រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​ស្នើ​ដល់​តំណាង​រោងចក្រ ​បង្កើន​ការផលិត​សម្ភារៈ​បរិក្ខារ​ការពារ ​Covid-19

245

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​ស្នើ​ដល់​តំណាង​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ ​ការពារ Covid-19 ​បង្កើន​ការផលិត​សម្ភារៈ​ឲ្យ​បាន​កាន់​តែច្រើន សម្រាប់​ផ្គត់ផ្គង់​ ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ ​ខណៈដែល​មេរោគ​នេះ​ នៅ​គំរាមកំហែង​ពិភពលោក​នៅឡើយ ។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​បាន​លើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក​ Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ MEDTECS Cambodia នៅ​ថ្ងៃទី ១៦ ខែ តុលា ម្សិលមិញ​ថា ក្រុមហ៊ុន​រោងចក្រ MEDTECS ជា​ក្រុមហ៊ុន​វិនិយោគ​ទទួល​បាន​ជោគ ជ័យ​មួយ​នៅ​កម្ពុជា ​មាន​រយៈពេល ២១ ឆ្នាំ​មកហើយ ​ក្នុងនោះ ​ក្រុមហ៊ុន​ក៏បាន​រួមចំណែក​នៅក្នុង​សេដ្ឋកិច្ច ​ទីផ្សារការងារ និង​ការទទួលខុសត្រូវ​នៅ​ក្នុង​សង្គម​កម្ពុជា​ផងដែរ​, ជាក់​ស្តែង​ការចូលរួម​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​​ការពារ Covid-19 គឺជា​កាយ​ច​វិការ​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ ​ខណៈដែល​កម្ពុជា​កំពុង​ជួបប្រទះ​។

ពាក់ព័ន្ធ​រោគរាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​, ឯកឧត្តម ទេសរដ្ឋមន្ត្រី ​ក៏បាន​ស្នើ​ដល់​លោក Clement Yang ប្រធាន​ក្រុមហ៊ុន MEDTECS បង្កើន​ការ​យកចិត្តទុកដាក់ និង​ជំរុញ​ផលិត​សម្ភារៈ បរិក្ខារ​ការពារ Covid-19 ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត​ដូចជា ​ម៉ាស់ និង​សំលៀកបំពាក់​ពេទ្យ​ជាដើម សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ ​ចំពោះ​បញ្ហា​ទាំង​អស់នេះ​ គឺជា​ចូលរួម​ចំណែក​ដ៏​សំខាន់​ផងដែរ នៅក្នុង​ការបង្ការ​ និង​ទប់ស្កាត់ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ ។

ក្នុងជំនួប​នេះ​, លោក Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ MEDTECS Cambodia ​បានបង្ហាញ​នូវ​ការពេញចិត្ត ចំពោះ​ការ​វិនិយោគ​វិស័យ​រោងចក្រ​នៅ​កម្ពុជា ​។ ចំណែក​ការចូលរួម​ទប់ស្កាត់​នៃ​ជំងឺ​កូវីដ ១៩ លោក​សន្យា​ នឹង​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ ការពារ​មេរោគ Covid-19​ បន្ថែម​ទៀត​ដល់​កម្ពុជា តាមរយៈ​កាក​បាទ​ក្រហមកម្ពុជា ​និង​ប្រគល់​ថវិកា​ឧបត្ថម្ភ​ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក​ ដល់​រាជ​រដ្ឋាភិបាល ​សម្រាប់​សម្រាល​បន្ទុក​ការ​ងារ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា ​តាមរយៈ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ​ ដោយផ្ទាល់ ​ នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ ៕

អត្ថបទ ​៖ សុន រ៉ា​ឌី