អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​ទំនប់អាងទឹក​វិទ្យាស្ថាន​ពហុ​ជំនាញ​យោធាតេជោសែន​ក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងស្ពានបេតុង ជា​អំណោយ​របស់​សម្តេច​ធិបតី​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ស្រុក​ត្រពាំងប្រាសាទ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក នឹងផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយវៀតណាម បន្ទាប់ពីទស្សនកិច្ចលោក ពូទីន

2024/06/21 02:09:07 pm        182
សហរដ្ឋអាមេរិក បានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់វៀតណាម កាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្តោតលើការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ ដែលខ្លួនបានស្វះស្វែងរកទំនាក់ទំនងរឹងមាំដើម្បីប្រឆាំងនឹងការប្រជែងជាមួយចិន។មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយកូរ៉េខាងជើង លោកពូទីន ត្រូវបានទទួលការស្វាគមន៍ក្នុងពិធីដ៏អធិកអធមមួយក្នុងប្រទេសវៀតណាម ហើយបាននិយាយនៅទីក្រុងហាណូយ ថាលោកចង់កសាង «ស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន» នៅក្នុងតំបន់។ប៉ុន្មានម៉ោងក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ប្រមុខអ្នកការទូតរបស់ខ្លួនសម្រាប់អាស៊ីបូព៌ាគឺលោក ដានីញ៉ែល គ្រីថិនប្រ៊ីង (Daniel Kritenbrink) នឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅថ្ងៃសុក្រ (២១ មិថុនា) និងថ្ងៃសៅរ៍ (២២ មិថុនា) សប្ដាហ៍នេះ ដើម្បីសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីធានាឱ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក «សេរី និងបើកចំហ»។ដំណើរទស្សនៈកិច្ចរបស់លោក ពូទីន ទៅកាន់អាស៊ី ត្រូវបានគេមើលឃើញថាជាការផ្គើនទៅនឹងលោកខាងលិច ហើយការធ្វើជាម្ចាស់ផ្ទះរបស់វៀតណាម ត្រូវបានរិះគន់យ៉ាងខ្លាំងដោយទីក្រុងវ៉ាស៊ីនតោន ដែលបាននិយាយថា មេដឹកនាំរុស្ស៊ី មិនគួរត្រូវបានផ្តល់វេទិកាឱ្យការពារសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែននោះទេ៕

វៀតណាម ថាខ្លួននឹងពិភាក្សាជាមួយហ្វីលីពីន លើបណ្ដឹងទាមទារដែនសមុទ្រនៅ UN របស់ក្រុងម៉ានីល

2024/06/21 01:52:49 pm        55
វៀតណាម បាននិយាយនៅថ្ងៃសុក្រ (២១ មិថុនា) នេះថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាជាមួយប្រទេសហ្វីលីពីន ដើម្បីស្វែងរកវិធានការដែលសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងម៉ានីល កាលពីសប្តាហ៍មុន បានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិ ទាមទារសិទ្ធិលើតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅនៅសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាំ ធូហាំង (Pham Thu Hang) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររដ្ឋាភិបាលថា «វៀតណាមអះអាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ ហ័ងសា (Hoang Sa) និង ទ្រឿងសា (Truong Sa) ស្របតាមច្បាប់អន្តរជាតិ» ដោយសំដៅទៅលើប្រជុំកោះ ប៉ារ៉ាសែល (Paracel) និង ស្ព្រាតលី (Spratly)។ វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមអ្នកទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសមុទ្រពិភពលោកដ៏មមាញឹក ដែលស្ទើរតែទាំងអស់ត្រូវបានទាមទារដោយចិន។ ហ្វីលីពីន កាលពីសប្តាហ៍មុនបានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅមួយនៅសមុទ្រចិនខាងត្បូង ដែលគេជឿថាសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ព្រមទាំងជង្រុកត្រី។លោកស្រី ហាំង បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា «បណ្ដារដ្ឋឆ្នេរសមុទ្រ ដែលបញ្ចូលព្រំដែនខ្ពង់រាបសមុទ្រទឹកជ្រៅខាងក្រៅរបស់ពួកគេ ចាំបាច់ត្រូវតែគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃរដ្ឋឆ្នេរសមុទ្រពាក់ព័ន្ធផ្សេងទៀត ដែលមានឆ្នេរសមុទ្រទល់មុខ ឬនៅជាប់គ្នា»៕

អ្នកបោះឆ្នោតអាមេរិក ទន្ទឹងរងចាំការជជែកដេញដោលរវាងលោក Biden និងលោកTrump

2024/06/21 01:48:12 pm        46
ជនជាតិអាមេរិក ដែលមិនប្រាកដប្រជាអំពីបេក្ខភាពប្រធានាធិបតីដែលពួកគេពេញចិត្តនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនាពេលខាងមុខ ដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ប្រកួតទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) ឥឡូវនេះកំពុងទន្ទឹងរងចាំការជជែកដេញដោលនៅសប្តាហ៍ក្រោយនេះ ដើម្បីជួយពួកគេសម្រេចចិត្តថាតើត្រូវគាំទ្រអ្នកណានៅឆ្នាំនេះ។ មនុស្សជាច្រើន ដែលធ្លាប់បានបោះឆ្នោតឱ្យលោក ត្រាំ ក្នុងឆ្នាំ២០១៦ មុនពេលងាកទៅគាំទ្របេក្ខភាពលោក បៃដិន ក្នុងឆ្នាំ២០២០ ដោយសារតែពួកគេមានអារម្មណ៍ថាការដឹកនាំរបស់លោក ត្រាំ មានភាពច្របូកច្របល់ខ្លាំងពេក បាននិយាយថា ឥឡូវនេះពួកគេកំពុងងាកទៅគាំទ្រលោក ត្រាំ ម្តងទៀត ដោយសារមិនសប្បាយចិត្តចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក និងអតិផរណាដ៏ខ្ពស់នៅក្រោមការគ្រប់គ្រងលោក បៃដិន។ពួកគេបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន អាចយកចិត្តពួកគេបាន ប្រសិនបើលោកបង្ហាញសំណើដ៏រឹងមាំមួយដើម្បីធានាសន្តិសុខព្រំដែន និងសុខភាពរឹងមាំរបស់ខ្លួន ទោះបីជាលោកមានអាយុច្រើនក៏ដោយ។ ប្រហែល ២០ ភាគរយនៃអ្នកបោះឆ្នោតនិយាយថា ពួកគេមិនទាន់បានជ្រើសរើសបេក្ខជនប្រធានាធិបតីឆ្នាំនេះនៅឡើយទេ ហើយកំពុងពឹងផ្អែកលើជម្រើសរបស់ភាគីទីបី ឬប្រហែលជាមិនបោះឆ្នោតទាល់តែសោះនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos) ថ្មីៗនេះ។សុខភាពរឹងមាំខាងផ្លូវចិត្ត ជាពិសេសសម្រាប់លោក បៃដិន គឺជាបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តទាំងនេះ ដែលនឹងរងចាំមើលការជជែកដេញដោលលើកដំបូង ដើម្បីមើលថាតើបេក្ខភាពវ័យចំណាស់ជាងគេទាំងពីរនាក់ ដែលឈរឈ្មោះជាប្រធានាធិបតីអាមេរិកនេះ អាចគិតបានល្អកម្រិតណា។ ការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក បៃដិន និងជាពិសេសការគ្រប់គ្រងអតិផរណារបស់លោកក៏ជាប្រធានបទក្តៅគគុកផងដែរសម្រាប់ការបោះឆ្នោតអាមេរិក៕

បេក្ខជនប្រធានាធិបតីវេណេស៊ុយអេឡា ព្រមព្រៀងគោរពលទ្ធផលបោះឆ្នោត ខណៈបក្សប្រឆាំងធំ អនុបវាទ

2024/06/21 11:53:08 am        89
ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro និងបេក្ខជន ៧រូបផ្សេងទៀត សម្រាប់ការបោះឆ្នោតនៅខែកក្កដា កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគោរពលទ្ធផលបោះឆ្នោត ទោះបីជាគណបក្សប្រឆាំងធំរបស់ប្រទេសនេះ បានអនុបវាទ ដោយនិយាយថា រដ្ឋាភិបាល បានរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់។ កិច្ចព្រមព្រៀងចំនួនប្រាំបួនចំណុច ត្រូវបានបង្ហាញដោយ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) ជាអាជ្ញាធររៀបចំការបោះឆ្នោតកម្រិតខ្ពស់បំផុតរបស់ប្រទេសវេណេស៊ុយអេឡា ដែលអ្នករិះគន់និយាយថា ជាការបន្ថែមពេលរបស់គណបក្សកាន់អំណាច។បេក្ខជនគណបក្សប្រឆាំងធំ លោក អ៊ីដមុនដូ ហ្កុនហ្សាឡេស(Edmundo Gonzalez) បានបដិសេធមិនចុះហត្ថលេខា។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Gonzalez បាននិយាយថា គណបក្សប្រឆាំងបានគោរពតាមលក្ខខណ្ឌមុនសម្រាប់ការបោះឆ្នោត ដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចព្រមព្រៀង ចុះហត្ថលេខារវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងនៅក្នុងទីក្រុង Barbados កាលពីឆ្នាំមុន។ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) លោក Elvis Amoroso បាននិយាយថា លោក Gonzalez ពុំបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសនោះទេ បន្ទាប់ពីអញ្ជើញលោកឲ្យមកចុះហត្ថលេខា ខណៈស្ថានីយ៍ទូរទស្សន៍ផ្លូវការ បានផ្សាយបង្ហាញពីកៅអីនៅទទេ។ លោក Gonzalez អតីតអ្នកការទូតអាយុ ៧៤ឆ្នាំ បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោកពុំបានទទួលការកោះហៅណាមួយពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) ឡើយ។

លោក Biden ហាមឃាត់ការលក់កម្មវិធី Kaspersky នៅសហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងរុស្ស៊ី

2024/06/21 11:50:34 am        86
រដ្ឋបាលសហរដ្ឋអាមេរិក របស់លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការដើម្បីរារាំងការលក់កម្មវិធីកំចាត់មេរោគដែលផលិតដោយមន្ទីពិសោធ កាសភឺស្គី ឡេប(Kaspersky Lab) របស់រុស្ស៊ី នៅសហរដ្ឋអាមេរិក ដោយនិយាយយោងទៅរកអតិថិជនធំៗនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះ រួមទាំងក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលតំបន់។លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ឥទ្ធិពលរបស់ទីក្រុងមូស្គូលើក្រុមហ៊ុន ត្រូវបានគេរកឃើញថាបង្កឱ្យមានហានិភ័យគួរឱ្យកត់សម្គាល់។ ប្រភពព័ត៌មានមួយបាននិយាយថា ដំណើរការដែលមានឯកសិទ្ធិរបស់កម្មវិធី ទៅកាន់ប្រព័ន្ធកុំព្យូទ័រ អាចអនុញ្ញាតឱ្យក្រុមហ៊ុនលួចយកព័ត៌មានរសើបពីកុំព្យូទ័ររបស់អាមេរិក ឬដំឡើងកម្មវិធីមេរោគ និងរក្សាការធ្វើបច្ចុប្បន្នភាពសំខាន់ៗ ដែលនឹងបង្កើនការគំរាមកំហែង។មន្ទីរពិសោធន៍ Kaspersky Lab និងស្ថានទូតរុស្ស៊ី ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ កន្លងមកក្រុមហ៊ុន កាសភឺស្គី(Kaspersky) ធ្លាប់បាននិយាយថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនគ្រប់គ្រងដោយឯកជនសុទ្ធសាធ ពុំមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីទេ។ចំណាត់ការនានាបង្ហាញថា រដ្ឋបាលរបស់លោក Biden កំពុងព្យាយាមបំបាត់ហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី ដែលកើតចេញពីកម្មវិធីកំចាត់មេរោគ Kaspersky និងរក្សាការប្រជ្រៀតចូលរបស់ទីក្រុងមូស្គូ ខណៈកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ទទួលបានសន្ទុះឡើងវិញ។

ប្រទេសចិន ថ្កោលទោសការលក់អាវុធរបស់សហរដ្ឋអាមេរិក ឲ្យទៅកោះតៃវ៉ាន់

2024/06/21 11:35:30 am        57
ទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងដាច់អហង្ការ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពោះការលក់អាវុធលើកទីពីររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះទៅឱ្យតំបន់តៃវ៉ាន់ ដោយនិយាយថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺដើម្បីជួយដល់ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿនក្នុងការស្វែងរកឯករាជ្យតាមរយៈការកសាងកម្លាំងយោធា ដែលនឹងទទួលបានការវាយប្រហារត្រលប់ទៅវិញតែប៉ុណ្ណោះ។ ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ស្របពេលក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃអង្គារលើការលក់យានដ្រូន និងមីស៊ីលទៅឱ្យតៃវ៉ាន់ក្នុងតម្លៃប្រមាណ ៣៦០ លានដុល្លារអាមេរិក។កាប្រកាសនេះបានកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលអាមេរិកបានសម្រេចចិត្តលក់គ្រឿងបន្លាស់ និងជួសជុលយន្តហោះចម្បាំង F-16 ក្នុងតម្លៃ ៨០លានដុល្លារទៅឱ្យកោះនេះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយថា ការលក់អាវុធរបស់អាមេរិកទៅកាន់តំបន់តៃវ៉ាន់ ដោយមិនគិតពីការប្រឆាំងរបស់ចិន គឺបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៨២។ លោកបាននិយាយថា ការលក់បែបនេះធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក សន្តិភាព ព្រមទាំងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយផ្ញើសារខុសដ៏ធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនទាមទារឯករាជ្យតៃវ៉ាន់៕

អាមេរិក និងចិន ធ្វើកិច្ចចរចានុយក្លេអ៊ែរក្រៅផ្លូវការលើកដំបូងក្នុងពេល ៥ ឆ្នាំ ដោយផ្ដោតលើកោះតៃវ៉ាន់

2024/06/21 11:17:19 am        118
សហរដ្ឋអាមេរិក និងប្រទេសចិន បានបន្តកិច្ចចរចាអាវុធនុយក្លេអ៊ែរពាក់កណ្តាលផ្លូវការក្នុងខែមីនា ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដោយតំណាងរបស់ទីក្រុងប៉េកាំង ប្រាប់សមភាគីអាមេរិក ថាពួកគេនឹងមិនងាកទៅរកការគំរាមកំហែងនុយក្លេអ៊ែរលើកោះតៃវ៉ាន់ នោះទេ នេះបើយោងតាមប្រតិភូអាមេរិកពីរនាក់ដែលបានចូលរួមកិច្ចចរចានោះ។តំណាងចិន បានផ្តល់ការធានាឡើងវិញបន្ទាប់ពីអន្តរការីអាមេរិក បានលើកឡើងពីការព្រួយបារម្ភដែលថាចិន អាចនឹងប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនប្រឈមនឹងការបរាជ័យក្នុងជម្លោះលើកោះតៃវ៉ាន់ ដែលចិន ចាត់ទុកថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលទីក្រុងតៃប៉ិ បដិសេធ។ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតំណាងដោយគណៈប្រតិភូប្រហែល ៦ នាក់ រួមទាំងអតីតមន្ត្រី និងអ្នកប្រាជ្ញនៅឯការពិភាក្សារយៈពេលពីរថ្ងៃនោះ ដែលបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទសណ្ឋាគារក្រុងសៀងហៃ (Shanghai)។ ចំណែកទីក្រុងប៉េកាំង បានបញ្ជូនគណៈប្រតិភូអ្នកប្រាជ្ញ និងអ្នកវិភាគ ដែលរួមមានអតីតមន្ត្រីកងទ័ពរំដោះប្រជាជនចិនមួយចំនួន។ សូមបញ្ជាក់ថា អ្នកចូលរួមក្នុងកិច្ចពិភាក្សា កម្រិតពីរ (Track Two) ជាទូទៅគឺជាអតីតមន្ត្រី និងក្រុមអ្នកសិក្សាដែលអាចនិយាយជាមួយអាជ្ញាធរលើមុខតំណែងរដ្ឋាភិបាលរបស់ពួកគេ ទោះបីជាខ្លួនមិនពាក់ព័ន្ធដោយផ្ទាល់ក្នុងប្រធានបទក៏ដោយ ហើយការចរចារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលត្រូវបានគេស្គាល់ថាជា កម្រិតមួយ (Track One)។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានរ៉យទ័រថា កិច្ចពិភាក្សា កម្រិតពីរ នេះអាចនឹង «មានប្រយោជន៍» ដោយបន្ថែមថា ក្រសួងបានដឹងលឺពីកិច្ចចរចានោះ ប៉ុន្តែមិនបានចូលរួមនោះទេ៕

ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា ចោទរបបសឹក ថាបានបំពានបទឈប់បាញ់ដែលចិនសម្របសម្រួល

2024/06/21 11:12:59 am        82
សម្ព័ន្ធភាពនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានចោទប្រកាន់របបយោធាថាបានរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសចិន ម្តងហើយម្តងទៀតនៅភាគខាងជើងនៃប្រទេសក្នុងខែនេះ ព្រមទាំងបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើន។ ទីក្រុងប៉េកាំង បានសម្របសម្រួលបទឈប់បាញ់មួយរវាងរបបសឹក និងសម្ព័ន្ធក្រុមប្រដាប់អាវុធ ឈ្មោះថា «សម្ព័ន្ធភាតរភាពត្រីភាគី» នៅក្នុងខែមករាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ ដែលបានជម្លៀសប្រជាជនជាងកន្លះលាននាក់នៅជិតព្រំដែនភាគខាងត្បូងរបស់ចិន។បទឈប់បាញ់នោះ បានអនុញ្ញាតឱ្យសម្ព័ន្ធភាពដែលបង្កើតឡើងដោយកងទ័ពរំដោះជាតិតាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) កាន់កាប់ទឹកដីជាច្រើនដែលខ្លួនវាយដណ្តើមបាននៅភាគខាងជើងរដ្ឋសាន (Shan)។សម្ព័ន្ធនេះបាននិយាយថា កងទ័ពរបបសឹក កាលពីថ្ងៃពុធ (១៩ មិថុនា) បានបើកការវាយប្រហារតាមអាកាសលើទឹកដីដែលកងទ័ពតាអាំង TNLA កាន់កាប់នៅជិតមជ្ឈមណ្ឌលរុករករ៉ែត្បូងទទឹម នៅភូមិម៉ូកូក (Mogok) ដោយសម្លាប់ជនស៊ីវិលម្នាក់ ហើយបន្ថែមថា កាលពីថ្ងៃអង្គារ កងទ័ពរបបសឹកក៏បានធ្វើការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់សមាជិកកងទ័ពតាអាំង ម្នាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ៤ នាក់ផ្សេងទៀត។កងទ័ពតាអាំង TNLA បាននិយាយថា ការវាយប្រហារនេះគឺជាការរំលោភចុងក្រោយបំផុតក្នុងខែនេះដោយរបបយោធា ដែលបានបាញ់ផ្លោងលើទីតាំងកងទ័ពប្រដាប់អាវុធជនជាតិភាគតិចមួយនេះ ហើយកាត់ផ្ដាច់ផ្លូវ និងរឹតបន្តឹងលំហូរទំនិញទៅកាន់ភូមិនានាដែលគ្រប់គ្រងដោយកងទ័ព TNLA ដែលបំពានបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ៕

អាមេរិក៖ ការលើកឡើងរបស់លោក ពូទីន ពីការបញ្ជូនអាវុធឱ្យកូរ៉េខាងជើង ជារឿងគួរឱ្យបារម្ភ

2024/06/21 11:09:02 am        109
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ដែលថាទីក្រុងមូស្គូ អាចផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងព្យុងយ៉ាង គឺជារឿង «គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។លោក ពូទីន បានលើកឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះថា ការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសផ្ដាច់ខ្លួនប្រដាច់ដោយអាវុធនុយក្លេអ៊ែរមួយនេះ នឹងក្លាយជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះការបំពាក់អាវុធរបស់លោកខាងលិច ដល់អ៊ុយក្រែន។ លោក មីលឡឺ បានប្រាប់សន្និសីទព័ត៌មានមួយនៅពេលត្រូវសាកសួរអំពីការលើកឡើងរបស់លោក ពូទីន អំពីលទ្ធភាពនៃការផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង នេះថា «វាជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។លោកបន្ថែមថា «ប្រាកដណាស់ វានឹងធ្វើឱ្យឧបទ្វីបកូរ៉េអស្ថិរភាព ហើយអាចនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីខ្លួនឯងបានគាំទ្រ ប៉ុន្តែក៏អាស្រ័យលើប្រភេទអាវុធដែលពួកគេផ្តល់»។ កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃពុធសប្ដាហ៍នេះ ភាគីនីមួយៗនឹងផ្តល់ជំនួយយោធាភ្លាមៗដល់ភាគីម្ខាងទៀត ក្នុងករណីមានការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងភាគីណាមួយក្នុងចំណោមពួកគេ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បានហៅកិច្ចព្រមព្រៀងនោះថាជាមូលហេតុនៃការព្រួយបារម្ភ ប៉ុន្តែគ្មានអ្វីភ្ញាក់ផ្អើលឡើយ ហើយតម្រូវការរបស់រុស្ស៊ី សម្រាប់ជំនួយបរទេសបែបនេះ គឺជាសញ្ញានៃភាពអស់សង្ឃឹមរបស់ខ្លួន៕

លោក ពូទីន៖ កូរ៉េខាងត្បូងនឹងបង្កើត «កំហុសឆ្គងដ៏ធំមួយ» បើខ្លួនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

2024/06/21 10:58:58 am        120
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា កូរ៉េខាងត្បូងនឹងបង្កើត «កំហុសដ៏ធំមួយ» ប្រសិនបើខ្លួនសម្រេចចិត្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយថាទីក្រុងមូស្គូ នឹងឆ្លើយតបចំពោះទង្វើបែបនេះ តាមរបៀបមួយដែលជាការឈឺចាប់សម្រាប់ទីក្រុងសេអ៊ូល។លោក ពូទីន ដែលលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅប្រទេសវៀតណាម បានកំពុងប្រតិកម្មតបទៅនឹងរបាយការណ៍ពីសារព័ត៌មានយ៉ុនហាប់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបាននិយាយថា កូរ៉េខាងត្បូង នឹងពិនិត្យមើលលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការការពារគ្នាទៅវិញទៅមកមួយថ្ងៃមុននោះ។លោក ពូទីន បាននិយាយថា ទីក្រុងសេអ៊ូល មិនមានអ្វីដែលត្រូវព្រួយបារម្ភទេ ចំពោះកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងកូរ៉េខាងជើង។ លោកបានព្រមានក្រុងសេអ៊ូល ប្រឆាំងនឹងការបញ្ជូនអាវុធឱ្យទីក្រុងគីវ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា «កូរ៉េខាងត្បូង មិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ពីព្រោះជំនួយយោធារបស់យើងក្រោមសន្ធិសញ្ញាដែលបានចុះហត្ថលេខានោះ កើតឡើងបានលុះត្រាតែការឈ្លានពានត្រូវបានអនុវត្តប្រឆាំងនឹងប្រទេសហត្ថលេខីណាមួយប៉ុណ្ណោះ»។លោកបន្តថា៖ «ចំពោះការផ្គត់ផ្គង់អាវុធដែលអាចបង្កគ្រោះថ្នាក់ដល់តំបន់សង្គ្រាមអ៊ុយក្រែន នោះនឹងជាកំហុសឆ្គងដ៏ធេងធំណាស់»។ លោកបន្ថែមថា «ខ្ញុំសង្ឃឹមថារឿងនេះនឹងមិនកើតឡើងទេ។ ហើយប្រសិនបើវាកើតឡើងនោះ យើងក៏នឹងធ្វើការសម្រេចចិត្តសមស្រប ដែលទំនងជាមិនពេញចិត្តដល់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និង​ក្មេងស្រី ជាអាទិភាព
03/08/2026 10:03 AM
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu ៖ ឆ្មាំបដិវត្តន៍ដែលទម្លាក់អាវុធ នឹងមិនរងគ្រោះថ្នាក់នោះទេ
03/08/2026 10:03 AM
លោកស្រី Meloni៖ អ៊ីតាលីកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីរារាំងការកើនឡើងជម្លោះនៅមជ្ឈិមបូព៌ា
03/08/2026 10:03 AM
លោក Trumpនិយាយប្រាប់អង់គ្លេសថា ពួកយើងមិនត្រូវការមនុស្សចូលរួមសង្រ្គាមក្រោយពួកយើងឈ្នះរួចហើយនោះទេ
03/08/2026 09:03 AM
លោក Trump បដិសេធមិនដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលើកឡើងពីគំនិតលុបបំបាត់មេដឹកនាំទាំងអស់របស់ពួកគេ
03/08/2026 09:03 AM
ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក
03/07/2026 10:03 PM
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
03/07/2026 09:03 PM
ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
03/07/2026 05:03 PM
រុស្ស៊ីបាញ់ស្រោចមីស៊ីល និងយានដ្រូនលើអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
03/07/2026 04:03 PM
ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្អាកជើងហោះហើរ ទាំងទៅ និងមកពីទីក្រុង Dubai
03/07/2026 04:03 PM