សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

2024/11/24 05:09:43 pm        160
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើ​បាឋកថា​ពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។សម្ដេចតេជោ មាន​ប្រសាសន៍ថា បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?។សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមអន្តរសភា និង​អង្គការអន្តរជាតិ នៃកិច្ចប្រជុំ IPTP

2024/11/24 04:53:47 pm        152
នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃ កិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។សូមជម្រាបថា សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦ រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត៕

សម្ដេចធិបតី៖ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះបានឆ្លងកាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​រងគ្រោះដោយសារសង្គ្រាម

2024/11/24 02:10:13 pm        93
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភា​អន្តរជាតិ ដើម្បី​ភាព​អត់​ឱន និងសន្តិភាពលើកទី១១ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះ​បាន​ឆ្លង​កាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ទើប​រយៈ​ពល​ជិត ២៧ឆ្នាំចុងក្រោយនេះ អាចស្វែងរកសន្ដិភាពបានតាមរយៈការដឹកនាំ និង​នយោបាយ​ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធាន​ព្រឹទ្ធសភា​នាពេល​បច្ចុប្ប​ន្ន​នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៦ថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពី​ព្រោះ​បាន​​ឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាម ទម្រាំទទួល​បាន​នូវ​សន្ដិភាព ដូច្នេះទើបកម្ពុជា បានឱ្យតម្លៃខ្លាំងណាស់ចំពោះសន្ដិភាពសម្រាប់មនុស្សជាតិ និង​ភព​ផែនដី​។សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា សន្ដិភាពគឺជាគន្លឹះលើអ្វីៗគ្រប់បែបយ៉ាង ពីព្រោះបើគ្មាន​សន្ដិភាព ​គឺគ្មានការអភិវឌ្ឍ គ្មានការរីកចម្រើន និងគ្មាន អនាគតបានឡើយ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា​បាន​បើក​ជា​ផ្លូវការ​នៃ​សម័យ​ប្រជុំ​ពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែល​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោហ៊ុន សែន៖ ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជា​ទំនិញសាធារណៈ

2024/11/24 01:50:50 pm        113
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និង​ភពផែនដី នឹងក្លាយជាទំនិញ​សាធារណៈមួយ​ដែល​ជាតិ​សាសន៍​ណា​ក៏​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន ចូលរួមបាន ស្របទៅតាមទស្សនវិស័យ និងគោលបំណងទាំងឡាយដែលចែងនៅក្នុង «វេទិកាកិ​ច្ចប្រជុំកំពូលសម្រាប់អនាគត» របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤។ ថ្លែងក្នុង​ពិធី​បើក និងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នាព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ធម្មនុញ្ញសន្តិភាព ដើម្បី​មនុស្សជាតិ និងភពផែនដី ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់កម្ពុជា ក៏​ដូច​ជាកូនចៅជំនាន់ ក្រោយដើម្បីថែរក្សានូវប្រវត្តិសាស្រ្ត អត្តសញ្ញាណ និង​ការ​ខិតខំ​ការពារ​មរតក​សន្តិភាព ដែលកម្ពុជារកបាន ដោយការលំបាក។ សម្តេចបានបន្ថែមទៀតថា គ្រប់ដំណាក់កាលនីមួយៗដែលបានផ្លាស់ប្តូររបបនយោបាយ ការ​ផ្លាស់​ប្តូរមេដឹកនាំការប្រកួតប្រជែងមនោគមន៍វិជ្ជា សង្រ្គាមដណ្តើមអំណាចជាតិសាសន៍ឯង ប្រល័យ​ពូជ​សាសន៍ សុទ្ធសឹងតែជាមេរៀនពិតប្រាកដ ដែលកើតឡើង​ចំពោះ​ប្រទេស​ដ៏​កម្សត់​របស់​យើង ខណៈបទពិសោធន៍ទាំងនេះហើយ ដែលធ្វើឲ្យយើង​(កម្ពុជា) កសាង​បាន​នូវ​ភាព​ធន​ក្នុង​ការ​ឆ្លើយ​តបទៅ នឹងវិបត្តិនានាក្នុងប្រវត្តិសាស្រ្ត, ក្នុងការកសាងសន្តិភាព, ការផ្សះផ្សារ, ការ​អត់​ឱន, ការបង្រួបបង្រួមដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃសង្គមជាតិរបស់កម្ពុជា និងដើម្បី​កសាង​បាន​នូវគ្រឹះមូលដ្ឋាននៃប្រជាជាតិ ក្នុងដំ ណាក់កាលនៃអន្តរកាល ការធ្វើ​សមាហរណ​កម្ម​នៅ​ក្នុ​ងសម័យបច្ចេកវិទ្យាទំនើប ប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់អរិយធម៌ថ្មីរុងរឿង និង​យូរ​អង្វែង​ជាដើម។ក្នុងពិធីបើកនិងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន រំពឹងផងដែរថា សសរស្តម្ភសំខាន់ៗទាំងប្រាំ រួមមាន ១ការទប់ស្កាត់ជម្លោះ, ២ ដំណើរ​ការ​កសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣យុត្តិធម៌អន្តរកាល, ៤ការក​សាង​ឡើង​វិ​ញ​ក្រោយ​ជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង៥​សន្តិសុខ​ស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹង​ក្លាយ​ទៅ​ជា​ទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើក​កម្ពស់​ការ​គោរព​ច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាម​លក្ខណៈ​ពិសេស​របស់​ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូលផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញក្នុងពិធីបើក​សម័យ​ប្រជុំ​ពេញ​អង្គសភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១

2024/11/24 12:11:32 pm        177
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់ក្នុ​ងពិ​ធីបើ​កស​ម័យ​ប្រជុំ​ពេញ​អង្គ​ លើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា (IPTP)។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបញ្ជាក់ថា ក្រោយការផ្ទេរការដឹកនាំប្រទេសកម្ពុជាក្នុងតួនាទីនីតិប្រតិបត្តិទៅអ្នកដឹកនាំវ័យក្មេងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺកម្ពុជាមានស្ថិរភាព ថែរក្សាបានការបន្តអភិវឌ្ឍប្រទេសបានល្អ។ -សម្ដេចតេជោបញ្ជាក់ថា បើអ្នកដឹកនាំជំនាន់ថ្មីមិនអាចថែរក្សាសន្ដិភាពដែលថ្នាក់ដឹកនាំជំនាន់មុនខិតខំស្វែងរកបាននោះទេ សម្ដេចនឹងមិននៅស្ងៀមឡើយ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រម្លឹក និងអរគុណសារជាថ្មីដែលវៀតណាមបានជួយ រំដោះកម្ពុជាចេញពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុលពត ជួយការពារអាយុជីវិតប្រជាជនកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា សម្ដេចជាមនុស្សដំបូងគេ ដែលបង្ហាញបំណង និងជំហរជួបសម្ដេចនរោត្តមសីហនុ ដើម្បីស្វែងរកសន្ដិភាពសម្រាប់កម្ពុជា គឺរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៨៧ ទើបសម្ដេចតេជោ និងសម្ដេចនរោត្តម សីហនុ ឈានទៅបើកការចរចាពិតប្រាកដរហូតឈានទៅការស្វែងរកកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលឆ្នាំ២០២៤នេះ គឺជាខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាគូសរំលេចថា រឿងប្រវត្តិសាស្រ្ដមិនត្រូវកាឡៃនោះទេ ខណៈកម្ពុជាគឺមានរបបប្រល័យពូជសាសន៍មែន ទើបមានការកាត់ទោសខ្មែរក្រហម។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា រហូតមកដល់ឆ្នាំ១៩៩៦ សម្ដេចបានផ្ដួចផ្ដើមប្រមូលផ្ដុំភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល តាមរយៈការធ្វើសមាហរណកម្ម ដោយអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដោយផ្ដល់នូវគោលការណ៍ចំនួន៣ គឺធានាអាយុជីវិត ធានាអាជីព និងធានាទ្រព្យសម្បត្តិ ដល់ភាគីដែលចុះចូលទាំងអស់ទើបពេលនោះកម្ពុជាអាចស្វែងរកសន្ដិភាពបាន។-សម្ដេចតេជោ ហ៊ុន សែន រម្លឹកបន្ថែមថា ចាប់ពីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្ដេចបានដាក់អាយុជីវិតលើកទី២ ដើម្បីអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជាអាចស្វែងរកនូវសន្ដិភាពពេញលេញរហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេល ២៧ឆ្នាំហើយ បើគិតមកទល់ពេលនេះ ខណៈរយៈពេលជាង ៥០០ ឆ្នាំមកនេះ កម្ពុជាមិនដែលទទួលបានសន្ដិភាពយូរបែបនេះទេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់កម្ពុជា សន្ដិភាពមានតម្លៃណាស់ បើសិនជាគ្មានសន្ដិភាព គឺយើងមិនអាចធ្វើអ្វីៗបានទេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាមមកកាន់កម្ពុជា គឺជួយរំដោះកម្ពុជាពីរបបខ្មែរក្រហមប៉ុលពត និងជួយទប់ស្កាត់របបនេះមិនឱ្យកើតឡើងវិញ គឺមិនដូចការចោទប្រកាន់របស់ក្រុមមួយចំនួនថាកម្ពុជាអាយ៉ងវៀតណាមនោះទេ។-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានប្រែក្លាយពីនាយករដ្ឋមន្ត្រីដែលគេមិនចាប់ដៃ រហូតដល់ក្លាយជានាយករដ្ឋមន្ត្រីដែលគេស្វាគមន៍។ កម្ពុជាបានខិតខំពីប្រទេសឯកោ ទៅជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការស្មើមុខ ស្មើមាត់នៅឆាកអន្តរជាតិ។-សម្តេចតេជោ ហ៊ុន សែនថ្លែងបញ្ជាក់ថា តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូ នៃការផ្តល់កងកម្លាំងរក្សាសន្តិភាពត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ ក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាពស្ត្រីផងដែរ។ បច្ចុប្បន្ននេះ កម្លាំងកម្ពុជាដែលបានបញ្ជូនមានប្រហែល ១ម៉ឺននាក់នៅក្នុង១០ប្រទេស។ នេះ ជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា និងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា។-សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ប្រទេសជាតិមួយត្រូវមានភាពជាម្ចាស់លើប្រទេសជាតិរបស់ខ្លួន ពីព្រោះនៅពេលដែលប្រទេសជាតិមួយបាត់បង់ភាពម្ចាស់ការរបស់ខ្លួននោះនឹងឈានទៅដល់ការបែកបាក់មិនខាន។-សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការជួយជ្រោមជ្រែងពីមិត្តអន្តរជាតិ ប៉ុន្តែមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធាន, ហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រ មនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំង, ជាពិសេស សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាកត្តាសំខាន់ក្នុងការជំរុញបញ្ហាទាំងអស់នេះ ឱ្យកាន់តែរីករាលដាល ផុតពីសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយទៅជាសង្គ្រាមប្រជែងអរិយធម៌, សង្គ្រាមដណ្តើមឧត្តមភាពនៃបច្ចេកវិទ្យា។-សម្ដេចតេជោ ហ៊ុន សែនសង្ឃឹមថា សសរស្តម្ភសំខាន់ៗទាំងប្រាំ, រួមមាន ១)ការទប់ស្កាត់ជម្លោះ, ២) ដំណើរការកសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣) យុត្តិធម៌អន្តរកាល, ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូល។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់អនុប្រធានបក្ស AK Parti នៃសាធារណរដ្ឋតួកគីថា កម្ពុជា​​គ្មាន​ការស្ទាក់​ស្ទើរ​ចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម

2024/11/24 08:58:51 am        142
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិ​បណ្ដា​គណបក្ស​នយោបាយនៅអាស៊ី លើកទី១២(ICAPP) បានអនុញ្ញាតឱ្យឯកឧត្តម ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបានបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំមហាសន្និបាត ICAPP នេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីផងដែរ។នាឱកាសជំនួបនេះ ឯកឧត្តម ZAFER SIRAKAYA បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងក្រុមការងារ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានសម្តែងនូវក្តីអបអរសាទរចំពោះភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា នៅឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅដើមឆ្នាំ២០២៤។ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីការកើនឡើងជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី ដែលបានស្តែងឱ្យឃើញតាមរយៈកំណើននៃទំហំពាណិជ្ជកម្មពី ១៥២ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ទៅជាង ២៣៧លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍តួកគី ក៏បានប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការវិវឌ្ឍជាវិជ្ជមានទាំងនេះ និងដោយសង្កេតឃើញពីសក្តានុពលរបស់កម្ពុជា ឯកឧត្តម បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងតួកគី ពិតជាអាចសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលសម្តេចតេជោ និង ឯកឧត្តមប្រធានាធិបតី តួកកី តៃយីប អ៊ែរដូហ្កាន់ បានកំណត់នៅឆ្នាំ២០១៨។ទន្ទឹមគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណ សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រនៅក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងបានគូសបញ្ជាក់ក្នុងនាមប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ អំពីការប្តេជ្ញាចិត្តរបស់តួកគី ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា។ នៅក្នុងន័យនេះ ឯកឧត្តម បានសម្តែងនូវក្តីស្វាគមន៍ចំពោះគម្រោងទស្សនកិច្ចរបស់សម្តេចតេជោ នៅតួកគី ជាថ្មីម្តងទៀត នៅចុងឆ្នាំ២០២៤នេះ។ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃគណបក្ស ឯកឧត្តមក៏បានគូសបញ្ជាក់ដូចគ្នានេះដែរ ជាពិសេសការត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមនានា សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ស្របទៅតាមស្មារតីនៃអនុស្សារណៈយោគយោល់គ្នាដែលបានចុះហត្ថលេខាដោយគណបក្សទាំងពីរកាលពីខែឧសភា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិ ឯកឧត្តមបានថ្លែងអំណរគុណកម្ពុជាដែលមានគោលជំហរដូចតួកគី ចំពោះបញ្ហាប៉ាឡេស្ទីន ក៏ដូចជាវិបត្តិនិងជម្លោះនៅតំបន់ហ្គាស្សា ដែលបណ្តាលឱ្យមានប្រជាជនប្រមាណ ២លាននាក់ ត្រូវធ្វើការបម្លាស់ទី និងមនុស្សជាច្រើននាក់ផ្សេងទៀតស្លាប់ និងរងបួស។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យសម្រេចបាននូវគោលដៅ ១ប៊ីលានដុល្លារអាមេរិក ដោយផ្អែកទៅលើកម្លាំងសេដ្ឋកិច្ចរបស់តួកគី និងការិរះរកវិធីផ្សេងៗទៀត ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចក៏បានសម្តែងនូវក្តីរីករាយដែលកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍របស់តួកគី តាមរយៈការជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។បន្ថែមពីលើនេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគ្មានការស្ទាក់ស្ទើរចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ហើយការធ្វើកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះ បានបើកផ្លូវឱ្យប្រទេសទាំងពីរឈានទៅបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗផងដែរ។សម្តេចបានលើកឡើងបន្ថែមថា គោលដៅទស្សនកិច្ចរបស់ សម្តេច នៅតួកគី នាពេលខាងមុខ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យទោះបីជា សម្តេចបានផ្ទេរអំណាចទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរួចហើយក៏ដោយ។ក្រៅពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណឯកឧត្តម ដែលបានចូលរួមមហាសន្និបាត ICAPP ដែលគួរតែជាវេទិកាមួយសំខាន់ចំពោះតួកគីក្នុងធ្វើពិពិធកម្មទំនាក់ទំនង ដោយមិនផ្តោតខ្លាំងទៅលើតែតំបន់អឺរ៉ុប នៅក្នុងកាលៈទេសៈដែលអឺរ៉ុបកំពុងប្រឈមខ្លាំងទៅនឹងបញ្ហាសន្តិសុខ។សម្តេចតេជោ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងដែលកំពុងបង្កសោកនាដកម្ម ដែលនេះ បណ្តាលមកពីការវាយប្រហារគ្នាកាន់តែខ្លាំងឡើងៗ និងការមើលពុំឃើញអំពីលទ្ធភាពនៃការផុសចេញឡើងនូវបទឈប់បាញ់។ ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

អនុប្រធានរដ្ឋឡាវកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

2024/11/22 03:25:35 pm        152
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លើកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោកជំទាវអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងការអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ក៏ដូចជាបានធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោឡេីងនៅលើឆាកអន្តរជាតិ។ លោកជំទាវអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំបានយ៉ាងល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លេីកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកជំទាវអនុប្រធានរដ្ឋក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងឡាវនិងកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនឡាវ គ្រប់កាលៈទេសៈ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានអរគុណលោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP និងកិច្ចប្រជុំពាក់ព័ន្ធលើកទី១២ ព្រមទាំងបានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវអនុប្រធានរដ្ឋ បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច, ថាមពល, សន្តិសុខនិងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន៕

លោក ហេង សំណាង៖ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិក«ភេរវកម្ម»នៅកម្ពុជា

2024/11/22 02:55:57 pm        428
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនកំពុងធ្វើសកម្មភាព«ភេរវកម្ម» នៅកម្ពុជា បន្ទាប់ពីក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនេះ បានចាប់ផ្តើមប្រើរូបភាពនានា ពិសេសការប៉ុនបង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងហើយម្តងទៀត។លោក ហេង សំណាង ថ្លែងថា៖«ម្តងហើយម្តងទៀត ក្រុមជ្រុលនិយម ពិសេសទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី តែងតែបំផុសបំផុល ញុះញង់ ប្រឌិតរឿង បង្កើតជាបញ្ហា ជាច្រើនឆាំ្ន អស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដោយប្រើវិធីសាស្រ្តទុច្ចរិត ដោយទណ្ឌិតរូបនេះ មិនដែលគិតថាសុខទុក្ខប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ ដោយសារតែមហិច្ឆិតាផ្ទាល់ខ្លួន។ សូម្បីតែសកម្មជនរបស់គេក៏បោកបញ្ឆោត ហើយធ្លាក់ខ្លួនជាជនរងគ្រោះ»។ បើតាម លោក ហេង សំណាង ថ្មីៗនេះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី តែងតែបំផុសចលនាខុសច្បាប់ តាមបណ្តាញសង្គមរបស់គេ និងបក្សពួកមួយក្តាប់តូច ឲ្យប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ។ ទង្វើនេះ ជាសកម្មភាពភេរវកម្មសុទ្ធសាត និងមិនអាចប្រកែកបានជាដាច់ខាត។ ក្នុងនាមជាយុវជន លោក ហេង សំណាង បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិជ្រុលនិយមមួយក្តាប់តូចទាំងនោះ ពិសេសទណ្ឌិតក្បត់ជាតិដែលរត់ភៀសខ្លួននៅក្រៅប្រទេស។ ដូច្នេះរាល់ការធ្វើសកម្មភាព អំពាវនាវ និងបំផុសបំផុល ញុះញង់ និងតែងតែប្រឌិត បង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនអគ្គតិទាំងនេះ ដែលធ្វើឱ្យពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ គឺ លោកប្រកាស ប្រឆាំងដាច់ខាត។ជាមួយគ្នានេះ លោក សូមអំពាវនាវដល់មហាជនខ្មែរ រួមសាមគ្គីគ្នា បណ្តុះមនសិការ ស្នេហាជាតិឱ្យកាន់តែរឹងមាំ ‹‹រួមគ្នាកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម ឲ្យអស់ចេញពីកម្ពុជា›› និងសូមក្រើនរម្លឹកដល់បងប្អូនយុវជន សកម្មជនប្រឆាំង ឬបងប្អូនអ្នកគាំទ្រក្រុមជ្រុលនិយម សូមកុំចាញ់កល់ចូលសូង ពាក់ព័ន្ធ ជាមួយក្រុមជ្រុលនិយមជាឧទ្ទាមក្រៅច្បាប់ ដែលមានចរិកជាភេរវកម្ម។ពិសេសលោក សូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយកេងចំណេញនយោបាយចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕ 

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគ​នៅក្នុងប្រទេសកម្ពុជា

2024/11/20 12:18:31 pm        127
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។នៅក្នុងឱកាសនៅជំនួប ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ ដោយប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន DP World មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ផងដែរ។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

សម្ដេចធិបតី៖ ការកែសម្រួលសមាសភាពរដ្ឋមន្រ្ដីក្រសួងការបរទេស គឺពិតជានឹងបង្កើន​សមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស

2024/11/20 12:13:30 pm        147
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជម្រាប​ទៅ​កាន់​កិច្ច​ប្រជុំ​ពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា ការកែសម្រួល និង​តែង​តាំង​បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលា​នុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាត។ ក្នុងឱកាសចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បី​បោះឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​លើ​ការ​កែស​ម្រួលស​មាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី បានថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា ក្នុងរយៈពេលជាង ១ ឆ្នាំ​កន្លង​មក​នេះ ជាមួយនឹ​ង​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ប្ដូរ​ផ្ដាច់​មិ​ន​រា​ថយ​ទោះ​បី​នៅ​ក្នុង​ដំណាក់​កាល​ដែល​សភាពការណ៍​សាកលមានការវិវត្តប្រកបដោយភាពស្មុគស្មាញ ពោពេញដោយ​ភាព​មិន​ប្រាក​ដ​ប្រជា និងពិបាកស្មាន ក៏រាជរដ្ឋាភិបាលនៅតែបានចាប់ផ្ដើម និងកំពុងបន្ត​ធ្វើ​ដំណើ​រ​យ៉ាង​ស្វាហាប់​នៅ​លើ​កន្លងវិជ្ជមាន​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ជូន​ប្រជាជាតិ​កម្ពុជា ពិសេសគឺការរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងការ​ពង្រឹង​សណ្ដាប់​ធ្នាប់​សង្គម​។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ នៅក្នុង​ការ​បង្កើន​ និងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធ​ភាព​នៃ​យន្តការ​ដឹកនាំ​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យ​ពាណិជ្ជ​កម្ម ដោយផ្ដោត​ជា​សំខាន់​នូវ​ការ​ជំរុញ​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​ភាព​បត់​បែន និងយូរអង្វែង ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារ​ផល​ប្រយោជន៍​ស្នូល​របស់កម្ពុជា, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, ការការពារ​សិន្ដិភាព និងស្ថិរភាពសង្គម, ការការពារយុត្តិធម៌ និងកិត្យនុភាពកម្ពុជា, ការបន្តយកចិត្តទុកដាក់ ក្នុង​ការ​ថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់​វិស័យ ដែលផ្ដល់ផ​ល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជា​មួយ​បណ្ដា​ប្រទេស​ជាដៃ​គូ​សំខាន់​ៗ​ទាំង​ក្នុង​តំបន់ និងក្រៅតំបន់នៅលើឆាកអន្តរជាតិ ព្រមទាំង​ការ​បន្ត​ចូល​រួម​ឱ្យកាន់​តែ​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្ដិភាព ស្ថិរភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។ ឈរ​លើ​មូលដ្ឋាននេះ សម្ដេចធិបតី បានជម្រាបទៅកាន់អង្គរដ្ឋសភាថា យោងតា​ម​តម្រូ​វ​ការ​ចាំបា​ច់​ក្នុង​ការជំរុញការ​អនុវត្តឱ្យសម្រេច​បាន​ឱ្យកាន់តែប្រ​សើរថែម​ទៀត​នូវ​ប្រសិទ្ធ​ភាព​ការងារ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​បាន​ស្នើដល់អង្គរដ្ឋសភា ពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួល និងការ​តែង​តាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។ ក្នុង​នោះ​បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋ​មន្រ្ដី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧ​ប​នាយក​រ​ដ្ឋមន្រ្ដី។ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា៖«ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅ​ក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តា​សោភា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកែសម្រួល និងតែងតាំង​បំពេញ​បន្ថែម​សមាស​ភាព​រាជរដ្ឋាភិបាលដូចបានស្នើសុំនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាព​របស់​រាជ​រដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់​លើកកម្ពស់ផលប្រយោជន៍ជាតិ»។ក្រោយ​កិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យឯកឧត្តម ប្រាក់ សុខុន កាន់​តំណែង​ជា រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្ញើសារអបអរសាទរដល់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្នុង​សមាស​ភាព​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភានេះផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់
07/17/2025 10:07 PM
រាជរដ្ឋាភិបាលបានកំណត់តម្លៃនិងតួនាទីព្រៃឈើ ដោយមិនកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ
07/17/2025 09:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល
07/17/2025 09:07 PM
ក្រសួងការងារបដិសេធចំពោះជនខិលខូចប្រើប្រាស់រូប និងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន
07/17/2025 09:07 PM
តើហេតុអ្វីបានជាប្រទេសប៉ាគីស្ថានងាយរងគ្រោះដោយសារទឹកជំនន់ស្លាប់មនុស្ស?
07/17/2025 08:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់
07/17/2025 08:07 PM
ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM