ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បានលើកឡើងនូវទស្សនវិស័យ ដ៏ត្រឹមត្រូវ របស់សម្តេចថា សមូហភាព ដឹកនាំ បុគ្គលទទួលខុសត្រូវ។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍លើកឡើងនូវទស្សនដ៏ត្រឹមត្រូវបែបនេះ ខណៈសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ របស់សហភាព សហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា « ស ស យ ក» ដែលប្រារព្ធនៅសណ្ឋាគារសុខា ភ្នំពេញ នាល្ងាចថ្ងៃទី២៧ ក្នុងន័យចែករំលែកបទពិសោធន៍ ដែលសម្តេចបានឆ្លងកាត់ក្នុងជីវិតតស៊ូ ដើម្បីបុព្វហេតុជាតិនៃដំណើរតស៊ូរំដោះប្រទេសជាតិកាលពីជាង៤០ឆ្នាំមុន និង រហូតមកដល់សព្វថ្ងៃ។
សម្តេចបានផ្តល់អនុសាសន៍ថា ការងារតូចក្តីធំ ក្តីត្រូវហានទទួលស្គាល់ និងកែតម្រូវ ហើយយុវជនរបស់យើង បើចាប់យកវិជ្ជាណាមួយ ត្រូវចាប់យកឱ្យច្បាស់លាស់ ត្រូវចេះប្រើប្រាស់ឱកាស តែកុំឱកាសនិយមឆ្វេង និងកុំឱកាសនិយមស្តាំ បានសេចក្តីថា កុំឆ្វេង និងកុំស្តាំ គឺត្រូវរកចំណុចកណ្តាល។
ស.ស.យ.ក បើតាមឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយផ្អែកលើមូលដ្ឋានធនធានមនុស្ស យុវជនកម្ពុជា ដែលមានការទទួលខុសត្រូវ មានឧត្តមគតិ មនសិការស្នេហាជាតិ ដើម្បីជាសរសរទ្រូង នៃឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត។
នៅក្នុងទិសដៅការងារបន្ដ ដែលបានដាក់ចេញ ស.ស.យ.ក ប្ដេជ្ញាបន្ដអនុវត្ត «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលភ្ជាប់ក្នុងឧបសម្ពន្ធ នៃសេចក្ដីសម្រេចចិត្ត របស់មហាសន្និបាតសមាគមយុវជនកម្ពុជា ឆ្នាំ២០១២ និងដែលត្រូវធ្វើបច្ចុប្បន្នភាពជាផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១២–២០២៣។ ផែនការយុទ្ធសាស្ដ្រ «ចលនាយុវជនក្នុងបុព្វហេតុមាតុភូមិ» នេះត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ស្របតាមវិវត្ដន៍ជាក់ស្ដែង នៃសង្គមជាតិ ដោយគណៈកម្មាធិការកណ្ដាល ស.ស.យ.ក។
ស.ស.យ.ក នឹងជំរុញ បន្ដពង្រីករចនាសម្ព័ន្ធ និងក្រុមការងារ ស.ស.យ.ក ឲ្យបានសម្រេចតាមលក្ខនិ្ដកៈរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រីកសកម្មភាព និងជំរុញបេសកកម្ម បុព្វហេតុរបស់ ស.ស.យ.ក ឲ្យកាន់តែបានទូលំទូលាយ និងជ្រាបដល់បេះដូងរបស់យុវជន នៅតាមបណ្ដាមូលដ្ឋាននានាក្នុងប្រទេស។
បន្ដសកម្មភាពលើកស្ទួយនូវឧត្តមភាព កិត្តិនាមជាតិ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្ដសញ្ញាណជាតិ និងបន្ដលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។
បន្ថែមពីនេះ បន្ដជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ដើម្បីយុវជនបានសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ៕