សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន

2026/09/17 06:59:30 pm        175
នៅរសៀលថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៦ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Koula Sohianou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបជូនសារតាំងនិងសម្តែងការគួសមវិមានសាមគ្គីភាព។តាមប្រភពព័ត៌មានពីឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យសម្តេចតេជោឱ្យដឹងថាក្នុងជំនួបទទួលសារតាំងនេះសម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Koula Sohianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ នឹងចូលរួមចំណែកជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប លោកជំទាវ Koula Sohianou បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោកជំទាវ បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាឥស្សរជន ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និងអន្តរជាតិ ហើយបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងស៊ីប។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យសេដ្ឋកិច្ច។សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើង របស់លោកជំទាវ និងបានចាត់ទុកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចសំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេច បានលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីប បន្តខិតខំស្វែងរកឱកាស និងយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ទ្វេភាគី ឱ្យកាន់តែរីកចម្រើន។ សម្ដេចក៏បានសម្ដែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាពបង្កើន ការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោកជំទាវ Koula Sohianou ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត និងភារកិច្ចរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2026/09/17 06:54:40 pm        143
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យរដ្ឋាភិបាល កម្ពុជា និង ហ្សកហ្ស៊ី ស្វែងរកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍ និងក្នុងព្រះបរមនាមព្រះមហាក្សត្រ សូមអបអរសាទរ ឯកឧត្តម អ៊ីរ៉ាកលី អាសាសវីលី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្តមាន របស់ ឯកឧត្ដម ដែលជា ឯកអគ្គរដ្ឋទូតថ្មី ហ្សកហ្ស៊ី ប្រចាំនៅកម្ពុជា នឹងញ៉ាំងទំនាក់ទំនងប្រទេសរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ីរ៉ាកលី បានសម្ដែងអារម្មណ៍នូវការអរគុណជាអនេកកប្បការចំពោះ សម្ដេចតេជោ ដែលបានឱ្យឯកឧត្ដមបានជួបសម្ដែងការគួរសម និងប្រគល់សារតាំង ក្នុងឱកាសនេះ។ ឯកឧត្ដមបានលើកឡើងថា នេះជាកិត្តិយសមួយដ៏អស្ចារ្យសម្រាប់ឯកឧត្ដម ដែលបានជួប សម្ដេចតេជោ ដោយផ្ទាល់ ដោយកន្លងមក ឯកឧត្ដមធ្លាប់តែលឺឈ្មោះ ក៏ដូចជាធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិរបស់សម្ដេចតេជោ ពីភាពជាមេដឹកនាំរបស់សម្ដេចតេជោ នៅតាមឯកសារប្រវត្តិសាស្ត្រ ឬតាមបណ្ដាញសារព័ត៌មាន។ ក្នុងឱកាសនោះ ឯកឧត្ដម ថ្លែងថា ក្នុងតួនាទី ឯកឧត្ដមជា ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។ ឯកឧត្ដម ក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែឈានជំហានទៅមុន និងរីកចម្រើនគួរឱ្យកត់សម្គាល់។នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្ដមឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ដោយសម្ដេចបានឯកភាពក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន បើទោះជាប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរនៅតែអាចមានលទ្ធភាពបង្កើតទំនាក់ទំនងល្អជាមួយគ្នា។ ជាមួយគ្នានេះ សម្ដេចតេជោ លើកទឹកចិត្តឱ្យរដ្ឋាភិបាល នៃប្រទេសទាំង២ ជជែកគ្នាបន្ថែមទៀត ស្វែងរកចំណុចសំខាន់ៗដែលមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យកាន់តែស៊ីជម្រៅ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានរម្លឹកពីសារបាន ពីអតីកាល ដែលសម្ដេចធ្លាប់បានទៅធ្វើទស្សនកិច្ចនៅ ហ្សកហ្ស៊ី ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរ សម្ដេច សង្ឃឹមថានឹងកាន់តែរឹងមាំបន្ថែម។ ​ជាចុងក្រោយ សម្ដេចតេជោ ជូនពរ ឯកឧត្ដមអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជា៕អត្ថបទ៖​ វីរះ

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព

2026/09/16 05:54:47 pm        145
នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាអាទិភាពគោលនយោបាយទី ១ ដោយបន្តលើកកម្ពស់ និងពង្រឹងវិស័យសុខាភិបាល ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និង លើការអភិវឌ្ឍប្រកបដោយសមធម៌ និង ចីរភាព របស់ប្រទេសជាតិ» ដែលក្នុងនោះ, រាជរដ្ឋាភិបាលបានដាក់ចេញ «ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤» និង «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ព្រមទាំងអនុវត្តអភិក្រមពង្រឹងមូលដ្ឋានពីក្រោមឡើងលើ (ចាប់ពីប៉ុស្ដិ៍សុខភាព, មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក) និងការពង្រឹងពិពិធកម្មសមត្ថភាពពីលើចុះក្រោម តាមរយៈការរៀបចំកម្លាំង និងពង្រឹងមន្ត្រី និងបុគ្គលិកសុខាភិបាលនៅថ្នាក់ជាតិ ស្របតាមតម្រូវការជាក់ស្ដែង និងស្របតាមឃ្លា «រៀបឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។សម្ដេចធិបតីបានបន្តថា មន្ទីរពេទ្យ ហ្លួង ម៉ែ ដំបូងឡើយបានដើរតួនាទីជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលជូនស្ត្រី (អតីតមន្ទីរពេទ្យនគរទេព) ហើយត្រូវបានរាជរដ្ឋាភិបាលដែលពេលនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវនិងបានប្រែក្លាយជាកន្លែងជួយសង្គ្រោះជីវិតមនុស្សយ៉ាងសំខាន់ក្នុងសម័យកូវីដ-១៩។ បច្ចុប្បន្ន, មន្ទីរពេទ្យបានបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ជាមួយនឹងការបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋពីជំងឺរាំរ៉ៃ ដោយប្រកាន់ខ្ជាប់ស្មារតី «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង» និងអនុវត្តគោលការណ៍ «៣ ឆាប់» គឺ «រកឃើញឆាប់, បញ្ជូនឆាប់, ព្យាបាលឆាប់»។ បន្ថែមពីនេះ, សម្ដេចធិបតីបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យវិស័យឯកជនយកទីតាំងរដ្ឋទៅផ្តល់សេវាឯកជនឡើយ ដោយទីតាំងពេទ្យរដ្ឋត្រូវតែគ្រប់គ្រងដោយរដ្ឋ ១០០ ភាគរយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ព្រមពេលជាមួយគ្នានេះ, សម្ដេចធិបតីគូសរំលេចអំពីសមិទ្ធផលសំខាន់ៗ ៦ចំណុច ក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៖ (១) គិតមកដល់បច្ចុប្បន្ន, មណ្ឌលសុខភាពទូទាំងប្រទេសផ្ដល់សេវា ២៤ម៉ោង/៧ថ្ងៃ បានរហូតដល់ ៩៩,៣%, (២) រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១ មូលដ្ឋានមន្ទីរពេទ្យ, (៣) ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងជនរងគ្រោះ និងបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ពាក់ព័ន្ធនឹងការសង្គ្រោះបឋម និងការសង្គ្រោះបន្ទាន់ ជិត ២ ៧០០នាក់ នៅគ្រប់រាជធានី-ខេត្ត, (៤) ពង្រឹងគុណភាពឱសថ និងសម្ភារបរិក្ខារ ព្រមទាំងផ្តល់ថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែមជូនអ្នកជំងឺបាន ១៥ ទៅ ៣០ថ្ងៃ, (៥) ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាតេស្ត HPV PCR នៅតាមមណ្ឌលសុខភាពចំនួន ៥៤០ កន្លែង, មន្ទីរពេទ្យបង្អែកចំនួន ១៥ កន្លែង ក្នុងខេត្តចំនួន៨, (៦) ក្រសួងសុខាភិបាលបានពង្រឹង «ក្រមប្រតិបត្តិវិស័យឯកជន» ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តក្នុងការផ្តល់សេវាសុខាភិបាល។ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបានចុះហត្ថលេខាកាត់ដីឱ្យប្រទេសណាមួយឡើយ ទាំងពេលនេះ និងពេលណាទាំងអស់ ដោយកម្ពុជាផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧។ កិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ គឺការបោះជំហានឆ្ពោះទៅកាន់ការដោះស្រាយដោយសន្តិវិធី និងទប់ស្កាត់សង្គ្រាម ប៉ុន្តែការវាស់វែង និងផ្ទៀងផ្ទាត់ទីតាំងនៃបង្គោលព្រំដែន ត្រូវធ្វើឡើងដោយគណៈកម្មាធិការព្រំដែនចម្រុះ (JBC)។ ទោះបីជាមានការបាត់បង់ការគ្រប់គ្រងនៅទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ដោយ, កម្ពុជានៅតែបន្តតវ៉ា និងទាមទារសិទ្ធិស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិ និងរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការច្បាប់, ការទូត និងបច្ចេកទេស ទាំងទ្វេភាគី, តំបន់ និងអន្តរជាតិ ដើម្បីទាមទារយកដែនអធិបតេយ្យដីគោកមកវិញ រួមទាំងយន្តការ UNCLOS ដើម្បីការពារដែនសមុទ្ររបស់ខ្លួន។

ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

2026/09/15 05:35:05 pm        139
លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ បានបង្ហាញ ការប្ដេជ្ញាចិត្ត បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រសូមសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលទទួលបាននូវការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាវត្តមានរបស់លោកជំទាវនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។នៅក្នុងឱកាសនោះលោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកជំទាវបានចូលជួប និងជូនសារតាំងលាឱកាសនេះ។ លោកជំទាវបានប្តេជ្ញាចិត្តថាក្នុងអាណត្តិរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវបានលើកឡើងទៀតថា ក្នុងបេសកកម្មរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ទាក់ទាញធុរជន របស់អាល្លឺម៉ង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសសម្ដេចបានពេញចិត្តទៅលើការពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ។ សម្ដេចតេជៅ ចាត់ទុកថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគនេះឯង គឺជាចំណុចស្នូលនៃទំនាក់ទំនោងរវាងប្រទេសទាំងពីរ សម្ដេចក៏ពេញចិត្តផងដែរ ចំពោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលមានការកើនឡើងជាបន្តបន្ទាប់។ អាល្លឺម៉ង់ គឺជាប្រទេសមួយ ជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជកម្មនៅក្នុងតំបន់អឺរ៉ុប ដែលកន្លងទៅទំហំពាណិជកម្មរវាងប្រទេសទាំងពីរគឺមានរហូតដល់៣ពាន់លានដុល្លារ ហើយនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។ជាចុងក្រោយ សម្ដេចតេជោបានជូនពរលោកជំទាវ ឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មការងារនៅកម្ពុជា៕

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក

2026/09/11 10:06:28 pm        172
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានដ៏ឧដុង្គឧត្តមរបស់ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះឆ្លុះបញ្ចាំងអំពីការបន្តពូនជ្រំចំណងមិត្តភាពទ្វេភាគី និងការបន្ដពង្រឹង និងពង្រកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាសម្តេចធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការធ្វើទំនើបកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងនាមជាប្រធានាធិបតីនាពេលនេះ ឯកឧត្តមបានមើលឃើញយ៉ាងច្បាស់ពីការប្រែប្រួលមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា បើធៀបនឹងទស្សនកិច្ចកាលពីឆ្នាំ២០១៧។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា, ឯកឧត្តមប្រធានាធិបតីចាត់ទុកកម្ពុជា​ គឺជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយគាំទ្រដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោក ជាពិសេសក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស, កិច្ចការសាសនា, និងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្នុងការគាំទ្រគ្នាក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សា និងប្ដេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា, មីយ៉ាន់ម៉ា និងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា៕

កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌

2026/09/11 06:26:19 pm        197
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ដើម្បី ​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌។នារសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦ នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចធិបតី ចូលរួមជាអធិបតីភាពជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤៖១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ គួរបញ្ជាក់ថា ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ ៖ វីរះ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា

2026/09/11 05:41:35 pm        114
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។ក្រោយកិច្ចប្រជុំនេះទៅ សម្តេចមហាបវរធិបតី និងឯកឧត្តម មីន អោង ឡាំង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។បន្ទាប់មក សម្តេចមហាបវរធិបតី នឹងរៀបចំអាហារពេលល្ងាចជូនលោកប្រធានាធិបតី និងគណៈប្រតិភូ។ សូមជម្រាបថា ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិការរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែល្អប្រសើរ។ខណៈប្រមាណជាមួយម៉ោងក្រោយអញ្ជើញដល់កម្ពុជា ឯកឧត្តម មីន អោង ឡាំង ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋយ៉ាងកក់ក្ដៅដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ និងឯកឧត្តម មីន អោង ឡាំង បានប្រជុំកំពូលជាមួយគ្នា និងឯកភាពពង្រឹកលើវិស័យជាច្រើនរួមទាំងសេដ្ឋ ការទូត នយោបាយជាមួយគ្នា។ក្នុងជំនួបកំពូលនេះ សម្តេចតេជោ ក៏បានហៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះរបស់ ឯកឧត្តម មីន អោង ឡាំង ជាសក្ខីភាពនៃការបញ្ជាក់អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូ ដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

2026/09/10 05:51:42 pm        196
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber - ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកស្រីប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ACBC ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ លោកស្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចធុរកិច្ចនេះ, គណៈប្រតិភូបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានសម្តែងការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះការស្វាគមន៍ និងការគាំទ្ររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានចែករំលែកព័ត៌មានអំពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា។ ជាពិសេស, បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក, វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្ថាបនិក និងគណៈប្រតិភូ ACBC ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចធិបតីក៏បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារសហរដ្ឋអាមេរិក។ បន្ថែមពីនេះ, សម្តេចធិបតីបានគូសរំលេចពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់គោលដៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ព្រមទាំងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ៕

សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល

2026/09/10 05:27:25 pm        142
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម JCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតីដែលតែងតែផ្ដល់ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូរបស់ JCA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ ដោយ JCA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សំដៅលើកម្ពស់សហគ្រាសធុនតូចនិងមធ្យម (SME) របស់ជប៉ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីការផ្ដោតអាទិភាពខ្ពស់របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ JCA ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ដែលមានជាអាទិ៍៖ (១) ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង (២) ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្ត ជាដើម។ ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង JCA នាពេលកន្លងមក។ សម្ដេចធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ សម្ដេចធិបតីរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នាដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ, សម្ដេចធិបតីក៏សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត។ មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ JCA បន្តពិភាក្សា និងសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2026/09/10 05:17:57 pm        139
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ, សម្តេចធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត និងលើកទឹកចិត្ត ឯកឧត្តម ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៦នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍សង្ស័យជាការ​បំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
09/18/2026 06:09 PM
រុស្ស៊ីបាញ់បង្ហោះរ៉ូកែត​​ Soyuz-2.1b ដឹកជញ្ជូនយានអវកាស
09/18/2026 06:09 PM
ការប្រយុទ្ធគ្នានៅយេម៉ែន បង្ខំឲ្យមនុស្ស ១១២.០០០នាក់ ផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀត ភៀសខ្លួនទៅជីប៊ូទី
09/18/2026 06:09 PM
បុរសអ៊ីស្រាអែលម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចារកម្មអ៊ីរ៉ង់
09/18/2026 06:09 PM
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee បញ្ជាក់​ថា លោកគ្មានបំណងស្វែងរកអាណត្តិទី២ ឡើយ
09/18/2026 06:09 PM
ស្ថាប័នសុខាភិបាលអាហ្វ្រិក៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ
09/18/2026 06:09 PM
អាមេរិកដាក់ទណ្ឌកម្មលើវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូរបស់អ្នកជំនាញហិរញ្ញវត្ថុអ៊ីរ៉ង់
09/18/2026 06:09 PM
កងទ័ពយេម៉ែន៖ យុទ្ធជន​ក្រុមហ៊ូទី ៣០នាក់ ត្រូវបានសម្លាប់ ពេល​ប្រយុទ្ធ​គ្នានៅភាគខាងលិចក្រុង Taiz
09/18/2026 06:09 PM
សង្គ្រាមអ៊ីរ៉ង់ បង្កការបែកបាក់យ៉ាងជូរចត់ក្នុងសហគមន៍ជនអ៊ីរ៉ង់រស់នៅអាមេរិក
09/18/2026 06:09 PM
ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣ នៅតែតឹងតែង ខណៈភាគីសហជីពនិងនិយោជករក្សាគោលជំហតួលេខដដែល
09/18/2026 06:09 PM