ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក
សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រភព៖ អ៊ីរ៉ាក់ គិតចង់ដកកងកម្លាំងដឹកនាំដោយអាមេរិក ចេញពីប្រទេសចាប់ពីខែកញ្ញា

2024/07/23 01:03:36 pm        112
ប្រភពបួនរបស់អ៊ីរ៉ាក់បាននិយាយថា អ៊ីរ៉ាក់ចង់ឱ្យកងទ័ពពីសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក ចាប់ផ្តើមដកខ្លួននៅខែកញ្ញា និងបញ្ចប់ការងាររបស់សម្ព័ន្ធនេះជាផ្លូវការត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដោយកងកម្លាំងអាមេរិកមួយចំនួនទំនងជានៅតែស្ថិតក្នុងប្រទេសនេះក្នុងសមត្ថភាពប្រឹក្សាយោបល់ថ្មី។ប្រភពអ៊ីរ៉ាក់ និងមន្ត្រីអាមេរិកបាននិយាយថា ជំហររបស់អ៊ីរ៉ាក់ កំពុងត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះក្នុងកិច្ចប្រជុំកំពូលសន្តិសុខ ហើយមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការស្តីពីការបញ្ចប់សម្ព័ន្ធភាព ឬតារាងពេលវេលាពាក់ព័ន្ធណាមួយនៅឡើយទេ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Mathew Miller) បានប្រាប់សារព័ត៌មានថា ភាគីទាំងពីរកំពុងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីកំណត់ពីមធ្យោបាយផ្លាស់ប្តូរបេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក ដោយផ្អែកលើការគំរាមកំហែងដែលបង្កឡើងដោយក្រុមរដ្ឋអ៊ិស្លាម ប៉ុន្តែមិនបាននិយាយពីមានលម្អិតបន្ថែមនោះទេ។កងកម្លាំងដឹកនាំដោយអាមេរិក បានលុកលុយអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ ដើម្បីផ្តួលរំលំអតីតមេដឹកនាំ លោក សាដាម ហូសេន (Saddam Hussein) បន្ទាប់មកបានដកចេញនៅឆ្នាំ២០១១ ហើយត្រលប់ទៅវិញក្នុងឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម។ បច្ចុប្បន្ន អាមេរិកមានកងទ័ពប្រហែល ២.៥០០នាក់នៅអ៊ីរ៉ាក់ ជាប្រមុខនៃក្រុមចម្រុះដែលមានសមាជិកជាង ៨០ប្រទេស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ិស្លាម ខណៈក្រុមភេរវករមួយនេះបានវាយលុកពាសពេញអ៊ីរ៉ាក់ និងស៊ីរី៕

រុស្ស៊ី ធ្វើសមយុទ្ធជើងទម្របាញ់មីស៊ីលនុយក្លេអ៊ែរចល័តជាលើកទីពីរ ក្នុងខែនេះ

2024/07/23 01:00:30 pm        93
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារ (២៣ កក្កដា) នេះថា កងកម្លាំងរុស្ស៊ី កំពុងធ្វើសមយុទ្ធដែលពាក់ព័ន្ធនឹងជើងទម្របាញ់មីស៊ីលនុយក្លេអ៊ែរចល័ត យ៉ាស៍ (Yars) ដោយនឹងក្លាយជាសមយុទ្ធបែបនេះលើកទីពីរក្នុងរយៈពេលតិចជាងមួយខែ។ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាក (Interfax) បានរាយការណ៍ថា ក្រុមជើងទម្របាញ់មីស៊ីលនៅក្នុងអាងទន្លេ វ៉ុលហ្កា (Volga) ចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងមូស្គូ ត្រូវបានកំណត់ឱ្យផ្លាស់ទីជាង ១០០គីឡូម៉ែត្រ និងអនុវត្តការសមយុទ្ធ និងការដាក់ពង្រាយ។ការហ្វឹកហ្វឺននេះធ្វើឡើងបន្ទាប់ពីមានសមយុទ្ធស្រដៀងគ្នានេះនៅដើមខែកក្កដា នៅក្នុងតំបន់យ៉ាងហោចណាស់ពីរផ្សេងគ្នា ហើយកំពុងប្រព្រឹត្តទៅតិចជាងពីរខែបន្ទាប់ពីរុស្ស៊ី បានធ្វើសមយុទ្ធដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាមួយសម្ព័ន្ធមិត្តបេឡារុស របស់ខ្លួន។ សារព័ត៌មាន ខមមឺសាន់ (Kommersant) របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រព័ន្ធដែលបំពាក់ដោយមីស៊ីលមានក្បាលគ្រាប់ច្រើន អាចបាញ់ដល់គោលដៅនៅចម្ងាយ ១១.០០០គីឡូម៉ែត្រ។ ចាប់តាំងពីបើកប្រតិបត្តិការលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៊ីបានធ្វើសមយុទ្ធយោធាជាច្រើនដោយខ្លួនឯង ឬជាមួយប្រទេសដទៃទៀត៕

ការដកខ្លួនចេញរបស់លោក Biden បង្កការព្រួយបារម្ភក្នុងចំណោមជនអន្តោប្រវេសន៍ និងវិស័យធុរកិច្ចម៉ិកស៊ិក

2024/07/23 11:01:57 am        53
ជនអន្តោប្រវេសន៍ និងប្រជាជនក្នុងវិស័យធុរកិច្ចនៅប្រទេសម៉ិកស៊ិក បានសម្តែងការព្រួយបារម្ភរបស់ពួកគេ អំពីអនាគតនៃវិធានការអន្តោប្រវេសន៍ និងឧស្សាហកម្មធុរកិច្ច បន្ទាប់ពីការដកខ្លួនចេញរបស់ ប្រធានាធិបតី លោក Joe Biden ពីការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។នៅទី ជម្រកមួយកន្លែង ក្នុងទីក្រុងជាប់ព្រំដែន Ciudad Juarez ជនអន្តោប្រវេសន៍ ព្រួយបារម្ភថា ការដកខ្លួនរបស់លោក Biden នឹងជំរុញឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump មានឱកាសទទួលជ័យជម្នះក្នុងការប្រកួតប្រជែងនេះ។ជនអន្តោប្រវេសន៍ ជឿថា ជ័យជម្នះរបស់លោក Trump នឹងបញ្ចប់ប្រព័ន្ធសម្រាប់ការទទួលបានសិទ្ធិជ្រកកោនតាមរយៈកម្មវិធី CBP One ជាកម្មវិធីមួយត្រូវបានប្រើប្រាស់ដោយអ្នកស្វែងរកសិទ្ធិជ្រកកោនដើម្បីចូលទៅកាន់សហរដ្ឋអាមេរិកដោយស្របច្បាប់ ដែលរដ្ឋបាលរបស់លោក Biden បានបង្កើតឡើងដើម្បីគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក ដែលលោកTrump បាននិយាយថាលោកនឹងស្តារឡើងវិញកម្មវិធី «Remain in Mexico» ឆ្នាំ២០១៩ ហៅជាផ្លូវការថា ពិធីសារទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលបានបង្ខំឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោន មិនមែនជាជនជាតិម៉ិកស៊ិក ដែលប៉ុនប៉ងចូលសហរដ្ឋអាមេរិក នៅព្រំដែនភាគខាងត្បូង ត្រូវរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក សម្រាប់ការដោះស្រាយករណីរបស់ពួកគេ។ លោក Trump ក៏នឹងដាក់ឱ្យដំណើរការឡើងវិញនូវគោលនយោបាយមាត្រាទី៤២ នៅសម័យកាលកូវីដ-១៩ ដែលអនុញ្ញាតឱ្យអាជ្ញាធរព្រំដែនសហរដ្ឋអាមេរិក បណ្តេញជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញជាបន្ទាន់ ដោយពុំមានឱកាសទាមទារសិទ្ធិជ្រកកោនឡើយ។ អ្នកប្រកបអាជីវកម្មនៅព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក បាននិយាយថា ការដកខ្លួនរបស់ លោក Biden ចេញពីបេក្ខភាពរបស់លោក បានមកដល់យឺតពេលហើយ។ ពួកគេបាននិយាយថា ចំណាត់ការនយោបាយរបស់គណបក្សប្រជាធិបតេយ្យ បង្កើតភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចសម្រាប់តំបន់ព្រំដែន និងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក។

ប្រទេសស្លូវ៉ាគី ទទួលបានយន្តហោះ F-16 ថ្មីដំបូង ដើម្បីបង្កើនការការពារដែនអាកាស

2024/07/23 10:58:50 am        72
ប្រទេសស្លូវ៉ាគី បានទទួលយន្តហោះចម្បាំង F-16 ថ្មីពីរគ្រឿងដំបូងក្នុងចំណោម ១៤ គ្រឿង កាលពីថ្ងៃចន្ទ ក្នុងគោលបំណងជំនួសយន្តហោះផលិតដោយរុស្ស៊ី ដែលខ្លួនបានផ្តល់ទៅឲ្យប្រទេសអ៊ុយក្រែនរួចហើយ។ប្រទេសស្លូវ៉ាគី បានពឹងផ្អែកលើប្រទេសជិតខាងនៅអឺរ៉ុបកណ្តាល សម្រាប់ការល្បាតតាមអាកាស ចាប់តាំងពីឆ្នាំមុន នៅពេលដែលប្រទេសនេះ បានប្រគល់យន្តហោះចម្បាំង MiG-29 រាប់សិបគ្រឿង ដែល ត្រូវបានចតចោលដោយសារតែខ្វះគ្រឿងបន្លាស់ និងការថែទាំ ប៉ុន្តែទីក្រុងគីវ អាចប្រើប្រាស់បាន ក្នុងសង្គ្រាមជាមួយរុស្ស៊ី។ប្រទេសស្លូវ៉ាគី ជាសមាជិកសម្ព័ន្ធយោធាណាតូ ដែលស្ថិតនៅស្លាបខាងកើតនៃសម្ព័ន្ធមិត្តយោធានេះ មានផែនការទទួលយន្តហោះ F-16 ចំនួន ១២ គ្រឿងបន្ថែមទៀត នៅចុងឆ្នាំក្រោយ។ប្រទេសស្លូវ៉ាគី បានទទួលជាផ្លូវការនូវយន្តហោះដំបូងផលិតដោយក្រុមហ៊ុន Lockhead Martin កាលពីដើមឆ្នាំនេះ ប៉ុន្តែ បានទុកនៅសហរដ្ឋអាមេរិក សម្រាប់ការបណ្តុះបណ្តាលថែទាំ។ប្រទេសស្លូវ៉ាគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ សម្រាប់យន្តហោះចំនួន១៤គ្រឿង មានតម្លៃប្រហែល១,៦ពាន់លានដុល្លារ។ ការដឹកជញ្ជូនលើកដំបូង មានរយៈពេលយឺតជាងមួយឆ្នាំ បន្ទាប់ពីការពន្យារពេល អំឡុងជំងឺរាតត្បាតកូវីដ-19។ រដ្ឋាភិបាលថ្មីរបស់ប្រទេស ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Robert Fico ដែលឡើងកាន់តំណែងតាំងពីចុងឆ្នាំមុន បានបញ្ចប់ការផ្តល់ជំនួយផ្នែកយោធារបស់រដ្ឋដល់ប្រទេសអ៊ុយក្រែន ហើយបានស្វែងរកការស៊ើបអង្កេត លើការផ្តល់ជំនួយរបស់រដ្ឋបាលមុនៗ ចំពោះយន្តហោះចម្បាំង MIG-29 ។

កោះតៃវ៉ាន់ កាត់បន្ថយទ្រង់ទ្រាយសមយុទ្ធ ខណៈព្យុះទីហ្វុង Gaemi កំពុងឆ្ពោះទៅកាន់កោះ

2024/07/23 10:48:35 am        55
កោះតៃវ៉ាន់ បានកាត់បន្ថយទ្រង់ទ្រាយហ្គេមសង្រ្គាម (សមយុទ្ធ) ហានខ័ង (Han Kuang) ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ (២៣ កក្កដា) នេះខណៈដែលព្យុះទីហ្វុង ហ្កែមី (Gaemi) បានបោកបក់ឆ្ពោះទៅកាន់កោះ ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ព្យុះ Gaemi ដែលជាព្យុះទីហ្វុងដំបូងនៃរដូវកាលនេះសម្រាប់កោះតៃវ៉ាន់ ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីនៅតំបន់ឆ្នេរភាគឦសានចន្លោះពេលណាមួយនៅយប់ថ្ងៃពុធ (២៤ កក្កដា) និងព្រឹកថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) នេះបើយោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់តៃវ៉ាន់។អាជ្ញាធរការពារជាតិបាននិយាយថា សមយុទ្ធយោធា ហានខ័ង ប្រចាំឆ្នាំរបស់តៃវ៉ាន់ដែលធ្វើឡើងក្នុងសប្តាហ៍នេះ ត្រូវបានកាត់បន្ថយ រួមទាំងការលុបចោលសមយុទ្ធយន្តហោះចម្បាំងនៅតំបន់ឆ្នេរភាគខាងកើត។ អ្នកនាំពាក្យ លោក ស៊ុន លីហ្វាង (Sun Li-fang) បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាស ហ័រលៀន (Hualien) ថា «ផលប៉ះពាល់ពីព្យុះទីហ្វុងនាពេលនេះនៅលើឆ្នេរភាគខាងកើតនាំឱ្យមានការកែសម្រួលសមយុទ្ធតាមអាកាស និងកងទ័ពជើងទឹកមួយចំនួន»។ខណៈពេលដែលព្យុះទីហ្វុងអាចបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង កោះតៃវ៉ាន់ក៏ពឹងផ្អែកលើព្យុះទាំងនោះដើម្បីបំពេញអាងស្តុកទឹកឡើងវិញបន្ទាប់ពីរដូវរដូវរងាដ៏ស្ងួតហួតហែងជាទម្លាប់របស់ខ្លួន ជាពិសេសសម្រាប់ផ្នែកភាគខាងត្បូងនៃកោះ៕

ប្រភព៖ លោកស្រី Harris ទទួលបានការគាំទ្រលើសពីចំនួនប្រតិភូដែលត្រូវការសម្រាប់ការតែងតាំង

2024/07/23 10:12:25 am        113
ប្រភពយុទ្ធនាការបោះឆ្នោតបានប្រាប់សារព័ត៌មានរ៉យទ័រថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ទទួលបានការគាំទ្រលើសពីចំនួនប្រតិភូដែលត្រូវការដើម្បីឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅយប់ថ្ងៃចន្ទ (២២ កក្កដា)។យោងតាមការបូកសរុបរបស់សារព័ត៌មាន AP បានឱ្យដឹងថា លោកស្រី Harris មានប្រតិភូចំនួន ២.២១៤នាក់ ដែលលើសពីចំនួនសំឡេងភាគច្រើនធម្មតាដែលត្រូវការដើម្បីឈ្នះការតែងតាំងពីបក្ស។ សារព័ត៌មាន AP បាននិយាយថា ការស្ទង់មតិនេះគឺមិនផ្លូវការទេ ដោយសារប្រតិភូបក្សប្រជាធិបតេយ្យមានសេរីភាពក្នុងការបោះឆ្នោតនៅពេលដែលគណបក្សជ្រើសរើសបេក្ខជនរបស់ខ្លួនជាផ្លូវការ។បក្សប្រជាធិបតេយ្យនឹងត្រូវប្រថុយប្រថានជាប្រវត្តិសាស្ត្រ បើពេលនេះខ្លួនងាកទៅជ្រើសរើសលោកស្រី Harris វ័យ ៥៩ឆ្នាំឱ្យក្លាយជាបេក្ខភាពប្រធានាធិបតី ដោយភ្នាល់ថាស្ត្រីស្បែកខ្មៅម្នាក់អាចយកឈ្នះលើប្រវត្តិការរើសអើងជាតិសាសន៍ និងការរើសអើងភេទ ដើម្បីយកឈ្នះលើបេក្ខភាពគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។ទោះជាទទួលបានការសរសើរក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្ដី ក៏អ្នកប្រជាធិបតេយ្យមួយចំនួននៅតែមានការព្រួយបារម្ភអំពីភាពរង្គោះរង្គើរបស់លោកស្រី Harris ក្នុងតំណែងរយៈពេលពីរឆ្នាំដំបូងរបស់ខ្លួន រយៈពេលខ្លីពេកសម្រាប់យុទ្ធនាការ ហើយភាគច្រើនគឺការបារម្ភជុំវិញប្រវត្តិដ៏យូរលង់នៃការរើសអើងនៅសហរដ្ឋអាមេរិក៕

ហ្វីលីពីន នឹងនៅតែបន្តអះអាងសិទ្ធិនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយចិន

2024/07/23 10:05:52 am        83
ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទ (២២ កក្កដា) ថា ហ្វីលីពីននឹងបន្តអះអាងសិទ្ធិរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានឈានដល់ «កិច្ចព្រមព្រៀងបណ្តោះអាសន្ន» ជាមួយប្រទេសចិន អំពីបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ខ្លួនដល់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលមានជម្លោះ។ខណៈដែលក្រសួងការបរទេសចិន និងក្រសួងការបរទេសហ្វីលីពីន (DFA) មិនបានផ្តល់ព័ត៌មានលម្អិតពីការរៀបចំនេះ ទីក្រុងម៉ានីលបាននិយាយថា វានឹងមិនធ្វើឱ្យខូចជំហរជាតិរៀងៗខ្លួនរបស់ភាគីទាំងពីរឡើយ។ ក្រសួងការបរទេសចិនបានបញ្ជាក់ពី «ការរៀបចំបណ្តោះអាសន្ននេះ» ដោយភាគីទាំងពីរបានព្រមព្រៀងគ្រប់គ្រងការខ្វែងគំនិតគ្នានៃដែនសមុទ្រ និងកាត់បន្ថយភាពតានតឹង។ចិនទាមទារស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក សេខិន ថូម៉ាស ស្ហូល ជាទីដែលហ្វីលីពីន ចតនាវាកងទ័ពជើងទឹកដ៏ចំណាស់ដើម្បីពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន។ ទីក្រុងម៉ានីល តែងតែបញ្ជូនបេសកកម្មផ្គត់ផ្គង់ដល់ទាហានដែលឈរជើងនៅដែនទឹកនោះ ដោយប្រែក្លាយវាទៅជាចំណុចប៉ះទង្គិចជាមួយទីក្រុងប៉េកាំង។ក្រសួងការបរទេសចិន បានរំលឹកឡើងវិញនូវការទាមទាររបស់ខ្លួនដែលឱ្យហ្វីលីពីនដកនាវាចម្បាំងនោះចេញ ហើយបាននិយាយថាខ្លួននឹងមិនព្រមឱ្យទីក្រុងម៉ានីល ដឹកជញ្ជូនសម្ភារសាងសង់ក្នុងចំនួនដ៏ច្រើនទៅកាន់ដែនទឹកនោះទេ៕

ប្រធានាធិបតីហ្វីលីពីន បញ្ជាឱ្យបិទទីតាំងល្បែងអនឡាញដំណើរការដោយជនជាតិចិន ដែលមានបុគ្គលិករាប់ពាន់នាក់

2024/07/23 10:03:05 am        122
ប្រធានាធិបតី ប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យហាមឃាត់ជាបន្ទាន់ លើប្រតិបត្តិការហ្គេមអនឡាញភាគច្រើនដំណើរការដោយជនជាតិចិន នៅក្នុងប្រទេសហ្វីលីពីន ដោយចោទប្រកាន់ពួកគេ ពីបទហានិភ័យក្នុងឧក្រិដ្ឋកម្ម រួមមានការបោកប្រាស់លុយ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងអំពើឃាតកម្ម។លោក Marcos បាននិយាយនៅក្នុងសុន្ទរកថារដ្ឋរបស់លោកថា ហ្វីលីពីន នឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពារ ដោយបង្កើតសម្ព័ន្ធភាពសន្តិសុខជាមួយប្រទេសជាមិត្ត ដើម្បីប្រយុទ្ធប្រឆាំងការគំរាមកំហែងដល់ផលប្រយោជន៍ទឹកដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយប្រទេសរបស់លោក គ្រាន់តែមានបំណងដោះស្រាយជម្លោះតែតាមរយៈការទូតប៉ុណ្ណោះ។ការសម្រេចចិត្តរបស់ លោក Marcos ក្នុងការដាក់បម្រាមការលេងល្បែងតាមប្រព័ន្ធអនឡាញ ដំណើរការដោយជនជាតិចិន ដែលតាមការប៉ាន់ប្រមាណមានចំនួនច្រើនជាង៤០០កន្លែង នៅទូទាំងប្រទេសហ្វីលីពីន និងបានជួលបុគ្គលិកជនជាតិចិន និងពលរដ្ឋនៅអាស៊ីអាគ្នេយ៍រាប់ម៉ឺននាក់ ដែលចំណាត់ការនេះ បានធ្វើឡើងក្នុងពេលមានការបង្ក្រាបរបស់រដ្ឋាភិបាល ដែលកំពុងបន្តគាំទ្រដោយទីក្រុងប៉េកាំង។បម្រាមនេះ បាននាំទៅដល់ការបិទអគារធំៗជាច្រើនកន្លែង ដែលអាជ្ញាធរសង្ស័យថា ជនជាតិចិន វៀតណាម និងជនជាតិផ្សេងទៀតរាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសអាស៊ីអាគ្នេយ៍ ត្រូវបានជ្រើសរើសដោយខុសច្បាប់ និងបង្ខំឱ្យធ្វើការក្នុងស្ថានភាពដ៏គួរឱ្យអាណិត។

លោក Netanyahu ប្រឈមនឹងសកម្មភាពថ្លឹងថ្លែងដ៏ជាក់លាក់នៅអាមេរិកបន្ទាប់ពីលោក Biden បោះបង់បេក្ខភាពប្រធានាធិបតី

2024/07/23 10:00:38 am        73
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះក្រោមសម្ពាធដើម្បីបញ្ចប់សង្រ្គាមនៅក្នុងដែនដីហ្កាហ្សា ដែលជាបំណងទាំងពីអ៊ីស្រាអែល ទាំងពីរដ្ឋបាលអាមេរិក។ តើភាពចលាចលខាងនយោបាយនៅក្រុងវ៉ាស៊ីនតោន អាចប៉ះពាល់ យ៉ាងណាខ្លះដល់ដំណើរទស្សនកិច្ច និងទំនាក់ទំនងនាពេលអនាគត?។ លោក Netanyahu គ្រោងជួបលោក Joe Biden ប្រសិនបើលោកប្រធានាធិបតីបានជាសះស្បើយពីជំងឺ Covid-19 ហើយថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភា ជាមេដឹកនាំបរទេសតែមួយគត់ដែលធ្វើដូច្នេះជាលើកទីបួន។ដំណើរនេះផ្តល់ឱ្យលោកនូវវេទិកាមួយសម្រាប់កំណត់ឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីភាពតានតឹងជាច្រើនខែជុំវិញវិធីសាស្រ្តរឹងរូសរបស់លោកចំពោះសង្រ្គាម និងជាឱកាសដើម្បីព្យាយាម បញ្ចុះបញ្ចូលប្រជាជនអ៊ីស្រាអែលថា រូបលោកពុំបានធ្វើឱ្យប្រេះស្រាំទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ពួកគេនោះទេ។ ប៉ុន្តែដំណើរ និងបំណងរបស់លោក ត្រូវបានធ្វើឲ្យស្រអាប់ខ្លាំង ដោយការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Biden មិនស្វែងរកការបោះឆ្នោតឡើងវិញ ដោយបង្ហាញពីភាពមិនច្បាស់លាស់ខាងនយោបាយអំពីដៃគូបន្ទាប់របស់អ៊ីស្រាអែលនៅក្នុងសេតវិមាន ។អំឡុងទស្សនកិច្ចរបស់លោក លោក Netanyahu ក៏បានស្នើសុំជួបលោក Trumpផងដែរ៕

លោកស្រី Harris បើកយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលើកដំបូងចាប់តាំងពីលោក Biden រុញឲ្យទល់នឹងលោកTrump

2024/07/23 09:54:19 am        80
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ចាប់តាំងពីបានចូលប្រកួតប្រជែងតំណែងប្រធានាធិបតី បន្ទាប់ពីលោកប្រធានាធិបតី Joe Biden វ័យ៨១ឆ្នាំ បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញភ្លាមៗកាលពីថ្ងៃអាទិត្យ ហើយបានគាំទ្រលោកស្រីជាអ្នកស្នងតំណែងរបស់លោករុញឲ្យតតាំងជាមួយលោកTrump។ដោយលោកស្រីបានសរសើរសមិទ្ធផលរបស់លោកប្រធានាធិបតី Joe Biden ។ លោកស្រី Harris បាននិយាយនៅឯព្រឹត្តិការណ៍នៅសេតវិមានថា"កេរដំណែលរបស់លោកJoe Biden ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះគឺមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប"។ "ជារៀងរាល់ថ្ងៃ ប្រធានាធិបតីរបស់យើង លោក Joe Biden តស៊ូដើម្បីប្រជាជនអាមេរិក ហើយយើងមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការបម្រើរបស់លោកចំពោះជាតិរបស់យើង" ។ លោកស្រី Harris មិនបានសំដៅជាទៅលើឋានៈថ្មីរបស់លោកស្រីជាបេក្ខជននាំមុខនៃគណបក្សប្រជាធិបតេយ្យសម្រាប់បេក្ខជនប្រធានាធិបតីបន្ទាប់ពីលោក Biden ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថាលោកកំពុងដើរចេញក្រោមសម្ពាធកាន់តែខ្លាំងពីសមាជិកគណបក្សប្រជាធិបតេយ្យ។ ការចាកចេញរបស់លោក Biden គឺជាការតក់ស្លុតចុងក្រោយបំផុតចំពោះការប្រកួតប្រជែងកៅអីនៅសេតវិមាន ដែលរាប់បញ្ចូលទាំងការលួចធ្វើឃាតអតីតប្រធានាធិបតី Trump មិនបានសម្រេច ដោយខ្មាន់កាំភ្លើងម្នាក់ ក្នុងអំឡុងពេលយុទ្ធនាការ និងការតែងតាំងសមាជិកព្រឹទ្ធសភាអាមេរិក លោក J.D. Vance ជាអនុប្រធានាធិបតីរបស់លោក Trump៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មហាសេដ្ឋិនីដែលជាប់ទោសប្រហារជីវិត នៅវៀតណាម អង្វរតុលាការសុំរស់រាន
11/26/2024 09:11 PM
បុរស ៣នាក់ ស្លាប់ ក្រោយបើករថយន្តផុតស្ពានមិនទាន់សាងសង់ហើយ នៅឥណ្ឌា ដោយសារ Google Maps បង្ហាញផ្លូវខុស
11/26/2024 09:11 PM
ពលរដ្ឋហ្កាហ្សា និយាយពីការលំបាក ស្របពេលជួបកង្វះខាតស្បៀងអាហារ និងអាកាសធាតុត្រជាក់ខ្លាំង
11/26/2024 09:11 PM
ពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនព្រួយបារម្ភថាបទឈប់បាញ់ជាមួយក្រុមហេសបូឡា នឹងមិននាំសន្តិសុខយូរអង្វែងនោះទេ
11/26/2024 09:11 PM
ក្រិកអំពាវនាវឲ្យបង្កើនតួនាទីការពារជាតិ នៅ EU និងកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ
11/26/2024 09:11 PM
កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០
11/26/2024 09:11 PM
កម្ពុជា​-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី
11/26/2024 08:11 PM
ប្រទេសតាជីគីស្ថានប្រកាសថានឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ ខាងមុខនេះ
11/26/2024 08:11 PM
ប្រធានសិទ្ធិមនុស្ស UN បង្ហាញក្តីកង្វល់ខ្លាំងចំពោះការឡើងកម្តៅជម្លោះនៅក្នុងប្រទេសលីបង់
11/26/2024 07:11 PM
ក្រុមអ្នកស៊ើបអង្កេតការធ្លាក់យន្តហោះ នៅលីទុយអានី និយាយថា គ្មានសញ្ញានៃអំពើវិឆ្ឆេទកម្មទេ ខណៈប្រអប់ខ្មៅមិនទាន់រកឃើញ
11/26/2024 07:11 PM