ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក
សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/07/30 08:43:36 am        115
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។៣- ផ្សេងៗ ៕

សម្ដេចតេជោ ស្នើអភិបាលខេត្តឃ្យុងសាងប៊ុកដូកូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា

2024/07/29 05:31:40 pm        134
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងបុកដូ  នៃសាធារណរដ្ឋកូរ៉េចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី២៩ ខែកក្កកដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្ត ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។ សម្តេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ ដែលសម្តេច យល់ឃើញថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។ សម្តេចតេជោ ក៏បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅប្រជាជនកូរ៉េ ដើម្បីទេសចរកូរ៉េ បានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអភិបាលខេត្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសកូរ៉េ នៅខែកញ្ញា នាពេលខាងមុខ ដើម្បីចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” សម្តេច ក៏នឹងត្រូវទៅទទួល “សញ្ញាបត្របណ្ឌិតកិត្តិយសនៃភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk Wise នៅខេត្តឃ្យុងសាងបុកដូផងដែរ។ សម្តេចតេជោ មានប្រសាសន៍ថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋកូរ៉េ សម្តេចក៏នឹងជួបពិភាក្សាជាមួយ មិត្តចាស់របស់សម្តេចមួយចំនួននៅទីនោះ ដោយសម្តេចបញ្ជាក់ថា ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសនីមួយៗ មិនពឹងផ្អែកតែលើទំនាក់ទំនងរវាងប្រទេសនិងប្រទេសនោះទេ ប៉ុន្តែវាអាស្រ័យលើទំនាក់ទំនងរវាងបុគ្គល និងបុគ្គលជាមេដឹកនាំនៃប្រទេសនោះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លី ឈូលវ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបាន ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរពីការចងចាំដ៏ច្បាស់លាស់ និងអារម្មណ៍ល្អរីករាយរបស់សម្តេចតេជោ ដែលបង្ហាញថា សម្តេចតេជោ មានសុខភាពរឹងមាំណាស់ ប្រាកដជាមានអាយុយឺនយូរជាទីបំផុត។ ឯកឧត្តម ពិតជារីករាយ នឹងត្រៀមរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ខេត្តឃ្យុងសាងបុកដូ នាពេលខាងមុខឱ្យបានល្អប្រសើរជាទីបំផុត។ជាទីបញ្ចប់សម្តេចតេជោ ប្រធានព្រឹទ្ធសភា សូមអរគុណឯកឧត្តមអភិបាលខេត្តចំពោះការពាំនាំការសួរសុខទុក្ខរបស់សម្តេច ជូនឯកឧត្តម ប្រធានាធិបតី Yoon Suk Yeol និងសូមអរគុណ ប្រធានាធិបតី ដែលបានទទួលជួបនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ សម្តេចបានជូនពរឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ និងគណៈប្រតិភូ បន្តមានសុខភាពរឹងមាំ និងទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការងារជូនដល់ខេត្តឃ្យុងសាងបុកដូ៕

ឯកអគ្គរដ្ឋទូតថ្មីស៊ីលីប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា

2024/07/29 05:11:31 pm        147
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងឆាប់រហ័ស នៅកម្ពុជា ព្រមទាំងបានចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរឯកឧត្តម Patricio Fernando Powell Osorio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ស៊ីលី ប្រចាំកម្ពុជា ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។ ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ ផងដែរ។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីវិស័យសក្កានុពលសម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ថាមពលកកើតឡើងវិញ បរិស្ថាននិងនិរន្តភាព និងការទប់ស្កាត់គ្រោះមហន្តរាយ ៕

អភិបាលខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/07/29 03:17:12 pm        146
ក្នុងឱកាសនៃជំនួប ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការសម្របសម្រួលដ៏ល្អប្រសើរ ជាពិសេស សកម្មភាពមនុស្សធម៌របស់គណប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ “ពិព័រណ៍អង្គរ-ឃ្យុងយុ” នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តឃ្យុងសាងប៊ុកដូ និងខេត្តកំពង់ធំ នាពេលថ្មីៗនេះ។ សម្ដេចធិបតី និងឯកឧត្តមអភិបាលខេត្ត ក៏បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យក្នុងការអនុវត្តនូវគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ព្រមទាំងក៏បានលើកទឹកចិត្តឱ្យឯកឧត្តមអភិបាលខេត្ត បន្តផ្សព្វផ្សាយសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕

កូរ៉េខាងត្បូង អាមេរិក និង ជប៉ុន ចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាផ្លូវការ

2024/07/29 02:42:46 pm        135
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រមុខការពារជាតិកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចុះហត្ថលេខាលើឯកសារមួយស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី (TSCF) កាលពីថ្ងៃអាទិត្យ ដែលជាការសម្រេចមួយ ដើម្បីបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់ពួកគេដល់កិច្ចសហប្រតិបត្តិការសន្តិសុខបីភាគី ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik និងសមភាគីអាមេរិក និងជប៉ុន លោក Lloyd Austin និងលោក Minoru Kihara បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើក្របខណ្ឌ នៅទីក្រុងតូក្យូ ចំពេលមានកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែស៊ីជម្រៅរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងសម្ព័ន្ធភាពយោធាដែលកំពុងរីកចម្រើន ជាមួយប្រទេសរុស្ស៊ី។ដោយសារឯកសារដំបូងដែលបង្កើតកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីក្នុងចំណោមអាជ្ញាធរការពារជាតិ វាផ្តល់នូវទិសដៅ និងគោលការណ៍គោលនយោបាយសម្រាប់ផ្នែកនៃការពិគ្រោះគោលនយោបាយកម្រិតខ្ពស់ ការចែករំលែកព័ត៌មាន និងសមយុទ្ធត្រីភាគី។ នេះបើយោងតាមក្រសួងការពារជាតិ។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖«យោងតាមឯកសារដែលត្រូវបានចុះហត្ថលេខានោះ រដ្ឋមន្ត្រីនៃប្រទេសទាំងបី បានបញ្ជាក់ជាថ្មីអំពីលក្ខណៈមិនផ្លាស់ប្តូរនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការត្រីភាគី»។

ឯកអគ្គរដ្ឋទូតប្រចាំអ៊ីស្រាអែល៖ រុស្ស៊ីថ្កោលទោសការវាយប្រហារភេរវកម្មលើជនស៊ីវិល

2024/07/29 02:21:12 pm        139
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov បាននិយាយ បន្ទាប់ពីការវាយប្រហារដ៏សាហាវ ទៅលើទីក្រុង Mjdal Shams នៅតំបន់ខ្ពង់រាប Golan Heights ថា រុស្ស៊ី ថ្កោលទោសរាល់ការវាយប្រហារភេរវកម្មលើជនស៊ីវិល និងអំពាវនាវឲ្យមានដំណោះស្រាយនយោបាយ និងការទូតចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ ស្ថានទូតរុស្ស៊ីនៅទីក្រុងតែលអាវីវ (Tel Aviv) បាននិយាយថា៖« កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា លោក Anatoly Viktorov បានចូលរួមរំលែកទុក្ខដល់ប្រធានក្រុមប្រឹក្សាសាសនាជាន់ខ្ពស់លោក Mowafaq Tarif ចំពោះការស្លាប់និងរបួសរបស់កុមារ និងជនស៊ីវិលដទៃទៀត នៅសហគមន៍ Druze។ លោក ក៏បានថ្លែងសុន្ទរកថាគាំទ្រដល់សហគមន៍ Druze ផងដែរ។ នៅល្ងាចថ្ងៃទី ២៧ ខែកក្កដា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ភាគខាងជើងនៃប្រទេសនេះ បានរងការបាញ់ផ្លោងយ៉ាងខ្លាំងក្លា ពីប្រទេសលីបង់។ គ្រាប់ផ្លោងមួយគ្រាប់ បានធ្លាក់ចំទីលានបាល់ទាត់ នៅក្នុងទីក្រុង Majdal Shams ជាកន្លែងដែលក្មេងៗក្នុងតំបន់ កំពុងលេង នៅពេលនោះ។ ជាលទ្ធផល មនុស្ស១២នាក់ បានស្លាប់ និង៤០នាក់ បានរងរបួស។អាជ្ញាធរអ៊ីស្រាអែល បានបន្ទោសលើក្រុមហេសបូឡា ហើយបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ក្រុមហេសបូឡា បានបដិសេធថា មិនមានការពាក់ព័ន្ធក្នុងឧប្បត្តិហេតុនោះទេ។ ប្រទេសរុស្ស៊ី នឹងត្រូវការពារផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការសន្ទនាជាមួយមេដឹកនាំអាមេរិកណាម្នាក់ នោះ។

ប្រធានាធិបតីវេណេស៊ុយអេឡា ជាប់ឆ្នោតជាថ្មី ខណៈអាមេរិក សម្ដែងក្ដីបារម្ភពីលទ្ធផលឆ្នោត

2024/07/29 01:38:21 pm        84
ប៉ុន្មាននាទីបន្ទាប់ពីអាជ្ញាធរបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានប្រកាសថាលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានឈ្នះអាណត្តិទីបីក្នុង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយនៅថ្ងៃចន្ទ (២៩ កក្កដា) នេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការប្រកាសនោះ ដោយខ្លាចថាលទ្ធផលឆ្នោតមិនឆ្លុះបញ្ចាំងពីសន្លឹកឆ្នោតពិតប្រាកដរបស់ប្រជាជន។លោក Blinken បាននិយាយកាត់ការលើកឡើងនៅឯកិច្ចប្រជុំនៃប្រជាជាតិឥណ្ឌូប៉ាស៊ីហ្វិកដើម្បីថ្លែងពីការវិឌ្ឍនៃលទ្ធផលឆ្នោតនោះថា «វាជារឿងសំខាន់ដែលរាល់សន្លឹកឆ្នោតត្រូវបានរាប់ដោយយុត្តិធម៌ និងតម្លាភាព ហើយមន្ត្រីរៀបចំការបោះឆ្នោតត្រូវចែករំលែកព័ត៌មានភ្លាមៗជាមួយគណបក្សប្រឆាំង និងអ្នកសង្កេតការណ៍បោះឆ្នោតដោយមិនបង្អង់យូរ ខណៈអាជ្ញាធររៀបចំការបោះឆ្នោតផ្សព្វផ្សាយតារាងលម្អិតនៃសន្លឹកឆ្នោត»។ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេស៊ុយអេឡា បាននិយាយថា លោក Maduro បានឈ្នះការបោះឆ្នោតជាមួយនឹង ៥១ ភាគរយនៃសន្លឹកឆ្នោត បើទោះបីជាការស្ទង់មតិក្រោយបោះឆ្នោតជាច្រើនបានចង្អុលបង្ហាញពីការឈ្នះរបស់គណបក្សប្រឆាំងក៏ដោយ។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គឺជាស្ថាប័នឯករាជ្យ ប៉ុន្តែបក្សប្រឆាំងចោទថា ទង្វើរបស់ក្រុមប្រឹក្សានេះជាដៃជើងរបស់រដ្ឋាភិបាល៕

កម្ពុជា-ហ្វីលីពីនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកឱ្យកាន់តែរឹងមាំ

2024/07/29 01:27:16 pm        108
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពនៃប្រទេសហ្វីលីពីន និងកម្ពុជា។ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកបានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។ សម្ដេចធិបតី និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់​លើការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ​ថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែក​ព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ​ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះ​នៅពេល​មានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ច​សហប្រតិបត្តិការរវាងអង្គភាព ​និងអង្គភាព​ នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕

១សប្តាហ៍ មុនការប្រារព្ធពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” គណៈកម្មាធិការពិសេសបើកកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីឱ្យបានរលូន

2024/07/29 11:41:34 am        94
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនាព្រឹកនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត៕

អត្រាពេញចិត្តរបស់លោកស្រី Harris កើនឡើងទល់នឹងលោក Trump ក្នុងការស្ទង់មតិថ្មី

2024/07/29 11:17:47 am        134
យោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មាន ABC News និងស្ថាប័នស្រាវជ្រាវ Ipsos ដែលធ្វើឡើងនៅថ្ងៃទី២៦ និងទី២៧ ខែកក្កដា បានបង្ហាញថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានមើលឃើញកំណើនអត្រាពេញចិត្តក្នុងចំណោមប្រជាជនអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រេចដកខ្លួនមិនប្រជែងអាណត្តិថ្មី។អត្រាពេញចិត្តលើលោកស្រី Harris បានកើនឡើងដល់ ៤៣ភាគរយពីតួលេខ ៣៥ភាគរយកាលពីមួយសប្តាហ៍មុន នេះបើយោងតាមការស្ទង់មតិដោយផ្អែកលើមនុស្សពេញវ័យអាមេរិកចំនួន ១.២០០នាក់។ ការស្ទង់មតិបានរកឃើញថា ៤២ភាគរយនៃអ្នកឆ្លើយតបមិនពេញចិត្តចំពោះលោកស្រី Harris ដោយធ្លាក់ចុះពី ៤៦ភាគរយកាលពីមុន។តួលេខនេះបានកើតឡើងស្របពេលដែលយុទ្ធនាការរបស់លោកស្រីបានរៃអង្គាសប្រាក់បានចំនួន ២០០លានដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ចាប់តាំងពីបានចូលរួមប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤។ គូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកស្រី គឺលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានមើលឃើញអត្រាពេញចិត្តរបស់ខ្លួនធ្លាក់ចុះមកត្រឹម ៣៦ភាគរយប៉ុណ្ណោះក្នុងការស្ទង់មតិនេះ ដោយធ្លាក់ចុះបន្តិចពីតួលេខ ៤០ភាគរយ បន្ទាប់ពីហេតុការណ៍ប៉ុនប៉ងធ្វើឃាតរបស់លោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
11/26/2024 11:11 AM
ប្រតិភូអង្គការ ICBL-CMC សម្តែងមតិបង្ហាញពីការប្រឆាំងនឹងការប្រើប្រាស់មីន
11/26/2024 11:11 AM
ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ គំរាមកំហែងដល់អនាគតវារីអគ្គីសនីរបស់កាណាដា
11/26/2024 11:11 AM
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សំណូមពរប្រជាកសិករ ឆ្នាំនេះធ្វើស្រែត្រូវដឹងពីប្រព័ន្ធទឹកអោយច្បាស់លាស់ កុំអោយមានការខូចខាតដូចឆ្នាំកន្លងទៅ
11/26/2024 10:11 AM
ចិន បញ្ជាក់ជាថ្មីថា នឹងពុំមានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មឡើយ ក្រោយលោក Trump គំរាមបន្ថែមពន្ធ
11/26/2024 10:11 AM
ស្ត្រីឥណ្ឌា បន្ទោសនគរបាលថាធ្វើការមិនបានល្អ ដែលនាំឱ្យអត្រាឧក្រិដ្ឋកម្មផ្លូវភេទខ្ពស់ជាប់រហូត
11/26/2024 10:11 AM
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤
11/26/2024 10:11 AM
លោកប្រធានាធិបតី Biden នឹងចូលរួមពិធីឡើងកាន់តំណែងសេតវិមានរបស់លោក Trump
11/26/2024 10:11 AM
អាល្លឺម៉ង់៖ បណ្ដាប្រទេសអឺរ៉ុប នឹងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន
11/26/2024 10:11 AM
អបអរសាទរ! ប្រៃសណីយ៍កម្ពុជាទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស និងពានរង្វាន់​ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤
11/26/2024 10:11 AM