ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

ពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ពន្ធដារ

2021/11/03 11:48:40 am        117
ភ្នំពេញ ៖ មន្រ្តីជំនាញវិស័យពន្ធដារថា ការទប់ស្កាត់ និងការស៊ើបអង្កេតបទល្មើសពន្ធដារ គឺជាការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត មានយុត្តិធម៌ដល់អ្នកជាប់ពន្ធដែលមានអនុលោមភាព ការជឿទុកចិត្ត ពីសាធារណៈជន និងការប្រមូលប្រាក់ពន្ធប្រកបដោយបរិយាប័ន្ន។លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ លើក​ឡើង​នៅ​ក្នុ​ង​កម្មវិធីពន្ធដារ ស្តីពីបទល្មើសពន្ធដារ ​កាលពីថ្ងៃទី ២វិច្ឆិកា ម្សិលមិញ​នេះថា ការស៊ើបអង្កេត​បទ​ល្មើស​ពន្ធ​ដែល​បាន​​អនុវត្ត​បច្ចុប្បន្ន ជាកត្តាសំខាន់ការតប់ស្កាត់បទ​ល្មើស​កុំឲ្យកើតមានឡើង ​ការ​ស្រាវជ្រាវ​រកឲ្យឃើញនូវបទល្មើស ​និ​ង​ការ​​ប្តឹងចោទ​ប្រកាន់​ទៅ​តុលាការ​ជាដើម។ពាក់ព័ន្ធការអនុវត្តកាតព្វកិច្ចខាងលើនេះ, កត្តាសំខាន់ការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត ដោយអ្នក​ជាប់ ពន្ធ​​ទាំង​អស់ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើរភាព​ មាន​យុត្តិធម៌ដល់អ្នកជាប់ ពន្ធ​ដែលមានអនុលោមភាព​ ការ​បង្កើន​នូវជឿទុកចិត្តពីសាធារណៈជន ​ចំពោះប្រព័ន្ធពន្ធដារ និង​ការប្រមូលប្រាក់ពន្ធតាមច្បាប់ឲ្យបានត្រឹមត្រូវមកវិញ។អគ្គនាយក​ដ្ឋានពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ​ចំពោះបុគ្គលដែលប្រព្រិត្តបទល្មើសព្រហ្មទណ្ឌ លើ​បទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ដោយ​សហការ​ជាមួយ​កង​កំលំាង​មានសមត្ថកិច្ច និងស្ថាប័ន​អនុវត្ត​ដ៏ទៃ​ទៀត សម្រាប់​បទ​ល្មើសនេះ​ ដើម្បី​កោះ​ហៅ​បុគ្គល​ដែល​ពាក់ព័ន្ធ​មក​ផ្តល់​ចម្លើយ និង​អាច​ឈាន​ដល់​ការ​ឃាត់ខ្លួនផងដែរ។ពាក់ព័ន្ធបទល្មើសនេះ, ចំពោះករណីការគិចវេះពន្ធ ​ច្បាប់នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០ លានរៀល ដល់ ២០ លានរៀល ​ឬជាប់ពន្ធធនាគារពី ​១ឆ្នាំ ដល់ ៥ឆ្នាំ ​ឬទោសទាំងពីរ។ ចំណែក​ការ​ធ្វើ​​ឲ្យរាំងស្ទុះដល់ការ ​អនុវត្តបទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ត្រូវរង​ផ្តន្ទាទោស​ពិន័យជាប្រាក់ ៥ ​លានរៀល ទៅដល់ ១០​លានរៀល​ ឬទោសទាំងពីរ ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២១ នេះវិញ, ចំណូលពន្ធ-អាករ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ ប្រមូល​បានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មាន​ចំនួនជិត ៨ ៥៥០ ប៊ីលាន​រៀល ប្រមាណជាង ​២ ១១១ លាន​ដុល្លារអាមេរិក​ ស្មើជាង ៩៤% នៃផែនការ​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ៕អត្ថបទ ៖ សុន រ៉ាឌី

តម្លៃប្រេងឥន្ធនៈឡើងថ្លៃ ធ្វើឱ្យប្រជាពលរដ្ឋមានចំណូលទាបព្រួយបារម្ភលើការចំណាយប្រចាំថ្ងៃ

2021/11/02 07:28:34 am        346
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បានត្អូញត្អែរពីប្រាក់ចំណូលថយចុះ ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ខណៈដែលតម្លៃប្រេងឥន្ធនៈនៅតែហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់ និងធ្វើឱ្យចំណាយប្រចាំថ្ងៃកើនឡើង។ការត្អូញត្អែររបស់ប្រជាពលរដ្ឋ គឺក្រោយតម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ​នានា​ចាប់ពីថ្ងៃទី១ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានការកើនឡើង ដោយប្រេងសាំងធម្មតាថ្លៃ ៤ ៥៥០រៀល ក្នុង១លីត្រ។ និងប្រេងម៉ាស៊ូតថ្លៃ ៤ ១០០រៀល ក្នុង១លីត្រ។ ​ដោយឡែក ប្រេងសាំងស៊ុបពែរកើនដល់ ៥ ០៥០រៀល ក្នុង១លីត្រ។ពលរដ្ឋប្រកបរបរផ្នែកដឹកជញ្ជូន កញ្ញា សុខ សុភ័ក្រ្ត បាននិយាយថា តម្លៃដឹកជញ្ជូន​សព្វថ្ងៃនេះ​រក្សា​នៅដដែល ទោះ​​បី​​ជាតម្លៃប្រេងឡើងថ្លៃ ឬចុះថ្លៃក៏ដោយ។ ​កញ្ញា​បានឲ្យដឹងទៀតថា ការ​ចំណាយទៅលើថ្លៃចាក់ប្រេង ជាមធ្យម២ ឬ៣​ថ្ងៃ​ម្តង ដោយក្នុងមួយលើក​ចំណាយ​ប្រាក់​ប្រមាណជិត ២ម៉ឺនរៀល។អ្នកប្រកបរបររត់ម៉ូតូកង់បី (past app) មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល​​​ បាន​និយាយថា រាល់​ពេល​ប្រេងសាំងឡើងថ្លៃ​ តម្លៃហ្គាសក៏ឡើងតាមនឹងដូចគ្នា។​ លោកបន្តថា តម្លៃហ្គាស៣ខែមុន ក្នុង១លីត្រតម្លៃតែជាង ១ពាន់​រៀល ប៉ុន្តែពេលនេះ​កើនដល់ជិត ៣ពាន់រៀល ក្នុង១លីត្រ ខណៈដែលសព្វថ្ងៃនេះ ​ប្រាក់ចំណូលរកបាន​គិត​ជា​មធ្យម​រក​បានប្រមាណ ២ ទៅ៣ម៉ឺនរៀល និងពេលខ្លះគ្មានភ្ញៀវក៏មាន។ជុំវិញតម្លៃប្រេងឥន្ទនៈឡើងថ្លៃនេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម បានបញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន​ ប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា​ រដ្ឋពិបាកមិនអាចគ្រប់គ្រង​ ថ្លៃ​ប្រេង​ឥន្ធនៈនេះទេ គឺតម្លៃកំណត់ដោយ​ទីផ្សារអន្តរជាតិន ព្រោះកម្ពុជាមិនមែនជាប្រទេសផលិតប្រេងទេ ។សូមបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ន ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ទនៈ​ និងឧស្ម័ន ​ពីក្រៅប្រទេស ដូចជា វៀត​ណាម ថៃ និងសឹង្ហបុរី។ តួលេខឆ្នាំពីក្រសួងរ៉ែ និងថាមពល កាលពីឆ្នាំ២០១៩ កម្ពុជា នាំចូលប្រេងឥន្ទនៈ ​ប្រមាណ ២,៥​លាន​តោន កើនឡើង ​១០ ភាគរយ ធៀបនឹងឆ្នាំ២០១៨៕ អត្ថបទ ៖ ឈិត បូរ៉ាវី

វិស័យជំរុញសេដ្ឋកិច្ចសំខាន់ៗ រំពឹងថា មានសកម្មភាព និងចរន្តវិនិយោគឡើងវិញ

2021/11/02 01:23:53 pm        274
ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចថា ការបើកប្រទេសឡើងវិញ គឺជាការចាក់បញ្ចូលនូវមូលធននៃលំហូរសាច់ប្រាក់ មកទីផ្សារកម្ពុជា ជាពិសេស តាមរយៈវិស័យទេសចរណ៍ រួមជាមួយសកកម្មភាពក្នុងស្រុកមានភាពសស្រាក់សស្រាំ គ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ដែលធ្វើឲ្យកម្ពុជា នឹងអាចស្របយកហិរញ្ញវត្ថុបរទេស សម្រាប់ការជំរុញសេដ្ឋកិច្ចឲ្យមានកំណើន។លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់ភ្នាក់​ងារ​អ្នក​យកព័ត៌មាន ស្តីពីការប្រកាសបើកដំណើរការប្រទេសឡើងវិញ​របស់រាជរដ្ឋាភិបាល នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា ការ​ប្រកាស​បើក​ប្រទេស​របស់​រាជរដ្ឋាភិបាលនៅពេលនេះ គឺជា​ការប្រែក្លាយពីវិបត្តិ ឲ្យទៅជាសក្តានុពល ក្នុងនោះ​អ្វីដែល​ជា​កត្តា​សំខាន់ គឺកម្ពុជាត្រូវ​ឈរ​ក្នុង​ភាពរឹងមាំនៃសេដ្ឋកិច្ចជាមុន ​ទើបការស្តារ ​និងអភិវឌ្ឍន៍ប្រទេស​ជំរុញ​ទៅដោយ​ភាព​រលូន​។លោកបណ្ឌិត បន្តថា ទាក់ទងនឹងការបើកប្រទេសឡើងវិញនេះ កម្ពុជានឹងអាចស្រូបយក​តាម​រយៈនៃវិស័យ សំខាន់ៗ​មួយចំនួន ​ក្នុងការចាក់បញ្ចូលមូលធននៃលំហូរសាច់ប្រាក់ចូលក្នុងប្រទេស ក្នុងនោះវិស័យទេសចរណ៍ ​អាច​នឹង​ជួយ​ឲ្យ​មាន​កំណើន និងប្រាក់ចំណូលដល់ប្រជាជនបន្ថែម ប៉ុន្តែតិចឬច្រើន គឺវាអាស្រ័យទៅលើទឹក ​ប្រាក់ចរាចរ​ក្នុង​ប្រទេស, ប្រសិនចន្តរសេដ្ឋកិច្ចវិលជុំ និង​សស្រាក់សស្រាំ គ្រប់ជ្រុងជ្រោយ ​និងប្រទាក់ក្រឡា​ នោះទើប​ហិរញ្ញវត្ថុ​បរទេស​ជួយ​សេដ្ឋកិច្ច​ឲ្យ​មានកំណើន។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ​ថ្លែងថា​ ប្រទេសកម្ពុជារំពឹងថា នឹងទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិ ចូលមកទស្សនា ​ខណៈរដ្ឋាភិបាល បើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ​របស់​រាជ​រដ្ឋា​ភិបាល។ពាក់ព័ន្ធវិស័យនេះផងដែរ បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រំពឹងថា អនុ​វិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន​ នឹងងើបឡើងវិញ​ ប៉ុន្តែស្ថិតក្នុង​កម្រិតទាប ទាំង​ទំហំ ​និងអត្រាកំណើន, ដោយសារ​ការ​រំពឹង​ទុកការងើបឡើងវិញ​ក្នុងល្បឿន​យឺត​នៃភ្ញៀវទេសចរ​អន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិ ត្រូវរំពឹងថា ​នឹងងើបឡើងវិញក្នុងសន្ទុះលឿនជាង នៅពេលដែលការរាតត្បាតក្នុងសហគមន៍​មានការ​ស្រាកស្រាន្ត​ និង​គ្រប់គ្រងបាន៕អត្ថបទ៖ សុន រ៉ាឌី

ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ នឹងជ្រោងកំណើនសេដ្ឋកិច្ចខ្ពស់ឡើង

2021/11/02 01:11:42 pm        253
ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរ និងរីករាយបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសធ្វើឲ្យអាជីវកម្ម និងអាជីវករគ្រប់វិស័យ រួមជាមួយប្រជាពលរដ្ឋមានចំណូលឡើងវិញ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញផងដែរ។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា បន្ទាប់ពី​ពិភព​លោក​ផ្ទុះ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ មក ប្រមុខរាជរដ្ឋាភិបាល ​ដែលមានសម្តេចតេជោ ​នាយករដ្ឋមន្រ្តី សម្តេច​បានខិតខំប្រឹង​ប្រែងនូវគ្រប់​ឧបសគ្គ ប្រយុទ្ធប្រឆាំង ​និងបង្ការទប់ស្កាត់ ជាពិសេស​សម្តេច​បានជម្រុញការចាក់វ៉ាក់បង្ការជម្ងឺកូវីដ ១៩ ​បានលើសផែន​ការ​រំពឹងទុក ​ពោលគឺរាជរដ្ឋាភិបាល បាន​គិតគូរយ៉ាងខ្លាំងដល់​សុខុមាលភាព ​និង​ការរស់រាន្តរបស់ប្រជាពលរដ្ឋ។លោកឧកញ៉ា ថ្លែងនូវការសាទរ និងសម្តែងនូវការរីករាយ​ ដោយលើកឡើងថា វិស័យ​ឯកជនជាច្រើន បាន​កំពុង​ទន្ទឹងរង់ចាំ ​ជាពិសេសវិស័យឧស្សាហកម្ម ​អាជីវកម្ម រោងចក្រ សហគ្រាស ​និងអាជីវករនៅគ្រប់វិស័យ​ នឹង​អាច​បើក​ដំណើរ​ការ​អាជីវកម្មឡើងវិញ ដែលធ្វើ​ឱ្យប្រជាពលរដ្ឋ ​មានចំណូលកាន់តែច្រើន ​នឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើប​ឡើង​វិញ ។ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងតំណាង​ឲ្យ​សមាជិក​សមាគម​អ្នក​ផលិត​ចំណីអាហារទាំងអស់ ​ក៏បានថ្លែងនូវការសាទរយ៉ាង​ពេញទំហឹង ចំពោះការ​ប្រកាស​បើកប្រទេសឡើងវិញ​របស់​រាជ​រដ្ឋា​ភិបាល ​ដែលនឹងធ្វើឲ្យវិស័យក្នុងស្រុកងើបឡើងវិញ ជា​ពិសេសវិស័យផលិតចំណីអាហារ។ សូមរំលឹកថា នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ០៦ឆ្នាំ និង​បើកយុទ្ធនា​ការ​ចាក់​វ៉ាក់​សាំងដល់កុមារអាយុ ​៥ ឆ្នាំ នាព្រឹកថ្ងៃទី០១ ​ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, សម្តេចតេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា បានប្រកាសបើក​ដំណើរការ​ប្រទេស​ឡើងវិញ​គ្រប់វិស័យ ​និងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងថ្មី ដោយ​អនុ​វត្ត ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ ​ការប្រកាសបើកសង្គម-សេដ្ឋកិច្ចពេញលេញនេះ​ គឺបន្ទាប់ពីការ​អាក់​ខាន​ដោយ​សារ​​ការឆ្លង​ រីករាលដាលនៃជំងឺកូវីដ-១៩​ ក្នុងរយៈពេល ប្រមាណជិត ​០២ឆ្នាំ ​ដែលជាការឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា ​ក្នុងការទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​ នាំចេញកសិផលបានជាង៦លានតោន មានតម្លៃជាង៤ពាន់លានដុល្លារ រយៈពេល១០ខែ

2021/11/01 12:30:33 pm        270
ភ្នំពេញ ៖ កម្ពុជា នាំចេញកសិផលបានជាង ៦,៣លានតោន ទៅកាន់៦៨ប្រទេស ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ នារយៈពេល១០ខែ ឆ្នាំ២០២១នេះ កើនឡើង ៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។របាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុង​រយៈពេល១០ខែ ឆ្នាំ​២០២១ កម្ពុជានាំចេញកសិផលបានចំនួន ៦,៣លានតោន ទៅ៦៨ប្រទេស។ ឯកឧត្តម មន្ត្រីក្រសួងកសិកម្ម បាន​បញ្ជាក់​ថា កសិផលសរុបដែលនាំចេញ គឺមាន​តម្លៃ​ប្រមាណ​៤ពាន់លានដុល្លារអាម៉េរិក។យោងតាមរបាយការណ៍ដដែល ក្នុងចំណោមចំណូល ជាង៤ពាន់លានដុល្លារនេះ គឺមាន ៣៩២,៩ លានដុល្លារ បានពីការនាំចេញអង្ករ, ៤៦៥,៤ លានដុល្លារ ​បានពីការនាំចេញស្រូវ។ ចំណែក​ទឹកប្រាក់ ៣៧៩,៣លានដុល្លារ ទៀតបានពីការនាំចេញកៅស៊ូ ​ខណៈការនាំចេញ​កសិផល​ផ្សេងៗ​មាន​ជាង ២ ៨០០ លានដុល្លារ។ប្រទេសគោលដៅដែលនាំចូលកសិផលពីកម្ពុជា មានវៀតណាម, ថៃ, ចិន, សហភាពអឺរ៉ុប, តំបន់អាស៊ាន, អ៊ីតាលី, ហូឡង់, ឥណ្ឌា, ជប៉ុន សាធារណរដ្ឋកូរ៉េ, អារ៉ាប់, បង់ក្លាដែស, ស្វីស និងប្រទេសតូហ្គោជាដើម។ចំណែក​ការ​នាំចេញអង្ករ ​ទៅកាន់​ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១០ខែ​ ឆ្នាំនេះ មានចំនួន ៤៦០ ១៦៩ តោន មាន​ការ​ថយ​ចុះចំនួន -១៤,២០% ។ ការថយចុះ​ត្រូវបាន ឯកឧត្តម វេង សាខុន ពន្យល់ថា​ ដោយសារ តម្លៃនៃការដឹក​ជញ្ជូន​ទៅ​កាន់​គោល​ដៅមានការកើនឡើងទ្វេដង និង​ជួបប្រទះបញ្ហានឹងកង្វះទូរកុងតឺន័រ ទំហំ២០ហ្វិត សម្រាប់​ផ្ទុកអង្ករ នាំចេញ។ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ​៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករស គ្រប់ប្រភេទមាន​ចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និង​អង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣% ៕អត្ថបទ ៖​ វណ្ណៈ 

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់ជិត៨ ពាន់លានដុល្លារ កើន៣៨ ភាគរយ

2021/11/01 10:55:36 am        125
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន រយៈពេល ៩ខែ ដើមឆ្នាំ២០២១ សរុបការមានទំហំទឹកប្រាក់ប្រមាណជិត ៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៣៨ ភាគរយ។របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំក្នុង២០២១ កម្ពុជា បាននាំចេញ​ទី​កាន់​ទីផ្សារចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក កើនប្រមាណ៥២ ភាគរយ។ ដោយឡែក កម្ពុជា​នាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៨០០ លានដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ ៣៦ ភាគរយ។ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ សម្រេចបាន ៧ ៩០០ លានដុល្លារអាមេរិក ​កើនឡើង ៣៨ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២០ ។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា ទំហំពាណិជ្ជកម្មទ្វេ​ភាគី​កម្ពុជា-ចិន នឹង​មាន​កំណើន​ងើបឡើងកាន់តែល្អថែមទៀត ការនាំចេញផលិតផលរបស់​កម្ពុជា​ទៅ​កាន់ទីផ្សារចិនកាន់តែច្រើន​ ជាពិសេស​បន្ទាប់​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាន ។លោកឧកញ៉ា ថា កម្ពុជា អាចនឹងក្លាយទៅជាមជ្ឈមណ្ឌលចែកចាយ​ ឬបោះដុំទំនិញរបស់ចិន នៅ​ក្នុងទីផ្សារ​អាស៊ាន ព្រោះតាមរយៈនៃកិច្ចព្រមព្រៀងនេះ ​ប្រភេទទំនិញជាច្រើននិងរួចពន្ធ ដែល​អាចឲ្យយើងលក់តម្លៃធូរថ្លៃនៅក្នុង ទីផ្សារ​អាស៊ានបាន។ទាក់ទងការធ្វើពាណិជ្ជកម្មអន្តរជាតិ, ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម ថ្លែងលើកឡើង ទីផ្សារនាំចេញផលិតផល ជាពិសេស​ទីផ្សារ​នាំចេញ​កសិផលរបស់កម្ពុជា បានជ្រៀត​ចូល​អន្តរជាតិជាបណ្តើរៗ ជាក់ស្តែងការនាំចេញអង្ករទៅ​កាន់​ទីផ្សារ​ប្រទេសចិន គឺបានកំពុងពេញនិយម ​និងមានការ​គាំទ្រ​យ៉ាង​ខ្លាំង៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម និងហាវេស រៀបចំពិព័រណ៍ផលិតផលកែច្នៃកសិកម្ម​បញ្ជ្រាប​ក្នុង​ផ្សារទំនើប និង​ទីផ្សារអន្តរជាតិ

2021/10/30 01:09:53 pm        296
ភ្នំពេញ ៖ ក្នុងគោលណងធំ ជួយលើកស្ទួយផលិតផលក្នុងស្រុកក្រសួងពាណិជ្ជកម្ម និងគម្រោងកម្ពុជាហាវេស២ បានរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយផលិតផលកែច្នៃ ពីផលកសិកម្មមួយចំនួន ដើម្បីបញ្ជ្រាបទៅក្នុងផ្សារទំនើបទូទាំងប្រទេស រួមទាំងឈានដល់ចាប់យកទីផ្សារអន្តរជាតិ នាពេលខាងមុខ ។ក្នុងពេលរៀបចំធ្វើពិព័រណ៍នៅផ្សាម៉ាក្រូ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោក ជុំ ប៊ុនលី អ្នក​សម្របសម្រួល​ផ្នែកទីផ្សារ នៃគម្រោងកម្ពុជាហាវេស២ ​បានលើកឡើងថា ​ពិព័រណ៍នេះ ធ្វើឡើង ដើម្បីលើកស្ទួយផលិតផលខ្មែរ ឲ្យមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ហើយ​ក៏បានបង្ហាញនូវអ្វីដែលខ្មែរអាចធ្វើបាន​ មិនចាញ់ផលិតផលរបស់បរទេស​ ខណៈហាវេស បានជួយពួកគាត់មានទាំងការដាំដុះ បច្ចេកទេសកែច្នៃ រហូតដល់ការរៀបចំទីផ្សារនេះ ។លោក បានបន្តថា សម្រាប់ផលិតផលកសិកម្ម ត្រូវបានយកមកតាំងពិព័រណ៍នេះ មានដូចជា ដំណាប់ ធ្វើពីស្វាយ ម្នាស់ ល្ហុងជាដើម, ភេសជ្ជៈ ឱសថ ម្រេច គ្រាប់ស្វាយចន្ទី ផ្លែឈើកំប៉ុង ធ្វើពីផ្លែមៀនប៉ៃលិន ផ្លែឈើស្រស់​ រួមទាំងរបស់មួយចំនួនទៀត ​ដែលពួកគាត់យកទៅកែច្នៃ ។សម្រាប់តំណាងសិប្បកម្ម និងរោងចក្រកែច្នៃផលិតនីមួយៗ បានលើកឡើងថា ការរៀបចំ​ពិព័រណ៍នេះ គឺល្អណាស់សម្រាប់ពួកគេ ​ដើម្បីបានផ្សព្វផ្សាយផលិតផលក្នុងស្រុក ទៅកាន់​ប្រជាពលរដ្ឋ ឬភ្ញៀវបរទេស នូវស្នាដៃថ្មីៗ​ ដែលយើងចាប់ផ្ដើមមាន ដើម្បីបង្ហាញទៅ​កាន់​ទីផ្សារអន្តរជាតិ ខណៈទាំងគុណភាព ​ការវេចខ្ចប់ជាដើម សុទ្ធសឹងតែអនុវត្តទៅតាមស្ដង់ដារ ។ពួកគេ បានបន្តថា សម្រាប់ផលិតផល ដែលយកមកតាំងពិព័រណ៍ មួយចំនួនគឺពលរដ្ឋបានស្គាល់ និង​គាំទ្រច្រើន ហើយផលិតផលទាំងអស់នេះ ​ក៏មានលក់នៅតាមផ្សារធម្មតា ផ្សារទំនើប និង​មាននាំទៅទីផ្សារសឹង្ហបុរី និងជប៉ុនជាដើម​ តែគោលដៅបន្ត គឺការនាំទៅទីផ្សារអន្តរជាតិ ឲ្យបាន​គ្រប់មុខទំនិញ ​នៅពេលទទួលបានជោគជ័យ​ វាក៏បានបង្កើតការងារជាច្រើនដល់ពលរដ្ឋ ។ គួរបញ្ជាក់ថា ពិព័រណ៍នេះ បានចាប់ផ្ដើមបើកពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ៕ អត្ថបទ បាន សុខរិទ្ធិ

កសិករខេត្តឧត្តរមានជ័យ ចាប់ផ្តើមប្រមូលផលស្រូវរដូវប្រាំងបណ្ដើរៗហើយ

2021/10/30 12:59:59 pm        351
ឧត្តរមានជ័យ ៖​ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ទទួលបានទិន្នល្អប្រសើរ នឹងចាប់ផ្តើមប្រមូលផលច្រូតកាត់បណ្តើរៗខ្លះហើយ នៅតាមតំបន់មួយចំនួន។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យលោក សូត្រ ស៊ីសុខឃាង បាន​បន្ដ​ទៀតថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្ត ក្រុងស្រុកទាំង​ប្រាំ​​របស់ខេត្តឧត្តរមានជ័យ សំរាប់ឆ្នាំ២០២១នេះ នឹងទទួលបានទិន្នល្អប្រសើរច្រើន​ជាង​បណ្តា​ឆ្នាំមុន​ ដោយសារតែឆ្នាំនេះ ដំណាំស្រូវរបស់ប្រជាកសិករ​មានប្រភពទឹកភ្លៀង​ដែល​បង្ករឲ្យមាន​ជំនន់​ទឹកចូលស្រែរបស់កសិករបានគ្រប់គ្រាន់​នៅចុងឆ្នាំ មិនបង្ករឲ្យមានមានខូចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀងនោះឡើយ ផ្ទុយទៅវិញពេលទឹកបានស្រកបែរហុចផ្លែផ្កា​ឲ្យដំណាំស្រូវមាន​ការ​ដុះបែកគុម្ព​ល្អប្រសើរ។លោកបន្តទៀតថា សំរាប់ការងារកសិកម្ម ចុងឆ្នាំ២០២១នេះ​ប្រជាកសិករអនុវត្ត​បានលើផ្ទៃដី​គ្រប់​ដណ្តប់លើវិស័យកសិកម្មស្រូវរដូវវស្សាសរុបចំនួន ៩៧,២២០ហិកតា។ក្នុងនោះ រួមមាន​ប្រភេទ​ស្រូវស្រាល​ ២៧៥៥ហិកតា ស្រូវកណ្តាល៨៨៦៩៥ ហិកតាស្រូវធ្ងន់ ៥៥៧០ ហិកតាស្រូវចំការ ២៦០ ហិកតា​។ ភាគច្រើនកសិករអាចផលិត​ស្រូវ​ក្នុងមួយឆ្នាំបានរហូត​ទៅដល់២ដងប្រសិន​បើ​ភូមិសាស្រ្តទីតាំងកន្លែងរបស់គាត់នៅជិតប្រព័ន្ធប្រឡាយធារាសាស្រ្តនោះ។យ៉ាងណាម៉ិញចំពោះតម្លៃស្រូវវិញនោះ គឺមានតម្លៃថេរ​សមរម្យ​កសិករអាចទទួលយក​បានដោយ​សារ​តែ​កសិករមួយចំនួន​បានចង់ក្រង​ជាមួយសហគមន៍​ស្រូវអង្ករស្រូវ​ជាមួយ​ក្រុមហ៊ុន​ដោយ​តម្លៃស្រូវ​ចាប់ឆាយ ​កសិករ​អាច​លក់បានតម្លៃលើទីផ្សារក្នុង១គីឡូ​ប្រមាណ៨០០រៀល រីឯស្រូវល្អ​អាច​លក់​បាន​លើ​តម្លៃជាង១០០០រៀល ​ផងដែរ៕អត្ថបទ ៖ ឃិនសារិទ្ធ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍​ ៣ខែបន្ថែមទៀត

2021/10/29 01:33:19 pm        368
ភ្នំពេញ ៖​​ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ធ្នូឆ្នាំ២០២១ ដើម្បីជួយឲ្យមានការស្តារឡើងវិញនៃសេដ្ឋកិច្ច ។ប្រាក់ឧបត្ថម្ភ នឹងផ្តល់ដល់កម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យកាត់ដេរ និងការអនុគ្រោះផ្នែកពន្ធសម្រាប់វិស័យទេសចរណ៍ បន្តលើកលែងការបង់ពន្ធអប្បបរមា សម្រាប់​រយៈពេល ៣ខែបន្ថែមទៀត ដល់ក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីនៅកម្ពុជា។សេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី១០) របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែតុលានេះ​ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ជួយ​ដល់វិស័យទាំង២ ដូចខាងក្រោម បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ​ក្នុងមួយខែ សម្រាប់​កម្មករ-និយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ​ស្បែកជើង, ផលិតផល​ធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ ខែបន្ថែមទៀត​ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ​ ត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១ នាក់ (ជាសរុបកម្មករ-និយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិក ក្នុងមួយខែ)។ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារ​ ក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ខែបន្ថែម​ទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ នឹងទទួលប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក។ ចំណែក សហគ្រាស ​និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ​ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និង​តាម​លទ្ធភាពជាក់ស្តែង ​បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ​សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍​ ដែលបានចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋានពន្ធដារ ​និងមានសកម្មភាពអាជីវកម្ម ​នៅក្នុងរាជធានីភ្នំពេញ, ​ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ​ពីខែ​តុលា​ ដល់ខែធ្នូ ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ ​និង ប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT)​ ជារៀងរាល់ខែ ក្នុងអំឡុងពេល​នៃ​ការ​លើក​លែងនេះ។រដ្ឋាភិបាលកម្ពុជា បាន​ប្រកាសបន្តលើកលែងការបង់​ពន្ធអប្បបរមា សម្រាប់រយៈពេល ៣ខែ​បន្ថែមទៀត ​ជូនដល់ក្រុមហ៊ុនអាកាសចរណ៍​ ដែលបានចុះបញ្ជីនៅកម្ពុជា ខណៈដែល​វិស័យនេះ​បាន​នឹង​កំពុងរងគ្រោះ​ ដោយ​សារ​ការ​រីករាលដាល ​នៃជំងឺកូវីដ១៩ អស់រយៈជិត២ឆ្នាំ៕អត្ថបទ ៖ វណ្ណៈ

កម្ពុជាបានបញ្ជូនឯកសារពាក់ព័ន្ធបន្ថែមលើពាក្យបណ្តឹង ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ

2021/10/29 12:49:53 pm        366
ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល បានកំពុងពន្លឿន និងបានរៀបចំឯកសារលិខិតស្នាមពាក់ព័ន្ធផ្សេងៗ លើពាក្យបណ្តឹង បញ្ជូនទៅតុលាការឥណ្ឌូនេស៊ីបន្ថែម ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ លើករណីការលួចប្រេងឆៅរបស់កម្ពុជា នាកាលកន្លងមកនេះ។ពាក់ព័ន្ធករណីការលួចប្រេងឆៅរបស់កម្ពុជា កាលពីខែ មិថុនា ឆ្នាំ២០២១ កន្លងមកនេះ បន្ទាប់ពីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានឃាត់កប៉ាល់ និងនាវិកដែលដឹកប្រេងកាលពីថ្ងៃទី ២៥ ខែសីហានោះ រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាអន្តរក្រសួងរួមមាន ៖ ក្រសួងរ៉ែ និងថាមពល ក្រសួងយុត្តិធម៌ និងក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គឺបានពន្លឿនការចរចរ​ជាមួយអាជ្ញាធរកណ្តាលប្រទេសឥណ្ឌូនេស៊ី ដើម្បីស្នើរសុំបញ្ជូនទាំងប្រេង នាវា និងនាវិកទាំងនោះ​មកកាន់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះទៅតាមផ្លូវច្បាប់។ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានរៀបចំលិខិតស្នាម និងឯកសារពាក់ព័ន្ធផ្សេងៗ​នៅលើ​សុំណុំរឿងបណ្តឹង បញ្ជូនទៅតុលាការប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀត តបតាមការសំណើរសុំ​នៃភាគីប្រទេសឥណ្ឌូនេស៊ី ​ដើម្បីទាមទារយកប្រេងឆៅរបស់កម្ពុជាត្រឡប់មកវិញ ។ចំណែកពាក់ព័ន្ធក្រុមហ៊ុន KrisEnergy វិញ, នាពេលកន្លងមកនេះ ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជា​អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា ​ក្រសួងរ៉ែ និងថាមពល បានចេញ​លិខិត​ព្រមានដល់ក្រុមហ៊ុន KrisEnergy រួចហើយ ក្នុងករណីធ្វេសប្រហែស ដែលបណ្តោយឲ្យក្រុម​នាវិក​ទាំងនោះ​លួចទាំងប្រេង​ និងកប៉ាល់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ​ក្រសួង​ក៏បានស្នើរឲ្យក្រុមហ៊ុនមេ របស់ក្រុមហ៊ុន KrisEnergy ចេញមុខធ្វើការទូទាត់សំណង ដូចជា ​ប្រេង និងបំណុល​ហិរញ្ញវត្ថុ​មួយចំនួន ​ដែលក្រុមហ៊ុន​បានជំពាក់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​លើកឡើងថា ​ក្រុមហ៊ុន KrisEnergy បាន​ប្រកាស​ក្ស័យធុន​លើការធ្វើអាជីវកម្មរបស់ខ្លួន​ ប៉ុន្តែក្រុមហ៊ុន KrisEnergy គឺមិនទាន់បាន​ដោះ​ស្រាយចប់សព្វគ្រប់នៅឡើយ ​។ ​បើយោងតាមផ្លូវច្បាប់ ​ក្រសួង នឹងដកអាជ្ញារបណ្ណ​ពី​ក្រុមហ៊ុននោះ​មកវិញ ​ដើម្បីស្វែងរកអ្នកវិនិយោគថ្មីជាបន្ត ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ
08/07/2025 09:08 PM
កោះ Solomon Islands មិនអញ្ជើញអាមេរិក ចិន និងកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំនយោបាយរបស់ប៉ាស៊ីហ្វិក
08/07/2025 08:08 PM
ការិយាល័យនៃក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al នៅក្រុងប៉ារីស ត្រូវបានបំផ្លាញទ្រព្យសម្បត្តិ
08/07/2025 08:08 PM
សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព
08/07/2025 08:08 PM
សារព័ត៌មាន Ifax៖ លោក Putin នឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា នាចុងឆ្នាំ២០២៥
08/07/2025 07:08 PM
អាល្លឺម៉ង់នឹងពង្រីកការគ្រប់គ្រងព្រំដែន ពាក់ព័ន្ធនឹងវិធានការបង្ក្រាបជនអន្តោប្រវេសន៍
08/07/2025 07:08 PM
សេចក្ដីរាយការណ៍៖ អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Afipsky របស់រុស្ស៊ី ត្រូវបានពន្លត់ ក្រោយត្រូវយានដ្រូនវាយប្រហារ
08/07/2025 06:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បុរសដែលត្រូវបានអ៊ីរ៉ង់ប្រហារជីវិតពីបទចារកម្ម គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ
08/07/2025 06:08 PM
មន្ត្រីជាន់ខ្ពស់ EU៖ ការសម្លាប់ នៅហ្កាហ្សា មើលទៅដូចអំពើប្រល័យពូជសាសន៍ខ្លាំងណាស់
08/07/2025 06:08 PM
នាយករដ្ឋមន្ត្រីស៊ូដង់ ទៅបំពេញទស្សនកិច្ចអេហ្ស៊ីប ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង
08/07/2025 06:08 PM