សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន រយៈពេល៣ថ្ងៃ

2021/11/30 11:07:11 am        69
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូខាងមុខនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅប្រទេសចិនរយៈពេល៣ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ​នៅទីក្រុងហាងចូវ ខេត្តជឺជាំង ​សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៣ ដល់​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ​ទៅ​លើ​វិស័យ​ផ្សេងៗ រួមមាន៖ វិស័យ​ការ​ស្តារ​ឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩​ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម ​និងការពារជាតិ ​ក៏ដូចជា​បញ្ហាតំបន់ និងអន្តរជាតិ ដែល​ជា​ចំណាប់អារម្មណ៍ ​និងក្តីបារម្ភរួម ។ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាង​ប្រទេស​ទាំង​ពីរទំនាក់ទំនង ​មិត្តភាពជាប្រពៃណីដ៏យូរលង់​ សាមគ្គីភាព ភាតរភាព និង​កិច្ច​សហប្រតិបត្តិការជាក់​លាក់​ព្រម​ទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការក្នុង​ក្របខ័ណ្ឌ​ពហុភាគីសម្រាប់ ផល​ប្រយោជន៍គ្នា​ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕អត្ថបទ៖ សេក ឧត្តម

ដីព្រៃលិចទឹកតំបន់៣​​ជិត ២ពាន់ហិកតា​ក្នុងស្រុកកំពង់លែង ត្រូវបានក្រុមចម្រុះ​ថ្នាក់ជាតិដកហូតជាសម្បត្តិរដ្ឋវិញ

2021/11/29 10:17:37 am        2111
កំពង់ឆ្នាំង៖ ដីព្រៃលិចទឹកតំបន់៣ទំហំ​ជិត ២ពាន់ហិកតា ស្ថិតក្នុង​ស្រុកកំពង់លែង ត្រូវបានក្រុមការងារចម្រុះរបស់រាជរដ្ឋាភិបាល​ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានដកហូតមកទុកជាសម្បត្តិរដ្ឋវិញដោយគ្មានលក្ខខ័ណ្ឌ។យុទ្ធនាការដក​ហូត​នេះ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យចាត់វិធានការណ៍ច្បាប់ចំពោះបុគ្គលដែលទន្ទ្រានដីរដ្ឋ។ក្រោយពីពិនិត្យស្ថានភាពជាក់ស្តែងលើទីតាំងល្មើសរួចមក ឯកឧត្តម ជា សុផារ៉ា បាន​សម្រេច​ដកហូត​ដីព្រៃលិចទឹកតំបន់៣​ប្រមាណជិត២ពាន់ហិកតា ​ស្ថិតក្នុងភូមិគោកព្រះ ឃុំច្រណូក ពីបុគ្គល​ដែល​បានឈូសបំផ្លាញយកដីជាកម្មសិទ្ធិផ្ទាល់ខ្លួន មកទុកជាសម្បត្តិរដ្ឋវិញដោយឥតលក្ខខ័ណ្ឌ។ឯកឧត្ដម ជា សុផារ៉ា បញ្ជាក់​ថា បើទោះបីដីទាំងនោះបាន និងកំពុងអាស្រ័យផលស្រូវក៏ដោយ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ត្រូវចុះដាំកូនព្រៃឈើលិចទឹកឡើងវិញ ដោយក្នុង ១ហិកតាត្រូវដាំកូនឈើព្រៃលិចទឹកចំនួន១០០ដើម ក្នុងនោះមានដើមរាំង ដើមច្រកែង ដើមម្តេញ និងដើមសណ្តាន់ ហើយបន្តថែរក្សាឱ្យមាននិរន្តរភាពជាចាំបាច់។ឯកឧត្ដម​ឧបនាយករដ្ឋ​មន្ត្រី ក៏​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួនទាំងអស់រាល់បុគ្គលណាដែលមានចេតនារារាំង​ដំណើរការដកហូតដីព្រៃលិចទឹកនេះ ឬមានការតវ៉ាតាមរូបភាពណាក៏ដោយ។ឯកឧត្ដម ជា សុផារ៉ា ក៏​បាន​ណែនាំ​ទៅ​ក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើផ្លាកកំណត់សម្គាល់ និងចង្អុលបង្ហាញប្រជាពលរដ្ឋពីទីតាំងដីព្រៃលិចទឹកតំបន់៣​ ដើម្បីកុំឱ្យមានការទន្ទ្រានបន្ត ជា​ពិសេស​ត្រូវអនុវត្ត និងចាត់វិធានការ​ទាំងអស់ខាងលើឱ្យទាន់ពេលក្នុងរយៈពេល​ ១សប្តាហ៍គិតចាប់​ពី​ថ្ងៃចុះយុទ្ធនាការតទៅ។រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្តស្រាវជ្រាវនៅកន្លែងរុករានព្រៃលិច​ទឹក​តំបន់២ ​និងតំបន់៣បន្តទៀត នៅ​ក្នុងស្រុកបរិបូណ៌ ​ស្រុកជលគីរី ​ក៏ដូចជាតំបន់ផ្សេងទៀត ដើម្បីដកហូតដីព្រៃលិចទឹកទាំងនោះ​មក​ទុក​ជាសម្បត្តិរដ្ឋវិញ និងបន្តការដាំដុះកូនព្រៃឈើលិចទឹកឡើងវិញ​ នៅតាមតំបន់​ដែល​រងការ​ឈូសបំផ្លាញ។ចំណែកស្នងការនគរបាលខេត្តកំពង់ឆ្នាំងវិញ កំពុងបន្តនីតិវិធីកោះហៅបុគ្គលពាក់ព័ន្ធចំនួន ១៣នាក់​ជាម្ចាស់ដី មកសាកសួរព័ត៌មានជាបន្តបន្ទាប់។​ក្នុងចំណោមបុគ្គលដែលរំលោភយកដីព្រៃលិចទឹកទាំង ១៣នាក់ខាងលើ​ គេសង្កេតឃើញ​មាន​ឪពុក​របស់ព្រះរាជអាជ្ញារងម្នាក់ ​នៅសាលាដំបូងខេត្តកំពង់ឆ្នាំង, ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង, អតីតមេបញ្ជាការប៉េអឹមស្រុកកំពង់លែង, មន្ត្រីសាលាស្រុកកំពង់លែង, និងអ្នកមានបុណ្យស័ក្តិមួយ​ចំនួន​នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕ អត្ថបទ៖ ហុង វាស្នា

ពលរដ្ឋនៅ​សៀមរាប បន្ដទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខណៈ​សល់​មួយ​ថ្ងៃ​ទៀត​នឹង​បញ្ចប់​យុទ្ធនាការ​នេះ

2021/11/29 09:13:57 am        711
សៀមរាប៖ ស្របពេលដែលការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅខេត្ដសៀមរាប បានបន្ដទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នៅឆ្នាំ២០២២ខាងមុខ។ប្រជាពលរដ្ឋម្នាក់ រស់នៅឃុំពាក់ស្នែង ស្រុកអង្គរធំ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីមានឈ្មោះចូលរួមបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំសង្កាត់ ​ដែលមានរយៈពេល៥ឆ្នាំម្ដង ដូចនេះក្នុងនាមប្រជាពលរដ្ឋម្នាក់​ត្រូវ​បំពេញតួនាទីរបស់ខ្លួន ​ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពួកគាត់ស្រលាញ់។លោក បានបន្ដថា កន្លងមកលោកមានឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតក្នុង​ក្រុង​សៀមរាប ប៉ុន្ដែដោយសារលោកប្ដូរទីលំនៅថ្មីនៅឃុំពាក់ស្នែង ​ទើបលោកត្រូវចុះឈ្មោះថ្មី​នៅ​ការិយាល័យឃុំពាក់ស្នែងស្រុកអង្គរធំវិញ។លោកបន្ថែមថា ក្នុងនាមជាពលរដ្ឋម្នាក់ត្រូវមានឈ្មោះបោះឆ្នោតមិនថា ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ ឬបោះជ្រើសរើសតំណាងរាស្ដ្រនោះទេ។ដោយឡែកលោក វ៉ាង វណ្ណរ៉េត ជាពលរដ្ឋមួយរូបទៀតនៅឃុំពាក់ស្នែង លោកបានឱ្យដឹងថា លោកទៅពិនិត្យឈ្មោះបោះឆ្នោតនេះ ដោយបារម្ភខ្លាចបាត់ឈ្មោះរបស់លោកនៅក្នុងបញ្ជីបោះឆ្នោត ដែលធ្លាប់បានចុះឈ្មោះកន្លងមក​ ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥នេះ នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ ។លោកថា លោកត្រូវពិនិត្យឈ្មោះជាមុន ​ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការជ្រើសរើសថ្នាក់​ដឹកនាំ​នៅមូលដ្ឋាន​ប្រកបដោយភាពត្រឹមត្រូវ។ លោកបន្ដថា លោកមិនអាចបាត់ឈ្មោះ ឬអាក់ខានក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥នេះបានទេ ព្រោះការបោះឆ្នោតនេះមានរយៈពេល៥ឆ្នាំម្ដង។លោកបានអំពាវដល់ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ខណៈដែល គជប នឹងបិទបញ្ជីឈ្មោះបោះឆ្នោតនេះនៅថ្ងៃទី៣០ខែវិច្ឆិកា ពោលនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ។ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមាប លោក នឹម វ៉ាន់សំ មានប្រសាសន៍ថា ចាប់​តាំងពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១នេះ ​ មាន​ប្រជាពលរដ្ឋនៅខេត្ដនេះ បាន​ទៅពិនិត្យឈ្មោះ​ និងចុះឈ្មោះបោះឆ្នោតនេះ ​មានជាង៨០ភាគរយ ក្នុងនោះ​អ្នកចុះថ្មី​មាន​ចំនួន ៣១,៥៣៨នាក់។ជាមួយគ្នានោះ ​មានពលរដ្ឋផ្ទេរពីចូលពីក្រៅឃុំមានចំនួន ៨,២៤៨នាក់ ​ប្ដូររការិយាល័យក្នុងឃុំ មានចំនួន ៤,០៧៦នាក់ និង​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ចាប់​ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២៨ខែវិច្ឆិកានេះ មានចំនួនសរុប៥៨៧,៦៨៥នាក់ ។​ គជប នឹងបិទបញ្ចប់ការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះ​ លោក​បានអំពាវដល់ប្រជាពលរដ្ឋទៅចុះឈ្មោះ និង​ពិនិត្យ​មើលឈ្មោះរបស់ខ្លួនបន្ដទៀត​ ដែល​មានទីតាំងនៅតាមឃុំសង្កាត់នីមួយៗ ​ឬអាចមើល​ឈ្មោះ​បោះឆ្នោត​តាមគេហទំព័រ https://www.voterlist.nec.gov.kh។លោក បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕អត្ថបទ ៖ សាវី

អង្គការ JMAS របស់ជប៉ុន សន្យាបន្តចូលរួមបោសសំអាតមីននៅកម្ពុជា

2021/11/29 03:49:52 pm        307
ភ្នំពេញ៖ អង្គការ JMAS របស់ប្រទេសជប៉ុន បានបង្ហាញនូវគម្រោង និងសន្យាបន្តចូលរួមធ្វើការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យផ្ទៃដីមានសុវត្ថិភាព ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋធ្វើការដាំដុះដំណាំផ្សេងៗ និងឲ្យសម្រេចបានតាមគោលដៅ ។ក្នុងជំនួបជាមួយឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក YOSHIOKA Yoshito ប្រធានអង្គការ JMAS ថ្មីប្រចាំកម្ពុជា បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចគាំទ្រដល់អង្គការ JMAS ចាប់តាំងពីឆ្នាំ២០០៦ លើការងារសកម្មភាពមីនមនុស្សធម៌ ក្នុងខេត្តបន្ទាយមានជ័យ ស្ទឹងត្រែង និងខេត្តបាត់ដំបង ។លោកបានបន្តថា ដោយការសហការនេះ គឺមានភាពយ៉ាង​ជិតស្និទ្ធិ​ជាមួយមជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) ក្រោមជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ​និងប្រជាជនជប៉ុន ហើយជាបន្តទៀត​អង្គការ JMAS នឹងចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជា​បាន​សម្រេច​នូវគោលដៅរបស់ខ្លួន ។ក្នុងឱកាសនោះ ឯកឧតម្តម លី ធុជ មានប្រសាសន៍ថា ជប៉ុនបានចូលរួមគាំទ្រស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាជន ​និងប្រទេសកម្ពុជា ក្នុងនោះជប៉ុនបានចូលរួមយ៉ាងសកម្ម ដល់​ការងារ​សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ​ដើម្បីផ្តល់ដីសម្រាប់បង្កបង្កើនផល ជួយ​សង្រ្គោះអាយុជីវិត ​និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ឯកឧត្តមបន្តថា សមិទ្ធផលសម្រេចបាន នៃការងារបោសសម្អាតមីន បន្ទាប់ពីការដួលរលំនៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ​ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ការងារបោសសម្អាតមីនជាការងារ​អាទិភាព​មួយក្នុងកិច្ច​គាំពារ​សន្តិភាព និង​ការអភិវឌ្ឍជូនជាតិមាតុភូមិ​ ។ ហើយ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​ចក្ខុវិស័យយ៉ាងច្បាស់លាស់​ ដើម្បីបញ្ចប់ការងារ​បោសសម្អាត​មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ដូចមាន ចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ ព្រមទាំងបាន​និង​កំពុង​ខិតខំរិះរកនូវវិធីសាស្រ្តកាត់បន្ថយផ្ទៃដី ​ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ធនធានបោសសម្អាតមីន ដោយ​សហការជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ៕អត្ថបទ បាន សុខរិទ្ធិ

ស៊ីម៉ាក់៖ ការបោសសម្អាតមីនក្នុងខេត្តកែប នឹងបញ្ចប់នៅដើមឆ្នាំក្រោយ

2021/11/29 08:38:30 am        368
កែប៖ កងកម្លាំងនៃមជ្ឈមណ្ឌលបោសកម្ចាត់មីនកម្ពុជា (CMAC) ក្រោមជំនួយគាំទ្រថវិកាពីប្រទេសណ័រវ៉េស តាមរយៈអង្គការ NPA ប្រចាំនៅកម្ពុជា នឹងធ្វើការបោសសម្អាតមីននៅក្នុងខេត្តកែប ឲ្យបានចប់សព្វគ្រប់នៅដើមឆ្នាំក្រោយ។ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោង “ខេត្តកែបគ្មានគ្រាប់មីន” រវាងស៊ីម៉ាក់ និងអង្គការ NPA នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ក្នុងខេត្តកែបមានចម្ការមីនចំនួន៨ ដែលស្មើនឹងទំហំផ្ទៃក្រឡាជាង៩០ហិកតា ហើយរហូតមកដល់ពេលនេះ បោសសម្អាត​បាន​ចំនួន៤ចម្ការ នៅសល់៤ចម្ការទៀត ​នឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២២។ឯកឧត្តម បានបន្តថា ផែនការបោសសម្អាតមីន នៅក្នុងកែបនេះ គ្រោងធ្វើឲ្យរួចរាល់នៅឆ្នាំនេះ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបនាំឲ្យអូសបន្លាយពេលដល់ឆ្នាំក្រោយ ហើយអង្គការ NPA បានសន្យាថានឹ ងជួយបោសសម្អាតឲ្យរួចរាល់។ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា សម្រាប់គម្រោងរបស់អង្គការ NPA រំដោះចម្ការមីន​នៅ​ក្នុង​ខេត្តកែបនេះ គឺអនុវត្តតែការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះ ខណៈនៅ​ខេត្តមួយចំនួនទៀត ក្រោយពីសម្អាតមីនរួច មានការជួយកសាងនូវហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ផងដែរ។ឯកឧត្តម បានបន្ថែមថា កម្លាំងស៊ីម៉ាក់ មានមហិ្ឆតាបន្តភារកិច្ចបោសសម្អាតតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់មីន ឱ្យក្លាយជាខេត្តគ្មានគ្រាប់មីន ដូចជាខេត្តកំពត តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង បន្តបន្ទាប់ចាប់ពីឆ្នាំ២០២២ទៅ ហើយអង្គភាពស៊ីម៉ាក់ នឹងខិតខំអនុវតតាមផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​របស់រាជរដ្ឋភិបាល​ ដោយសហការជាមួយអាជ្ញាធរមីន​ និងដៃគូអភិវឌ្ឍន៍ ដើម្បី​ព្រះរាជាណាចក្រកម្ពុជា ​អស់ការ​គំរាមកំហែង​ដោយសារគ្រាប់មីនប្រឆាំងមនុស្ស​ ត្រឹមចុងឆ្នាំ២០២៥ ៕អត្ថបទ៖ បាន សុខរិទ្ធ

សម្តេចក្រឡាហោម ស ខេង៖ ការបង្កើតការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​គឺ​ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ

2021/11/29 07:28:05 am        989
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ការបង្កើតការិយាល័យច្រកចេញ-ចូលតែមួយ គឺធ្វើឡើងដើម្បីកាត់បន្ថយអំពើពុករលួយ និងផ្តល់ភាពងាយស្រួល ក្នុងការបំរើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចុះត្រួតពិនិត្យ ប៉ុស្តិ៍រដ្ឋបាលនគរបាលដីឥដ្ឋ ការិយាល័យច្រក ចេញ-ចូលតែមួយនៅសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល និងការចុះត្រួតពិនិត្យកន្លែង​បណ្តុះបណ្តាល​របស់​នគរបាលនៃរាជបណ្ឌិត្យសភានគរបាល ​ជាមួយលោក គ្រឹស្ទាន បើហ្គើ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ​កាលពីមិនទាន់មានការិយាល័យ​ ច្រកចេញ-ចូលតែមួយគឺបងប្អូន​ប្រជាពលរដ្ឋ​ពិបាកក្នុងកិច្ចការ​ពឹងពាក់​ដល់អាជ្ញាធរ ​លើសេវាសាធារណៈផ្សេងៗ ហើយ​មួយ​វិញទៀត​ក៏បាន​កាត់បន្ថយរឿង​អសកម្មរបស់អាជ្ញាធរមូលដ្ឋានផងដែរ។សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបង្កើតនូវការិយាល័យច្រកចេញ ចូលតែមួយនេះមក ​គឺមន្រ្តីទាំងអស់បានខិតខំធ្វើការបំរើបងប្អូនយ៉ាងយកចិត្តទុកដាក់បំផុត ហើយ​ប្រសិនបើមិនបំរើពួកគាត់ឲ្យបានស្រួលបួល និងទាន់ពេលវេលាទេនោះ បងប្អូនប្រជាពលរដ្ឋអាច​មាន​សិទ្ធ​ទៅ​ប្ដឹង​ការិយាល័យមួយទៀត​គឺការិយាល័យប្រជាពលរដ្ឋ ហើយថ្នាក់លើ​នឹង​ចាត់វិធានការ​ដល់​ពួកគេភ្លាមៗ​ផងដែរ។បើតាមសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា​ ការិយាល័យច្រកចេញ-ចូលតែ មួយនេះនឹងធ្វើឡើងគ្រប់ស្រុកខេត្ត-ខណ្ឌទាំងអស់ នៅទូទាំងប្រទេស ខណៈខេត្ត​ដែល​បាន​ធ្វើគ្រប់ស្រុក ទើបតែបានបួនរាជធានី-ខេត្តតែប៉ុណ្ណោះ ​ក្នុងនោះមានរាជធានីភ្នំពេញ ​ខេត្តកណ្តាល ខេត្តកំពង់ចាម​ និងខេត្តបាត់ដំបង៕អត្ថបទ ៖ បាន ចក់

រាជរដ្ឋាភិបាលបង្កើតក្រុមការងារចុះពិនិត្យស្រាវជ្រាវការទន្រ្ទានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

2021/11/29 12:36:05 pm        1436
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចមួយបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការ​ទន្ទ្រានដី​ព្រៃលិច​ទឹក​នៅតំបន់ទន្លេសាប​ ស្ថិតនៅខេត្តកំពង់ឆ្នាំង ​ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ក្រុមការងារត្រូវបានបែងចែកជា៦ក្រុមធំៗ ក្នុងនោះរួមមាន ក្រុមទទួលបន្ទុកខេត្តកំពង់ឆ្នាំង ក្រុម​ទទួល​បន្ទុក​ខេត្ត​ពោធិ៍​សាត់ ក្រុមទទួលបន្ទុកខេត្តបាត់ដំបង ​ក្រុម​ទទួលបន្ទុកខេត្តបន្ទាយមានជ័យ និងសៀមរាប ក្រុមទទួលបន្ទុក​ខេត្ត​កំពង់​ធំ ​និងក្រុមទទួលសម្របសម្រួល និងបូកសរុប។ក្រុមការងារទទួលបន្ទុកខេត្ត ​សហការសម្របសម្រួលជាមួយ​ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ​អាជ្ញាធរទន្លេសាប ​អាជ្ញាធរដែនដី និង​អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ​ ចុះពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រានដីព្រៃលិចទឹកនៅ​តំបន់ទន្លេសាប​ ស្ថិតនៅខេត្តកំពង់ឆ្នាំង ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង​ ខេត្ត​បន្ទាយ​មានជ័យ ​ខេត្តសៀមរាប និងខេត្តកំពង់ធំ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជួនក្រុម​ទទួល​បន្ទុក​សម្រប​សម្រួល​និង​បូក​សរុប​បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។ក្រុមទទួលបន្ទុកសម្របសម្រួល និងបូកសរុបគឺមានភារកិច្ច បូកសរុបលទ្ធផលការងារចុះពិនិត្យ​និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ ​ខេត្ត​សៀម​រាប និងខេត្តកំពង់ធំ ​រាយការណ៍វឌ្ឍនភាពការងារ​ជាប្រចាំជូនថ្នាក់ដឹកនាំក្រសួង​បំពេញភារកិច្ចផ្សេង​ទៀត​តាម​ការ​ប្រគល់​ជូន​របស់ថ្នាក់​ដឹកនាំ​ក្រសួង។ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទឱ្យជួយការងារតាមការចាំបាច់ ដើម្បីធ្វើយ៉ាង​ណា​ត្រូវ​ទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក ​និងវាទទីយកដីនៅតាមបឹងទន្លេសាប ។សូមបញ្ជាក់ផងដែរថា ការបង្កើតក្រុមការងារខាងលើនេះ ​បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសារ​ជា​សម្លេង ​កាលពីថ្ងៃទី​ ២៨ វិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាអោយមន្ត្រីពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ជា​បន្ទាន់នូវ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹកដី​នៅតំបន់បឹងទន្លេសាប ដែលក្នុង​នោះ​សម្តេចបានលើកចំៗចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង ​ទំនង​ជា​ឯក​ឧត្តម ឈួរ ចាន់ឌឿន ដែល​បានទន្រ្ទានដី ព្រៃលិចទឹកប្រមាណជាង​ ២ពាន់ហិចតា ​ដោយសម្តេចបញ្ជាឲ្យ​រឹបអូស​ជា​កម្ម​វត្ថុ​សម្រាប់​ការដាំ ​ព្រៃឈើឡើងវិញទុកជាសម្បត្តិរដ្ឋ ​ហើយអ្នកប្រព្រឹត្តិខុសច្បាប់ត្រូវទទួលទោសដោយ​គ្មាន​ការ​លើកលែង​៕ អត្ថបទ៖ ដាវណ្ណ

ថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិចដឹកនាំប្រារព្ធបុណ្យទក្ខិណានុប្បទានថ្វាយដួងវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ

2021/11/29 12:28:49 pm        234
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំគណបក្ស បានយាង និងអញ្ជើញប្រារព្ធបុណ្យទក្ខិណានុប្បទាន ថ្វាយដល់ដួងវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅវត្តបទុមធម្មយុត្ត រាជធានីភ្នំពេញ។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែកសុខភាព និងរូបរាងកាយ ក្រោយ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរដង នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុ កាលពីប៉ុន្មានឆ្នាំមុន។ក្នុងសេចក្តីប្រកាសជាផ្លូវការអំពីការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់​ព្រះរាជា​ណាចក្រកម្ពុជា​ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គឺជាអ្នកនយោបាយកម្ពុជា ​ដែល​នាំ​មុខ​គេ​មួយ​រូប​នៅ​ក្នុង​ទសវត្សរ៍​១៩៨០​ និង​១៩៩០។ ឥឡូវ​នេះ ព្រះអង្គ ​គឺ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ម្តង​ទៀត ​បន្ទាប់​ពី​ព្រះអង្គ​បាន​ចេញ​ចូល​ក្នុង​ឆាក​នយោបាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ព្រះអង្គម្ចាស់​ បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​នៅ​ឆ្នាំ​១៩៩១​ ហើយ​គណបក្ស​របស់​ព្រះអង្គ ​ទទួល​បាន​អាសនៈ​ភាគច្រើន​ចំនួន​៥៨ ​ក្នុង​ចំណោម​អាសនៈ​សភា​ទាំង​១២០​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ ដែល​ជា​ការ​បោះឆ្នោត​ដំបូង​បង្អស់​ ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បញ្ចប់។ ព្រះអង្គ ម្ចាស់ ​បានក្លាយជា​នាយករដ្ឋមន្ត្រី​ទី​មួយ ​និងសម្ដេចតេជោ ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ។ព្រះ​អង្គម្ចាស់ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​រដ្ឋសភា​ជាតិ​នៅ​ខែ​វិច្ឆិកា​ បន្ទាប់​ពី​គណបក្ស​របស់​ព្រះអង្គ​បាន​ចាញ់​គណបក្ស​ CPP នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​ កក្កដា។ ឆ្នាំ២០០៦​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​សភាជាតិ ​ហើយ​នៅ​ខែ​តុលា ​ព្រះអង្គ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ​ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះអង្គ​បាន​ចេញ​ចូល​ក្នុង​ឆាក​នយោបាយ និង​បាន​បង្កើត​គណបក្ស​នរោត្តម​រណឫទ្ធិ ហើយ​ក្រោយ​មក​បង្កើត​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ រហូត​ដល់​ ឆ្នាំ២០១៥ ទើប​ព្រះអង្គ​ត្រឡប់​ចូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ និង​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​គណ បក្ស​ម្តងទៀត៕អត្ថបទ៖ បាន ចក់

នាយករដ្ឋរដ្ឋមន្រ្តីឡាវ ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

2021/11/29 11:53:30 am        282
ភ្នំពេញ ៖ នៅថ្ងៃនេះ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបេតយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ខណៈទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន​ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញក្រាប​ថ្វាយ​បង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា នៅព្រះបរមរាជវាំង ។ បន្ទាប់ពីនោះ ឯកឧត្តម ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួប​សម្ដែងការគួរសម ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខណៈឯកឧត្តម នឹងអញ្ជើញដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធ​នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ”។នៅថ្ងៃដដែលនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏នឹងជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន​ លើទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ​ក្រោយ​វិបត្តិនៃជំងឺកូវីដ-១៩ ​បញ្ហាតំបន់ ​និងអន្តរជាតិ​នានា​ដែលជាចំណាប់អារម្មណ៍ ​និងក្តីបារម្ភរួម។តាមរយះជំនួបតាមប្រព័ន្ធវីដេអូ កាលពីខែមេសាកន្លង​ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មាន​សេចក្តី​រីករាយ​ចំពោះកំណើន​នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារ​នៅ​ឆ្នាំ២០១៩ រហូតដល់ ១០៤ លានដុល្លា ​នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ​ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។ ជាកត់សម្គាល់ ចំពោះការទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ១៩ ​រាជរដ្ឋាភិបាលកម្ពុជា​បានចូលរួមចំណែកផ្តល់ជំនួយជាម៉ាសចំនួន ២លាន និង​គ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ​ខណៈកាលពីអំឡុងខែកញ្ញា ​ឆ្នាំ២០២១នេះ កម្ពុជា​បាន​ផ្តល់ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាល​ និងប្រជាជនឡាវ ដើម្បីរួមចំណែក​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុង​ពេល​ដែលកម្ពុជាបានបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ជាប្រពៃណីដ៏យូរអង្វែង ​សាមគ្គីភាពជាភាតរភាព​ ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធ​សាស្រ្តគ្រប់ជ្រុង​ជ្រោយ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព​នៅក្នុងតំបន់ និងពិភពលោក។គួរបញ្ជាក់ថា ឯកឧត្តម ផនខាំ វីផាវ៉ាន់ បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់​ឡាវ​កាលពីខែមីនា ឆ្នាំ២០២១​ មុនកាន់តំណែងនេះ ​ឯកឧត្តមធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីឡាវ ចាប់តាំងពីឆ្នាំ២០១៦ ដ​ល់ឆ្នាំ២០២១ ​និងជាសមាជិកគណៈកម្មាធិការនយោបាយមជ្ឈិមបក្ស ប្រធាន​ខុទ្ទកាល័យគណៈលេខាធិការ​មជ្ឈិមបក្ស ​ដែលមានឋានៈជាឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងអប់រំ​ និងកីឡា៕អត្ថបទ ៖ សេក ឧត្តម

ក្រសួងទេសចរណ៍ដាក់ផែនការ៣ទៀត ដើម្បីបង្ការកូវីដបំប្លែងថ្មី និងជំរុញបើកទេសចរអន្តរជាតិពេញលេញ

2021/11/29 11:31:30 am        512
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ នៅក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា តាមរយៈកិច្ចប្រជុំនេះ ក្រសួងនឹងទទួលបានធាតុផ្សំដើម្បីរៀបចំឯកសារគតិយុត្តិចំនួនបីបន្ថែម ក្នុងគោលដៅ​ធ្វើឲ្យ​អាជីវកម្ម​ទេសចរណ៍​ និងភ្ញៀវទេសចរ ដោយឈានទៅរកការ​បើក​ទទួលទេសចរ​អន្តរជាតិ​ពេញ​លេញវិញ។ឯកឧត្តម ថោង ខុន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ​និងឯកជន ដើម្បីស្តារ​និងលើកស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា ​ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩​ បានថ្លែងថា ឯកសារចំនួនបីដែលបាន​ដាក់​ជូន​ក្រុមការងារអន្តរក្រសួងពិនិត្យសម្រេចរួមមាន៖ ១)-សេចក្តីព្រាង “អ្វីគួរធ្វើ (Do) និងមិនគួរធ្វើ (Don’t) សម្រាប់ភ្ញៀវទេសចរមកដល់ព្រះរាជាណាចក្រកម្ពុជា” ២)-សេចក្តីព្រាង “នីតិវិធីប្រតិបត្តិស្តង់ដារ​អប្បបរមា (SOP) ​តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើប” និងទី៣ សេចក្តីព្រាង “នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី​សម្រាប់​ផ្សារសាធារណៈ”។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ​សម្រាប់ការរៀបចំឯកសារគតិយុត្តស្តីពី “ការរៀបចំនីតិវិធី​ប្រតិបត្តិស្តង់ដារ​សម្រាប់​ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅ​ទូទាំង​ប្រទេស” បច្ចុប្បន្នក្រសួងបានរៀបចំរួចរាល់ ​និងបានប្រកាសដាក់អនុវត្តផ្លូវការរួចហើយ ខណៈដែល​គ្រប់​គោលដៅ ​ផ្សារទំនើប​ និងផ្សារសាធារណៈ ក៏ជាទីតាំងសំខាន់ដែលមាន​ឧបនិស្ស័យទាក់ទាញ​ទេសចរទៅទស្សនាច្រើន ​និងមានការពាក់ព័ន្ធជាលក្ខណៈអន្តរវិស័យ ។ឯកឧត្តម បន្តថា កន្លងមកនេះ ​ក្រសួងទេសចរណ៍​ ក៏បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ឲ្យ​អាជីវកម្មទេសចរណ៍​អនុវត្ត ក្នុងនោះ ​ក្នុងជំហានទី១ មានអាជីវកម្មទេសចរណ៍ចំនួន៨សេវា​កម្ម​បានអនុវត្ត ​ហើយនៅក្នុងជំហានទី២ ​មានអាជីវជកម្មទេសចរណ៍ចំនួន៤បន្ថែមទៀតត្រូវអនុវត្ត ហើយ​អាជីវកម្មទាំងនោះរួមមាន៖ (១). វិធានសុវត្ថិភាពទេសចរណ៍សម្រាប់​សេវាកម្មបៀហ្គាឌិន (២). វិធានសុវត្ថិភាពទេសចរណ៍​សម្រាប់សេវាកម្មខារ៉ាអូខេ (៣). វិធានសុវត្ថិភាពទេសចរណ៍​សម្រាប់​សេវា​កម្មរង្គសាល និងឌីស្កូតែក និង (៤). វិធាន​សុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មម៉ាស្សា។ ឯកឧត្តម បន្តថា ​ ព្រមជាមួយក្រសួងក៏បានដាក់ចេញ​ “នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា” (SOP) សម្រាប់សេវាកម្មទេសចរណ៍ ​ស្របតាមគន្លងប្រក្រតីភាពថ្មីអោយអាជីវកម្មទេសចរណ៍ចំនួន ០៩សេវាកម្មអនុវត្តបន្ថែមផងដែរ។ឯកឧត្តម រដ្ឋមន្ត្រី បន្តថា សម្រាប់ការរៀបចំឯកសារបទដ្ឋានគតិយុត្តថ្មីនេះ បូករួមនឹងការពង្រឹង​ការ​អនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដាអប្បបរមាSOP នឹងជួយទប់ទល់នឹងរាតត្បាតមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី (Omicron)ផង​ និងធានាការបើកទេសចរ​ចាក់វ៉ាក់សាំងអន្តរជាតិពេញលេញ តាមគន្លង​ប្រក្រតីភាពថ្មី ​ប្រកប​ដោយសុខសុវត្ថិភាព ​សំដៅចូលរួមដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារ និងលើកស្ទួយ​វិស័យទេសចរណ៍កម្ពុជា៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM