ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣ វាលរេញ-កំពត​ ធ្វើរួចមិនជាប់ជាយូរ​ ដោយសារធ្វើមិនតាមលក្ខណៈបច្ចេកទេសនៃតំបន់

2022/03/29 05:50:06 am        1463
កំពត៖ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ វាលរេញ-កំពត​ ប្រវែង២០គីឡូម៉ែត្រ ធ្វើរួចមិនជាប់ជាយូរហើយ​ ដោយសារធ្វើមិនតាមលក្ខណៈបច្ចេកទេសនៃតំបន់។ក្នុងឱកាសដឹកនាំមន្ដ្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣ ដែល​តភ្ជាប់ពីតំបន់វាលរេញ​ផ្លូវ​ជាតិ​លេខ៤ទៅកាន់ក្រុងកំពត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានប្រាប់BTVថា ការស្ថាបនាផ្លូវមិនជាប់ជាយូរហើយ ​ដោយសារការធ្វើមិន​តាម​លក្ខណៈ​បច្ចេកទេស​នៃតំបន់ ដែលមានដីស្អុយរហូតដល់ជំរៅ១៨ម៉ែត្រខាងក្រោម ដូច្នេះដើម្បីធ្វើផ្លូវនេះ​ឲ្យបាន​ជាប់ គឺត្រូវវាយ​គ្រឹះឲ្យ​ទៅ​ដល់ជំរៅ១៨ម៉ែត្រ ​សម្រាប់​ចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ដែលចេញ​ពី​ផ្លូវជាតិលេខ៤​វាលរេញ​ក្នុងស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ​ហើយសម្រាប់​ចម្ងាយផ្លូវ១៥គីឡូម៉ែត្រ​ទៀត ឆ្ពោះទៅ​ខេត្តកំពត គឺត្រូវ​ពង្រឹង​គ្រឹះ​ ទើប​អាចចាក់បេតុងកម្រាស់ ​២,៦តឹក ​ទើបផ្លូវនេះ​លែងស្រុត​ បើមិនដូច្នេះទេ​ចំណាយ​ថវិកា​ហើយ ​មិនបានមួយឆ្នាំ​ទេផ្លូវ​នៅតែស្រុត។សូមជម្រាបជូនថា ផ្លូវជាតិលេខ៣ វាលរេញ កំពត​ មានប្រវែង៥៤គីឡូម៉ែត្រ ផ្លូវនេះបានស្ថាបនា​រួចរាល់ហើយ ប៉ុន្តែចម្ងាយផ្លូវ៣៤គីឡូម៉ែត្រពីក្រុងកំពត បានចាក់កៅស៊ូល្អស្អាត និងជាប់​មាន​គុណភាព ​។ ដោយឡែកចម្ងាយ២០គីឡូម៉ែត្រពីវាលរេញផ្លូវជាតិលេខមានការខូចខាតខ្លាំង ដោយ​សារគ្រឹះខាងក្រោមជំរៅ ១៨ម៉ែត្រមានដីស្អុយ​ ដែល​ត្រូវការជំនាញ​បច្ចេកទេសបុក ឬវាយ​គ្រឹះដូចជា​ការសាងសង់ស្ពានផងដែរ ​ទើបតំបន់នោះលែង​មានការស្រុត ​និងខូចខាត៕

គ.ជ.ប បើកសវនាការលើបណ្តឹងសុំលុបបញ្ជីបេក្ខជន និងប្តឹងជំទាស់ចំពោះបេក្ខជន

2022/03/29 12:31:36 pm        373
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានបើកសវនាការជំនុំជម្រះជា សាធារណៈលើបណ្តឹងសុំលុបបញ្ជីបេក្ខជនដំបូង និងការប្តឹងជំទាស់ចំពោះបេក្ខជន ដែលមិនមានលក្ខណៈ សម្បត្តិស្របតាមលក្ខខន្តិកៈរបស់គ.ជ.ប។ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ បានបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងចំនួន៦ ពាក់ព័ន្ធនឹងការប្ដឹងសុំលុបបញ្ជី បេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ និង​សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពាក្យប្ដឹងជំទាស់នឹងបេក្ខជន និង​បញ្ជី​បេក្ខជន​របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ​នៅសង្កាត់ផ្សារថ្មីទី៣ ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងសវនាការ ពាក់ព័ន្ធការសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ភាគីដើមបណ្តឹងជា ប្រជាពលរដ្ឋ បានអះអាងមុខក្រុមប្រឹក្សាជំនុំជម្រះថា បេក្ខជនរបស់គណបក្សភ្លើងទៀន បានក្លែងបន្លំ ​ដោយសារបេក្ខជននោះ ពុំមានចំណេះដឹងគ្រប់គ្រាន់ ​ឬចេះអាន​ និងសរសេរឡើយ ដូច្នេះការបំពេញ​លក្ខខណ្ឌ​ចុះឈ្មោះជាបេក្ខជន ​ដោយ​បុគ្គលផ្សេងជំនួសសាម៉ីខ្លួន។ ចំពោះសវនាការសំណុំរឿងប្តឹងជំទាស់​នឹងបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ​ដើមបណ្តឹង​ បានទាម ទារ​ឲ្យលុបឈ្មោះបេក្ខជន ក៏ដូចជាបញ្ជីបេក្ខជនទាំងមូល ចេញពីសង្កាត់ផ្សារថ្មីទី៣ ​ខណ្ឌដូនពេញ ដោយមូលហេតុមិនមានលក្ខណៈស្របតាមលក្ខខណ្ឌ ​នៃការចុះឈ្មោះរបស់បេក្ខជន។ សវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះ ​នឹងប្រកាសសេចក្តីសម្រេច​ នៅពេលរសៀលថ្ងៃនេះ។ ការរៀបចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ ​ត្រូវបានធ្វើឡើង​ ដើម្បីឈានទៅរក ការ​ប្រកាសអំពីសុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ ​នៅថ្ងៃទី២៤ ​ខែមេសា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅ ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម

វ៉ាក់សាំងកូវីដ-១៩ និងសឺរ៉ាំង ជំនួយរបស់មិត្តចិនបានដឹកមកដល់កម្ពុជា នាព្រឹកនេះ

2022/03/29 12:21:01 pm        581
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០៥លានដូស និងសឺរ៉ាំងម្ជុលចាក់ ចំនួន៥លាន ត្រូវដឹកមកប្រគល់ជូនកម្ពុជា រយៈពេល០២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០២២។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ​ជាមួយលោកទីប្រឹក្សា​សេដ្ឋកិច្ច ​តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ(VIP) ​ព្រឹកថ្ងៃទី២៩ ខែមីនា ​ឆ្នាំ២០២២នេះ បាន​អញ្ជើញ​មកទទួលការមកដល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសឺរ៉ាំងម្ជុល ដឹកតាមយន្តហោះជើងទី១ ។ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានប្រាប់BTV ព័ត៌មានថា នាថ្ងៃនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួនជាង១លានកន្លះដូស បើគិតជាចំនួនដប ប្រហែល ជា ៧៨ម៉ឺនដប រួមជាមួយនឹងសឺរ៉ាំងម្ជុលសម្រាប់ចាក់ ដែលមានគម្រោងទទួលជំហានទី១ ក្នុងចំនួន០៥ លានដូស ដែលមកដល់ថ្ងៃនេះ ​មានចំនួន១ភាគ៣។ ដោយឡែកថ្ងៃស្អែក មានយន្តហោះដឹកវ៉ាក់សាំងនឹងសឺរ៉ាំង ចំនួន០២ជើងទៀត មកបង្គប់​ចំនួន​៥លានដូស ​និងសឺរ៉ាំងចំនួន៥លាន ​ចុះមកដល់កម្ពុជា​ នៅម៉ោង៩ព្រឹក នេះគឺជាជំនួយ​ក្នុងចំណោម២០លានដូស ​ដែលប្រមុខរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ បានខិតខំ ជួបផ្ទាល់​តាមទូរស័ព្ទពិសេស ​ជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។ដូច្នេះវ៉ាក់សាំងចំនួន២០លានដូសនៅថ្ងៃនេះ នឹងថ្ងៃស្អែក កម្ពុជា ក៏ទទួលបានជំហានទី១ ចំនួន​០៥លានដូស ហើយយើងនៅសល់១៥លានដូសទៀត។ កម្ពុជា-ចិន កំពុងតែពិភាក្សាគ្នា ថាតើយើង​តម្រូវការនាពេលណា ថាសាធារណរដ្ឋប្រជាមានិត ចិន នឹងបំពេញនូវតម្រូវការជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ កម្ពុជា នឹង​ទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ពីយន្តការកូវ៉ាក់ ​ចំនួន៧លាន៥សែនដូស ​ពីដើមខែមេសា រហូត​ដល់ចុងខែកញ្ញា ឆ្នាំ២០២២។ ដូច្នេះវ៉ាក់សាំងជំនួយរបស់មិត្តចិន ​នៅចំនួន១៥លានដូសទៀត កម្ពុជានឹ​ងស្នើឲ្យចិនផ្តល់ជូនក្រោយខែកញ្ញា ឆ្នាំ២០២២។ ទន្ទឹមនឹងនោះយើងនឹងធ្វើការពិភាក្សា រងចាំការសម្រេច​ពី​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ​នៅពេ​ល​សម្រេចយ៉ាងណា​ គឺចិន នឹងប្រគល់​ជូនតាម​តម្រូវការរបស់ភាគីកម្ពុជា៕ អត្ថបទ រដ្ឋា សុភ័ណ្ឌ

សម្ដេចតេជោ ស្វាគមន៍ក្រុមប្រទេសនិយាយភាសាបារាំង ដែលមានបំណងមកវិនិយោគនៅកម្ពុជា

2022/03/29 12:02:52 pm        421
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបានស្វាគមន៍ចំពោះបណ្ដា ក្រុមអ្នកវិនិយោគ នៃប្រទេសនិយាយភាសាបារាំង ដែលមានបំណងចង់មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ ​បាន​អនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគី វ៉ាបូ (Louise Mushikiwabo) ​អគ្គលេខាធិការ ​នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលជួប​សំដែងការ​គួរសម ​និងពិភាក្សាការងារ ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ​បានប្រាប់ដល់​ក្រុមអ្នកសារ ព័ត៌មានថា ​ក្នុងជំនួបនេះ​ លោកជំទាវ ល្វីស បានកោត​សរសើរអំពីសេដ្ឋកិច្ចរីកចម្រើន របស់កម្ពុជា ដែលជាការការទាក់ទាញ ​និងជាគំរូ ​នៃការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយ​ភាសា​បារាំងផងដែរ។សម្ដេចតេជោ ហ៊ុន សែន ​បានសំដែងនូវការអបអរសាទរចំពោះជោគជ័យ ​នៃជំនួបរវាង​អ្នក​វិនិយោគ មកពីបណ្ដាប្រទេសនិយាយភាសាបារាំង ​និងអ្នកវិនិយោគកម្ពុជា។សម្ដេចតេជោ ​បានមានប្រសាសន៍ថា ​សេដ្ឋកិច្ចពាណិជ្ជកម្ម ​និងវិនិយោគ ​ជាចំណុចស្នូល នៃកិច្ច សហប្រតិបត្តិការ រវាងប្រទេស​ និងតំបន់ ​ដែលមានសក្តានុពល ​គ្រាន់តែមិនទាន់មាន ឱកាសនៅ​ឡើយប៉ុណ្ណោះ ដូច្នេះគប្បីរួមគ្នាបង្កឱកាសដើម្បីចាប់យកសកម្មភាព ​សក្តានុពលទាំងឡាយណា ដែលមាននេះ ​ដើម្បីមិនត្រឹមតែពង្រីក​ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់​ទាំង​ពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អ ​រវាងប្រទេសទាំងពីរផង​ និងតំបន់ផង ព្រោះថា​ទំនាក់ទំនង​ល្អលើវិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​និងវិនិយោគ ​នឹងនាំ​ទៅ​ដល់ភាពជិតស្និទ្ធ​ផ្នែក​នយោបាយ។សម្ដេចតេជោ បានជម្រាបជូនលោកជំទាវ ល្វីស ថា ក្នុងនាមជាប្រធានអាស៊ាន​ អ្វីដែលសម្ដេចចង់ បាន​ គឺជំរុញការអនុវត្ត អាស្តា និងអាស៊ឹម ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងវិនិយោគ និង​របៀងដំណើរ ទេសចរណ៍ក្នុងតំបន់អាស៊ាន​ ឱ្យមានដំណើរការប្រក្រតីភាពឡើងវិញ៕ អត្ថបទ៖ មុត សុទ្ធ

អភិបាលខេត្តកោះកុង អំពាវនាវឱ្យភ្ញៀវទេសចរចូលរួមប្រើកញ្ចប់សេវាទេសចរណ៍សហគមន៍

2022/03/28 04:19:00 pm        1612
កោះកុង៖ អភិបាលខេត្តកោះកុង បានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរ ដែលមានបំណងទៅលេងកម្សាន្ត នៅតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តនេះ សូមចូលរួមប្រើប្រាស់កញ្ចប់សេវាទេសចរណ៍ក្នុងសហគមន៍។បន្ទាប់ពីមានការប្រកាសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យមានការប្រារព្ធ ពិធីបុណ្យចូលឆ្នាំ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ខេត្តទេសចរណ៍​ជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងពង្រីក និងពង្រឹងគុណភាព​វិស័យ​ទេសចរណ៍ ​ដូចជា សេវាស្នាក់នៅ ហូបចុក ព្រមទាំងសោភ័ណភាពបរិស្ថាន​ជុំវិញរមណីយដ្ឋានទេសចរធម្មជាតិនានា។លោកជំទាវ ​បានសំណូមពរដល់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន​ទាំងអស់ ​ចូលរួមប្រើប្រាស់កញ្ចប់ សេវា​ទេសចរណ៍សហគមន៍​ ត្បិត​តម្លៃថ្លៃបន្តិចក៏ពិតមែន ​តែដើម្បីគាំទ្រផ្តល់ជាមុខរបរ ​ប្រាក់ចំណូល និង​លើកស្ទួលជីវភាព​ប្រជាសហគមន៍ ​ដែលបាននឹងកំពុងរងផលប៉ះពាល់​ដោយ​សារវិបត្តិជំងឺកូវីដ-១៩។លោក ឈេង សុវណ្ណដា អភិបាលក្រុងខេរមភូមិន្ទ ​បានឱ្យដឹងថា​ លោកនឹងធ្វើសេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ សេវក (សេវៈក) ​និង​ប្រតិបត្តិករ​វិស័យ​ទេសចរណ៍ ឱ្យរៀបចំសន្តិសុខ​សណ្តាប់ធ្នាប់ ​សោភ័ណភាព​បរិស្ថាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ​និងរមណីយដ្ឋាន ឱ្យបានស្អាត ត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរ ។លោក បានឱ្យដឹងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ​នឹងមាន​ពិព័រណ៍​ពាណិជ្ជកម្ម ​សម្ភារៈ​កីឡា របស់​សហព័ន្ធកីឡាជាតិ ​និងប្រគុំ​តន្រ្តីខ្នាតតូច ​សម្រាប់​ផ្ដល់​ការកម្សាន្ត​បន្ថែម​ដល់ទេសចរ។លោក សុខ ចាន់គ្រឹះស្នា​ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង​ បានបញ្ជាក់ដែរថា ​លោកបាន ត្រៀម​ណែនាំ​ដល់អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ធម្មជាតិ ​និង​កែច្នៃ​ទាំងអស់​ ដែល​ជា​គោលដៅ​ទេសចរណ៍ ធម្មជាតិ ​ឱ្យពង្រឹងគុណភាពសេវាស្នាក់នៅ ​ចំណីអាហារ​ និងរក្សាសន្តិសុខ។ ​ហើយមិនឱ្យមានការ​ដំឡើង​ ថ្លៃសេវាទេសចរណ៍​លើសប្រមាណ​នោះទេ ​ដែល​ធ្វើឱ្យប៉ះពាល់ចំណូល​សេដ្ឋកិច្ច​ពី​វិស័យ​ទេសចរណ៍៕ អត្ថបទ៖ ឈឹម មករា

កម្ពុជាលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធ និងសេរីភាពអង្គការវិជ្ជាជីវៈ

2022/03/28 03:40:43 pm        620
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនភាគី អង្គការអន្តរជាតិខាងការងារ ហៅកាត់ អាយឡូ(ILO)ថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅកម្ពុជា។ក្នុងឱកាសទទួលពិភាក្សាការងារជាមួយលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្ម របស់​អង្គការ អន្តរជាតិខាងការងារ ​កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានជម្រាបជូនភ្ញៀវបន្តថា អនុលោមតាមច្បាប់ ស្តីពី​សហជីព​នៃកម្ពុជា​ ផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញ​ទៅកម្មករនិយោជិត និងនិយោជកក្នុងការ​បង្កើត និង​អនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មាន​ការ​បង្ខិតបង្ខំ​ និង​គំរាមកំហែង។ឯកឧត្តមរដ្ឋមន្ត្រី​ លើកឡើងថា​ នៅកម្ពុជា ​មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណី​ដែលកម្មករ និយោជិត ឬថ្នាក់ដឹកនាំសហជីព ត្រូវបានចាប់​ខ្លួន ឬ​ធ្វើ​ទុក​បុកម្នេញដោយ​សារ​សកម្មភាព​ស្របច្បាប់​របស់ខ្លួនក្នុង ​ការ​អនុវត្តសិទ្ធិសេរីភាពអង្គការ​វិជ្ជាជីវៈឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ​បានលើកឡើងថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេស​របស់​ក្រសួង​ការងារ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ ​និងដៃគូសង្គមនាពេលបន្ទាប់នេះ គណៈប្រតិភូ​នឹង​ទទួល​បាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ​ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយ​សុភវិនិច្ឆ័យ ​ឈរលើមូលដ្ឋានច្បាប់ ​និងបទប្បញត្តិជាតិ ​និងអន្តរជាតិជាធរមាន។ក្រសួងការងារ​ រងចំាទទួលយកនូវអនុសាសន៍​របស់​បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អ​លក្ខខណ្ឌ​ការងារ ​និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្រប​តាម​បរិបទសង្គម ​និងសេដ្ឋកិច្ចកម្ពុជា។នាឱកាសនោះ លោកប្រធានប្រតិភូ ​បានលើកឡើងថាការប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នា​ទៅវិញ​ទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ មានការយល់គ្នាកាន់តែប្រសើរ ​ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តី​សន្និដ្ឋាន ឲ្យ​គ្រប់ភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ​ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ ​សិទ្ធិការងារ សេរីភាព​អង្គការវិជ្ជាជីវៈ ​ស្របតាមតាមច្បាប់ការងារ​ និង​បទដ្ឋាន​អន្តរជាតិដែលកម្ពុជាបានផ្តល់​សច្ចាប័ន​ កាន់តែមានភាពល្អប្រសើរបន្តទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសប្បុរជន៤ក្រុមផ្សេងគ្នាទៀត សម្រាប់ទិវា៨ឧសភា

2022/03/28 01:43:08 pm        833
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនានេះ នៅទីស្នាក់ការកណ្តាល មានសប្បុជនចំនួន៤ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ចាគថវិកា តាមសទ្ធាជ្រះថ្លាជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកបន្តជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរជន លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់​អំណោយទាំងអស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ទី១,អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក និងជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន ១,៣០០,០០០ ដុល្លារអាមេរិក (១លានបីសែនដុល្លារអាមេរិក) ទី២,ក្រុមហ៊ុន ជីប ម៉ុង បាន​បរិច្ចាគ​ថវិកា​ចំនួន ៧០០,០០០ ដុល្លារអាមរិក (ចិតសិបម៉ឺនដុល្លារអាមេរិក) ទី៣,ធានាគារអេស៊ីលីដា ចំនួន៨០០,០០០,០០០ រៀល (ប្រាំបីរយលានរៀល) និងទី៤,សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន២០,០០០,០០០ រៀល (ម្ភៃលានរៀល)។លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ​ចូលរួម​បរិច្ចាគ​ថវិកា​ ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាស​ខួប​លើកទី១៥៩​ ទិវាពិភពលោក ​កាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម៨ឧសភា​ ឆ្នាំ២០២២នេះ គឺ​ដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្ត ​ផ្តល់​សេវាកម្មមនុស្សធម៌ ​ដោះស្រាយ​បញ្ហា​ប្រឈមនានា បន្តពង្រឹងភាពធន់​សហគមន៍ ​និងជួយសម្រាលទុក្ខលំបាក​ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយ​រងគ្រោះបំផុត​ តាម​គោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលនេះជាទង្វើមួយជួយដល់សង្គម​ និងអាចជួយឲ្យប្រជាជនខ្មែរ ​ដែលកំពុងជួបការលំបាក ទទួល​បាននូវភាពកក់ក្តៅ ​និងការយកចិត្តទុកដាក់យ៉ាង​ពេញលេញ​ពីរាជរដ្ឋាភិបាល និង​សប្បុរសជន​គ្រប់ទិសទីផងដែរ៕

ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាត​អ្នក​សម្របសម្រួល UN ប្រចាំនៅកម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម ​និង​ជម្រាប​លា

2022/03/28 01:23:18 pm        942
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកស្រី Pauline Tamesi អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។ក្នុងនោះផងដែរលោកស្រី Pauline Tamesis បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ​ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​ប្រមុខ ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍលើគ្រប់វិស័យ ​និងធ្វើឲ្យកម្ពុជា​មានការប្រែប្រួល​មុខ​មាត់​ខ្លាំង ដែល​លោកស្រី​បានមើលឃើញ​យ៉ាងច្បាស់​ ក្នុងអាណត្តិបេសកកម្មរបស់​លោក​ស្រី​នៅកម្ពុជា។លោកស្រី បាន​កោតសរសើរចំពោះសមិទ្ធផលសម្រេច​បាន​សម្រាប់​វិស័យមីន​កម្ពុជា ​ក្រោម​ការងារ​សម្របសម្រួល​ និងដឹកនាំរបស់អាជ្ញាធរមីន។​លោកស្រី Pauline Tamesis ​នឹងបន្តចូលរួមជាមួយរាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​សកម្មភាពមីននៅកម្ពុជា ​និងបន្ត​កៀរគរ​ធនធាន​គាំទ្រ​ដល់គោលដៅ​របស់​កម្ពុជា​រហូតដល់ឆ្នាំ២០២៥។ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បានដាក់ចេញនូវចក្ខុវិស័យ​ដឹកនាំ​យ៉ាងច្បាស់​លាស់ ​ដោយបានដាក់​បញ្ចូល​ការងារ​សកម្មភាពមីន​ក្នុងគោលដៅទី១៨​ នៃការអភិវឌ្ឍប្រកបដោយចីរភាព ​និងគោលនយោបាយសំខាន់ៗ​សម្រាប់​អភិវឌ្ឍន៍ជាតិ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់លោកស្រី Pauline Tamesis ដែលបាន​ផ្តល់នូវភាពជាមិត្ត​ ជាដៃគូរ ​និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា​ ព្រមទាំងបានគាំទ្រដល់កិច្ចដំណើរការថែរក្សាសន្តិភាព ក៏ដូចជាការងារ​បោស​សម្អាតមីន ​ក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។ឯកឧត្តម លី ធុជ បាន​បន្ត​ទៀតថា ​ចាប់តាំងពីផ្តើមដំណើរបេសកកម្មរបស់​លោក​ស្រីអ្នក​សម្រប​សម្រួល UN ប្រចាំនៅ​កម្ពុជា ​ឆ្នាំ២០១៨ លោកស្រី​ បាន​ចូលរួម​គាំទ្រ​ដល់​ការ​រៀបចំ​សន្និបាត​ជាតិ​សកម្មភាពមីន ​និង​ចូលរួម​ដល់​ការ​រៀបចំ និង​កសាង​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥៕

រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញការអនុវត្តការពារអ្នកប្រើប្រាស់​កិច្ចការប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ

2022/03/28 05:51:26 am        620
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំការងារសំខាន់ៗ ដែលជាការងារអាទិភាពមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគីរីទាំងអស់ ត្រូវបន្ត​បដិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តរតនគីរី កាលពីសប្តាហ៍កន្លងទៅ នៅខេត្តរតនគីរី ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីទាំងអស់​ត្រូវបន្តខិតខំ​ពង្រីក​ចំណេះដឹង​ខ្លួនបន្ថែមទៀត ​ទាំងកម្រិតជំនាញ ​និង​ភាសាបរទេស តាមរយៈការ​សិក្សាបន្ថែម​ ការស្រាវជ្រាវ​ និង​ដកស្រង់នូវ​បទពិសោធន៍​ពី​មន្ត្រី​ដែល​មាន​សមត្ថភាព និង​ជា​ពិសេសរួម​សហការគ្នាចុះត្រួតពិនិត្យទំនិញដែល​ខូច​គុណភាព ​នៅ​លើទីផ្សារឱ្យ​កាន់​តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ​ ក៏ដូចជា​ការពារសុខភាពបងប្អូន ​កូនចៅរបស់ខ្លួនឯងដែរ។ មន្រ្តីទាំងអស់​ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរមូលដ្ឋាន​ ដើម្បីចូលរួម​ផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាល ​ជាពិសេស​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់ក្រសួងពាណិជ្ជកម្ម ​ក្នុងការដាក់ចេញ​គោល​នយោបាយ​ពាណិជ្ជកម្ម សំដៅ​ជួយសម្រួលពាណិជ្ជកម្ម​ ក្នុងការនាំចេញ ​និង​សម្រួល​ដល់​ការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំមន្ត្រ ត្រូវ​បញ្ចៀស​ដាច់ខាត​ការ​ទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការពីអាជីករ ​ពាណិជ្ជករ ផលិតករ​ អ្នកនាំចេញ ​និងសេវាផេ្សងៗ និងត្រូវបន្តជំរុញ​ពង្រឹង​បន្ថែម​យន្តការតាមដាន​ និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម ​សេវាកម្ម​ ពាណិជ្ជកម្ម ​ថ្លៃទំនិញ និង​សន្និធិ​ទំនិញ​ចាំបាច់ ស្រូវ-អង្ករ ​ប្រេងឥន្ធនៈ ​និង​ការធ្វើពាណិជ្ជកម្មទំនិញ​នៅតាមព្រំដែន ដោយ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង​ជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ​ ផលិតករ ដោយ​ផ្តោតលើ​ផលិតផល​សក្តានុពល​ចំនួន ​៥មុខ មាន់ស្រែ បន្លែ ដំឡូង​ ស្រូវប្រណិត ​និងសូត្រ។ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងទៀតថា​ រដ្ឋាភិបាលកម្ពុជា ​បាននិង​កំពុងជំរុញ​ការនាំចេញ និង​បើកច្រកទីផ្សារបន្ថែមទៀត ​ទាំងទីផ្សារក្នុងស្រុក​ តំបន់ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោម​ប្រព័ន្ធ​អនុគ្រោះពន្ធដែលកម្ពុជា​សម្រេច​បាន នាពេលថ្មីៗនេះ រួមមាន៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-ចិន​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ​ និង ភាព​ជា​ដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយក្នុងតំបន់ (RCEP) ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

គ.ជ.ប បើកសវនាការលើបណ្តឹងរបស់បក្សនយោបាយចំនួនពីរពាក់ព័ន្ធការតវ៉ាលើបញ្ជីបេក្ខជន

2022/03/28 11:58:58 am        459
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅថ្ងៃទី២៨ ខែមីនានេះ បានបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពាក់ព័ន្ធសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតចំពោះការចុះឈ្មោះបញ្ជីបេក្ខជន និងការប្តឹងតវ៉ាស្នើលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ។ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប និងជា​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ​បានបើកសវនាការ​ជំនុំជម្រះ​ជា​សាធារណៈលើបណ្តឹងរបស់គណបក្សភ្លើងទៀន ​ជុំវិញការប្តឹងតវ៉ានឹងសេចក្តីសម្រេច​របស់​គណ:កម្មការរៀបចំ​ការបោះឆ្នោតខេត្តពោធិ៍សាត់ ​ខណៈមានដើមបណ្តឹងជាប្រជាពលរដ្ឋប្តឹងតវ៉ាមក គ.ជ.ប​ ដើម្បីស្នើលុបឈ្មោះបេក្ខជនរបស់ខ្លួនចេញ​ពីបញ្ជីគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ក្នុងសវនាការជំនុំជម្រះលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រុមប្រឹក្សាជំនុំជម្រះ បាន​សួរដេញ​ដោលទៅ​នឹងសមាសភាព​ និងការយល់ព្រមឈរឈ្មោះជាបេក្ខជន ខណៈសវនការនេះ មានតែមេធាវីតំណាង តែអវត្តមានរបស់ដើមបណ្តឹង។ ដោយឡែក ចំពោះសវនាការប្តឹងតវ៉ាលុបឈ្មោះចេញពីបញ្ជីបេក្ខជន​របស់គណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាកសួរ​អំពីមូលហេតុ​ការលុប​ឈ្មោះ​ចេញ​ពីបញ្ជី ​ដោយដើមបណ្តឹង​អះអាងថា ពួកគាត់​មិន​បានស្ម័គ្រចិត្តយល់​ព្រម​ឈរឈ្មោះជា​បេក្ខជនរបស់​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើយ​ តែបែរជាគណបក្សនេះ ស្នើសុំឯកសារ ហើយ​ប្រាប់ថា ដើម្បីឈរឈ្មោះជាមន្រ្តី គ.ជ.ប ​និងទទួល​អំណោយ​ពីសប្បុរសជន។ចំពោះសវនាការទាំងពីរខាងលើនេះ ក្រុមប្រឹក្សាជំនុំជម្រះ ​នឹងប្រកាសសេចក្តីសម្រេច នៅ​រសៀលថ្ងៃនេះ។ការរៀចចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈាន​ទៅ​រកការ​ប្រកាស​អំពី​​សុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ​ នាថ្ងៃទី២៤ ខែមេសា​ ខាងមុខ ខណៈការបោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២៕​ អត្ថបទ៖ ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ទទួលស្គាល់ជំនួបតាមទូរស័ព្ទជាមួយលោក Netanyahu ហើយថាអ៊ីស្រាអែលធ្វើឱ្យកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ស្មុគស្មាញ
06/05/2026 11:06 AM
អ្នកគាំទ្របាល់ទាត់ស្កុតឡែនដើរជាង ៤,៨០០ គីឡូម៉ែត្រ ដើម្បីគាំទ្រក្រុមជម្រើសជាតិ និងលើកកម្ពស់សុខភាពផ្លូវចិត្តបុរស
06/05/2026 11:06 AM
ភាគហ៊ុនសកលធ្លាក់ចុះ និងភាគហ៊ុនបច្ចេកវិទ្យា AI គ្មានស្ថិរភាព ខណៈការចរចាសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ ជាប់គាំង
06/05/2026 11:06 AM
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ
06/05/2026 11:06 AM
បាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង សប្ដាហ៍ទី២ ព្រះខ័នរាជប្រកួតជាមួយស្រុកស្វាយទាប
06/05/2026 11:06 AM
អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
06/05/2026 11:06 AM
មួយថ្ងៃម្សិលមិញសមត្ថកិច្ចរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រួតពិនិត្យ ១០៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់
06/05/2026 11:06 AM
Man City ពិចារណាចាត់វិធានការផ្លូវច្បាប់ ក្រោយបេក្ខជនប្រជែងតំណែងប្រធាន Real Madrid អះអាង នាំយក Haaland មកអេស្ប៉ាញ
06/05/2026 11:06 AM
កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន
06/05/2026 10:06 AM
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន
06/05/2026 10:06 AM