សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិក NATO យល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៤០ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន

2024/07/04 06:03:53 pm        197
អ្នកការទូតអឺរ៉ុបខាងលិចពីរនាក់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ (០៣ កក្កដា) មួយសប្តាហ៍មុនពេលមេដឹកនាំសម្ព័ន្ធយោធា ណាតូ (NATO) នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនថា សមាជិកណាតូបានយល់ព្រមផ្តល់មូលនិធិជំនួយយោធាសម្រាប់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៤០ ពាន់លានអឺរ៉ូ (ជាង ៤៣ ពាន់លានដុល្លារ) នៅឆ្នាំ២០២៥។អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បានស្នើឱ្យសម្ព័ន្ធមិត្តធ្វើការប្តេជ្ញាចិត្តរយៈពេលច្រើនឆ្នាំដើម្បីរក្សាជំនួយផ្នែកយោធាសម្រាប់ទីក្រុងគីវ ក្នុងកម្រិតដូចៗគ្នា ចាប់តាំងពីប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយទឹកប្រាក់ប្រហែល ៤០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។ខណៈពេលដែលប្រទេសជាសមាជិកមិនបានគាំទ្រសំណើដើមរបស់លោក ស្តុលថិនប៊ឺក សម្រាប់ការសន្យាជំនួយរយៈពេលច្រើនឆ្នាំបែបនោះ កិច្ចព្រមព្រៀងថ្មីនេះរួមបញ្ចូលសំណើវាយតម្លៃឡើងវិញនូវការរួមចំណែករបស់សម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ នាពេលអនាគត នេះបើយោងតាមអ្នកការទូតម្នាក់។អ្នកការទូតរូបនោះបានបន្ថែមថា សម្ព័ន្ធមិត្តក៏បានសម្រេចចិត្តថានឹងមានរបាយការណ៍ចំនួនពីរនៅឆ្នាំបន្ទាប់ ដើម្បីរាយការណ៍ថាតើប្រទេសណាត្រូវផ្គត់ផ្គង់អ្វីដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការទាមទារឱ្យមានតម្លាភាពបន្ថែមទៀតលើការចែករំលែកបន្ទុកនៅក្នុងសម្ព័ន្ធយោធា។ ការសន្យាហិរញ្ញវត្ថុគឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន ដែលបណ្ដាមេដឹកនាំណាតូ នឹងយល់ព្រមនៅពេលដែលពួកគេប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ៕

ការស្ទង់មតិ៖ លោក Biden ទទួលបានសំឡេងគាំទ្រស្មើគ្នាជាមួយនឹងលោក Trump

2024/07/04 05:48:32 pm        201
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទាញយកសំឡេងគាំទ្រស្មើគ្នាជាមួយនឹងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងសប្តាហ៍នេះក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលជាសញ្ញាមួយបង្ហាញថា ការប្រកួតប្រជែងនៅតែប្រកៀកប្រកិត ទោះជាបន្ទាប់ពីលោក Biden ធ្វើមិនបានល្អក្នុងជជែកដេញដោលក៏ដោយ នេះបើយោងតាមការស្ទង់មតិថ្មីរបស់ រ៉យទ័រ (Reuters) និងអ៊ីបសូស (Ipsos)។លោក Biden និងលោក Trump មានការគាំទ្រ ៤០ ភាគរយស្មើគ្នាក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ (០២ កក្កដា)។ ការស្ទង់មតិរបស់ Reuters/Ipsos លើកមុន ដែលបានធ្វើឡើងនៅថ្ងៃទី១១-១២ ខែមិថុនា បានបង្ហាញថា លោក Trump ទទួលបានពិន្ទុនាំមុខ ២ ភាគរយលើសលោក Biden គឺ ៤១ភាគរយទល់នឹង ៣៩ ភាគរយ។ការស្ទង់មតិថ្មីនេះបង្ហាញថា បន្ទាប់ពីការជជែកដេញដោល សមាជិកបក្សប្រជាធិបតេយ្យម្នាក់ក្នុងចំណោមបីនាក់ គិតថាលោក Biden គួរតែបោះបង់ការប្រកួត ដោយនោះជាអ្វីដែលលោកបេ្ដជ្ញាថានឹងមិនធ្វើ។ មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ដែលបានចុះឈ្មោះបោះឆ្នោតបាននិយាយថា ពួកគេមិនប្រាកដថាត្រូវបោះឆ្នោតឱ្យអ្នកណាទេ ហើយថាពួកគេនឹងជ្រើសរើសបេក្ខជនផ្សេងក្រៅពីអ្នកទាំងពីរនោះ ឬថាពួកគេនឹងមិនបោះឆ្នោតទាល់តែសោះ។ខណៈពេលដែលការស្ទង់មតិទូទាំងប្រទេសផ្តល់សញ្ញាសំខាន់ៗអំពីការគាំទ្ររបស់ពលរដ្ឋអាមេរិកសម្រាប់បេក្ខជននយោបាយ បណ្ដារដ្ឋប្រកួតប្រជែងមួយចំនួនតូចគឺជាតួអង្គសំខាន់នៅក្នុងមហាវិទ្យាល័យបោះឆ្នោតអាមេរិក ដែលជាអ្នកសម្រេចចុងក្រោយថាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតី៕

អ្នកទេសចរសម្រុកទៅអាកាសយានដ្ឋានម៉ិកស៊ិក ដោយសង្ឃឹមថា នឹងចាកចេញមុនព្យុះ Beryl ទៅដល់

2024/07/04 05:45:52 pm        73
ក្រុមអ្នកទេសចរដែលមានការព្រួយបារម្ភ បានសម្រុកទៅកាន់អាកាសយានដ្ឋានទីក្រុង ឃែនឃុន (Cancun) ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (០៣ មិថុនា) ដោយសង្ឃឹមថានឹងចាកចេញពីទីក្រុងរមណីយដ្ឋានមួយនេះ មុនការមកដល់នៃព្យុះសង្ឃរា ប៊ឺរៀល (Beryl)។ ខ្យល់ព្យុះ ប៊ឺរៀល ដែលជាព្យុះទីមួយនៃរដូវកាលនេះ កំពុងធ្វើដំណើរដោយល្បឿនខ្យល់អតិបរមា ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងវាយលុកឧបទ្វីប យូកាតាន (Yucatan) របស់ម៉ិកស៊ិក នៅយប់ថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) នេះ។ខណៈដែលអ្នកទេសចរមួយចំនួនស្វះស្វែងរកជើងហោះហើរដើម្បីត្រឡប់ទៅផ្ទះវិញ អ្នកនេសាទក្នុងស្រុកក៏កំពុងទាញទូករបស់ពួកគេចេញពីទឹកឡើងលើច្រាំងដើម្បីសុវត្ថិភាព ដោយបារម្ភថាព្យុះ ប៊ឺរៀល អាចប៉ះពាល់ដល់ការងាររបស់ពួកគេ។លេខាធិការទេសចរណ៍ទីក្រុង ឃែនឃុន លោក ហ័ន ផាប្លូ ហ្ស៊ូលូអេតា (Juan Pablo Zulueta) បាននិយាយថា ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសស្នាក់នៅ ដោយសារតែមាន «កម្រិតព្រមានទាបពណ៌បៃតង»។ លោកបានស្នើឱ្យភ្ញៀវធ្វើតាមការណែនាំពីអាជ្ញាធរក្នុងករណីដែលពួកគេត្រូវបានបញ្ជាឱ្យទៅកាន់ទីជម្រកដែលបានកំណត់។ក្រសួងការពារជាតិម៉ិកស៊ិក បាននិយាយថា កងទ័ព កងទ័ពអាកាស និងឆ្មាំជាតិបានដំណើរការឆ្លើយតបគ្រាអាសន្ននៅក្នុងរដ្ឋ គីនតាណា រ៉ូ (Quintana Roo), ខាំប៉េឆេ (Campeche) និង យូកាតាន (Yucatan) ដោយមានជម្រកចំនួន ១២០ ទីតាំងត្រូវបានបង្កើត ហើយកងទ័ពជិត ៤.៩០០ នាក់កំពុងល្បាតយាមកាមនៅលើឧបទ្វីបមួយនេះ៕

នាយករដ្ឋមន្រ្តី ណែនាំទៅក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំការឧបត្ថម្ភ ដល់ស្រ្តីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំ

2024/07/04 05:39:22 pm        236
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គប្បីរៀបចំធ្វើការឧបត្ថម្ភ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ដល់ស្រ្តីមានផ្ទៃពោះ ដែលនឹងកំពុងជាប់ពន្ធនាគារ ខណៈយើងត្រូវគិតគូរទារកក្នុងផ្ទៃ ដែលមិនជាប់ពាក់ព័ន្ធនឹងម្តាយគេជាពិរុទ្ធជននោះ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងភាគីពាក់ព័ន្ធ​ដទៃទៀត គប្បីជួបប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំអត្ថប្រយោជន៍ផ្សេងៗ​ដល់ស្រ្តីជាពិរុទ្ធជន ដែលកំពុងមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់​ធ្វើយ៉ាងណា​ទទួល​បាន​ការ​ឧបត្ថម្ភ​តាមរយៈប្រព័ន្ធគំពារ​សង្គម ​ដូចស្ត្រីជាកម្មការិនី និងស្រ្តីដទៃទៀត​ដែលមានផ្ទៃពោះដែរនោះ។សម្តេចធិបតី ​ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា​ ការដែលសម្តេច​ឲ្យមានការ​រៀបចំ​ផ្តល់​ការ​ឧបត្ថម្ភ ដល់​ស្រ្តីមានផ្ទៃពោះ ​ដែលកំពុង​ជាប់ឃុំឃាំងនេះ ​គឺធ្វើឡើង​ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃដែល​មិនដឹងរឿង ​និង​ជាប់ពាក់ព័ន្ធ ​នឹងរឿងម្តាយ​របស់ពួកគេ​ដែល​ជាពិរុទ្ធជននោះ។ មួយវិញទៀត​គម្រោង​នេះ គឺធ្វើឡើង​ដើម្បី​ជា​សកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ ​៕អត្ថបទបាន ចក់

លោក Biden បេជ្ញាបន្តយុទ្ធនាការបោះឆ្នោត ទោះមានសម្ពាធដែលរុញឱ្យលោកលាឈប់ក៏ដោយ

2024/07/04 05:01:30 pm        155
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្តេជ្ញាបន្តប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងអំឡុងពេលការសន្ទនាតាមទូរសព្ទជាមួយបុគ្គលិកយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃពុធ (០៣ កក្កដា) ហើយបានទទូចក្នុងកិច្ចប្រជុំជាមួយសមាជិកសភា និងអភិបាលនៃគណបក្សប្រជាធិបតេយ្យថាលោកមានសម្ថភាពប្រជែងតំណែងប្រធានាធិបតីនេះម្ដងទៀត បើទោះបីជាការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួនកាលពីសប្តាហ៍មុនក៏ដោយ។លោក បៃដិន បានហៅទូរសព្ទទៅកាន់សមាជិកដែលកំពុងមានការព្រួយបារម្ភក្នុងក្រុមយុទ្ធនាការរបស់លោក ហើយបានប្រាប់ពួកគេថា «លោកមិនចាកចេញទៅណាទេ» នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានោះ។លោក បៃដិន បាននិយាយនៅក្នុងសារអេឡិចត្រូនិច (អ៊ីមែល) មួយថា «មិនមានអ្នកណាម្នាក់អាចដេញខ្ញុំបានទេ។ ខ្ញុំមិនចាកចេញឡើយ ហើយនឹងបន្តប្រជែងដល់ទីបញ្ចប់» ដោយជំរុញឱ្យអ្នកគាំទ្រឧបត្ថម្ភប្រាក់បន្ថែម ដើម្បីជួយផ្ដួលគូប្រជែងរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា។លោកប្រធានាធិបតីបានជួបតាមអនឡាញ និងដោយផ្ទាល់ជាមួយអភិបាលគណបក្សប្រជាធិបតេយ្យចំនួន ២៤ នាក់ និងអភិបាលក្រុងវ៉ាស៊ីនតោន នៅល្ងាចថ្ងៃពុធ ដើម្បីធានាទំនុកចិត្តឡើងវិញដល់ពួកគេបន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោលថា លោកមានទំនួលខុសត្រូវលើការងារជាអ្នកដឹកនាំសម្រាប់គណបក្ស។នៅក្នុងការជជែកដេញដោលជាមួយលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក បៃដិន បាននិយាយភ្លាត់ជាច្រើន បាត់បង់ការគិតម្តងម្កាល ហើយពេលខ្លះនិយាយបញ្រ្ចាសប្រធានបទទៀតផង។ ប្រធានាធិបតីរូបនេះបាននិយាយថាខ្លួនហត់នឿយពេកបន្ទាប់ពីការធ្វើដំណើរក្រៅប្រទេសចំនួនពីរលើក ខណៈសេតវិមានបាននិយាយថាពេលនោះលោកមានជំងឺផ្តាសាយ៕

ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ

2024/07/04 04:52:28 pm        386
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្វីគ្រប់យ៉ាងរបស់រាជរដ្ឋាភិបាលដែលបានធ្វើ និងកសាងទាំងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធកន្លងមកនេះ គឺដើម្បីបង្កើតឱកាសប៉ុណ្ណោះ សម្រេចគោលដៅទៅថ្ងៃខាងមុខ គឺអាស្រ័យលើតួអង្គខ្លួនឯង។ -សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ មានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀត សម្រាប់សិស្ស និស្សិតរបស់ខ្លួន ខណៈសម័យគេដល់អេអាយហើយ យើងទើបតែចាប់ផ្តើមកុំព្យូទ័រនោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ។ -សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាសំខាន់ បំផុតដែលនឹងត្រូវបន្តវិនិយោគ ខណៈថវិកាជាតិដែលរាជរដ្ឋាភិបាលបានចំណាយ គឺលើវិស័យអប់រំនេះ គឺច្រើនជាងក្រសួង ស្ថាប័នណាៗទាំងអស់។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធ គិតគូរ និងជួយឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះដែលជាពិរុទ្ធជននៅតាមពន្ធនាគារ។

UN៖ បញ្ជាជម្លៀសរបស់អ៊ីស្រាអែល បំផ្លាញកិច្ចប្រឹងប្រែងកែលម្អលំហូរជំនួយនៅតំបន់ហ្កាហ្សា

2024/07/04 03:48:18 pm        116
មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (០៣ កក្កដា) ថា បញ្ជាជម្លៀសយោធាអ៊ីស្រាអែល ដែលគ្របដណ្តប់មួយភាគបីនៃតំបន់ហ្កាហ្សាស្ទ្រីប «បានបំផ្លាញ» កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការកែលម្អការផ្តល់ជំនួយមនុស្សធម៌តាមរយៈច្រកឆ្លងកាត់ កេរឹម ស្ហាលូម (Kerem Shalom)។អ៊ីស្រាអែល បានរិះគន់ប្រតិបត្តិការជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ៊ុមព័ទ្ធមានប្រជាជន ២,៣ លាននាក់នេះថាគ្មានប្រសិទ្ធភាព ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា ការចែកចាយមិនត្រឹមតែត្រូវបានរារាំងដោយសង្រ្គាមរយៈពេលជិតប្រាំបួនខែរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ប៉ុណ្ណោះទេ ថែមទាំងដោយសារភាពគ្មានច្បាប់ទៀតផង។លោក អាន់ឌ្រា ដឺ ដូមីនីកូ (Andrea De Domenico) ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីន បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានកិច្ចពិភាក្សាជាច្រើនជាមួយអ៊ីស្រាអែលអំពីរបៀបកែលម្អស្ថានភាព ប៉ុន្តែការបញ្ជាជម្លៀសនេះ ធ្វើឱ្យការខិតខំទាំងអស់នេះត្រូវបានបំផ្លាញ។យោធាអ៊ីស្រាអែលបានប្រកាសក្នុងខែនេះនូវការផ្អាកប្រយុទ្ធជារៀងរាល់ថ្ងៃដើម្បីជួយសម្រួលដល់ការប្រមូលជំនួយពីច្រក កេរឹម ស្ហាលូម ប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយថា ភាពគ្មានច្បាប់នៅហ្កាហ្សា មានន័យថាស្ថានភាពនៅតែគ្រោះថ្នាក់ខ្លាំង ហើយនោះជាទំនួលខុសត្រូវរបស់អ៊ីស្រាអែល ក្នុងការស្តារសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈនៅតំបន់ហែកហួរដោយសង្គ្រាមមួយនេះ៕

គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវចំនួន៣ខ្សែក្នុងខេត្តពោធិ៍សាត់

2024/07/03 10:37:22 pm        207
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ជារ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួប ផ្លូវ​ក្រាល​គ្រួស​ក្រហមចំនួន ៣ខ្សែ ប្រវែងសរុប ១២៤០០ម ទទឹងខ្នងលើ៥ម និងសាងសង់​លូមូល​ភ្លោះ​មុខ​កាត់១ម ប្រវែង៨ម ចំនួន១កន្លែង ស្ថិតនៅ ឃុំតាលោ ស្រុកតាលោសែនជ័យ និងក្នុង​សង្កាត់​ចំរើនផល សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាជំពូក ៦១ ដែល​អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ បន្ទាប់​ពី​បាន​ពិនិត្យ​ទៅ​លើ​លក្ខណៈ​បច្ចេក​ទេស និងគុណភាពរួចមក គណៈកម្មការអន្តរក្រសួង បាន​សម្រេចឯកភាពទទួលយក ដោយ​បញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ។ ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមបណ្ឌិត ចាន់ ជារ៉ុង បានមានប្រសាសន៍លើកឡើងថា ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ នៅជនបទ បច្ចុប្បន្ន​ក្រសួង​មាន​ទិស​ដៅ​លើ​ការងារ​ពង្រីក​ស្ថាប​នាកសាងផ្លូវថ្មីចំនួនតែ៣០ភាគរយប៉ុណ្ណោះ ដោយ៧០ភាគរយទៀត​គឺ​ផ្តោត​លើ​ការងារ​ពង្រឹងគុ​ណភាព ជួសជុលថែទាំផ្លូវដែលបានកសាងកន្លងមកឱ្យប្រើប្រាស់បានយូរ ហើយ​គណៈកម្មការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីត្រួតពិនិត្យ វាយតម្លៃលើ​ការ​អនុវត្តន៍​ការងារ​ជួស​ជុល​ថែ​ទាំផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ តើគោរពតាមបច្ចេកទេស និងមាន​គុណភាព​ឬទេ បើនៅមានចំណុចខ្វះខាត គណៈកម្មការអន្តរ​ក្រសួង​នឹង​តម្រូវ​ឱ្យ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ធ្វើការកែសម្រួលឡើងវិញ ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ជារ៉ុង សូមឱ្យ​អាជ្ញាធរ​ភូមិ-ឃុំ ចូលរួមទប់ស្កាត់លើរថយន្តដឹកលើទំងន់ ហើយសូម​ឱ្យ​បងប្អូន​ប្រជាពល​រដ្ឋ​កុំ​ចាក់​ដី​លុប​ផ្លូវ​ទឹក​តាមសងខាងផ្លូវ និងសូមចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា ដោយរាជរដ្ឋាភិបាល តាមរយៈ​ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងប្រែក្លាយផ្លូវក្រា​ល​ក្រួសក្រហម​ទាំង​៣ខ្សែ​នេះ​ទៅ​ជា​ផ្លូវ​កៅ​ស៊ូរ​នាពេលអនាគត់ ៕អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ

ប្រទេសចិនជំរុញឱ្យអ៊ីស្រាអែលបំពេញកាតព្វកិច្ចមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា

2024/07/03 08:51:09 pm        99
ប្រទេសចិន កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យប្រទេសអ៊ីស្រាអែល បំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងគោរពតាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ ដើម្បីធានាបានការចូលមកដោយសុវត្ថិភាពនិងឆាប់រហ័សនៃការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ទៅក្នុងតំបន់ហ្កាហ្សា។ នៅក្នុងសុន្ទរកថា ក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា រួមទាំងសំណួរអំពីដែនដីប៉ាឡេស្ទីន អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយលើកឡើងពីវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ដែលកាន់តែធ្លាក់ចុះខ្លាំងដោយសារកង្វះការផ្គត់ផ្គង់សំខាន់ៗ និងស្ថានភាពសុខភាពធ្ងន់ធ្ងរ។លោក បាននិយាយថា មនុស្សរាប់លាននាក់កំពុងទប់ទល់ជាមួយភាពអត់ឃ្លាន ជំងឺ ការឈឺចាប់ និងភាពអស់សង្ឃឹម ដោយពណ៌នាអំពីស្ថានភាពនេះថា ជាមហន្តរាយមនុស្សធម៌បង្កើតឡើងដោយមនុស្ស និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ លោក Fu បានបង្ហាញថា តំបន់ហ្កាហ្សា បានស្ថិតនៅក្រោមការបិទផ្លូវ អស់រយៈពេល៩ខែមកហើយ ដោយមនុស្សជាង២លាននាក់ រស់នៅក្នុង «គុកឥតជញ្ជាំង» គ្មានលទ្ធភាពទទួលបានទឹក អគ្គិសនី អាហារ ឱសថ និងប្រេងឥន្ធនៈ គ្រប់គ្រាន់។លោកក៏បានរិះគន់ ការបិទច្រកឆ្លងកាត់ទីក្រុង Rafah ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានធ្វើឱ្យរថយន្តដឹកជំនួយរាប់ពាន់គ្រឿងផ្ទុកទៅដោយជំនួយផ្គត់ផ្គង់មនុស្សធម៌ ត្រូវរង់ចាំក្នុងជួរដ៏វែង។ លោក Fu និយាយថា ចំណុចឆ្លងកាត់ដែលមានស្រាប់ គឺនៅឆ្ងាយមិនអាចបំពេញតម្រូវការជំនួយមនុស្សធម៌បានទេ ដោយបានបញ្ជាក់ថា ផ្លូវដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយសំខាន់ក្នុងការពង្រីកដំណើរការទទួលបានជំនួយមនុស្សធម៌។លោក Fu បានថ្កោលទោសការវាយប្រហារដដែលៗលើអគាររបស់ទីភ្នាក់ងារជំនួយមនុស្សធម៌ និងបាននិយាយថា បុគ្គលិកមនុស្សធម៌ជាង២០០នាក់ បានស្លាប់នៅក្នុងជម្លោះ ដោយចាត់ទុករឿងនេះថា មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រ និងគួរឱ្យភ្ញាក់ផ្អើល។ដោយបានបញ្ជាក់ឡើងវិញ លោកនិយាយថា «ភាពអត់ឃ្លាន មិនអាចប្រើប្រាស់ធ្វើជាអាវុធបានទេ ហើយបញ្ហាមនុស្សធម៌ ក៏មិនអាចយកមកធ្វើនយោបាយបានដែរ»។

ហ្វីលីពីន និងចិន យល់ព្រមកាត់បន្ថយភាពតានតឹងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង

2024/07/03 08:46:45 pm        110
ក្រុងម៉ានីល បាននិយាយថា ប្រទេសហ្វីលីពីន និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ (០២ កក្កដា) ដើម្បី «បន្ថយភាពតានតឹង» ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងដែនទឹកជម្លោះកាលពីខែមុន។ ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានប្រវត្តិជម្លោះដែនសមុទ្រដ៏យូរលង់ក្នុងជម្លោះផ្លូវទឹកដ៏ក្តៅគគុក ប៉ុន្តែឧប្បត្តិហេតុកាលពីខែមុនគឺធ្ងន់ធ្ងរបំផុតនៅក្នុងការប្រឈមមុខដាក់គ្នាដែលកើនឡើងជាច្រើន។ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចពិភាក្សាថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro) និងអនុរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន សាវតុង (Chen Xiaodong) បាន «ពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា» កាលពីថ្ងៃអង្គារ ហើយបានអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹងដោយមិនលម្អៀងចំពោះទស្សនៈរៀងៗខ្លួន។គួររំលឹកថា បុគ្គលិកឆ្មាំល្បាតឆ្នេរចិន បានកាន់កាំបិត ដំបង និងពូថៅ ដោយទៅហ៊ុមព័ទ្ធ និងឡើងលើទូកកងទ័ពជើងទឹកហ្វីលីពីនចំនួន ៣ គ្រឿងកាលពីថ្ងៃទី១៧ ខែមិថុនា ក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញទៅកាន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal)។ ទាហានហ្វីលីពីនម្នាក់បានដាច់ម្រាមដៃនៅក្នុងការប៉ះទង្គិចគ្នានោះ ដោយទីក្រុងម៉ានីល ក៏បានចោទឆ្មាំល្បាតឆ្នេរចិនថាបានលួចកាំភ្លើង និងធ្វើឱ្យខូចខាតទូកចំនួនបីគ្រឿង ព្រមទាំងឧបករណ៍នាវាចរណ៍ និងទំនាក់ទំនងផងដែរ។ទីក្រុងប៉េកាំង បានច្រានចោលការលើកឡើងទាំងនោះ ដោយទទូចថាឆ្មាំល្បាតឆ្នេររបស់ខ្លួនមានអាកប្បកិរិយា «ប្រកបដោយវិជ្ជាជីវៈ និងអត់ធ្មត់» ហើយបានស្តីបន្ទោសទីក្រុងម៉ានីល ចំពោះការប៉ះទង្គិចគ្នានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM
សារព័ត៌មាន CNN, MS NOW និង Politico ស្នើចៅក្រមពន្យារការហាមឃាត់របស់សេតវិមាន
09/29/2026 06:09 PM
លោក Rubio៖ អឺរ៉ុបកំពុងជួបបញ្ហាប្រឈមធ្ងន់ធ្ងរ
09/29/2026 06:09 PM
ប្រមុខ​គោលនយោបាយមន្ទីរបញ្ចកោណ៖ សម្ព័ន្ធមិត្តណាតូ​គាំទ្រការផ្លាស់ប្តូរទិសដៅ​ការពារជាតិ នៅអឺរ៉ុប
09/29/2026 05:09 PM
ក្រុងសេអ៊ូល៖ មីនរបស់កូរ៉េខាងជើងផ្ទុះនៅតំបន់គ្មានយោធា គឺជា «ការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់
09/29/2026 05:09 PM
អ្នកតាំងទីលំនៅជាង ១០០នាក់ វាយប្រហារភូមិមួយនៅតំបន់វេសបែង បណ្តាលឲ្យកងកម្លាំងអ៊ីស្រាអែលរងរបួស
09/29/2026 05:09 PM
អ៊ីរ៉ង់ ច្រានចោលសេចក្តីថ្លែងការណ៍របស់អារ៉ាប់រួមនៅUN ជុំវិញកោះយុទ្ធសាស្ត្រដែលមានជម្លោះនៅជិតច្រកសមុទ្រ Hormuz
09/29/2026 05:09 PM
ទូរទស្សន៍៖ អ៊ីរ៉ង់យល់ព្រមផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក
09/29/2026 05:09 PM