សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំង ចំពោះការរិះគន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

2024/06/21 05:49:13 pm        126
សេតវិមានបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការរិះគន់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លើសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២០ ខែមិថុនា ខណៈមានភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ការឆ្លើយតបរបស់សេតវិមានបានកើតឡើង ស្របពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបជាមួយមន្ត្រីជំនិតជាន់ខ្ពស់ពីររូបរបស់លោក Netanyahu ដើម្បីពិភាក្សាពីជម្លោះ ក្នុងដែនដីហ្កាហ្សា និងបញ្ហាផ្សេងៗទៀត។ កិច្ចពិភាក្សាស្រដៀងគ្នានេះត្រូវបានរំពឹងទុករវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងមន្ត្រីអ៊ីស្រាអែល។ លោក Netanyahu កាលពីថ្ងៃអង្គារបានចេញវីដេអូជាភាសាអង់គ្លេសដែលលោកបាននិយាយថា លោក Blinken បានធានាដល់រូបលោកថារដ្ឋបាលលោក Biden កំពុងធ្វើការដើម្បីដកការរិតត្បិត លើការផ្តល់អាវុធដល់អ៊ីស្រាអែល ដែលអ្នកទូតជាន់ខ្ពស់អាមេរិករូបនេះ បានបដិសេធមិនបញ្ជាក់។ក្នុងការរិះគន់ដ៏កម្រមួយនៃការសន្ទនាការទូតជាលក្ខណៈឯកជនជាធម្មតា លោក Netanyahu ក៏បាននិយាយផងដែរថា លោកបានប្រាប់លោក Blinken ថាវាជារឿងនឹកស្មានមិនដល់ ដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុងវ៉ាស៊ីនតោន បានផ្អាកការផ្ដល់អាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន ដោយនិយាយថា សហរដ្ឋអាមេរិក បានសម្តែងការមិនពេញចិត្តដោយផ្ទាល់ចំពោះអ៊ីស្រាអែល៕

លោក Putin ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយវៀតណាម បំណងពង្រឹងទំនាក់ទំនងរបស់រុស្ស៊ីនៅអាស៊ី

2024/06/21 04:29:23 pm        144
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងហោចណាស់១២ ជាមួយសមភាគីវៀតណាមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយបានផ្តល់ជូនការផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីល រួមទាំងឧស្ម័នធម្មជាតិ ដល់ប្រទេសវៀតណាម ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលធ្វើឡើង ខណៈទីក្រុងមូស្គូកំពុងស្វែងរកការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីដើម្បីគេចចេញពីភាពឯកោជាអន្តរជាតិ ដែលកំពុងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ លោក Putin និងលោកប្រធានាធិបតី ថូ ឡាំ (To Lam) បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការរុករកប្រេង និងឧស្ម័ន និងថាមពលស្អាត។ ប្រទេសទាំងពីរក៏បានឯកភាពធ្វើការលើផែនទីបង្ហាញផ្លូវសម្រាប់ បច្ចេកវិទ្យានុយក្លេអ៊ែរ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនៅប្រទេសវៀតណាម។ក្នុងចំណោមកិច្ចព្រមព្រៀងទាំង ១២ ដែលបានប្រកាសជាសាធារណៈនោះ មិនមានអ្វីពាក់ព័ន្ធទាំងស្រុងទៅនឹងផ្នែកការពារជាតិទេ ប៉ុន្តែលោក ឡាំ បាននិយាយថា មានកិច្ចព្រមព្រៀងផ្សេងទៀតដែលមិនត្រូវបានបង្ហាញជាសាធារណៈ។ លោក Putin បានលើកឡើងថា ប្រទេសទាំងពីរចែករំលែកផលប្រយោជន៍ក្នុងការអភិវឌ្ឍស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគ្មានកន្លែងសម្រាប់ ប្លុកនយោបាយ-យោធាបិទជិត។ លោកឡាំ បានបន្ថែមថា ទាំងរុស្ស៊ី ទាំងវៀតណាមចង់សហការបន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី៕

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

2024/06/21 03:12:44 pm        179
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាងលិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ថាជាក្តីបារម្ភយ៉ាងខ្លាំង។លោក ពូទីន បានគំរាមកាលពីដើមខែនេះថា រុស្ស៊ីអាចផ្គត់ផ្គង់អាវុធដល់សត្រូវរបស់លោកខាងលិច ដោយសារតែលោកខាងលិចកំពុងផ្តល់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដល់អ៊ុយក្រែន និងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធទាំងនោះទៅកាន់គោលដៅនៅក្នុងប្រទេសរុស្ស៊ី។នៅក្នុងការអត្ថាធិប្បាយចុងក្រោយរបស់ខ្លួន លោក ពូទីន បាននិយាយថា កូរ៉េខាងជើងអាចជាអ្នកទទួលអាវុធរុស្ស៊ីបែបនេះ។ លោកនិយាយថា ទីក្រុងមូស្គូ រំពឹងថាកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើងនឹងបម្រើជាការរារាំងដល់លោកខាងលិច ប៉ុន្តែថាមិនចាំបាច់ប្រើប្រាស់ទាហានកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែននោះទេ៕

ភាពតានតឹងនៅសមុទ្រចិនខាងត្បូងបង្ខំឱ្យអាមេរិកនិងក្រុងប៉េកាំងពិភាក្សាបន្ថែមទៀត

2024/06/21 03:02:07 pm        168
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនបានប្រាប់ទូរទស្សន៍ BBC ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងពិភាក្សាគ្នាកាន់តែទៀងទាត់បន្ថែមទៀត ដើម្បីជៀសវាងផ្ទុះជម្លោះនៅសមុទ្រចិនខាងត្បូង ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំង២ គ្របដណ្ដប់ដោយជម្លោះ និងការប្រកួតប្រជែង ក៏ដោយ។ លោក នីកូឡាស ប៊នស៍ (Nicholas Burns) បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉េកាំងកាលពីដើមសប្តាហ៍នេះថា យោធារបស់យើងកំពុងប្រតិបត្តិការនៅជិតគ្នាខ្លាំងក្នុងសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់។ សមុទ្រចិនខាងត្បូង បានក្លាយជាចំណុចដ៏គ្រោះថ្នាក់ ដែលការអះអាងសិទ្ធិរបស់ក្រុងប៉េកាំងកំពុងបង្កើនភាពតានតឹងជាមួយតៃវ៉ាន់ និងហ្វីលីពីន ព្រមទាំងសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់ពួកគេ គឺអាមេរិក។ នាវាចិន និងហ្វីលីពីន បាននឹងកំពុងលេងល្បែងឆ្មាចាប់កណ្ដុរ នៅក្នុងដែនទឹកមានជម្លោះក្នុងប៉ុន្មានខែថ្មីៗនេះ ជាការប៉ះទង្គិចចុងក្រោយបំផុតក្នុងសប្តាហ៍នេះ ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងបុគ្គលិកឆ្មាំល្បាតឆ្នេរចិន ប្រើដាវ និងកាំបិតវាយប្រហារទាហានលើទូកហ្វីលីពីន។ សហរដ្ឋអាមេរិក ដែលបានចងសម្ព័ន្ធភាពយោធារួមគ្នា ចាប់ពីទីក្រុងម៉ានីល ដល់ទីក្រុងតូក្យូ បានប្តេជ្ញាម្តងហើយម្តងទៀត ដើម្បីការពារសិទ្ធិសម្ព័ន្ធមិត្តរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង៕

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន

2024/06/20 09:49:08 pm        131
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង «ភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន» ដោយប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយអត្រាកំណើតទាបបំផុតរបស់ប្រទេសនេះ។លោក Yoon បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំនៃគណៈកម្មាធិការប្រធានាធិបតីស្តីពីអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ចំពេលមានការរំពឹងទុកដ៏តិចតួច និងការព្រមានថា ចំនួនប្រជាជនកូរ៉េខាងត្បូងនៅទីបំផុត អាចផុតពូជបាន ប្រសិនបើនិន្នាការនេះ មិនត្រូវបានផ្លាស់ប្តូរនោះ។លោក Yoon បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅមជ្ឈមណ្ឌលថែទាំកុមារ នៅក្នុងមជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន HD Hyundai ក្នុងទីក្រុង Seongnamថា៖«ថ្ងៃនេះ ខ្ញុំបានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន។ យើងនឹងធ្វើឲ្យប្រព័ន្ធឆ្លើយតបដ៏ទូលំទូលាយរបស់រដ្ឋាភិបាលដំណើរការ រហូតដល់បញ្ហាអត្រាកំណើតទាប ត្រូវដោះស្រាយបានទាំងស្រុង។ អត្រានៃការមានកូនសរុបរបស់ប្រទេសកូរ៉េខាងត្បូង ជាចំនួនជាមធ្យមនៃកូន ដែលស្ត្រីម្នាក់មានក្នុងជីវិតរបស់នាង បានធ្លាក់ចុះមកនៅកម្រិតទាបបំផុតគឺ ០,៧២ ក្នុងឆ្នាំ ២០២៣ ដែលទាបជាងកម្រិតជំនួសគឺ២,១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនរបស់ប្រទេសនៅ ៥១លាននាក់។រដ្ឋាភិបាល បានព្យាយាមលើកទឹកចិត្តផ្សេងៗ ដើម្បីជួយទាក់ទាញគ្រួសារឲ្យមានកូនក្នុងទសវត្សរ៍កន្លងមក ប៉ុន្តែកត្តាមួយចំនួន រួមទាំងតម្លៃផ្ទះថ្លៃ ថ្លៃសិក្សា និងម៉ោងធ្វើការយូរ បានធ្វើឲ្យយុវជនស្ទាក់ស្ទើរក្នុងការបង្កើតគ្រួសារ និងបង្កើតកូន។

សាស្ត្រាចារ្យColumbia ប្រាប់និស្សិតឲ្យជៀសវាងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗដែលជាកម្មសិទ្ធិរបស់ជនជាតិជ្វីហ្វ

2024/06/20 09:46:38 pm        81
ក្រុមការងាររបស់សាកលវិទ្យាល័យ Columbia ដែលប្រឆាំងនឹងជនជ្វីហ្វនៅបរិវេណសាកលវិទ្យាល័យ បានរាយការណ៍អំពីឧប្បត្តិហេតុដ៏គួរឲ្យរំខានមួយ នៅសាកលវិទ្យាល័យ Ivy League ដោយបង្ហាញពីអ្វីដែលវាត្រូវបានកំណត់ថា ជា «ការបៀតបៀននិស្សិតជ្វីហ្វ» និងការអត្ថាធិប្បាយប្រឆាំងនឹងជនជាតិជ្វីហ្វ ដែលធ្វើឡើងដោយសាស្រ្តាចារ្យ រួមទាំងសាស្ត្រាចារ្យម្នាក់ដែលបានប្រាប់និស្សិតរបស់ខ្លួន ឲ្យជៀសវាងប្រព័ន្ធផ្សព្វផ្សាយធំៗ ដោយសារតែ«វាជាកម្មសិទ្ធិរបស់ជនជាតិជ្វីហ្វ»។សមាជិកក្រុមការងារ ដែលបាននិយាយជាមួយការបោះពុម្ពផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល Haaretz បានពិពណ៌នាអំពីគំរូនៃភាពលម្អៀងប្រឆាំងនឹងជនជាតិជ្វីហ្វ នៅសាកលវិទ្យាល័យ Manhattan ដែលត្រូវបានញាំញីដោយការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។សមាជិកក្រុមការងារ បានប្រាប់សារព័ត៌មាននេះថា សិស្សជនជាតិជ្វីហ្វ និងអ៊ីស្រាអែល តែងតែមានអារម្មណ៍ថា «ត្រូវបានគេកំណត់គោលដៅ និងមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងបរិវេណសាកលវិទ្យា ល័យ ហើយជារឿយៗ ត្រូវបានគេធ្វើបាប នៅក្នុងថ្នាក់រៀន។សារព័ត៌មានដដែល បានរាយការណ៍ដោយដកស្រង់សមាជិកនៃក្រុមការងារថា៖«សាស្រ្តាចារ្យម្នាក់ បានជួបនឹងនាមត្រកូលរបស់និស្សិតម្នាក់ ដែលស្តាប់ទៅដូចជាជនជាតិជ្វីហ្វ ខណៈដែលកំពុងអានឈ្មោះមុនពេលប្រឡង បានសុំឲ្យនិស្សិតនោះពន្យល់ពីទស្សនៈរបស់ពួកគេចំពោះសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា»។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល៖ ក្រុមហាម៉ាស មិនអាចត្រូវបានលុបបំបាត់បានទេ

2024/06/20 08:20:53 pm        90
ប្រមុខអ្នកនាំពាក្យកងទ័ពរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ក្រុមហាម៉ាសមិនអាចត្រូវបានគេលុបបំបាត់បានទេ ដែលបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាល ដែលបានអះអាងជាថ្មីថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះការបំផ្លាញក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។លោកឧត្តមនាវីទោ ដានីញ៉ែល ហាហ្ការី (Daniel Hagari) បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ១៣ (Channel 13) របស់អ៊ីស្រាអែលថា «ការនិយាយថាយើងនឹងកម្ចាត់ក្រុមហាម៉ាសបាន គឺជាការគិតខុសប៉ុណ្ណោះ។ ក្រុមហាម៉ាសគឺជាមនោគមវិជ្ជាមួយ ហើយយើងមិនអាចលុបបំបាត់មនោគមវិជ្ជានោះបានទេ»។ការអត្ថាធិប្បាយរបស់លោកត្រូវបានបដិសេធភ្លាមៗដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលគណៈរដ្ឋមន្ត្រីរបស់លោកបាននិយាយថា ការវាយលុកនៅតំបន់ហ្កាហ្សា នឹងមិនបញ្ចប់ទេរហូតដល់ក្រុមហាម៉ាសបរាជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើបណ្តាញតេលេក្រាម យោធាបានបំភ្លឺថា លោក ហាហ្ការី បានប្រដូចក្រុមហាម៉ាស «ទៅនឹងមនោគមវិជ្ជា ហើយសេចក្តីថ្លែងការណ៍របស់លោកគឺច្បាស់លាស់ត្រឹមត្រូវ»។ជាងប្រាំបីខែនៃសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារដ៏ភ្ញាក់ផ្ញើលរបស់ក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា អ៊ីស្រាអែលបានបរាជ័យក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីហ្កាហ្សា ប៉ុន្តែបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ៕

សម្តេចធិបតី៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាគុណបំណាច់ដ៏ធំធេង

2024/06/20 08:10:30 pm        129
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគោរពដឹងគុណចំពោះ​មហា​វីរភាព​ដ៏អង់អាចរបស់សម្តេចតេជោ និងយុទ្ធមិត្តដ៏តិចតួចដែលបានលះបង់​ហានចាកចេញ​ទៅរកការគាំទ្រជួយពីមិត្តជិតខាងដើម្បីជួយរំដោះសង្គ្រោះប្រទេសជាតិនិងអាយុជីវិត​ប្រជាជនពី​ក្រញាំបីសាច ប៉ុល ពត ហើយសម្តេច ក៏បានមានប្រសាសន៍ថា ពិលីកម្ម ប្រកបដោយស្មារតី​ស្នេហាជាតិ របស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ បានរួមចំណែកដ៏សំខាន់ដល់ការរីកចម្រើនក្នុងសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។សម្តេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយមោទនភាពបែបនេះ ខណៈអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធា​តេជោកោះថ្ម (X16)ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០មិថុនានេះ។គួរបញ្ជាក់ថា ខួបគម្រប់៤៧ឆ្នាំ ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤នាក់ទៀត បានចេញដំណើរពីបន្ទាយឆ្ពោះទៅកាន់ប្រទេសវៀតណាម ​ដើម្បីស្វែងរកការគាំទ្រ វាយ​ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត៕

សម្ដេចធិបតីណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត

2024/06/20 08:00:35 pm        170
ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម(X16) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨, មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩។ សម្តេចធិបតី បានថ្លែងថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាព​ជាតិពេញ​លេញ​នៅទូទាំងប្រទេស។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃ​បាននោះឡើយ។ដូច្នេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត បន្តរៀបចំ​សួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ទៅតាមទីតាំងដែលបានរៀបចំ។ក្នុងឱកាសនោះសម្តេចធបិតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធាន​គណៈកម្មការ​សាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងមានចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំការកសាងតំបន់ ​ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) នេះតាំង​ពីថ្ងៃដំបូង និងបានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំដើម្បីដឹង​គុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ៕អត្ថបទ៖វ៉ន ដារ៉ា

រដ្ឋបាលខណ្ឌ៧មករាប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅសួនមិត្តភាព

2024/06/20 07:10:08 pm        109
អាជ្ញាធរខណ្ឌ៧មករា បានប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបង្ហាញដល់ពលរដ្ឋទាំងអស់បានយល់ពីបញ្ហាបរិស្ថានអនាម័យ ឲ្យមានការចូលរួមថែរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ ឲ្យមានសោភ័ណភាពទីក្រុងល្អស្អាត។រដ្ឋបាលខណ្ឌ៧មករា ដឹកនាំប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក មានការចូលរួមពីសំណាក់គណៈអភិបាលខណ្ឌ៧មករា គណៈនាយក មន្រ្តីសាលាខណ្ឌ មន្ត្រីសង្កាត់ទាំង៨ កងកំលាំងនគរបាលខណ្ឌ៧មករា កងរាជអាវុធហត្ថខណ្ឌ៧មករា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបុគ្គលិក​ក្រុមហ៊ុនប្រមូលសំរាម មីហ្សូដា MIZUDA សរុបប្រមាណជាង ៣០០នាក់ នៅទីតាំង​សួនច្បារមិត្តភាព ស្តិតនៅបណ្តោយផ្លូវលេខ១២៨ ភូមិ៩ សង្កាត់មិត្តភាព នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤នេះ។ក្នុងទិវាទបរិស្ថានជាតិ និងបរិស្ថានពិភពលោក លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដឹកនាំសមាជិក ចូលរួមប្រារព្ធ​ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី ៥មិថុនា ក្រោមប្រធានបទ ‍«ការកែប្រែគុណភាព​ដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» ព្រមជាមួយការបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹង​ដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន។ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានលើកឡើងថា ក្នុងយុទ្ធនាការនេះ ក្នុងនាមពលរដ្ឋ សូមគាំទ្រ​យ៉ាងពេកទំហឹង ​សម្រាប់ការទុកដាក់សម្រាម វិចខ្ចប់​ឲ្យបានត្រឹមត្រូវ ជៀសវាងទុកដាក់ពាសវាល​ពាសកាល ពេលមានភ្លៀងធ្លាក់ម្ដងៗ ហូចូលមាត់លូរ បង្កការកក់ស្ទះផ្លូវទឹក ក៏ដូចជាហូរអណ្ដែត​ពេញផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យផងដែរ។ ពិសេសទៀតនោះ ពលរដ្ឋបានបន្ថែមថា ពលរដ្ឋមួយចំនួន នៅតែមិនចូលរួមជាមួយអាជ្ញាធរ ដោយអាជ្ញាធរបានពង្រាយធុង​សម្រាម​តាមសួនសាធារណៈ និងដងផ្លូវគ្រប់ទីកន្លែង តែពលរដ្ឋមិនបានទុកដាក់សម្រាម នៅតាមធុងសម្រាមឡើយ។ជាចុងក្រោយរដ្ឋបាលខណ្ឌ សូមសំណូមពរដល់ពលរដ្ឋចូលរួមអនុវត្តនូវសកម្មភាព មួយ​ចំនួនរួមមាន ធ្វើការញែកសំរាមសើម សំរាមស្ងួតចេញពីគ្នា និងវេចខ្ចប់ទុកដាក់ក្នុងថង់ ឬធុងសំរាមឱ្យបានត្រឹមត្រូវ។ ចូលរួមអនុវត្តនូវគោលការណ៍ 3R (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ)។ បញ្ចេញសំរាមឱ្យបានទៀងទាត់តាមកម្មវិធី ប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន។ មិនបោះចោលសំរាមក្រៅធុងសំរាម។ ចូលរួមសម្អាតអនាម័យបរិស្ថាន និងអនុវត្តជាប្រចាំនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ និងចូលរួមដាំដើមឈើ និងថែរក្សាផ្ទៃបៃតង ដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយការប្រែប្រួល​អាកាសធាតុ៕អត្ថបទ៖ កុម្ភៈ / លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកក្រុងបាងកកបង្ហាញការខឹងសម្បារម្ដងហើយម្ដងទៀតដាក់នាយករដ្ឋមន្ត្រី Anutin ព្រោះទឹកជំនន់ធ្ងន់ធ្ងរ
09/30/2026 09:09 AM
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM