អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក សេង ធារិន ចុះសំណេះសំណាលជាមួយសកម្មជនគណបក្សផ្សេងៗ ចូលរួមជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2022/05/18 12:48:16 pm        672
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក សេង ធារិន ប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំឈ្នួរមានជ័យ បានដឹកនាំក្រុមការងារ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​សុខភាព ចែកវ៉ែនតាជូនមនុស្សចាស់ និងចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ ស្ថិត​ក្នុង​ស្រុក​ព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក សេង ធារិន បានជួប​សំណេះសំណាល​ជា​មួយ​សកម្មជន​មក​ពីគណបក្សបី​ផ្សេងគ្នាចំនួន ៧រូប ដែលបានស្ម័គ្រចិត្តមករួមរស់ជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា​ក្រោមស្នាមញញឹមប្រកបដោយភាពជឿជាក់។ នាឱកាសនោ ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសរុប៤៥២នាក់ បានមកទទួលសេវា ពិនិត្យសុខភាព ទទួលឱសថ ក៏ដូចជាចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងទទួលវ៉ែនតាមនុស្សចាស់ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ខណៈសកម្មភាព​នេះមានការ​ចូលរួម​ពីក្រុម​ការងារ​ចុះជួយឃុំ-ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន។

គ.ជ.ប រម្លឹកបក្សនយោបាយ កុំឲ្យធ្វើសកម្មភាពគំរាម និងញុះញង់ពលរដ្ឋ អំឡុងឃោសនាបោះឆ្នោត

2022/05/18 12:26:40 pm        926
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បញ្ជាក់ជាថ្មីថា គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្សនយោបាយនានា ប្រព្រឹត្តអំពើគំរាមគំហែងប្រជាពលរដ្ឋអំឡុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ ឡើយ។ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV News ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា នាពេលនេះ គ.ជ.ប បានចាប់ផ្តើមឈានដល់ដំណាក់កាលត្រៀមរៀបចំឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៧ គណបក្សនយោបាយ។ឯកឧត្តម បញ្ជាក់ថា ក្នុងនីតិវិធីនៃដំណើរការឃោសនាបោះឆ្នោត តាមរយៈការហែក្បួន ឃោសនា បោះឆ្នោត ​និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ ​នៅក្នុង​ផ្សាររបស់​គណបក្សនយោបាយឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ​គឺ​គណបក្សនយោបាយ ឬ​អ្នក​ឃោសនាបោះឆ្នោតត្រូវ​ជៀសវាង​ដាច់ខាត​ចំពោះ​សកម្មភាព​គំរាមគំហែង និង​ញុះញង់​ប្រជាពលរដ្ឋ។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា អំពើ​ញុះញង់​ក្នុងពេល​ឃោសនា​បោះឆ្នោតនឹងជះឥទ្ធិពល​ ដល់សីលធម៌ សង្គម ក៏​ដូច​ជា​បង្ហាញពី​អត្តចរិត​មិន​ថ្លៃថ្នូរ​ផងដែរ។ជាមួយគ្នានេះលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានចាត់ទុកអំពើញុះញង់ តាម​រយៈពាក្យ​ស្លោក​ក្នុងពេលឃោសនាបោះឆ្នោត ​គឺជាជាការធ្វើឲ្យ​ប៉ះពាល់​ទាំងដំណើរ​ការបោះឆ្នោត និង​បែកបាក់​សង្គមជាតិទាំងមូល។ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល២សប្តាហ៍ គិតចាប់​ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ខណៈការឃោសនាបោះឆ្នោត​នាពេល​ខាង​មុខនេះ គ.ជ.ប អនុញ្ញាត​ឲ្យមានការហែក្បួនឃោសនា​ បោះឆ្នោត និងការធ្វើសកម្មភាពចែក​ខិត្តប័ណ្ណ​នៅក្នុងផ្សាររបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផងដែរ៕ អត្ថបទ៖ សេក ឧត្តម 

មន្ត្រី គ.ជ.ប ណែនាំពលរដ្ឋត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតដោយខ្លួនឯង

2022/05/18 12:12:32 pm        533
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ មន្ត្រីគ.ជ.ប ណែនាំពលរដ្ឋ ដោយតម្រូវអោយ​សាមី​ខ្លួន ត្រូវទៅស្នើសុំឯកសារនៅទីតាំង គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតដោយខ្លួនឯង រួចត្រូវបន្តយកឯកសារនោះទៅឃុំសង្កាត់ ដើម្បីចុះហត្ថលេខាបោះត្រាសម្រេចចុងក្រោយ។ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណ រឺ​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ខូច ឬកែតម្រូវ ត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត មិនឱ្យផុតថ្ងៃទី ៣ខែមិថុនា ម៉ោង៥.៣០នាទីល្ងាចនោះទេ។ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺតម្រូវឱ្យ​សាមី​ខ្លួនមកស្នើសុំដោយ​ផ្ទាល់ ពុំអនុញ្ញាតឱ្យបុគ្គលដទៃមកស្នើសុំជំនួសនោះទេ។ ​នេះជាការលើកឡើងរបស់ លោក ហេង ចាន់រិទ្ធី ជាមន្រ្តីបម្រើការងារបោះឆ្នោតនៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត នៅសង្កាត់ចាក់អង្រែក្រោម។ ការតម្រូវឱ្យសាម៉ីខ្លួនមកដោយផ្ទាល់ គឺដើម្បីស្គេនម្រាមដៃ និងថតរូបសម្រាប់ការចេញឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត។ ​លោកបន្តថា​ ក្រោយទទួលបានឯកសារ គឺ​សាមី​ខ្លួនត្រូវយកឯកសារនោះ ទៅអាជ្ញាធរឃុំសង្កាត់ដើម្បីចុះហត្ថលេខា បោះត្រាសម្រេចចុងក្រោយ។ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ​បច្ចុប្បន្នគឺពុំចាំបាច់សាក្សី រឺ​ឯកសារ​ភ្ជាប់​មកជាមួយក៏បាន។​នេះជាការបញ្ជាក់ថែមរបស់មន្រ្តីបម្រើការងារបោះឆ្នោត​នៅទីស្នាក់ការ​គណៈកម្មការរៀប​ចំការបោះឆ្នោត។ចំពោះការងារពាក់ព័ន្ធនឹងការបោះឆ្នោតនេះ សម្រាប់មន្រ្តីមូលដ្ឋាន​ក៏​មមាញឹក​ក្នុង​ការផ្សព្វផ្សាយ ជូន​ដំណឹងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។ជាក់ស្ដែង​សម្រាប់​អាជ្ញាធរ​សង្កាត់​ចាក់អង្រែក្រោម បាន​ចែក​ប័ណ្ណព័ត៌មានបោះឆ្នោតជូន​ប្រជាព​លរដ្ឋ និងស្រង់​ទិន្នន័យ​ចំនួនពលរដ្ឋដែលត្រូវស្នើសុំ ​ឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការបោះឆ្នោត ផងដែរ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២២ខាងមុខ។ ការបោះឆ្នោតនេះ ​គឺចាប់ផ្ដើមពីម៉ោង ៧.០០ព្រឹក ​រហូតដល់ម៉ោង ៣.០០រសៀល ក្នុងថ្ងៃដដែល៕ អត្ថបទ៖ គឹមហុក

ពលរដ្ឋខ្មែររស់នៅអឺរ៉ុប បន្ត​សម្តែង​ការ​ស្វាគមន៍​និង​ទន្ទឹង​រង់ចាំ​ទទួល​វត្តមាន​សម្តេចតេជោ​នៅ​ប្រទេសស្វីស

2022/05/18 12:02:52 pm        331
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់អឺរ៉ុប បានបន្តសម្តែងការស្វាគមន៍ និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់ប្រទេសស្វីស នាពេលខាងមុខនេះ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភានេះ នៅទីក្រុងDavos ប្រទេសស្វីស។តាមរយៈវីដេអូឃ្លីប ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង អាលីម៉ង់ អង់គ្លេស ហូឡង់ ប៊ែលហ្សិក និងប្រទេសស្វីស បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីដឹងដំណឹងថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសស្វីស នាពេលខាងមុខនេះ ហើយពលរដ្ឋខ្មែរដែលរស់នៅទីនោះ នឹងរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនេះ។ប្រជាពលរដ្ឋខ្មែរនៅបរទេសទាំងនេះ បានមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា ពិតជាមានសុខសន្តិភាព មានការអភិវឌ្ឍយ៉ាងច្រើនជាបន្តបន្ទាប់ រហូត ដល់មានឱកាសផ្តល់លទ្ធភាពឲ្យកូនខ្មែរបានរៀន និងធ្វើការនៅក្រៅប្រទេស ។ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អឺរ៉ុប បានយល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន នេះ នឹងក្លាយជាឱកាសមួយ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសស្វីស និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក ខណៈកិច្ចប្រជុំដ៏ធំមួយនេះ នឹងមានថ្នាក់ដឹកនាំ បណ្តាប្រទេសនៅលើពិភពលោកចូលរួមនោះ៕អត្ថបទ៖ បាន ចក់

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

2022/05/18 10:06:06 am        733
ភ្នំពេញ៖​ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បន្ទាប់ពីការចូលកាន់តំណែងនៅកម្ពុជាចាប់តាំងខែវិច្ឆិកា ឆ្នាំ២០២១ មក។ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ហើយមកទល់ពេលនេះប្រទេសទាំងពីរ ក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋបារាំង ដែលកន្លងមកតែងបានជួយជ្រោមជ្រែងកម្ពុជាលើកិច្ចការសំខាន់ៗជាច្រើន រួមមាន៖ ការបង្រួបបង្រួមជាតិកម្ពុជាតាមរយៈតួនាទីជាសហប្រធានសន្និសីទទីក្រុងប៉ារីស, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមកកម្ពុជា, ការផ្តល់ជំនួយអភិវឌ្ឍន៍ និងអាហារូបករណ៍ដល់និស្សិតកម្ពុជា, ការអភិវឌ្ឍន៍វិស័យច្បាប់ រួមទាំងថវិកាសម្រាប់តុលាការកាត់ទោសខ្មែរក្រហម, ការជួយដល់ដំណើរការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក, ការផ្តល់ថវិកាសម្រាប់គម្រោងស្រាវជ្រាវជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចខិតខំប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ចំពោះកិច្ចសហប្រតិបត្តិការយោធា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ ដែលស្តែងឡើងតាមរយៈកិច្ចព្រមព្រៀងជាច្រើនទាំងកម្រិតរដ្ឋាភិបាល និងកម្រិតក្រសួងការពារជាតិ ហើយតាមរយៈមូលដ្ឋានទាំងនេះ សកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានអនុវត្ត ជាអាទិ៍៖ ដំណើរការលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ និងការចូលចតនាវា, ការផ្តល់ជំនួយយោធា និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញយោធា, ជំនាញប្រតិបត្តិការថែរក្សាសន្តិភាព និងភាសាបារាំង ជាដើម ជាពិសេសការឧបត្ថម្ភគាំទ្រដល់សាលានាយទាហានសកម្ម និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវមោទនភាពចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-បារាំង ជាពិសេសក្នុងឆ្នាំ២០២២នេះផ្ទាល់ ដែលខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបទី៣០ឆ្នាំ នៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់បារាំងនៅកម្ពុជា។ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ថា កម្ពុជាជាប្រទេសដែលមានបទពិសោធន៍យ៉ាងជូរចត់ក្នុងនាមជាជនរងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែឥឡូវកម្ពុជាមានកងទ័ពប្រកបដោយសមត្ថភាពខ្ពស់ទាំងលើជំនាញ PKO និងផ្នែកភាសាបារាំងរាប់ពាន់នាក់ដែលបាន និងកំពុងបំពេញភារកិច្ចនៅក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ហើយក្នុងនោះអ្វីដែលជាមោទនភាពបំផុត គឺកងម្លាំងមួកខៀវរបស់កម្ពុជា មានស្ត្រីរហូតដល់ ១៩% ដែលជាប្រការល្អហួសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិទៅទៀត។ សំខាន់ គឺកងកម្លាំងជាស្ត្រីទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងកំពុងមានតម្រូវការច្រើន ដោយហេតុថា ភាគច្រើននៃជនរងគ្រោះនៅក្នុងបណ្តារដ្ឋដែលកំពុងមានសង្គ្រាម គឺជាស្ត្រី ដូច្នេះជាការចាំបាច់ដែលស្ត្រីអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយស្រ្តី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលជាប្រទេសទទួលបានចំណាត់ថ្នាក់ឈានមុខមួយនៅក្នុងពិភពលោកលើការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយនឹងការអបអរសាទរផងដែរជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទើបទទួលបាននូវគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមចំណែកបំពេញភារកិច្ចប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ។ជាទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈ និងចំណាប់អារម្មណ៍ស្វាគមន៍ទៅវិញទៅមក ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យបានកាន់តែសកម្មបន្ថែមទៀត ជាពិសេសការគិតគូរអំពីការចាប់ផ្តើមកសាងទំនាក់ទំនងដោយផ្ទាល់រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលអាចជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់ និងភាពចាំបាច់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា៕

ក្រុមពិធីការសម្តេចនាំយកថវិកា និងម៉ាសក្រណាត់អំណោយលោកយាយ ដោ​ ព្រឿង ផ្ញើតាមរយៈសម្តេចតេជោ ហ៊ុន សែន ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ

2022/05/18 07:21:38 am        932
ភ្នំពេញ៖ លោកយាយ ដោ ព្រឿង និងកូនស្រី នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានផ្ញើថវិកាចំនួន ២.០០០ដុល្លារអាមេរិក(ពីរពាន់ដុល្លារ) និងម៉ាសក្រណាត់ដែលលោកយាយដេរផ្ទាល់ដៃចំនួន ៥៦ម៉ាស តាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាជំនួសលោកយាយផង ដើម្បីប្រើប្រាស់ក្នុងកម្មភាពព្យាបាលជំងឺដល់កុមារនៅកម្ពុជាដោយមិនគិតថ្លៃ។ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា យុពា ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយលោកយាយ ដា​ ព្រឿង ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ដៃ។តាមរយៈវីដេអូខ្លី លោកយាយ ដោ ព្រឿង បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីការកាប់សម្លាប់ និងអរគុណសម្តេចដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយបានសំណេះសំណាល សាកសួរសុខទុក្ខ ដោយភាពស្និទ្ធស្នាលជាមួយបងប្អូនខ្មែររស់នៅអាមេរិក-កាណាដា ។ លោកយាយ ក៏បានអរគុណសម្តេចដែលបានដឹកនាំកម្ពុជាប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងជូនពរសម្តេច និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងបន្តដឹកនាំកម្ពុជាបន្តទៅទៀត។គួរបញ្ជាក់ថា លោកយាយ ដោ ព្រឿង អាយុ ៨៤ ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រី ។ លោកយាយមានកូន៦នាក់ ប្រុស ០៣នាក់ ស្រី ០៣នាក់ មកដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។ ពេលមកដល់ អាមេរិក លោកយាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ ១៩៨៩ ។ លោកយាយពុំធ្លាប់ធ្វើការទេ ពេលមកដល់សហរដ្ឋអាមេរិក តែបានជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន ។ លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់។ គាត់ធ្លាប់ប្រាប់កូនចៅជាច្រើនលើកថា បំណងប្រាថ្នាចុងក្រោយរបស់គាត់គឺចង់ជួបសម្តេចតេជោដោយផ្ទាល់ ដើម្បី អរគុណសម្តេចដែលបានជួយជីវិតលោកយាយ និងក្រុមគ្រួសារពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្រុមគ្រួសារលោកយាយទាំងមូលស្ទើរតែត្រូវបានគេសំលាប់ផុតពូជ។ជាភ័ព្វសំណាង បន្ទាប់ពីធ្វើដំណើរជាង ១០ម៉ោងតាមរថយន្ត លោកយាយបានជួបសម្តេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ធ្វើអោយបំណងប្រាថ្នាលោកយាយក្នុងដំណាក់កាលចុងក្រោយនៃជីវិតបានសំរេច។ លើសពីនេះទៅទៀត ដោយពុំអោយកូនចៅទាំងអស់ដឹង លោកយាយបានសន្សំប្រាក់ផ្ទាល់ខ្លួន លាក់ក្នុងស្រោមសំបុត្រចំនួន ២ពាន់ដុល្លារ ជូនសម្តេចតេជោដោយផ្ទាល់ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។លោយយាយក៏បានចំណាយពេលដេរម៉ាស់ពីក្រណាត់សូត្រ និងហូលផាមួងខ្មែរ ដោយផ្ទាល់ដៃបានចំនួន៥៦ម៉ាស់ ជូនសម្តេចតេជោដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីត ១៩ នៅកម្ពុជា ។ នេះជាកាយវិការ និងទឹកចិត្ត មួយគួរអោយស្ងប់ស្ញែងណាស់ និងសូមអរគុណលោកយាយ ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំនះបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យទាល់តែចេញលទ្ធផល

2022/05/17 12:04:35 pm        1038
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្តីសន្ទោសដល់ដំណើរការយឺតយ៉ាវក្នុងការសាងសង់ និងដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលខាងភាគីចិនក៏បានស្តីបន្ទោស និងដាស់តឿនចំពោះករណីនេះដែរ។សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នេះឱ្យបាន»។សម្តេចបន្តថា បើក្នុងករណីកូវីដ-១៩ រលាយរលយ់ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវសង្គមផងដែរ។ទន្ទឹុមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះ មិនមានអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែងក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស«ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស៕

សម្តេចតេជោ ស្នើឱ្យអាម៉េរិកពន្យល់ថា តើការគប់ស្បែកជើង​ដាក់​សម្ដេច​ជា​សិទ្ធិបញ្ចេញ​មតិ​ ឬ​អំពើ​ហិង្សា

2022/05/17 11:51:50 am        990
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាមេរិក ពន្យល់អំពីថា តើការគប់ស្បែកជើងដាក់សម្ដេច ពេលសម្ដេចនៅអាម៉េរិក ជាសកម្មភាពនៃសិទ្ធិបញ្ចេញមតិ ឬក៏ជាអំពើហិង្សា បើទោះបីជាសម្ដេច បានបញ្ជាឲ្យអ្នកគាំទ្រសម្តេចទាំងអស់ មិនត្រូវធ្វើសកម្មភាពហិង្សា ឬបាតុកម្មអ្វី ដើម្បីឆ្លើយតបចំពោះជននោះក្ដី។នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន​ បានសម្ដែងការហួសចិត្ត​ចំពោះ​ជនព្រហើនម្នាក់ ដែលយកស្បែកជើងគប់មកលើសម្តេច ហើយត្រូវបានជន​មួយ​ក្តាប់​តូច ចាត់​ទុក​ជាវីរបុរស​ និងបានកើតឡើងនៅលើទឹកដីអាម៉េរិក ដែលជាបិតាលទ្ធិប្រជាធិបតេយ្យទៅទៀត។តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ មិនទាមទារឲ្យដាក់ទោសដល់ជនព្រហើននេះទេ គ្រាន់តែចង់ដឹងថា រដ្ឋបាលអាម៉េរិក នឹងធ្វើការស៊ើបអង្កេតយ៉ាងម៉េច ​ខណៈកងការពារអាមេរិក ត្រូវបានចាត់ទុកថា ​ខ្លាំង​ជាងគេនៅលើពិភពលោកនោះ។សម្តេចតេជោ បានបញ្ជាក់ទៅកាន់រដ្ឋបាលអាម៉េរិកផងដែរថា ការ​គប់គេ​នឹងស្បែកជើងនេះ​ គឺជា សិទ្ធិសេរីភាពបញ្ចេញមតិ ឬជាអំពើហិង្សា ​ខណៈបុគ្គលព្រហើនមួយនេះ បាន​ព្យាយាមចង់​ធ្វើបែប​នេះមកលើសម្តេច នៅប្រទេសកូរ៉េខាងត្បូងម្តងហើយនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ប្រកាសតម្រូវឱ្យជនបរទេសចូលមកកម្ពុជាមិនបានចាក់វ៉ាក់សាំង ធ្វើចត្តាឡីស័កតាមដានសុខភាព ៧ថ្ងៃជាកំហិត

2022/05/17 11:31:51 am        455
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កុំយកវិធានការខ្លះពាក់ព័ន្ធបញ្ហាកូវីដ-១៩ នៅប្រទេសជិតខាងមកអនុវត្តន៍បន្តនៅប្រទេសកម្ពុជា។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជនបរទេសទាំងឡាយណាចូលមកកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាំបាច់ត្រូវតែឃាត់ទុករយៈពេល៧ថ្ងៃ ដើម្បីពិនិត្យ និងតាមដានសុខភាព»។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើជនបរទេសទាំងឡាយ ចង់ចូលកម្ពុជា តែមិនទាន់បានទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមថេរវេលាកំណត់ណាមួយ មិនគួរបោះទិដ្ឋាការឱ្យពួកគេទេ។សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិនគិតគូរពីសុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»៕

សម្តេចតេជោ ហ៊ុន សែន រំលឹកគ្រាលំបាកលំបិនក្នុងពេលកូវីដ-១៩ផ្ទុះខ្លាំង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

2022/05/17 11:20:29 am        606
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការ នៃការស្វះស្វែងជួយដល់ប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩ ក្នុងគ្រារលំបាកលំបិនខ្លាំង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន គ្រានោះ មានការបង្កើតឱ្យមានមណ្ឌលព្យាបាលជាច្រើននៅរាជធានីភ្នំពេញ ដូចជា៖ សណ្ឋាគារ, អគារតាំងពិព័រណ៌ និងទីកន្លែងផ្សេងៗទៀត ដើម្បីធានាការសម្រាលព្យាបាលប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ និងបំពេញតម្រូវការជាក់ស្តែងនាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងបានទទួលជោគជ័យរហូតដល់ករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃ ធ្លាក់ដល់កម្រិតសូន្យ(០)នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។សម្តេចបញ្ជាក់ថា «យើងមិនទាន់អាចឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងស្រុងបាននៅឡើយទេ យើងគ្រាន់តែឈ្នះលើសមរភូមិខ្លះតែប៉ុណ្ណោះ»។បន្ថែមលើកបញ្ហានោះ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកពីការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយ ដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ពីទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស»ទៀតផង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម E-Sports កម្ពុជា ទទួលសិទ្ធិប្រកួតកីឡាអាស៊ី ក្រោយបង្កការភ្ញាក់ផ្អើលក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ាន
06/22/2026 11:06 AM
ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
06/22/2026 11:06 AM
ក្រុមអ្នកសម្របសម្រួលនិយាយថា អាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កិច្ចចរចាកម្រិតខ្ពស់នៅប្រទេសស្វីស
06/22/2026 11:06 AM
ចាប់ខ្លួនជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
06/22/2026 10:06 AM
រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
06/22/2026 10:06 AM
តេជោលីគ៖ វិសាខា បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់បញ្ជាការដ្ឋានអង្គរក្ស ចំពោះមុខអ្នកគាំទ្រដ៏លើសលុប
06/22/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ វឌ្ឍនភាពដ៏សំខាន់ត្រូវបានបង្កើតឡើងលើការបញ្ចប់សង្គ្រាមនៅលីបង់
06/22/2026 10:06 AM
អ៊ីស្រាអែល និយាយថាកងកម្លាំងរបស់ខ្លួននឹងបន្តនៅក្នុងប្រទេសលីបង់ ប៉ុន្តែពុំបានលើកឡើងពីប្រតិបត្តិការវាយលុកទេ
06/22/2026 10:06 AM
តម្លៃប្រេងកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ម្តងទៀត ខណៈលោក Trump គំរាមវាយប្រហារថ្មី
06/22/2026 10:06 AM
លោក Trump ៖លោក Starmer នឹងលាលែងពីតំណែង ខណៈសង្ស័យថានាយករដ្ឋមន្ត្រីអង់គ្លេសអាចនឹងចុះចេញនៅថ្ងៃចន្ទនេះ
06/22/2026 09:06 AM