សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

2026/07/18 05:29:01 am        168
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាបានជម្រាបជូនអំពីសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកិច្ចសហការជាមួយក្រុមហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហគ្រាសដែលផ្តោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម (Commercial Aircraft) ដែលមានម៉ូដែលសំខាន់ៗចំនួន២ប្រភេទគឺ C919 និង C909។​ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រីបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែកដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។ ក្នុងន័យនេះ,​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន COMAC នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ដែលកិច្ចសហប្រតិបត្តិការនេះ​ នឹងរួមចំណែកយ៉ាង​សំខាន់ក្នុង​ការពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា​ តាមរយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​,​ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​,​ ការ​អភិវឌ្ឍ​ថែទាំ​អាកាស​យានដ្ឋាន​ និង​ការ​គាំទ្រ​បច្ចេកទេស​ ជាពិសេស​ជួយ​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ក្នុងពង្រី​ក​ប្រតិបត្តិ​ការ​ បង្កេីន​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​លេីក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់។ ជាការឆ្លើយតប, សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះប្រតិបត្តិការអាជីវកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ​ កម្ពុជា​ (Air Cambodia)។ សម្តេចធិបតីបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដែលនឹងរួមចំណែកធ្វើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាកាន់តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងការត្រៀមលក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលកិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕

សម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ

2026/07/18 02:50:09 am        131
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពឯកឯងនោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពឯកឯងនោះទេ។ លក្ខណៈឆ្លងដែននៃកាលានុវត្តភាព និង បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ទទួលខុសត្រូវរួមគ្នា និងភាពជាដៃគូជាក់ស្ដែង។សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដែលជួយសម្រួលដល់ការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ការស្រាវជ្រាវរួម និងការវិនិយោគប្រកបដោយគោលដៅច្បាស់លាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងរីកលូតលាស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា សម្រាប់គោលដៅអនាគត កម្ពុជាសូមគូសបញ្ជាក់ពីអាទិភាពជាក់ស្ដែងចំនួន៣ ដើម្បីតម្រង់ទិសដៅ នៃសកម្មភាពរួមរបស់យើង៖- ទី១ យើងត្រូវភ្ជិតគម្លាតឌីជីថល ដោយធានាថា ប្រទេសកំពុងអភិវឌ្ឍមានលទ្ធភាពយ៉ាងពេញលេញ និងសមធម៌ក្នុងការចាប់យកបច្ចេកវិទ្យា AI ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍មូលដ្ឋានដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវបានទុកចោលនៅក្នុងយុគសម័យ AI នេះឡើយ- ទី២ យើងត្រូវ វិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្ស តាមរយៈការផ្ដោតលើការអប់រំជំនាញឯកទេស ការលើកកម្ពស់អក្ខរកម្មឌីជីថល ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និងការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែក AI។ យើងនឹងអាចពូនជ្រំធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគត។ មូលធនមនុស្ស នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់នវានុវត្តន៍ AI ប្រកបដោយការទទួលខុសត្រូវ និងបរិយបន្ន។ - ទី៣ យើងត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសុភនិច្ឆ័យ បរិយាបន្ន ភាពបត់បែន និងភាពទុកចិត្តបាន។ យន្តការច្បាប់របស់យើងត្រូវឆ្លើយតបទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ចរបស់សង្គមនីមួយៗ ក្របខ័ណ្ឌទាំងនេះត្រូវតែការពារសិទ្ធិមូលដ្ឋាន ធានាបាននូវការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងពង្រឹងទំនុកចិត្តសាធារណៈ តែក៏មិនបង្កជាឧសគ្គដល់ស្មារតីនៃនវាវត្តន៍បច្ចេកវិទ្យានោះទេ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងលើកិច្ចព្រមព្រៀងស្ដីពី ការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញ អនាគតនៃ AI ប្រកបដោយនវនុវត្តន៍ បរិយាបន្ន សុវត្ថិភាព និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យជាតិ តាមរយៈភាពជាដៃគូដ៏ស្មោះត្រង់ ការកសាងទំនុកចិត្ត ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង យើងនឹងរួមគ្នាធានាឱ្យបានថា AI នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលដើម្បីសម្រេចបាននូវវិបុលភាពរួម និងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សជាតិទាំងអស់គ្នា៕

កម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”

2026/07/18 02:43:04 am        142
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី ចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់កម្ពុជា យើងបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។សម្ដេចធិបតី បានបញ្ជាក់ថា អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់យើងថា អនាគតរបស់បច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពបើកចំហ និងបរិយាបន្ន ព្រមទាំងត្រូវផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក។ទី១ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពអធ្យាក្រឹត្យភាពប្រកបដោយបរិយាបន្ន ជាជាងក្លាយជាចំណុចប្រេះឆានៃបែកបាក់ផ្នែកភូមិសាស្រ្ដនយោបាយ កម្ពុជាគាំទ្រយ៉ាងសកម្ម ចំពោះនិម្មាបនកម្មបើកចំហ និងពហុភាគីនិយម ដែលអនុញ្ញាតឱ្យគ្រប់បណ្ដាប្រទេសអាចសហការប្រកបដោយភាពបត់បែន ទោះបីជាមកពីតំបន់ ឬប្រព័ន្ធ ឬទំនៀមអភិបាលកិច្ចផ្សេងៗគ្នាក៏ដោយ។ទី២ កម្ពុជាផ្ដល់អាទិភាពទៅលើ កំណើនជាក់ស្ដែង អភិបាលកិច្ច AI មិនត្រូវស្ថិតនៅត្រឹមតែជាក្របខណ្ឌទ្រឹស្ដី ឬសេចក្ដីថ្លែងការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្វែរមកជាលទ្ធផលមើលឃើញជាក់ស្ដែង។ អភិបាលកិច្ចនេះត្រូវបើកចំហបន្ថែមទៀតនូវ លទ្ធភាពចាប់យកម៉ូដែល​ AI ឈានមុខ (Frontier Models) និងសមត្ថភាពកុំព្យូធីង (Computing)​ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ ការបណ្ដុះបណ្ដាលធនធានមនុស្សដែល មានជំនាញឯកទេសច្បាស់លាស់ ការគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុកឱ្យកាន់តែរស់រវើក និងការបើកឱកាសថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ទី៣ ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច AI កម្ពុជានឹងអនុម័តជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិត” នាពេលឆាប់ៗខាងមុខដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យមូលដ្ឋានលើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ទន្ទឹមគ្នានេះ កម្ពុជាក៏កំពុងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពី “សន្តិសុខសាយប័រ” និងសេចក្ដីព្រាងច្បាប់ស្ដីពី “កិច្ចការពារទិន្នន័យបុគ្គល” ដែលនឹងគាំទ្រដល់បរិវត្តកម្មឌីជីថលប្រកបដោយចេរភាព ស្របពេលនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការប្រកួតប្រជែងដោយយុត្តិធម៌ និងកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងារ​រយៈពេលបីថ្ងៃ

2026/07/18 12:18:13 am        153
 ចិន៖ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់ដំណើរទស្ស​នកិច្ច​ការ​ងាររយៈពេល៣ថ្ងៃរបស់សម្តេចនៅលើទឹកដីចិនហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញហើយ។សូមជម្រាបថា សម្ដេចធិបតី បានអញ្ជើញចូលរួម​ថ្លែង​សុន្ទរកថា ក្នុងពិធីបើកសន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាព​ជាដៃគូក្នុង​ក្របខ័ណ្ឌ​បញ្ញាសិប្បនិម្មិត ដើម្បី​អនាគតកាន់​តែ​ត្រចះត្រចង់» នៅ​ទីក្រុង​សៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។សម្តេចធិបតី​ក៏បាន​ជួបសម្តែង​ការគួរសម​ចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិតចិន និង​ជួបពិភាក្សា​​ទ្វេភាគី​​ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ក្នុងដំណើរទស្សនកិច្ចការងារ​រយៈពេលបីថ្ងៃនៅប្រទេសចិននេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បាន​ទទួលជួបពិភាក្សា​ការងារ​ជាមួយ​បណ្ដាក្រុមហ៊ុន​យក្សចិន​ធំៗចំនួន​១២ ក្រុមហ៊ុន ដើម្បីទាក់ទាញមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​។ ខណៈក្នុងជំនួបនីមួយៗបណ្ដាក្រុមយន្តយក្សរបស់ចិន​សុទ្ធតែ​បង្ហាញចំណាប់អាម្មឬណ៍ចង់មកបណ្ដាក់ទុនវិនិយោគ និងពង្រីកការ​វិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា​។រូបសម្ដេច​ធិបតីត្រឡប់មកវិញ ជួបប្រធានាធិបតីចិន ជួប នាយករដ្ឋមន្រ្ដីចិន និងជួបវិនិយោគិន​នានា

សម្ដេចធិបតី អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានាធិបតី ស៊ី ជីនពីង

2026/07/17 11:27:38 pm        160
នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន។

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2026/07/17 03:48:19 am        217
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចធិបតី ជាថ្មីម្តងទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចិននិងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម លី ឈាងបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។ ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី »។ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ។ មុននឹងបញ្ចប់, សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ​,​ និងអនុលោមតាមអនុសញ្ញា,​ សន្ធិសញ្ញា​ និងកិច្ចព្រមព្រៀង​ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបពិភាក្សាការងារ

2026/07/16 03:36:21 am        47
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Beijing Star AI Co,. Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខមួយរបស់ប្រទេសចិន ដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (Artificial Intelligence/AI)។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការបង្កើតដំណោះស្រាយ AI សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការអភិវឌ្ឍកម្មវិធីឆ្លាតវៃ (AI Chatbots) និងប្រព័ន្ធជំនួយការឌីជីថលសម្រាប់ស្ថាប័ន ឬអាជីវកម្ម, បច្ចេកវិទ្យាសម្គាល់រូបភាព និងទិន្នន័យ ដែលយកទៅប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ (Smart City/Smart Office), និងការធ្វើបរិវត្តកម្មឌីជីថល ដោយដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងកិច្ចការរដ្ឋបាល ការវិភាគទិន្នន័យ និងសេវាបំរើអតិថិជន។

សម្តេចធិបតី អនុញ្ញាតជូន នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបពិភាក្សាការងារ

2026/07/16 03:35:15 am        52
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុមហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវត្ថុធាតុដើមសម្រាប់ផលិតផលសុខាភិបាល និងអនាម័យ តាមរយៈបច្ចេកវិទ្យាទំនើប។

សម្តេចធិបតី អនុញ្ញាតជូន នាយកក្រុមហ៊ុន Yuanda Group ចូលជួបពិភាក្សាការងារ

2026/07/16 03:33:25 am        54
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី អនុញ្ញាតជូន តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបពិភាក្សាការងារ

2026/07/16 03:32:03 am        54
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។ សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និងរួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣ នៅតែតឹងតែង ខណៈភាគីសហជីពនិងនិយោជករក្សាគោលជំហតួលេខដដែល
09/18/2026 06:09 PM
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធប​​ច្ចេ​​កវិទ្យា
09/18/2026 06:09 PM
កូរ៉េខាងត្បូង៖ លោក Trump ច្បាស់​​ណាស់​ចង់បានកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង
09/18/2026 05:09 PM
អធិការបតី​អាល្លឺម៉ង់៖ មិត្តភាពជាមួយ​អាមេរិក តាំងពីសម័យសង្គ្រាម គឺ «ទំនងជាចប់​ហើយ​» សម្រាប់​ពេលនេះ
09/18/2026 05:09 PM
WB៖ហិរញ្ញប្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍កើនលើស ២០០ ពាន់លានដុល្លារអាមេរិក ខណៈដើមទុនឯកជនកើនជាងបីដង
09/18/2026 05:09 PM
កាណាដា និង EU ប្រឈម​ការ​កំណត់ក្នុងទំនាក់ទំនង​​ ក្រោយមាន​​ការស្នើ​ជានិមិត្តទៅលោក Carney
09/18/2026 05:09 PM
អាមេរិកនឹងពន្យារអត្រា​​ពន្ធ លើការ​ផលិតលើសតម្រូវ​ការ​ រហូតដល់ក្រោយជំនួប​កំពូលជាមួយលោក Xi
09/18/2026 05:09 PM
[UPDATE] ការបាញ់ប្រហារនៅសាលារៀនភាគខាងត្បូងហ្វីលីពីន បានបង្កឲ្យមនុស្សយ៉ាងតិច ៦នាក់ ស្លាប់ និង ១៧នាក់ រងរបួស
09/18/2026 04:09 PM
ស៊ីរីនឹងលក់ប្រេងម៉ាស៊ូតតម្លៃទាប ដើម្បីសម្រាលបន្ទុកចំណាយលើប្រេងឥន្ធនៈសម្រាប់អ្នកប្រើប្រាស់
09/18/2026 04:09 PM
អ៊ីតាលីត្រៀមប្រតិបត្តិការកងទ័ពជើងទឹក ដើម្បីការពារនាវាឆ្លងកាត់ច្រកសមុទ្រ Bab Al-Mandab
09/18/2026 04:09 PM