ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បានរៀបចំប្រារព្ធពិធីបុណ្យរ៉ាម៉ាដានក្រោមស្រមោលសង្គ្រាម

2024/03/11 08:09:56 am        478
ប្រជាជនប៉ាឡេស្ទីនបានរៀបចំពិធីបុណ្យរ៉ាម៉ាដាន(Ramadan)ទាំងទុក្ខព្រួយជាមួយនឹងវិធានការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងពីសំណាក់កងកម្លាំងនគរបាលអ៊ីស្រាអែល និងទិដ្ឋភាពនៃសង្គ្រាម និងភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ដែលជាស្រមោលគ្របដណ្ដប់លើខែដ៏វិសុទ្ធរបស់មូស្លីមសាសនិក ខណៈការចរចាធានាឲ្យបានបទឈប់បាញ់បានជាប់គាំង។ នគរបាលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញផ្លូវតូចចង្អៀតនៃទីក្រុងចាស់ Old City ក្នុងទីក្រុង ហ្ស៊េរ៉ុយសាឡឹម (Jerusalem)ជាទីដែលអ្នកគោរពបូជារាប់ម៉ឺននាក់ត្រូវបានរំពឹងថានឹងទៅកាន់ បរិវេណវិហារអ៊ីស្លាមអាល់-អាកសា(Al-Aqsa)ជារៀងរាល់ថ្ងៃ ជាទីសក្ការៈមួយក្នុងចំណោមទីតាំងដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសាសនាអ៊ីស្លាម។ តំបន់ដែលត្រូវបានចាត់ទុកថាជាកន្លែងពិសិដ្ឋបំផុតដោយជនជាតិជ្វីហ្វដែលស្គាល់វាថាជា Temple Mount គឺជាចំណុចផ្ទុះជម្លោះដ៏យូរអង្វែង និងជាចំណុចចាប់ផ្តើមមួយនៃសង្រ្គាមចុងក្រោយក្នុងឆ្នាំ ២០២១រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាចលនាសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា។ ជម្លោះរយៈពេល ១០ ថ្ងៃនោះត្រូវបានបង្អាក់ដោយសង្គ្រាមបច្ចុប្បន្ន ដែលឥឡូវនេះឈានដល់ខែទី ៦ ហើយ។ ជម្លោះនេះបានចាប់ផ្តើមផ្ទុះឡើងកាលពីនៅថ្ងៃទី ៧ ខែតុលា នៅពេលក្រុមយុទ្ធជនហាម៉ាសរាប់ពាន់នាក់បានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែល សម្លាប់មនុស្សប្រហែល១.២០០នាក់។យុទ្ធនាការឥតឈប់ឈររបស់អ៊ីស្រាអែលនៅហ្កាហ្សា បានបង្កឱ្យមានភាពអាសន្នកាន់តែខ្លាំងនៅទូទាំងពិភពលោក ខណៈការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្សបានគំរាមកំហែងបន្ថែមទៀត ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៣១.០០០នាក់រួចហើយ៕

ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ហែក្បួនក្នុងទីក្រុងប៉ារីស អំពាវនាវឲ្យមានបទឈប់បាញ់ និងនាំជំនួយចូលហ្កាហ្សា

2024/03/10 03:21:57 pm        383
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់បានដង្ហែក្បួននៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ៩ មីនា ដោយទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈជម្លោះនៅមជ្ឈិមបូព៌ាឈានចូលដល់ខែទី ៥ ។កាលពីចុងសប្ដាហ៍នេះ ក្រៅពីនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ការតវ៉ាក៏បានកើតឡើងនៅក្នុងប្រទេសជាច្រើនទៀតផងដែរ ដូចនៅទីក្រុងឡុងដ្រ៍ ច្រកភពអង់គ្លេស ហ្ស៊កដានី ឈីលី និងសហរដ្ឋអាមេរិកជាដើម។ អ្នកតវ៉ាម្នាក់មកពីចលនាសាមគ្គីភាពបារាំង-ប៉ាឡេស្ទីន បានរិះគន់ការទម្លាក់ជំនួយអាហារចូលក្នុងដែនដីហ្កាហ្សា ដោយនិយាយថាពលរដ្ឋហ្កាហ្សា ត្រូវបានគេចាត់ទុកថាដូចជាសត្វធាតុ។ ប្រទេសមួយចំនួនដូចជាបារាំង ហ្ស៊កដានី និងសហរដ្ឋអាមេរិក បានទម្លាក់ជំនួយតាមយន្តហោះ ខណៈការចូលក្នុងដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ តាមរថយន្តមានកំណត់។ ការចរចាស្តីពីបទឈប់បាញ់ដែលអាចកើតមាននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតែជាប់គាំង។ ទីភ្នាក់ងារផ្ដល់ជំនួយបានព្រមានអំពីគ្រោះទុរ្ភិក្សដែលកំពុងកើតមានរយៈពេល៥ខែនៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ ភាគច្រើននៃប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សាឥឡូវនេះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅខាងក្នុងដែនដីនេះ ខណៈដំណើរការផ្ដល់ជំនួយត្រូវបានរាំងស្ទះយ៉ាងខ្លាំងនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែនដីគោក៕

Updat៖ មនុស្ស២១នាក់ស្លាប់ និង៦នាក់កំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី

2024/03/10 03:13:36 pm        485
ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យទី១០មីនា ថា ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃ បានបង្កឲ្យទឹកជំនន់ និងបំណាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra)របស់ប្រទេសឥណ្ឌូនេស៊ី បង្ខំឲ្យមនុស្សជាង ៧ម៉ឺន៥ពាន់នាក់ ជម្លៀសចេញពីលំនៅឋាន និងឆក់យកជីវិតមនុស្ស២១នាក់ ខណៈ៦នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ។ ទឹកជំនន់ដ៏ធ្ងន់ធ្ងរចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅក្នុងទីក្រុងផាដាង (Padang) និងតំបន់ចំនួន៨ផ្សេងទៀត បានបំផ្លិចបំផ្លាញ លំនៅឋានជិត៧០០ខ្នង ស្ពាន និងសាលារៀនជាច្រើនកន្លែង និងជន់លិចផ្ទៃដីកសិកម្មប្រមាណ១១៣ហិចតា។ ក្រុមមន្ត្រីនិយាយថា ទីភ្នាក់សង្រ្គោះរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតាមរកអ្នកបាត់ខ្លួនទាំងនោះ ខណៈក្រុមអ្នកសង្រ្គោះ១៥០នាក់ ដែលកំពុងប្រឹងប្រែងការងារសង្រ្គោះ ត្រូវបានរារាំងដោយបំណាក់ដី។ លោកអាប់ឌុល ម៉ាលីក(Abdul Malik)ប្រធានក្រុមការងារសង្រ្គោះខេត្តបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការសង្រ្គោះថ្ងៃនេះមានការចូលរួមពីបុគ្គលិក១៥០នាក់ មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ៕

រដ្ឋធានីហៃទី ស្ថិតក្រោមការឡោមព័ទ្ធ ខណៈមានការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាល

2024/03/10 02:02:28 pm        513
អ្នកស្រុកនៃរដ្ឋធានីរបស់ប្រទេសហៃទីបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកាលពីថ្ងៃសៅរ៍បន្ទាប់ពីការរីករាលដាលចុងក្រោយនៃអំពើហិង្សាពីក្រុមជនអន្ធពាល ខណៈក្រុមមន្ត្រីអង្គការសហប្រជាជាតិបានព្រមានពីទីក្រុងស្ថិតនៅក្រោមការឡោមព័ទ្ធ បន្ទាប់ពីក្រុមវាយប្រហារប្រដាប់អាវុធបានដាក់គោលដៅទៅលើវិមានប្រធានាធិបតី និងទីស្នាក់ការរបស់កងម្លាំងនគរបាល។ក្រុមឧក្រិដ្ឋជន ដែលគ្រប់គ្រងភាគច្រើននៃរដ្ឋធានីព័រ-អូ-ប្រាំង (Port-au-Prince)ព្រមទាំងផ្លូវនានាភ្ជាប់ទៅដល់តំបន់ផ្សេងទៀតរបស់ប្រទេសនេះ បានបង្កភាពមហន្តរាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈក្រុមនេះព្យាយាមបណ្តេញលោកនាយករដ្ឋមន្ត្រី អារៀល ហេនរី(Ariel Henry) ជាមេដឹកនាំប្រទេសក្នុងតំបន់ការីអ៊ីបមួយនេះចេញពីតំណែង។ កាលពីថ្ងៃសៅរ៍ អ្នកស្រុករាប់សិបនាក់កំពុងស្វែងរកសុវត្ថិភាពនៅក្នុងអគារសាធារណៈនានា ដោយខ្លះបានសម្រុកចូលទៅក្នុងអគារមួយដោយជោគជ័យ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា ភាពចលាចលនេះបានធ្វើឱ្យជនជាតិហៃទីចំនួន ៣៦២.០០០នាក់ រត់ភៀសខ្លួននៅក្នុងប្រទេស ច្រើនជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ និងមួយចំនួនត្រូវបានបង្ខំឱ្យជម្លៀសចេញពីទីជម្រកជាច្រើនដង។ លោក ហ្វីលីព ប្រានឆាត (Philippe Branchat) ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ នៅប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនហៃទីមិនអាចដឹកនាំជីវិតសមរម្យបានទេ។ពួកគេរស់នៅក្នុងភាពភ័យខ្លាច ហើយជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង ស្ថានភាពបែបនេះចេះតែបន្តកើតមានកាន់តែធ្ងន់ធ្ងរ៕

បង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING នៅសង្កាត់ចតុមុខ ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់

2024/03/10 01:44:16 pm        400
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់​ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំង​គ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ​សម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២៖០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត City of Starry Sky ជាអតីតក្លិបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់​បានបង្ក្រាប​ម្តងរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះ​ ក្លិបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល។ឧត្តមសេនីយ៍ឯកបន្តថា​ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៨៧នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស ​បានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់ បើតាមការប៉ាន់ស្មាន​បឋម​ប្រមាណ ៣គីឡូក្រាម។ បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ​ធ្វើតេស្តរកសារធាតុញៀន​លើ​ជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប ​មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល

2024/03/10 01:03:20 pm        419
ក្រសួងសុខាភិបាលមានមូលដ្ឋាននៅក្នុងតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារដ៏សន្ធឹកសន្ធាប់ឥតឈប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៩៦០នាក់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨២ នាក់ និងប្រហែល ១២២នាក់ផ្សេងទៀតរងរបួស។យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ជាច្រើននៅភាគខាងជើង និងភាគខាងត្បូងហ្កាហ្សាស្ទ្រីបកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨នាក់។របាយការណ៍ដដែលនោះបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់លើលំនៅដ្ឋានមួយកន្លែងនៅក្នុងជំរំជនភៀសខ្លួនចាបាលីយ៉ា( Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃសុក្រ។ កាលពីព្រឹកថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសលើលំនៅឋានជាច្រើនកន្លែងក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់។កងទ័ពអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើតំបន់ជាច្រើននៅក្នុងទីក្រុងហ្កាហ្សាស្រ្ទីប ភាគខាងត្បូងទីក្រុងខាន់យ៉ូនីស និងក្រុងរ៉ាហ្វា នៅថ្ងៃជាមួយគ្នានោះផងដែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ខណៈនគបាលអ៊ីស្រាអែលបោសសម្អាតក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលលើផ្លូវហាយវ៉េ តេលអាវីវ

2024/03/10 12:48:44 pm        420
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលនៅក្នុងទីក្រុង តេល អាវីវ (Tel Aviv)កាលពីថ្ងៃសៅរ៍ ៩ មីនា ខណៈកងកម្លាំងនគរបាលបានប្រើកាណុងបាញ់ទឹក និងមន្ត្រីជិះសេះដើម្បីបំបែកហ្វូងមនុស្សដែលបិទផ្លូវដ៏ធំរបស់ទីក្រុងនេះ។ ក្រុមបាតុករបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ ការជួបជុំផ្ទួនៗមួយត្រូវបានធ្វើឡើងនៅទីក្រុង Tel Aviv និងដឹកនាំដោយក្រុមគ្រួសារចំណាប់ខ្មាំងដែលបានអំពាវនាវឱ្យមានការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្កាហ្សាធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។ ភាគច្រើននៃតំបន់ឆ្នេរ បានក្លាយជាគំនរកម្ទេចថ្ម ហើយប្រជាជនភាគច្រើនត្រូវបានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែង ខណៈមានការព្រមានរបស់អង្គការសហប្រជាជាតិអំពីការឆ្លងរាលដាលជំងឺ និងភាពអត់ឃ្លាន។សង្រ្គាមនេះត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្ស២៥៣នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង៕

មន្រ្ដីរដ្ឋការរាប់រយនាក់របស់ប្រទេសយ៉េម៉ែន បានបញ្ចប់វគ្គហ្វឹកហ្វឺនយោធា ខណៈក្រុមហ៊ូធី បង្កើនការជ្រើសរើសកម្លាំង

2024/03/10 11:21:07 am        279
មន្រ្ដីរដ្ឋកាយ៉េម៉ែនរាប់រយនាក់ បានចូលរួមនៅក្នុងការធ្វើក្បួនព្យុហយាត្រាយោធាមួយ ក្នុងទីលានសាកលវិទ្យាល័យក្រុងសាណាអា (Sanaa) កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនយោធារយ:ពេល១២ថ្ងៃរបស់ក្រុមហ៊ូធី។ក្រុមហ៊ូធី បាននិយាយថាវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើង នៅក្នុងក្របខណ្ឌកិច្ចប្រឹងប្រែងប្រមូលផ្ដុំទូទៅដែលរៀបចំដោយក្រុមហ៊ូធីដើម្បីគាំទ្រប្រជាជនតំបន់ហ្កាហ្សា និងបង្កើនការត្រៀមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានណាមួយមកលើប្រទេសយ៉េម៉ែន។មនុស្សរាប់ពាន់នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនក្នុងផ្នែកផ្សេងៗគ្នា ក្នុងប្រទេសយ៉េម៉ែនចាប់តាំងពីមានសង្រ្គាម ក្នុងតំបន់ហ្កាហ្សាមក។ក្រុមសកម្មប្រយុទ្ធ បានបង្ហាញក្បួនព្យុហយាត្រា ដែលមានកាន់អាវុធដូចជា កាំភ្លើងវែង និងកាំភ្លើងយន្ដ ដោយស្រែកពាក្យស្លោកគាំទ្រតំបន់ហ្កាហ្សា និងប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែល។សហរដ្ឋអាមេរិក បានប្រកាសនៅដើមឆ្នាំនេះថា ក្រុមឧទ្ទាមហ៊ូធី នឹងត្រូវវឹលទៅចូលបញ្ជីក្រុមភេរវជនវិញ ដែលនឹងធ្វើឲ្យក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ជួបជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ដែលមានគោលបំណងកាត់ផ្ដាច់ការផ្ដល់មូលនិធិ និងអាវុធ ដែលក្រុមហ៊ូធី បានប្រើប្រាស់ នៅក្នុងការវាយប្រហារក្នុងសមុទ្រក្រហមរបស់ពួកគេនោះ៕អត្ថបទ មករា

មនុស្សរាប់ពាន់នាក់ បានដើរក្បួនក្នុងក្រុងឡុងដ្រ៍ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា

2024/03/10 10:53:56 am        247
អ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅកណ្ដាលក្រុងឡុងដ្រ៍ កាលពីថ្ងៃសោរ៍ ដោយទាមទារឲ្យមានបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា ខណ:សង្រ្គាមបានឈានចូលទី ១៥៤ថ្ងៃ។ក្រុមអ្នកតវ៉ាត្រូវគេរំពឹងថា នឹងដើរក្បួនចេញពីសួនហាយ (Hyde Park) ឆ្ពោះទៅកាន់ស្ថានទូតអាមេរិកនៅត្រើយខាងត្បូងនៃទន្លេ ថាម (River Thames)។ក្រសួងសុខាភាបាលតំបន់ហ្កាហ្សា និយាយថា រយ:ពេល៥ខែនៃការវាយប្រហារតាមអាកាស និងថ្មើរជើងឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត៣១.០០០នាក់ និង៧២.៥០០នាក់ទៀត បានរងរបួស និងរាប់ពាន់នាក់ទៀត បានជាប់នៅក្រោមគំនរថ្ម។ការចរចាស្ដីពីបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ១៣៤នាក់ក្នុងតំបន់ហ្កាហ្សា នៅតែហាក់ដូច ជាជាប់គាំងនៅមុខថ្ងៃផុតកំណត់ដែលរំពឹងទុក គឺខែពិសិដ្ឋបុណ្យរ៉ាម៉ាន ដែលនឹងចាប់ ផ្ដើមនៅថ្ងៃទី១០ មីនានេះ។អត្ថបទ មករា 

ការទម្លាក់ជំនួយតាមអាកាសជាច្រើន ត្រូវបានគេធ្វើឡើងនៅពីលើតំបន់ហ្កាហ្សា

2024/03/10 10:48:16 am        146
យន្ដហោះជាច្រើនគ្រឿងបានហោះពីលើតំបន់ហ្កាហ្សា និងបានទម្លាក់ប្រអប់ជំនួយមនុស្សធម៌កាលពីថ្ងៃសៅរ៍ ខណ:ដែលផ្សែត្រូវបានគេឃើញកំពុងហុយចេញតំបន់ហ៊ុមព័ទ្ធមួយនេះ។គេមិនទាន់ច្បាស់ភ្លាមៗទេថាតើខាងណាជាអ្នកធ្វើប្រតិបត្ដការទម្លាក់ជំនួយតាមអាកាសកាលពីថ្ងៃសៅរ៍នោះ។ការទម្លាក់ជំនួយតាមអាកាសនេះធ្វើឡើងស្របពេលដែលមានការព្រមានពីគ្រោះទុរ្ភិក្សដែលនឹងចូលមកដល់ក្នុងរយ:ពេល៥ខែនៃយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងតំបន់ហ្កហ្សា។ពេលវេលាជិតអស់ហើយសម្រាប់កិច្ចពិភាក្សាបទឈប់បាញ់ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងមួយស្ដីពីសំណើផ្អាកសង្រ្គាម៦សប្ដាហ៍ ដែលក្រុងវ៉ាស៊ិនតោនសង្ឃឹមថា នឹងចូលជាធរមាននៅថ្ងៃបុណ្យរ៉ាម៉ាដាន់ (Ramadan) ដែលរំពឹងថានឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

១០ថ្ងៃក្រោយចូលឆ្នាំគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង៣០នាក់ ខណៈគ្រោះអគ្គិភ័យបំផ្លាញផ្ទះជិត២០ខ្នង
04/29/2026 10:04 AM
តម្លៃប្រេងបន្តកើនឡើងព្រោះរបាយការណ៍ថា អាមេរិកនឹងបន្តបិទកំពង់ផែអ៊ីរ៉ង់ ដែលអូសបន្លាយការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា
04/29/2026 10:04 AM
អ្នកនាំពាក្យយោធាអ៊ីរ៉ង់និយាយថា កុំទាន់គិតថាសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ចប់
04/29/2026 10:04 AM
បី​រដូវកាល​ជាប់​គ្នា បឹងកេតជួបព្រះខ័នរាជ ​​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន​រង្វាន់​សម្ដេចតេជោ, ២លើកព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រ ចុះលើកនេះ?​
04/29/2026 10:04 AM
អេមីរ៉ាតអារ៉ាប់រួម ដើរចេញពី OPEC និង OPEC+ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមប្រទេសផលិតប្រេងសកល
04/29/2026 10:04 AM
អង្គភាពស៊ីម៉ាកកំពុងបន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលទាហាថៃបាញ់ផ្លោងដោយមិនរើសគោលដៅ ចូលដីស្រែចម្ការ និងផ្ទះពលរដ្ឋខ្មែរនៅតាមព្រំដែន
04/29/2026 09:04 AM
ព្រះមហាក្សត្រអង់គ្លេស Charles អំពាវនាវឱ្យមានឯកភាពរបស់ NATO និងគាំទ្រអ៊ុយក្រែនក្នុងសង្កថានៅសភាអាមេរិក
04/29/2026 09:04 AM
លោក Trump ស្តីបន្ទោសអធិការបតីអាល្លឺម៉ង់ លោក Merz សម្រាប់ការរិះគន់សង្គ្រាមនៅអ៊ីរ៉ង់
04/29/2026 09:04 AM
ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅតែជាប់គាំង អ្នកជំនាញបានព្រមានអំពី «ការរំខានរយៈពេលវែង»
04/29/2026 09:04 AM
ក្រសួងប្រៃសណីយ៍ ប្រកាសជ្រើសរើស​និស្សិតអាហារូបករណ៍ ២៥នាក់ ទៅសិក្សា​នៅ​ក្រៅ​ប្រទេស​ លើ​ជំនាញផ្កាយរណប និងលំហអាកាស​
04/29/2026 09:04 AM