សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចក្រឡាហោម ស ខេង ប្រាប់បេក្ខជនក្រុមប្រឹក្សា-ឃុំ​សង្កាត់ត្រូវចុះស្វែងយល់​ជីវភាពពលរដ្ឋ​ដល់តាម​ខ្នងផ្ទះ

2022/01/11 01:13:00 pm        508
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្ដាំផ្ញើដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មី ត្រូវធ្វើសកម្មភាពល្អៗ ជាមួយប្រជាពលរដ្ឋ ពិសេសចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង នារាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង កោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង គ្រប់លំដាប់ថ្នាក់​ បានរួមកម្លាំង​សាមគ្គីគ្នា​ចូលរួមគាំទ្រ​ដល់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបង​ទាំងមូល​ជាពិសេសនៅក្នុងស្ថានភាពប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។សម្ដេចក្រឡាហោម​ ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ច​ដែល​ថ្នាក់ជាតិ​បានផ្ដល់ជូនមកជាបន្តបន្ទាប់ដើម្បីចូលរួមធ្វើឲ្យសម្រេចបានជោគជ័យ នូវការ​ធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ​ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឲ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋ។សម្ដេច បញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ ត្រូវ​ខិតខំធ្វើសកម្មភាពល្អៗ ឲ្យបានកាន់តែច្រើនបន្ថែមទៀត​ជាមួយប្រជាពលរដ្ឋពិសេសការ​ចុះទៅ​តាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពនិងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។សម្ដេចក្រឡាហោម​ ក៏បានណែឲ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រ​ដល់គ្នាទៅវិញទៅមក សម្រាប់ការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អាជ្ញាធររាជធានីភ្នំពេញ ដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង

2022/01/11 12:31:07 pm        583
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតត្រូវពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងរីករាលដាល ចូលទៅក្នុងសហគមន៍ហើយនោះ ពិសេស គឺការជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញលើកទី៣ និងដូសទី៤ ឲ្យបានគ្រប់គ្នា។ ការជំរុញរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងផ្ទាល់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតនៅសាលារាជធានីភ្នំពេញ។ឯកឧត្តម បានមានប្រសាសន៍ថា មកដល់ពេលនេះជំងឺកូវីដ-១៩ប្រភេទអូមីក្រុងបាន​និងកំពុងរាល​ដាលចូលទៅក្នុងសហគមន៍ហើយ ​ដូច្នេះទេអ្វីដែលអាជ្ញាធរត្រូវអនុវត្ត​ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌ ​ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការការពារ ពិសេស​គឺ​ការអនុវត្ត៣កុំ និង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ​និងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំង​ដូសមូលដ្ឋាន ​និងដូសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបង្កើតទីតាំងចាក់​វ៉ាក់សាំង​បន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន ​ដូសទី៣ និងដូសទី៤ ឲ្យបានគ្រប់ៗគ្នា ​ព្រោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវាជាអាវក្រោះដ៏រឹងមាំមួយ ក្នុងការ​បង្ការទប់​ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់​សាំង​ទាំង​ដូសទី៣ ​និងដូសទី៤ឲ្យបានគ្រប់គ្នា ​ដោយមិនគិតថា ប្រជាពលរដ្ឋពីមុនចាក់វ៉ាក់សាំងនេះ​នៅខាងកងទ័ព ​ឬចាក់នៅតាមបណ្តាខណ្ឌនោះទេ ​គឺត្រូវតែចាក់ជូនប្រជាពលរដ្ឋ ជៀសវាងកុំឲ្យ​លេចឮ ពាក្យថា ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងហើយ អាជ្ញាធរមិនបាន​ចាក់ជូន​ប្រជាពលរដ្ឋ។ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួន​ទៅ​អាជ្ញាធរខណ្ឌទាំង១៤ ផងដែរ ដោយក្នុងមួយខណ្ឌទទួលបានម៉ាស់ចំនួន ១ម៉ឺនម៉ាស និង​ផ្សាររដ្ឋទាំងអស់​នៅទូទាំងរាជធានីភ្នំពេញ ​ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន ៥០០០ម៉ាស ដើម្បី​ចូលរួម​ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ​ដោយកន្លងមកនេះ។ អាជ្ញាធរបានអនុវត្តនូវវិធានការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដូច្នេះ​អាជ្ញាធរត្រូវបន្ត​អនុវត្តនូវវិធាន​ការទាំងនេះឲ្យបានល្អប្រសើរថែមទៀត ដើម្បីឈាន​ទៅកាត់ផ្តាច់​ជម្ងឺកូវីដ-១៩ ​ប្រភេទអូមីក្រុង ​ដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះឲ្យបាន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាព​នៅ​ឧបទ្វីបកូរ៉េ​នៅ​ខែក្រោយ

2022/01/11 05:44:50 am        494
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលយកនូវការអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ខែកុម្ភៈ តាមការស្នើសុំពីភាគីកូរ៉េខាងត្បូង។ក្នុងពេលអនុញ្ញាតឱ្យលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ជួប​សំដែងការគួរសម និង​ពិភាក្សាកា​រ​ងារ​តាម​ប្រព័ន្ធ​វីដេអូអនឡាញ នៅផ្ទះសម្ដេចក្រុងតាខ្មៅ នាព្រឹកថ្ងៃទី​១១មករានេះ ក្រោយពីជំនួប​បានបញ្ចប់ឯក​ឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋ​មន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ​នៅក្នុង​ការ​ពិភាក្សា ព្រឹ​ក​នេះ​គឺ​សំដៅ​លើ​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ​ស្តីពីសន្តិភាពនៅឧបទ្វីប​កូរ៉េដោយ​សារ​សម្ដេចតេ​ជោ​លោក​ជា​សហប្រធាននៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភា​ពនៅឧបទ្វីបកូរ៉េនេះ ​។បើយោង​តាម​ការ​គោរព​អញ្ជើញ​សម្តេច​ទៅ​ចូលរួមដោយផ្ទាល់នោះ ​សម្តេចតេជោ ​ក៏បានទទួល​យក​នូវ​ការ​អញ្ជើញ​ដើម្បី​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែកុម្ភៈខាងមុខនេះហើយ។ក្នុងជំនួបតាមប្រព័ន្ធវីដេអូដ៏មានសារៈសំខាន់នេះ លោកប​ណ្ឌិត យុន យ៉ុងហូ ក៏បាន​រាយការណ៍ថា៖​នៅក្នុ​ង​គណៈ​​កម្មការរៀ​ប​ចំនេះក៏មានឯកឧត្តម បាន គីមមូន ​អតីត​អ​គ្គលេខាធិការអង្គ​ការ​ស​ហប្រជាជាតិក៏​ជា​ប្រធាន​នៃ​គណៈ​កម្មការនេះ។លោកបណ្ឌិត​បានរាយការណ៍ជូនសម្ដេចថា៖ នៅពេលនេះ អ្វីបានត្រៀមគ្រប់លក្ខណៈអស់​ហើយ​ដែល​នឹងមានការចូលរួមជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និងមកពីជុំវិញពិភពលោក រួមទាំងថ្នាក់​ដឹកនាំ​ដែលកំពុងកាន់អំណាច និង​អតីតជាមេដឹកនាំ ​ហើយក្រៅពីនោះ ក៏មានការចូលរួមពីបណ្ដាញ​ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនប្រមាណ ៣.៥០០​ប្រព័ន្ធផ្សព្វផ្សាយដែលនឹងចូលរួម​ផ្សព្វផ្សាយ​នៅថ្ងៃប្រជុំនោះ។នៅក្នុងឱកាសនៃកិច្ចប្រជុំនោះ អង្គការUPF ក៏បាន​ត្រៀម​មេដាយសន្តិភាពពិភពលោកសន្តិហៈ សម្រាប់​ផ្តល់ជូនសម្តេចផងដែរ ហើយ​លោក​ប​ណ្ឌិ​ត​ក៏​បាន​រាយ​ការ​ណ៍​ថា៖ អង្គការ UPF សូម​វាយតម្លៃខ្ពស់អ​បអ​រ​សាទរសម្ដេច​តេ​ជោ​​នាយក​រ​ដ្ឋ​ម​ន្ត្រី​ដែ​ល​ចូល​កា​ន់ជាប្រធាន​អាស៊ា​ន​សម្រាប់​ឆ្នាំ២០២២ និង ស្វាគមន៍​និង​អបអ​រសាទរ​ចំពោះ​ទស្សន​កិច្ចការងា​ររបស់សម្ដេ​ចទៅមីយ៉ាន់​ម៉ា​ដោយ​ចាត់​ទុក​ថា​ជា​ទស្ស​ន​កិច្ចសន្តិភាព​ និងស្វាគមន៍ ​ជាពិសេសក្នុងកា​រ​ជំរុញ​ធ្វើ​យ៉ា​ង​ណា​ឱ្យ​មា​ន​បទ​ឈប់បាញ់​នៅ​ប្រទេសមី​យ៉ាន់​ម៉ា រ​ហូត​ដល់​ចុងឆ្នាំ២០២២ ក៏ដូច​ជាការបើក​ផ្លូវ​របស់​មីយ៉ាន់​ម៉ា​ឱ្យ​ប្រេសិ​តពិសេសរបស់អាស៊ាន​មា​ន​លទ្ធភាពក្នុ​ងកា​រជួប​ជាមួយ​គ្រប់​​​ភាគីពាក់ព័ន្ធនៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា ​ហើយ​លោក​បណ្ឌិ​ត​ចា​ត់ទុកថា​សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​និងមីយ៉ាន់ម៉ានោះ ​ជាផ្លែផ្កាដ៏ជោគជ័យ​ដែល​អង្គការ​UPF​ ពិតជាអ​ប​អ​រ​សាទរអំ​ពី​សមិទ្ធផល​នេះ។​លើស​ពីនេះ​ទៀ​ត​លោ​ក​ប​ណ្ឌិ​ត ​ក៏​បា​ន​ស្នើ​សុំ​សម្ដេចតេជោផ​ង​ដែ​រ​ពា​ក់​ព័​ន្ធ​និង​ការរៀបចំ​សួនមេ​គង្គ​សន្តិភាព​ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ​សម្រាប់រៀបចំឱ្យមាននៅក្នុងប្រទេសកម្ពុជា​នា​ពេលខាងមុខ​ សំដៅធ្វើយ៉ាងណាឲ្យទទួលគាំ​ទ្រ​ឲ្យតំបន់​មេ​គង្គ​​មាន​​សន្តិភាព។សម្ដេច បានឱ្យយោបល់មួយចំនួនក្នុងការជំរុញសន្តិភាពពិភពលោក ​ជាពិ​សេស​នៅ​ក្នុងឧ​បទ្វីប​កូរ៉េ​នេះ​ហើ​យ​ក្នុង​នេះសម្ដេច​បានគូ​សបញ្ជាក់អំពីទ​ស្សន​ទានរ​បស់​អាស៊ាន​ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ដែល​ត្រូវតែ​គាំ​ទ្រ​និង​ជំរុញ,​ទី១.អាស៊ី ប៉ា​ស៊ី​ហ្វិកត្រូវតែ​មានគោលដៅគាំទ្រនូវសន្តិភាពនិងការអភិវឌ្ឍ,ទី២. មិនត្រូវ​ប្រ​ឆាំង​នឹង​ក្រុម​ណា​ឬ​ប្រទេស​ណាឡើយ​។​ទី៣.ត្រូវតែ​គាំទ្រ​មជ្ឈភាព​អា​ស៊ា​ន​និ​ងគាំ​ទ្រ​ទស្សទាន​អា​ស៊ា​ន​ស្តីពីឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក​។គួររំលឹកថា៖ កាលពីខែតុលាឆ្នាំ២០២១ លោកបណ្ឌិត យុន យ៉ុងហូ បានជួបសម្តែងការគួរសម និង​ពិ​ភាក្សា​ការ​ងារ​មួយចំនួនជាមួយសម្តេចម្តងរួចមកហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ​នា​ដើម​ឆ្នាំ២០២២ ​ដែលកិច្ចប្រជុំនេះ​ គឺមានសម្តេចជាសហប្រធាន ហើយ​នៅ​ពេលនោះ លោកបណ្ឌិត បាន​គូស​រំលេច​ពី​សមិទ្ធផល​និងកិច្ចការមួយចំនួន ដែលជាកិច្ចខិតខំប្រឹង​ប្រែងរបស់សម្តេចតេជោក្នុងការបញ្ចប់សង្គ្រាម ​ហើយ​កសាង​នូវ​សុខសន្តិភាព​សម្រាប់កម្ពុជា ​ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារភ្លើងសង្គ្រាមពីអតីតកាល។លោកបណ្ឌិត ក៏បាន​លើក​ឡើងថា ​សម្តេចគឺជា​មេ​ដឹកនាំមាន​បេះ​ដូ​ង​សន្តិភាព​ក្នុងខ្សែភ្នែក​របស់ប្រជាពលរដ្ឋ​ នៅទូ​ទាំង​ពិភព​លោក​៕​អត្ថបទ៖ មុត សុទ្ធ

កុមារ យុវវ័យ និងពលរដ្ឋ សម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅ​មណ្ឌលសុខភាព​ជ្រោយចង្វារ

2022/01/11 11:46:07 am        367
ភ្នំពេញ៖ កុមារ យុវវ័យ និងប្រជាពលរដ្ឋមកពី៥សង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាននាំគ្នាសម្រុកមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​និងបំប្លែងថ្មី ពី​ក្រុមការងារ​គ្រូពេទ្យ​មណ្ឌលសុខភាព​ជ្រោយចង្វារ។សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ លោក ជា ស៊ីពណ៌ ប្រាប់BTVព័ត៌មាននាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះថា អាជ្ញាធរខណ្ឌសហការជាមួយក្រុមការងារគ្រូពេទ្យ​ប្រចាំនៅ​មណ្ឌល​សុខភាព​ជ្រោយចង្វារ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ​រហូតដល់ក្រោម១៨ឆ្នាំ និងបន្តការចាក់វ៉ាក់សាំង​ជូន​ដល់ប្រជាពលរដ្ឋសេសសល់ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ​ដើម្បីដោះស្រាយជូនពួកគាត់ឲ្យទទួល​បាន​ការចាក់វ៉ាក់សាំងគ្រប់គ្នា និង​ចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ​ក្នុងសហគមន៍របស់ពួកគាត់ផងដែរ។ជាមួយគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ផ្សេងគ្នា ក្នុងខណ្ឌជ្រោយចង្វារ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ថ្ងៃនេះ​ពួកគាត់​បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ​ ឬដូសទី៣ ​តាមកាលកំណត់របស់ក្រុមគ្រូពេទ្យ ដើម្បីការពារខ្លួន ពីជំងឺកូវីដ-១៩ និងក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនពួកគាត់ និងសូមគោរពអរគុណ​ជូន​ចំពោះ​ប្រមុខរាជរដ្ឋាភិបាល ​បានយកចិត្តទុកដាក់ដល់ប្រជាជនខ្មែរ ដើម្បីការពារជៀសផុតពី​ជំងឺដ៏​កាចសាហាវនេះ។ទន្ទឹមនឹងនោះ ក្នុងនាមរដ្ឋបាលខណ្ឌជ្រោយ ក៏សូមក្រើនរំលឹក និងអំពាវនាវចំពោះប្រជាពល​រដ្ឋដែល​ត្រូវទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវតិ្ថភាព​សង្គមពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ដោយត្រូវប្រកាន់ខ្ជាប់​ការចូល​រួមអនុវត្តនូវវិធានការសុខាភិបាល​ និងវិធានការ៣កុំ និង៣ការពារ៕អត្ថបទ រដ្ឋា 

រាជរដ្ឋាភិបាលដាក់បទបញ្ជាបន្ថែម ក្នុងការចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋ ដើម្បី​កាត់​បន្ថយការ​ឆ្លង​អូមីក្រុង

2022/01/11 11:25:19 am        434
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារាចរណែនាំបន្ថែមទៀត ដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពន្លឿនក្នុងការចាក់វ៉ាក់សាំងទាំងមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ដើម្បីធានាឲ្យបាននូវភាពស៊ាំក្នុងសហគមន៍ ខណៈមេរោគបំប្លែងថ្មីនេះ បានឈានចូលក្នុងសង្គមបណ្តើរៗហើយនោះ។យោងតាមសារាចរ ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាល ​ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជា​ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង​ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រហូតមដល់ពេលនេះ កម្ពុជាសម្រេចបានការចាសក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋខ្លួនចាប់ពីអាយុ៥ឆ្នាំឡើងទៅ បានចំនួន៩០ភាគរយហើយធៀប​នឹងគោលដៅ​ប្រជាជន​ប្រមាណ ១៦លាននាក់ តែនៅក្នុងនោះប្រជាពលរដ្ឋត្រឹមតែបួនលាននាក់ប៉ុណ្ណោះ​ទើប​ចាក់បានដូសជំរុញ ​ខណៈពលរដ្ឋខ្លះមិនទាន់ ​ទាំងបានចាក់នូវដូសមូលដ្ឋានផងនោះ។បន្ទាប់ពីមើលឃើញ បងប្អូនប្រជាពលរដ្ឋខ្លះកំពុងធ្វើការហ្វេសប្រហែសក្នុង​ការអនុវត្តវិធាន​ការ​សុវត្ថិភាពផ្នែកសុខាភិបាល ​ជាពិសេសវិធានការ«៣កុំ និង៣ការពារ» ស្របពេលដែលមេរោគ​កូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកំពុងលុកលុយក្នុងសហគមន៍ផងនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាថ្មីថែមទៀត ដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩​ក្របខណ្ឌ​ទូទាំងប្រទេស​ អភិបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់«ត្រូវជំរុញ និងបង្កើនល្បឿន​នៃ​ការចាក់វ៉ាក់សំាងកូវីដ ១៩ទាំងដូសមូលដ្ឋាន​ ទាំងដូសជំរុញ​ ដែលជាខ្សែក្រវ៉ាត់ការពារទី១ និង​ជាយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល ​ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនប្រជាជននៅ​ក្នុង​ភូមិសាស្រ្តស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ឲ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឲ្យបាននូវភាព​ស៊ាំសហគមន៍​រឹងមាំ​ពិតប្រាកដមួយសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លង​រាលដាលនៃមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទ អូមីក្រុង»។សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមទៀតដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង យន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារ​ចាក់វ៉ាក់សាំង​កូវីដ១៩​ប្រចាំថ្ងៃទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗ​ដាច់ដោយឡែកពីគ្នា ទាំងសម្រាប់​ក្របខណ្ឌ​ទូទាំងប្រទេស ​ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឲ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្ត​ការ​ចាក់វ៉ាក់ សាំងកូវីដ១៩ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេសការ​សម្រប​សម្រួល​ក្រុម​គ្រូពេទ្យចាក់ វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និង​ធានាផ្គត់ផ្គងឲ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្តផងដែរ។ មួយវិញទៀតសម្តេច ក៏បានដាក់បទបញ្ជាបន្ថែមដល់អាជ្ញាធរ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ​សហការគ្នា​បង្កើនការចុះអប់រំ ​និងផ្សព្វផ្សាយអំពីភាព​ ចាំបាច់នៃការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និង​ដូសជំរុញ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋទទួល បានការចាក់វ៉ាក់សំាំងឲ្យបាន​គ្រប់ៗ​គ្នា​ផងដែរ៕អត្ថបទ បាន ចក់

អ្នកដំណើរអន្តរជាតិបន្តមានកំណើន ​តែការ​កក់​កញ្ចប់​ទេសចរណ៍​មក​កម្ពុជា​មួយ​ចំនួន​បាន​លុប​ដោយ​សារOmicron

2022/01/11 03:56:49 am        1177
ភ្នំពេញ៖ អ្នកដំណើអន្តរជាតិដែលធ្វើដំណើរមកដំណើរមករាជធានីភ្នំពេញ និងខេត្តសៀមរាប តាមផ្លូវអាកាសកំពុងបន្តមានកំណើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការរាតត្បាតថ្មីនៃមេរោគកូវីដ១៩ប្រភេទថ្មី Omicron នៅក្រៅប្រទេស គឺបានធ្វើឲ្យកញ្ចប់ទេសចរណ៍ពីក្រៅប្រទេសមកកម្ពុជាដែលបានកត់ទុករួចហើយ មួយចំនួនធំត្រូវបានលុបចោលវិញ និងខ្លះទៀត ត្រូវបានពន្យារពេល។បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិចប្រចាំនៅកម្ពុជា ថ្លែងប្រាប់នៅថ្ងៃទី១១ ខែមករានេះ ថា ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសវិញ កាលពីអំឡុងពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិជាច្រើនបានកក់កញ្ចប់​ទេសចរណ៍មកទស្សនាកម្ពុជាមានចំនួនច្រើនដែរ ហើយរហូតមកដល់អំឡុងពេលចុងខែធ្នូ និងដើមខែមករានេះ មានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា​តាមកញ្ចប់ទេសចរណ៍នោះ​ចំនួនតិច ប៉ុន្តែកញ្ចប់ទេសចរណ៍មកពីបណ្តាផ្សេងៗដូចនៅប៉ែកខាងអឺរ៉ុប និងអាមេរិចជាដើម​មួយចំនួន​ត្រូវបានលុបចោលវិញ និងខ្លះត្រូវបានពន្យារពេលដោយសារបណ្តា​ប្រទេសទំាង​នោះ​កំពុង​ជួបការប្រឈមនឹងរាតត្បាតមេរោគOmicron។លោក ធួន ស៊ីណាន ប្រធានPATAប្រចាំកម្ពុជា លើកឡើងថា..« ការរាតត្បាតខ្លាំង Omicron នៅតំបន់អឺរ៉ុបនៅអាមេរិចជាដើម​ ធ្វើឲ្យអ្នកដំណើរអន្តរជាតិមានការភ័យខ្លាច ហើយរាល់ការកក់​កញ្ចប់​ទេសចរណ៍ត្រៀមមកទស្សនាកម្ពុជា នៅអំឡុងខែមីនាខាងមុខត្រូវបានលុបចោល។ វាបង្កការលំបាកខ្លាំង ខណៈអ្នកដែលធ្វើដំណើរមកកម្ពុជា ភាគច្រើនជាអ្នកមានភារកិច្ចចាំបាច់។ »..លោក ធួន ស៊ីណាន បន្តថា ជារួមនៅក្នុងអំឡុងពេលនេះយើងមិនមានក្តីរំពឹងខ្ពស់​ភ្ញៀវអន្តរជាតិ​មក​ពីប៉ែកខាងអឺរ៉ុប និងអាមេរិចច្រើននោះទេ ​តែយើងមានក្តីរំពឹងលើភ្ញៀវមកពីប្រទេសចិន ឥណ្ឌា និងបណ្តាភ្ញៀវនៅក្នុង​តំបន់​អាស៊ាន ប្រសិនបើ រដ្ឋាភិបាលនៅតាមបណ្តាប្រទេសនេះមាន​ឯកភាព​បើក​ប្រទេសមានទំនាក់ទំនាក់គ្នាអោយបានទូលាយជាងនេះ។ទោះយ៉ាងណា​ក៏ដោយ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ​បានថ្លែងថា កម្ពុជា បើប្រៀបធៀបចំនួនអ្នកដំណើរអន្តរជាតិមកកម្ពុជា នៅក្នុង​អំឡុងខែវិច្ឆិកាឆ្នាំ២០២១ ​មកដល់ថ្ងៃទី១០ ខែមករាឆ្នាំ២០២២ គឺមានកំណើនឡើងពីជាង៧០នាក់ រហូតមកដល់ជាង ១០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះកំពុងបន្តមានកំណើនថែមទៀត​ជាពិសេសអ្នកដំណើរមករាជធានីភ្នំពេញ ​និងទៅខេត្តសៀមរាប។ឯកឧត្តម ជា អូន អ្នកនាំពាក្យលេខាធិការដ្ឋាន ​អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា «បច្ចុប្បន្នអ្នកដំណើរអន្តរជាតិមកកម្ពុជា មានប្រមាណ៨០០ទៅ១០០០នាក់ក្នុងមួយថ្ងៃ ហើយយើងកំពុងតាមដានវត្តមានOmicron នៅតាមបណ្តាប្រទេសនានា គឺមិនទាន់ធ្វើអោយកម្ពុជា មានការធ្លាក់ចុះវិញនៃអ្នកដំណើរមកកម្ពុជានោះទេ។ឯកឧត្តម បញ្ជាក់ថា បច្ចប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ប្រមាណ៥ក្រុមហ៊ុន គឺបានកំពុងបើកការ​ហោះហើរ​យ៉ាងសកម្មដឹកអ្នកដំណើរពីក្រៅប្រទេសមកកម្ពុជារួមមាន៖ បណ្តាប្រទេសនៅតំបន់អឺរ៉ុប អាមរិច អូស្ត្រាលី ចិន កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងថៃវៀតណាមជាដើម ហើយអ្នកដំណើរអន្តរជាតិ​តាមបណ្តាប្រទេសទាំងអស់ ​មានមួយចំនួនជាភ្ញៀវទេសចរធ្វើដំណើរតាមកញ្ចប់ទេសចរណ៍ ភ្ញៀវមាន​ភារកិច្ចចាំបាច់ ​និងខ្លះទៀតជាអ្នកដំណើរធុរជន៕អត្ថបទ ស៊ុម សុខជា.

៥ឆ្នាំក្រុមការងារជួយឃុំទងត្រឡាច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន បម្រើប្រយោជន៍ពលរដ្ឋ

2022/01/11 09:01:24 am        176
កំពង់ចាម៖ រយៈពេល៥ឆ្នាំ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ២០១៧-២០២២ ក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចូលរួមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ក្នុងសន្និបាទគណៈកម្មាធិការបក្ស មូលដ្ឋានឃុំទងត្រឡាច កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច មានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ក្រុមការងារបានចូលរួមជាមួយអាជ្ញាធរ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន មានផ្លូវចាក់បេតុងជាច្រើនខ្សែ ការដាក់ភ្លើងសូឡាតាមផ្លូវ សាងសង់អគារសិក្សា រួមនឹងចូលរួមកសាងសមិទ្ធផលជាច្រើនទៀត នៅតាមវត្តអារាម ក្នុងឃុំមួយនេះ ។ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា សម្រាប់មូលដ្ឋានឃុំទងត្រឡាច់ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈលោកឧកញ៉ា និងលោកជំទាវ រួមទាំងក្រុមការងារ ក៏បានជួយសាងសង់ផ្ទះដល់កុមារ​កំព្រា​ចំនួន១ខ្នង និង៥ខ្នងទៀត ជូនដល់ជនពិការ ចាស់ជរា និងផ្តល់កង់ចំនួន ៣គ្រឿង ឧបត្ថម្ភការ​ស្ថាបនា​ផ្លូវចំនួន ៤ខ្សែ ប្រគេន​ស៊ីម៉ងត៍​ ១៥តោន ដល់ព្រះសង្ឃក្នុងវត្តទងត្រឡាច សម្រាប់​ចាកសាប ដែលសរុបថវិកាទាំងអស់ប្រមាណ ៤០៥ ៥០០ដុល្លា ។លោកឧកញ៉ា បន្ថែមថា កត្តាដែលធ្វើឲ្យក្រុមការងារចុះជួយ ឃុំទងត្រឡាច មានឱកាស​ចូលរួម​អភិវឌ្ឍន៍​នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាមួយរាជរដ្ឋាភិបាលនេះ គឺដោយសារកម្ពុជាមានសុខ​សន្តិភាព​ពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក្រុងការងារ នឹងបន្តចូលរួមបន្ថែមទៀត ទៅតាមលទ្ធភាពជាក់ស្ដែង នៅក្នុងអាណត្តិក្រោយៗទៀត ។បើតាមលោកឧកញ៉ា អែល សារ៉ុម ក្រុមការងារចុះជួយឃុំទងត្រឡាច បានបញ្ជាក់ថា នាពេល​បច្ចុប្បន្ន សម្ដេចតេជោ បាមជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែង៧ ៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច ផ្លូវនេះមានដាំបង្គោលភ្លើងបំភ្លឺ ដោយ​ប្រព័ន្ធសូឡា សរុបចំនួនជាង ៦០០ដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ បានគ្រប់ពេល និងគ្រប់កន្លែងផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ខេត្តសៀមរាបមាន៦៤ទីតាំង សម្រាប់ប្រតិបត្តិការ១៤ថ្ងៃ!

2022/01/10 02:56:31 pm        631
សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋ ដែលបានទទួលយកការចាក់វ៉ាក់សាំង ផ្តល់ជូនដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលថា ជាចលនាប្រជាជាតិ ពង្រឹងសមត្ថភាព រើបម្រះចេញពីវិបត្តិកូវីដ-១៩ បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានបើកប្រទេសឡើងវិញ ។យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ ជួសទី៣ ឬជួសជំរុញ ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប បាន​ចាប់ផ្តើមដំណើរការហើយ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប ​មានវត្តមាននៅក្នុងដំណើរចាប់ផ្តើមនៃយុទ្ធនាការដ៏មានឧត្តមភាពនេះ ដើម្បី​ជា​សក្ខីភាព ក្នុងការឆ្លើយតបទៅលើអ្វីដែលជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គឺ​ការផ្តល់សិទ្ធិរស់រានមានជីវិត តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្កា​ រារាំង​កាត់បន្ថយ​ហានិភ័យ លើ​ស្ថានភាពរាតត្បាតនៃកូវីដ-១៩​ ដែលកំពុងបន្តយាយីនៅលើពិភពលោក។សម្តេចពិជ័យសេនា មានប្រសាសន៍ថា និយាយអំពីដំណាក់កាលនៃការបើកប្រទេស និង​ការ​បិទបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ​គឺពិតជាត្រូវនិយាយដោយខានមិនបាននោះឡើយ អំពីផែន​ការ​ចាក់ស្រោចវ៉ាក់សាំង​ ដែលជាន​យោបាយ​យុទ្ធសាស្រ្ត​គន្លឹះ​ដ៏ខ្ពង់ខ្ពស់​នៃសម្តេចតេជោ ហ៊ុន សែន​ ប្រមុខនៃរាជរដ្ឋាភិបាល ​ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុល​សសៃឈាម​សេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ វិធានសុវត្តិភាព ៣ការពារ និង៣កុំ នៅ​តែជារូបមន្តដ៏មានប្រសិទ្ធភាព ​ដើម្បីចលនារៀនរស់ជាមួយកូវីដ-១៩ ។ សម្តេចពិជ័យ ក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះ ចំពោះប្រជាពលរដ្ឋដែលមិនទាន់​បាន​ទទួល​ការចាក់វ៉ាក់សាំងបង្កានៅឡើយនេះ ​ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។យោងតាមផែនការដែលបានគ្រោងទុក បេសកកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ សម្រាប់ពលរដ្ឋខេត្តសៀមរាប ​ចាប់ពីអាយុ១៨ឆ្នាំឡើង​ និងចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អនុវត្ត​ដោយក្រុមគ្រូពេទ្យស៊ីវិល​ មានរយៈពេល១៤ថៃ្ង នៅតាមបណ្តាទីតាំងចំនួន២២កន្លែង​ទូទាំង​ខេត្ត ​ដូចជាមាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត ​មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងតាមបណ្តាមណ្ឌល​សុខភាព​នានាផងដែរ៕

ក្រសួងអប់រំបន្តកែទម្រង់ ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល

2022/01/10 02:48:22 pm        784
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអះអាងថា ក្រសួងនៅតែបន្តធ្វើកំណែទម្រង់ និងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការបង្រៀន និងរៀនតាមបែបគន្លងថ្មី ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស អាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ថ្លែងក្នុងឱកាសអបអរសាទរពិធីបើក​បវេសនកាល ​ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅបរិវេណវិទ្យា​ល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ​មានប្រសាសន៍ថា ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំ​ប្រកបដោយ​គុណភាព ​និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ​ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។ឯកឧត្តមបន្តថា ឆ្នាំសិក្សាថ្មី២០២១-២០២២នេះ ក្រសួងអប់រំយុវជននិងកីឡា នៅតែបន្តអនុវត្តតាម​គន្លង​ប្រក្រតីភាពថ្មី ​នៃការអប់រំ ដោយត្រូវបន្តយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការ​បង្រៀន​និងរៀនតាមបែបថ្មី ​ធ្វើយ៉ាងណាធានាឱ្យបុគ្គលិកអប់រំ ​និងសិស្សានុសិស្សទាំងអស់ មាន​សុខភាពល្អ ​មិនឆ្លងជំងឺកូវីដ១៩ និងធានាបាននូវនិរន្តរភាព​ នៃការសិក្សាប្រកបដោយគុណភាព។ ការបន្តធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ ​ជាពិសេសការបន្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រ​ដល់​ការសិក្សារបស់សិស្ស ក្នុងបរិបទកូវីដ១៩នេះ ​នឹងជួយបង្កើនសមត្ថភាពរបស់សិស្ស ឱ្យក្លាយជា​ពលរដ្ឋល្អ និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ​ដើម្បីអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយ​ទៅ​ជា​ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា​ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះ​រាជរដ្ឋាភិបាលបាន​នឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម ​សេដ្ឋកិច្ចបន្តទៀត និង​បាន​ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការ​អនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាព៕

កងពលតូចថ្មើជើងលេខ៥១ ចាប់ផ្តើមដំណើរការចាក់ដូសជំរុញជូនពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ

2022/01/10 02:14:48 pm        483
បន្ទាយមានជ័យ៖ កងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១ បានបើកយុទ្ធនាការវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យចល័តបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា តាមផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កងពលតូចថ្មើរ​ជើង​លេខ៥១ ទទួលការចាក់ជូនប្រជាពលរដ្ឋចំនួន២ទីតាំង ​ក្នុងស្រុកព្រះនេត្រព្រះ និង​ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ។ ដំណើរការចាក់វ៉ាក់សាំងនេះ បានកិច្ចសហការពីអាជ្ញាធរ​មូលដ្ឋាន ទើបបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។ក្នុងនោះកងទ័ពបានប្រើប្រាស់រថយន្តចល័ត ដើម្បីដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំង​ដូស​ទី៣ (ដូសជំរុញ) រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពាររបស់រាជរដ្ឋាភិបាល ក្នុងប្រយុទ្ធប្រឆាំង​នូវជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី៣នេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ​ដល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ និងគិតគូរពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ ព្រមទាំងអរគុណចំពោះអាជ្ញាធរ ​សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំង​ជូនពួកគាត់​នាពេលនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បណ្តាប្រទេសនៅតំបន់បាល់កង់ប្រឈមនឹងរលកកម្តៅដ៏សែនក្តៅបំផុតបំបែកកំណត់ត្រា
06/26/2025 08:06 PM
វិបត្តិទឹកជំរុញឲ្យកសិករអ៊ីរ៉ាក់បោះបង់ចោលដីស្រែចម្ការរបស់ពួកគេនៅខេត្ត Najaf
06/26/2025 08:06 PM
លោក Lavrov ៖ ការបង្កើនថ្លៃការពារណាតូ នឹងមិនប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីនោះទេ
06/26/2025 08:06 PM
លោក Khamenei ៖ រាល់ការឈ្លានពាននាពេលអនាគតណាមួយលើអ៊ីរ៉ង់ នឹងត្រូវតបស្នងខ្លាំងបំផុត
06/26/2025 08:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣០នាក់នៅតំបន់ហ្កាហ្សា
06/26/2025 08:06 PM
ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនៅតំបន់ភាគខាងជើងឥណ្ឌា
06/26/2025 08:06 PM
ម្ចាស់ធុរកិច្ចវាយតម្លៃការខូចខាត រយៈពេល ១ថ្ងៃក្រោយបាតុកម្មនៅកេនយ៉ា
06/26/2025 08:06 PM
ព្យុះបានផ្អាកការជជែកដេញដោលក្នុងសភាបារាំង ខណៈទឹកភ្លៀងលេចជ្រាបចូលអង្គប្រជុំ
06/26/2025 08:06 PM
ចិនច្រានចោលការផ្គត់ផ្គង់អាវុធដល់ភាគីណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM
កូរ៉េខាងត្បូង៖កូរ៉េខាងជើងអាចបញ្ជូនទាហានបន្ថែមទៀតទៅកាន់រុស្ស៊ីនៅខែកក្កដាឬសីហាសម្រាប់សង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM