៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

មនុស្សជាង១០.០០០នាក់បានស្លាប់នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈសង្រ្គាមនៅតែបន្ត

2023/11/02 11:06:04 am        111
ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានកើនឡើងដល់ជាង ១០.០០០នាក់ កាលពីថ្ងៃពុធ (១ វិច្ឆិកា) ដោយមិនមានសញ្ញាណាមួយនៃការថយចុះនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ឡើយចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីខែមុនមក។ ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃដដែលនោះថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីនមួយនេះ បានកើនឡើងដល់ ៨.៧៩៦នាក់ ខណៈភាគីអ៊ីស្រាអែល បានមើលឃើញមនុស្សជាង ១.៤០០នាក់ ត្រូវបានសម្លាប់។ ទន្ទឹមនឹងនេះដែរ មនុស្សរាប់សិបនាក់មកពីតំបន់ហ្កាហ្សា បានទៅដល់ប្រទេសអេហ្ស៊ីប តាមច្រកព្រំដែនរ៉ាហ្វាហ្វ កាលពីថ្ងៃពុធ នេះបើយោងតាមសារព័ត៌មាន AP ដោយបន្ថែមថា វាហាក់ដូចជាជាលើកដំបូងហើយ ដែលពលេដ្ឋកាន់លិខិតឆ្លងដែនបរទេស ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស លើប្រជាជាតិជ្វីហ្វ មក។ គួររម្លឹកផងដែរថា ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាល ពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការកណ្តាលជាច្រើនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ ហើយការប្រយុទ្ធគ្នាចុងក្រោយបំផុតនេះ បាននាំឱ្យមានអ្នកស្លាប់ និងរងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕

កូរ៉េខាងត្បូង៖ រុស្ស៊ី ជួយកូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម

2023/11/02 10:59:45 am        120
ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ប្រទេសកូរ៉េខាងជើង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួន ហើយឱកាសនៃការប៉ុនប៉ងលើកទីបី មួយនេះ អាចទទួលបានជោគជ័យខ្ពស់ ដោយមានការជួយពីប្រទេសរុស្ស៊ី។សមាជិកនៃគណៈកម្មាការសភារបស់កូរ៉េខាងត្បូង លោក យ៉ូ សាងប៊ុម (Yoo Sang-bum) បាននិយាយដោយដកស្រង់របាយការណ៍របស់ទីភ្នាក់ងារចារកម្មជាតិ (NIS) ថា កូរ៉េខាងជើង ហាក់ដូចជាបានទទួលជំនួយបច្ចេកទេសពីរុស្ស៊ី ហើយទំនងជាកំពុងពិនិត្យមើលម៉ាស៊ីន និងយន្តការបាញ់បង្ហោះរបស់យាននេះ ប៉ុន្តែរបាយការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយសារតែហេតុផលសន្តិសុខ។កូរ៉េខាងជើង ធ្លាប់បានសន្យាថា ខ្លួននឹងធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទីបី នៅក្នុងខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការបង្ហាញណាមួយថា ខ្លួនហៀបនឹងបន្តដំណើរការបាញ់បង្ហោះនោះទេ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកញ្ញា នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ជាទីដែលលោកបានទៅទស្សកិច្ចស្ថានីយបាញ់បង្ហោះយានអវកាសទំនើបរបស់រុស្ស៊ី ដោយជំរុញឱ្យមានការរំពឹងទុកថា ទីក្រុងមូស្គូ នឹងជួយដល់កម្មវិធីអវកាសរបស់កូរ៉េខាងជើង ជាថ្នូរនឹងការផ្គត់ផ្គង់អាវុធធម្មតាពីប្រទេសផ្ដាច់ខ្លួនមួយនេះដល់រុស្ស៊ី ផងដែរ៕

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅប្រទេសម៉ិកស៊ិកភាគខាងត្បូង ព្យាយាមទៅដល់ព្រំដែនសហរដ្ឋអាមេរិក

2023/11/02 10:13:58 am        133
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃពុធបានស្នើសុំធ្វើដំណើរឆ្លងកាត់ប្រទេសប្រទេសនេះ ដើម្បីបានទៅដល់ព្រំដែនភាគខាងជើងជាមួយសហរដ្ឋអាមេរិក។ភាគច្រើនក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនេះ កំពុងធ្វើដំណើរជាមួយក្រុមគ្រួសាររបស់ពួកគេ។ ពួកគេបានមកប្រមូលផ្តុំគ្នានៅទីក្រុង Huixtla ក្នុងរដ្ឋ Chiapas ដើម្បីសម្រាកមុនការធ្វើដំណើរទៅកាន់ភាគខាងជើង។ពួកគេបានប្រាប់សារព័ត៌មានរ៉យទ័រ អំពីភាពក្រីក្រ និងភាពអសន្តិសុខ នៅក្នុងប្រទេសកំណើតរបស់ពួកគេ ដែលបានធ្វើឲ្យេពួកគេសម្រេចចិត្តធ្វើអន្តោប្រវេសន៍។ជនអន្តោប្រវេសន៍ជនជាតិហុងឌុយរ៉ាស់ លោក Eliseo Portillo បាននិយាយថាការធ្វើអន្តោប្រវេសន៍ គឺជាដំណោះស្រាយតែមួយគត់ដែលលោកមាន បន្ទាប់ពីបានបាត់បង់អ្វីគ្រប់យ៉ាង អំឡុងព្យុះសង្ឃរា Eta និង Iota កាលពីឆ្នាំ២០២០។នៅឆ្នាំនេះ បានមើលឃើញពីចំនួនខ្ពស់បំផុតនៃជនអន្តោប្រវេសន៍ឆ្លងកាត់តំបន់ Darien Gap តភ្ជាប់ប្រទេសប៉ាណាម៉ានិងប្រទេសកូឡំប៊ី។

សារព័ត៌មាន WSJ៖ ចិន យល់ព្រមចរចាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

2023/11/02 10:08:43 am        242
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយនេះ ដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីអាមេរិក អូបាម៉ា មក។ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី (Wang Yi) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ថា ប្រទេសទាំងពីរនឹងរៀបចំ «ការពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ» នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាការពិភាក្សាដាច់ដោយឡែកពីគ្នាអំពីកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀតផងដែរ។របាយការណ៍របស់សារព័ត៌មាន WSJ បាននិយាយថា កិច្ចពិភាក្សាអាវុធទាំងនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដឹកនាំដោយលោក ម៉ាឡូរី ស្ទូវើត (Mallory Stewart) មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និងលោក ស៊ុន ស៊ាវប៉ូ (Sun Xiaobo) ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។មន្ទីរបញ្ចកោណបាននិយាយកាលពីខែតុលាថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ច្រើនជាង ១.០០០គ្រាប់ នៅឆ្នាំ២០៣០ ប៉ុន្តែទីក្រុងប៉េកាំង បានប្រកែកជាយូរមកហើយថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងនេះរួចទៅហើយ។កិច្ចចរចាអាវុធរវាងប្រទេសទាំងពីរនេះ នឹងកើតឡើងមុនពេលលទ្ធភាពនៃកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកា ខាងមុខនេះ ទោះបីជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់លោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា ព័ត៌មានលម្អិតសំខាន់ៗមិនទាន់ត្រូវបានគូសបញ្ជាក់នៅឡើយក៏ដោយ៕

អ្នកជម្លៀសខ្លួនដំបូងចាកចេញពីតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលវាយប្រហារលើជំរំជនភៀសខ្លួនជាថ្មីទៀត

2023/11/02 10:05:16 am        159
ក្រុមអ្នកស្រុកនិងជនបរទេសដែលរងរបួសបានរត់គេចពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធ ទី ១ ខែវិច្ឆិកា ជាការជម្លៀសដំបូងពីទឹកដីប៉ាឡេស្ទីនរងការហែកហួរដោយសង្រ្គាមដែលត្រូវបានវាយលុកដោយយន្តហោះចម្បាំងអ៊ីស្រាអែល សងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសមិនធ្លាប់មាន ចូលទីក្រុងជាច្រើនរបស់អ៊ីស្រាអែល ។ អ្នកជម្លៀសត្រូវបានដឹកតាមរថយន្តសង្គ្រោះតាមច្រកព្រំដែនរ៉ាហ្វា(Rafah)។នៅក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអេហ្ស៊ីប អ៊ីស្រាអែល និងក្រុមហាម៉ាស ជនបរទេសមួយចំនួន និងអ្នកដែលរងរបួសធ្ងន់ធ្ងរនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីទឹកដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។ អ្នកយកព័ត៌មាន AFP នៅឯព្រំដែនភាគខាងត្បូងតំបន់ហ្កាហ្សា បានឃើញរថយន្តគិលានសង្គ្រោះបន្ទាន់កំពុងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យចល័តរបស់អេហ្ស៊ីប រួមទាំងក្មេងប្រុសម្នាក់ដែលមានរុំបង់ក្នុងស្ថានភាពរបួសធ្ងន់នៅជុំវិញពោះរបស់គេ។ គ្រួសារទាំងអស់ ដែលព្យាយាមគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន បានប្រញាប់ប្រញាល់ឆ្លងកាត់ព្រំដែន មានការយាមកាមដ៏រឹងមាំឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប ដែលគេរំពឹងថានឹងទទួលយកអ្នកកាន់លិខិតឆ្លងដែនបរទេសយ៉ាងហោចណាស់៤០០នាក់ និង៩០ នាក់ដែលរងរបួសធ្ងន់ធ្ងរបំផុតនិងមានជំងឺ។ ជំរំចាបាលីយ៉ា (Jabalia បានរងការវាយប្រហារលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃកាលពីថ្ងៃពុធ ដោយរូបភាពីទូរទស្សន៍ AFPTV បង្ហាញពីការខូចខាតដ៏ធ្ងន់ធ្ងរ និងអ្នកជួយសង្គ្រោះ អ្នកកប់ក្រោមកម្ទេចថ្ម ប្រឡាក់ដោយឈាម។យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សរាប់សិបនាក់បានស្លាប់និងរងរបួស ដែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលចំលើជំរំជនភៀសខ្លួននេះ ឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៧ នាក់ ៕

ផ្សារមូលបត្រកម្ពុជា គ្រោងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិន

2023/11/01 03:07:23 pm        170
ភ្នំពេញ៖ ក្នុងទិសដៅអភិវឌ្ឍន៍ទីផ្សារ និងលើកស្ទួយវិស័យមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា​គ្រោង​បង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ​បន្ថែមទៀត ​ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់​អារម្មណ៍​ធ្វើការវិនិយោគកាន់តែកើនឡើង​ថែមទៀត ​ជាពិសេសដើម្បីជំរុញឲ្យមានការ​បោះផ្សាយ​មូលបត្របំណុល តាមរយៈការលក់សញ្ញាបណ្ណបៃតង ​សញ្ញាបណ្ណសង្គម និង​សញ្ញាបណ្ណនិរន្តរភាព។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានមានប្រសាសន៍ថា​ នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រ​នឹងដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានានៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តម បានបន្តថា ប្រសិនបើវិនិយោគិន ​ចាប់ផ្ដើមចាប់អារម្មណ៍​ និងចង់បានសេដ្ឋកិច្ចបៃតង ក្រុមហ៊ុនបោះផ្សាយត្រូវចាប់ផ្ដើមអនុវត្តតាម ​ដោយប្រកាន់យកនូវគោលនយោបាយនានា ដែលគាំទ្រដល់សេដ្ឋកិច្ចបៃតង។ ឯកឧត្តម បន្ថែមថា វិនិយោគិនបច្ចុប្បន្ន ព្រមទទួលយកអត្រាការប្រាក់ទាបជាងមុនបន្តិច ប្រសិន​បើមូលបត្រ​ដែលគេកំពុងពិចារណាវិនិយោគ ជាមូលបត្រដែលបោះផ្សាយ​ដោយក្រុមហ៊ុន​ដែល​ប្រកាន់​យកគោលការណ៍ ESG ច្បាស់លាស់។ ​បន្ថែមពីនេះទៀត​ ផ្សារមូលបត្រកម្ពុជា ក៏បានបង្កើត​នូវ​កម្មវិធីថ្មីមួយទៀតមានឈ្មោះថា CSX Fun Run ដែលជាការផ្គួចផ្តើមឡើង​ក្នុងគោលបំណងលើកសេដ្ឋកិច្ចសង្គម ​និងបរិស្ថាន (ESGs) ផងដែរ បន្ទាប់ពីកម្មវិធី My First Stock។គិតមកដល់បច្ចុប្បន្ននេះ​ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន២០ ​បានចុះបញ្ជីលក់មូលបត្រ ក្នុងនោះ​ក្រុមហ៊ុនចំនួន១១ ​បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ​និងក្រុមហ៊ុនចំនួន៩ បានចុះ​បញ្ជីលក់មូល​បត្រ​បំណុល និង​បានប្រមូល​ទុនពី​សាធារណជន​តាមរយៈផ្សារហ៊ុន​សរុបចំនួន​ប្រមាណ ៣៣០លានដុល្លារអាមេរិក។​ ដោយឡែក​ ចំនួនវិនិយោគិន គណនីជួញដូរមានការ​កើនឡើង​ប្រមាណជាង ​៤៤,០០០គណនី៕

ជនសង្ស័យសារភាពថា ខ្លួនពិតជាក្លែងព្រះរាជសារ ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនា

2023/11/01 02:42:17 pm        7562
ភ្នំពេញ៖ នៅថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ​ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែល​ត្រូវបានបង្ហោះ​ចែកចាយ​ក្នុងប្រព័ន្ធបណ្តាញសង្គម​ និងដោយមានបទបញ្ជាពីប្រមុខ​រាជរដ្ឋាភិបាល​ អគ្គស្នងការដ្ឋាននគរបាលជាតិ ​បានសហការ​ជាមួយអាជ្ញាធរពាក់ព័ន្ធ បើក​ប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។ករណីនេះផងដែរអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលអោយខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត។

ការស្អប់ខ្ពើមជនជាតិជ្វីហ្វ បានរីករាលដាលកាន់តែខ្លាំងទូទាំងពិភពលោក ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា

2023/11/01 01:42:03 pm        181
ប្រទេសជាច្រើនជុំវិញពិភពលោក បានចាប់ផ្តើមមើលឃើញកំណើននៃការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ដោយបានផ្ទុះឡើងដោយជម្លោះជុំថ្មីនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក ទីក្រុងឡុងដ៍្រ របស់ចក្រភពអង់គ្លេស និងកន្លែងផ្សេងៗទៀត មានមនុស្សរត់តាមផ្លូវហើយស្រែកពាក្យសម្ដីបែបស្អប់ខ្ពើមថា «សម្លាប់ជនជាតិជ្វីហ្វ» ឬ «ជនជាតិជ្វីហ្វ គួរឲ្យស្អប់ខ្ពើម» ជាដើម។ ចំណែកនៅក្នុងប្រទេសចិនវិញ មានការបង្ហោះអនឡាញជាច្រើន ដែលប្រដូចជនជាតិជ្វីហ្វ ទៅនឹងប៉ារ៉ាស៊ីត បិសាចជញ្ជក់ឈាម ឬសត្វពស់ជាដើម បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយទាក់ទាញការចូលចិត្តរាប់ពាន់នាក់។ទាំងនោះ គឺជាឧទាហរណ៍នៃឧប្បត្តិហេតុនៃការប្រឆាំងជនជាតិជ្វីហ្វ ដែលបានកើនឡើងនៅទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងសង្រ្គាមជាបន្តបន្ទាប់លើក្រុមអ៊ីស្លាមនិយមមួយនេះ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ស្ទ្រីប មក។នៅក្នុងបណ្ដាប្រទេសជាច្រើន មានដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូង បានបង្ហាញកំណើនបញ្ហាទាំងនោះយ៉ាងច្បាស់ ដោយចំនួនឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងរាប់រយភាគរយចាប់តាំងពីថ្ងៃទី៧ ខែតុលា មកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នៅក្នុងករណីនៃឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វ ភាគច្រើនរួមមានការបំពានពាក្យសម្ដី ការប្រមាថតាមអ៊ីនធឺណិត ឬការគម្រាមកំហែង និងការបង្ខូចទ្រព្យសម្បត្តិរបស់ជនជាតិជ្វីហ្វ អាជីវកម្ម ឬគេហទំព័រដែលមានសារៈសំខាន់ខាងសាសនា ព្រមទាំងការរំលោភបំពានលើរាងកាយជាដើម៕

មន្ត្រីអាមេរិកអះអាងថា អ៊ីស្រាអែលបានបាញ់ទម្លាក់មីស៊ីលបាលិស្ទិក ដែលបាញ់ចេញពីប្រទេសយ៉េម៉ែន

2023/11/01 01:39:09 pm        222
មន្ត្រីអាមេរិកពីររូប បាននិយាយថា៖ក្រុមសកម្មប្រយុទ្ធ ដែលគេជឿថា ជាក្រុមឧទ្ទាមហ៊ូធី បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យមពីប្រទេសយ៉េម៉ែនសំដៅទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា មីស៊ីលនេះ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Arrow របស់អ៊ីស្រាអែល ដែលត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយ IDFបានបញ្ជាក់ថា មីស៊ីលដែលជំរុញដោយរ៉ុក្កែត ត្រូវបានបាញ់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែលពីទិសដៅរបស់សមុទ្រក្រហម ប៉ុន្តែមិនបានបញ្ជាក់ថាតើវាមានប្រភពមកពីប្រទេសយ៉េម៉ែនឬអត់ទេ។មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា មីស៊ីលដែលមានរយៈចម្ងាយ ២.០០០ គីឡូម៉ែត្រ (ប្រហែល ១.២៤០ ម៉ាយ) ឬលើសពីនេះ មិនបានគំរាមកំហែងដល់នាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រក្រហម ឬកងទ័ពអាមេរិក ឬបុគ្គលិក នៅក្នុងតំបន់នោះទេ។អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា កាលពីថ្ងៃទី១៩ ខែតុលា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង និងមីស៊ីលតម្រង់គោលដៅចំនួនបីគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយ៉េម៉ែន ហើយកំពុងរត់«សំដៅទៅប្រទេសអ៊ីស្រាអែលយ៉ាងច្បាស់»។

មនុស្ស៣នាក់រងរបួស បន្ទាប់ពីពិដាននៅផ្សារទំនើបប្រទេសម៉ាឡេស៊ីបាក់ធ្លាក់

2023/11/01 01:34:18 pm        123
មនុស្ស ៣ នាក់ បានរងរបួស បន្ទាប់ពីពិដាននៅផ្សារទំនើប Megah Rise Mall ក្នុងទីក្រុង Petaling Jaya ប្រទេសម៉ាឡេស៊ី បានបាក់ធ្លាក់ ក្នុងពេលមានខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នេះ។ វីដេអូរយៈពេល ៣៧ វិនាទី ដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីការបាក់ធ្លាក់ពិដាន។ ឆ្មាំសន្តិសុខជាច្រើននាក់ ត្រូវបានគេឃើញនាំមនុស្សទៅកាន់ទីកន្លែងសុវត្ថិភាព។ ភ្ញៀវមួយចំនួនបានឮសំឡេងស្រែក ខណៈពួកគេរត់គេចចេញពីកន្លែងនោះ។ ក្នុងការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក អ្នកគ្រប់គ្រងផ្សារទំនើប បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ។សេចក្តីរាយការណ៍និយាយថា នៅវេលាម៉ោងប្រមាណ៣រសៀលម៉ោងក្នុងតំបន់ អំឡុងពេលមានខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង ពិដានកញ្ចក់នៅជិតច្រកចូលធំបានបាក់ធ្លាក់ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ហើយទាំងបីនាក់នេះ បានទទួលការថែទាំផ្នែកវេជ្ជសាស្ត្រជាចាំបាច់។ តំបន់ដែលរងផលប៉ះពាល់ រួមមានច្រកចូលធំ ជណ្តើរយន្តលើកសត្វចិញ្ចឹម និងទីធ្លាទទួលទានអាហារ ដែលត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ ក្រៅពីនេះទីតាំងទាំងអស់នៅហាងទំនិញ ដំណើរការដូចធម្មតា។ លោក Low Eng Hooi នាយកប្រតិបត្តិក្រុមហ៊ុន PPB Properties ជាម្ចាស់ផ្សារទំនើបបាននិយាយថា ក្រុមអ្នកប្រឹក្សាយោបល់ បានចូលរួមដើម្បីធ្វើការវាយតម្លៃរចនាសម្ព័ន្ធ ធ្វើការជួសជុល និងធ្វើឲ្យរឹងមាំឡើងវិញជាចាំបាច់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM