ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រកឃើញអ្នកឆ្លងមេរោគអេដស៍ថ្មីជាង ១០នាក់ក្នុងខេត្តបាត់ដំបង កាលពីខែមុន

2021/12/17 12:19:47 pm        419
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា បើតាមសេចក្ដីរាយការណ៍របស់អង្គការសង្គមស៊ីវិលក្នុងខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងមេរោគអេដស៍ថ្មី ចំនួន១១នាក់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាសញ្ញាមួយប្រកាសអាសន្ន។ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» នៅថ្ងៃទី១៧ខែធ្នូនេះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តបាត់ដំបង​ បានណែនាំដល់ប្រជាពលរដ្ឋ ដែល​មាន​ការ​សង្ស័យឆ្លងមេរោគអេដស៍ ​ត្រូវទៅធ្វើតេស្ត និងទទួលការព្យាបាល​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការចម្លងទៅកាន់អ្នកដទៃបន្ថែមទៀត។ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកឆ្លងមេរោគអេដស៍​ មិនត្រូវមានការព្រួយបារម្ភនោះទេ ​ត្រូវតាម ដាន​ពិនិត្យសុខភាព និងព្យាបាលទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ឯកឧត្ដម​បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទ ក្រហមកម្ពុជា ​និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ​នៃ​វេទិកា​ភាព​ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយ​តបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ​និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ​សកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ​បើទោះបីជាសម្តេច​មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្តេច ​តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ ​ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់។ឯកឧត្តម បានជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីសុខាភិបាល ​ទាំងអស់ត្រូវជួយ ផ្សព្វផ្សាយ​ បញ្ជ្រាប​ការ​យល់​ដឹង​ដល់ប្រជាពលរដ្ឋពីការការពារខ្លួន ​និង​ការ​បង្ការការចម្លងជំងឺ​អេដស៍ទៅអ្នកដទៃ ដើម្បីឈាន​ទៅ​សម្រេច​គោល​ដៅលុបបំបាត់ជំងឺអេដស៍​ឱ្យអស់នៅត្រឹម​ឆ្នាំ​២០២៥៕អត្ថបទ៖ នឿត សុភក្ត្រ 

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាបានទាក់ទាញអ្នកចូលទស្សនាជាច្រើនក្នុងថ្ងៃចាប់ផ្ដើមដំបូងនេះ

2021/12/17 11:49:18 am        863
ភ្នំពេញ៖ ពិព័រណ៍យន្ដហោះ និងបច្ចេកវិទ្យាលើកទី៣ បានចាប់ផ្ដើមនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ហើយថ្ងៃដំបូងនេះ ពិព័រណ៍បានស្រូបទាញការចូលទស្សនាពីសាធារណៈជន ជាពិសេសសិស្សនិស្សិតជាច្រើន។ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យាលើកទី៣ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។សិស្សនិស្សិតបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ទៅលើយន្តហោះ​ឧទ្ធម្ភាគចក្រ​ជាច្រើនគ្រឿង ដែលបានដាក់តាំងបង្ហាញនូវក្នុងបរិវេណខាងក្រៅ។ ការចាប់អារម្មណ៍ បានស្ដែងឱ្យ ឃើញ​តាម​ការថតរូប ​ការចូលអង្គុយសាកដោយផ្ទាល់នៅក្នុងយន្តហោះ និងការស្ដាប់ពីការពន្យល់​ពី​ដំណើរការយន្តហោះ​ ពីអ្នកជំនាញដែលប្រចាំការនៅតាមយន្តហោះនីមួយៗ។សម្រាប់ពិព័រណ៍នេះ ក្រៅពីការដាក់បង្ហាញនូវយន្តហោះជាច្រើនគ្រឿង ក៏មានការរៀបចំស្តង់ដែលមានជាការដាក់តាំងបង្ហាញស្នាដៃបច្ចេកវិទ្យារបស់សិស្សនិស្សិត ចំនួន ៤៦ស្តង់ផងដែរ។ កម្មវិធីពិព័រណ៍ដដែលនេះ ក៏មានការរៀបចំប្រកួតប្រជែង យន្តហោះកៅស៊ូ ក៏ដូចជាការប្រកួតរ៉ូបូតមនុស្សយន្តផងដែរ។គួររម្លឹកថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ក្នុង​គោល​បំណង​គឺដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែក​យន្តហោះ និង​បច្ចេកវិទ្យា​របស់កម្ពុជា បានបង្ហាញនូវសមិទ្ធផល ​និ​ងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូន​ដល់មហាជន ក៏ដូចជាការដាក់​ តាំងបង្ហាញនូវយន្តហោះផងដែរ។ ម្យ៉ាងវិញទៀតពិព័រណ៍នេះ​ ក៏ជាការផ្ដល់ឱកាសដល់សាធារណជនសិស្សានុសិស្ស និង​អ្នក​ទស្សនា​បានមកទទួលយកនូវបទពិសោធ​ចំណេះដឹង ​និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពី​អ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ​ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះដែល​ឈរ​នៅ​ក្បែរយន្តហោះផ្ទាល់តែម្តង៕អត្ថបទ៖ ប៉ោ គឹមហុក  

សម្ដេចពិជ័យ៖ អាវុធ និងសម្ភារៈរបស់អាមេរិកប្រមូលបានបណ្ដើរៗហើយ គ្រោងកម្ទេចចោល

2021/12/17 05:00:25 am        3040
កំពង់ឆ្នាំង៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារៈយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ (ភ្នំជុំរីករាយ)​ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ​នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ​សម្ដេចពិជ័យសេនា ​មានប្រសាសន៍ថា ការ​ប្រមូល​នូវអាវុធ​ និងសម្ភារៈយោធារបស់អាមេរិក កំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិន​អាចប្រើប្រាស់បាន ដោយ​ភាគតិច​ណាស់ ​ដែលអាចប្រើបាន ។សម្ដេច បានបន្តថា កន្លងមកក្រសួងការពារជាតិបានទុកដាក់ក្នុងឃ្លាំង​ ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ​ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់ ដើម្បី​រក្សាទុក ​ឬដល់កម្រិតមួយបំផ្លាញ់ចោល ​ឬយ៉ាងណា ​ព្រោះអាវុធ ​និងគ្រឿង​បំពាក់នេះ កាលណា​ដល់​អាយុកាល​ ពេលចាស់ពេក​ ខូចខាត​ធ្ងន់ធ្ងរ​ពេក​​ទុក​នាំ​អន្តរាយ​ដែរ តែងតែ​ធ្វើការ​បំផ្លាញជាបន្តបន្ទាប់ ។សម្ដេចពិជ័យសេនា បន្ថែមថា អាមេរិកថាមិនលក់អាវុធមកឲ្យកម្ពុជាទៀត ​នឹងកាន់តែល្អហើយ ដោយ​រាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកដែរ ​ដោយអាវុធមាននៅសល់នេះ គឺ​ប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០​ ដោយជំនន់ លន់ នល់ យកមកប្រើប្រាស់ ដោយមាននៅ​សេស​សល់​បាត់ឃ្លាំង​ និងមួយចំណែកទៀត ​បានពីប្រភពនៃភាគីប្រយុទ្ធណាមួយ​ ក៏មិន​បានប្រើប្រាស់ដែរ ដោយ​ធ្វើការប្រមូលទុកដាក់បានច្បាស់លាស់ ​ហើយកំពុងពិចារណាមើលធ្វើយ៉ាង​ណាទៀតនោះ គឺសម្រេច​នៅពេលក្រោយ ។ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា ​កាលពីពេលថ្មីៗនេះ ​បានបញ្ជា​ទៅក្រសួងការពារជាតិ ​ត្រូវប្រមូល​នូវអាវុធ ឬសម្ភារៈយោធារបស់អាមេរិក ​ដែលប្រើប្រាស់លែងកើត ​ត្រូវកម្ទេចចោល​ និងរក្សាទុក ៕

ការលក់កញ្ចប់ទេសចរក្នុងស្រុកកើនជិត ៣០ភាគរយ ខណៈកញ្ចប់អន្តរជាតិ នឹង​មាន​ច្រើន​ចាប់​ពីខែមីនា ឆ្នាំ២០២២

2021/12/16 02:24:21 pm        371
ភ្នំពេញ៖ បើតាមសមាគមការីទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដែលមានក្រុមការីទេសចរណ៍ប្រមាណ ៦០ជាសមាជិក បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ ភ្ញៀវទេសចរដែលមានស្រាប់នៅក្នុងស្រុក បានកក់ និងទិញកញ្ចប់ទេសចរណ៍ ដើម្បីដើរកម្សាន្តជាក្រុមនៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល២០២១នេះ កើនឡើងពី ២០ទៅ៣០% បើប្រៀបធៀបឆ្នាំ២០១៨ និងឆ្នាំ២០១៩ ខណៈភ្ញៀវអន្តរជាតិដើរកម្សាន្ត តាមកញ្ចប់ទេសចរណ៍គឺមិនមាននោះទេ។លោក ធួន ស៊ីណាន ប្រធានសមាគមន៍ការីទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA បានថ្លែងប្រាប់BTVថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបើកទេសចរណ៍ក្នុងស្រុក និងបានប្រកាស​បើក​ប្រទេស​វិញមក ទេសចរក្នុងស្រុកបាននាំគ្នាចេញដើរកម្សាន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសភ្ញៀវរាយ​ទាំង​នៅក្នុងស្រុក និងមកពីក្រៅប្រទេសបានចេញដើរច្រើន ខណៈភ្ញៀវដែលដើរកម្សាន្តជាកញ្ចប់​របស់​ការីទេសចរណ៍ ​គឺមានកម្រើកក្នុងកម្រិតប្រមាណពី ២០ទៅ៣០% រីឯ ​ភ្ញៀវអន្តរ​ជាតិ​មក​ពី​ក្រៅ​ប្រទេស មកទស្សនាកម្ពុជាតាមកញ្ចប់នោះមិនមាននោះទេនៅក្នុងខែធ្នូនេះ ​ប៉ុន្តែភ្ញៀវអន្តរជាតិនៅ​ក្រៅ​ប្រទេស​មានការកក់ ទិញកញ្ចប់ទេសចរណ៍ទុកមុនច្រើន​ដើម្បីត្រៀមមក​ទស្សនា​កម្ពុជា​ច្រើន​ចាប់ខែមីនា ឆ្នាំ២០២២​តទៅ​។លោក ធួន ស៊ីណាន បានឲ្យដឹងថា ​ជារួមចាប់ពីពិភពលោកមានវត្តមានមេរោគអូមីក្រុង​មកបាន​ធ្វើ​អោយ​ដៃគូ​ក្រុមហ៊ុន​ការី​ទេសចរណ៍ ​និងភ្ញៀវនៅក្រៅប្រទេសមាន​មាន​ផ្លាស់ប្តូរ​ឥរិយាបថ ដោយ​ភ្ញៀវមកទស្សនាកម្ពុជា តាម​កញ្ចប់​ទេស​ចរណ៍​បានលើកពេលមកទស្សនាកម្ពុជាពីខែធ្នូនេះ ទៅ​ខែមករាខ្លះ និងទៅខែមីនាខ្លះ ​ប៉ុន្តែទោះយ៉ាងណា​ក្នុង​អំឡុង​ពេល​នេះ កម្ពុជា ក៏បានចាប់ផ្តើម​ទទួល​ភ្ញៀវរាយអន្តរជាតិដែលជាអ្នកវិនិយោគ​ និងមកដើរកម្សាន្តច្រើនខ្លះៗដែរ។ទោះយ៉ាងណាក៏លោក ធួន ស៊ីណាន ក៏បានស្នើ​ឲ្យ​បណ្តាអាជីវកម្មទេសចរណ៍សណ្ឋាគារ ផ្ទះស្នាក់ និ​ងភោជនីយដ្ឋាននានា ​សូមកុំដំឡើងថ្លៃសេវា ដើម្បីរួមចំណែកជម្រុញចលនា​កំណើន​ទេសចរជាតិ​អន្តរ​ជាតិ​អោយ​បាន​ល្អ​ប្រសើរ​ឡើងវិញ។សូម​បញ្ជាក់ថា​ នៅក្នុងតាមសារាចរស្តីពីការរៀបចំគ្រប់គ្រង​ចរន្តភ្ញៀវទេសចរ និង​ការពង្រឹង​គុណភាព​ផលិត​ផល​ទេស​ចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកល២០២១​ ឆ្លងចូលឆ្នាំ២០២២ ក្រសួង​ទេសចរណ៍​ក៏បាន​ណែនាំ​បណ្តា​មូលដ្ឋាន​អាជីវ​កម្ម​ទេសចរណ៍​ត្រូវពង្រឹង​អនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍ ​និងនីតិវិធិស្តង់ដាអប្បបរមា SOP ​ដើម្បីរក្សាស្ថេរភាព​អាជីវកម្ម​និង​ធានាសុវត្ថិភាព​ជូនភ្ញៀវ​ទេសចរជាតិអន្តរជាតិ ​និងសូម​រក្សាតម្លៃផលិតផល និងសេវាអោយបានសមរម្យ ហើយ​រាល់តម្លៃ ស្នាក់នៅ ម្ហូបអាហារ ​និងសេវាផ្សេងៗទៀត ត្រូវ​សរសេរ​អោយបានច្បាស់នៅក្នុង​តារាង​ដើម្បីជម្រាបជូនភ្ញៀវដឹងជាមុន​ ចៀស​វាង​ការកំណត់តម្លៃខ្ពស់ហួសហេតុ ។ក្នុងសារាចរណែនាំនោះ​ ក៏បានបញ្ជាក់ដែរថា ក្នុងករណីមូលដ្ឋានអាជីវកម្មទេសចរណ៍​ណាមិន​អនុវត្ត​តាម​តារាង​តម្លៃ ​ដែលបាន​បិទផ្សាយម្ចាស់អាជីវកម្មត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ជាធរមាន៕រូបអត្ថបទ ស៊ុម សុខជា

ប្រធានរាជបណ្ឌិត្យសភា៖ កម្ពុជាមានពិសោធន៍សង្គ្រាមស៊ីវិលគ្រប់គ្រាន់ អាចជួយ​ចរចា​ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

2021/12/16 12:33:26 pm        600
ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពីបរិបទនៃទំនាក់ទំនងអាស៊ាន និងសាធារណៈរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានលើកឡើងថា កម្ពុជាមានបទពិសោធន៍សង្គ្រាមស៊ីវិលគ្រប់គ្រាន់ អាចជួយចចារដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។តាមរយៈ​សន្និសីទ​អន្តរជាតិដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១​នេះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានមានប្រសាសន៍​ជុំវិញការ​ត្រៀម​ខ្លួន​ជាបណ្តើរៗរបស់កម្ពុជាធ្វើជាប្រធានអាស៊ាន នាឆ្នាំ២០២២ខាងមុខ ក្នុងនោះបរិបទថ្មី​ដែល​ប្រទេសជាច្រើនកំពុង​តាមដាន​ គឺ​បញ្ហា​របស់​មីយ៉ាន់ម៉ា និង​បញ្ហា​សមុទ្រចិន​ខាងត្បូង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ​បានសង្កេតឃើញថា មកដល់ពេលនេះកម្ពុជា​កំពុងតែរង​សម្ពាធ​ជា​បន្តបន្ទាប់ ក្នុងបរិបទសង្គម​ដែលមានការចោទប្រកាន់ថា​កម្ពុជាជាជួយរក​ដំណោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ពី​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា និងប្រទេសមហាអំណាចជាដើម។ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បើប្រៀបធៀបរវាងបទពិសោធន៍​សង្គ្រាម​ស៊ីវិល​រវាង​កម្ពុជា និងមីយ៉ាន់ម៉ា ​គឺកម្ពុជាមានបទពិសោធន៍ឆ្លងកាត់បញ្ហាសង្គ្រាមជាច្រើន​ទសវត្សន៍ ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៩៣ ​ខណៈកម្ពុជា​អាច​បញ្ចប់​សង្គ្រាមស៊ីវិល​អាចបានដោយ​ជោគជ័យ​ក្នុងឆ្នាំ១៩៩៨។ជាមួយគ្នានេះឯកឧត្តម សុខ ទូច បាន​ទទូច​ដល់​បណ្តាប្រទេស​មជ្ឈិមបូព៌ា​មហាអំណាច​អង្គការ​សង្គមស៊ីវិល​ និងគណបក្សនយោបាយ​ គួរ​ទុក​ពេល​វេលា​សម្រាប់​អ្នក​នយោបាយជើងចាស់ ដែលមាន​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​ដើម្បីបាន​ចរចា និង​រិះរក​ដំណោះស្រាយ​សម្រាប់​មីយ៉ាន់ម៉ា។ទាក់ទិន​នឹងបញ្ហាមីយ៉ាន់ម៉ានេះ ​សម្តេចតេជោនាយករដ្ឋមន្រ្តី​ ធ្លាប់​បានមានប្រសាសន៍ កាលពីថ្មីៗ​នេះ​ថា​ សម្តេច​បាន​ធ្វើការ​សម្របសម្រួល​ ក្នុងនាម​ជាប្រធាន​អាស៊ាន​មាន​ភារកិច្ច​លើកិច្ចការអាស៊ាន ដើម្បី​ឲ្យ​អាស៊ាន​វិល​ទៅរក ​អាស៊ានទាំង១០ នៅឆ្នាំ២០២២។ បន្ថែមលើសពីនេះ ​សម្តេចអះអាងថា ​សម្តេចមានបទពិសោធន៍ច្រើនក្នុងការចរចាដោយលទ្ធផល បាន​សម្រេច​ជោគជ័យ​ជាង​ការ​ធ្វើសង្រ្គាម ​ខណៈសម្ដេចតេជោ ​បានប្រកាសថា​ កាលពីកន្លងទៅថា អំឡុងថ្ងៃ៧​ និងថ្ងៃទី៨ ខែមករា​ខាងមុខនេះ ​ក្នុងនាម​ជាប្រធានអាស៊ាន សម្តេចតេជោ​នឹង​ដឹកនាំ​គណៈប្រតិភូអញ្ជើញ​ទៅមីយ៉ាន់ម៉ា៕អត្ថបទ៖ ឧត្តម

ទូតបារាំង៖ ដើមឆ្នាំ២០២២នេះ អ្នកវិនិយោគិនបារាំងជាច្រើន នឹងមកស្វែងយល់អំពីសក្តានុពលនៅកម្ពុជា

2021/12/16 12:20:04 pm        635
ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេត ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ អ្នកវិនិយោគិនបារាំងជាច្រើននឹងមកប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ។ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០២១នេះ លោក ហ្សាក់ ប៉ឺឡេត បានលើកឡើងថា «នាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា ​នៅខែមីនា ​ឆ្នាំ២០២២ ដោយអមមក​ជាមួយ​អ្នវិនិយោគិន​ជាច្រើន ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច​នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង​ជាមួយព្រឹទ្ធសភាកម្ពុជា ក៏គ្រោងនឹងអញ្ជើញមក​បំពេញ​ទ​ស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាផងដែរ»។លោកទូត បានបន្តទៀតថា ​តាមការកត់សម្គាល់របស់លោកបានមើលឃើញ​ ប្រទេសកម្ពុជា មាន​ការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ហើយលោកមានជំនឿជឿជាក់​ថា​ទំនាក់​ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកាន់តែរីក​ចម្រើន​បន្ថែម​ទៀត​ផងដែរ។ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់​ផងដែរថា​ តាមរយៈបេកសកកម្មការទូត​របស់​លោកនៅព្រះរាជាណាចក្រកម្ពុជាលោកត្រៀមខ្លួនជាស្រេច ដើម្បីខិតខំសម្របសម្រួល អស់​ពី​កម្លាំង​កាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ​បន្ថែមទៀត​លើគ្រប់វិស័យ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយ​រីករាយ​ដោយបានមើលឃើញថា ទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ​មាន​ការ​រីកចម្រើន​ឥតឈប់ឈរ។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នា​ទៅវិញទៅមករវាងថ្នាក់​ដឹកនាំ​ជាតិកំពូលៗ មន្រ្តីជាន់ខ្ពស់គ្រប់ ​គ្រប់លំដាប់ថ្នាក់ ​និងការផ្លាស់ប្តូររវាងប្រជាជន ​និងប្រជាជន។ ទន្ទឹមនេះប្រទេសទាំងពីរ​បានបន្តគាំទ្រគ្នាជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​លើឆាកអន្តរជាតិ។ក្នុងឱកាសនោះដែរ​សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល ​និងប្រជាជនបារាំង ដែលបានផ្តល់ជំនួយឥតសំណង​ កម្ចី​អធិបតេយ្យ ​និងកម្ចីមិនអធិបតេយ្យ ដើម្បីរួមចំណែក​អភិវឌ្ឍន៍ប្រទេសកម្ពុជា​ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។សម្តេច ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលបារាំង ​ដែល​បាន​ជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្សកម្ពុជា ក្នុងការ​សិក្សាថ្នាក់អនុបណ្ឌិត ​និងបណ្ឌិតនៅប្រទេសបារាំង​ជាច្រើននាក់ និងបណ្តុះបណ្តាល​ភាសា​បារាំង​នៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា​។ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បារាំង​បានផ្តល់អាហារូបករណ៍ចំនួន៥០​ កន្លែងបន្ថែមទៀតផងដែរ៕អត្ថបទ៖ បាន ចក់

គណៈរដ្ឋមន្ត្រីធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ពាណិជ្ជកម្ម ដើម្បីសម្រួលការធ្វើធុរកិច្ចនៅកម្ពុជា

2021/12/16 12:01:16 pm        400
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កិច្ចប្រជុំថ្ងៃនេះ បានធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា។ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ បាល បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃនេះ ​បានធ្វើឡើងដើម្បីពិភាក្សាលើរបៀបវារៈ ស្តីពី “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាង ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” ។ឯកឧត្ដម បានឱ្យដឹងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម បាន​ប្រកាស​ឱ្យប្រើនៅខែវិច្ឆិកា ឆ្នាំ១៩៩៩ និងច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម បានប្រកាស​ឱ្យ​ប្រើនៅខែឧសភា ឆ្នាំ២០០៥។ ច្បាប់ទាំងពីរនេះ ត្រូវបានអនុវត្តដោយរលូន អស់រយៈកាលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមាន​មាត្រា​មួយចំនួន​ក្នុងច្បាប់ទាំងពីរនេះ មិនដែលត្រូវបានអនុវត្ត និងដើរមិនទាន់ល្បឿននៃការកែទម្រង់ របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ​និងបរិយាកាស ​នៃការធ្វើធុរកិច្ចក្នុង តំបន់ និងជាសកល។ មានមាត្រាមួយចំនួន មិនមានសង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ច ដទៃទៀត នៅក្រោមអនុសញ្ញាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ ដែលកម្ពុជា ជាភាគីហត្ថលេខី។ ឯកឧត្ដម បានបញ្ជាក់ថា វិសោធនកម្មច្បាប់ពេលនេះ ដើម្បីចូលរួមចំណែកក្នុងការបន្តកំណែ ទម្រង់ របស់រាជរដ្ឋាភិបាល លើកកម្ពស់ភាពងាយស្រួល​ នៃការធ្វើធុរកិច្ចនៅកម្ពុជា ធ្វើឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម រវាងលិខិត បទដ្ឋានគតិយុត្ត និងស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិកូវីដ-១៩៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ ទីផ្សារកម្ពុជាមិនតូចចង្អៀត មិនផ្អែកទៅលើតែមួយជ្រុងនោះទេ

2021/12/16 05:32:06 am        634
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអះអាងថា បើទោះបីជានរណាមួយនោះ បានបង្ហាញភាពតានតឹងបិទច្រក តែទីផ្សាររបស់កម្ពុជា គឺមិនតូចចង្អៀតនោះទេ មិនផ្អែកតែទៅលើតែមួយជ្រុងនោះទេ។សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែធ្នូនេះ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានាំចេញ នាំចូលពាណិជ្ជកម្ម បើទោះបីជាជ្រុងណាមួយនោះ បង្ហាញភាពតានតឹងបិទច្រក តែទីផ្សាររបស់កម្ពុជា គឺមិនតូចចង្អៀត ​ដោយសារផ្អែកតែទៅលើតែមួយជ្រុងនោះទេ ​គឺពិភពលោក បានផ្ដល់ភាពអនុគ្រោះឱ្យកម្ពុជាផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអំពីកំណើនសេដ្ឋកិច្ចកម្ពុជា ​ដែលបានងើបឡើងវិញ រួមទាំង កំណើនលើវិស័យកាត់ដេរ និងកម្មន្តសាល​រហូតដល់១៣,៥ភាគរយ បើប្រៀបធៀប​នឹងដក ២០ភាគរយ កាលពីឆ្នាំទៅ មូលហេតុ គឺការ​បញ្ជាទិញ ត្រូវបាន​ផ្ទេរពីមីយ៉ាន់ម៉ា​ និង​វៀតណាម មកកាន់កម្ពុជា ​ដែលនាំ​ឲ្យរោងចក្រសហគ្រាសនៅកម្ពុជា​ បានដំណើរការពេញលេញ ហើយការ​នាំចេញនាំចូលវត្ថុធាតុដើមមក ​ផលិត ​ក៏មានការកើនឡើង​ ចំណុចទាំងអស់នេះ ជាចំណុច​ដែលកម្ពុជា ត្រូវធ្វើជាមួយដៃគូផ្សេងៗទៀត៕អត្ថបទ៖ មុត សុទ្ធ 

ស្ថានីយ៍បូមទឹករំដោះការលិចលង់មួយផ្នែកធំនៅភ្នំពេញនឹងសាងសង់រួចរាល់នាខែមីនាឆ្នាំក្រោយ

2021/12/16 02:13:13 am        633
ភ្នំពេញ៖ ការដំឡើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូបក្នុង១វិនាទីនឹងរួចរាល់នៅខែមីនា ឆ្នាំក្រោយនេះ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពដំឡើងម៉ូទ័របូមទឹកខ្នាតធំដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។ ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះមានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែមសមត្ថភាពបូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើឲ្យសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។លោក សាំ ពិសិដ្ឋ បន្តថា ការដំឡើងម៉ូទ័របូមទឹកខ្នាតធំនេះ គឺបានអនុវត្តតាំងពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១មកម្ល៉េះ ពោលគឺទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវលេខ៣៧១ គឺបានស្ថាបនារួចរាល់ហើយ ជារួមលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណ៧០ភាគរយ ហើយគម្រោងនេះនឹងបញ្ចប់១០០% នៅក្នុងខែមីនា ឆ្នាំ២០២២ ។លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ជុំវិញបញ្ហាខាងលើនេះដោយលោកបានជំរុញឲ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញពន្លឿន នៃការស្ថាបនាការដំឡើងម៉ូទ័របូមទឹកខ្នាតធំខាងលើនេះឲ្យបានរួចរាល់ នៅមុនរដូវវស្សាមកដល់ ដើម្បីអាចបូមទឹករំដោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាឆ្នាំ២០២២ខាងមុខនេះ។លោក សាំ ពិសិដ្ឋ បន្តទៀតថា ស្ថានីយ៍នេះនឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល ឬហៅផ្លូវ ២០០៤ ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

ការបង្កើតកំពង់ផែអេកូទេសចរណ៍ គឺជាការផ្ដល់​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច​សហគមន៍​ខេត្តព្រះសីហនុ

2021/12/15 02:31:02 pm        753
ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែ ទូកអេកូទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ ។នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សូមគាំទ្រលើ​គម្រោង សាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ដែលអាចនឹងផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់វិស័យទេសចរណ៍ ជាពិសេស សហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុង​ការ​ការពារ និងអភិរក្សព្រៃលិចទឹក ព្រៃកោងកាង ដែលជាសម្ភពជីវៈ ចម្រុះនៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ​ ពិសេស​សហគមន៍​មូលដ្ឋាន ​អាចយកផលនេសាទផលវារីវប្បកម្ម ​និងកសិផលផ្សេងៗ ​មកលក់ជូនភ្ញៀវ​ទេសចរណ៍​បងប្អូនប្រជា ​សហគមន៍មូលដ្ឋាន ​ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវ​ទេសចរណ៍​ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅ តាមដងព្រែកបានផងដែរ។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ម្ចាស់សំណើរ​ ត្រូវធ្វើការសិក្សាពីបច្ចេកទេស នៃការសាងសង់​ផែទូកនេះ​ ដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់​ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត។ ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារជំនាញ ​ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប​ និងមានសម្រស់ដ៏ទាក់ទាញនៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ផងដែរ។ ឯកឧត្ដម បន្ដថា តាមការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ជាក់ស្តែង​មានស្ថានភាព ​ទីតាំងដីនៅតំបន់នេះ​ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ​ដោយបានកាត់ចំណី​ព្រែកប្រវែង ៣០ម៉ែត្រ រួចហើយ។ចំណែកឯម្ចាស់សំណើ​បានអះអាងថា នឹងចូលរួម​សហការជាមួយអាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់ជាន់​ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិច ​ទឹកនៅតាមព្រែកកំពង់ស្មាច់។ ​បច្ចុប្បន្នទីតាំងនេះ មានព្រៃដុះ​ជាប្រភេទ​ព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ ។ល។ និងស្ថិតនៅក្រៅដែន​គម្របព្រៃឈើឆ្នាំ២០០២។ តាមរបាយការណ៍​របស់​ក្រុមការងារជំនាញ​ បញ្ជាក់ថា​ ការ​សាងសង់​ផែ​ទូក​ទេសចរណ៍​លក្ខណៈជា​ផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ​តែអាច ធ្វើ​ឱ្យ​មានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិ ​មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM