ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាកំពុងជំរុញការនាំចេញស្វាយស្រស់ទៅប្រទេសកូរ៉េ

2022/12/05 12:05:22 pm        592
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ កំពុងបន្តនីតិវិធីលើការ​នាំ​ចេញ​ផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ​ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​រវាង​ប្រទេសទាំងពីរ ​បានចូលជាធរមាន។ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍​កន្លង​ទៅនេះ ក្នុងឱកាសអញ្ញើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ការនាំចេញផលិតផលចំណី​អាហារ​ទៅកាន់ទីផ្សារក្រៅប្រទេស ​បានមានប្រសាសន៍ថា អស់រយៈពេលប្រមាណជិត ១០ឆ្នាំហើយ ដែលកម្ពុជាបានសម្រេចការចចារ សម្រាប់ការនាំផ្លែស្វាយចេញទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែតាំង​ពីពេល​នោះមក រហូតមកដល់ពេលនេះ ផ្លែស្វាយកម្ពុជានៅតែមិនទាន់សម្រេចបានជាលទ្ធផល​ក្នុងការនាំចេញ ដោយសារវិស័យឯកជន មិនទាន់អាចធ្វើទៅបានលើហេដ្ឋារចនាសម្ព័ន្ធ​ឡចំហាយ​ទឹកក្តៅដើម្បីរំងាប់ពងដង្កូវនៅក្នុងផ្លែស្វាយ។បើតាមអ្នកជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណើរការដែលកម្ពុជា​នឹងអាចនាំ​ផ្លែស្វាយ​ស្រស់ចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងបាន​ តម្រូវឲ្យចម្ការស្វាយមានទីតាំងវេចខ្ចប់ ឃ្លាំង​ត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តកម្មភូតគាមអនាម័យ។ មន្រ្តីជំនាញរូបនេះ​ បានឲ្យដឹងទៀតថា ប្រទេសកូរ៉េ ទទួលយកតែតាមរយៈការដាំដុះ ការថែទាំ ប្រមូល​ផល ការកម្ចាត់សមាសភាពចង្រៃ​ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងស្របតាមស្តង់ដារកំណត់។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានឲ្យដឹងថា គិតក្នុង​រយៈពេល ១០ខែ ឆ្នាំ២០២២នេះ ​ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅទីផ្សារក្រៅស្រុក សម្រេចបាន​ចំនួនប្រមាណ ១៣,៨ម៉ឺនតោន មានការធ្លាក់ចុះជាង ៣១% ប្រៀបធៀបរយៈពេលដូច​គ្នា​ឆ្នាំ២០២១។ ក្នុងនោះ មាននាំចេញទៅប្រទេសវៀតណាម ចិន ថៃ ជប៉ុន រុស្ស៉ី សហរដ្ឋអាម៉េរិក កាហ្សាក់ស្ថាន និងហុងកុង -ល-៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ស៊ុយ សែម ប្រកាសផ្អាកផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មសំណង់ នៅទូទាំងប្រទេស

2022/12/02 12:38:17 pm        317
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ផ្អាកផ្ដល់អាជ្ញាប័ណ្ណ ការធ្វើអាជីវកម្មរ៉ែថ្មសំណង់ ​នៅទូទាំងប្រទេស ខណៈអាជីវកម្មមួយនេះ ​កំពុងប្រឈមនឹងបញ្ហាទីផ្សារ ។ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្ត ​ពាក់ព័ន្ធនឹងការធ្វើ​ប្រតិបត្តិការរ៉ែថ្មសំណង់ ​និងការប្រកាសស្តីអំពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងរ៉ែ បានមានប្រសាសន៍ថា​ បច្ចុប្បន្ននេះ អាជីវកម្មថ្មសំណង់ កំពុងមានចំនួនលើសលុប ​ធ្វើឲ្យលើសតម្រូវការទីផ្សារ ដែលវាបានប៉ះពាល់ដល់អ្នកធ្វើ​អាជីវកម្ម​វិស័យនេះ ។ឯកឧត្តម បានបន្តថា ដូចនេះហើយ ដើម្បីសម្រួលដល់បញ្ហានេះ​ ក្រសួងរ៉ែ និងថាមពល សម្រេច​ផ្អាកការផ្ដល់អាជ្ញាប័ណ្ណការធ្វើអាជីវកម្មរ៉ែថ្មសំណង់បន្ថែមទៀតមួយរយៈសិន តែសម្រាប់លិខិត​បែបបទស្នើសុំដាក់ដល់ក្រសួងហើយនោះ​ ត្រូវអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណ ហើយលិខិត​មិនទាន់​ដល់ក្រសួង ត្រូវបានផ្អាក​ និងពេលមានតម្រូវការពេលណា នឹងប្រកាស​អនុញ្ញាត​ឡើងវិញ ។ឯកឧត្តម ស៊ុយ សែម បន្ថែមថា ​នៅកម្ពុជាទោះបីជាសម្បូរទៅដោយភ្នំ ​ប៉ុន្តែមានតែខេត្តកំពង់ស្ពឺទេ ដែល​មានថ្មភ្នំល្អ អាចយកមកធ្វើសំណង់បាន ​ខណៈខេត្តផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ហើយរាល់អាជីវកម្មរ៉ែថ្មសំណង់ទាំងអស់​ ត្រូវរៀបចំថ្មឲ្យមានគុណភាពល្អ ដើម្បីយកទៅ​ប្រើប្រាស់​ធ្វើសំណងផ្សេងៗបានយូរឆ្នាំ ព្រោះថា រាល់រ៉ែទាំងអស់ ដែលកាយយកមកហើយ មិនមានកកើតឡើងវិញនោះទេ ។ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ បានប្រកាសទទួលស្គាល់សមាគមអ្នកផលិតថ្ម​សំណង់កម្ពុជា រួមទាំង​បានអំពាវនាវ ​ដល់អ្នកធ្វើអាជីវកម្មរ៉ែថ្មសំណង់ ចូលរួមក្នុងសមាគម​នេះទាំងអស់គ្នា​នៅ​ទូទាំង​ប្រទេស ហើយកុំមានការបង្កើតសមាគមនៅតែខេត្តនីមួយៗទៀត ។លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង​ ប្រធានសមាគមអ្នក​ផលិតថ្មសំណង់កម្ពុជា បាន​លើកឡើងថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ជាពិសេសខេត្តជិតៗរាជធានីភ្នំពេញ បាន​ប្រឈមមុខនូវបញ្ហាធំៗមួយចំនួន ​ដែលតម្រូវឲ្យអ្នកផលិតថ្មសំណង់មួយចំនួន ខាតមិនអាច​ឈរជើង​ដល់ការផ្អាក ឬឈប់សកម្មភាពផលិត ​ព្រោះមានការប្រកួតប្រជែងតម្លៃទីផ្សារខ្លាំងពេក ។លោក ឧកញ៉ា បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ​ទើបនាំឲ្យមានបង្កើតនូវសមាគមនេះឡើង ហើយសមាជិកសមាគមទាំងអស់ ​នឹងគោរពច្បាប់ ​បទដ្ឋានគតិយុត្ត​ ក្នុងការផលិត ឬយក​រ៉ែ​ថ្មសំណង់ ​និងសាចរណែនាំរបស់ក្រសួងរ៉ែ និងថាមពល ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាចម្រាញ់មាសសរុបបានជិត ៥តោនហើយ គិតមកដល់ចុងខែវិច្ឆិកានេះ

2022/12/01 02:51:09 pm        911
ភ្នំពេញ៖ ក្រុមហ៊ុនកំពុងធ្វើអាជីកម្មរ៉ែមាស នៅព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤ ចម្រាញ់​មាសសរុបបានជិត ៥តោនហើយ គិតមកដល់ចុងខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅក្នុងប្រតិបត្តិការរុករក និងការចម្រាញ់រ៉ែមាសរបស់ខ្លួន។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ លើកឡើងនៅក្នុង ពិធីសំណេះ​សំណាល​ជាមួយនិវត្តជន​ នៃក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ជុំវិញ​ការធ្វើអាជីវកម្មរ៉ែមាសនេះ ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ ​ចុងក្រោយនេះ ក្រុមហ៊ុនដែល​ទទួល​បាន​អាជ្ញាប័ណ្ណពីក្រសួង​បានឈានទៅធ្វើអាជីវកម្មជាបណ្តើរៗ ​នៅតាមតំបន់ទីតាំងផ្សេងៗគ្នា ជា​លក្ខណៈឧស្សាហកម្មខ្នាតតូចផង ​និងជាឧស្សាហកម្មខ្នាតធំផង។ទាក់ទងអាជីវកម្មរ៉ែមាសនេះ​ គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុនចំនួន ៤ ដែលកំពុង​ប្រតិបត្តិធ្វើ​អាជីវកម្ម​ចម្រាញ់មាស ​សរុបបានជិត ៥ ​តោនមាសរួចហើយ ក្នុងនោះក្រុមហ៊ុន Xing Yuan Kanng Yeak ​ចម្រាញ់មាសបានចំនួន ២២ គីឡូក្រាម, ក្រុមហ៊ុន Xinshan Industrial Cambodia បាន ៤៥ គីឡូក្រាម, ក្រុមហ៊ុន Delcom Kampuchea ចំនួន ១៦០ គីឡូក្រាម ដោយក្រុមហ៊ុនទំាងបី​នេះ​ចម្រាញ់​ចេញជាមាសទឹក១០ ។ ​ចំណែកក្រុមហ៊ុន Renaissance Minerals Investment ដែល​ជា​ក្រុមហ៊ុនឧស្សាហកម្មខ្នាតធំ ចម្រាញ់មាសទឹក ៩ ​បានចំនួនប្រមាណ ៤ ៥៩៨ គីឡូក្រាមផងដែរ។សូមបញ្ជាក់ថា៖ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទាំង៤ ខាងលើ ​ក្នុងនោះ Renaissance Minerals Investment មានទីតាំងធ្វើអាជីវកម្ម និងចម្រាញ់មាស ​ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ​ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ​ខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅតំបន់អូរខ្លិកខ្លក់​ ស្រុកសំបូរ ខេត្តក្រចេះ, ​និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ​ស្រុករវៀង ខេត្តព្រះវិហារ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ៖ ក្រុមហ៊ុន TOYOTA នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

2022/12/01 01:49:44 pm        321
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឲ្យដឹងថា ក្នុងពេលខាងមុខនេះ កម្ពុជានឹងទទួល​បាន​រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយូតា ថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលកត្តាទាំងនេះ ​គឺបានកើតចេញពីកត្តានៃសន្តិភាព។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើកឡើងនៅក្នុងពិធីអបអរសាទរខួប១១ឆ្នាំ​ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធបញ្ហាហេដ្ឋារចនាសម្ព័ន្ធ, បញ្ហា​ធនធាន​មនុស្ស ​និងទាក់ទងបញ្ហាតម្លៃ​អគ្គិសនី ​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែរឿង​ដែល​ធំជាងគេ​ គឺត្រូវតែថែរក្សា​សន្តិភាព​ឲ្យបាន​ ទើបកម្ពុជាអាចរក្សាបណ្តាក្រុមហ៊ុន​ដែលកំពុង​មានស្រេច​ និង​ការទាក់ទាញក្រុម​ហ៊ុនថ្មីៗ​មកវិនិយោគនៅកម្ពុជាបន្ថែម ។ទាក់ទង​ការដំឡើងរថយន្តនេះ, ​សម្ដេចតេជោ ​ហ៊ុន សែន ​បន្តឲ្យដឹងថា នៅពេលជួប​សន្ទនា​រវាង​សម្ដេច ​និងនាយករដ្ឋមន្រ្តីជប៉ុន ​គឺឯកឧត្តម ​ហ៊្វូមីអូ គីស៊ីដា ​នៅទីក្រុងតូក្យូ ​ក្នុងពេលសម្តេច​អញ្ជើញ​បុណ្យសព​ អតីត​នាយករដ្ឋមន្រ្តី ​ឯកឧត្តម ហ្ស៊ិនស៊ូ ​អាបេ ​ក្នុងនោះ​ឯកឧត្តម ​ហ៊្វូមីអូ ​គីស៊ីដា ស្នើឲ្យ​កម្ពុជាគាំទ្រ​នៃគម្រោងបង្កើតផ្គុំ ​និងដំឡើងរថយន្ត ។ សម្ដេចតេជោ បន្ថែមថា ដូច្នេះនៅមិនឆ្ងាយពីរោងចក្រ ​Minebea(Cambodia) គឺនឹងមាន​រោងចក្រផ្គុំ និង​ដំឡើងរថយន្ត តូយ៉ូតា ​ថ្មីមួយទៀតកើតនៅក្នុងតំបន់នេះ ។សម្តេចតេជោ ​នាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា ជុំវិញការផ្គុំ ​និងដំឡើងរថយន្តនេះ កម្ពុជាទទួល​បាន​ក្រុមហ៊ុនមួយចំនួនរួចហើយដូចជា ​ក្រុមហ៊ុនផ្គុំ ​និងដំឡើងរថយន្ត Hyudai ​នៅខេត្តកុងកោះ ក្រុមហ៊ុន RMA Cambodia ផ្គុំ ​និងដំឡើងរថយន្ត FORD​ នៅខេត្តពោធិ៍សាត់, ​គម្រោងដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (CAMBODIA) CO., LTD នៅខេត្តកំពង់ស្ពឺ ​និងក្នុងពេលខាងមុខនេះ កម្ពុជា​នឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីមួយរបស់ក្រុមហ៊ុន តូយូតា ​ដែលកត្តាទាំងអស់នេះ កម្ពុជា​មិន​ត្រឹមពង្រីកក្រុមហ៊ុនដែលមានស្រាប់នៅទីនេះទេ ​គឺកម្ពុជាទាក់ទាញ​បានក្រុមថ្មីៗ​ជាច្រើនទៀត ឲ្យ​មកបណ្តាក់ទុនជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ៖កម្ពុជា-ជប៉ុន នឹងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ

2022/12/01 01:42:24 pm        398
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងថា នៅឆ្នាំក្រោយនេះ ​ប្រទេសកម្ពុជា និងជប៉ុន នឹងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ចំពេលខួបទី៧០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរផងដែរ ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ ក្នុង​តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ​នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ​នៅឆ្នាំក្រោយ ​គឺជាឆ្នាំពិសេសចំពោះកម្ពុជា ​និងប្រទេសជប៉ុន ​ព្រោះសម្ដេច និង​នាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំនេះ បានជួបគ្នាចំនួន៤ដងហើយ​ ក្នុងនោះនាយករដ្ឋមន្ត្រីជប៉ុន មកកម្ពុជាចំនួន២ដង ​ហើយសម្ដេចបានទៅជប៉ុនចំនួន២ដង ។សម្ដេចតេជោ ​បានបញ្ជាក់ថា ក្នុងពេលជួបគ្នានេះ ​ប្រទេសទាំងពីរ ​បានសម្រេចជាមួយគ្នានូវការ លើក​កម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ​ពីដៃគូយុទ្ធសាស្ត្រ ​ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។សម្ដេចតេជោ ហ៊ុន សែន ​បានបង្ហាញពីចំណុចវិជ្ជមានជាច្រើន ​រវាងចំណងមិត្តភាពកម្ពុជា-ជប៉ុន ពាក់ព័ន្ធ​នឹងការផ្ដល់ជំនួយរបស់ជប៉ុនមកកម្ពុជា​ ក្នុងការអភិវឌ្ឍលើវិស័យនានា ក្នុងទំហំទឹក​ប្រាក់​ដ៏ច្រើន រួមទាំងការមកវិនិយោគជាបន្តបន្ទាប់ពីសំណាក់វិនិយោគិន​ជប៉ុន ហើយ​សម្ដេច​បាន​សម្ដែង​ការស្វាគមន៍ ​ចំពោះគោលបំណងរបស់ក្រុមហ៊ុនជប៉ុន ​នៅក្នុងប្រទេសកម្ពុជា ។កាលពីកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន ​លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ​កាលពីពេល កន្លងទៅថ្មីៗនេះ ​នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ហ៊្វូមីអូ គីស៊ីដា ​ក៏បានដឹកនាំគណៈប្រតិភូមកចូលរួម ហើយ​មានជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ​ជាប្រធានអាស៊ានឆ្នាំ២០២២ ពិភាក្សារឹតចំណង​កិច្ចសហប្រតិបត្តិការ​ រួមទាំងការផ្ដល់ជំនួយដល់កម្ពុជាផងដែរ ៕សម្រួល៖ យន់ វ៉ាន់

ក្រុមហ៊ុនឯកជនមួយគ្រោងបណ្តាក់ទុនថែមទៀតលើវិស័យថាមពលកកើតឡើងនៅកម្ពុជា

2022/11/30 01:31:23 pm        368
ភ្នំពេញ៖ ក្រុមហ៊ុន Total eren ដែលជាក្រុមហ៊ុនវិនិយោគទៅថាមពលបៃតង ឬថាមពលពន្លឺ​ព្រះ​អាទិត្យ ​នឹងបង្កើនការវិនិយោគទៅលើថាមពលកកើតឡើងវិញ​នៅ​កម្ពុជា​បន្ថែមទៀត ខណៈដែល​អគ្គិសនីកម្ពុជា ​កំពុងជំរុញការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យឱ្យបាន ​២ជីហ្គាវ៉ាត់ ដើម្បីជួយ​ឱ្យ​កម្ពុជា​សម្រេច​បាននូវគោលដៅ​អព្យាក្រឹតភាពកាបូន​ត្រឹមឆ្នាំ២០៥០។នៅក្នុងវេទិកាអំពីឱកាសថ្មីសម្រាប់ថាមពលកកើតឡើងវិញ និងការពង្រឹងបណ្តាញអគ្គិសនីនៅ​កម្ពុជា ​នៅព្រឹកថ្ងៃទី២៩ ​វិច្ឆិកា ឆ្នាំ២០២២នេះ ​លោក ​Gregory Thomassin ​ប្រធានគម្រោងហិរញ្ញ​នៃក្រុមហ៊ុន​ Total eren ​បានលើកឡើងថា ​បច្ចុប្បន្ននេះ Total eren ​កំពុង​មាន​ការ​វិនិយោគ​ថាមពល​កើត​ឡើងវិញ​ ប្រមាណ ៤ជីហ្កាវ៉ាត់នៅជុំវិញពិភពលោក ខណៈខ្លួនកំពុងសម្លឹងរកមើលការពង្រីក​លើ​ការវិនិយោគ​ថាមពលកកើតឡើងវិញ​នៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានវិនិយោគលើឧទ្យានថាមពលពន្លឺព្រះអាទិត្យមួយនៅខេត្តបាត់ដំបង​ ក្នុងទំហំ ៧៤មេហ្គាវ៉ាត់ លើទំហំដី ៦០ហិកតា​ ដើម្បីចូលរួម​ផ្គត់ផ្គង់​ថាមពលស្អាត ​ទៅក្នុងទីផ្សារថាមពលកកើតឡើងវិញក្នុង​ប្រទេសកម្ពុជា។ លោក បានបន្តថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្លាំងលើការវិនិយោគថាមពល​កកើត​ឡើងវិញ ​ជាពិសេសទៅលើឧទ្យានសូឡា ​ដែលនៅពេលខាងមុខលោករំពឹងថា ក្រុមហ៊ុននេះនឹងបន្ត​ពង្រីក​ការផលិត និងវិនិយោគទៅថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាអគ្គនាយកអគ្គិសនីកម្ពុជា មាន​ប្រសាសន៍ថា ថាមពល​កកើតឡើងវិញនៅកម្ពុជា​ ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ឯកឧត្តម បានបន្ថែមថា នៅពេលដែលគោលដៅ COP 26 ជំរុញឱ្យប្រទេសកាន់តែច្រើនឆ្ពោះទៅ​រកថា​មពលកកើតឡើងវិញ ​កម្ពុជាបានរកឃើញខ្លួនឯងនៅកន្លែងត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ​សម្រាប់ការផ្លាស់ប្តូរថាមពល ​ហើយនឹងសម្រេចឲ្យ​បាននូវគោលដៅកាត់បន្ថយការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ ​ឱ្យដល់កម្រិតសូន្យតាមដែលអាចធ្វើទៅ​បាននៅឆ្នាំ២០៥០ ដោយការអភិវឌ្ឍ​វារីអគ្គិសនី ​ជម្រុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ​និងថាមពលកកើតឡើងវិញ។សូមជម្រាប​ជូនថា ​គិតមកដល់បច្ចុប្បន្ននេះ ​ការវិនិយោគលើថាមពលសូឡានៅកម្ពុជា ​មានចំនួន ៧គម្រោង ​ដែលបាន និងកំពុងតភ្ជាប់បណ្តាញផ្គង់ផ្គត់អគ្គសនី៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-ជប៉ុន ប្តេជ្ញាជំរុញពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត

2022/11/30 12:46:34 pm        337
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្កើន​ទំនាក់ទំនង​ដ៏យូរអង្វែង ​និងការពង្រឹងបន្ថែមទៀត ​នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅ​ពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន​បន្ថែមទៀត។ក្នុងជំនួបសំដែងការគួរសម និងជម្រាបលារបស់ឯកឧត្តម មីកាមិ ម៉ាហ្សាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អណត្តិការងារនៅប្រទេស​កម្ពុជា កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដី​ក្រសួង​ពាណិជ្ជកម្ម ​សម្តែងការអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តម​ឯកអគ្គរាជ​ទូត នូវ​សមិទ្ធផល​នានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនង​នៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត ​និងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម បានបន្តថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ គឺបានបង្ហាញនូវការគាំទ្រចំពោះគំនិត​ផ្ដួចផ្ដើម​ទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំ​របស់​ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព​ និងបរិយាបន្ន។ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីសំណាក់វិនិយោគិន និងធុរជន​ជប៉ុន​មកកាន់តំបន់អាស៊ាន​ ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនភាគីជប៉ុនទៀតថា ​ឯកឧត្តម​នឹងបន្តសហការយ៉ាងជិតស្និទ្ធ​ជាមួយ​នឹង​ឯកឧត្តមឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី​ក្រោមភាព​ជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ ​រវាងរដ្ឋាភិបាល និងប្រជាជន​នៃប្រទេសទាំងពី​រ ទៅកាន់ដំណាក់កាលថ្មីមួយទៀត​ និងឆ្ពោះទៅខួបលើកទី៧០ នៃការ​បង្កើត​ទំនាក់​ទំនងការទូត ​និងខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន​នៅឆ្នាំ២០២៣។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត ​បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ​រវាងប្រទេសទាំងពីរ ​នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់​តែត្រូវ​បានទទួលស្គាល់ក្នុងតំបន់ ​និងសាកលលោក​ បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជា​ប្រធាន​អាស៊ានក្នុងឆ្នាំនេះ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជាបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីជជែកគ្នាលើកិច្ចព្រមព្រៀង អាសិប ជាមួយអេមីរ៉ាតអារ៉ាប់រួម

2022/11/29 12:33:40 pm        262
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ​កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២នេះ ​បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការ​ចរចា​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ (RCEP) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាជំពូកនីមួយៗ រួមមាន៖ ពាណិជ្ជកម្មទំនិញ​និង​សេវាកម្ម វិនិយោគ ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​កិច្ចសម្រួលពាណិជ្ជកម្ម របាំង​បច្ចេកទេស​ពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ​ កម្មសិទ្ធិបញ្ញា ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម-ល- ​ដើម្បីអាចទាញ​ប្រយោជន៍​សេដ្ឋកិច្ចជាអតិបរមាពីកិច្ច​ព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​និង​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ចជាតិ។ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំជូនក្រុមការងារចរចា ឱ្យបន្តខិតខំ​ចរចា​កិច្ច​ព្រមព្រៀងនេះ ​ដោយប្រកាន់ខ្ជាប់នូវ​ស្មារតី​បុរេសកម្ម ​ម៉ឹងម៉ាត់​ និង​ទំនួល​ខុសត្រូវខ្ពស់ ដើម្បី​សម្រេច​បាននូវកិច្ចព្រមព្រៀងនេះតាមការគ្រោងទុក ​សំដៅបម្រើដល់ផលប្រយោជន៍របស់​ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន ​និងវិនិយោគិន។ សូមបញ្ជាក់ថា ​ការចរចាជុំទី២ ​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​គ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ​នៅកម្ពុជានាពេលខាងមុខ។ គិតក្នុងរយៈពេល ​៨ខែ ឆ្នាំ២០២២នេះ ​ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេច​បានក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជិត​ ២៨០លានដុល្លារអាម៉េរិក​ កើនឡើងជាង ៤០ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១៕អត្ថបទ៖ ឈិត បូរ៉ាវី 

ទុនវិនិយោគលើឧស្សាហកម្ម មានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក

2022/11/29 12:22:06 pm        408
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​កម្ពុជាមានរោងចក្របង្កើតថ្មី ​១៦១ រោងចក្រ ធ្វើឱ្យចំនួនរោងចក្រសរុបចំនួន ១ ៩៦៨ រោងចក្រ ​និងមាន​ទុនវិនិយោគសរុប មានទំហំទឹក​ប្រមាណជាង ​១៦ ​ពាន់លានដុល្លារអាមេរិក ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ ​និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ​២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា ​កម្ពុជាគឺជាប្រទេសមួយទទួលបានលំហូរនៃការ​វិនិយោគ​ជាបន្តបន្ទាប់ ​ដែលប្រការទាំងនេះ ​បានបង្ហាញអំពីមោទនភាពរបស់កម្ពុជា ទោះបីស្ថិតនៅក្នុង​វិបត្តិសកល​ រវាងសង្គ្រាមរុស្សី-អ៊ុយក្រែន​ និងវិបត្តិជំងឺកូវីដ ១៩ ដែលមិនទាន់បាន​ស្ងប់ស្ងាត់​នៅ​ឡើយ​ក៏ដោយ។ឯកឧត្តម បន្តថា ​ជាក់ស្តែងវិស័យឧស្សាហកម្ម បើគិតពីដើមឆ្នាំ ​រហូតដល់ពាក់កណ្តាលខែ ​វិច្ឆិកា ឆ្នាំ ២០២២ នេះ​ ក្រសួងទទួលបានការចុះបញ្ជី រោងចក្រថ្មី ​មានចំនួន ១៦១ រោងចក្រ ។ បើគិតរោងចក្រ​សរុបទាំងអស់មានចំនួនប្រមាណ ១ ៩៦៨ រោងចក្រ​ មានទុនវិនិយោគសរុបប្រមាណជាង ១៦ ពាន់​លាដុល្លារអាមេរិក ខណៈនៅត្រឹមឆ្នាំ ​២០២១ ​មានទុនវិនិយោគជាង ១៣ ពាន់លានដុល្លារ​អាមេរិកប៉ុណ្ណោះ។ ស្របពេលមានកំណើននេះ កម្ពុជាក៏មានរោងចក្របិតទ្វារក្នុងឆ្នាំ​ ២០២២​ មានចំនួន ៧២ រោងចក្រ ខណៈនៅឆ្នាំ ២០២១ ​មានរោងចក្របិតទ្វារ រហូតដល់ ១៤៨ រោងចក្រ។ឯកឧត្តម ហេង សុខគង់ បន្តឲ្យដឹងថា ចំពោះការនាំចេញ​ បើគិតត្រឹមត្រីមាសទី៣​ ឆ្នាំ ២០២២ នេះ មានទំហំទឹកប្រាក់ជិត ១២ ​ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញទំនិញសម្រេចបានទឹកប្រាក់ ៥,៦ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣

2022/11/28 01:41:21 pm        650
ភ្នំពេញ៖ ការនាំចេញទំនិញកម្ពុជា មានទឹកប្រាក់សរុបចំនួន ៥ ៦១៤ លានដុល្លារអាមេរិក នៅត្រីមាសទី៣ ឆ្នាំ២០២២ ​បានកើនឡើង ៤,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០២១។យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២​ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយកាលពីសប្តាហ៍មុន នៅត្រីមាសទី៣ ឆ្នាំ២០២២ ការនាំចូលទំនិញមានទឹក​ប្រាក់​សរុប ចំនួន ៧ ៨៩៩ ​លានដុល្លារអាមេរិក ​បានកើនឡើង ​២២,៦ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២១។របាយការណ៍ដដែលបញ្ជាក់ថា ​បើមិនរាប់​បញ្ជូលមាស​ ការនាំចេញមានទឹកប្រាក់សរុបចំនួន ៥ ៥៦៧លានដុល្លារអាមេរិក ​បានកើនឡើង ៤,៣ភាគរយ ដែលបានគាំទ្រដោយការនាំចេញ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿង​បង្គុំរថយន្ត និង​ផលិតផលផ្សេងៗ​មួយចំនួនទៀត។ ទន្ទឹមនេះ ការនាំចូល ដោយមិនរាប់បញ្ជូលមាស មានទឹកប្រាក់សរុបចំនួន ៦ ៣៥១​ លាន​ដុល្លារអាមេរិក បានកើនឡើង ៩,២ភាគរយ​ ដោយសារការកើនឡើងនៃការនាំចូលប្រេងឥន្ទនៈ យានយន្ត គ្រឿងអេឡិចត្រូនិក​ គ្រឿងបង្គុំរថយន្ត និងគ្រឿងឧបភោគបរិភោគ​ ជាដើម។ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បញ្ជាក់ក្នុងរបាយការណ៍ថា​ ក្នុងត្រីមាសទី៣នេះ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជា បាននិងកំពុងងើបឡើងតាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ​ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម ​និងការបន្តកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេល​ដែលការនាំចេញបន្តមានកំណើនល្អ​ លើផលិតផលកាត់ដេរ និងផលិតផលមិនមែន​កាត់ដេរ ​ដូចជា កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត​ និងផលិតផលផ្សេងៗមួយ​ចំនួន​ទៀត​៕​អត្ថបទ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM