នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

បង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ សារធាតុញៀនជាង ១៤០០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន

2022/05/26 03:06:15 pm        1347
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១៤០០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចប្រាប់ BTV អោយដឹង នាថ្ងៃទី២៦ ឧសភា ថា កម្លាំងជំនាញ"ក១០" របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក អ៊ុ សុភក្តិ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្រាវជ្រាវ ស៊ើបអង្កេត បទល្មើសគ្រឿងញៀនដោយប្រើរយៈពេលជាង ០២ខែ ។ប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀននេះធ្វើឡើង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង៣០នាទី នៅប្រមាណ ៣ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ។ ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជនជាតិចិន (តៃវ៉ាន់) ១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ)២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស)៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស)៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។ វត្ថុតាងដកហូត-ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ-សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 40 kg 51.7g -ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ 1425 kg -ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 0.9g -សារធាតុគីមីផ្សំ 11 tone 525 kg ។ជនសង្ស័យ ព្រមទាំងវត្ថុតាងទាំងអស់ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។សមត្ថកិច្ចប្រាប់បញ្ជាក់អោយដឹងថា ហេតុការណ៍បង្ក្រាបបទល្មើសគ្រឿងញៀននេះដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ៕ អត្ថបទ៖ តារាវុទ្ធី

ស្ថានប័នជំនាញ និងផ្នែកពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់ការនាំជ្រូក ពីក្រៅប្រទេសដោយគ្មានច្បាប់អនុញ្ញាត

2022/05/26 08:35:14 am        662
ស្វាយរៀង៖ នៅវេលាម៉ោង២២ និង១០នាទីយប់ ឆ្លងចូលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី លួចលាក់នាំជ្រូកចូលពីប្រទេសក្បែរខាងចំនួន ២០ក្បាលមកកាន់ប្រទេសកម្ពុជា។រថយន្តម៉ាកSsangyong istana​ នោះ ពាក់ស្លាកលេខភ្នំពេញ២N-៥៦៣៤ ដឹកសត្វជ្រូករស់ចំនួន២០ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងបម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ៣១៤ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ជនជាតិចិន៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួន រឹបអូសគ្រឿងញៀនជាង ៣០គីឡូក្រាម និងសារធាតុផ្សំជាង ៥៦គីឡូក្រាម

2022/05/25 08:25:08 am        1055
ភ្នំពេញ៖ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជាង៣០ គីឡូក្រាម និងសារធាតុផ្សំ ជាង៥៦គីឡូក្រាម។ ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។ប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ទី១-ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។ ទី២-ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន។ និងទី ៣-ឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ០៣និង៣០ នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។ ចំណុចទី១៖ នៅខុនដូបុរីប៉េងហួត(បឹងស្នោ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

ស្រ្តីម្នាក់ដែលប្រើអំពើហិង្សាវៃធ្វើបាបក្មេង ត្រូវបាននគរបាលឃាត់ខ្លួន

2022/05/24 03:58:01 pm        3032
ភ្នំពេញ ៖ ស្ត្រីម្នាក់បានប្រើអំពើហិង្សាវៃធ្វើក្មេងស្រីម្នាក់ រងរបួសធ្ងន់ធ្ងរ ដែលបានសុំម្ដាយរបស់ក្មេងយកមកនៅជាមួយ អស់រយះពេលជាង១ឆ្នាំមកហើយ ត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួន។ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន និង លោក វរសេនីយ៍ឯក សុខ ហេងធីអិនការនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី វេលាម៉ោងប្រហែល ២៣:៣០នាទីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ កេង ស្រីកា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា នៅផ្ទះកើតហេតុ។តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា បានប្រើដៃវាយលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។បច្ចុប្បន្ន ក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់។ ចំណែកស្រ្តីជនសង្ស័យ បានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕អត្ថបទ៖ កុម្ភៈ

កម្មកររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងជាង៦០នាក់ ស្នើដល់អាជ្ញាធរ​ជូនពន្លឿន​ដំណោះស្រាយជូនពួកគាត់

2022/05/24 10:21:47 am        517
កំពង់ឆ្នាំង៖ កម្មករ-កម្មការិនីជាង ៦០នាក់ រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ឆ្នាំង​កាល​ពីខែមីនា ឆ្នាំ២០២២កន្លងទៅស្នើឲ្យអាជ្ញាធរ និង​តុលាការ​ជួយ​ពន្លឿន​ដោះស្រាយ​សំណងជូនពួកគាត់ ខណៈជនបង្ករ ដែលមានឈ្មោះ ហ៊ន រិន ធ្វើ​ព្រងើយ​កន្តើយ​មិនព្រម​សង​សំណង​ដល់ពួកគាត់នោះ។បងប្អូនកម្មករ-កម្មការិនី ដែលរងគ្រោះ បានថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងដែលស្ថិតនៅត្រង់ចំណុចភូមិរលាំង ឃុំត្បែង ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រវាងរថយន្តដឹកកម្មករោងចក្របើកបរដោយឈ្មោះយ៉ន ធាវ និង​រថយន្ត​ម៉ាកHonda Sangvech ពណ៌ស្ករ បើកបរដោយឈ្មោះហ៊ន រិន ជិះច្រាស់ទិសគ្នា ដោយ​បើកបរ​ក្នុងស្ថានភាពស្រវឹង បានរ៉េទៅបុករថយន្តដឹកកម្មករ បានបណ្តាលឲ្យ កម្មករ-កម្មការិនី​ជិះ​នៅ​លើ​រថយន្តនោះរងរបួសធ្ងន់ស្រាលចំនួន៦៣នាក់។តាមប្រភពបានបញ្ជាក់ទៀតថា បន្ទាប់ពីមានករណីគ្រោះថ្នាក់នេះហើយ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋានបានដឹកកម្មករ-កម្មការិនីទៅ​សង្រ្គោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្បែរ​កន្លែង​កើតហេតុ ដោយឡែកជន បង្ករ ដែលមានឈ្មោះហ៊ន រិន ត្រូវបាន​អាជ្ញាធរ​បញ្ជូនខ្លួន​ទៅ​ឃុំ​បណ្តោះ​អាសន្ន​ ដើម្បីដោះស្រាយទៅតាម ច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះ ករណីនេះ​ស្ងាត់​ហើយ​មិន​ព្រម​ដោះស្រាយជូន ដល់ជនរងគ្រោះនោះទេ បែជាជនបង្ករដាក់​ពាក្យ​បណ្តឹង​ប្តឹងដល់​អ្នក​បើកបរ​រថយន្តដឹកកម្មករទៅវិញ៕

ថៅកែក្លឹបកម្សាន្ត The Storm ដកកាំភ្លើងគំរាម និងផ្ទះអាវុធ១គ្រាប់ បន្ទាប់ពីខឹងបុគ្គលិកជាចុងភៅរបស់ខ្លួន

2022/05/22 10:16:13 am        2587
ភ្នំពេញ ៖ បុរសម្នាក់ដែលជាថៅកែក្លឹបកម្សាន្ត ដឹ ស្តម បានដកកាំភ្លើងគំរាម និងផ្ទុះអាវុធ១គ្រាប់ រួចបើករថយន្តចេញពីកន្លែង ដោយសារខឹងចុងភៅជាបុគ្គលិករបស់ខ្លួននូវរឿងរាវបន្តិចបន្ទួច។ហេតុការណ៍ផ្ទុះអាវុធបង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ចមូលដ្ឋាន បានកើតឡើងកាលពីវេលាម៉ោង១០កន្លះយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កដែលជាថៅកែក្លឹប មានឈ្មោះ ហេង សុផល អាយុជាង៤០ឆ្នាំ។ រីឯបុរសរងគ្រោះមានឈ្មោះ ឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបចុងភៅក្នុងក្លឹប ដឹ ស្តម ។បើតាមសម្ដីបុរសជាចុងភៅនៅក្នុងក្លឹបកម្សាន្តបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កត្រូវជាថៅកែខ្លួន បានចូលមករករឿងដោយមិនសួរហេតុផល និងបានចោទជនរងគ្រោះថា បានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា ហែងតិចទៀតដឹងខ្លួនហើយ។ មួយសន្ទុះក្រោយមកថៅកែរូបនេះ ក៏បានយកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក) មកកន្លែងចុងភៅ រួចបញ្ជូលគ្រាប់ភ្ជុងចុងភៅគំរាម រួចក៏បាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មកក៏ដើរចេញពីក្លឹប បើករថយន្តចេញទៅបាត់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរាំលេងកម្សាន្តក្នុងក្លឹប និងសមត្ថកិច្ចខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។ក្រោយពេលកើតហេតុជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅរៀបរាប់ប្រាប់រឿងហេតុដល់អាជ្ញាធរមានសមត្ថកិច្ច ក៏នាំគ្នាទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការ តាមច្បាប់ ៕

អាវុធហត្ថស្រុកអូរយ៉ាដាវ រុករកឃើញឈើ ១៧ដុំ ដែលឈ្មួញលួចលាក់ទុកក្នុងចំការស្វាយចន្ទី

2022/05/20 05:40:48 pm        707
រតនគិរី៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរី នៅវេលាម៉ោង ២០ និង ១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការចុះស្រាវជ្រាវរុករក និងប្រទះឃើញវត្ថុតាងឈើចំនួន ១៧ដុំ (ពុំទាន់ធ្វើការវាស់វែង) ដែលប្រជាពលរដ្ឋបានដឹកមកទំលាក់ក្នុងចំការស្វាយចន្ទីត្រង់ចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។បច្ចុប្បន្នវត្ថុតាងបានដឹកយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត៕

អ្នកលក់ខោអាវក្លែងបន្លំពាណិជ្ជសញ្ញា នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅតុលាការ

2022/05/17 04:59:06 pm        2772
ប៉ោយប៉ែត ៖ អ្នកលក់ខោអាវបីនាក់ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលផែន ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៥ ខែឧសភានេះ បានរកឃើញថាហាងមួយបានលក់ខោអាវកីឡាជម្រើសជាតិកម្ពុជា ដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយ។លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ជនសង្ស័យម្នាក់ ដែលជាអ្នកផលិតចែកចាយខោអាវនេះ បានសារភាពចំពោះការចោទប្រកាន់នេះ ។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តធ្វើសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដោះស្រាយបន្តតាមនិតិពិធីច្បាប់៕អត្ថបទ៖ ឃិន សារិទ្ធ

មុខសញ្ញាប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ត្រូវបាននគរបាលឃាត់ខ្លួន

2022/05/17 02:22:13 pm        1794
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយនគរបាលជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន និងដកហូតបានអាវុធខ្លី ចំនួន០២ដើម។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៩:៣០នាទី នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រាជធានីភ្នំពេញ។នគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី បូរិទ្ធ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។កម្លាំងនគរបាលជំនាញ បានឲ្យដឹងថា មុនឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដោយ​ទទួលបាន​ពាក្យបណ្ដឹង​របស់ជនរងគ្រោះជាច្រើននាក់ ​ហើយ​កម្លាំង​នគរបាលជំនាញ​បានធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យលើ​ភិនភាគ​ រួចឈាន​ដល់ការកំណត់​មុខសញ្ញា ធ្វើការបន្តបន្ទាប់​រហូត​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យបានតែម្ដង។ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លី ចំនួន០២ដើម ម៉ាក់K៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូម ចំនួន ២, ម៉ូតូ ចំនួន២គ្រឿង ម៉ាក់អាយខុន ពណ៌សត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ1AR -៩៥៨៩ នឹង អិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AV-៨៨៨៨។យោងតាមរបាយការណ៍ បានឲ្យដឹងថា ជនសង្ស័យបានធ្បើសកម្មភាព លើកទី១៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ ។លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១DH៤៥០២ នឹងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច ។លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខHZ០៥៣៣ ភ្ជង់ប្លន់។បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​កម្លាំងជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បីបញ្ជូន​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ ​ចាត់ការបន្តតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភៈ

ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខេត្តជួយសង្គ្រោះផ្លូវម្តុំរង្វង់មូលទូកមាស​ ខណៈរថយន្ត​ដឹកដី​ធុនយក្ស​កំពុ​ង​បើក​កិនបំផ្លាញ

2022/05/16 09:47:27 am        864
កំពង់ឆ្នាំង៖​ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង បានសំដែងនូវការមិនពេញចិត្ត ខណៈ​រថយន្ត​បែនធំៗ ដឹកលើស​ទម្ងន់ បើកឆ្លងកាត់ផ្លូវបេតុង ផ្លូវកៅស៊ូDBST និងផ្លូវកៅស៊ូAC និង​បាន​បំផ្លាញ​ផ្លូវ​ទាំង​នោះអស់ជាច្រើនកន្លែង នៅចំណុចរង្វង់មូលទូកមាស ស្ថិតក្នុងសង្កាត់ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ប្រជាពលរដ្ឋបានស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជួយទប់ស្កាត់រថយន្តដឹកដីទាំងនោះផង ព្រោះ​ការដឹកដីចាក់លុបបឹង ដើម្បីពុះឡូតិលក់នោះ វាគឺជាផលប្រយោជន៍របស់ឈ្មួញតែម្នាក់ ឬ​២​នាក់​ប៉ុណ្ណោះ ក៏ប៉ុន្តែសកម្មភាពនេះ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និង​សមិទ្ធផល​នានា​ដែលបានកសាងរួចហើយ។ លើសពីនេះ រថយន្តដឹកដី​ទាំងនោះ​មិន​បាន​គ្រប​ត្រឹមត្រូវ​តាម​បច្ចេកទេសឡើយ ធ្វើអោយដីធ្លាក់រាយប៉ាយពេញផ្លូវ បើករថយន្ត​បង្ហុយ​ដី​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាពប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងរំខានដល់អ្នកទៅកំសាន្ត និង​អ្នក​ធ្វើ​ដំណើរ​ថែមទៀតផង។គួរបញ្ជាក់ថា រថយន្តដឹកដីបែនធុនយក្សទាំងនេះ សុទ្ធតែមានទម្ងន់ចាប់ពី៦០តោនឡើងទៅ ដែល​ទម្ងន់នេះ ប្រសិនបើបើកបរលើផ្លូវក្នុងក្រុងយ៉ាងអាណាធិបតេយ្យបែបនេះ ពិតណាស់​នឹង​បំផ្លាញ​រាល់​ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ក្នុងក្រុងអស់ជាមិនខាន។ អត្ថបទ៖ ហុង វាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលតម្លៃមាសហក់ឡើងខ្ពស់ ហ្គាណាប្រើប្រាស់យានដ្រូនដើម្បីស្វែងរកកម្មករជីករ៉ែខុសច្បាប់
06/23/2025 08:06 PM
ទីក្រុងប៉េកាំង ចេញការព្រមានអាកាសធាតុសម្រាប់ថ្ងៃក្តៅបំផុតប្រចាំឆ្នាំ
06/23/2025 08:06 PM
មេដឹកនាំស៊ីរីប្តេជ្ញាថា អ្នកពាក់ព័ន្ធនឹងការវាយប្រហារអត្តឃាត នឹងត្រូវប្រឈមនឹងការកាត់ទោស
06/23/2025 08:06 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ អ៊ីរ៉ង់ត្រូវតែចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក
06/23/2025 08:06 PM
ការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីសម្លាប់មនុស្សយ៉ាងហោច ១០នាក់នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន
06/23/2025 07:06 PM
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រាប់នាយករដ្ឋមន្ត្រីចិនថា សំខាន់ណាស់ក្នុងការបន្តរក្សាទំនុកចិត្ត និងការយោគយល់គ្នា
06/23/2025 07:06 PM
លោក Zelenskyy ទៅដល់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីវិស័យការពារជាតិអ៊ុយក្រែន
06/23/2025 07:06 PM
មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ការបណ្តុះបណ្តាលថ្នាក់ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស
06/23/2025 07:06 PM
រដ្ឋាភិបាលទូទាំងតំបន់មជ្ឈិមបូព៌ាថ្កោលការបំផ្ទុះគ្រាប់បែកអត្តឃាតលើព្រះវិហារនៅប្រទេសស៊ីរី
06/23/2025 07:06 PM
ទីក្រុង Budapest៖ ហុងគ្រី និងស្លូវ៉ាគី រារាំងកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី
06/23/2025 07:06 PM