្វះលទ្ធភាពទទួលបានអាហារ ទឹក និងការរំខានដល់មណ្ឌលសុខភាពនានា៕

សម្តេចតេជោ ជំរុញឱ្យជ្រើសរើសមន្រ្ដីនៅមូលដ្ឋានដោយផ្ទាល់ ដើម្បីបម្រើការងារនៅតាមខេត្ត

2023/04/27 11:10:00 am        173
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យមានការជ្រើរើសមន្រ្ដីរាជការសម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសចេញពីមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីរូបនោះផងដែរ។សម្ដេចបញ្ជាក់ថា សម្ដេចនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ​ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីពិសេស។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលធនធានមន្រ្ដីនៅសាលាភូមិន្ទរដ្ឋបាល ដែលធនធានមនុស្សទាំងមនេះបានបំពេញតម្រូវការដល់ក្របខណ្ឌមន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ ជាពិសេសគឺតម្រូវការមន្រ្ដីនៅថ្នាក់ក្រោមជាតិ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា​គឺបានទទួលផលរួចទៅហើយក្នុងនោះជាតិទាំងមូល គឺបានទទួលផលពីការផ្ទេរអំណាពីថ្នាក់ជាតិ​ទៅ​ថ្នាក់មូលដ្ឋាន។ សម្ដេចលើកឡើងថា បើសិនជាមិនមានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ គឺរាជរដ្ឋាភិបាលមានការលំបាកណាស់ក្នុងការគ្រប់គ្រងកូវីដ១៩ នៅថ្នាក់មូលដ្ឋាន។សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួង ស្ថាប័នក្នុងការស្នើ​តែងតាំង​មន្រ្ដីនៅតាមបណ្ដាក្រសួង​ ស្ថាប័នរបស់ខ្លួនផងដែរ ដោយសម្ដេចបញ្ជាក់ថា មិនដែល​ជំទាស់ ចំពោះការស្នើនោះទេពីព្រោះធ្វើបែបនេះគឺជាការបង្ហាញនូវការទទួលខុស​ត្រូវរបស់​ក្រសួងស្ថាប័ននីមួយៗ៕អត្ថបទ៖ វ៉ន ដារ៉ា

កងកម្លាំងទ័ពអាកាស ផ្អាកតំណែងមេដឹកនាំ២រូបរបស់អង្គភាពចារកម្មសម្ងាត់ពាក់ព័ន្ធការលេចធ្លាយឯកសាររបស់មន្ទីរបញ្ចកោន

2023/04/27 10:56:22 am        182
អាមេរិក៖ យោងតាមកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក អង្គភាពនេះ បានផ្អាកតំណែងមេដឹកនាំ២រូបជាបណ្ដោះអាសន្ន នៅអង្គភាពនេះ ជាកន្លែងធ្វើការរបស់បុគ្គលឈ្មោះJack Teixeira ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកទម្លាយឯកសាររបស់មន្ទីរបញ្ចកោន។  មេបញ្ជាការកងអនុសេនាធំជំនួយផ្នែកចារកម្មទី១០២ និងមេបញ្ជាការកងពលដែលត្រួតពិនិត្យការគាំទ្រផ្នែករដ្ឋបាលត្រូវបានផ្អាក ពីមុខតំណែងដឹកនាំរបស់ពួកគេ ជាបណ្តោះអាសន្ន ហើយបានបាត់បង់សិទ្ធិប្រើប្រាស់ប្រព័ន្ធទទួលព័ត៌មានសម្ងាត់ និងព័ត៌មានទូទៅ ជាបណ្តោះអាសន្ន។លោក Jack Teixeira វ័យ២១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថា បានបង្ហោះឯកសារដែលបានផ្ទៀងផ្ទាត់រួចរបស់មន្ទីរបញ្ចកោនតាម online រយៈពេលជាច្រើនខែមកនេះ បានបម្រើការជាប្រធានប្រព័ន្ធរដ្ឋបាល ក្នុងកងអនុសេនាធំជំនួយផ្នែកអង្គភាពចារកម្មទី១០២ នៅក្នុងកងឆ្មាំជាតិអាកាសក្នុងរដ្ឋ Massachusetts។ មេបញ្ជាការទាំង២ ត្រូវបានផ្អាក ដោយរង់ចាំការស៊ើបអង្កេតបន្ថែមដោយអគ្គាធិការកិច្ចរបស់កងកម្លាំងទ័ពអាកាស។ ខណៈដែលមានព័ត៌មានបញ្ជាក់កាន់ច្រើន សមាជិកជាច្រើនទៀតនៅអង្គភាពរបស់ លោក Teixeira អាចប្រឈមនឹងការបញ្ឈរជើង ឬ ដកចេញពីតំណែង។ អង្គភាពកងកម្លាំងទ័ពអាកាសនេះ បានចាត់តាំងជាថ្មីនូវបេសកកម្មចារកម្មរបស់អង្គភាពនេះទៅកាន់អង្គភាពនានា ផ្សេងទៀតកាលពីដើមខែនេះ និងបានបញ្ជាឲ្យអគ្គាធិការកិច្ចស៊ើបអង្កេតគោលនយោបាយ និងនិតិវិធី របស់អង្គភាពនេះ ទាក់ទងនឹងការគ្រប់គ្រងព័ត៌មានសន្តិសុខជាតិ៕

សម្តេចតេជោ៖ «មន្រ្ដីត្រូវរម្លឹកខ្លួនឯងថាជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយប្រជាជនទេ»

2023/04/27 10:56:19 am        132
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីទាំងអស់ថា មន្រ្ដីត្រូវរម្លឹកខ្លួនឯងជានិច្ចថា មន្រ្ដីគឺធ្វើជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិសឱ្យសោះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងាររបស់​មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័នសាធារណៈព្រោះជាធាតុដ៏សំខាន់ក្នុង​ការងារអភិបាលកិច្ចរបស់រដ្ឋ។សម្តេចតេជោ ក៏ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលផងដែរហើយសម្ដេច​តែងតែ​ឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការរៀបចំដោយ​សាលាភូមិន្ទរដ្ឋបាល។ ក្នុងឱកាសនេះ សម្ដេចតែងតែផ្តល់នូវឱវាទ និងអនុសាសន៍នានាដល់មន្ត្រីរាជការក្នុងការបំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយឱ្យបានល្អប្រសើរដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួងស្ថាប័ន បន្តពង្រឹងសមត្ថភាពធនធានមនុស្ស​ថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីរាជការនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជា នៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់​ត្រូវធ្វើការងារ​តាមឱ្យទាន់សភាពការណ៍ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិត​ដល់ផល​ប្រយោជន៍ប្រជាជនជាចំបង ជាពិសេសមន្រ្ដីរាជការ គឺត្រូវខិតខំពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌របស់ខ្លួនឱ្យបានល្អដើម្បីបម្រើប្រជាជន៕អត្ថបទ៖ វ៉ន ដារ៉ា

អ៊ីរ៉ង់៖ សកម្មភាពជាឯកតោភាគីរបស់អាមេរិក ធ្វើឲ្យធម្មនុញ្ញអង្គការសហប្រជាជាតិចុះខ្សោយ និងគំរាមដល់ពហុភាគីនិយម

2023/04/27 10:50:16 am        56
អ៊ីរ៉ង់៖ អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និយាយថា ការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មដោយខុសច្បាប់ឡើងវិញមកលើទីក្រុងតេអេរ៉ង់ គឺជាការកើតមានជាក់ស្តែងនៃឯកតោភាគីនិយមដែលធ្វើឲ្យប៉ះពាល់ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមដល់ពហុភាគីនិយម។យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា លោក Amir Saeid Iravani បាននិយាយដូច្នេះកាលពីថ្ងៃចន្ទ ក្នុងសុន្ទរកថាទៅកាន់កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីពហុភគីនិយម។បេសកជនអ៊ីរ៉ង់ បានលើកឡើងថា គំរូជាច្រើនដងនៃឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក ដែលរួមទាំងការបង្ខំឲ្យប្រទេសនានាគាំទ្រ និងចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ខ្លួន និងផ្គើនការចេញសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដោយកត់សំគាល់ថាសកម្មភាពជាឯកតោភាគីបែបនេះ បានធ្វើឲ្យប្រព័ន្ធអង្គការសហប្រជាជាតិចុះខ្សោយ។កាលពីថ្ងៃទី៣០ ខែមីនា តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេចថា សហរដ្ឋអាមេរិក បានអនុញ្ញាតដោយខុសច្បាប់ឲ្យតុលាការរបស់ខ្លួនបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៊ីរ៉ង់ជាច្រើន និងបានបញ្ជាឲ្យទីក្រុងវ៉ាស៊ីនតោនបង់សំណងដល់ប្រទេសអ៊ីរ៉ង់ ដែលចំនួននៃការបង់នឹងត្រូវបានកំណត់នៅពេលក្រោយ។អ្នកការទូតអ៊ីរ៉ង់ និយាយថា ការប្រើប្រាស់វិធានការដោយបង្ខំជាឯកតោភាគី រួមទាំងការអនុវត្តន៍ក្រៅដែនដី គឺជាគំរូនៃការព្រួយបារម្ភមួយផ្សេងទៀតនៃសកម្មភាពជាឯកតោភាគីធ្វើឲ្យមានផលប៉ះពាល់ ដែលផ្ទុយទៅនឹងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋាន។កាលពីខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានដកខ្លួនចេញជាឯកតោភាគី ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលគេស្គាល់ជាផ្លូវការថាជា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម ដែលបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកក្នុងខែកក្កដា ឆ្នាំ២០១៥ និងបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញភាគីផ្សេងទៀត កាត់បន្ថយការប្តេជ្ញាចិត្តផ្នែកនុយក្លេអ៊ែររបស់ខ្លួនមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕

ប្រទេសចិនបញ្ជាក់ថា ខ្លួនតែងតែឈរនៅខាងសន្តិភាពជានិច្ចជុំវិញវិបត្តិនៅអ៊ុយក្រែន

2023/04/27 10:43:52 am        148
ភ្នំពេញ៖ ការប្ដេជ្ញាចិត្តរបស់ប្រទេសចិនជុំវិញជំហរនៅខាងសន្តិភាពពាក់ព័ន្ធវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជាក់ជាថ្មី។  អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធបាននិយាយថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់សម្រាប់វិបត្តិអ៊ុយក្រែន ហើយថាគ្មានអ្នកឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរទេ។ លោក Xi បាននិយាយថា ប្រទេសចិន នឹងបញ្ជូនតំណាងពិសេសមួយរូបរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុបអាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសផ្សេងទៀត ដើម្បីបង្កើតទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីទាំងអស់ស្តីពីដំណោះស្រាយខាងនយោបាយនៃវិបត្តិនេះ។ អំឡុងជំនួបតាមទូរស័ព្ទនោះដែរ ប្រធានាធិបតីចិន បានបញ្ជាក់ថា ចំពោះវិបត្តិអ៊ុយក្រែន ជំហរស្នូលរបស់ចិន មានតែការសម្របសម្រួលឲ្យមានការចរចាសន្តិភាព ប៉ុណ្ណោះ ។លោកថា ប្រទេសចិន មិនដែលបង្កើតវិបត្តិឡើយ ហើយក៏មិនដែលបង្កើតបក្សពួកធ្វើរឿងបែបនេះដែរ។ លោកបានសន្យាថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន នឹងមិនអង្គុយឱបដៃឈរមើលឡើយ ហើយក៏នឹងមិនយកសាំងចាក់លើភ្លើងដែរ ផ្ទុយទៅវិញ នៅតែមិនយកស្ថានភាពនេះដើម្បីរកផលចំណេញសម្រាប់ខ្លួនដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កំពុងជួបការលំបាកសម្រាប់ការព្យាបាល
10/02/2025 10:10 PM
ក្រុមការងារក្រសួងសាធារណការ ចុះត្រួតពិនិត្យខ្សែផ្លូវទទួលរងការខូចខាតដោយសារទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តចំនួន៤
10/02/2025 10:10 PM
គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ឆ្នាំ២០២៤-២០២៨
10/02/2025 10:10 PM
ការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក រួមចំណែកធ្វើឲ្យកើនឡើងករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នៅកាមរូន
10/02/2025 08:10 PM
ប្រជុំបូកសរុបសភាពការណ៍បទល្មើស និងតែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិជូនមន្ត្រីនគរបាលរាជធានីភ្នំពេញ
10/02/2025 08:10 PM
ទស្សនាវដ្តី Forbes ៖ លោក Elon Musk ក្លាយជាមនុស្សដំបូងគេមានទ្រព្យសម្បត្តិ ៥០០ពាន់លានដុល្លារ
10/02/2025 08:10 PM
ព្យុះត្រូពិក Matmo បោកបក់យឺតៗឆ្ពោះទៅកាន់ហ្វីលីពីន និងអាចបង្កើនកម្លាំងជាព្យុះទីហ្វុងតាមផ្លូវទៅកាន់ចិន
10/02/2025 08:10 PM
ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ ជាការលើកកម្ពស់ ការកែទម្រង់ស៊ីជម្រៅ
10/02/2025 08:10 PM
​ អ៊ីស្រាអែលនឹងនិរទេសសកម្មជននៅលើកងនាវាដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា
10/02/2025 07:10 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ
10/02/2025 07:10 PM