សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លិចបំផ្លាញអគារនៅកណ្ដាលទីក្រុងម៉ូស្គូរបស់រុស្ស៊ី

2023/08/18 11:22:31 am        229
រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយយានដ្រូន បានបំផ្លិចបំផ្លាញអគារមួយនៅកណ្ដាលទីក្រុងម៉ូស្គូ (Moscow) នៅព្រឹកថ្ងៃសុក្រនេះ បណ្ដាលឲ្យផ្ទុះឆេះ ដែលគេបានលឺទូទាំងសង្កាត់ពាណិជ្ជកម្មមួយនេះរបស់រុស្ស៊ី។សារព័ត៌មាន Reuters ដែលបានឃើញហេតុការណ៍ក្នុងតំបន់នោះ បានហៅថាជាការផ្ទុះដ៏ខ្លាំងក្លា។  អភិបាលក្រុង ម៉ូស្គូ លោក ហ្សឺហ្គេ ស៊ូបយ៉ានីន (Sergei Sobyanin) បាននិយាយនៅកនុងសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គម Telegram ផ្លូវការរបស់លោកថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង និងហើយបំបែកបានធ្លាក់លើមជ្ឈមណ្ឌលតាំងពិព័រណ៍ ។ មជ្ឈមណ្ឌលតាំងពិព័រណ៍ នេះមានទីវាលធំទូលាយ ដែលត្រូវបានប្រើប្រាស់ជាកន្លែងតាំងលក់ផលិតផល មានសម្ងាយជិត៥គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ រូបភាពវីដេអូ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបង្ហាញពីផ្សែងក្រាស់រសាត់លើអាកាស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅពីក្រោយការវាយប្រហារដោយយានដ្រូននេះ តែពុំមានការអត្ថាធិប្បាយណាមួយភ្លាមៗទីក្រុងគីវ (Kyiv) ទេ ៕

មន្ទីរពេទ្យ បានជម្លៀសអ្នកជំងឺ នៅកូឡំប៊ីភាគកណ្តាល បន្ទាប់ពីរញ្ជួយដីកម្រិត៦,៣រ៉ិកទ័រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

2023/08/18 11:19:52 am        222
អាមេរិក៖ យោងតាមការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៦,៣ រិចទ័រ បានវាយប្រហាររដ្ឋធានី Bogota ប្រទេសកូឡំប៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឲ្យពលរដ្ឋភ័យខ្លាចត្រូវជម្លៀសខ្លួនឡើងមកលើដងផ្លូវ និងបណ្តាលឲ្យស្ត្រីម្នាក់ដួលស្លាប់។នៅពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការបំផ្លាញទ្រង់ទ្រាយធំពីរញ្ជួយដីនេះនៅឡើយ ដែលការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានរាយការណ៍ថា ជារញ្ជួយដីកម្រិត ៦,១ រិចទ័រ។  អភិបាលក្រុងលោក Claudia Lopez បាននិយាយលើបណ្តាញ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគេស្គាល់ជាផ្លូវការថា Twitter ថា សោកនាដកម្មដែលបានកើតឡើង នៅភាគអាគ្នេយ៍នៃរដ្ឋធានី ជាកន្លែងដែលស្ត្រីម្នាក់បានដួលធ្លាក់ចេញតាមបង្អួចស្លាប់អំឡុងការរញ្ជួដី។ នៅក្នុងទីក្រុង Villavicencio ទីភ្នាក់ងារបានរាយការណ៍ពីបំណាក់ដី និងបាននិយាយថា បុគ្គលិករបស់ខ្លួនកំពុងពិនិត្យមើលសម្រាប់ផលប៉ះពាល់បន្ថែមទៀត។ នៅក្នុងតំបន់នេះ មន្ទីរពេទ្យមួយកន្លែងបានជម្លៀសអ្នកជំងឺរបស់ខ្លួនដោយដាក់នៅលើគ្រែពេទ្យនៅលើដងផ្លូវ។ការរញ្ជួយដីដំបូង បានកើតឡើងដោយមានការរញ្ជួយទ្រង់ទ្រាយតូចរយៈពេលប៉ុន្មាននាទី ខណៈមនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានានៅក្នុងទីក្រុង។ ការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានប៉ាន់ប្រមាណថា ការរញ្ជួយដីលើកទី២ មានកម្រិត៥,៦រិចទ័រ ដោយក្រោយមកមានការរញ្ជួយទ្រង់ទ្រាយតូច កម្រិត៤,៨ រិចទ័រ៕

ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ៖ លោកពូទីន មិនជំរុញបេឡារុសឲ្យចូលរួមសង្គ្រាមអ៊ុយក្រែនទេ

2023/08/18 11:15:18 am        247
បេឡារុស៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនបានជំរុញប្រទេសបេឡារុសឲ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែលោកបានព្រមានថា ទីក្រុងមីនស្ក៍ (Minsk) នឹងឆ្លើយតបទៅនឹងការឈ្លានពានពីខាងក្រៅ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលដាក់ពង្រាយនៅក្នុងប្រទេសរបស់ខ្លួន។នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកលូកាសិនកូ បាននិយាយថា លោកជឿថា លោកពូទីន បានសម្រេចគោលដៅរបស់ខ្លួន នៅអ៊ុយក្រែន ហើយថា ទីក្រុងគីវ និងទីក្រុងមូស្គូ គួរតែអង្គុយតុចរចា ហើយត្រៀមខ្លួន ដើម្បីពិភាក្សាពីបញ្ហាទាំងអស់រួមទាំងអនាគតនៃតំបន់គី្រម៉េ ( Crimea) និងទឹកដីអ៊ុយក្រែនផ្សេងទៀត ដែលរុស្ស៊ីអះអាងសិទ្ធិ។ លោកបាននិយាយថា៖«ការចរចា គួរតែចាប់ផ្តើម ដោយគ្មានលក្ខខណ្ឌជាមុន។ នេះគឺជាប្រពៃណីនៃការទូតណាមួយ។ ខ្ញុំក៏គឹតចឹងដែរ។ យើងត្រូវអង្គុយនៅតុចរចា ហើយពិភាក្សារឿងគ្រប់យ៉ាង រួមមានតំបន់ គ្រីម៉េ និងឃើសុន ( Kherson) ហ្សាប៉ូរីហ្សា ( Zaporizhia) , ដូណិតស្ក៍ (Donetsk) និងលូហានស្ក៍ (Luhansk)។ អ្វីគ្រប់យ៉ាងនៅទីនោះ ត្រូវតែពិភាក្សា»។លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោកពូទីន ដែលប្រទេសខ្លួនមានព្រំប្រទល់ជាប់ប្រទេសឹអ៊ុយក្រែន រុស្ស៊ី និងប្រទេសបីរបស់អង្គការណាតូ រួមទាំងប៉ូឡូញ បាននិយាយថា មេដឹកនាំរុស្ស៊ីរូបនេះ មិនមានហេតុផលពាក់ព័ន្ធនឹងបេឡារុសដោយផ្ទាល់នៅក្នុងជម្លោះនោះទេ៕

ចំនួនមនុស្សគ្មានផ្ទះសម្បែងកើនឡើងក្នុងល្បឿនលឿនបំផុតនៅសហរដ្ឋអាមេរិក

2023/08/18 11:12:05 am        274
អាមេរិក៖ យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទរបស់ Wall Street Journal សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងខ្ពស់នៃចំនួនអ្នកគ្មានផ្ទះសម្បែងរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញដែលប៉ះពាល់ជីវភាពរស់នៅ។  យោងតាមទិន្នន័យរបស់សារព័ត៌មាននេះ បានមកពីអង្គភាពជាង ៣០០ ដែលរាប់ទាំងចំនួនមនុស្សគ្មានផ្ទះសម្បែងនៅតាមតំបន់នានាចាប់ពីទីក្រុងនានារហូតដល់បណ្ដារដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ហើយចំនួនសរុបនៅពេលនេះរួមមានមនុស្សគ្មានផ្ទះសម្បែងជាង ៥៧៧. ០០០ នាក់។យោងតាមទិន្នន័យខាងលើ ចំនួនអ្នកគ្មានផ្ទះសម្បែងបានកើនឡើងប្រហែល១១ ភាគរយធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការតាមដានបានចាប់ផ្តើមកាលពីឆ្នាំ ២០០៧។ ការកើនឡើងខ្ពស់បំផុតទីពីរត្រូវបានគេមើលឃើញកាលពីឆ្នាំ ២០១៩ គិតជាតួលេខនៅពេលនោះ ស្មើរ ២,៧ភាគរយ។ជាងនេះទៅទៀត សារព័ត៌មាននេះបានកត់សម្គាល់ថា ដោយសារមានមនុស្សអនាថាមួយចំនួនធំដែលមិនត្រូវបានរាប់បញ្ចូលក្នុងការស្ទង់ចំនួននោះ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។ទិន្នន័យពីប្រភពផ្សេងទៀតក៏បានបង្ហាញដែរថាប្រហែល៣០%នៃអ្នកគ្មានផ្ទះសម្បែងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័នីរញ៉ា។ ការស្ទង់ក្នុងស្រុកបង្ហាញថា អ្នកគ្មានផ្ទះសម្បែងជាច្រើននៅទីនោះមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយស្ទើរតែមិនអាចទទួលបានសេវាវេជ្ជសាស្រ្ត៕

មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសនៅលើកោះ ធេណេរីហ្វរបស់អេស្ប៉ាញ ខណៈចំហេះព្រៃរាលដាលខ្លាំង

2023/08/18 11:09:26 am        385
អេស្ប៉ាញ៖ អ្នកស្រុក ឡា អេស្ពើរ៉ានហ្សា (La Esperanza )នៅ លើកោះ ធេណេរីហ្វ (Tenerife )បានមើលឃើញចំហេះព្រៃដែលបានឆាបឆេះនៅក្នុងឧទ្យានជាតិតំបន់ភ្នំមួយនៅលើកោះរបស់អេស្ប៉ាញក្នុងតំបន់មហាសមុទ្រអាត្លង់ទិក ដោយបង្ខំឲ្យពួកគេស្ថិតនៅក្រោមវិធានការការបិទខ្ទប់ប្រុងប្រយ័ត្នកាលពីថ្ងៃព្រហស្បតិ៍ ១៧ សីហា ស្របពេលប្រជាពលរដ្ឋនៅបណ្ដាទីក្រុងផ្សេងទៀតត្រូវជម្លៀសចេញដោយបន្សល់ទុកមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។ចំហេះព្រៃបានឆេះរាលដាលទំហំ៣១ គីឡូម៉ែត្រ ទូទាំងតំបន់ព្រៃឈើស្ងួតគ្របដណ្តប់លើគែមទាំងពីរនៃជ្រលងភ្នំដ៏ចោតនៅជិតភ្នំភ្លើងថេដេ (Mount Teide) ជាកំពូលខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ ដែលរារាំងការចូលទៅកាន់តំបន់នេះ និងគ្របដណ្តប់លើកោះជាច្រើនដោយផ្សែង និងផេះ។ភ្លើងឆេះព្រៃដែលបានឆាបឆេះឡើងកាលពីថ្ងៃពុធ បានឆេះបំផ្លាញផ្ទៃដីទំហំ ២.៦០០ ហិចតា ហើយខណៈក្រុមអ្នកស្រុកក្នុងភូមិមួយចំនួនត្រូវបានជម្លៀសចេញដើម្បីបញ្ជៀសពីគ្រោះថ្នាក់ អ្នកស្រុកមួយចំនួនផ្សេងទៀតត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សចំនួន ៣.៥០០នាក់ បន្ថែមទៀត។អង្គភាពការពារស៊ីវិលបាជម្លៀសមនុស្ស ១.២៩៤ នាក់ ចេញពីផ្ទះរបស់ពួកគេនៅក្នុងក្រុង អេល រ៉ូសារីយ៉ូ ( El Rosario) និង មនុស្សចំនួន១.៥២៥នាក់ពីតំបន់នៃទីក្រុង ឡា អូរ៉ូតាវ៉ា( La Orotava) កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការជម្លៀសប្រជាជនសរុបបាន ជាង៣. ៨០០នាក់ និងមនុស្សជាច្រើននាក់ទៀតនៅតែត្រូវបានអនុវត្ត ការជម្លៀស ៕

មន្ត្រីតាលីបង់៖ ស្ត្រីទាំងឡាយបាត់បង់តម្លៃ ប្រសិនបើបុរសអាចមើលឃើញមុខរបស់ពួកគេនៅទីសាធារណៈ

2023/08/18 11:00:08 am        83
តាលីបង់៖ អ្នកនាំពាក្យរបស់ក្រសួងសំខាន់មួយនៃរដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីបាត់បង់តម្លៃ ប្រសិនបើបុរសអាចមើលឃើញមុខរបស់ពួកគេនៅទីសាធារណៈ ដោយបន្ថែមថា ក្រុមអ្នកប្រាជ្ញផ្នែកសាសនា នៅក្នុងប្រទេសនេះ យល់ស្របថា ស្ត្រីត្រូវតែបិទមុខ នៅពេលនៅខាងក្រៅផ្ទះ។ពួកតាលីបង់ដែលបានចូលកាន់កាប់ប្រទេសនេះក្នុងខែសីហា ឆ្នាំ ២០២១ បានលើកឡើងពីការបរាជ័យរបស់ស្ត្រីក្នុងការសង្កេតមើលវិធីត្រឹមត្រូវ ក្នុងការពាក់ហ៊ីចាប ឬ ស្បៃឥស្លាម ដែលជាហេតុផលសម្រាប់ការរារាំងពួកគេពីកន្លែងសាធារណៈភាគច្រើន ក្នុងនោះមានសួនឧទ្យាន កន្លែងការងារ និងសាកលវិទ្យាល័យ។ .លោកម៉ូល ម៉ូហាមេដ សាឌីក អាគីហ្វ (Molvi Mohammad Sadiq Akif) អ្នកនាំពាក្យរបស់ក្រសួងបាបធម៌ និងគុណធម៌របស់តាលីបង់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយសារព័ត៌មាន APថា ប្រសិនបើមុខរបស់ស្ត្រីអាចមើលឃើញ នៅទីសាធារណៈ នោះនាំឲ្យមានលទ្ធភាពនៃការបែកបាក់ ( Fitnah) ឬ ធ្លាក់ចូលទៅក្នុងអំពើបាប។លោកអាគីហ្វ បាននិយាយថា៖«វាពិតជាអាក្រក់ណាស់ ដែលឃើញស្ត្រី (ដោយគ្មានពាក់ហ៊ីចាប) នៅក្នុងតំបន់មួយចំនួន (ទីក្រុងធំ) ហើយអ្នកប្រាជ្ញរបស់យើង ក៏យល់ស្របថា មុខរបស់ស្ត្រីគួរតែត្រូវបានលាក់បាំង។ វាមិនមែនថា មុខរបស់នាង អាក្រក់ ឬមានរបួសស្នាមអ្វីទេ។ មនុស្សស្រីមានតម្លៃខ្លួនឯង ហើយតម្លៃនោះ ធ្លាក់ចុះដោយសារបុរសសំឡឹងមើលមុខនាង។ ព្រះអាឡោះ ផ្តល់ការគោរពចំពោះស្ត្រីដែលពាក់ហ៊ីចាប ហើយតម្លៃ គឺស្ថិតនៅត្រង់នេះ៕

ចិនបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់របស់អាមេរិក លើការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ

2023/08/18 08:51:31 am        319
ចិន៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting (ស៊ូ ជៀកធីង) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ចំពោះការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ ដោយសារខ្លួនខិតខំសម្រាប់ទីផ្សារតម្រង់ទិស ផ្អែកលើច្បាប់ និងបរិយាកាសធុរកិច្ចអន្តរជាតិសម្រាប់ក្រុមហ៊ុនទាំងអស់។នៅក្នុងសវនាការនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយសភាតំណាងសហរដ្ឋអាមេរិក សវនាការនោះត្រូវបានគេណែនាំថា ប្រទេសចិនបាននិងកំពុងទទួលបានបច្ចេកវិទ្យា ទិន្នន័យ និងកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកដោយបង្ខំ ឬតាមរយៈការរួមបញ្ចូលគ្នា ដើម្បីជួយក្រុមហ៊ុនចិនជំនួសសមភាគីសហរដ្ឋអាមេរិករបស់ពួកគេ។លោកស្រី Shu បាននិយាយ «សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយភាគីអាមេរិក គឺផ្ទុយស្រឡះពីការពិត។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក គឺជាផលប្រយោជន៍ទៅវិញទៅមក និងវិធានការឈ្នះ-ឈ្នះ។ ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនមកពីគ្រប់ប្រទេស រួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍ និងទទួលបានជោគជ័យនៅក្នុងប្រទេសចិន ហើយខិតខំបង្កើតបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ ផ្អែកលើច្បាប់ និងអន្តរជាតិសម្រាប់ក្រុមហ៊ុនគ្រប់ប្រភេទ»។អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក ប្រព្រឹត្តចំពោះក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក ដោយយុត្តិធម៌ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ៕

អាជ្ញាធរកាណាដា ជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីទីក្រុងក្នុងភាគខាងជើងខណៈចំហេះព្រៃរាលដាលខ្លាំង

2023/08/18 08:34:27 am        268
កាណាដា៖ ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហាបានព្យាយាមទប់ស្កាត់អណ្ដាតភ្លើងពីចំហេះព្រៃ កុំឲ្យរាលដាលដល់ទីក្រុង Yellowknife ភាគខាងជើង ជាទីដែលអ្នកស្រុកទាំងអស់ចំនួន ២០.០០០ នាក់ កំពុងចាកចេញតាមរថយន្ត និងយន្តហោះបន្ទាប់ពីបញ្ជាជម្លៀសត្រូវបានប្រកាស។ យន្តហោះទម្លាក់ទឹក បានហោះទាបពីលើទីក្រុងYellowknife ខណៈផ្សែងក្រាស់បានគ្របដណ្តប់រដ្ឋធានីនៃដែនដីភាគពាយ័ព្យដ៏ធំ និងមានប្រជាជនតិច។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងដែលកំពុងរំកិលបន្តិចម្តងៗ ពេលនេះស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងនេះ ហើយអាចទៅដល់ជាយក្រុងនៅថ្ងៃសៅរ៍ ប្រសិនបើមិនមានភ្លៀងធ្លាក់។សេវាកម្មពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម Facebook ថា រយៈពេលដ៏លំបាកបំផុតនៅប៉ុន្មានថ្ងៃនៅខាងមុខ ដែលនឹងមានខ្យល់ខ្លាំងរយៈពេលពីរថ្ងៃពីភាគពាយ័ព្យទៅខាងលិច នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ។   នៅក្នុងខេត្ត British Columbia ស្ថិតនៅប៉ាស៊ីហ្វិក ដែលបានទទួលរងចំហេះព្រៃដ៏ខ្លាំងខុសពីធម្មតាក្នុងឆ្នាំនេះ ដោយក្រុមមន្ត្រីបានព្រមានអ្នកស្រុកឲ្យត្រៀមខ្លួនសម្រាប់ស្ថានភាពចំហេះព្រៃដ៏ធ្ងន់ធ្ងរ ។លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau)បានរៀបចំកិច្ចប្រជុំមួយនៃក្រុមឆ្លើយតបឧបទ្ទវហេតុ ដើម្បីពិភាក្សាពីភ្លើងឆេះព្រៃ៕

នាវានៅកំពង់ផែអ៊ុយក្រែន ទៅដល់ប្រទេសទួរគី ទោះបីជាមានការរារាំងពីរុស្ស៊ី

2023/08/18 08:13:48 am        435
រុស្ស៊ី៖ នាវាដឹកទំនិញស៊ីវិល មួយគ្រឿងដែលធ្វើដំណើរពីប្រទេសអ៊ុយក្រែន បានទៅដល់ដែនទឹករបស់ប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការមានៈចំពោះការរារាំងរបស់ទីក្រុងមូស្គូ ដែលបានបង្ហាញថានាវាមួយគ្រឿងផ្សេងទៀត ស្ថិតនៅក្រោមការវាយប្រហារពីបុគ្គលិកយោធារុស្ស៊ី។ នាវា Joseph Schulte ដោតទង់ជាតិទីក្រុងហុងកុង បានចាកចេញពីកំពង់ផែទីក្រុង Odesa កាលពីថ្ងៃពុធ ជានាវាដំបូងគេដែលប្រឈមដោយផ្ទាល់ចំពោះបំណងថ្មីរបស់រុស្ស៊ីដើម្បីបិទដំណើរការរបស់អ៊ុយក្រែនទៅកាន់សមុទ្រខ្មៅ។ ទីតាំងចរាចារណ៍ដែនសមុទ្រ បានបង្ហាញថា នាវាកំពុងចូលមកដែនដីរបស់ទួរគី បន្ទាប់ពីធ្វើដំណើរតាមផ្លូវប្រទេសលោកខាងលិច ដែលបញ្ចៀសដែនទឹកអន្តរជាតិ ក្នុងការគាំទ្ររបស់ប្រទេសទាំងឡាយ ដែលគ្រប់គ្រងដោយសមាជិកសម្ព័ន្ធយោធាណាតូ មានប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី។ ក្រុមហ៊ុនអាល្លឺម៉ង់ ដែលជាសហម្ចាស់កម្មសិទ្ធិនាវាដឹកទូទំនិញ បាននិយាយថានាវានេះនឹងប្រហែលជាទៅដល់គោលដៅរបស់ខ្លួន នៅទីក្រុងអ៊ីស្តង់ប៊ុល នៅល្ងាចថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា នាវានេះកំពុងប្រើប្រាស់ច្រករបៀងមនុស្សធម៌ថ្មី ដែលទីក្រុងគីវបានបង្កើតឡើងបន្ទាប់ពីរុស្ស៊ី បានបោះបង់ចោលកិច្ចព្រមព្រៀងដ៏សំខាន់កាលពីមុនដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអាហារ ឆ្លងកាត់សមុទ្រខ្មៅ។ បេសកកម្មរបស់នាវា Joseph Schulte ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពជើងទឹករុស្ស៊ី បានបាញ់ព្រមាន និងឡើងទៅលើនាវាដឹកទំនិញមានបុគ្គលិកទួរគីធុនតូចមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Izmail ប្រទេសអ៊ុយក្រែន។រុស្ស៊ី បានបង្កើន ការវាយប្រហារលើសមុទ្រខ្មៅរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទន្លេ Danube ចាប់តាំងពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងព្រៀងគ្រាប់ធញ្ញជាតិសម្របសម្រួលដោយប្រទេសទួរគី និងអង្គការសហប្រជាជាតិ៕

សហរដ្ឋអាមេរិក អនុម័តការបញ្ជូនយន្តហោះ F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ពីដាណឺម៉ាក និងហូឡង់

2023/08/18 08:06:19 am        506
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានអនុម័ត ការបញ្ជូនយន្តហោះប្រយុទ្ធ F-16 ទៅកាន់ប្រទេសអ៊ុយក្រែនពីប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ ដើម្បីការពារប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ភ្លាមៗបន្ទាប់ពីការបណ្តុះបណ្តាលអាកាសយានិកបានបញ្ចប់។មន្ត្រីនិយាយថា រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានផ្ញើរលិខិតទៅកាន់ភាគីដាណឺម៉ាក និងហូឡង់ដោយផ្តល់ការធានាថាសហរដ្ឋអាមេរិក នឹងរួសរាន់អនុម័តការផ្ទេរនូវសំណើរសុំយន្តហោះF-16 ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលដែលអាកាសយានិកត្រូវបានបណ្តុះបណ្តាល។ ប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ កាលពីពេលថ្មីៗនេះបានស្នើសុំសម្រាប់ការធានាទាំងនោះ។ សហរដ្ឋអាមេរិកត្រូវតែអនុម័តការផ្ទេរយន្តហោះយោធាពីសម្ព័ន្ធមិត្តរបស់ខ្លួនទៅឲ្យអ៊ុយក្រែន។លោក Bliken បាននិយាយនៅក្នុងលិខិតមួយច្បាប់ទៅកាន់មន្ត្រីប្រទេសទាំងពីរថា ខ្ញុំសរសេរលិខិតនេះដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្រពេញទំហឹងសម្រាប់ប្រទេសទាំងពីរក្នុងការផ្ទេរយន្តហោះប្រយុទ្ធ F-16 ទៅឲ្យប្រទេសអ៊ុយក្រែន សម្រាប់ការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនតាមរយៈគ្រូបណ្តុះបណ្តាល យន្តហោះ F-16 ដែលមានសមត្ថភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM