សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden និងលោក Netanyahu រំពឹងថា នឹងជួបគ្នានៅអាមេរិក អំឡុងដំណើរទស្សនកិច្ចខែកក្កដា

2024/07/03 08:31:34 pm        87
មន្ត្រីសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (០២ កក្កដា) ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានគេរំពឹងថានឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែកក្កដានេះ នៅពេលដែលមេដឹកនាំអ៊ីស្រាអែល ធ្វើទស្សនកិច្ចដើម្បីថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក អំពីសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។លោក ណេតាន់យ៉ាហ៊ូ នឹងថ្លែងសុន្ទរកថានៅសភាអាមេរិកនៅថ្ងៃទី២៤ ខែកក្កដា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ទៅកាន់សម័យប្រជុំរួមនៃសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ ការរំពឹងទុកនៃកិច្ចប្រជុំរវាងលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន CNN ដែលបានបន្ថែមថាព័ត៌មានលម្អិតនៃកិច្ចប្រជុំដែលរំពឹងទុកនៅសេតវិមាននោះ មិនទាន់បញ្ចប់នៅឡើយទេ។សហរដ្ឋអាមេរិក បានរក្សាការគាំទ្រដ៏រឹងមាំរបស់ខ្លួនសម្រាប់អ៊ីស្រាអែលទាំងផ្នែកការទូត និងក្នុងការផ្តល់សព្វាវុធ ស្របពេលមានសង្រ្គាមនៅហ្កាហ្សា ប៉ុន្តែមានពេលខ្លះលោក បៃដិន បានសម្តែងការព្រួយបារម្ភអំពីការប្រព្រឹត្តយោធារបស់អ៊ីស្រាអែល ក្នុងសង្រ្គាមដ៏បង្ហូរឈាមនោះ។គណបក្សសាធារណរដ្ឋបានរិះគន់លោក បៃដិន ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យចំពោះកង្វល់ទាំងនោះ ហើយបានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ៊ីស្រាអែល។ មានការរិះគន់អន្តរជាតិកាន់តែខ្លាំងលើការប្រព្រឹត្តរបស់អ៊ីស្រាអែល និងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់មកទល់ពេលនេះ និងបង្កើតវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ៕

នាយករដ្ឋមន្រ្តីហុងគ្រី ស្នើបទឈប់បាញ់ដល់អ៊ុយក្រែន ដើម្បីពន្លឿនកិច្ចចរចាសន្តិភាព

2024/07/03 08:08:55 pm        130
នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអង្គារ (០២ កក្កដា) ឱ្យពិចារណាលើបទឈប់បាញ់ ដើម្បីពន្លឿនការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែទីក្រុងគីវ បាននិយាយថា ខ្លួនមើលឃើញវិធីសាស្រ្តផ្ទាល់ខ្លួនជាផ្លូវទៅកាន់សន្តិភាព។លោក អ័របាន ដែលជាអ្នករិះគន់ឥតសំចៃមាត់ចំពោះជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន និងមានទំនាក់ទំនងដ៏កក់ក្តៅបំផុតជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបពិភាក្សាជាមួយលោក ហ៊្សេឡិនស្គី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ទីក្រុងគីវ ក្នុងរយៈពេលជាងមួយទសវត្សរ៍។ នៅក្នុងសេចក្តីថ្លែងការណ៍រួមទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានោះ លោក អ័របាន បាននិយាយថា លោកបានស្នើឱ្យលោក ហ៊្សេឡិនស្គី គិតពិចារណាអំពីបទឈប់បាញ់មួយ មុនពេលកិច្ចប្រជុំកំពូលអន្តរជាតិបន្ទាប់ ដែលទីក្រុងគីវសង្ឃឹមថានឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។ លោក ហ៊្សេឡិនស្គី ដែលបានថ្លែងមុនលោក អ័របាន មិនបានឆ្លើយតបនឹងការលើកឡើងនោះទេ។ ប៉ុន្តែទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក គឺលោក អ៊ីហ្គោ ហ៊្សូវខ្វា (Igor Zhovkva) ក្រោយមកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា នោះមិនមែនជាសំណើលើកដំបូងឡើយ ហើយថាលោក ហ៊្សេឡិនស្គី បានឆ្លើយតបទៅកាន់លោក អ័របាន ជាមួយនឹងជំហរដែលគេដឹងលឺជាសាធារណៈរបស់លោករួចមកហើយ។បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃមេដឹកនាំពិភពលោករាប់រយនាក់នៅឯកិច្ចប្រជុំកំពូលសន្តិភាពនៅស្វីស កាលពីខែមុន ទីក្រុងគីវ បាននិយាយថា ខ្លួនសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកទីពីរនៅចុងឆ្នាំនេះ ដែលអាចអញ្ជើញតំណាងរុស្ស៊ី ឱ្យចូលរួម៕

អតីតសមាជិកបក្សប្រឆាំង៖ ការដឹកនាំបែបប្រជាភិថុតរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ធ្វើឱ្យសមាជិកបន្តចាកចេញ

2024/07/03 07:28:41 pm        222
ភ្នំពេញ ÷ អតីតសមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងប្រចាំទ្វីបអឺរ៉ុប អះអាងថា ការដឹកនាំបែបប្រជាភិថុតរបស់មេបក្សប្រឆាំង ជាទណ្ឌិតក្បត់ជាតិបីជំនាន់នៅក្រៅស្រុក នឹងធ្វើឱ្យចរន្តនៃសមាជិករបស់ខ្លួនបន្តចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ថ្លែងប្រាប់ BTV ក្នុងកិច្ចសម្ភាសន៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក ខៃ រដ្ឋា អនុប្រធានចលនាយុវជនប្រចាំទ្វីបអាមេរិកខាងជើងរបស់អតីតគណបក្សសង្គ្រោះជាតិ និងក្រោយមកជាអគ្គលេខាធិការគណបក្សភ្លើងទៀនប្រចាំទ្វីបអាមេរិកខាងជើង បានបញ្ជាក់ថា ការសម្រេចចិត្តផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយសារមេដឹកនាំ ទណ្ឌិតក្បត់ជាតិ៣ជំនាន់មានចរិកបំពេញតែមហិច្ឆតាផលប្រយោជន៍របស់ខ្លួន ហើយចំណុចសំខាន់នៃការដឹកនាំជិតរយៈពេល៣០ឆ្នាំមានរបៀបប្រជាភិថុតតែប៉ុណ្ណោះ ដែលនេះជាកត្តាធ្វើឱ្យចរន្តនៃសមាជិកផ្សេងទៀតបន្តចាកចេញកាន់តែច្រើន។ ជាមួយគ្នា អតីតសមាជិកគណបក្សប្រឆាំងរូបនេះ អះអាងថា កត្តាធំបំផុតដែលនាំឱ្យរូបលោកសម្រេចចិត្តផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង គឺការប្រមាថ និងមិនឱ្យតម្លៃលើការពិត ជាក់ស្តែងដូចករណីសញ្ញាបត្រយោធារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនេះឆ្លុះបញ្ចាំងថាទណ្ឌិត សម រង្ស៉ី មិនផ្តល់តម្លៃដល់យុវជន និងបញ្ញវន្តដ៏ទៃទៀតនោះទេ។ សូមជម្រាបថា គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសមិនតិចទេ បានបន្តនាំគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹកនាំជាទណ្ឌិតក្បត់ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់ខ្លួនអស់ជំនឿចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និងប្រជាជនពិតប្រាកដ៕អត្ថបទ សេក ឧត្តម ថត ឡាយ សុភ័ណ រូបភាព បក្សប្រឆាំង ២ ៧ ២៤

តំបន់សហគមន៍ទេសចរណ៍ ថ្មដាអូរទឹកខៀវ កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញនារដូវវស្សា

2024/07/03 07:07:51 pm        425
ឧត្ដរមានជ័យ៖ តំបន់សហគមន៍ទេសចរណ៍ថ្មដាអូរទឹកខៀវមានទីតាំងស្ថិតនៅក្នុងតំបន់ជួរភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន កំពុងតែបង្ហាញ សម្រស់ដ៏ស្រស់ខៀវស្ងាត់នារដូវវស្សា គួរជាទីសម្រាកកម្សាន្តដ៏ត្រជាក់ចិត្ត ។ថ្មដាអូរទឹកខៀវ ត្រូវបានបង្កើតជាតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីផ្ដល់ប្រយោជន៍ដល់ ប្រជាពលរដ្ឋតំបន់នេះ ៕

លោក Biden ប្រឈមការសង្ស័យពីសមាជិកបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឡើងវិញរបស់ខ្លួន

2024/07/03 05:26:44 pm        119
សមាជិកគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតមួយចំនួនដែលស្មោះត្រង់នឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានលើកមន្ទិលសង្ស័យ និងសំណួរថ្មីៗកាលពីថ្ងៃអង្គារ (០២ កក្កដា) អំពីការបោះឆ្នោតឡើងវិញឆ្នាំ២០២៤ របស់លោក ដោយមានអ្នកខ្លះអំពាវនាវឱ្យលោកចុះចេញពីតំណែង ដែលជាការផ្លាស់ប្តូរមួយបន្ទាប់ពីមនុស្សជាច្រើនបានការពារលោក ក្រោយធ្វើមិនបានល្អក្នុងការជជែកដេញដោលកាលពីសប្តាហ៍មុន។សមាជិកបក្សប្រជាធិបតេយ្យ និងក្រុមអ្នកយុទ្ធសាស្រ្តនយោបាយបាននិយាយថា សំណួរដែលថាតើលោក បៃដិន បន្តកិច្ចប្រឹងប្រែងបោះឆ្នោតឆ្នាំ២០២៤ សម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួន ប្រឆាំងនឹងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump) ឬយ៉ាងណានោះ វាគឺជាការសម្រេចចិត្តរបស់លោក។ប៉ុន្តែលោក បៃដិន កំពុងប្រឈមមុខនឹងសម្ពាធដ៏ធំ។ ម្ចាស់ជំនួយមួយចំនួនបានអំពាវនាវឱ្យលោកចុះចេញពីតំណែង ហើយសមាជិកបក្សប្រជាធិបតេយ្យផ្សេងទៀតកំពុងព្រួយបារម្ភដោយបើកចំហ ថាលោកមិនមានសមត្ថភាពផ្តួលលោក ត្រាំ នៅក្នុងខែវិច្ឆិកា។ មានសមាជិកសភាតំណាងរាស្ដ្រប្រជាធិបតេយ្យចំនួន ២៥ នាក់កំពុងរៀបចំអំពាវនាវឱ្យលោក បៃដិន លាលែងពីតំណែង នេះបើយោងតាមមន្រ្តីមួយរូប។យោងតាមការស្ទង់មតិរបស់ រ៉យទ័រ (Reuters) និងអ៊ីបសូស (Ipsos) កាលពីថ្ងៃអង្គារ (០២ កក្កដា) សមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ ក្នុងចំណោមបីនាក់ គិតថាលោក បៃដិន គួរតែបញ្ចប់កិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញបន្ទាប់ពីការជជែកដេញដោលដ៏បរាជ័យកាលពីសប្តាហ៍ ប៉ុន្តែគ្មានសមាជិកបក្សប្រជាធិបតេយ្យដែលជាប់ឆ្នោតលេចធ្លោណាម្នាក់ធ្វើបានល្អជាងលោក បៃដិន ក្នុងការផ្គូផ្គងសម្មតិកម្មប្រឆាំងនឹងលោក ត្រាំ នោះទេ៕

ការកាត់ទោសក្នុងបណ្ដឹងប្រាក់បំបិទមាត់របស់លោក Donald Trump ត្រូវបានពន្យារពេល

2024/07/03 03:37:30 pm        130
ចៅក្រមនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០២ កក្កដា) បានពន្យារពេលការកាត់ទោសរបស់លោក ដូណាល់ ត្រាំ (Donald Trump) ទៅរហូតដល់ថ្ងៃទី១៨ ខែកញ្ញា សម្រាប់ការផ្តន្ទាទោសរបស់លោកលើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលផ្តើមចេញពីការបង់ប្រាក់បំបិទមាត់ឱ្យតារាអាសអាភាស បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះបានស្នើសុំឱកាសដើម្បីបង្ហាញអំណះអំណាងដែលថាលោកគួរតែមានអភ័យឯកសិទ្ធិរារាំងពីការកាត់ទោស។ការកាត់ទោសដើមឡើយត្រូវបានកំណត់សម្រាប់ថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ប៉ុន្មានថ្ងៃមុនពេលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ចាប់ផ្តើមនៅទីក្រុង មីលវ៉ាវឃី (Milwaukee) នៅថ្ងៃទី១៥ ខែកក្កដា។ ការកំណត់ពេលវេលាថ្មីមានន័យថាលោក ត្រាំ ទំនងជាត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីដោយគណបក្សរបស់លោកដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) មុនពេលត្រូវបានកាត់ទោស។ ពេលនេះ ចៅក្រម ហ័ន មើឆាន (Juan Merchan) នឹងត្រូវសម្រេចចិត្តលើការដាក់ទោសសម្រាប់លោក ត្រាំ រួមទាំងថាតើត្រូវឱ្យលោកជាប់ពន្ធនាគារដែរឬអត់ នៅក្នុងយុទ្ធនាការបោះឆ្នោតសកលនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ ប្រឈមមុខនឹងការប្រយុទ្ធផ្លូវច្បាប់ដ៏ខ្លាំងក្លាមួយដើម្បីលុបចោលសាលក្រមបណ្ដឹងប្រាក់បំបិទមាត់នេះ ព្រោះភ័ស្តុតាងជាច្រើននៅក្នុងសំណុំរឿងផ្អែកលើពេលវេលារបស់លោកក្នុងពេលកំពុងតំណែង។មេធាវីរបស់លោក ត្រាំ កាលពីថ្ងៃចន្ទ បានស្នើសុំឱ្យលោក មើឆាន អនុញ្ញាតឱ្យផ្ដល់អំណះអំណាងក្នុងសាលក្រមនោះនៅតុលាការរដ្ឋញូវយ៉ក ក្នុងទីក្រុង មែនហាតថាន (Manhattan) ថាគួរតែត្រូវបានលុបចោល ដោយសារតែសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះដែលថាប្រធានាធិបតីមានសិទ្ធិទទួលបានអភ័យឯកសិទ្ធិពីការកាត់ទោសព្រហ្មទណ្ឌសម្រាប់សកម្មភាពផ្លូវការ៕

ចិននិងហ្វីលីពីនរៀបចំការពិភាក្សាដ៏សំខាន់ក្រោយប្រឈមដាក់គ្នាយ៉ាងវឹកវរ ក្នុងជម្លោះសមុទ្រចិនខាងត្បូង

2024/07/03 03:18:29 pm        218
ប្រទេសចិន និងហ្វីលីពីនបានរៀបចំកិច្ចពិភាក្សាដ៏សំខាន់មួយកាលពីថ្ងៃទី ២ ខែកក្កដា សប្ដាហ៍នេះ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការប្រឈមដាក់គ្នាដ៏អាក្រក់បំផុតរវាងភាគីទាំង២ក្នុងជម្លោះសមុទ្រចិនខាងត្បូង បង្កឱ្យមានក្ដីបារម្ភនៃការផ្ទុះជម្លោះកាន់តែធំ ដែលអាចពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់ទីក្រុងម៉ានីល នោះគឺសហរដ្ឋអាមេរិក។ ពុំមានការលើកឡើងពីកិច្ចព្រមព្រៀងសំខាន់ណាមួយ ដើម្បីព្យាយាមទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចម្តងទៀតដូចកាលពីថ្ងៃទី ១៧ ខែមិថុនា នៅឯដែនទឹកមានជម្លោះ Second Thomas Shoal ដែលបណ្តាលឲ្យទាហានជើងទឹកហ្វីលីពីនរងរបួស និងខូចខាតទូកយោធាពីរគ្រឿងនោះឡើយ។ ក្រសួងការបរទេសក្នុងទីក្រុងម៉ានីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា គណៈប្រតិភូចិន និងហ្វីលីពីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ថយភាពតានតឹងដោយពុំមានការរំខានគ្នាទៅវិញទៅមក។ មានការវិវឌ្ឍយ៉ាងសំខាន់លើការបង្កើតវិធានការដើម្បីគ្រប់គ្រងស្ថានការណ៍នៅដែនសមុទ្រ ប៉ុន្តែការខ្វែងគំនិតគ្នាសំខាន់ៗនៅតែមាន។ យោងតាមភាគីហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro)បានប្រាប់សមភាគីចិនគឺអនុរដ្ឋមន្ត្រីការបរទេសចិនលោកជិន សៀវទុង(Chen Xiaodong)ថាហ្វីលីពីននឹងមានការអត់ធ្មត់ក្នុងការការពារផលប្រយោជន៍របស់ខ្លួន និងរក្សាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបទី៧៣ឆ្នាំដែលកម្ពុជាចូលជាសមាជិកអង្គការ UNESCO

2024/07/03 02:36:06 pm        115
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារ អបអរសាទរខួបលើកទី៧៣ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិក អង្គការ UNESCO(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ តាមរយៈឆាណែលតេលេក្រាមផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«អបអរសាទរខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ»។  សម្តេចបានបន្ថែមទៀតថាអង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង៕

សម្តេចធិបតី ផ្ញើសារអបអរសាទរខួបលើកទី៧៣ឆ្នាំដែលកម្ពុជាចូលជាសមាជិកអង្គការ UNESCO

2024/07/03 02:27:00 pm        326
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរខួបលើកទី៧៣ដែលព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ ។តាមរយៈបណ្តាញសង្គមតេលេក្រាម និងហ្វេសបុកផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជាដោយក្នុងនោះរួមមាន៖១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖- តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក- ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា- តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ-រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖- របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី- ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង- ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី- ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី- ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស- គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ។៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖- បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស - ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន -រឿងអ៉ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ក្នុងនាមជាកូនខ្មែរត្រូវតែថែរក្សា និងការពារ នូវបេតិកភណ្ឌវប្បធម៌របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ដោយតាមសំណេរនៅក្នុងតេលេក្រាមនេះសម្តេចបាន បញ្ជាក់ថា«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕អត្ថបទបាន ចក់

កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធកាំភ្លើងធំនៅតាមព្រំដែន ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ

2024/07/02 09:45:11 pm        162
ប្រទេសកូរ៉េខាងត្បូង បានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិត នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីការព្យួរកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងអន្តរកូរ៉េ ដែលបានដាក់កម្រិតសមយុទ្ធបែបនេះ។ទាហានបានបាញ់ប្រហែល ១៤០គ្រាប់ ដោយប្រើកាំភ្លើងបាញ់ផ្លោង K9 និង K105A1 ក្នុងអំឡុងពេលធ្វើសមយុទ្ធនៅជួរមុខ ក្នុងខេត្ត Gyeonggi និង Gangwon ដែលស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនយោធា ក្នុងតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ នេះបើយោងតាមកងទ័ព។ កងទ័ព បាននិយាយថា៖«សមយុទ្ធបាញ់គ្រាប់កាំភ្លើងធំ ជាសមយុទ្ធលើកដំបូង ដែលត្រូវបានធ្វើឡើងនៅលើដី បន្ទាប់ពីសមយុទ្ធ ត្រូវបានធ្វើឡើងជាធម្មតា បន្ទាប់ពីការផ្អាកទាំងស្រុងរបស់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងយោធាថ្ងៃទី ១៩ ខែកញ្ញា ដែលផ្តោតលើការពង្រឹងការត្រៀមកាំភ្លើងធំ និងសមត្ថភាពឆ្លើយតប ក្នុងករណីមានការបង្កហេតុពីសត្រូវ»។កងទ័ព បានបន្ថែមថា៖«កងកម្លាំងយោធា នឹងធ្វើសមយុទ្ធកាំភ្លើងធំជាទៀងទាត់ និងការហ្វឹកហ្វឺនសម នៅតាមតំបន់ព្រំដែន ឆ្ពោះទៅមុខ»។ចំណាត់ការនេះ បានកើតឡើងរយៈពេលជិតមួយខែ បន្ទាប់ពីកូរ៉េខាងត្បូង បានផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ កាលពីថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីយុទ្ធនាការរបស់កូរ៉េខាងជើង និងការប៉ុនប៉ង ដើម្បីរំខានដល់សញ្ញា GPS នៅជិតប្រជុំកោះព្រំដែន។ប្រទេសកូរ៉េខាងជើង បានបង្ហោះបាឡុងដែលផ្ទុកសំរាមជាង ២.០00 ឆ្លងកាត់ព្រំដែន ចាប់តាំងពីចុងខែឧសភា ជាសកម្មភាពប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ដែលបញ្ជូនដោយអ្នករត់ចោលស្រុក កូរ៉េខាងជើង និងសកម្មជន នៅភាគខាងត្បូង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM
សារព័ត៌មាន CNN, MS NOW និង Politico ស្នើចៅក្រមពន្យារការហាមឃាត់របស់សេតវិមាន
09/29/2026 06:09 PM
លោក Rubio៖ អឺរ៉ុបកំពុងជួបបញ្ហាប្រឈមធ្ងន់ធ្ងរ
09/29/2026 06:09 PM
ប្រមុខ​គោលនយោបាយមន្ទីរបញ្ចកោណ៖ សម្ព័ន្ធមិត្តណាតូ​គាំទ្រការផ្លាស់ប្តូរទិសដៅ​ការពារជាតិ នៅអឺរ៉ុប
09/29/2026 05:09 PM