សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Netanyahu សម្តែងការមិនសប្បាយចិត្តម្តងទៀត ចំពោះល្បឿននៃការផ្គត់ផ្គង់សព្វាវុធរបស់អាមេរិក ដល់អ៊ីស្រាអែល

2024/06/24 05:35:43 pm        193
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកបានកំពុងផ្អាកការដឹកជញ្ជូនសព្វាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសរបស់លោក។ លោក Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា រយៈពេលបួនខែកន្លងទៅនេះ មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែលពីសហរដ្ឋអាមេរិក។ លោក Netanyahu លើកឡើងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក គឺចាំបាច់ដើម្បីកម្ទេចក្រុម ហាម៉ាស។ លោក Netanyahu បានចេញផ្សាយសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយ កាលពីថ្ងៃអង្គារសប្តាហ៍មុន អំពីល្បឿននៃការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការលើកឡើងបែបនេះ។សារព័ត៌មានAP រាយការណ៍ថា ភាពប្រេះឆារវាង លោក Netanyahu និងទីក្រុង Washington ផ្តល់ឱ្យលោកនូវឱកាសដើម្បីបង្ហាញមូលដ្ឋានរបស់លោកថា លោកមិនជំពាក់គុណសហរដ្ឋអាមេរិកនោះទេ ហើយលោកកំពុងដាក់ផលប្រយោជន៍របស់អ៊ីស្រាអែល ជាមុន។ ប៉ុន្តែ អ្នកវិភាគនិយាយថា ការបង្ហាញការមិនសប្បាយចិត្តម្តងហើយម្តងទៀតរបស់លោក អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin អំពីប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាស្ទ្រីប។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន រាយការណ៍ថា មនុស្សប្រាំនាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើច្រកទ្វារធំភាគខាងកើតនៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ។មន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅក្នុងតំបន់នេះ បានកើនឡើងដល់ ៣៧.៥៩៨ នាក់។

រុស្ស៊ី៖ អាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ុយក្រែន លើតំបន់គ្រីម៉េ

2024/06/24 05:10:37 pm        312
រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីម៉េ (Crimea) ដោយប្រើមីស៊ីលចំនួនប្រាំគ្រាប់ផ្គត់ផ្គង់ដោយអាមេរិក ដែលបានសម្លាប់មនុស្ស ៤ នាក់ក្នុងនោះមានកុមារ ២ នាក់ និងមនុស្សជាង ១៥០ នាក់ទៀតរបួស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលចំនួនបួននៃប្រព័ន្ធមីស៊ីលតាកទិកកងទ័ព (ATACMS) ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ហើយគ្រាប់មីស៊ីលទីប្រាំ បានបំផ្ទុះនៅកណ្តាលអាកាស។អាជ្ញាធរដែលដំឡើងដោយរុស្ស៊ី នៅតំបន់គ្រីម៉េ បាននិយាយថា បំណែកមីស៊ីលបានធ្លាក់ក្បែរឆ្នេរមួយនៅភាគខាងជើងនៃទីក្រុង សេវ៉ាស្តូភូល (Sevastopol) ជាទីដែលអ្នកស្រុកកំពុងវិស្សមកាលសម្រាកលំហែកាយ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានប្រតិកម្មខឹងសម្បារយាងខ្លាំងក្នុងចំណោមឥស្សរជនសាធារណៈរុស្ស៊ី។ក្រសួងការពារជាតិបាននិយាយថា អ្នកឯកទេសអាមេរិកបានកំណត់ការសម្របសម្រួលនៃការហោះហើររបស់មីស៊ីលនៅលើមូលដ្ឋាននៃព័ត៌មានពីផ្កាយរណបចារកម្មរបស់ខ្លួន ដែលមានន័យថាទីក្រុងវ៉ាស៊ីនតោន ជាអ្នកទទួលខុសត្រូវដោយផ្ទាល់លើការវាយប្រហារនោះ។ រុស្ស៊ី បានដាក់បញ្ចូលឧបទ្វីបគ្រីម៉េ ក្នុងឆ្នាំ២០១៤ ហើយឥឡូវនេះបានចាត់ទុកឧបទ្វីបសមុទ្រខ្មៅមួយនេះថាវាជាផ្នែកសំខាន់មួយនៃទឹកដីខ្លួន ទោះបីជាពិភពលោកភាគច្រើនចាត់ទុកថាវានៅតែជាផ្នែកមួយនៃអ៊ុយក្រែនក៏ដោយ៕

រយៈពេល៥ថ្ងៃសាលាដំបូងរាជធានី-ខេត្ត ចាត់ការលើសំណុំរឿងគ្រឿងញៀន៩៣ករណី ឃាត់ខ្លួនជនសង្ស័យ២០៦នាក់

2024/06/24 05:05:48 pm        170
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៣ ករណី ក្នុងនោះមានជនសង្ស័យចំនួន ២៣០ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៦ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

ប្រព័ន្ធផ្សព្វផ្សាយ៖ រុស្ស៊ី ផ្តល់ជំនួយដល់វៀតណាម ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ

2024/06/24 05:01:13 pm        133
លោក អាឡិចស៊ី លីខាឆេវ (Alexei Likhachev) ប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ រ៉ូសាថូម (Rosatom) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា ប្រទេសរុស្ស៊ី បានផ្តល់ជំនួយដល់ប្រទេសវៀតណាម ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ទីក្រុងហាណូយ។លោក លីខាឆេវ ដែលបានរួមដំណើរជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅវៀតណាម កាលពីសប្តាហ៍មុនបាននិយាយថា លោក ពូទីន បានផ្តល់ការជួយបែបនេះជូនលោកនាយករដ្ឋមន្រ្តីវៀតណាម ហ្វាំ មីញជីញ (Pham Minh Chinh)។ សារព័ត៌មាន RIA បានដកស្រង់សម្តីលោក លីខាឆេវ ថា «យើងបានផ្តល់ជម្រើសដែលអាចធ្វើបានទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាម»។ប្រទេសវៀតណាម មិនមានរោងចក្រថាមពលនុយក្លេអ៊ែរទេ ហើយបានលុបចោលផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរទីតាំងដំបូងរបស់ខ្លួនកាលឆ្នាំ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រ ហ្វ៊ូគូស៊ីម៉ា (Fukushima) នៅជប៉ុន និងដោយសារបញ្ហាថវិកា។ លោក លីខាឆេវ បានបន្ថែមថា មុនពេលវៀតណាម លុបចោលគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទាំងនោះ ក្រុមហ៊ុននុយក្លេអ៊ែរ រ៉ូសាថូម បានផ្តល់ជូនទីក្រុងហាណូយ នូវគម្រោងមួយដោយផ្អែកលើអង្គភាពថាមពលខ្ពស់ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រទំនើបរបស់រុស្ស៊ី។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ជាទីដែលលោក ពូទីន បានទទួលការស្វាគមន៍ក្នុងពិធីយោធាដ៏អធិកអធមនេះ រុស្ស៊ី និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើបញ្ហារួមទាំងថាមពល ដោយគូសបញ្ជាក់ពីចំណុចស្នូលរបស់ទីក្រុងមូស្គូ ចំពោះអាស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន៕

[UPDATE] នគរបាល១៥នាក់ និងជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន របស់រុស្ស៊ី

2024/06/24 04:53:36 pm        166
អភិបាលតំបន់ លោក ហ្សើហ្គេ ម៉េលីកូវ(Sergei Melikov) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយនៅព្រឹកថ្ងៃចន្ទនេះថា នគរបាលយ៉ាងហោចណាស់ ១៥នាក់ និងជនស៊ីវិលជាច្រើននាក់ រួមទាំងមេដឹកនាំសាសនាអូតូដុក (Orthodox)ម្នាក់ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន (Dagestan) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើព្រះវិហារសាសនាអូតូដុក ចំនួនពីរកន្លែង សាលពិធីបួងសួងមួយ និងប៉ុស្តិ៍នគរបាលចំនួនពីរក្នុងទីក្រុង។គណៈកម្មាធិការជាតិប្រឆាំងភេរវកររុស្ស៊ីបានហៅការវាយប្រហារនៅក្នុងតំបន់សំបូរដោយពលរដ្ឋមូស្លីម នេះថាជាអំពើភេរវកម្ម។ អាជ្ញាធរប្រកាសយកថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ជាថ្ងៃកាន់ទុក្ខនៅក្នុងតំបន់នេះ។ក្រសួងមហាផ្ទៃរបស់សាធារណរដ្ឋ ដាហ្សេស្ថាន បាននិយាយថា បុរសប្រដាប់អាវុធមួយក្រុមបានបាញ់រះមិនរើសមុខនៅសាលពិធីបួងសួង និងព្រះវិហារមួយក្នុងទីក្រុងឌើប៊េន (Derbent) ស្ថិតនៅតំបន់ សមុទ្រកាស្ពៀន (Caspian) ។ ទាំងព្រះវិហារ ទាំងសាលពិពីបួងសួង ត្រូវភ្លើងឆេះ។ របាយការណ៍បាននិយាយថា ការវាយប្រហារលើព្រះវិហារមួយ និងប៉ុស្តិ៍នគរបាលចរាចរណ៍នៅក្នុងរដ្ឋធានី ម៉ាខាកាឡា (Makhachkala )ក្នុងសាធារណរដ្ឋនេះ បានកើតស្ទើរតែក្នុងពេលដំណាលគ្នា ។ ពុំទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ក្រុមអាជ្ញាធរបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការចោទប្រកាន់ពីអំពើភេរវកម្មនេះ៕

អ្នកជំនាញ៖ តុលាការអាមេរិក ទំនងជាកំណត់អភ័យឯកសិទ្ធិលោក Trump ក្នុងសំណុំរឿងវិមានកាពីតូល

2024/06/24 04:36:54 pm        143
នៅពេលតុលាការកំពូល ប្រគល់សេចក្តីសម្រេចរបស់ខ្លួនលើការស្វះស្វែងរកអភ័យឯកសិទ្ធិរបស់លោក ដូណាល់ ត្រាំ (Donald Trump) ពីការកាត់ទោសសម្រាប់តួនាទីរបស់ខ្លួនក្នុងការវាយប្រហារថ្ងៃទី០៦ ខែមករា លើវិមានកាពីតូល (Capitol) របស់អាមេរិក ដែលប្រហែលជាកើតឡើងនៅក្នុងសប្តាហ៍នេះ អ្នកជំនាញផ្នែកច្បាប់មួយចំនួននិយាយថា ពួកគេជឿថាភាគច្រើននៃបណ្ដឹងរបស់ក្រសួងយុត្តិធម៌ប្រឆាំងលោក ត្រាំ នឹងនៅតែបន្ត ដែលនោះទំនងជាការកំណត់ ឬដាក់កម្រិតលើអភ័យឯកសិទ្ធិរបស់លោក។ក្នុងអំឡុងសវនាការក្នុងខែមេសា ចៅក្រមភាគច្រើនហាក់ដូចជាមិនទទួលយកអំណះអំណាងរបស់លោក ត្រាំ ដែលថាប្រធានាធិបតីមាន «អភ័យឯកសិទ្ធិទាំងស្រុង» សម្រាប់សកម្មភាពផ្លូវការណាមួយនោះទេ។ ប៉ុន្តែភាពពិតប្រាកដនៃសេចក្តីសម្រេចបែបនេះ នៅតែមិនច្បាស់លាស់ បន្ទាប់ពីមានទឡ្ហីករណ៍ស៊ើបអង្កេតអំពីទំហំនៃអំណាចរបស់ប្រធានាធិបតីអាមេរិក។លោក ត្រាំ បានប្តឹងឧទ្ធរណ៍បន្ទាប់ពីតុលាការជាន់ទាបច្រានចោលសំណើសុំការពារពីការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការបោះឆ្នោតចំនួនបួនករណី ដោយហេតុផលថាលោកកំពុងបម្រើការជាប្រធានាធិបតី នៅពេលលោកបានចាត់វិធានការដែលនាំឱ្យមានការចោទប្រកាន់ដែលដាក់ដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) នេះ។សេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូល អាចបង្រួមការចោទប្រកាន់របស់រដ្ឋអាជ្ញាពិសេសប្រឆាំងនឹងលោក ត្រាំ ប៉ុន្តែយ៉ាងហោចណាស់ផ្នែកខ្លះនៃការចោទប្រកាន់នឹងនៅតែមាន។ សេចក្តីសម្រេចនេះអាចពន្យារកាត់ក្តីរបស់លោក ត្រាំ បន្ថែមទៀត បើតុលាការកំពូលណែនាំដល់តុលាការថ្នាក់ក្រោមឱ្យកំណត់ពីមធ្យោបាយអនុវត្តទិដ្ឋភាពដែលបង្កើតថ្មីរបស់ខ្លួនអំពីអភ័យឯកសិទ្ធិ។ លោក ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសព្រហ្មទណ្ឌ។ លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងសំណុំរឿងនេះ រួមទាំងក្នុងបណ្ដឹងព្រហ្មទណ្ឌចំនួនបីផ្សេងទៀត៕

មន្ត្រីកូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ចំពោះការពង្រីកការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន

2024/06/24 04:21:08 pm        196
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក ជុំវិញការពង្រីកការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន។ លោក ផាក ជុងឈុន (Pak Jong Chon) ប្រមុខមន្ត្រីយោធារបស់កូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ថា រុស្ស៊ី មានសិទ្ធិជ្រើសរើសធ្វើការវាយប្រហារសងសឹកគ្រប់ប្រភេទ។លោកក៏បានរិះគន់ខ្លាំងៗជុំវិញការអត្ថាធិប្បាយរបស់មន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន អាចប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារកងកម្លាំងរុស្ស៊ី គ្រប់ទីកន្លែងឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី។ លោក ផាក បានបន្ថែមថា កូរ៉េខាងជើងនឹងតែងតែឈរនៅជាមួយកងទ័ព និងប្រជាជនរុស្ស៊ី ជានិច្ចក្នុង «ការតស៊ូដើម្បីការពារសិទ្ធិអធិបតេយ្យភាព» របស់ពួកគេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅទីក្រុងព្យុងយ៉ាង ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ២៤ ឆ្នាំ៕

រដ្ឋមន្រ្តីការបរទេសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ

2024/06/24 04:07:53 pm        238
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ម៉ារីត សាងៀមផុង្ស នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពី មធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីព្រមទាំងរិះរកវិធីសាស្ត្រនានាដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួម៕

[UPDATE] អារ៉ាប៊ីសាអ៊ូឌីត បានចុះឈ្មោះអ្នកធ្វើធម្មយាត្រាស្លាប់ដោយសារក្ដៅខ្លាំងអំឡុងបុណ្យហាជីចំនួន ១.៣០១ នាក់

2024/06/24 03:58:37 pm        135
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួនបានកត់ត្រាការស្លាប់ចំនួន ១.៣០១ នាក់ ចំណោមអ្នកធ្វើធម្មយាត្រាក្នុងរដូវបុណ្យប្រពៃណីសាសនាអ៊ីស្លាម ហាជី (Hajj) ។ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីត លោក ហ្វាអាល់ ចាឡាចេល(Fahd Al-Jalajel) បាននិយាយថា វិស័យថែទាំសុខភាពរបស់ព្រះរាជាណាចក្រមួយនេះ បានដោះស្រាយករណីក្ដៅខ្លាំងជាច្រើន ដោយបុគ្គលមួយចំនួននៅតែស្ថិតក្នុងការថែទាំសុខភាពនៅឡើយ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានមនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃជាច្រើននាក់ ដោយបង្ហាញថាកម្ដៅបានប៉ះពាល់ដល់អ្នកធ្វើធម្មយាត្រាដែលមិនបានចុះឈ្មោះច្រើនបំផុតដល់ទៅ៨៣% ខណៈពួកគេបានដើរផ្លូវឆ្ងាយ ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ដោយគ្មានកន្លែងជ្រក ឬសម្រាកឲ្យបានគ្រប់គ្រាន់។ជនរងគ្រោះទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសាររបស់ពួកគេបានជូនដំណឹង ទោះបីជាមានការខ្វះខាតព័ត៌មានផ្ទាល់ខ្លួន ឬឯកសារអត្តសញ្ញាណដំបូងក៏ដោយ។ លោកបានបន្ថែមថា ដំណើរការរៀបចំត្រឹមត្រូវ ត្រូវបានអនុវត្តសម្រាប់ការកំណត់អត្តសញ្ញាណ ការបញ្ចុះសព និងការចេញលិខិតបញ្ជាក់មរណភាព៕

គ.ជ.ប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

2024/06/24 03:10:34 pm        195
នៅព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤នេះ គ.ជ.ប បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤»ដែលពិធីនេះ ធ្វើឡើងនៅខេត្តសៀមរាប។សន្និបាតនេះ មានគោលបំណងសំខាន់គឺធ្វើការបូកសរុប និងវាយតម្លៃ លើលទ្ធផលការងារ របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រង​ការបោះឆ្នោតអសកលចំនួន ២ រួមមាន ១- ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ២-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤ នេះ។សន្និបាត នឹងដំណើរការទៅពេញមួយថ្ងៃក្រោមអធិបតីភាព ឯកឧត្តម ជី ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពីបណ្តាខេត្ត-រាជធានីទាំង២៥ វត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួនប្រមាណ ជាង ៥០០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM